« យ៉ាកុប ៧ ៖ សេចក្តីជំនឿឥតញាប់ញ័រលើព្រះយេស៊ូវគ្រីស្ទ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« យ៉ាកុប ៧ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
យ៉ាកុប ៧
សេចក្តីជំនឿឥតញាប់ញ័រលើព្រះយេស៊ូវគ្រីស្ទ
ប្រសិនបើអ្នកមានអារម្មណ៍ថាមនុស្សមួយចំនួនសព្វថ្ងៃនេះកំពុងព្យាយាមដោយចេតនា ដើម្បីអង្រួនសេចក្តីជំនឿរបស់សមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ នោះអ្នកគិតត្រូវហើយ ។ វាមិនមែនជារឿងថ្មីទេ ។ ក្នុងចំណោមពួកសាសន៍នីហ្វៃ មានបុរសម្នាក់ឈ្មោះ សេរេម « បានខិតខំធ្វើការដោយព្យាយាម ក្រែងគាត់អាចបង្វែរចិត្តប្រជាជនចេញ » ( យ៉ាកុប ៧:៣ ) ។ មេរៀននេះអាចជួយអ្នករៀបចំខ្លួនដើម្បីយកឈ្នះលើឧបសគ្គចំពោះសេចក្តីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។
ការជួយសិស្សឲ្យយល់អំពីខ្លឹមសារនៃបទគម្ពីរ ។ខ្លឹមសារនៃបទគម្ពីរគឺដំណើររឿង មនុស្ស ព្រឹត្តិការណ៍ ការបង្រៀន និងការពន្យល់ ។ ការយល់ដឹងអំពីធាតុទាំងនេះ អាចជួយសិស្សឲ្យភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលម្នាក់ៗនៅក្នុងបទគម្ពីរ ហើយត្រូវបានស្អាងឡើងតាមរយៈការបង្រៀនដែលបានកត់ត្រាទុកដោយបំផុសគំនិត ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យមកថ្នាក់រៀនដោយត្រៀមខ្លួនចែកចាយគំរូមួយ អំពីនរណាម្នាក់ដែលឈរយ៉ាងរឹងប៉ឹងក្នុងសេចក្ដីជំនឿរបស់ពួកគេ ពេលអ្នកផ្សេងទៀតជំទាស់នឹងពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរៀបចំសម្រាប់បញ្ហាប្រឈមនាពេលអនាគត
មុនពេលចែកចាយសេចក្តីថ្លែងការណ៍ខាងក្រោម សូមពិចារណាសួរថា « លើរង្វាស់ពីមួយដល់ដប់ តើអ្នកគិតថា វាពិបាកប៉ុនណាដើម្បីក្លាយជាសិស្សដ៏ក្លាហានរបស់ព្រះយេស៊ូវគ្រីស្ទនាពេលសព្វថ្ងៃនេះ ? » អ្នកអាចសូមឲ្យសិស្សលើកចំនួនម្រាមដៃដែលតំណាងឲ្យចម្លើយរបស់ពួកគេ ហើយបន្ទាប់មកសួរពួកគេមួយចំនួនឲ្យចែកចាយពីមូលហេតុ ដែលពួកគេឆ្លើយតបតាមរបៀបដែលពួកគេបានឆ្លើយ ។
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយដូចតទៅនេះអំពីបញ្ហាលំបាកមួយដែលយើងនឹងប្រឈមមុខ ៖
ថ្ងៃដ៏ពិបាកមាននៅខាងមុខ ។ នៅក្នុងពេលអនាគតវាកម្រថា នឹងមានភាពងាយស្រួល ឬមានប្រជាប្រិយភាពក្នុងការធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ម្នាក់ ។ យើងម្នាក់ៗនឹងត្រូវបានសាកល្បង ។ សាវកប៉ុលបានព្រមានថា នៅក្នុងថ្ងៃចុងក្រោយ អ្នកដែលធ្វើតាមព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម « នឹងត្រូវមានសេចក្ដីបៀតបៀនដែរ » [ ធីម៉ូថេទី ២ ៣:១២ ] ។ ការបៀតបៀននោះអាចសង្កត់អ្នកទៅក្នុងភាពខ្សោយដោយស្ងៀមស្ងាត់ ឬក៏អាចជំរុញអ្នកឲ្យកាន់តែប្រែក្លាយជាគំរូ និងមានសេចក្តីក្លាហាននៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ។ ( រ័សុល អិ មណិលសុន « Face the Future with Faith » Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៣៥–៣៦ )
-
ប្រធានណិលសុនបានថ្លែងសុន្ទរកថានេះក្នុងឆ្នាំ ២០១១ ។ តើអ្នកបានជួបប្រទះ ឬឃើញអ្វីដែលលោកបានរៀបរាប់មកនេះតាមរបៀបណាខ្លះ ?
