លីអាហូណា
ជ័យជម្នះ​របស់​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង
លីអាហូណា ខែមេសា ឆ្នាំ២០២៦


« ជ័យជម្នះ​របស់​ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង » លីអាហូណា ខែមេសា ឆ្នាំ២០២៦ ។

សារលិខិត​ទស្សនាវដ្ដី លីអាហូណា ប្រចាំ​ខែមេសា ឆ្នាំ២០២៦

ជ័យជម្នះ​របស់ ព្រះអង្គសង្គ្រោះ​ជា​ទីស្រឡាញ់​របស់​យើង

ពុំ​មាន​ពាក្យ​ណាមួយ ដែល​អាច​នឹង​ពិពណ៌នា​នូវ​ភាពមហិមា​នៃ​អំណោយ​ដ៏​មាន​តម្លៃ​របស់​ព្រះយេស៊ូវគ្រីស្ទ​ឡើយ ។ ពុំ​មាន​ពាក្យ​ណា​ដែល​នឹង​ស័ក្ដិសម​ឡើយ ។ ទ្រង់​បាន​រងទុក្ខ « ១ដង​ជា​សម្រេច »

ផ្នូរ​ទទេ

ដោយ​ពេលវេលា​ចេះ​តែ​កន្លង​ផុត​ទៅ ខ្ញុំ​កាន់តែ​មាន​ភាពរាបសា នៅពេល​ខ្ញុំ​បានគិត បានសិក្សា និង​បានរកឃើញ​ការលួងលោម​ដ៏​ច្រើនលើសលប់​នៅក្នុង​អំណោយ​ដ៏​មិន​អាចកាត់ថ្លៃ​បាន​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ គំនិត​របស់​មនុស្ស​ស្ទើរតែ​មិនអាច​យល់​បាន​ពី​របៀប​ដែល​វាសនា​របស់​មនុស្ស​ជាតិ​បាន​ផ្លាស់ប្ដូរ​ឡើយ ដោយសារតែ​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​សួនច្បារ​គែតសេម៉ានី នៅលើ​ឈើឆ្កាង និង​នៅឯ​ផ្នូរ​នោះ ។

យើង​រាល់​គ្នា​ជួបប្រទះ​នូវ​ការខូចចិត្ដ និង​ការរងទុក្ខ

នៅក្នុង​ការហៅ​ជា​សាវក​របស់​ខ្ញុំ ខ្ញុំ​បាន​ធ្វើដំណើរ​ច្រើន ហើយ​មាន​នូវ​អភ័យ​ឯកសិទ្ធិ​នៅក្នុង​ការជួប​កុមារ យុវវ័យ និង​មជ្ឈិមវ័យ​នៅ​ស្ទើរតែ​ទូទាំង​ពិភពលោក ។ មាន​ពេល​ដែល​ជីវិត​មាន​នូវ​អំណរ​ដ៏​អស្ចារ្យ ប៉ុន្ដែ​រឿង​មួយ​ដែល​ខ្ញុំ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ ហើយ​បាន​ទទួល​នូវ​អារម្មណ៍​ជ្រាលជ្រៅ​នៅក្នុង​ដួងចិត្ដ​របស់​ខ្ញុំ​នោះ​គឺថា ក្រៅពី​សុភមង្គល និង​សេចក្ដី​អំណរ នោះ​ជីវិត​ក៏មាន​នូវ​ពេលវេលា​នៃ​ការខូចចិត្ដ និង​ការរងទុក្ខ​ផងដែរ ។

