« នីហ្វៃទី២ ៩:៥០–៥២ ៖ ‹ ចូរមករកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី២ ៩:៥០–៥២ » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី២ ៩:៥០–៥២
« ចូរមករកព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល »
តើអ្នកធ្លាប់រំពឹងថានឹងមានសុភមង្គលដ៏អស្ចារ្យពីអ្វីមួយ តែក្រោយមកបែរជាខកចិត្តទៅវិញដែរឬទេ ? យ៉ាកុបបានបញ្ចប់ការបង្រៀនរបស់លោកដោយឲ្យដំបូន្មានដល់សាសន៍នីហ្វៃឲ្យចៀសវាងការចំណាយពេលវេលា ឬប្រាក់លើអ្វីដែលមិនផ្តល់នូវការស្កប់ស្កល់ចិត្តយូរអង្វែង ។ លោកបានអញ្ជើញពួកគេឲ្យមករកព្រះគ្រីស្ទ ហើយទទួលទានពរជ័យនៃដំណឹងល្អ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យទទួលអារម្មណ៍ ឲ្យមានបំណងប្រាថ្នាកាន់តែខ្លាំងដើម្បីស្វែងរកពរជ័យ និងការស្កប់ស្កល់ចិត្ត ដែលមានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។
ការបង្រៀនពីគោលលទ្ធិ ។ព្រះអម្ចាស់បានបង្គាប់យើងឲ្យ « បង្រៀនគ្នាទៅវិញទៅមកនូវគោលលទ្ធិនៃនគរ » ( គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:៧៧ ) ។ គោលលទ្ធិនេះមានសេចក្ដីពិតដ៏អស់កល្បជានិច្ច ដែលនៅពេលអនុវត្តតាម នាំមកនូវភាពតម្កើងឡើង ។ ចំណុចសំខាន់ក្នុងចំណោមសេចក្តីពិតទាំងនេះ គឺជាតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងផែនការនៃសេចក្តីសង្គ្រោះ ។ ការបង្រៀនគោលលទ្ធិពិតនាំឲ្យមានសាក្សីនៃព្រះវិញ្ញាណបរិសុទ្ធ ហើយអាចបំផុសគំនិតសិស្សឲ្យធ្វើតាមព្រះអង្គសង្គ្រោះ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីជម្រើសដែលពួកគេបានធ្វើ កន្លែងដែលពួកគេបានទៅ ឬអ្វីដែលពួកគេបានរៀនដែលនាំមកនូវការស្កប់ស្កល់ចិត្តយូរអង្វែងដល់ជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការបំពេញការស្រេកឃ្លានរបស់យើង
សូមពិចារណាបង្ហាញដល់សិស្សនូវពែងពីរបីដែលពោរពេញដោយវត្ថុដែលមិនអាចបំបាត់ការស្រេកទឹករបស់មនុស្សដូចជា ទឹកស៊ីអ៊ីវ ម៉ាស្តាដ ឬទឹកស៊ីរ៉ូ ។ បន្ទាប់មក សូមបង្ហាញពែងមួយទៀតដែលមានទឹកស្អាតពេញ ។ សូមឲ្យសិស្សស្រមៃថា ពួកគេស្រេកទឹកខ្លាំង ហើយមានឱកាសផឹកតែមួយពែងប៉ុណ្ណោះក្នុងចំណោមពែងទាំងអស់ដែលអ្នកបង្ហាញដល់ពួកគេ ។ សូមឲ្យពួកគេធ្វើការជ្រើសរើស និងពន្យល់ពីផលវិបាកដែលអាចកើតមានពីជម្រើសរបស់ពួកគេ ។
អ្នកក៏អាចធ្វើការបង្ហាញដោយប្រើប្រាស់អាហារដែលមិនបំពេញការឃ្លានរបស់បុគ្គលនោះ ដូចជា អំបិល ឬជីអង្កាមតូច រួមជាមួយនឹងអាហារដែលមានសារជាតិច្រើន និងមានជីវជាតិ ដូចជាផ្លែឈើមួយចំណិត ។
អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា វិញ្ញាណរបស់យើង ដូចរូបកាយរបស់យើងដែរ ត្រូវការអាហារបំប៉ន និងការស្កប់ស្កល់ចិត្ត ។
-
តើមានរបៀបអ្វីខ្លះដែលយើងអាចផ្តល់អាហារបំប៉នយូរអង្វែង ឬការស្កប់ស្កល់ដល់វិញ្ញាណរបស់យើង ?
-
តើមានអ្វីខ្លះដែលមនុស្សងាកទៅរកដើម្បីបានការស្កប់ស្កល់ចិត្ត ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៍ថាគ្មានអ្វីទាល់តែសោះខាងវិញ្ញាណ ?