-
ហេតុអ្វីវាអាចនឹងកាន់តែមិនសូវមានប្រជាប្រិយភាពនៅពេលអនាគត ដើម្បីរក្សាភាពស្មោះត្រង់ចំពោះដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ? ហេតុអ្វីអ្នកគិតថា វានៅតែមានតម្លៃ ?
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់ប្រាប់យើងអំពីការលំបាកទាំងនេះបានមុនពេលវេលា ?
សូមសញ្ជឹងគិតមួយនាទីអំពីភាពរឹងមាំនាពេលបច្ចុប្បន្ននេះ ពីទីបន្ទាល់របស់អ្នកអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ និងរបៀបដែលអ្នកបានរៀបចំខ្លួនដើម្បីបន្តស្មោះត្រង់ចំពោះទ្រង់ក្នុងថ្ងៃដ៏លំបាកខាងមុខ ។ នៅពេលអ្នកសិក្សា យ៉ាកុប ៧ សូមរកមើលពីរបៀបដែលយ៉ាកុបបានរៀបចំខ្លួន ដើម្បីបន្តស្មោះត្រង់នៅពេលដែលបុរសទុច្ចរិតម្នាក់ឈ្មោះសេរេម ព្យាយាមធ្វើឲ្យជំនឿរបស់លោកញាប់ញ័រ ។
សេរេមប្រកាសប្រឆាំងនឹងព្រះគ្រីស្ទ
សូមអាន យ៉ាកុប ៧:១–៧ ឬមើលវីដេអូ « Sherem Denies Christ » ចាប់ពីនាទីទី ០:៣៣ ដល់នាទីទី ២:២១ ។ វីដេអូនេះមាននៅ ChurchofJesusChrist.org។, សូមរកមើលអ្វីដែលសេរេម បានបង្រៀនដើម្បីព្យាយាមធ្វើឲ្យសេចក្តីជំនឿរបស់ពួកសាសន៍នីហ្វៃលើព្រះគ្រីស្ទញាប់ញ័រ ។
-
តើសេរេមបានបង្រៀនអ្វីខ្លះ ដើម្បីព្យាយាមធ្វើឲ្យសេចក្តីជំនឿរបស់សាសន៍នីហ្វៃញាប់ញ័រ ?
-
តើមានវិធីអ្វីខ្លះដែលមនុស្សអាចប្រជែងនឹងសេចក្ដីជំនឿដល់សិស្សរបស់ព្រះគ្រីស្ទសព្វថ្ងៃនេះ ?
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតដោយស្ងប់ស្ងាត់អំពីចំណុចដូចខាងក្រោមនេះ ៖
សូមពិចារណា ប្រសិនបើអ្នកបានឃើញនរណាម្នាក់នៅជុំវិញអ្នកចាប់ផ្តើមសង្ស័យលើសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ ដោយសារឥទ្ធិពលរបស់អ្នកដទៃ ។ តើអ្នកបានកត់សម្គាល់ឃើញនរណាម្នាក់ប្រជែងនឹងជំនឿរបស់អ្នកលើទ្រង់ទេ ?
