« នីហ្វៃទី ១ ១០ ; ១១:១–៦ ៖ ‹ នោះខ្ញុំអាចឃើញ និងឮ និងដឹង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន ( ឆ្នាំ ២០២៤ )
« នីហ្វៃទី ១ ១០ ; ១១:១–៦ ៖ ‹ នោះខ្ញុំអាចឃើញ និងឮ និងដឹង › » ព្រះគម្ពីរមរមន សៀវភៅសិក្សាសម្រាប់គ្រូបង្រៀន
នីហ្វៃទី ១ ១០; ១១:១–៦
« នោះខ្ញុំអាចឃើញ និងឮ និងដឹង »
តើពេលណាដែលអ្នកត្រូវបានជំរុញចិត្តដើម្បីរកមើលថា តើអ្វីដែលអ្នកបានឮនោះជាការពិត ? តើអ្នកបានប្រឹងប្រែងធ្វើអ្វីខ្លះ ហើយអ្នកពឹងលើនរណាសម្រាប់ជំនួយ ? បន្ទាប់ពីបានស្តាប់ឮឪពុកលោកគឺលីហៃ បង្រៀនអំពីដើមជីវិត និងការព្យាករណ៍នៃការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ នោះនីហ្វៃមានបំណងចង់រៀនពីសេចក្ដីពិតនៃពាក្យរបស់ឪពុកលោកសម្រាប់ខ្លួនលោកផ្ទាល់ ។ មេរៀននេះអាចជួយអ្នកក្នុងការខិតខំរបស់អ្នកដើម្បីស្វែងរកចំណេះដឹងពីព្រះអម្ចាស់ដោយឧស្សាហ៍ព្យាយាម ។
ការសួរសំណួរដែលនាំឲ្យមានការស្វែងយល់ ។ការសួរសំណួរដែលទាក់ទង និងបើកចំហ បន្ទាប់មកអនុញ្ញាតឲ្យសិស្សស្រាវជ្រាវបទគម្ពីររកចម្លើយ អាចផ្តល់ឱកាសដ៏មានអត្ថន័យ និងអានុភាពសម្រាប់សិស្ស ដើម្បីស្វែងរកគោលលទ្ធិ និងគោលការណ៍សម្រាប់ខ្លួនពួកគេ ។ ប្រភេទនៃសំណួរទាំងនេះបង្ហាញសិស្សថា ចម្លើយអាចរកបាននៅក្នុងព្រះគម្ពីរ ហើយថាពួកគេមានសមត្ថភាពស្វែងរកចម្លើយទាំងនោះ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរឪពុកម្ដាយ ឬអ្នកដឹកនាំយុវវ័យពីអ្វីដែលពួកគេធ្វើ ដើម្បីស្វែងរកសេចក្ដីពិតពីព្រះដោយឧស្សាហ៍ព្យាយាម ឬរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងសេចក្ដីពិតដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យមកដោយរៀបចំដើម្បីចែកចាយគំនិតមួយជាមួយសិស្សក្នុងថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នៅពេលព្យាការីនិយាយ
ជំនួសឲ្យការប្រើស្ថានភាពខាងក្រោម អ្នកអាចចាប់ផ្តើមមេរៀនដោយការចែកចាយសេចក្តីថ្លែងការណ៍មួយចំនួនដែលថ្លែងឡើងដោយព្យាការី និងពួកសាវកបច្ចុប្បន្ន ដែលប្រកាសពីគោលលទ្ធិ ឬអញ្ជើញបុគ្គលម្នាក់ៗឲ្យធ្វើសកម្មភាពដោយសេចក្តីជំនឿ ។ សូមបង្ហាញ ឬអានសេចក្តីថ្លែងការណ៍នោះឲ្យឮៗ ហើយអញ្ជើញសិស្សឲ្យកំណត់រៀងៗខ្លួនថា តើសេចក្តីថ្លែងការណ៍ណាមួយក្នុងចំណោមសេចក្តីថ្លែងការណ៍ទាំងបីដែលឆ្លុះបញ្ចាំងពីអារម្មណ៍របស់ពួកគេ ៖ (១) ខ្ញុំជឿវា ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសកម្មភាពលើវា (២) ខ្ញុំជឿវា ប៉ុន្តែគ្មានបំណងធ្វើសកម្មភាពលើវាទេ និង (៣) ខ្ញុំមិនប្រាកដថាខ្ញុំជឿលើវានោះទេ ។ សូមប្រាកដថាសិស្សយល់ថា គ្មានចម្លើយត្រូវ ឬខុសនោះទេ ហើយពួកគេមិនចាំបាច់ចែកចាយពីរបៀបដែលពួកគេវាយតម្លៃខ្លួនឯងឡើយ ។
សូមស្រមៃគិតថា ក្នុងអំឡុងពេលការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវវ័យ ព្យាការីបានផ្តល់ការអញ្ជើញមួយចំនួនដល់យុវវ័យឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។
-
តើមានប្រតិកម្មផ្សេងៗអ្វីខ្លះដែលយុវវ័យអាចមាន ?
