« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧—‹ នៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ូសាយ ២:១៧
« នៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ »
នៅក្នុងមេរៀន « ម៉ូសាយ ២:១–១៨ » អ្នកបានរៀនថា « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ( ម៉ូសាយ ២:១៧ ) ។ មេរៀននេះអាចជួយអ្នកទន្ទេញវគ្គចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ម៉ូសាយ ២:១៧ ពន្យល់ពីគោលលទ្ធិ និងរៀនអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណទៅនឹងស្ថានភាពជាក់ស្តែង ។
ការប្រើស្ថានភាពនានា ។ ការពិភាក្សាអំពីស្ថានភាពជីវិតជាក់ស្តែង ឬស្ថានភាពប្រតិដ្ឋអាចជួយសិស្សឲ្យយល់កាន់តែច្បាស់អំពីរបៀបដែលសេចក្តីពិតនៃដំណឹងល្អអនុវត្តក្នុងជីវិតប្រចាំថ្ងៃ ។ សូមលើកទឹកចិត្តសិស្សឲ្យគិតពីស្ថានភាពមកពីជីវិតរបស់ពួកគេផ្ទាល់ ហើយបន្ទាប់មកអញើញពួកគេឲ្យអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីស្វែងរកដំណោះស្រាយដែលអាចកើតមានចំពោះសំណួររបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមករៀនដោយគិតអំពីគ្រាមួយដែលពួកគេមានបទពិសោធន៍ក្នុងការបម្រើដ៏លំបាក ឬឱកាសដើម្បីបម្រើប៉ុន្តែមិនចង់បម្រើ ។
សកម្មភាពសិក្សាដែលអាចធ្វើបាន
មេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើងដើម្បីបង្រៀនបន្ទាប់ពីមេរៀន « ម៉ូសាយ ២:១–១៨ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ ម៉ូសាយ ២:១៧ ។ ប្រសិនបើមេរៀនវគ្គចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
សូមអាន ម៉ូសាយ ២:១៧ និងវគ្គចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មី ម៉ាថាយ ២២:៣៦–៣៩ ដោយស្វែងរកភាពស្រដៀងគ្នា ។
សម្រាប់ភាពចម្រុះ សូមពិចារណាបែងចែកសិស្សជាគូ ហើយអានវគ្គបទគម្ពីរនីមួយៗ ។ បន្ទាប់មក សូមឲ្យពួកគេពិភាក្សាសំណួរខាងក្រោម ។
-
តើអ្នកឃើញភាពស្រដៀងគ្នាអ្វីខ្លះរវាង ម៉ាថាយ ២២:៣៦–៣៩ និង ម៉ូសាយ ២:១៧ ?
-
តើអ្នកនឹងពន្យល់អំពីគោលលទ្ធិនៃការបម្រើដោយរបៀបណាដោយប្រើវគ្គបទគម្ពីរទាំងនេះ ?