ជំនឿរបស់យ៉ាកុបមិនអាចញាប់ញ័របានទេ ។
សូមពិចារណាអញ្ជើញសិស្សឲ្យអានខគម្ពីរខាងក្រោមជាមួយនឹងក្រុមតូចៗ ។ បន្ទាប់មក សូមអញ្ជើញឲ្យក្រុមនីមួយៗមានតំណាងម្នាក់ សរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេបានរៀនពីគំរូរបស់យ៉ាកុប ។ នេះជាសេចក្តីពិតមួយចំនួនដែលសិស្សអាចរកឃើញ ៖ ព្រះវិញ្ញាណអាចជួយយើងឲ្យដឹងពីអ្វីដែលត្រូវធ្វើ និងនិយាយ នៅពេលសេចក្ដីជំនឿរបស់យើងត្រូវបានប្រជែង ហើយ យើងអាចពឹងផ្អែកលើការបង្រៀនរបស់ព្យាការី ដើម្បីពង្រឹងជំនឿរបស់យើងលើព្រះគ្រីស្ទ ។
នៅពេលសិស្សចែកចាយ សូមពិចារណារំឭកពួកគេថា ការសិក្សាវគ្គចំណេះចំណានខាងគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចរៀបចំពួកគេ ឲ្យស៊ូទ្រាំនឹងឧបសគ្គចំពោះសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
សូមអាន យ៉ាកុប ៧:៥, ៨–១២ ដោយរកមើលអ្វីដែលបានជួយយ៉ាកុបបដិសេធការបង្រៀនរបស់សេរេម ។
គោលការណ៍មួយដែលយើងអាចរៀនពី ខទី ៥ គឺថា យើងអាចយកឈ្នះលើឧបសគ្គចំពោះសេចក្ដីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ដោយការចងចាំពីបទពិសោធន៍ខាងវិញ្ញាណពីអតីតកាលដែលពង្រឹងសេចក្ដីជំនឿរបស់យើង ។
-
តើយ៉ាកុបបានចងចាំរឿងជាក់លាក់អ្វីខ្លះក្នុងអំឡុងពេលប្រឈមមុខគ្នានេះដែលបានជួយលោក ?
-
ហេតុអ្វីការចងចាំបទពិសោធន៍ខាងវិញ្ញាណពីអតីតកាលរបស់យើងអាចពង្រឹងយើង នៅពេលយើងប្រឈមមុខនឹងការប្រជែងនឹងសេចក្ដីជំនឿរបស់យើង ?
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ទន្ទឹមនឹងការណែនាំដ៏សុខសាន្ដដែលយើងបានទទួលពីព្រះវិញ្ញាណបរិសុទ្ធ ពីមួយគ្រាទៅមួយគ្រា ព្រះដ៏ប្រកបដោយអានុភាព បានអះអាងដល់យើងម្នាក់ៗដោយផ្ទាល់ថា ទ្រង់ស្គាល់យើង ហើយស្រឡាញ់យើង ហើយទ្រង់នឹងប្រទានពរជាក់លាក់ និងបើកចំហដល់យើង ។ បន្ទាប់មក នៅក្នុងគ្រាលំបាករបស់យើង ព្រះអង្គសង្គ្រោះបានរំឭកយើងពីបទពិសោធន៍ទាំងនោះមកក្នុងគំនិតយើង ។ …
សូមឱបក្រសោបអនុស្សាវរីយ៍ដ៏ពិសិដ្ឋរបស់អ្នក ។ សូមជឿបទពិសោធន៍ទាំងនោះ ។ សូមសរសេរវាទុក ។ … ខ្ញុំសូមសន្យាថា កាលអ្នកមានឆន្ទៈចង់ដឹង និងថែរក្សាព្រឹត្តិការណ៍ខាងវិញ្ញាណដ៏មានអត្ថន័យទាំងនោះនៅក្នុងជីវិតរបស់អ្នកដោយប្រុងប្រយ័ត្ន នោះអ្នកនឹងកាន់តែទទួលបានច្រើនថែមទៀត ។ ព្រះវរបិតាសួគ៌ស្គាល់ និងស្រឡាញ់អ្នក ! ( នែល អិល អាន់ឌើរសិន « Spiritually Defining Memories » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ១៩, ២១–២២ )