-
ហេតុអ្វីអ្នកគិតថា ការឆ្លើយតបផ្សេងៗទាំងនេះនឹងកើតឡើង ?
-
តើប្រតិកម្មទាំងនេះអាចជះឥទ្ធិពលលើជីវិតរបស់ពួកគេក្នុងពេលនេះ ឬនៅពេលអនាគតយ៉ាងដូចម្តេច ?
សូមគិតអំពីរបៀបដែលអ្នកមានប្រតិកម្មចំពោះការបង្រៀនរបស់ព្យាការី និងមូលហេតុនៃប្រតិកម្មនោះ ។ តើប្រតិកម្មរបស់អ្នកជះឥទ្ធិពលយ៉ាងណាចំពោះអ្នក ? នៅពេលអ្នកសិក្សាមេរៀននេះ សូមព្យាយាមរៀនពីប្រតិកម្មផ្សេងៗចំពោះការបង្រៀនរបស់ព្យាការីនៅក្នុងព្រះគម្ពីរ ហើយសញ្ជឹងគិតពីរបៀបដែលវាអាចអនុវត្តចំពោះអ្នក ។
បំណងប្រាថ្នាចង់ដឹង
បន្ទាប់ពីព្យាការីលីហៃបានរៀបរាប់អំពីការនិមិត្តរបស់លោកអំពីដើមជីវិតដល់គ្រួសាររបស់លោក ( សូមមើល នីហ្វៃទី ១ ៨ ) លោកបានថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទនឹងសម្រេចបានដង្វាយធួនរបស់ទ្រង់ ( សូមមើល នីហ្វៃទី ១ ១០:១–១៦ ) ។ កូនប្រុសរបស់លីហៃមានប្រតិកម្មខុសៗគ្នាចំពោះការបង្រៀនដ៏បំផុសគំនិតរបស់លោក ។
ដើម្បីជួយសម្រួលដល់ការបង្កើនការចូលរួម និងការពិភាក្សារបស់សិស្ស សូមពិចារណាចែកសិស្សជាក្រុមតូចៗ ដើម្បីសិក្សាខគម្ពីរទាំងនេះជាមួយគ្នា ។ ជាមួយសិស្សជាក្រុមៗ សូមដឹងពីរបៀបដែលពួកគេកំពុងធ្វើការជាមួយគ្នា ហើយប្រើឥទ្ធិពលរបស់អ្នកដើម្បីជួយពួកគេឲ្យទទួលបានជោគជ័យ ។
សូមអាន នីហ្វៃទី ១ ១០:១៧–១៩ និង ១៥:១–៣, ៨–៩ ដោយប្រៀបធៀបពីរបៀបដែលនីហ្វៃ លេមិន និងលេមយួល បានឆ្លើយតបទៅនឹងពាក្យសម្តីរបស់ឪពុកពួកលោក ។ អ្នកប្រហែលជាចង់គូសចំណាំពាក្យ និងឃ្លាដែលអ្នកចាប់អារម្មណ៍ ។
សូមពិចារណាបង្ហាញសំណួរខាងក្រោមដល់សមាជិកក្នុងថ្នាក់ដើម្បីពិភាក្សាគ្នា ។ អ្នកប្រហែលជាចង់ឆ្លាស់ពីក្រុមមួយទៅក្រុមមួយទៀត ហើយស្តាប់ពីរបៀបដែលសិស្សឆ្លើយតប ។
-
តើអ្នកបានឃើញភាពខុសគ្នាអ្វីខ្លះអំពីរបៀបដែលនីហ្វៃ និងបងប្អូនរបស់លោកបានឆ្លើយតបនឹងសារដដែលនោះ ?
