« ម៉ូសាយ ១២–១៣ ៖ ការសរសេរទុកព្រះបញ្ញត្តិនៅក្នុងបេះដូងរបស់អ្នក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ១២–១៣ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ១២–១៣
ការសរសេរទុកព្រះបញ្ញត្តិនៅក្នុងបេះដូងរបស់អ្នក
ណូអេ និងពួកសង្ឃរបស់ទ្រង់ត្រូវធ្វើជាអ្នកដឹកនាំខាងវិញ្ញាណ ។ ទោះយ៉ាងណាក៏ដោយ ពួកគេបានរស់នៅក្នុងអំពើបាប ហើយបានបង្រៀនប្រជាជនរបស់ពួកគេឲ្យធ្វើដូចគ្នា ។ អ័ប៊ីណាដៃ បានបង្រៀនពួកគេអំពីតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទក្នុងការសង្គ្រោះពួកគេ និងសារៈសំខាន់នៃការមានបទបញ្ញត្តិរបស់ព្រះសរសេរទុកនៅក្នុងបេះដូងរបស់ពួកគេ ។ នៅក្នុងមេរៀននេះទាំងមូល អ្នកនឹងរៀនធ្វើតាមព្រះយេស៊ូវគ្រីស្ទកាន់តែប្រសើរ នៅពេលអ្នកសរសេរព្រះបញ្ញត្តិទុកនៅក្នុងបេះដូងរបស់អ្នក ។
ការគោរពប្រតិបត្តិ និងសេចក្តីស្រឡាញ់ ។ព្រះអង្គសង្គ្រោះបានបង្រៀនថា « បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តិរបស់ខ្ញុំចុះ » ( យ៉ូហាន ១៤:១៥ ) ។ ពេលការគោរពប្រតិបត្តិត្រូវបានជំរុញដោយសេចក្ដីស្រឡាញ់ នោះវាកាន់តែមានលក្ខណៈធម្មជាតិ និងពោរពេញដោយអត្ថន័យ ។ សូមជួយសិស្សមើលឃើញទំនាក់ទំនងដ៏សំខាន់រវាងការរស់នៅតាមដំណឹងល្អ និងការស្រឡាញ់ព្រះអង្គសង្គ្រោះ ។
ការរៀបចំសិស្ស ៖ សិស្សអាចសុំសមាជិកគ្រួសារ ឬមិត្តភក្តិឲ្យចែកចាយបទពិសោធន៍ នៅពេលបទបញ្ញត្តិមួយពោរពេញដោយអត្ថន័យផ្ទាល់ខ្លួនចំពោះពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើអ្នកនឹងចាត់ចំណាត់ថ្នាក់ការគោរពប្រតិបត្តិរបស់អ្នកយ៉ាងណា ?
អ្នកអាចសរសេរសេចក្តីថ្លែងការណ៍ពីរខាងក្រោមនៅលើក្ដារខៀន ហើយបន្ទាប់មកឲ្យសិស្សវាយតម្លៃដោយស្ងៀមស្ងាត់ថា តើសេចក្ដីថ្លែងការណ៍នោះពិពណ៌នាអំពីពួកគេបានល្អប៉ុនណានៅលើរង្វាស់ពី ១–១០ ( ១០ មានន័យថា វាពណ៌នាអំពីពួកគេបានយ៉ាងល្អ ) ។
-
ខ្ញុំទទួលអារម្មណ៍ពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះ
-
ខ្ញុំគោរពតាមបញ្ញត្តិរបស់ព្រះ
-
តើអ្វីអាចជាការព្រួយបារម្ភ ប្រសិនបើនរណាម្នាក់យល់ពីសារៈសំខាន់នៃបទបញ្ញត្តិរបស់ព្រះ ប៉ុន្តែមិនគោរពតាម ?
-
តើអ្វីអាចជាការព្រួយបារម្ភ ប្រសិនបើនរណាម្នាក់គោរពតាមបទបញ្ញត្តិរបស់ព្រះ ប៉ុន្តែមិនយល់ពីសារៈសំខាន់នៃព្រះបញ្ជត្តិទាំងនោះ ?