ខ្ញុំ​ភ្លេច​មិន​បាន កាល​ដែល​ខ្ញុំ​អង្គុយ​ជាមួយ​កុមារ​បួន​នាក់ ដែល​ឪពុកម្ដាយ​របស់​ពួកគេ​បាន​ស្លាប់​ដោយសារ​ជនពាល​ចូល​សម្លាប់​ដល់​ក្នុង​ផ្ទះ ខណៈ​កុមារ​ទាំងបួន​នោះ​ដេកលង់លក់ ឬ​ការជួប​នឹង​ស្ដ្រី​ម្នាក់​ដែល​បាន​រង​ការរំលោភ​បំពាន​​ដោយ​សាច់ញាតិ​ដែល​នាង​ទុកចិត្ដ កាល​នាង​នៅក្មេង ឬ​ការអង្គុយ​ក្បែរ​គ្រែសម្រាក​របស់​យុវនារី​ម្នាក់​ដែល​មាន​របួស​ក្បាល ដោយ​ធ្លាក់​ពី​លើកង់ ហើយ​ដែល​នាង​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈពេលយ៉ាងខ្លីខាងមុខ ឬ​ការស្ដាប់​សំឡេង​យំខ្សឹកខ្សួល​​របស់​ស្ដ្រី​ម្នាក់ ដែល​ស្វាមី​របស់​នាង​បាន​ក្បត់​ចិត្តនាង និង​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​របស់​គាត់​យ៉ាងធ្ងន់ធ្ងរ​អស់​រយៈពេល​ជាច្រើនឆ្នាំ ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​ឈឺចាប់​របស់​គូស្វាមី​ភរិយា ដែល​កូន​ជា​មជ្ឈិមវ័យ​របស់​ពួកគេ លែង​ជឿ​លើសេចក្ដីពិត​នៃ​ដំណឹងល្អ​ទៀត ហើយ​បាន​ព្យាយាម​ធ្វើឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​ឯទៀត​នៅក្នុង​គ្រួសារ​ចុះ​ខ្សោយ​ដែរ ។ ខ្ញុំ​បាន​ទៅ​សួរ​សុខទុក្ខ​ឪពុកម្ដាយ​ដ៏​កម្សត់ និង​មិត្ដភក្ដិ​របស់​យុវជន​ម្នាក់ ដែល​បាន​បញ្ចប់​ជីវិត​ខ្លួនឯង ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដីព្រួយ​ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ​របស់​អស់អ្នក​ដែល​បាន​ប្រព្រឹត្ដ​អំពើ​បាប ហើយ​ពិតជា​ចង់​ប្រែចិត្ដ និង​ទទួល​អារម្មណ៍​នៃ​សេចក្ដី​កម្សត់​របស់​អស់អ្នក​ដែល​បាន​រង​ផលប៉ះពាល់​ដោយ​អំពើ​បាប​នោះ ។

ខ្ញុំ​បាន​ឃើញនូវ​ដួងចិត្ដ​ខ្ទេចខ្ទាំ​ដោយសារ​តែ​ជំងឺ​ផ្លូវចិត្ដ ទាំងចំពោះ​អ្នក​ដែល​រងទុក្ខ​ដោយសារ​ជំងឺ​នេះ និង​ចំពោះ​អស់​អ្នក​ដែល​រងទុក្ខ​ដោយ​ស្ងៀមស្ងាត់ កាល​ពួកគេ​បាន​ត្រឹមតែមើល ហើយ​មាន​សមត្ថភាព​តិចតួច​ក្នុង​ការជួយ ។ ខ្ញុំ​បាន​ឃើញ​ការបាត់បង់​ផ្ទាល់ខ្លួន​យ៉ាងធំធេង​ដែល​បណ្ដាល​មកពី​គ្រោះធម្មជាតិ ទឹកជំនន់ ព្យុះ ភ្លើងឆេះ និង​គ្រោះរញ្ជួយដី ។ ខ្ញុំ​ក៏​បាន​ឃើញ​នូវ​ភាព​ចលាចល​នៅ​ប្រទេស​នានា ដែល​បណ្ដាលមកពី​ជម្លោះ​ខាង​នយោបាយ សង្គ្រាម និង​ការបំផ្លិចបំផ្លាញ ហើយ​ក៏បាន​ឃើញ​នូវ​ការឈឺចាប់​ដែល​កើតមាន​ឡើង​ នៅពេល​ដែល​ហេតុការណ៍​មិនបាន​រំពឹងទុក​បាន​ធ្លាក់​មកលើ​អស់អ្នក​ដែល​គ្មាន​កំហុស ហើយ​ដែល​កំពុង​ស្វះស្វែង​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។

ព្រះអង្គសង្គ្រោះ​កំពុង​កាន់ដៃ​មនុស្ស​ម្នាក់

Healing Hands [ ព្រះហស្ដ​ដែល​ប្រោស​ឲ្យជា ] ដោយ ខូលប៊ី ឡរសុន មិន​អាច​ថតចម្លង​បាន​ទេ