-
ហេតុអ្វីអ្នកគិតថា ពេលខ្លះមនុស្សងាកទៅរកអ្វីដែលមិននាំមកនូវការស្កប់ស្កល់យូរអង្វែង ?
សូមអញ្ជើញសិស្សឲ្យវាយតម្លៃជីវិតរបស់ពួកគេ ដោយផ្តល់ឱកាសឲ្យពួកគេគិតពីសំណួរដូចខាងក្រោម ។
-
តើមានអ្វីដែលអ្នកងាកទៅរក ដើម្បីទទួលបានសុភមង្គល និងភាពពេញលេញ ដែលមិនបានបំពេញតាមបំណងប្រាថ្នាទាំងនោះដែរឬទេ ? តើអ្វីបានជួយអ្នកឲ្យមានអារម្មណ៍សុខសាន្ត និងសុភមង្គលយូរអង្វែងក្នុងជីវិតរបស់អ្នក ?
-
នៅពេលអ្នកសិក្សាថ្ងៃនេះ សូមរកមើលសេចក្តីពិតដែលអាចជួយអ្នកទទួលបទពិសោធន៍នូវពរជ័យ និងការស្កប់ស្កល់ដែលមានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។
« ទទួលទាននូវអ្វីដែលមិនវិនាស »
សូមរំឭកឡើងវិញពីការសិក្សារបស់អ្នកនៃ នីហ្វៃទី២ ៩:២៧–៤៩ ថាយ៉ាកុបបានព្រមានប្រជាជនរបស់លោកចំពោះការប្រព្រឹត្តិអំពើបាបដែលពួកគេកំពុងធ្វើ ។ បន្ទាប់មក យ៉ាកុបបានបញ្ចប់សុន្ទរកថារបស់លោកជាមួយនឹងការអញ្ជើញដ៏សំខាន់មួយ ។
សូមអាន នីហ្វៃទី២ ៩:៥០–៥២ ដោយរកមើលការអញ្ជើញរបស់យ៉ាកុបទៅកាន់ប្រជាជនរបស់លោក ។
-
តើមានពាក្យ ឬឃ្លាអ្វីខ្លះពីខគម្ពីរទាំងនេះ ដែលអ្នកយល់ថាសំខាន់ ? ហេតុអ្វី ?
-
តើខគម្ពីរទាំងនេះជួយអ្នកយល់អំពីបំណងប្រាថ្នាដែលព្រះយេស៊ូវគ្រីស្ទមានចំពោះយើងអ្វីខ្លះ ? តើខគម្ពីរទាំងនេះបង្រៀនអ្នកពីអ្វីដែលទ្រង់ប្រទានដល់យើង ?
សូមឲ្យសិស្សស្វែងរកសេចក្តិពិតពីការបង្រៀនរបស់យ៉ាកុប ។ ពួកគេអាចរកឃើញសេចក្តីពិតស្រដៀងនឹងចំណុចខាងក្រោមនេះ ។ សូមពិចារណាសរសេរសេចក្តីពិតនេះនៅលើក្តារខៀន ។
សេចក្តីពិតមួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺ នៅពេលយើងមករកព្រះយេស៊ូវគ្រីស្ទ ព្រលឹងរបស់យើងអាចស្កប់ស្កល់ ។
ការប្រើប្រាស់បទគម្ពីរយោងដើម្បីបង្កើនការយល់ដឹងរបស់អ្នក
ការស្វែងរកវគ្គបទគម្ពីរដែលទាក់ទងនឹងអ្វីដែលអ្នកកំពុងសិក្សា អាចជាមធ្យោបាយដ៏មានប្រយោជន៍មួយក្នុងការពង្រឹងការយល់ដឹងរបស់អ្នក និងឲ្យតម្លៃចំពោះអ្វីដែលមាននៅក្នុងបទគម្ពីរ ។
សូមអនុវត្តជំនាញនេះដោយស្វែងរកឯកសារយោងដែលទាក់ទងនឹងការបង្រៀននៅក្នុង នីហ្វៃទី២ ៩:៥០–៥២ ។
សូមពិចារណាអានដំណើរការដែលបានពិពណ៌នានៅក្នុងកថាខណ្ឌពីរខាងក្រោមជាមួយថ្នាក់ទាំងមូល ដោយគូរដ្យាក្រាមនៅលើក្ដារខៀន ហើយស្វែងរកបទគម្ពីរយោងមួយ ឬពីររួមគ្នា ។ បទគម្ពីរយោងដ៏មានប្រយោជន៍មួយដែលអ្នកអាចចង្អុលបង្ហាញដល់សិស្សគឺ អាលម៉ា ៥:៣៣–៣៤ ។ បន្ទាប់មក អាចបំបែកសិស្សទៅជាដៃគូ ឬក្រុមតូចៗ ដើម្បីធ្វើការស្វែងរកបទគម្ពីរយោងរួមគ្នា ។
