« វាយតម្លៃការសិក្សារបស់អ្នកទី ២ ៖ នីហ្វៃទី១ ១៦–នីហ្វៃទី២ ២៥ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« វាយតម្លៃការសិក្សារបស់អ្នក » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
វាយតម្លៃការសិក្សារបស់អ្នកទី ២
គោលបំណងមេរៀននេះគឺដើម្បីជួយអ្នកឲ្យវាយតម្លៃការរីកចម្រើន ដែលអ្នកបានដកពិសោធអំឡុងការសិក្សាព្រះគម្ពីរមរមនរបស់អ្នក ។
ការរំឭកសិស្សអំពីគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ ៖ ជាផ្នែកនៃកម្មវិធីកុមារ និងយុវវ័យ សិស្សអាចបានបង្កើតគោលដៅខាងវិញ្ញាណ សង្គម រូបកាយ និងបញ្ញា ដើម្បីជួយពួកគេឲ្យកាន់តែដូចជាព្រះអង្គសង្គ្រោះ ។ សូមអញ្ជើញសិស្សឲ្យគិតពិចារណាជាប្រចាំអំពីរបៀប ដែលសេចក្ដីពិតដែលពួកគេកំពុងរៀននៅក្នុងថ្នាក់សិក្ខាសាលា អាចជួយពួកគេសម្រេចបាននូវគោលដៅរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកនូវអ្វីមួយចំនួនដែលពួកគេបានរៀននៅក្នុង នីហ្វៃទី១ ១៦ ដល់ នីហ្វៃទី២ ២៥ ហើយមកដោយត្រៀមចែកចាយបទគម្ពីរដែលចូលចិត្ត ឬសេចក្ដីពិតសំខាន់ៗ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការគិតពិចារណាអំពីការរៀនសូត្រដំណឹងល្អ
មេរៀននេះមានគោលបំណងជួយសិស្សឲ្យវាយតម្លៃ (១) គោលដៅដែលពួកគេបានដាក់ (២) សមត្ថភាពរបស់ពួកគេក្នុងការពន្យល់អំពីការបង្រៀននៅក្នុងព្រះគម្ពីរមរមន ឬ (៣) របៀបដែលឥរិយាបថ បំណងប្រាថ្នា និងសមត្ថភាពរបស់ពួកគេដើម្បីរស់នៅតាមដំណឹងល្អកំពុងផ្លាស់ប្តូរ ។ ការសិក្សារបស់ថ្នាក់អំពី នីហ្វៃទី១ ១៦ ដល់ នីហ្វៃទី២ ២៥ ប្រហែលជាបានសង្កត់ធ្ងន់លើសេចក្តីពិតក្រៅពីសេចក្តីពិតនៅក្នុងសកម្មភាពខាងក្រោម ។ ប្រសិនបើដូច្នេះមែន សកម្មភាពទាំងនេះអាចត្រូវបានកែសម្រួល ដើម្បីរួមបញ្ចូលសេចក្ដីពិតទាំងនោះ ។
ដើម្បីជួយសិស្សឲ្យឃើញពីតម្លៃនៃការគិតពិចារណាពីការរីកចម្រើនខាងវិញ្ញាណរបស់ពួកគេ នៅពេលពួកគេបានសិក្សាព្រះគម្ពីរមរមន សូមយកកញ្ចក់មួយមក ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីរបៀបដែលការមើលឃើញខ្លួនឯងអាចមានប្រយោជន៍ ( ការមើលឃើញរបស់នៅពីក្រោយពួកគេ ការមើលឃើញរូបចំណាំងផ្លាតរបស់ពួកគេជាដើម ) ។ បន្ទាប់មក សូមអញ្ជើញពួកគេឲ្យពិចារណាអំពីតម្លៃនៃការគិត និងការវាយតម្លៃអំពីការសិក្សាដំណឹងល្អ និងជម្រើសរបស់ពួកគេ ។ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖
-
តើការមានកញ្ចក់ឆ្លុះមានអត្ថប្រយោជន៍អ្វីខ្លះ ?
-
តើការឆ្លុះកញ្ចក់មើលខ្លួនយើងស្រដៀងនឹងការគិត និងការវាយតម្លៃការរៀនសូត្រដំណឹងល្អរបស់យើងយ៉ាងដូចម្ដេច ?