-
តើនីហ្វៃបានជឿអ្វីខ្លះអំពីព្រះ ? តើលេមិន និង លេមយួលបានជឿអ្វីខ្លះ ? ( សូមមើល នីហ្វៃទី ១ ១០:១៧–១៨; ១៥:៩ ) ។
-
តើអ្នកគិតថាជំនឿ និងប្រតិកម្មខុសៗគ្នារបស់ពួកគេនឹងជះឥទ្ធិពលលើពួកគេដូចម្តេចខ្លះ ?
សេចក្តីពិតមួយដែលនីហ្វៃបានយល់គឺថា ព្រះបើកសម្ដែងសេចក្ដីពិតដល់យើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ពេលយើងស្វែងរកទ្រង់ដោយឧស្សាហ៍ ។
សូមពិចារណាសរសេរសេចក្តីថ្លែងការណ៍ដែលដិតនៅលើក្ដារខៀន ។
-
តើនីហ្វៃបានដកពិសោធរឿងអ្វីខ្លះហើយ ដែលបានជួយលោកឲ្យមានចំណេះដឹងអំពីព្រះ ?
ប្រសិនបើសិស្សពិបាកឆ្លើយ អ្នកអាចអញ្ជើញពួកគេឲ្យរំឭក នីហ្វៃទី ១ ២:១៦ និង នីហ្វៃទី ១ ៤:៦–១៣ ឬសង្ខេបព្រឹត្តិការណ៍ទាំងនេះ ។
ការគិតអំពីបទពិសោធន៍របស់នីហ្វៃ អាចនឹងធ្វើឲ្យនឹកឃើញពីបទពិសោធន៍អតីតកាលដែលអ្នកមាន នៅពេលព្រះវរបិតាសួគ៌បានបើកសម្ដែងសេចក្ដីពិតដល់អ្នក ។ អ្នកអាចចង់កត់ចំណាំពីរបៀបដែលទ្រង់បានប្រទានពរអ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
ការណ៍នេះអាចជាឱកាសមួយក្នុងចំណោមឱកាសជាច្រើនក្នុងអំឡុងពេលរៀន ដែលសិស្សអាចចង់ចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ។
ការស្វែងរកសេចក្តីពិតពីព្រះ
នីហ្វៃបានដឹងថា ព្រះវរបិតាសួគ៌ប្រទានពរយើងដោយព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងស្វែងរកសេចក្តីពិតពីទ្រង់ ។ ដើម្បីមើលឲ្យកាន់តែច្បាស់អំពីសេចក្តីពិតនេះ សូមគូសជួរឈរពីរនៅលើក្រដាសមួយទំព័រក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។ ដាក់ស្លាកឈ្មោះលើជួរឈរមួយថា « វិធីស្វែងរកសេចក្ដីពិតពីព្រះដោយឧស្សាហ៍ » និងមួយទៀតថា « វិធីដែលព្រះបើកសម្ដែងសេចក្ដីពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ » ។ សូមបន្ថែមគំនិតមួយចំនួនដែលអ្នកអាចគិតឃើញ នៅក្នុងជួរឈរនីមួយៗ ។ អ្នកប្រហែលជាចង់បញ្ចូលការយល់ដឹងដែលអ្នកបានរៀនពី នីហ្វៃទី ១ ១០:១៧–១៩ ។
ជម្រើសផ្សេងមួយទៀតអាចជាក្រុមតូចៗប្រើក្រដាសមួយសន្លឹក ដោយហុចក្រដាសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាច្រើនដង ។ សិស្សម្នាក់ៗនឹងបន្ថែមគំនិតមួយនៅក្នុងជួរឈរណាមួយក៏បាននៅពេលពួកគេទទួលបានក្រដាសនោះ ។ សកម្មភាពនេះក៏អាចធ្វើឡើងដោយថ្នាក់ទាំងមូលនៅលើក្តារខៀនផងដែរ ។ ប្រសិនបើមានពេល សូមពិចារណាលើកទឹកចិត្តសិស្សឲ្យបញ្ចូលសេចក្ដីយោងបទគម្ពីរដែលគាំទ្រដល់យោបល់របស់ពួកគេ ។
