« នីហ្វៃទី២ ២៦ ៖ ការមើលឃើញ ការស្រឡាញ់ និងការប្រព្រឹត្តិចំពោះអ្នកដទៃដូចព្រះ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ២៦ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ២៦
ការមើលឃើញ ការស្រឡាញ់ និងការប្រព្រឹត្តិចំពោះអ្នកដទៃដូចព្រះ
ជារៀងរាល់ថ្ងៃ យើងប្រឈមមុខនឹងសារ និងព័ត៌មានដែលជះឥទ្ធិពលលើអារម្មណ៍ និងទស្សនវិស័យរបស់យើង ។ នៅក្នុង នីហ្វៃទី២ ២៦ នីហ្វៃបានបង្រៀនពីទស្សនវិស័យរបស់ព្រះ ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកមើលឃើញ ស្រឡាញ់ និងប្រព្រឹត្តចំពោះអ្នកដទៃដូចព្រះ ។
ការជួយសិស្សឲ្យទទួលអារម្មណ៍ថា ការរួមចំណែករបស់ពួកគេមានតម្លៃ ។ សូមបង្ហាញសិស្សថា អ្នកឲ្យតម្លៃចំពោះសំណួរ និងមតិយោបល់របស់ពួកគេតាមរយៈការស្តាប់ដោយយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងដោយស្មោះដើម្បីយល់ ។ សូមបង្ហាញចំណាប់អារម្មណ៍របស់អ្នកដោយផ្តោតលើអ្វីដែលសិស្សនិយាយ មិនមែនលើអ្វីដែលអ្នកនឹងនិយាយបន្ទាប់នោះទេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរឪពុកម្ដាយ ឬមិត្តភក្ដិរបស់ពួកគេដែលទុកចិត្តពីរបៀបដែលពួកគេព្យាយាមមើលឃើញអ្នកដទៃដូចដែលព្រះអង្គសង្គ្រោះទតមើលពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ទស្សនវិស័យរបស់យើង
ជាជាងការបង្ហាញរូបភាពខាងក្រោម អ្នកអាចយកវ៉ែនតាប្រភេទផ្សេងៗឲ្យសិស្សសាកល្បង ហើយបន្ទាប់មកពិភាក្សាអំពីរបៀបដែលវ៉ែនតានីមួយៗផ្លាស់ប្តូរគំហើញ និងទស្សនវិស័យរបស់ពួកគេ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេអំពីការពាក់វ៉ែនតាខុសគ្នា ឬកញ្ចក់កែតម្រូវ និងភាពខុសគ្នារបស់វា ។
សូមពិនិត្យមើលរូបភាពខាងក្រោម ហើយគិតអំពីរបៀបដែលវ៉ែនតាផ្សេងគ្នាប៉ះពាល់ដល់គំហើញរបស់យើង ។
-
តើវ៉ែនតាខុសគ្នាទាំងនេះអាចជះឥទ្ធិពលដល់គំហើញរបស់បុគ្គលម្នាក់ដោយរបៀបណា ?
-
តើមានអ្វីខ្លះដែលជះឥទ្ធិពលដល់របៀបដែលយើងមើលឃើញ និងប្រព្រឹត្តចំពោះអ្នកដទៃ ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីការយល់ឃើញរបស់អ្នកចំពោះអ្នកដទៃ ។ សូមគិតអំពីអ្វីដែលអាចកំណត់ទស្សនវិស័យរបស់អ្នក និងរបៀបដែលវាអាចជះឥទ្ធិពលលើអារម្មណ៍របស់អ្នក និងការប្រព្រឹត្តិចំពោះអ្នកដទៃ ។ នៅពេលអ្នកសិក្សា សូមស្វែងរកការបំផុសគំនិតដើម្បីដឹងពីអ្វីដែលអ្នកអាចធ្វើដើម្បីមើលឃើញ និងប្រព្រឹត្តចំពោះអ្នកដទៃដូចព្រះអង្គសង្គ្រោះ ។
គោលបំណងនៃមេរៀននេះគឺដើម្បីជួយអ្នកមើលឃើញ ស្រឡាញ់ និងប្រព្រឹត្តចំពោះអ្នកដទៃដូចព្រះ ។
បុគ្គលិកលក្ខណៈរបស់ព្រះ
នៅក្នុង នីហ្វៃទី២ ២៦ នីហ្វៃបានឃើញការងារបម្រើរបស់ព្រះអង្គសង្គ្រោះក្នុងចំណោមពួកសាសន៍នីហ្វៃ ព្រមទាំងអំពើទុច្ចរិត និងការបំផ្លិចបំផ្លាញប្រជាជនរបស់លោកនៅទីបំផុត ។ លោកក៏បានមើលឃើញអំពើទុច្ចរិតរបស់សាសន៍ដទៃនៅថ្ងៃចុងក្រោយផងដែរ ។ ផ្ទុយទៅវិញ លោកបានសង្កត់ធ្ងន់លើការយកព្រះទ័យទុកដាក់របស់ព្រះចំពោះបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ ។
សូមពិចារណាសំណួរបីខាងក្រោមនៅពេលអ្នកអាន នីហ្វៃទី២ ២៦:១២–១៣, ២៣–៣៣ ៖
សូមទុកពេលឲ្យសិស្សឲ្យបានច្រើនដើម្បីសិក្សា នីហ្វៃទី២ ២៦:១២–១៣, ២៣–៣៣ ហើយពិចារណាអញ្ជើញពួកគេឲ្យគូសចំណាំពាក្យ និងឃ្លាដែលឆ្លើយសំណួរខាងក្រោម ។ សូមបង្កើតបរិយាកាសដ៏មានគាវរភាពដែលព្រះវិញ្ញាណអាចបង្រៀន ។ អ្នកអាចលេងភ្លេងតិចៗ នៅពេលអ្នកដើរចុះឡើងក្នុងបន្ទប់ ដោយសួរសិស្សដោយស្ងៀមស្ងាត់នូវអ្វីដែលពួកគេកំពុងរៀន ទទួលអារម្មណ៍ ឬគូសចំណាំនៅពេលពួកគេសិក្សា ។
វាអាចមានប្រយោជន៍ក្នុងការបង្ហាញសំណួរនៅពេលសិស្សអាន ។
-
តើព្រះទតឃើញ និងមានព្រះទ័យយ៉ាងណាចំពោះបុត្រាបុត្រីរបស់ទ្រង់ ?
