« នីហ្វៃទី ១ ១៣–១៤ ៖ ‹ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ » » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១៣–១៤ ៖ ‹ ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១៣–១៤
« ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ »
បន្ទាប់ពីត្រូវបានបង្ហាញនៅក្នុងការនិមិត្តអំពីការក្បត់សាសនា និងការបំផ្លិចបំផ្លាញនៃប្រជាជនរបស់លោករួច នីហ្វៃបានឃើញថាសាសនាចក្រដ៏ធំ និងគួរខ្ពើមឆ្អើម នឹងបង្ខូចការបង្រៀននៃព្រះគម្ពីរប៊ីប ហើយប្រឆាំងទាស់នឹងពួកបរិសុទ្ធនៃព្រះ ។ សូមស្រមៃគិតអំពីអំណររបស់នីហ្វៃដែលឃើញផងដែរថា ដំណឹងល្អនឹងត្រូវបានស្ដារឡើងវិញ ផ្តល់ពរដល់អស់អ្នកដែលនឹងទទួលយកការបង្រៀន និងសេចក្តីសញ្ញារបស់ព្រះអង្គសង្គ្រោះ ។ គោលបំណងនៃមេរៀននេះគឺជួយអ្នកឲ្យយល់អំពីសារៈសំខាន់នៃសេចក្តីសញ្ញា និងដើម្បីបង្កើនបំណងប្រាថ្នារបស់អ្នកក្នុងការចុះ និងរក្សាសេចក្តីសញ្ញាទាំងនោះ ។
ការបង្ហាញថាការរួមចំណែករបស់សិស្សមានតម្លៃ ។ នៅពេលសិស្សលើកដៃឡើងដើម្បីបញ្ចេញមតិ សូមហៅឈ្មោះពួកគេ និងជួយពួកគេឲ្យមានអារម្មណ៍ថា មតិយោបល់របស់ពួកគេអាចជួយអ្នកដទៃឲ្យរៀន ។
ការរៀបចំសិស្ស ៖ សូមពិចារណាអញ្ជើញសិស្សឲ្យមកដោយរៀបចំខ្លួន ដើម្បីចែកចាយនូវអ្វីដែលពួកគេគិតថា ជាព្រឹត្តិការណ៍មួយចំនួនដ៏សំខាន់បំផុតក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនេះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ចំណាំ ៖ នីហ្វៃទី ១ ១៣:២០–៤២ នឹងត្រូវបានបង្រៀនលម្អិតបន្ថែមទៀតនៅក្នុងមេរៀនបន្ទាប់ ។
ព្រះហស្ថរបស់ព្រះនៅក្នុងប្រវត្តិសាស្ត្រ
សូមស្រមៃថាអ្នកត្រូវបានបង្ហាញនូវការនិមិត្តអំពីព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងរយៈពេល ៥០០ ឆ្នាំចុងក្រោយនេះ រួមទាំងព្រឹត្តិការណ៍នៅជំនាន់របស់យើងផងដែរ ។
សូមពិចារណាសរសេរ ឬឲ្យសិស្សសរសេរចម្លើយចំពោះសំណួរដូចខាងក្រោមនេះនៅលើក្ដារខៀន ។ ការមើលចម្លើយនៅលើក្ដារខៀនអាចនឹងជំរុញឲ្យមានគំនិតផ្សេងៗពីសិស្សដទៃទៀត ។
-
តើព្រឹត្តិការណ៍អ្វីខ្លះដែលអ្នកគិតថាអ្នកអាចនឹងឃើញក្នុងការនិមិត្តនេះ ? ហេតុអ្វី ?