ការគិតពិចារណាពីវឌ្ឍនភាពខាងវិញ្ញាណ
ផ្នែកនៃមេរៀននេះមានគោលបំណងជួយសិស្សឲ្យសញ្ជឹងគិតអំពីបទពិសោធន៍របស់ពួកគេជាមួយនឹងការស្វែងរក និងការអនុវត្តតាមវិវរណៈពីព្រះវរបិតាសួគ៌ នៅពេលពួកគេបានសិក្សាព្រះគម្ពីរមរមន ។
សូមសញ្ជឹងគិតលើការបំផុសគំនិត និងអារម្មណ៍មកពីព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នកប្រហែលជាបានទទួលនៅពេលសិក្សាព្រះគម្ពីរមរមន ។ មានវិធីជាច្រើនដែលព្រះវិញ្ញាណបរិសុទ្ធអាចទាក់ទងជាមួយអ្នក ។ ឧទាហរណ៍ ៖ ខគម្ពីរមួយចំនួនអាចទាក់ទាញចំណាប់អារម្មណ៍របស់អ្នក ហើយអ្នកមានអារម្មណ៍ថាចង់គូសចំណាំខគម្ពីរទាំងនោះ ។ អ្នកប្រហែលជាធ្លាប់ទទួលអារម្មណ៍សុខសាន្ត ឬសេចក្ដីស្រឡាញ់ ។ អ្នកប្រហែលជាបានអាន ហើយទទួលអារម្មណ៍បំផុសគំនិតឲ្យធ្វើតាមវិធីជាក់លាក់មួយ ឬបានរកឃើញចម្លើយចំពោះសំណួរដែលអ្នកមាន ។
សូមបង្ហាញសំណួរខាងក្រោមនេះ ដើម្បីសិស្សអាចសញ្ជឹងគិតសំណួរទាំងនោះតាមសមត្ថភាពរបស់ពួកគេផ្ទាល់ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការឲ្យសិស្សកត់ត្រាចម្លើយរបស់ពួកគេចំពោះសំណួរពីរ ឬបីនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើដំណើររឿង ឬវគ្គបទគម្ពីរណាខ្លះមកពីព្រះគម្ពីរមរមនបានជួយអ្នកឃើញពីរបៀបដែលព្រះវរបិតាសួគ៌ទាក់ទងបុត្រាបុត្រីរបស់ទ្រង់ ?
-
តើគំនិត ឬអារម្មណ៍អ្វីខ្លះដែលអ្នកបានដកពិសោធនៅក្នុងថ្នាក់សិក្ខាសាលា ឬនៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់អ្នកនៅឆ្នាំនេះ ?
-
តើអ្នកបានធ្វើអ្វីខ្លះ ដើម្បីស្វែងរកវិវរណៈពីព្រះវរបិតាសួគ៌ ?
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីស្វែងរកវិវរណៈ ហើយត្រៀមខ្លួនដើម្បីទទួលស្គាល់វិវរណៈ នៅពេលវិវរណៈកើតមានឡើង ?
-
តើអ្នកបានប្រព្រឹត្តយ៉ាងណាចំពោះចំណាប់អារម្មណ៍ដែលអ្នកបានទទួល ?
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយចម្លើយមួយចំនួនរបស់ពួកគេតាមការសមរម្យជាមួយសិស្សក្នុងថ្នាក់ ។ សិស្សក៏អាចចែកចាយជាគូៗ ឬក្រុមតូចៗផងដែរ ។
សូមពន្យល់ពីការធ្លាក់របស់អ័ដាម និងអេវ៉ា និងដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ
សម្រាប់សកម្មភាពខាងក្រោម សូមពិចារណាអញ្ជើញសិស្សឲ្យធ្វើការជាមួយមិត្តរួមថ្នាក់ជាដៃគូនីមួយៗ ដោយជ្រើសរើសប្រធានបទមួយក្នុងចំណោមប្រធានបទជាអក្សរទ្រេតនៅក្នុងកថាខណ្ឌបន្ទាប់ ។
សូមស្រមៃថាអ្នកគឺជាអ្នកផ្សព្វផ្សាយសាសនា ហើយអ្នក និងដៃគូរបស់អ្នកកំពុងរៀបចំដើម្បីបង្រៀននរណាម្នាក់អំពីការធ្លាក់នេះ ។ អ្នកបានសម្រេចចិត្តថា ម្នាក់ក្នុងចំណោមអ្នកទាំងពីរ គួរតែបង្រៀនអំពី ការធ្លាក់ និងឥទ្ធិពលរបស់វាទៅលើមនុស្សជាតិ ហើយម្នាក់ទៀតគួរតែបង្រៀនអំពី របៀបដែលព្រះអង្គសង្គ្រោះជួយយើងយកឈ្នះលើឥទ្ធិពលនៃការធ្លាក់នេះ ។
