លីអាហូណា
ការទទួលបានព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ
លីអាហូណា ខែមេសា ឆ្នាំ២០២៦


សារលិខិត​ថ្នាក់ដឹកនាំ​បព្វជិតភាព​ប្រចាំ​តំបន់​អាស៊ី

ការទទួលបានព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ

វាជារឿងដ៏បំផុសគំនិត ពេលមើលឃើញមនុស្សជាច្រើននាក់នៅក្នុងព្រះគម្ពីរ អាចទទួលបានព្រះចេស្ដាព្យាបាលរបស់ព្រះយេស៊ូវគ្រីស្ទ ។ អព្ភូតហេតុជាច្រើនបានកើតឡើង ម្តងហើយម្តងទៀត នៅពេលដែលបុគ្គលម្នាក់ៗបានមកជិតព្រះអង្គសង្គ្រោះ ហើយអនុវត្តសេចក្តីជំនឿលើទ្រង់ ។ នៅក្នុងគម្ពីរម៉ាកុស ៥:២៥–៣៤ ស្ត្រីម្នាក់ដែលឈឺធ្លាក់ឈាមអស់រយៈពេលជាច្រើនឆ្នាំ បានពាល់ជាយព្រះពស្ដរបស់ព្រះយេស៊ូវ ហើយបានជាសះស្បើយ ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់នាងថា « កូនស្រីអើយ សេចក្ដីជំនឿនាង បានជួយសង្គ្រោះនាងហើយ » ។ ដូចគ្នានេះដែរ នៅក្នុងគម្ពីរម៉ាកុស ១០:៤៦–៥២ នៅពេលមនុស្សខ្វាក់ម្នាក់បានដឹងថា ព្រះយេស៊ូវយាងមកក្បែរនោះ គាត់ក៏បានស្រែកឡើងថា « ឱព្រះ‌យេស៊ូវ ជាព្រះ‌វង្សហ្លួងដាវីឌអើយ សូមអាណិតមេត្តាដល់ទូលបង្គំផង » ។ បន្ទាប់ពីទ្រង់បានប្រោសគាត់ឲ្យមើលឃើញរួចហើយ ព្រះអង្គសង្គ្រោះបានប្រកាសថា « ទៅចុះ សេចក្ដីជំនឿអ្នកបានសង្គ្រោះអ្នកហើយ » ។ ដំណើររឿងទាំងនេះបង្រៀនយ៉ាងច្បាស់ថា សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទគឺជាការចាំបាច់ដើម្បីទទួលបានព្រះចេស្ដាព្យាបាលរបស់ទ្រង់ ។

ព្រះយេស៊ូវលែងយាងដោយផ្ទាល់ក្នុងចំណោមពួកយើងនៅលើផែនដីនេះទៀតហើយ ។ តើយើងអាចមកជិតទ្រង់នៅសព្វថ្ងៃនេះ និងទទួលបានព្រះចេស្តានៃដង្វាយធួនរបស់ទ្រង់ដោយរបៀបណា ? ព្រះគម្ពីរមរមនបង្រៀននៅក្នុងគម្ពីរអាលម៉ា ៧:២១ ថា « ហើយភាពស្មោកគ្រោក ឬអ្វីដែលមិនស្អាត ក៏មិនអាចទទួលឲ្យចូលទៅក្នុងនគរនៃព្រះបានដែរ » ។ ការណ៍នេះរំឭកយើងថា យើងត្រូវតែធ្វើការសម្រេចចិត្តដោយមានមនសិការ ដើម្បីងាកចេញពីអំពើបាប ហើយប្រែចិត្ត ។ ការប្រែចិត្តតម្រូវឲ្យមានការផ្លាស់ប្តូរដួងចិត្ត--មានបំណងប្រាថ្នាដ៏ស្មោះសរដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈពិធីបុណ្យជ្រមុជដោយទឹក និងពិធីបញ្ជាក់នៃព្រះវិញ្ញាណបរិសុទ្ធ នោះរាងកាយ និងព្រលឹងរបស់យើងអាចបានស្អាតបាត និងញែកជាបរិសុទ្ធ ។ តាមរយៈការចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋទាំងនេះ យើងបង្កើតទំនាក់ទំនងដោយផ្ទាល់ និងមានលក្ខណៈផ្ទាល់ខ្លួនជាមួយព្រះអង្គសង្គ្រោះរបស់យើង ។