-
តើទ្រង់សម្ដែងការណ៍នេះដោយរបៀបណា ?
-
តើទ្រង់សព្វព្រះទ័យឲ្យយើងមើលឃើញ និងប្រព្រឹត្តចំពោះអ្នកដទៃយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សសិក្សាការបង្រៀនរបស់នីហ្វៃអំពីបុគ្គលិកលក្ខណៈរបស់ព្រះ សូមអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានរៀន ។ សំណួរខាងក្រោម រួមជាមួយនឹងសំណួរតាមដានបន្ថែម អាចជួយលើកទឹកចិត្តដល់ការចែកចាយ ។ ម្យ៉ាងវិញទៀត សិស្សអាចធ្វើបញ្ជីសេចក្ដីពិតអំពីព្រះដែលពួកគេបានរៀននៅលើក្ដារខៀន ហើយបន្ទាប់មកពិភាក្សាអំពីអត្ថន័យ និងសារៈសំខាន់នៃសេចក្ដីពិតទាំងនេះ ។
-
តើពាក្យ ឃ្លា ឬសេចក្ដីពិតអ្វីខ្លះដែលអ្នកបានគូសចំណាំដែលអាចឆ្លើយសំណួរបាន ? ហេតុអ្វី ?
-
តើអ្នកបានរៀន ឬទទួលអារម្មណ៍អ្វីខ្លះអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ?
-
តើការចងចាំសេចក្ដីពិតទាំងនេះអំពីព្រះអាចជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយទ្រង់យ៉ាងដូចម្ដេច ? តើវាអាចជះឥទ្ធិពលយ៉ាងណាទៅលើរបៀបដែលអ្នកប្រព្រឹត្តចំពោះអ្នកដទៃ ?
សិស្សប្រហែលជាបានកត់សម្គាល់នូវសេចក្ដីពិតផ្សេងៗអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ។ សូមពិចារណាសួរសិស្សថាហេតុអ្វីសេចក្តីពិតដែលពួកគេបានរកឃើញមានអត្ថន័យ ហើយសរសើរពួកគេចំពោះការយល់ដឹងរបស់ពួកគេ ។ ផ្នែកបន្ទាប់នៃមេរៀននេះនឹងផ្តោតលើសេចក្តីពិតនៅក្នុង ខទី ៣៣ ដែល « មនុស្សទាំងអស់ក៏ដូចគ្នានៅចំពោះព្រះ » ។ ការណ៍នេះនឹងជួយសិស្សរៀបចំដើម្បីប្រើវគ្គបទគម្ពីរនេះ នៅក្នុងកម្មវិធីអនុវត្តចំណេះចំណានខាងគោលលទ្ធិនៅក្នុងមេរៀនបន្ទាប់ ។
សូមកត់សម្គាល់ថា នៅក្នុង នីហ្វៃទី២ ២៦:៣៣ នីហ្វៃបានគូសបញ្ជាក់ពីប្រភេទផ្សេងៗគ្នានៃបុគ្គលជាច្រើន ដោយការផ្គូផ្គងពួកគេជាក្រុមផ្ទុយគ្នា ។ និយមន័យខាងក្រោមអាចជួយអ្នកឲ្យយល់កាន់តែច្បាស់ ។ អ្នកអាចពិចារណាសរសេរនិយមន័យទាំងនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរខគម្ពីរនេះ ។
-
បាវគេ ៖ ទាសករ ។
-
ពួកឥតសាសនា ៖ អ្នកណាដែលមិនជឿលើព្រះ ។
-
សាសន៍យូដា និងសាសន៍ដទៃ ៖ ឃ្លាមួយដែលនិយាយសំដៅទៅដល់អស់អ្នកដែលជាកម្មសិទ្ធិរបស់វង្សអ៊ីស្រាអែល និងអ្នកដែលមិនមែន ។
នីហ្វៃទី២ ២៦:៣៣ គឺជាវគ្គចំណេះចំណានខាងគោលលទ្ធិមួយ ។ សូមពិចារណាគូសចំណាំវគ្គចំណេះចំណានខាងគោលលទ្ធិតាមវិធីដែលងាយសម្គាល់ ដើម្បីអ្នកអាចរកឃើញវាដោយងាយស្រួល ។ អ្នកនឹងមានឱកាសនៅក្នុងមេរៀនបន្ទាប់ដើម្បីអនុវត្តតាមគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរនេះ ទៅនឹងសំណួរ ឬស្ថានភាពមួយ ។