សូមពិចារណាបង្កើតដ្យាក្រាមស្រដៀងនឹងចំណុចខាងក្រោមនេះនៅក្នុងសៀវភៅសិក្សារបស់អ្នក ហើយសរសេរ « នីហ្វៃទី២ ៩:៥០–៥២ » នៅក្នុងរង្វង់កណ្តាល ។ នៅពេលអ្នកស្វែងរកខគម្ពីរដែលទាក់ទងដែលអ្នកចង់ចងចាំ អ្នកអាចសរសេរសេចក្តីយោងនេះនៅក្នុងរង្វង់ផ្សេងទៀត ។
ជំហានដំបូងរបស់អ្នកសម្រាប់ការស្វែងរកបទគម្ពីរយោង អាចជាការស្វែងរកសេចក្តីយោងបទគម្ពីរ និងប្រធានបទដែលបានសរសេរនៅក្នុងលេខយោង ។ បន្ទាប់មក សូមពិចារណាស្វែងរកពាក្យគន្លឹះមកពី នីហ្វៃទី២ ៩:៥០–៥២ និងស្វែងរកពាក្យទាំងនោះ ឬពាក្យដែលទាក់ទងនៅក្នុងមុខងារស្វែងរកនៅក្នុង សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ, Topical Guide ឬ បណ្ណាល័យដំណឹងល្អ ។
ទាំងនេះគឺជាពាក្យ ឬឃ្លាមួយចំនួនដែលអ្នកអាចពិចារណារកមើល ៖ មក, ទឹករស់, ស្កប់ស្កល់, ស្តាប់, ទទួលទាន, អធិស្ឋាន, ថ្លែងអំណរគុណ, ត្រេកអរ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីស្វែងរកបទគម្ពីរយោងហើយ សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយបទគម្ពីរមួយក្នុងចំណោមបទគម្ពីរដែលមានអត្ថន័យជាពិសេសចំពោះពួកគេ ។ សូមឲ្យសិស្សពន្យល់ពីរបៀបដែលបទគម្ពីរយោងនោះបានបង្កើតការយល់ដឹងរបស់ពួកគេលើការបង្រៀនរបស់ នីហ្វៃទី២ ៩:៥០–៥២ ។ សូមពិចារណាពីការបន្ថែមសេចក្ដីយោងបទគម្ពីរដែលសិស្សចែកចាយទៅក្នុងដ្យាក្រាមនៅលើក្ដារខៀន ។
ការអនុវត្តអ្វីដែលអ្នកបានរៀន
សូមគិតអំពីអ្វីដែលអ្នកបានរៀនអំពីព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះ និងរបៀបដែលការបង្រៀនទាំងនេះអាចផ្តល់ពរដល់អ្នកនៅក្នុងស្ថានភាពបច្ចុប្បន្នរបស់អ្នក ។
ដើម្បីជួយសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានរៀននៅក្នុងមេរៀនថ្ងៃនេះ សូមពិចារណាបង្ហាញសំណួរខាងក្រោម ហើយអញ្ជើញសិស្សឲ្យកត់ត្រាចម្លើយរបស់ពួកគេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
នៅថ្ងៃនេះ តើអ្នកបានរៀន ឬមានអារម្មណ៍យ៉ាងណាខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នកចង់ចងចាំ ?
-
តើការជ្រើសរើសដើរតាមព្រះយេស៊ូវគ្រីស្ទអាចផ្តល់ឲ្យព្រលឹងអ្នកនូវការស្កប់ស្កល់ដ៏យូរអង្វែងដោយរបៀបណា ?
-
តើជម្រើសជាក់លាក់មួយចំនួនណាខ្លះដែលអ្នកអាចបានជ្រើសយក ដែលនឹងនាំមកនូវការស្កប់ស្កល់ដ៏យូរអង្វែងដែលមានតាមរយៈព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នក ?
សូមអញ្ជើញអ្នកស្ម័គ្រចិត្តពីរបីនាក់ឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សានៅថ្ងៃនេះ ។ សូមលើកទឹកចិត្តសិស្សឲ្យពិនិត្យមើលជីវិតរបស់ពួកគេ ហើយគិតអំពីការផ្លាស់ប្ដូរដែលពួកគេអាចធ្វើបាន ដែលនឹងជួយពួកគេទទួលបទពិសោធន៍នៃសុភមង្គល និងការស្កប់ស្កល់ដែលបានមកពីការដើរតាមព្រះយេស៊ូវគ្រីស្ទ ។