ប្រសិនបើអ្នកប្រើគំនិតខាងក្រោម សូមទុកពេលគ្រប់គ្រាន់ឲ្យសិស្សសញ្ជឹងគិត អធិស្ឋាន និងកត់ត្រាអារម្មណ៍ និងបទពិសោធន៍របស់ពួកគេ ។ បន្ទាប់មក សូមអញ្ជើញសិស្សស្ម័គ្រចិត្តឲ្យចែកចាយបទពិសោធន៍ដែលមិនពិសិដ្ឋខ្លាំងពេក ។ សូមពិចារណាចែកចាយឧទាហរណ៍ផ្ទាល់ខ្លួនមួយដែលមិនពិសិដ្ឋខ្លាំង ឬប្លែកពេក ដើម្បីឲ្យសិស្សអាចភ្ជាប់ទៅនឹងបទពិសោធន៍របស់អ្នក ។
សូមចំណាយពេលខ្លះដើម្បីចងចាំពីអារម្មណ៍ និងបទពិសោធន៍ដែលព្រះបានប្រទានឲ្យអ្នក ដើម្បីធានាដល់អ្នកថា ទ្រង់ស្គាល់ និងស្រឡាញ់អ្នក ។ សូមកត់ត្រាអារម្មណ៍ និងបទពិសោធន៍ទាំងនោះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅក្នុងព្រះគម្ពីររបស់អ្នក ។ ប្រសិនបើអ្នកត្រូវការជំនួយក្នុងការចងចាំបទពិសោធន៍បែបនេះ សូមទូលសុំព្រះវរបិតាសួគ៌ដោយការអធិស្ឋានដើម្បីជួយអ្នកឲ្យស្គាល់ ឬចងចាំបទពិសោធន៍ខ្លះដើម្បីបន្តទៅមុខទៀត ។ ទ្រង់នឹងធ្វើដូច្នេះតាមពេលវេលា និងរបៀបរបស់ទ្រង់ ។
អ្នកប្រហែលជាចង់មើលវីដេអូ « Spiritually Defining Memories » ចាប់ពីនាទីទី ១៣:៤០ ដល់នាទី ១៤:៤៦ ។ សូមរកមើលរបៀបដែលរឿងប្រៀបប្រដូចរបស់អែលឌើរ អាន់ឌើរសិន បង្ហាញថា ការចងចាំខាងវិញ្ញាណរបស់យើងអាចបំភ្លឺផ្លូវទាំងសម្រាប់យើង និងសម្រាប់អ្នកដទៃក្នុងអំឡុងគ្រាលំបាក ។ វីដេអូនេះមាននៅ ChurchofJesusChrist.org។,
អ្នកអាចប្រើយោបល់ខាងក្រោម ហើយផ្ដល់ពេលឲ្យសិស្សពីរបីនាទីដើម្បីផ្ញើសារជាអក្សរ ឬផ្ញើអ៊ីមែលទៅមនុស្សជាទីស្រឡាញ់ ។ វាអាចមានប្រយោជន៍ក្នុងការរំឭកពួកគេថា បទពិសោធន៍ដ៏ពិសិដ្ឋមួយចំនួនគួរតែត្រូវបានរក្សាទុកផ្ទាល់ខ្លួន ។
សូមសញ្ជឹងគិតអំពីអ្នកណាដែលអ្នកដឹងថា អាចត្រូវបានពង្រឹងដោយការស្តាប់បទពិសោធន៍របស់អ្នក ។ សូមពិចារណារកមើលរបៀបចែកចាយបទពិសោធន៍ជាមួយពួកគេ ។
សូមគិតផងដែរអំពីមនុស្សជាទីស្រឡាញ់ និងថ្នាក់ដឹកនាំសាសនាចក្រដែលសេចក្ដីជំនឿ និងបទពិសោធន៍របស់ពួកគាត់អាចពង្រឹងដល់អ្នកផ្ទាល់ ។ សូមពិចារណាឈោងទៅរកពួកគេដើម្បីរកជំនួយ ។
ទីសម្គាល់មកពីព្រះ
សូមអាន យ៉ាកុប ៧:១៣–២៣ ឬមើលវីដេអូ « Sherem Denies Christ » ចាប់ពីនាទីទី ២:២២ ដល់នាទីទី ៧:១៦ ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើងចំពោះសេរេម ។
សូមពិចារណាបង្ហាញសំណួរខាងក្រោមនេះ ហើយផ្តល់ពេលវេលាដល់សិស្សដើម្បីសញ្ជឹងគិតអំពីសំណួរទាំងនោះ ។ បន្ទាប់មក អញ្ជើញអ្នកស្ម័គ្រចិត្តឲ្យចែកចាយចម្លើយរបស់ពួកគេ ។
-
ហេតុអ្វីអ្នកគិតថា យ៉ាកុបនឹងកត់ត្រារឿងនេះសម្រាប់មនុស្សនៅសម័យរបស់យើង ?
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌នឹងឲ្យអ្នកអនុវត្តអ្វីដែលអ្នកបានរៀនថ្ងៃនេះនៅក្នុងស្ថានភាពមួយដែលអ្នកកំពុងប្រឈមមុខដោយរបៀបណា ?