នៅពេលអ្នកសិក្សាមេរៀននេះ សូមពិចារណាពីអារម្មណ៍ និងការគោរពប្រតិបត្តិតាមបទបញ្ញត្តិរបស់ព្រះ ។
ការគោរពប្រតិបត្តិចេញពីចិត្ត
បន្ទាប់ពីជាប់គុកដោយសារការធ្វើទីបន្ទាល់អំពីអំពើទុច្ចរិតរបស់ស្ដេចណូអេ ( សូមមើល ម៉ូសាយ ១២:៩–១៧ ) អ័ប៊ីណាដៃត្រូវបាននាំមកនៅចំពោះមុខ ណូអេ និងពួកសង្ឃ ។ អ័ប៊ីណាដៃ បានស្តីបន្ទោសពួកគេចំពោះការធ្វើពុតជាយល់ និងបង្រៀនព្រះបន្ទូលរបស់ព្រះ នៅពេលដែលពួកគេមិនបានតាំងចិត្តរៀនឲ្យយល់ ។ ពួកសង្ឃរបស់ ណូអេ បានអះអាងថា នឹងបង្រៀនក្រឹត្យវិន័យរបស់ម៉ូសេ ប៉ុន្តែពួកគេមិនបានកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេ ឬគោរពតាមក្រឹត្យវិន័យដប់ប្រការឡើយ ។ អ័ប៊ីណាដៃ បានបង្រៀនណូអេ និងពួកសង្ឃរបស់ទ្រង់អំពីសារៈសំខាន់នៃការរក្សាបទបញ្ញត្តិ ( សូមមើល ម៉ូសាយ ១២:២៥–៣៧ ) ។
អ្នកអាចជ្រើសរើសប្រើផ្នែកផ្សេងៗ ឬវីដេអូទាំងអស់នៃវីដេអូ « Abinadi Testifies before King Noah and His Priests » ( ៤:៣៥ ) មាននៅ ChurchofJesusChrist.orgពេញមេរៀន ។
មុនពេលសិស្សអានវគ្គបទគម្ពីរខាងក្រោម អ្នកអាចនឹងសុំពួកគេឲ្យធ្វើបញ្ជីពីក្រឹត្យវិន័យដប់ប្រការឲ្យបានច្រើនអស់ពីលទ្ធភាពចេញពីការចងចាំ ។ នៅពេលសិស្សនិយាយបទបញ្ញត្តិ សូមសរសេរវានៅលើក្ដារខៀន ។ បន្ទាប់មក ពួកគេអាចប្រើការស្វែងរកបទគម្ពីរខាងក្រោមដើម្បីបំពេញបញ្ជីនោះ ។
សូមអាន ម៉ូសាយ ១២:៣៤–៣៦; ១៣:១៥–២៤ ហើយរកមើលបញ្ញត្តិនីមួយៗនៃក្រឹត្យវិន័យដប់ប្រការ ។ សូមពិចារណាដាក់លេខរៀងវានៅក្នុងព្រះគម្ពីររបស់អ្នក ។
សូមអាន ម៉ូសាយ ១៣:១១ ហើយរកមើលមូលហេតុមួយដែលអ័ប៊ីណាដៃ បានបង្រៀនក្រឹត្យវិន័យដប់ប្រការដល់ ណូអេ និងពួកសង្ឃរបស់ទ្រង់ ។
-
តើយើងអាចរៀនសេចក្ដីពិតអ្វីខ្លះពីខគម្ពីរនេះ ?
សេចក្ដីពិតមួយដែលយើងអាចរៀនពីខគម្ពីរនេះគឺថា បទបញ្ញត្តិរបស់ព្រះត្រូវសរសេរនៅក្នុងបេះដូងរបស់យើង ។
-
តើអ្នកគិតថាការមានព្រះបញ្ញត្តិសរសេរនៅក្នុងបេះដូងរបស់យើងមានន័យដូចម្តេច ?
-
តើមនុស្សអាចគោរពតាមបទបញ្ញត្តិដោយមិនបានសរសេរនៅក្នុងបេះដូងរបស់ពួកគេបានដែរឬទេ ? ហេតុអ្វីអាច ឬហេតុអ្វីមិនអាច ?