ព្រះអង្គសង្គ្រោះ​ជួយ​ដល់​យើង

នៅក្នុង​ការមាន​ប្រសាសន៍​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ប្រធាន ជែមស៍ អ៊ី​ ហ្វោស្ដ ( ឆ្នាំ១៩២០–២០០៧ ) ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា ៖ « អ្នក​ដែល​រងរបួស​គួរតែ​ធ្វើ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន ដើម្បី​ឆ្លងកាត់​ឧបសគ្គ​របស់​ពួកគេ ហើយ​ព្រះអង្គសង្គ្រោះ​នឹង ‹ ជួយ​រាស្ដ្រ​ទ្រង់​ស្របតាម​ជំងឺ​របស់​គេ › [ អាលម៉ា ៧:១២ ] ។ ទ្រង់​នឹង​ជួយ​យើង​រែក​បន្ទុក​របស់​យើង ។ របួស​ខ្លះ​ជ្រៅ និង​ឈឹចាប់​ខ្លាំង ដែល​វា​មិន​អាច​ជា​សះស្បើយ​បាន ដោយ​មិន​មាន​ជំនួយ​មកពី​អំណាច​ដ៏​ខ្ពស់ជាង និង​សេចក្ដី​សង្ឃឹម​ចំពោះ​ភាពយុត្ដិធ៌ម​ដ៏​ឥតខ្ចោះ ហើយ​និង​ការស្ដារឡើងវិញ​នៅក្នុង​ជីវិត​បន្ទាប់ ។ …ទ្រង់​យល់​ពី​ការឈឺចាប់​របស់​យើង ហើយ​នឹង​ដើរ​ជាមួយ​យើង សូម្បីតែ​នៅពេល​ដ៏​ខ្មៅងងឹត​បំផុត​របស់​យើង​ក្ដី » ។

ខ្ញុំ​កាន់តែ​ទោរទន់​ទៅរក​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ និង​ពរជ័យ​​ដ៏​មិនចេះ​ស្រាកស្រាន្ដ ដែល​បាន​សន្យា​ដល់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​មិនបាន​ការពារ​យើង​ពី​បទពិសោធន៍​ដ៏​លំបាកៗ​នៃ​ជីវិត​ដែល​នាំមកនូវ​ការឈឺចាប់​ដ៏​មិនអាច​វាស់​បាន​ឡើយ ប៉ុន្ដែ​ទ្រង់​បានការពារ​យើង​ពី​ការឈឹចាប់ និង​ការបែកចេញ​ដ៏​អស់កល្ប​ជានិច្ច​ពី​ព្រះវរបិតាសួគ៌​របស់​យើង ហើយ​តាមរយៈ​ការរងទុក្ខ​ទាំងអស់​របស់​ទ្រង់ បាន​អនុញ្ញាត​ឲ្យ​យើង មាន​នូវ​លទ្ធភាព​ទទួល​នូវ​អំណរ​ដ៏​ឥតខ្ចោះ និង​សុភមង្គល​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​ទីវត្ដមាន​នៃ​ព្រះ ។

ប្រធាន ដាល្លិន អេក អូក បាន​រំឭក​យើង​ថា ៖ « មក​ដល់​ពេល​នេះ ជំនួយ​ដ៏​ខ្លាំងបំផុត​របស់​ព្រះ​សម្រាប់​បុត្រ​ទ្រង់​ក្នុង​ជីវិត​រមែងស្លាប់​គឺ​ការប្រទាន​ព្រះអង្គសង្រ្គោះ​មួយ​អង្គ ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​នឹង​រងទុក្ខ​ដើម្បី​បង់ថ្លៃ និង​ប្រទាន​ការអភ័យទោស​សម្រាប់​អំពើបាប​ដែល​បាន​ប្រែចិត្ត ។ ដង្វាយធួន​ប្រកប​ដោយ​សេចក្តី​មេត្តាករុណា និង​សេចក្តីរុងរឿង​នោះ ពន្យល់​ពី​មូលហេតុ​ដែល​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​គឺជា​គោការណ៍​ទីមួយ​នៃ​ដំណងល្អ ។ ដង្វាយធួន​របស់​ទ្រង់ ‹ នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់› ( អាលម៉ា ៤២:២៣ ) ហើយ​វា ‹ ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក › ( អាលម៉ា ៣៤:៨ ) លុបចោល​រាល់​អំពើបាប​ដែល​បានប្រែចិត្ត​ទាំងអស់ ហើយ​ផ្ដល់​ព្រះចេស្ដា​របស់​ព្រះអង្គសង្រ្គោះ​ដើម្បី​ជួយ​យើង​នៅក្នុង​ភាពទន់ខ្សោយ​ខាង​ជីវិត​រមែងស្លាប់​របស់​យើង ។