-
តើវាអាចនឹងមានការផ្លាស់ប្តូរយ៉ាងណា ប្រសិនបើពិភពលោកបានទទួលយក និងអនុវត្តតាមការបង្រៀននៅក្នុង ខទី ៣៣ ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីទស្សនៈរបស់អ្នក រួមទាំងរបៀបដែលអ្នកទទួលអារម្មណ៍ និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយប្រៀបធៀបទៅនឹងទស្សនវិស័យរបស់ព្រះ និងរបៀបដែលទ្រង់មានព្រះទ័យ និងប្រព្រឹត្តចំពោះអ្នកដទៃ ។
របៀបមួយដើម្បីជួយសិស្សប្រៀបធៀបពីរបៀបដែលពួកគេប្រព្រឹត្តចំពោះអ្នកដទៃ ទៅនឹងរបៀបដែលព្រះធ្វើគឺត្រូវឲ្យសិស្សរៀបសំណួរឡើងវិញដែលនីហ្វៃបានចែកចាយនៅក្នុង នីហ្វៃទី២ ២៦:២៥–២៨ ដើម្បីអនុវត្តចំពោះខ្លួនពួកគេ ។ ឧទាហរណ៍ ៖ « តើខ្ញុំធ្វើឲ្យគេឯងមានអារម្មណ៍ថា ខ្ញុំចង់ឲ្យពួកគេចាកចេញពីខ្ញុំ ? ឬមិនថ្វាយបង្គំជាមួយខ្ញុំដែរឬទេ ? ឬតើខ្ញុំសន្មតថា ពួកគេមិនគួរទទួលទានសេចក្តីល្អរបស់ព្រះយេស៊ូវគ្រីស្ទដែរឬទេ ? »
អ្នកប្រហែលជាចង់មើលវីដេអូ « We Don’t Need to Be the Same to Be One » ( ១:០០ ) មាននៅលើ ChurchofJesusChrist.orgដោយសញ្ជឹងគិតអំពីអ្វីដែលព្រះអម្ចាស់អាចធ្វើឲ្យអ្នកប្រសើរឡើង ។
សំណួរ និងកថាខណ្ឌខាងក្រោមអាចជួយសិស្សវាយតម្លៃពីអារម្មណ៍ និងសកម្មភាពរបស់ពួកគេចំពោះអ្នកដទៃ រួចអនុវត្តតាមអ្វីដែលពួកគេកំពុងរៀន ។ សិស្សអាចកត់ត្រានៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ឬពិភាក្សាអំពីការឆ្លើយតបរបស់ពួកគេចំពោះសំណួរទាំងនោះ ។
-
តើវាអាចជះឥទ្ធិពលយ៉ាងណាខ្លះដល់ការចងចាំទស្សនវិស័យ និងព្រះទ័យរបស់ព្រះចំពោះមនុស្សទាំងអស់ ?
-
តើអ្នកកំពុងមើលឃើញ និងប្រព្រឹត្តចំពោះអ្នកដទៃដូចព្រះវរបិតាសួគ៌ និងព្រះយេស៊ូវនឹងប្រព្រឹត្តចំពោះពួកគេបានល្អប៉ុនណាហើយ ?
-
តើការចងចាំការបង្រៀនអំពីព្រះអម្ចាស់នៅក្នុង នីហ្វៃទី២ ២៦:៣៣ ជួយអ្នកមើលឃើញ ស្រឡាញ់ និងប្រព្រឹត្តចំពោះអ្នកដទៃដូចព្រះយ៉ាងដូចម្តេច ?
ក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ សូមព្យាយាមកត់សម្គាល់របៀបដែលអ្នកមើលឃើញ ទទួលអារម្មណ៍ និងប្រព្រឹត្តចំពោះអ្នកដទៃ ។ សូមស្តាប់រកការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ហើយស្វែងរកជំនួយពីព្រះអម្ចាស់ដើម្បីធ្វើការផ្លាស់ប្តូរចាំបាច់ណាមួយដើម្បីស្រឡាញ់ និងប្រព្រឹត្តចំពោះអ្នកដទៃកាន់តែដូចព្រះ ។