-
តើអ្នកគិតថា ការមានបទបញ្ញត្តិសរសេរក្នុងបេះដូងរបស់យើង ជួយយើងដើរតាមព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
ប្រធាន បូននី អិល អូស្កាសុន អតីតប្រធានយុវនារីទូទៅ បានបង្រៀនសេចក្ដីពិតសំខាន់ៗ ដែលអាចជួយយើងឲ្យយល់ពីអត្ថន័យនៃការមានបញ្ញត្តិសរសេរនៅក្នុងបេះដូងរបស់យើង ៖
យើងចាំបាច់ត្រូវដកយកដំណឹងល្អចេញពីគំនិតរបស់យើងមកដាក់នៅក្នុងដួងចិត្តរបស់យើង ! វាស្រួលទេ បើគ្រាន់តែរស់នៅតាមដំណឹងល្អដោយគ្មានអារម្មណ៍នោះ ដោយសារវាត្រូវបានរំពឹងទុកដូច្នោះ ឬដោយសារវាជាវប្បធម៌ដែលយើងធំឡើងជាមួយ ឬដោយសារតែវាជាទម្លាប់មួយ ។…
យើងទាំងអស់គ្នាចាំបាច់ត្រូវព្យាយាមដើម្បីធ្វើឲ្យដួងចិត្ត និងធម្មជាតិរបស់យើងបានផ្លាស់ប្ដូរ ដើម្បីយើងឈប់មានបំណងធ្វើតាមផ្លូវរបស់លោកិយ ប៉ុន្ដែដើម្បីធ្វើឲ្យព្រះសព្វព្រះទ័យវិញ ។ ( បូននី អិល អូស្ការសុន « Do I Believe ? » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៨ )
-
តើអ្នកគិតថាមនុស្សអាចទទួលយកដំណឹងល្អចេញពីគំនិតរបស់ពួកគេមកដាក់នៅក្នុងដួងចិត្តដោយរបៀបណា ?
សូមពិចារណាធ្វើជាគំរូពីសកម្មភាពខាងក្រោមដោយជ្រើសរើសបទបញ្ញត្តិមួយក្នុងចំណោមក្រឹត្យវិន័យដប់ប្រការ ហើយធ្វើការតាមរយៈសំណួររួមគ្នាជាថ្នាក់ ។ ឧទាហរណ៍ ៖ បទបញ្ញត្តិ « អ្នកមិនត្រូវលួចឲ្យសោះ » ពេលបានសរសេរនៅក្នុងបេះដូងមនុស្ស នោះវាអាចនាំមនុស្សឲ្យឧស្សាហ៍ព្យាយាម ហើយមិនបោកប្រាស់ ។ ស្រដៀងគ្នានេះដែរ « អ្នកមិនត្រូវសម្លាប់មនុស្សឲ្យសោះ » អាចនាំមនុស្សឲ្យគោរពអ្នកដទៃ ហើយព្យាយាមមិនតបតដោយកំហឹង ។ បន្ទាប់មក អ្នកអាចឲ្យសិស្សបំពេញសកម្មភាពរៀងៗខ្លួន ជាគូ ឬជាក្រុមតូចៗ ។
ម្យ៉ាងទៀតអាចដាក់បទបញ្ញត្តិផ្សេងៗដល់សិស្ស ហើយឲ្យពួកគេចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរជាមួយដៃគូ ដាក់វេនតគ្នានៅពេលពួកគេបញ្ចប់ ។ ឬសិស្សអាចសម្តែងពីរបៀបដែលនរណាម្នាក់នឹងប្រព្រឹត្ត ប្រសិនបើបទបញ្ញត្តិត្រូវបានសរសេរនៅក្នុងបេះដូងរបស់គាត់ ។
សូមជ្រើសរើសបទបញ្ញត្តិពីរ ឬបីនៃក្រឹត្យវិន័យដប់ប្រការ ។ សម្រាប់បុគ្គលម្នាក់ៗ សូមគូររូបបេះដូង ហើយសរសេរបទបញ្ញត្តិ ពីលើរូបបេះដូងនោះ ។ បន្ទាប់មក សូមសរសេរចម្លើយទៅនឹងសំណួរខាងក្រោមនៅក្នុងបេះដូងនីមួយៗ ៖
-
តើមនុស្សអាចធ្វើ ឬមិនធ្វើអ្វី ប្រសិនបើបទបញ្ញត្តិនេះត្រូវបានសរសេរក្នុងបេះដូងរបស់ពួកគេ ?
-
តើមនុស្សអាចធ្វើអ្វីខ្លះ ដើម្បីជួយឲ្យបទបញ្ញត្តិនេះត្រូវបានសរសេរកាន់តែពេញលេញនៅក្នុងបេះដូងរបស់ពួកគេ ?
