« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០—‹ អ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ › » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០ » ព្រះគម្ពីមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ១៨:៨–១០
« អ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ »
នៅក្នុងមេរៀនមុន អ្នកបានរៀនអំពីរបៀបដែលសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹករបស់យើងជាមួយព្រះអង្គសង្គ្រោះអាចជះឥទ្ធិពលដល់របៀបរស់នៅរបស់យើង ។ មេរៀននេះអាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ ពន្យល់គោលលទ្ធិដែលបានបង្រៀននៅក្នុងខគម្ពីរទាំងនោះ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែងដោយប្រើវគ្គបទគម្ពីរនេះ ។
ការបង្រៀនសិស្សពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។សិស្សនឹងសម្រេចគោលបំណងនៃចំណេះចំណានខាងគោលលទ្ធិបានកាន់តែប្រសើរ ប្រសិនបើពួកគេដឹង និងយល់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមប្រាកដថាត្រូវជួយសិស្សឲ្យយល់ពីគោលការណ៍ទាំងនេះ ហើយរំឭកវាឡើងវិញឲ្យបានទៀងទាត់ ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យព្យាយាមទន្ទេញសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « ម៉ូសាយ១៨ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ ម៉ូសាយ ១៨:៨–១០ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
សូមប្រើវិធីសាស្រ្តដ៏មានប្រសិទ្ធភាពណាមួយ ដើម្បីជួយសិស្សទន្ទេញសេចក្តីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ និងពន្យល់ពីសេចក្តីពិតដែលមាននៅក្នុងវគ្គបទគម្ពីរនេះ ។ សកម្មភាពខាងក្រោមគឺជាសេចក្តីណែនាំអំពីរបៀបធ្វើកិច្ចការនេះ ។
មុនពេលរៀន សូមសរសេរពាក្យនៃឃ្លាបទគម្ពីរគន្លឹះពី ម៉ូសាយ ១៨:៨–១០ នៅលើក្ដារខៀនដោយដាក់ឃ្លាទាំងនោះខុសលំដាប់លំដោយ ។ សូមឲ្យសិស្សរៀបឃ្លានេះតាមលំដាប់លំដោយនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយបន្ទាប់មកសុំសិស្សស្ម័គ្រចិត្តសរសេរវាឲ្យបានត្រឹមត្រូវនៅលើក្ដារខៀន រួមជាមួយនឹងសេចក្ដីយោងបទគម្ពីរផងដែរ ។ ប្រសិនបើចាំបាច់ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យមកជួយ ។
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ គឺ « ត្រូវ ‹ ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ › » ។
ជម្រើសផ្សេងមួយទៀតគឺសរសេរផ្នែកនៃឃ្លាបទគម្ពីរគន្លឹះនៅលើក្រដាសផ្សេងគ្នា ហើយដាក់ក្រដាសនោះនៅលើក្ដារខៀនដោយដាក់ឃ្លាទាំងនោះខុសលំដាប់លំដោយ ។ បន្ទាប់មក សិស្សអាចឡើងមកមុខក្ដារខៀន ហើយរៀបចំក្រដាសឡើងវិញតាមលំដាប់លំដោយត្រឹមត្រូវ ។
សូមរៀបសេចក្តីយោង និងឃ្លាបទគម្ពីរគន្លឹះខាងក្រោមតាមលំដាប់លំដោយឡើងវិញសម្រាប់ ម៉ូសាយ ១៨:៨–១០ ដោយសរសេរវានៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នកតាមលំដាប់លំដោយត្រឹមត្រូវ ។ ប្រសិនបើចាំបាច់ សូមពិនិត្យមើលភាពត្រឹមត្រូវរបស់អ្នកដោយមើល បញ្ជីនៃសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ នៅចុងបញ្ចប់នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