សូមប្រើខគម្ពីរដើម្បីជួយអ្នកពន្យល់ពីប្រធានបទដែលអ្នកបានជ្រើសរើស ។ វាអាចមានប្រយោជន៍ក្នុងការរំឭកឡើងវិញនូវ នីហ្វៃទី២ ២:១៧–២៧; ៩:៦–១២; ១០:២៣–២៥ កំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬ « ការធ្លាក់របស់អ័ដាម និងអេវ៉ា » នៅក្នុងប្រធានបទនៃដំណឹងល្អ ( topics.ChurchofJesusChrist.org ) ដើម្បីជួយឲ្យអ្នករៀបចំចែកចាយ ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀបចំជាមួយដៃគូរបស់ពួកគេ ឬជាមួយថ្នាក់ទាំងមូល ។ ឬពិចារណាឲ្យសិស្សផ្ញើការពន្យល់របស់ពួកគេទៅកាន់នរណាម្នាក់ក្នុងគ្រួសាររបស់ពួកគេ មិត្តភក្តិ ឬអ្នកដឹកនាំសាសនាចក្រ ។
អារម្មណ៍របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ
ផ្នែកនៃមេរៀននេះមានគោលបំណងអនុញ្ញាតឲ្យសិស្សសញ្ជឹងគិតអំពីអារម្មណ៍របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
សូមទុកពេលឲ្យសិស្សអាន និងសញ្ជឹងគិតដូចដែលបានណែនាំនៅក្នុងកថាខណ្ឌខាងក្រោម ។ អ្នកអាចពិចារណាចាក់ភ្លេងទំនុកតម្កើងដោយស្ងាត់ស្ងៀមអំពីព្រះអង្គសង្គ្រោះ ដូចជាបទ « ខ្ញុំឆ្ងល់យ៉ាងអស្ចារ្យ » ( ទំនុកតម្កើង ល.រ. ១១៥ ) ឬ « ក្តីស្នេហ៍ព្រះអង្គ » ( ទំនុកតម្កើង ល.រ. ៥៩ ) ។
ព្រះគម្ពីរមរមនថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។ សូមសញ្ជឹងគិតអំពីអ្វីដែលអ្នកបានរៀន ឬសិក្សាអំពីព្រះអង្គសង្គ្រោះ ។ សូមរំឭកជំពូកដែលអ្នកបានសិក្សា ដូចជា នីហ្វៃទី១ ១៩, នីហ្វៃទី២ ៩ និង នីហ្វៃទី២ ២៥ ។ អ្នកក៏អាចរកមើលវគ្គបទគម្ពីរដែលអ្នកបានគូសចំណាំផងដែរ ។ វាអាចមានប្រយោជន៍ក្នុងការរំឭកអ្វីដែលអ្នកបានសរសេរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ជាពិសេសកំណត់ត្រាដែលបង្ហាញអារម្មណ៍របស់អ្នកចំពោះទ្រង់ ។
-
សូមតែងកំណាព្យ ឬសរសេរសំបុត្រមួយច្បាប់ទៅព្រះអង្គសង្គ្រោះដែលបង្ហាញពីអារម្មណ៍របស់អ្នកចំពោះទ្រង់ ។ សូមពិចារណាប្រើពាក្យ ឬឃ្លាពីបទគម្ពីរ ឬបទគម្ពីរយោង ។
-
សូមចងក្រងបញ្ជីពាក្យដែលពិពណ៌នាអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។ សូមបញ្ចូលការពិពណ៌នាមួយចំនួនមកពីព្រះគម្ពីរ ។ សូមបង្កើតចង្កោមពាក្យ ឬសរសេរពាក្យនៅលើក្រដាសនីមួយៗ ហើយពិចារណាព្យួរវានៅក្នុងបន្ទប់របស់អ្នក ឬនៅកន្លែងផ្សេងទៀតដែលអ្នកនឹងឃើញវាជាញឹកញាប់ ។
-
សូមគូរអ្វីមួយដែលជួយអ្នកបង្ហាញពីអារម្មណ៍របស់អ្នកអំពីព្រះអង្គសង្គ្រោះ ។
ប្រសិនបើមានពេល សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានបង្កើត ដើម្បីពួកគេអាចបង្ហាញទីបន្ទាល់របស់ពួកគេអំពីព្រះអង្គសង្គ្រោះ ។ សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយការបង្កើតរបស់ពួកគេជាមួយគ្រួសាររបស់ពួកគេ ឬអ្នកដទៃទៀតផងដែរ ។ អ្នកក៏អាចចែកចាយទីបន្ទាល់របស់អ្នកអំពីការដឹងគុណរបស់អ្នកចំពោះព្រះអង្គសង្គ្រោះផងដែរ ។