ការចងចាំព្រះយេស៊ូវគ្រីស្ទ
ក្រៅពីគ្មានក្រឹត្យវិន័យដប់ប្រការសរសេរនៅក្នុងបេះដូងរបស់ពួកគេ ណូអេ និងពួកសង្ឃរបស់ទ្រង់មិនបានយល់ពីគោលបំណងនៃក្រឹត្យវិន័យរបស់ម៉ូសេទេ ។
សូមអាន ម៉ូសាយ ១៣:២៨–៣២ ដោយរកមើលគោលបំណងនៃក្រឹត្យវិន័យរបស់ម៉ូសេ ។
-
តើអ័ប៊ីណាដៃចង់ឲ្យពួកសង្ឃរបស់ ណូអេ យល់យ៉ាងណាអំពីក្រឹត្យវិន័យរបស់ម៉ូសេ ?
ប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយបានបង្រៀនអំពីតម្រូវការសម្រាប់ព្រះយេស៊ូវគ្រីស្ទ ៖
បុរស និងស្ត្រី … អាចនាំមកនូវរឿងដ៏អស្ចារ្យ ។ ប៉ុន្តែបន្ទាប់ពីការគោរពប្រតិបត្តិ និងអំពើល្អរបស់យើងទាំងអស់ នោះ យើងមិនអាចត្រូវបានសង្រ្គោះពីសេចក្តីស្លាប់ ឬឥទ្ធិពលនៃអំពើបាបរបស់យើងម្នាក់ៗដោយគ្មានព្រះគុណដែលបានមកពីដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទឡើយ ។ ព្រះគម្ពីរមរមនបញ្ជាក់អំពីរឿងនេះយ៉ាងច្បាស់ ។ វាបង្រៀនថា « សេចក្ដីសង្គ្រោះពុំមែនបានមកដោយសារក្រឹត្យវិន័យតែប៉ុណ្ណោះទេ » ( ម៉ូសាយ ១៣:២៨ ) ។ ម្យ៉ាងវិញទៀត សេចក្ដីសង្គ្រោះមិនមែនកើតឡើយយ៉ាងសាមញ្ញដោយការរក្សាបទបញ្ញត្តិនោះទេ ។ « តាមក្រឹត្យវិន័យ នោះគ្មានសាច់ឈាមណាបានរាប់ជាសុចរិតឡើយ » ( នីហ្វៃទី២ ២:៥ ) … មនុស្សមិនអាចរកបានសេចក្តីសង្រ្គោះដោយខ្លួនឯងបានទេ ។ ( ដាល្លិន អេក អូក « Another Testament of Jesus Christ » Ensign ខែ មីនា ឆ្នាំ ១៩៩៤ ទំព័រ ៦៧ )
-
តើបទបញ្ញត្តិអាចជួយយើងចងចាំព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើអ្នកគិតថាការចងចាំព្រះយេស៊ូវគ្រីស្ទអាចជួយឲ្យបទបញ្ញត្តិត្រូវបានសរសេរនៅក្នុងបេះដូងយើងដោយរបៀបណា ?
សូមគិតអំពីបទបញ្ញត្តិមួយដែលអ្នកពិបាកគោរព ឬថា អ្នកទទួលអារម្មណ៍ថា មិនត្រូវបានសរសេរនៅក្នុងបេះដូងរបស់អ្នកទេ ។ ពេលអ្នកសញ្ជឹងគិតលើបទបញ្ញត្តិនេះ អ្នកអាចមើល ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅឆ្នាំ ២០២២ ) ។ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយឆ្លើយសំណួរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សា ៖
សូមពិចារណាចាក់ភ្លេង នៅពេលសិស្សសញ្ជឹងគិត ហើយឆ្លើយសំណួរខាងក្រោម ។ អ្នកអាចផ្ដល់ឲ្យសិស្សនូវរូបកាត់រាងបេះដូងដែលពួកគេអាចឆ្លើយសំណួរលើនោះបាន ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យដាក់វានៅកន្លែងណាមួយ ដើម្បីរំឭកពួកគេអំពីគោលដៅរបស់ខ្លួន ។ ម៉្យាងទៀត ពួកគេអាចគូររូបបេះដូងនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ សូមសរសេរនៅលើវា ថតរូបបេះដូងដោយប្រើទូរសព្ទរបស់ពួកគេ និងប្រើរូបភាពនោះជាផ្ទាំងរូបភាពទូរសព្ទរបស់ពួកគេរយៈពេលមួយសប្តាហ៍ ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវគ្រីស្ទបានកាន់តែប្រសើរ ហើយមានបទបញ្ញត្តិនេះសរសេរកាន់តែពេញលេញនៅក្នុងបេះដូងរបស់អ្នក ?