ព្យាការីនីហ្វៃត្រូវបានបង្ហាញពីការនិមិត្តមួយដែលរួមបញ្ចូលព្រឹត្តិការណ៍សំខាន់ៗពីសម័យកាលនេះ ។ សូមកត់សម្គាល់អំពីអ្វីដែលប្រធាន រ័សុល អិម ណិលសុន បានប្រកាសអំពីការនិមិត្តរបស់នីហ្វៃ ៖
យើងនៅកៅអីជួរខាងមុខ ធ្វើជាសាក្សីរស់ អំពីអ្វីដែលព្យាការី នីហ្វៃបានមើលឃើញ តែនៅក្នុងការនិមិត្ត ។ …
បងប្អូនប្រុសស្រីរបស់ខ្ញុំអើយ អ្នក ទាំងអស់គ្នានេះហើយគឺស្ថិតក្នុងចំណោមបុរស ស្ត្រី និងកុមារទាំងនោះ ដែលនីហ្វៃបានឃើញ ។ ចូរគិតអំពីរឿងនេះ ! ( រ័សុល អិម ណិលសុន « Hear Him » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៨ )
នៅពេលអ្នកសិក្សា នីហ្វៃទី ១ ១៣–១៤ សូមរកមើលភស្តុតាងនៃព្រះចេស្ដារបស់ព្រះនៅក្នុងព្រឹត្តិការណ៍ដែលនាំទៅដល់ជំនាន់របស់យើង ព្រមទាំងការសន្យាសំខាន់ៗដែលព្រះអម្ចាស់នឹងបំពេញនៅក្នុងជីវិតរបស់អ្នក ។
សកម្មភាពខាងក្រោមអាចប្រើបានច្រើនរបៀប ។ ឧទាហរណ៍ អ្នកអាចបង្ហាញព្រឹត្តិការណ៍ និងបទគម្ពីរដែលត្រូវគ្នានឹងព្រឹត្តិការណ៍នោះ ហើយបន្ទាប់មកអញ្ជើញសិស្សឲ្យអានខគម្ពីរ ហើយសរសេរសេចក្ដីសង្ខេបខ្លីៗអំពីព្រឹត្តិការណ៍ទាំងអស់ ។ អ្នកក៏អាចបង្កើតសំណួរដែលសិស្សអាចផ្គូផ្គងព្រឹត្តិការណ៍ទាំងនោះទៅនឹងខគម្ពីរផងដែរ ។
សូមអានវគ្គបទគម្ពីរ ហើយផ្គូផ្គងអ្វីដែលបានពិពណ៌នានៅក្នុងខគម្ពីរជាមួយនឹងព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងក្រោម ។ ចំណាំ ៖ សាសន៍ដទៃ ដូចបានប្រើក្នុងខគម្ពីរទាំងនេះសំដៅទៅលើមនុស្សដែលមិនមែនមកពី ឬមិនរស់នៅក្នុងទឹកដីយូដា ។
| |
| |
| |
|
ចម្លើយ ៖ ១-ខ, ២-គ, ៣-ក, ៤-ឃ ។ អ្នកអាចសួរសិស្សនូវអ្វីដែលពួកគេដឹង ឬថាតើពួកគេមានសំណួរអំពីព្រឹត្តិការណ៍នោះឬអត់ ។
-
តើអ្នកគិតថាអ្វីដែលសំខាន់អំពីការព្យាករណ៍ទាំងនេះ ?
សិស្សអាចទទួលបានប្រយោជន៍ពីការសិក្សា នីហ្វៃទី ១ ១៣:១២–១៣, ១៦–១៩ ដើម្បីស្វែងយល់ពីរបៀបដែលព្រះវិញ្ញាណ និងព្រះចេស្ដានៃព្រះបានសណ្ឋិតលើអស់អ្នកដែលធ្វើដំណើរទៅកាន់ដែនដីសន្យា ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះនៅក្នុងខគម្ពីរទាំងនេះ ?
នេះអាចជាឱកាសដ៏ល្អមួយដើម្បីចែកចាយទីបន្ទាល់របស់អ្នកអំពីព្រះហស្តរបស់ព្រះនៅក្នុងការលាតត្រដាងអំពីការស្ដារឡើងវិញ ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយពីអារម្មណ៍របស់ពួកគេផងដែរ ។
-
តើការយល់ដឹងអំពីទ្រង់នេះអាចផ្តល់ពរដល់ជីវិតរបស់អ្នកឥឡូវនេះដោយរបៀបណា ?
ការទទួលបានព្រះចេស្តារបស់ព្រះនៅក្នុងជីវិតរបស់យើង
នីហ្វៃត្រូវបានបង្ហាញអំពីថ្ងៃចុងក្រោយ ហើយបានឃើញការស្ដារឡើងវិញនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ និងការប្រឆាំងដែលសាសនាចក្រនេះនឹងប្រឈមមុខ ។ លោកក៏បានឃើញពរជ័យដែលបានសន្យាចំពោះអ្នកកាន់តាមសេចក្ដីសញ្ញារបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមអាន នីហ្វៃទី ១ ១៤:១២–១៤ ដោយរកមើលអ្វីដែលនីហ្វៃបានរៀនអំពីសមាជិកនៃសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃចុងក្រោយ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះពីការពិពណ៌នារបស់នីហ្វៃអំពីសាសនាចក្ររបស់ព្រះយេស៊ូវគ្រីស្ទ និងសមាជិករបស់សាសនាចក្រក្នុងជំនាន់របស់យើង ? ហេតុអ្វី ?
