« ម៉ូសាយ ៣:១–១៧ ៖ សេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ម៉ូសាយ ៣:១–១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ម៉ូសាយ ៣:១–១៧
សេចក្តីសង្គ្រោះតាមរយៈព្រះយេស៊ូវគ្រីស្ទ
ពេញមួយប្រវត្តិសាស្ត្រទេវតាបានចុះមកផែនដីដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយប្រកាស « ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » ( ម៉ូសាយ ៣:៣; អាលម៉ា ១៣:២២; ហេលេមិន ១៦:១៤ ) ។ ស្តេចបេនយ៉ាមីនបានទទួលការយាងមកជួបនេះ ។ ទ្រង់បានចែកចាយជាមួយប្រជាជនរបស់ទ្រង់នូវទីបន្ទាល់របស់ទេវតាអំពីព្រះយេស៊ូវគ្រីស្ទ កិច្ចការដែលព្រះអង្គសង្គ្រោះនឹងជួបប្រទះ និងសេចក្តីពិតដែលថា សេចក្តីសង្គ្រោះកើតឡើងតាមរយៈព្រះនាមនៃព្រះគ្រីស្ទប៉ុណ្ណោះ ។ មេរៀននេះអាចជួយអ្នកឲ្យយល់ពីសារៈសំខាន់នៃអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីអ្នកអាចបានសង្រ្គោះ ។
ការជួយសិស្សឲ្យរៀនសញ្ជឹងគិត ។« សញ្ជឹងគិត » មានន័យថា សមាធិ ឬគិតយ៉ាងស៊ីជម្រៅអំពីអ្វីមួយ ហើយជារឿយៗវារួមបញ្ចូលការអធិស្ឋាន ។ នៅពេលសិស្សរៀនសញ្ជឹងគិតអំឡុងពេលការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេព្រះវិញ្ញាណនឹងបើកសម្ដែងសេចក្ដីពិតដល់ពួកគេ ហើយជួយពួកគេឲ្យដឹងពីរបៀបដែលពួកគេអាចក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំសិស្ស ៖ អ្នកអាចអញ្ជើញសិស្សឲ្យពិភាក្សាជាមួយសមាជិកគ្រួសារ មិត្តភក្តិ ឬថ្នាក់ដឹកនាំសាសនាចក្រអំពីពរជ័យដែលអាចកើតមានបានដោយសារតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
ដំណឹងល្អពីសេចក្ដីអំណរយ៉ាងអស្ចារ្យ
សូមពិចារណាបង្ហាញរូបភាពនៃទេវតាដែលប្រកាសអំពីកំណើតរបស់ព្រះអង្គសង្គ្រោះ ។
-
តើអ្នកអាចគិតអំពីគ្រាដែលទេវតាយាងចុះមកផែនដីដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទដែរឬទេ ?
ឧទាហរណ៍មួយគឺនៅក្នុង លូកា ២:១០–១២ ។ សូមអានខគម្ពីរទាំងនេះ ឬមើលវីដេអូ « Shepherds Learn of the Birth of Christ » ចាប់ពីនាទីទី ០:០០ ដល់ នាទីទី ១:៤៧ ដោយរកមើលអ្វីដែលទេវតាបានបន្ទូលដើម្បីប្រកាសអំពីកំណើតរបស់ព្រះអង្គសង្គ្រោះ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org.
ទេវតាមួយអង្គក៏បានបង្ហាញខ្លួនដល់ស្តេចបេនយ៉ាមីនផងដែរ ។ សូមអាន ម៉ូសាយ ៣:៣–៤ ដោយរកមើលភាពស្រដៀងគ្នារវាងអ្វីដែលទេវតាបានប្រាប់អ្នកគង្វាល និងអ្វីដែលទេវតាបានប្រាប់ស្តេចបេនយ៉ាមីន ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលនឹងត្រូវចាត់ទុកជា « ដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ » ?
នៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់ប្រជាជនរបស់ទ្រង់រួមបញ្ចូលនៅក្នុង ម៉ូសាយ ៣:១–១៧ ស្តេចបេនយ៉ាមីន បានចែកចាយសារខ្លះៗរបស់ទេវតា ។ សារនេះបានលើកឡើងអំពីព្រះជន្ម និងបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទ របៀបដែលពួកគេអាចទទួលបានសេចក្តីអំណរ និងអ្វីដែលព្រះយេស៊ូវផ្តល់ឲ្យដែលគ្មាននរណាម្នាក់អាចធ្វើបាន ។
ព្រះនាមតែមួយគត់ដែលសេចក្ដីសង្រ្គោះកើតមាន
សូមអាន ម៉ូសាយ ៣:១៧ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទប្រទានមក ។
-
តើសេចក្តីពិតអ្វីដែលអ្នកអាចរកឃើញពី ខទី ១៧ ?
សិស្សអាចរកឃើញសេចក្ដីពិតខុសៗគ្នា—ឧទាហរណ៍ ៖ សេចក្ដីសង្រ្គោះបានមកពីព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ ។ សូមអរគុណសិស្សសម្រាប់ការចែកចាយសេចក្តីពិតដែលពួកគេបានរកឃើញ ហើយពិចារណាសរសេរសេចក្តីពិតមួយ ឬច្រើននៅលើក្ដារខៀន ។
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមពីអែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើង ៖
តាមរយៈអំណោយទានមិនអាចគណនាបាននៃដង្វាយធួនទ្រង់ នោះព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះយេស៊ូវគ្រីស្ទនៃយើង ពុំគ្រាន់តែសង្គ្រោះយើងពីសេចក្ដីស្លាប់ និងប្រទានការអភ័យទោសដល់អំពើបាបយើងតាមរយៈការប្រែចិត្តប៉ុណ្ណោះទេ ទ្រង់ថែមទាំងត្រៀមព្រះកាយដើម្បីសង្គ្រោះយើងពីទុក្ខព្រួយ និងការឈឺចាប់នៃព្រលឹងរងរបួសរបស់យើងផងដែរ ។ ( នែល អិល អាន់ឌើរសិន « Wounded » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៥ )
សំណួរខាងក្រោមមានគោលបំណងជួយសិស្សឲ្យមានអារម្មណ៍ថា ពួកគេត្រូវការព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សសញ្ជឹងគិតពីចម្លើយរបស់ពួកគេដោយស្ងាត់ស្ងៀម ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណដើម្បីដឹងពីវិធីផ្សេងទៀត ដែលអ្នកអាចជួយសិស្សឲ្យដឹងពីតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ព្រះយេស៊ូវគ្រីស្ទ ។
សូមគិតអំពីអ្វីដែលអ្នកត្រូវសង្គ្រោះ ។ តើមានអំពើបាបដែលអ្នកកំពុងតែព្យាយាមជម្នះដែរឬទេ ? តើមានទុក្ខ ឬការឈឺចាប់ដែលអ្នកកំពុងជួបប្រទះទេ ? នៅពេលដែលអ្នកសិក្សា ម៉ូសាយ ៣ សូមស្វែងរកការបំផុសគំនិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយអ្នកឲ្យដឹងពីរបៀបដែលអ្នកអាចទទួលបានសេចក្តីសង្គ្រោះដែលព្រះយេស៊ូវគ្រីស្ទបានប្រទានឲ្យ ។
សូមអាន ម៉ូសាយ ៣:៥–១០ ដោយរកមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដើម្បីឲ្យអ្នកអាចបានសង្រ្គោះ ។ សូមចំណាយពេលអានយឺតៗ ហើយពិចារណា ។ ការសញ្ជឹងគិតគឺជាវិធីមួយដើម្បីយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធឲ្យបង្រៀនអ្នក ។ អ្នកប្រហែលជាចង់សរសេរគំនិតរបស់អ្នកនៅក្នុងព្រះគម្ពីរ ឬសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមប្រាកដថា សិស្សមានពេលគ្រប់គ្រាន់ដើម្បីអាន និងសញ្ជឹងគិតអំពីព្រះគម្ពីរ ។ នៅពេលសិស្សខ្លះអានចប់មុនសិស្សផ្សេង សូមពិចារណាហៅពួកគេឲ្យអានខគម្ពីរមួយចំនួនឡើងវិញ រកមើលលេខយោង ឬចំណាយពេលបន្ថែមទៀតដើម្បីសញ្ជឹងគិត ។
បន្ទាប់ពីមានពេលគ្រប់គ្រាន់ហើយ សូមលើកទឹកចិត្តសិស្សឲ្យចែកចាយអ្វីដែលពួកគេចាប់អារម្មណ៍ពីការសិក្សារបស់ពួកគេ ។ សូមពិចារណាប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោម ។ អ្នកក៏អាចឲ្យសិស្សសួរសំណួរអំពីខគម្ពីរនេះផងដែរ ។
-
តើអ្នកមានចំណាប់អារម្មណ៍អ្វីខ្លះ នៅពេលអ្នកបានសិក្សាខគម្ពីរទាំងនេះ ?