បន្ទាប់ពីអ្នកបានសរសេរឃ្លាត្រឹមត្រូវហើយ សូមចំណាយពេលមួយភ្លែតដើម្បីព្យាយាមទន្ទេញនូវសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះដោយសូត្រវាឡើងវិញពីរបីដង ។
នៅក្នុងមេរៀនមុន អ្នកបានរៀនថា ពេលយើងទទួលបុណ្យជ្រមុជទឹក យើងចុះសេចក្ដីសញ្ញាជាមួយនឹងព្រះថា យើងនឹងបម្រើទ្រង់ ហើយកាន់តាមបញ្ញត្តិរបស់ទ្រង់ ។ សូមស្រមៃថា អ្នកត្រូវបានសុំឲ្យនិយាយនៅឯពិធីបុណ្យជ្រមុជទឹករបស់កុមារអាយុប្រាំបីឆ្នាំអំពីសេចក្ដីសញ្ញាដែលពួកគេកំពុងចុះ ។ សូមកត់ត្រាពីរបៀបដែល ម៉ូសាយ ១៨:៨–១០ អាចជួយអ្នកពន្យល់អំពីសេចក្ដីសញ្ញា និងរបៀបដែលការរក្សាសេចក្ដីសញ្ញានោះនឹងជួយកុមារឲ្យប្រែកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។
នៅពេលសិស្សសរសេរចប់ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយមិត្តរួមថ្នាក់នូវអ្វីដែលពួកគេបានសរសេរ ។ បន្ទាប់មក សូមអញ្ជើញសិស្សស្ម័គ្រចិត្តមួយចំនួនឲ្យចែកចាយជាមួយថ្នាក់រៀននូវអ្វីដែលពួកគេបានរៀន ឬទីបន្ទាល់របស់ពួកគេអំពីសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹកជាមួយសិស្សក្នុងថ្នាក់ ។
រៀនអនុវត្ត
សូមពិចារណាសរសេរគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅលើក្ដារខៀន ។ គោលការណ៍ទាំងនោះត្រូវបានរកឃើញនៅក្នុង កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ ដើម្បីជួយសិស្សរំឭកពីគោលការណ៍ទាំងនេះ សូមឲ្យពួកគេឡើងមកមុខក្ដារខៀន ហើយសរសេរនៅក្រោមចំណងជើងទាំងនោះឲ្យបានច្រើន តាមដែលពួកគេអាចចងចាំអំពីគោលការណ៍នីមួយៗ ។
បន្ទាប់មក សូមបង្ហាញស្ថានភាពប្រតិដ្ឋខាងក្រោម ឬផ្តល់ឲ្យសិស្សនូវច្បាប់ចម្លងមួយដើម្បីមើលពេញមួយមេរៀនដែលនៅសល់ ។ អ្នកអាចកែសម្រួលស្ថានភាពប្រតិដ្ឋនោះឲ្យទាក់ទងនឹងតម្រូវការរបស់សិស្សបានកាន់តែល្អ ឬសុំឲ្យសិស្សបង្កើតស្ថានភាពប្រតិដ្ឋផ្ទាល់ខ្លួនអំពីការរក្សាសេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ។
អែនណា បានកត់សម្គាល់ឃើញថា ផល្លា ដែលជាក្មេងស្រីនៅក្នុងថ្នាក់របស់នាងនៅឯព្រះវិហារ កំពុងមានការលំបាកក្នុងការមានភាពរីករាយ ឬបង្កើតមិត្តភាព ។ អែនណាបានឮថា ពេលខ្លះ ផល្លាជ្រើសរើសមិនចូលរួមក្នុងសកម្មភាពយុវវ័យ ឬការប្រជុំនានាក្នុងព្រះវិហារ ដោយសារនាងមានអារម្មណ៍ថា នាងដូចជាមិនចុះចំណោមជាមួយក្មេងស្រីដទៃទៀត ។ អែនណា ចង់ជួយ ផល្លា ឲ្យមានអារម្មណ៍ស្វាគមន៍កាន់តែខ្លាំង ប៉ុន្តែនាងមិនដែលនិយាយជាមួយ ផល្លា ហើយបារម្ភថា វាអាចជារឿងឆ្គង ឬមិនស្រួលក្នុងការទាក់ទងទៅនាង ។
សូមពិចារណាអញ្ជើញសិស្សធ្វើការជាក្រុមតូចៗ ដើម្បីឆ្លើយសំណួរខាងក្រោម ហើយរៀបចំអនុសាសន៍ដែលពួកគេអាចចែកចាយជាមួយអែនណា ។ អ្នកអាចផ្តល់គោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំងឡាយនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ឲ្យទៅក្រុមនីមួយៗ ដើម្បីផ្តោតទៅលើ ។ បន្ទាប់មក សូមអញ្ជើញសិស្សឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ។
-
តើអ្នកនឹងប្រើគោលការណ៍ទាំងបីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងការបង្រៀនក្នុង ម៉ូសាយ ១៨:៨–១០ ដើម្បីជួយ អែនណា ក្នុងស្ថានភាពរបស់នាងដោយរបៀបណា ?