ដើម្បីជួយសិស្សទន្ទេញឃ្លាបទគម្ពីរគន្លឹះនេះ អ្នកអាចបំបែកថ្នាក់ជាពីរ ។ សូមចាត់ពាក់កណ្តាលថ្នាក់នូវផ្នែកទីមួយនៃឃ្លា ៖ « កាលណាអ្នករាល់គ្នានៅក្នុងការបម្រើដល់មនុស្សទូទៅ » ។ សូមចាត់សិស្សពាក់កណ្តាលថ្នាក់ទៀតនូវផ្នែកទីពីរនៃឃ្លា ៖ « នោះអ្នករាល់គ្នាគ្រាន់តែនៅក្នុងការបម្រើដល់ព្រះរបស់អ្នកតែប៉ុណ្ណោះ » ។ សូមចង្អុលទៅក្រុមទីមួយ ហើយសុំឲ្យពួកគេសូត្រឡើងវិញនូវឃ្លាដែលបានចាត់ឲ្យពួកគេ ។ សូមធ្វើឡើងវិញជាមួយក្រុមទីពីរ ។ បន្ទាប់ពីឃ្លាទាំងពីរត្រូវបានសូត្រឡើងវិញហើយ សូមសូត្រ « ម៉ូសាយ ២:១៧ » រួមគ្នាជាថ្នាក់ ។ អ្នកអាចធ្វើសកម្មភាពម្តងទៀត ប៉ុន្តែត្រូវឲ្យសិស្សទាំងពីរក្រុមប្តូរឃ្លាដែលពួកគេត្រូវថាតាម ។ សូមរំឭកសិស្សឲ្យមានគារវភាព ពេលនិយាយអំពីព្រះ ។
រៀនអនុវត្ត
សូមចងចាំថា គោលបំណងនៃការរំឭកឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ គឺដើម្បីជួយសិស្សឲ្យស្គាល់គោលការណ៍ទាំងនោះឲ្យបានច្បាស់គ្រប់គ្រាន់ដើម្បីប្រើវាជាទូទៅនៅក្នុងជីវិតរបស់ពួកគេ នៅពេលពួកគេប្រឈមមុខនឹងសំណួរខាងវិញ្ញាណ ។ សូមប្រើលំហាត់រំឭកឡើងវិញទាំងនេះដើម្បីវាយតម្លៃចំណេះដឹងរបស់សិស្សអំពីគោលការណ៍ទាំងឡាយ ។ សូមបត់បែន ឬសូត្រឡើងវិញតាមតម្រូវការ ។
សូមបែងចែកសិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយចាត់សិស្សម្នាក់ៗនូវគោលការណ៍ខាងក្រោមមួយពី ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ៖ ធ្វើសកម្មភាពដោយសេចក្តីជំនឿ ពិនិត្យមើលគោលគំនិត និងសំណួរដោយទស្សនវិស័យដ៏អស់កល្បជានិច្ច ហើយស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។ សូមឲ្យសិស្សម្នាក់ៗស្វែងរកប្រយោគពីរពីផ្នែកដែលពួកគេបានចាត់ឲ្យដែលពួកគេគិតថាសំខាន់ដើម្បីស្វែងយល់ ។ សូមឲ្យពួកគេចែកចាយប្រយោគទាំងនេះជាមួយក្រុមរបស់ពួកគេ និងបញ្ចូលមូលហេតុដែលពួកគេជ្រើសរើសប្រយោគទាំងនោះ ។
សកម្មភាពទាំងនេះអាចត្រូវបានធ្វើឡើងជាលក្ខណៈបុគ្គល ជាគូ ឬជាក្រុមតូចៗ ។ ប្រសិនបើសិស្សជ្រើសរើសសរសេរស្ថានភាពមួយ ស្ថានភាពនោះគួរតែបញ្ចូលឧបសគ្គ ឬវិវាទដែលអាចស្វែងយល់បានតាមរយៈគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមឲ្យសិស្សផ្លាស់ប្តូរស្ថានភាពរបស់ពួកគេជាមួយគ្នាទៅវិញទៅមក។ បន្ទាប់មក សូមឲ្យពួកគេធ្វើការតាមរយៈគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលពួកគេបានទទួល ។ ប្រសិនបើចាំបាច់ សូមផ្តល់ឲ្យសិស្សនូវសំណួរដែលមានក្នុងផ្នែកនីមួយៗ ។
ជាទូទៅ ការបម្រើគឺជាបទពិសោធន៍វិជ្ជមានសម្រាប់អ្នកទាំងឡាយដែលចូលរួម និងអ្នកដែលត្រូវបានបម្រើ ។ ទោះយ៉ាងណាក៏ដោយ ដោយជាផ្នែកមួយនៃការបម្រើ ក៏អាចមានឧបសគ្គផងដែរ ។ សូមពិចារណាពីឱកាសនៃការបម្រើថ្មីៗដែលអ្នកមាន ។ តើមានឧបសគ្គអ្វីខ្លះដែលបានកើតឡើងជាមួយនឹងការបម្រើនោះ ? តើមានហេតុផលអ្វីខ្លះដែលមនុស្សជ្រើសរើសមិនបម្រើ ?