ព្រះអង្គ​សង្គ្រោះ​គង់នៅ​សួនច្បារ​គែតសេម៉ានី

សេចក្ដី​លម្អិត​មកពី Prayer at Gethsemane [ ការអធិស្ឋាន​នៅឯ​សួនច្បារ​គែតសេម៉ានី ] ដោយ ឌែល ផាសិន អាច​ថតចម្លង​សម្រាប់តែ​ការប្រើប្រាស់​ក្នុង​សាសនាចក្រ​ប៉ុណ្ណោះ

ព្រឹត្ដិការណ៍​សំខាន់​នៃ​ភាពអសកល្បជានិច្ច

ពេល​ខ្ញុំ​គិត​អំពី​ទុក្ខវេទនា​ដែល​ខ្ញុំ​បាន​ឃើញផ្ទាល់ ដែល​វា​តូច​ណាស់​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នកទាំងអស់​ដែល​ធ្លាប់​រស់នៅ​ផែនដី​នេះ ឬ​នឹង​នៅរស់នៅ​លើ​ផែនដីនេះ ខ្ញុំ​មិន​អាច​ប្រើពាក្យ​សំដី​ឲ្យ​បាន​អស់ ដើម្បី​ពិណនា​អំពី​អារម្មណ៍​នៅ​ក្នុង​ដួងចិត្ត​របស់​ខ្ញុំ​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ព្រះទ័យ ព្រះគំនិត ព្រះកាយ និងព្រលឹង​របស់​ព្រះអង្គសង្គ្រោះ​នៅ​ក្នុង​គ្រា​ដ៏​ពិសិដ្ឋ​របស់​ទ្រង់​នៃ​ការរងទុក្ខវេទនា​ដ៏​មហិមា​សម្រាប់​អំពើបាប និង​ការឈឺចាប់​របស់​មនុស្សជាតិ​ទាំងអស់ ។

ព្រឹតិ្ដការណ៍​ដ៏​សំខាន់​សម្រាប់​ភាពអស់កល្បអស់កាលជានិច្ច​បានចាប់ផ្ដើម នៅពេល​ព្រះយេស៊ូវ​បានយាង « ទៅដល់​កន្លែង​ហៅថា ច្បារ​គែតសេម៉ានី » ( ម៉ាថាយ ២៦:៣៦ ) នៅក្នុង​ភ្នំ​អូលីវ​នៅ​ខាងក្រៅ​កំផែង​ទីក្រុង​យេរូសាឡិម ។ ទ្រង់​បាន​មាន​បន្ទូល​ទៅ​ពួកសិស្ស​របស់​ទ្រង់​ថា « ចិត្ដ​ខ្ញុំ​ព្រួយ​ពន់ពេក ស្ទើរតែ​នឹង​ស្លាប់ » ( ម៉ាថាយ ២៦:៣៨ ) ។

ទ្រង់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​បាន នោះ​សូម​ឲ្យ​ពែងនេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ ប៉ុន្តែកុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ » ( ម៉ាថាយ ២៦:៣៩ ) ។ ទ្រង់​បាន​ត្រឡប់​ទៅរក​ពួកសិស្ស​របស់​ទ្រង់​វិញ និង​បាន​ឃើញ​ពួកគេ​ដេក​លង់លក់ ទ្រង់​បាន​យាង​ទៅ​ក្រៅ​ម្ដងទៀត ហើយ​បាន​អធិស្ឋាន​ជា​លើកទីពីរ ។ « ឱ​ព្រះវរបិតា​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ពែង​នេះ​កន្លង​ហួស​ពី​ទូលបង្គំ​ទៅ​ពុំ​បាន លើក​តែ​ទូលបង្គំ​ទទួល នោះ​សូម​តាម​ព្រះហឫទ័យ​ទ្រង់​ចុះ ។ … ហើយ [ ទ្រង់ ] បាន​អធិស្ឋាន​ជាគំរប់​៣​ដង ដោយ​ព្រះបន្ទូល​ជា​សេចក្តី​ដដែល » ( ម៉ាថាយ ២៦:៤២, ៤៤ ) ។