សូមលើកទឹកចិត្តសិស្សឲ្យពិភាក្សាសំណួរមុនដោយប្រើ ម៉ូសាយ ១៨:៨–១០ និងអ្វីដែលពួកគេចងចាំពីការសិក្សាគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណក្នុងឆមាសនេះ ។ ប្រសិនបើពួកគេនៅតែត្រូវការជំនួយ អ្នកអាចបង្ហាញ ឬផ្តល់ឲ្យសិស្សនូវច្បាប់ចម្លងនៃសំណួរដូចតទៅ ក្រោមគោលការណ៍នីមួយៗ ។ ប្រសិនបើអ្នកបានកែសម្រួលស្ថានភាពប្រតិដ្ឋនោះដើម្បីបំពេញតម្រូវការរបស់សិស្សកាន់តែប្រសើរ សូមកែតម្រូវសំណួរផងដែរ ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើវគ្គបទគម្ពីរ ឬសេចក្ដីថ្លែងការណ៍អ្វីខ្លះដោយអ្នកដឹកនាំសាសនាចក្រដែលអ្នកដឹងអំពីវា ដែលអាចជួយអែនណាបាន ? តើការបង្រៀននៅក្នុង ម៉ូសាយ ១៨:៨–១០ អាចមានប្រយោជន៍យ៉ាងដូចម្ដេចខ្លះ ?
-
តើការនិយាយទៅកាន់គណៈប្រធាននៃថ្នាក់យុវនារីអាចផ្តល់ឲ្យអែនណា នូវការយល់ដឹងបន្ថែមអំពីស្ថានភាពរបស់ផល្លាយ៉ាងដូចម្ដេច ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើអែនណាត្រូវយល់យ៉ាងណាអំពីរបៀបដែលព្រះអម្ចាស់ទតឃើញសេចក្តីសញ្ញានៃពិធីបុណ្យជ្រមុជទឹក ដែលអាចជួយនាងយកឈ្នះលើអារម្មណ៍ស្ទាក់ស្ទើររបស់នាងបាន ?
-
តើការចងចាំពីព្រះទ័យរបស់ព្រះអម្ចាស់ចំពោះ ផល្លា ជួយ អែនណាដោយរបៀបណា ?
-
តើការលើកទឹកចិត្តផល្លា អាចជួយអែនណាឲ្យប្រែកាន់តែដូចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើអែនណាអាចធ្វើអ្វីខ្លះ ដើម្បីរក្សាការសន្យាជាក់លាក់នៃពិធីបុណ្យជ្រមុជទឹក ដែលអាលម៉ាបានបង្រៀននៅក្នុង ម៉ូសាយ ១៨:៨–១០ បាន ?
សូមពិចារណាអញ្ជើញសិស្សពិនិត្យមើលកំណត់ចំណាំរបស់ពួកគេអំពីអ្វីដែលពួកគេបានរៀននៅក្នុង ម៉ូសាយ ១៨ ដោយស្វែងរកការយល់ដឹងបន្ថែមអំពីរបៀបដែលអែនណា អាចទួញយំជាមួយ កម្សាន្តទុក ឬទទួលបន្ទុករបស់ផល្លា ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរកឃើញ និងអ្វីដែលពួកគេនឹងផ្ដល់យោបល់ដល់អែនណា ។
-
តើអ្នកនឹងចែកចាយគំរូអ្វីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទពីការជួយអ្នកដទៃជាមួយអែនណា ដើម្បីជួយនាងធ្វើសកម្មភាពដោយសេចក្តីជំនឿ ?
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សកម្មភាពរំឭកខាងក្រោមនេះ គប្បីប្រើប្រាស់នៅក្នុងមេរៀនមួយដែលត្រូវបង្រៀននៅក្នុងពេលឆាប់ៗខាងមុខនេះ ។
សូមរំឭកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ ដោយការអញ្ជើញសិស្សឲ្យសូត្រវាឡើងវិញពីរបីដងក្នុងថ្នាក់ទាំងមូល ។ បន្ទាប់មក សូមពិចារណារំឭកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិផ្សេងទៀត ដែលពួកគេបានសិក្សារហូតមកដល់ពេលនេះ ដោយសូត្រវាឡើងវិញផងដែរ ។
ឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ១៨:៨–១០ គឺ « ត្រូវ ‹ ទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមនៃព្រះអម្ចាស់ ដើម្បីធ្វើជាសាក្សី … ថាអ្នករាល់គ្នាបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងទ្រង់ › » ។
អ្នកក៏អាចនឹងពិចារណាប្រើសកម្មភាពរៀបតាមលំដាប់លំដោយឡើងវិញដែលបានណែនាំនៅដើមមេរៀននេះម្តងទៀតផងដែរ ។