សូមពិចារណាពិភាក្សាអំពីគំនិត និងអារម្មណ៍របស់សិស្ស អំពីការនៅក្នុងចំណោមសមាជិកពីរបីនាក់នៃសាសនាចក្រទូទាំងពិភពលោក ។ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយរបៀបដែលពួកគេបានឃើញមនុស្សប្រឆាំងទាស់នឹងព្រះអង្គសង្គ្រោះ និងរបៀបដែលពួកគេអាចឆ្លើយតបដោយស្មោះត្រង់ និងដោយសេចក្ដីស្រឡាញ់ចំពោះការប្រឈមបែបនេះ ។
ដើម្បីសម្រួលដល់ការពិភាក្សា សូមពិចារណាអញ្ជើញសិស្សឲ្យឆ្លើយតបទៅនឹងមតិយោបល់ដែលលើកឡើងដោយមិត្តភក្ដិរបស់ពួកគេ ។ សូមស្វែងរកការណែនាំពីព្រះវិញ្ញាណ ដើម្បីដឹងពីសំណួរតាមដានដែលត្រូវសួរ ។
-
តើអ្នកអាចរកឃើញគោលការណ៍អ្វីខ្លះមកពី ខទី ១៤ ?
គោលការណ៍មួយដែលយើងអាចរៀនពីខគម្ពីរទាំងនេះគឺ ប្រសិនបើយើងគោរពសេចក្ដីសញ្ញារបស់យើង នោះយើងនឹងប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះ ។
-
តើអ្នកបានចុះសេចក្ដីសញ្ញាអ្វី ឬតើអ្នកនឹងចុះសេចក្តីសញ្ញាអ្វីខ្លះជាមួយព្រះ ?
-
តើមានរបៀបអ្វីខ្លះដែលជួយអ្នកបន្តផ្ដោតលើការរក្សាសេចក្ដីសញ្ញាដែលអ្នកបានចុះ ?
អែលឌើរ ដាវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនអំពីអត្ថន័យនៃការប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ៖
ឃ្លា « ប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ » [ នីហ្វៃទី ១ ១៤:១៤ ] មិនមែនគ្រាន់តែជាគំនិតដ៏ល្អ ឬជាឧទាហរណ៍នៃភាសាព្រះគម្ពីរដ៏ប្រពៃនោះទេ ។ ផ្ទុយទៅវិញ ពរជ័យទាំងនេះបង្ហាញឲ្យឃើញយ៉ាងងាយស្រួលក្នុងជីវិតរបស់ពួកសិស្សថ្ងៃចុងក្រោយរាប់មិនអស់ ។ …
… ខ្ញុំសូមថ្លែងទីបន្ទាល់ថា រាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះអម្ចាស់សព្វថ្ងៃនេះ ពិតជាត្រូវបានប្រដាប់អាវុធដោយសេចក្ដីសុចរិត និងដោយព្រះចេស្ដានៃព្រះដោយសិរីល្អដ៏អស្ចារ្យ ។ ខ្ញុំបានឃើញសេចក្តីជំនឿ ភាពក្លាហាន ទស្សនវិស័យ ភាពខ្ជាប់ខ្ជួន និងសេចក្តីអំណរដែលលាតសន្ធឹងហួសពីសមត្ថភាពនៃជីវិតរមែងស្លាប់—ហើយមានតែព្រះទេដែលអាចប្រទានឲ្យបាន ។ ( ដាវីឌ អេ បែដណា « With the Power of God in Great Glory » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ២៩–៣០ )
-
តើគំរូអ្វីខ្លះដែលអាចមានអំពីមនុស្សដែលមានអាយុស្របាលអ្នក ដែលត្រូវបាន « ប្រដាប់អាវុធដោយសេចក្ដីសុចរិត ? »
-
តើពេលណាដែលអ្នកបានដកពិសោធនូវពរជ័យមួយចំនួននេះ « ដែលមានតែព្រះប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ? »
ដើម្បីមើលគំរូរបស់យុវនារីម្នាក់ដែលចុះ និងរក្សាសេចក្ដីសញ្ញា សូមមើលវីដេអូ « Standing in Holy Places » ( ៥:៣៦ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
យុវនារីម្នាក់គិតពិចារណាពីពរជ័យនៃការដើរតាមផ្លូវនៃសេចក្ដីសញ្ញា នៅពេលនាងធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ ។
-
តើមានសកម្មភាពប្រចាំថ្ងៃរបស់អ្នកអ្វីខ្លះ ដែលប្រាប់អ្នកអំពីសារៈសំខាន់នៃសេចក្ដីសញ្ញាដែលអ្នកបានធ្វើឡើងនោះ ?
-
ហេតុអ្វីបានជាអ្នកត្រូវការអំណាចដែលបានមកពីសេចក្ដីសញ្ញាជាមួយនឹងព្រះវរបិតាសួគ៌ ?
-
តើអ្នកអាចអញ្ជើញពរជ័យនៃការចុះ និងការគោរពសេចក្តីសញ្ញាជាមួយព្រះវរបិតាសួគ៌យ៉ាងពេញលេញក្នុងជីវិតរបស់អ្នកដោយរបៀបណា ?