ព្រះយេស៊ូវ​បាន​សោយ​ពែងល្វីង ហើយ​បាន​រងទុក្ខ​លើសពី​ជីវិត​រមែងស្លាប់​របស់​យើង​អាច​យល់​បាន ទាំងនៅក្នុង​សួនច្បារ និង​នៅលើ​ឈើឆ្កាង ។ ដោយ​គ្មាន​អំពើបាប​សោះ ទ្រង់​បាន​លើកដាក់​លើ​អង្គទ្រង់​នូវ​រាល់​អំពើបាប​របស់​យើង ថា​នៅពេល​ដែល​យើង​មករកទ្រង់ ហើយ​ប្រែចិត្ដ នោះ​អំពើបាប និង​បន្ទុក​របស់​យើង ត្រូវបាន​ដកចេញ​ពី​យើង ( សូមមើល កូរិនថូស ទី២ ៥:២១ ) ។

ការរងទុក្ខ ការសុគត និង​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​ត្រូវបាន​រំពឹងទុក​មុន​តាំងពី​យូរ​មកហើយ ។ ការនិទាន​តាំងពី​៧០០ឆ្នាំ​មុន​ការប្រសូត្រ​របស់​ព្រះយេស៊ូវ ព្យាការី​អេសាយ​បាន​ព្យាករ​ថា « ព្រះយេហូវ៉ា​បាន​ទំលាក់​អំពើ​ទុច្ចរិត​របស់​យើង​ទាំង​អស់​គ្នា​ទៅ​លើ​ទ្រង់ » ( អេសាយ ៥៣:៦ ) ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការលះបង់​ព្រះជន្ម​របស់​ទ្រង់​ទុកជា « ថ្លៃ​លោះ » ( ម៉ាថាយ ២០:២៨; សូម​មើល​ផងដែរ ធីម៉ូថេ ទី១ ២:៦ ) « ​ប្រយោជន៍​នឹង​ផ្តាច់​បាប » ( ម៉ាថាយ ២៦:២៨ ) សម្រាប់​អស់អ្នក​ដែល​នឹង​ជឿលើ​ទ្រង់ ហើយ​ប្រែចិត្ដ​ពី​អំពើបាប​របស់​ពួកគេ ។ ពេត្រុស​បាន​ពិពណ៌នា​របៀប​ដែល​ទ្រង់ « បាន​រងទុក្ខ​ដោយព្រោះ​បាប [ របស់យើង ] ( ពេត្រុស ទី១ ៣:១៨ ) ថា​តាមរយៈ​ស្នាមជាំ​របស់​ទ្រង់​ដែល​អ្នក​រាល់គ្នា​នឹង​បាន​ជា ( សូមមើល ពេត្រុស ទី១ ២:២៤ ) ។ ទ្រង់​បាន​ធ្វើ​នូវ​អ្វី​ដែល​គ្មាន​នរណាម្នាក់​អាច​ធ្វើបាន ដើម្បី​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅកាន់​ទីវត្ដមាន​របស់​ព្រះវរបិតា​របស់​យើង​បាន ។ ទ្រង់​ត្រូវ « វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង » ( អេសាយ ៥៣:៥ ) ។

បន្ទាប់​ពី​ការរងទុក្ខ​នៅក្នុង​សួនច្បារ​គែតសេម៉ានី ការឈឺចាប់​របស់​ទ្រង់​បាន​បន្ដ—ការក្បត់​របស់​មនុស្ស​ម្នាក់​ដែល​បាន​ដើរ​ជាមួយ​ទ្រង់ ការសើចចម្អក​នៅពីមុខ​អ្នក​គ្រប់គ្រង​ដែល​អយុតិ្ដធម៌ ការឈឺចាប់​នៅពេល​ដែល​ព្រះកាយ​របស់​ទ្រង់​ត្រូវបាន​វាយ ហើយ ម្កុដ​បន្លា​ត្រូវបាន​បំពាក់​លើ​ព្រះសិរសា​ទ្រង់​ដោយ​ទាហានដ៏​ឃោរឃៅ និង​គ្មាន​មេត្ដា​ ( សូមមើល យ៉ូហាន ១៨:២–៣, ១២–១៤; ម៉ាកុស ១៥:១៥–២០ ) ហើយ​ធ្នឹម​ដ៏​ធ្ងន់​ត្រូវបាន​ដាក់​នៅលើ​សាច់​ដែល​ដាច់រហែក​នៃ​ខ្នង​របស់​ទ្រង់ នៅពេល​ទ្រង់​យាងចេញ​ទៅ​គាល់កូថា ( សូមមើល យ៉ូហាន ១៩:១៦–១៧ ) ។