-
តើឃ្លាអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះដែលធ្វើឲ្យអ្នកចាប់អារម្មណ៍ ?
-
តើអ្នករកឃើញអ្វីខ្លះ ដែលធ្វើឲ្យអ្នករីករាយ ?
អ្នកប្រហែលជាចង់មើលវីដេអូ « Jesus Christ Suffered for Us » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.orgដោយរកមើលពីរបៀបដែលបុគ្គលផ្សេងៗ បានទទួលពរតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយគំនិត ឬអារម្មណ៍ណាមួយដែលពួកគេមាន ប្រសិនបើពួកគេបានមើលវីដេអូនេះ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ និងសេចក្តីសង្គ្រោះដែលទ្រង់ប្រទានឲ្យ ។ សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយបទពិសោធន៍ និងទីបន្ទាល់របស់ពួកគេផងដែរ ។
សូមអាន ម៉ូសាយ ៣:១១–១៣ ដោយរកមើលអ្វីដែលអ្នកត្រូវធ្វើ ដើម្បីទទួលបានសេចក្តីអំណរ និងសេចក្តីសង្រ្គោះតាមរយៈព្រះយេស៊ូវគ្រីស្ទ ។ សូមអានយឺតៗ ហើយពិចារណាពីខគម្ពីរទាំងនេះ ។ សំណួរខាងក្រោមអាចជួយអ្នកសញ្ជឹងគិត ។
សូមប្រើសំណួរមួយចំនួនខាងក្រោម ឬសំណួរផ្សេងទៀតដែលអ្នកមានអារម្មណ៍ថាត្រូវបានបំផុសគំនិតឲ្យសួរ ដើម្បីជួយសិស្សពិភាក្សាអំពីអំណរដែលអាចកើតមានតាមរយៈការប្រែចិត្ត ។ អ្នកក៏អាចចែកចាយសេចក្តីថ្លែងការណ៍របស់អែលឌើរ ឌេល ជី រិនឡិន អំពីអំណរ និងការប្រែចិត្តនៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » ។
សិស្សអាចទទួលបានអត្ថប្រយោជន៍ពីការរកឃើញគោលការណ៍ខាងក្រោម ៖ ប្រសិនបើយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ហើយប្រែចិត្ត នោះយើងអាចត្រូវបានសង្គ្រោះពីអំពើបាបរបស់យើង ហើយរីករាយជាមួយអំណរដ៏អស្ចារ្យ ។
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទដែលជំរុញអ្នកឲ្យប្រែចិត្ត ?
-
ហេតុអ្វីអ្នកគិតថា ការផ្ដាច់បាបនាំមកនូវអំណរ ?
សូមរំឭកឡើងវិញនូវអ្វីដែលអ្នកត្រូវសង្គ្រោះ ។ សូមគិតអំពីអ្វីដែលអ្នកបានសិក្សានៅក្នុង ម៉ូសាយ ៣ និងចំណាប់អារម្មណ៍ដែលអ្នកបានទទួលពីព្រះវិញ្ញាណ ។ សូមខិតខំអនុវត្តសេចក្តីជំនឿ ប្រែចិត្ត និងជឿលើព្រះគ្រីស្ទ ដើម្បីឲ្យអ្នកអាចទទួលបានជំនួយពីព្រះអង្គសង្គ្រោះ និងអំណរដែលកើតចេញពីការអភ័យទោស ។