សូមអាន នីហ្វៃទី ១ ១១:១–៦ ដោយរកមើលអ្វីដែលនីហ្វៃបានធ្វើដើម្បីស្វែងរកសេចក្តីពិត និងរបៀបដែលព្រះវិញ្ញាណបានជួយលោក ។ សូមគូសចំណាំពាក្យ ឬឃ្លាជាក់លាក់ដែលអ្នកចាប់អារម្មណ៍ ។ អ្នកប្រហែលជាចង់បន្ថែមលើជួរឈរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេយល់ឃើញថាមានអត្ថន័យ ។ បន្ទាប់ពីសិស្សចែកចាយហើយ អ្នកអាចសួរសំណួរតាមដានដូចជា « ហេតុអ្វីអ្នកគិតថាព្រះវិញ្ញាណសប្បាយព្រះទ័យ ? » ( សូមមើល ខទី ៦ ) ឬ « តើអ្នកគិតថាការសញ្ជឹងគិតអាចនាំទៅរកវិវរណៈដោយរបៀបណា ? »
ដើម្បីមើលពីរបៀបដែលសាវកសម័យទំនើបបានស្វែងរកចម្លើយពីព្រះអម្ចាស់កាលនៅក្មេង សូមមើលវីដេអូ « How I #Hear Him: Elder Ronald A. Rasband » ( ២:៥៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមគិតអំពីរបៀបដែល អែលឌើរ រ៉ាសបាន បានធ្វើតាមគំរូស្រដៀងគ្នានៃការស្វែងរកសេចក្ដីពិត ហើយត្រូវបានព្រះអម្ចាស់ប្រទានពរ ។ សូមបន្ថែមគំនិតថ្មីណាមួយទៅក្នុងជួរឈរក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមរកមើលអ្វីដែលអ្នកបានកត់ត្រាអំពីរបៀបដែលព្រះបើកសម្តែងសេចក្តីពិតតាមរយៈព្រះវិញ្ញាណបរិសុទ្ធ នៅពេលយើងស្វែងរកទ្រង់ដោយឧស្សាហ៍ព្យាយាម ។ សូមគិតអំពីរបៀបដែលអ្នកអាចបានឃើញចំណុចមួយចំនួនទាំងនេះពិតនៅក្នុងជីវិតផ្ទាល់របស់អ្នក ។ តើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះវរបិតាសួគ៌ត្រូវបានពង្រឹងតាមរបៀបណាខ្លះ នៅពេលអ្នកបានស្វែងរកទ្រង់ដោយស្មោះអស់ពីចិត្ត ?
ប្រសិនបើបទពិសោធន៍ទាំងនេះមិនមែនជារឿងផ្ទាល់ខ្លួនពេក សូមអញ្ជើញសិស្សមួយចំនួយឲ្យចែកចាយ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។ សូមព្យាយាមគូសបញ្ជាក់អំពីរបៀបដែលគោលការណ៍នៃមេរៀននេះពិត និងទាក់ទងនៅក្នុងជីវិតរបស់យើងសព្វថ្ងៃនេះ ។
វិវរណៈផ្ទាល់ខ្លួនគឺសំខាន់
ដោយសារនីហ្វៃមានបំណងចង់រៀនដោយខ្លួនលោក ហើយងាកទៅរកព្រះអម្ចាស់ដើម្បីទទួលបានចម្លើយ នោះលោកបានឃើញអ្វីដែលលីហៃជាឪពុកលោកបានឃើញ ហើយត្រូវបានបង្ហាញនូវព្រឹត្តិការណ៍ជាច្រើននាពេលអនាគតដែលនឹងកើតឡើងនៅលើផែនដី ។ ( ដើម្បីស្វែងយល់បន្ថែមអំពីការនិមិត្តរបស់នីហ្វៃ សូមមើល នីហ្វៃទី ១ ១១–១៤ ) ។ ការនិមិត្តរបស់នីហ្វៃអំពីផ្លូវតូច ហើយចង្អៀត គឺជាការផ្លាស់ប្តូរជីវិតសម្រាប់លោក ។ ក្រោយមក លោកបានកត់ត្រាការលើកទឹកចិត្តរបស់លោកសម្រាប់មនុស្សទាំងអស់គ្នាឲ្យដើរតាមមាគ៌ាដូចគ្នានោះ ( សូមមើល នីហ្វៃទី ២ ៣១:១៨–២១ ) ។
សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរដូចខាងក្រោមក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីមូលហេតុដែលការឆ្លើយតបរបស់អ្នកចំពោះការបង្រៀនដ៏បំផុសគំនិត មានសារៈសំខាន់ ?
-
តើអ្នកអាចអនុវត្តអ្វីដែលអ្នកបានរៀនអំពីការស្វែងរកសេចក្តីពិតដោយឧស្សាហ៍ព្យាយាមដោយរបៀបណា ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលបំផុសគំនិតអ្នកឲ្យខិតកាន់តែជិតទ្រង់ទាំងទ្វេ ?