នៅពេលយើងកាន់តាមព្រះបញ្ញត្តិ ដែលយើងបានសន្យាថានឹងគោរពតាម នោះទំនាក់ទំនងសេចក្ដីសញ្ញានេះនឹងការពារយើង ហើយពង្រឹងយើង ។ ប៉ុន្ដែជីវិតនេះគឺពោរពេញដោយការសាកល្បង និងការល្បួង ហើយពេលខ្លះយើងបរាជ័យ ។ នៅពេលយើងធ្វើខុស ដង្វាយធួនដ៏និរន្ដរ៍របស់ព្រះអង្គសង្គ្រោះ ផ្តល់នូវផ្លូវបកក្រោយវិញ ។ នៅក្នុងគម្ពីរយ៉ូហាន ៦ ព្រះយេស៊ូវបានប្រទានអាហារដល់មនុស្សប្រាំពាន់នាក់ ដោយមាននំបុ័ងតែប្រាំដុំ និងត្រីតូចពីរប៉ុណ្ណោះ ហើយថែមទាំងមានអាហារនៅសល់ទៀត បន្ទាប់ពីមនុស្សគ្រប់គ្នាបានឆ្អែតហើយ ។ អព្ភូតហេតុនេះបង្ហាញថា ព្រះចេស្តានៃដង្វាយធួនរបស់ទ្រង់មិនត្រូវបានកំណត់ដោយឧបសគ្គខាងសាច់ឈាមនោះទេ—ព្រះចេស្តាទ្រង់មានជានិរន្ដរ៍ ។ ក្រោយមក ព្រះយេស៊ូវបានបង្រៀនថា « អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះមានជីវិតដ៏នៅអស់‌កល្បជានិច្ច ហើយខ្ញុំនឹងឲ្យអ្នកនោះរស់ឡើងវិញនៅថ្ងៃចុងបំផុត ។ ពីព្រោះសាច់ខ្ញុំជាអាហារពិត ហើយឈាមខ្ញុំក៏ជាគ្រឿងផឹកពិតប្រាកដ ។ អ្នកណាដែលបរិភោគសាច់ នឹងឈាមរបស់ខ្ញុំ នោះនៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នកនោះដែរ » ( យ៉ូហាន ៦:៥៤–៥៦ ) ។ ព្រះបន្ទូលរបស់ទ្រង់បញ្ជាក់យ៉ាងច្បាស់ថា តាមរយៈពលិកម្មរបស់ទ្រង់ នោះមនុស្សទាំងអស់អាចទទួលបានការអត់ទោស ការព្យាបាល ការកើតខាងវិញ្ញាណជាថ្មី និងការយកឈ្នះលើសេចក្ដីស្លាប់ ! នៅពេលយើងទទួលទានសាក្រាម៉ងរៀងរាល់សប្ដាហ៍ នោះយើងត្រូវបានញែកជាបរិសុទ្ធជាថ្មីម្ដងទៀត ហើយខិតទៅកាន់តែជិតព្រះយេស៊ូវគ្រីស្ទ ។ តាមរយៈការបន្ដនៅលើផ្លូវនៃសេចក្ដីសញ្ញា នោះយើងអាចបន្តទទួលបានព្រះចេស្តានៃដង្វាយធួនរបស់ទ្រង់ ។

ហើយព្រោះយើងទទួលបានព្រះចេស្តាដ៏បរិសុទ្ធបែបនោះ ដូច្នោះយើងក៏មានទំនួលខុសត្រូវក្នុងការប្រើប្រាស់វាដើម្បីផ្ដល់ពរជ័យដល់អ្នកដទៃផងដែរ ។ ព្រះយេស៊ូវបានបង្រៀននៅក្នុងគម្ពីរម៉ាថាយ ១៦:១៩ ថាទ្រង់នឹងប្រទានកូនសោនៃនគរស្ថានសួគ៌ ជាមួយនឹងអំណាចដើម្បីចង/ស្រាយនៅលើផែនដី ក៏ដូចជានៅលើស្ថានសួគ៌ផងដែរ ។ តាមរយៈពរជ័យនៃបព្វជិតភាព ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងកិច្ចការដ៏ពិសិដ្ឋសម្រាប់ពួកអ្នករស់ និងពួកអ្នកស្លាប់ នោះយើងជួយនាំព្រលឹងទាំងឡាយមកកាន់តែជិតព្រះ ។ ពិធីបរិសុទ្ធទាំងនេះអនុញ្ញាតឲ្យយើងដកពិសោធន៍ព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទតាមរបៀបដ៏ជ្រាលជ្រៅ និងកាន់តែមានអត្ថន័យជាងមុន ។ យើងគួរតែថ្លែងទីបន្ទាល់របស់យើងទៅកាន់អ្នកដទៃអំពីអំណាចដ៏ពិសិដ្ឋនេះ ។ ប្រសិនបើយើងមករកព្រះអង្គសង្គ្រោះ មិនថាយើងបានធ្វើអ្វីនោះទេ មិនថាយើងកំពុងរែកបន្ទុកដ៏ធ្ងន់ខ្លាំងប៉ុនណាទេ ហើយមិនថាយើងបានបរាជ័យប៉ុន្មានដងហើយទេ ព្រះចេស្ដាដ៏ធួនរបស់ព្រះយេស៊ូវគ្រីស្ទអាចជួយសង្គ្រោះយើងទាំងអស់គ្នាបាន ។

ការទទួលបានព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាពរជ័យដ៏អស្ចារ្យមួយមកពីស្ថានសួគ៌ ដែលនាំទៅរកភាពអស់កល្បជានិច្ច ។ យើងទទួលបានព្រះចេស្តានេះតាមរយៈសេចក្តីជំនឿ ការប្រែចិត្ត សេចក្ដីសញ្ញាដ៏ពិសិដ្ឋ និងការបន្តរំឭកជាថ្មីតាមរយៈពិធីបរិសុទ្ធ ។ នៅពេលយើងធ្វើតាមព្រះគ្រីស្ទ និងជួយអ្នកដទៃឲ្យធ្វើដូចគ្នានេះ នោះព្រះចេស្តាដ៏និរន្ដរ៍របស់ទ្រង់នឹងព្យាបាលយើង ពង្រឹងយើង ហើយនាំយើងត្រឡប់ទៅរកព្រះវរបិតាសួគ៌របស់យើងវិញ ។ យើងនឹងទទួលបាននូវសុភមង្គលដ៏ធំចុងក្រោយ រួមជាមួយសមាជិកគ្រួសារជាទីស្រឡាញ់របស់យើងជារៀងរហូតតទៅ ។ ■