នៅលើ​ឈើឆ្កាង ការឈឺចាប់​ដ៏​ខ្លាំងក្លា​ដែល​មាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី បាន​មាន​មកវិញ​ដោយ​ភាពស្រួចស្រាវ​ដែល​គ្មាន​មនុស្ស​ណា​អាច​ទ្រាំទ្រ​បានឡើយ ។ ព្រះយេស៊ូវគ្រីស្ទ ជា​បុត្រា​នៃ​ព្រះ បាន​ទទួល​បេសកកម្ម​ដ៏​ទេវភាព​មកពី​ព្រះវរបិតា​របស់​ទ្រង់​តែ​អង្គឯង ឲ្យ​ថ្វាយ​ព្រះជន្ម​របស់ទ្រង់​ចុះ ។ ទាហាន និង​អ្នកគ្រប់គ្រង​មិន​អាច​យក​ព្រះជន្ម​របស់​ទ្រង់​ពី​ទ្រង់​​បាន​ទេ ( សូមមើល យ៉ូហាន ១០:១៨ ) ។ ដោយ​ការគោរព និង​ភាពរាបសា ព្រះយេស៊ូវ​បាន​ឱន​ព្រះសិរសា​ទ្រង់ ហើយ​មាន​បន្ទូល​ថា « ការស្រេច​ហើយ » ( យ៉ូហាន ១៩:៣០ ) ។

គ្រា​ចុងក្រោយ​នៃ​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់​ត្រូវបាន​បញ្ចប់ ។ ពុំ​មាន​ពាក្យ​ណាមួយ​ដែល​អាច​ពិពណ៌នា​នូវ​ភាព​មហិមា​នៃ​អំណោយ​ដ៏​មាន​តម្លៃ​របស់​ទ្រង់​បាន​ឡើយ ។ ពុំ​មាន​ពាក្យ​ណា​ដែល​នឹង​ស័ក្ដិសម​ឡើយ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ « ១ដង​ជា​សម្រេច ( ហេព្រើរ ១០:១០ ) ។

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ !

ដោយ​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​បាន​សម្រេច​សព្វគ្រប់​ នោះ​ទ្រង់​នឹង​ក្លាយជា​បុគ្គល​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រវត្ដិសាស្ដ្រ​របស់​មនុស្ស ដែល​បាន​ក្រោក​ពីផ្នូរ​ទៅកាន់​អមតភាព ( សូមមើល កូរិនថូស ទី១ ១៥:២១–២៣ ) ។

ទៅកាន់​ស្ដ្រី​ដែល​នៅឯ​ផ្នូរ នោះ​ទេវតា​បាន​មាន​បន្ទូល​ថា ៖

« ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះអង្គ ដែល​មាន​ព្រះជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ?

« ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទី​នេះ​ទេ » ។ ( លូកា ២៤:៥–៦ ) ។