សូមសរសេរស្ថានភាពផ្ទាល់ខ្លួនរបស់អ្នកដែលពិពណ៌នាអំពីឧបសគ្គជាមួយនឹងការបម្រើ ។ នេះជាឧទាហរណ៍មួយ ៖ សូហ្វីយ៉ា ត្រូវបានថ្នាក់ដឹកនាំសាសនាចក្ររបស់នាងសុំឲ្យធ្វើពិធីខួបកំណើតឲ្យក្មេងស្រីដែលមិនសូវសកម្មម្នាក់ក្នុងថ្នាក់យុវនារីរបស់នាង ។ ពេលក្មេងស្រីនោះមកដល់មាត់ទ្វារបន្ទប់ នាងមិនសូវរាក់ទាក់នឹងសូហ្វីយ៉ាទេ ។ ដោយមានអារម្មណ៍ឈឺចាប់ សូហ្វីយ៉ា ដើរចេញដោយសោកស្ដាយដែលនាងបានធ្វើការបម្រើនោះ ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើការបម្រើសូម្បីតែមានការលំបាកនានាគឺជាសកម្មភាពនៃសេចក្តីជំនឿយ៉ាងដូចម្តេច ?
-
តើគោលលទ្ធិដែលបានបង្រៀននៅក្នុង ម៉ូសាយ ២:១៧ អាចជួយបុគ្គលនៅក្នុងស្ថានភាពនេះ ឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿដោយរបៀបណា ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បជានិច្ច
-
តើមានអ្វីផ្លាស់ប្តូរនៅពេលអ្នកមើលឃើញស្ថានភាពនេះជាមួយនឹងទស្សនវិស័យដ៏អស់កល្បជានិច្ច ?
-
តើគោលលទ្ធិដែលបានបង្រៀននៅក្នុង ម៉ូសាយ ២:១៧ អាចជួយមនុស្សម្នាក់នេះឲ្យមើលឃើញអ្វីៗតាមទស្សនវិស័យដ៏អស់កល្បជានិច្ចដោយរបៀបណា ?
-
តើអ្នកគិតថា ព្រះអង្គសង្គ្រោះនឹងប្រព្រឹត្តយ៉ាងណាក្នុងស្ថានភាពនេះ ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
ដើម្បីជួយសិស្សរកឃើញសេចក្តីថ្លែងការណ៍មួយ អ្នកអាចបង្ហាញសម្រង់សម្តីចេញពីផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » នៃមេរៀន « ម៉ូសាយ ២:១–១៨ » ។
សូមស្វែងរកបទគម្ពីរបន្ថែម ឬសេចក្ដីថ្លែងការណ៍ពីសន្និសីទទូទៅដែលអ្នកអាចចែកចាយដើម្បីជួយបុគ្គលម្នាក់បម្រើដោយឥរិយាបថស្ម័គ្រចិត្ត ។ ដើម្បីធ្វើដូច្នេះ សូមសាកល្បងស្វែងរក « ការបម្រើ » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ហើយបន្ទាប់មកមើលព្រះគម្ពីរ ឬសុន្ទរកថាពីសន្និសីទដែលផុសឡើង ។ អ្នកក៏អាចរកមើល « ការបម្រើ » នៅក្នុង Topical Guide ឬសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយផងដែរ ។
សូមឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរកឃើញ ។ អ្នកអាចសន្និដ្ឋានដោយការលើកទឹកចិត្តសិស្សឲ្យខិតខំពុះពារលើឧបសគ្គដែលរារាំងពួកគេមិនឲ្យបម្រើ ។ សូមរំឭកពួកគេអំពីផែនការនៃការបម្រើដែលពួកគេបានធ្វើនៅពេលកំពុងសិក្សា ម៉ូសាយ ២:១–១៨ និងឱកាសដែលនៅជុំវិញពួកគេជារៀងរាល់ថ្ងៃដើម្បីបម្រើអ្នកដទៃ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សូមសរសេរសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យសូត្រវាឡើងវិញឲ្យឮៗជាថ្នាក់ទាំងមូល ។ សូមលុបពាក្យពីរបីម៉ាត់ ហើយអញ្ជើញសិស្សឲ្យសូត្រឡើងវិញនូវសេចក្តីយោង និងឃ្លានេះពេញឡើងវិញ ។ សូមធ្វើដូច្នេះម្តងទៀតរហូតដល់អ្វីៗទាំងអស់ត្រូវបានលុបអស់ ហើយសិស្សអាចសូត្រឡើងវិញនូវសេចក្តីយោង និងឃ្លាទាំងស្រុងចេញពីការចងចាំ ។