ទៅកាន់​ពួកសាវក​របស់​ទ្រង់ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​មើល​មក​ដៃ និង​ជើង​ខ្ញុំ ឲ្យ​បាន​ដឹង​ថា នេះ​គឺ​ខ្ញុំ​ពិត​មែន » ( លូកា ២៤:៣៩ ) ។ ក្រោយមក​ទៀត « ទ្រង់​លេច​មក​ឲ្យ [ ជាង ]​៥០០​នាក់​ឃើញ…តែ​ម្តង » ( កូរិនថូស​ទី១ ១៥:៦ ) ។ សាក្សី​ផ្ទាល់​ភ្នែក​បាន​ឃើញ​ព្រះអង្គសង្គ្រោះ​ដែល​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ទ្រង់​មិន​បាន​សុគត​ទេ ។ ទ្រង់​នៅ​មាន​ព្រះជន្មរស់ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​ផ្ដាច់​ច្រវ៉ាក់ និង​ខ្នោះ​នៃ​ទាសភាព​នៃ​សេចក្ដី​ស្លាប់​ដ៏​អស់កល្ប​ជានិច្ច សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​បាន​រស់នៅ ឬ​ដែល​នឹង​រស់នៅ​លើ​ផែនដី ( សូមមើល កូរិនថូស ទី១ ១៥:២២ ) ។ ទ្រង់​បាន​យកឈ្នះ​លើ​គ្រប់​មារសត្រូ​វ ហើយ​មារសត្រូវ​នៃ​សេចក្ដី​ស្លាប់​បាន​ចាញ់ជា​រៀងរហូត ។

ប្រធាន រ័សុល អិម ណិលសុន ( ឆ្នាំ១៩២៤–២០២៥ ) បាន​មាន​ប្រសាសន៍ ៖ « ព្រះយេស៊ូវគ្រីស្ទ​បាន​លើកដាក់​លើ​អង្គទ្រង់​នូវ​អំពើ​បាប របស់​បងប្អូន ការឈឺចាប់ របស់​បងប្អូន ការឈឺចិត្ត របស់​បងប្អូន និង​ជំងឺ របស់​បងប្អូន ។ បងប្អូន​មិន​ចាំបាច់​ទ្រាំទ្រ​តែ​ម្នាក់​ឯង​ឡើយ ! ទ្រង់​នឹង​អត់ទោស​ដល់​បងប្អូន នៅពេល​ដែល​បងប្អូន​ប្រែចិត្ត ។ ទ្រង់​នឹង​ប្រទានពរ​ដល់​បងប្អូន​នូវ​អ្វី​ដែល​បងប្អូន​ត្រូវការ ។ ទ្រង់​នឹង​ព្យាបាល​ព្រលឹង​ដែល​រងរបួស​របស់​បងប្អូន ។ ដរាប​ណា​បងប្អូន​ទទួល​នឹម​ទ្រង់ នោះ​បន្ទុក​របស់​បងប្អូន​នឹង​ស្រាល​ជាងមុន ។ « បើ​បងប្អូន​នឹង​ចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដើម្បី​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ នោះ​បងប្អូន​នឹង​ឃើញ​ថា គ្រា​ឈឺចាប់​ក្នុង​ជីវិត​បងប្អូន​គឺ​រឿង​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ។ ការរងទុក្ខ​របស់​បងប្អូន​នឹង​ត្រូវបាន ‹ លេប​ទៅ​ក្នុង​អំណរ នៃ​ព្រះគ្រីស្ទ › [ អាលម៉ា ៣១:៣៨ ] »

ក្នុង​នាម​ជា​សាវក​ដែល​បាន​តែងតាំង​មួយ​រូប​របស់​ទ្រង់ ខ្ញុំ​បាន​ដក​ពិសោធន៍​នូវ​ពេលវេលា​ខាង​វិញ្ញាណ និង​ផ្ទាល់ខ្លួន ដែល​បាន​នាំមកដល់​ខ្ញុំ​នូវ​សក្ខីភាព​ដ៏​ពិត និង​ប្រាកដ​ថា ទ្រង់​មាន​ព្រះជន្មរស់ ។ នា​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ សូម​ឲ្យ​ពាក្យ​ទាំងនេះ​បាន​នៅ​ជិត​គំនិត និង​ដួងចិត្ដ​របស់​បងប្អូន​យ៉ាង​ទន់ភ្លន់ ៖ « សូម​កុំ​ឲ្យ​ខ្ញុំ​ភ្លេច ឱ!​កាល​ទ្រង់​ហូរ​លោហិត​សុគត​ជួស​ខ្ញុំ » ខណៈ​ដែល​យើង​រីករាយ​ក្នុង​ការច្រៀង ៖

ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ ! ទ្រង់​មាន​ព្រះជន្ម​រស់​ឡើងវិញ​ហើយ ! …

សេចក្ដី​ស្លាប់​បាន​ចាញ់​ ហើយ​មនុស្ស​មាន​សេរីភាព ។

ព្រះគ្រីស្ទ​បាន​មាន​ជ័យជម្នះ ។