សារលិខិតថ្នាក់ដឹកនាំបព្វជិតភាពប្រចាំតំបន់អាស៊ី
សេចក្តីសញ្ញារបស់ខ្ញុំជួយទ្រទ្រង់ខ្ញុំនៅក្នុងគ្រាលំបាក
បន្ទាប់ពីពិធីបុណ្យជ្រមុជទឹក យើងទទួលពិធីបញ្ជាក់ និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះវិញ្ញាណបរិសុទ្ធនឹងលួងលោម ហើយដឹកនាំយើងឆ្លងកាត់ឧបសគ្គនៃជីវិត ។ ដើម្បីឲ្យយើងអាចធ្វើការប្រាស្រ័យទាក់ទងជាមួយព្រះវិញ្ញាណបាន យើងត្រូវរក្សាខ្លួនយើងឲ្យស្អាតស្អំ ដោយគោរពតាមព្រះបញ្ញត្តិរបស់ព្រះ ស្វែងរកពេលវេលាស្ងាត់ដើម្បីសិក្សា និងជញ្ជឹងគិតអំពីព្រះគម្ពីរ ហើយស្តាប់តាមសំឡេងតូចរហៀង ។
ប៉ុន្មានខែដំបូងបន្ទាប់ពីកូនទីមួយរបស់ខ្ញុំបានកើតមក ខ្ញុំបាននឿយហត់ជាខ្លាំងដោយការជួយភរិយាមើលកូននៅពេលយប់ ។ ខ្ញុំបានចាប់ផ្តើមខកខានក្នុងការសិក្សាព្រះគម្ពីរនៅថ្ងៃខ្លះ ។ ខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំមិនមានសណ្តាប់ធ្នាប់ទេ ហើយដឹងខ្លួនថា ខ្ញុំត្រូវតែធ្វើការផ្លាស់ប្តូរ ។ ខ្ញុំបានសម្រេចចិត្តក្រោកពីព្រលឹមមួយម៉ោងមុនជារៀងរាល់ព្រឹក ដើម្បីសិក្សាព្រះគម្ពីរមរមនព្រមជាមួយសៀវភៅសិក្សារបស់ថ្នាក់វិទ្យាស្ថាន ។ ខ្ញុំបានទទួលការពង្រឹងខាងវិញ្ញាណបន្ថែមទៀត ដើម្បីជួយខ្ញុំឲ្យទ្រាំទ្របន្ទុកដែលខ្ញុំមាន ។ ខ្ញុំកាន់តែមានអារម្មណ៍នៃអំណរ និងភាពសុខសាន្ត តាមរយៈភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធ ។
កាលពីឆ្នាំមុន ភរិយារបស់ខ្ញុំបានទទួលដំណឹងដ៏អាក្រក់ ។ ម្តាយ និងឪពុកក្មេករបស់ខ្ញុំត្រូវបានវិនិច្ឆ័យរោគរកឃើញថាមានជំងឺមហារីក ។ ប៉ុន្មានខែក្រោយមក ឪពុករបស់ខ្ញុំផ្ទាល់បានទទួលការវះកាត់ ហើយភរិយារបស់ខ្ញុំត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានដុំគីសពីរដែលអាចជាមហារីក ។ ជាសំណាងល្អ លទ្ធផលក្រោយការវះកាត់បង្ហាញថាគ្មានជំងឺមហារីកទេ ។ បន្ទាប់មក កូនស្រីរបស់យើងមានជំងឺរលាកខ្នែងពោះវៀន ។ អ្វីៗទាំងអស់នេះបានកើតឡើងក្នុងរយៈពេលប្រាំមួយខែ ហើយគ្មានពួកគាត់ណាម្នាក់ធ្លាប់ធ្វើការវះកាត់ពីមុនមកនោះទេ ។ នៅក្នុងពេលជាមួយគ្នានោះ ខ្ញុំបានទទួលការហៅបម្រើថ្មីនៅក្នុងសាសនាចក្រ ដែលតម្រូវឲ្យខ្ញុំធ្វើដំណើរ និងចំណាយពេលច្រើន ហើយការងារថ្មីរបស់ខ្ញុំធ្វើឲ្យខ្ញុំធ្វើការដល់យប់ជ្រៅស្ទើរតែរាល់យប់ ។
ដើម្បីដោះស្រាយឧបសគ្គទាំងនេះ ខ្ញុំបានដឹងថាមានតែព្រះអង្គសង្គ្រោះប៉ុណ្ណោះដែលអាចជួយខ្ញុំឲ្យឆ្លងកាត់ការណ៍ទាំងអស់នេះបាន ។ ខ្ញុំបានព្យាយាមខិតទៅជិតទ្រង់ដោយការចំណាយពេលសិក្សាព្រះគម្ពីរបន្ថែមទៀត ស្តាប់សុន្ទរកថាពីសន្និសីទទូទៅអំឡុងពេលខ្ញុំធ្វើដំណើរ និងការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធ ។ ជំនួសឲ្យការគិតច្រើន ខ្ញុំបានរើសគិតដល់សេឡេស្ទាល ហើយពឹងផ្អែកលើអំណាចនៃសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធវិញ ។ ការណ៍នេះបាននាំឲ្យខ្ញុំមានសេចក្តីសុខសាន្ត ។ ព្រះអង្គសង្រ្គោះបានសន្យាថា « ខ្ញុំទុកសេចក្តីសុខនៅនឹងអ្នករាល់គ្នា គឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នា ហើយដែលខ្ញុំឲ្យ នោះមិនមែនដូចជាលោកីយ៍ឲ្យទេ ។ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភ ឬភ័យឡើយ » ( យ៉ូហាន ១៤:២៧ ) ។
បទពិសោធន៍ទាំងនេះបាននាំខ្ញុំខិតទៅជិតព្រះអង្គសង្រ្គោះ ។ សេចក្តីសញ្ញាដែលខ្ញុំបានធ្វើតាមរយៈពិធីបរិសុទ្ធដ៏ពិសិដ្ឋបានពង្រឹងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំពិតជាជឿថា « … នៅក្នុងពិធីបរិសុទ្ធទាំងឡាយនៃបព្វជិតភាពដ៏ធំជាងនេះ នោះអំណាចនៃព្រះត្រូវបានសម្ដែងឲ្យឃើញ » ( គ. និង ស. ៨៤:២០ ) ។ នៅពេលយើងធ្វើសេចក្តីសញ្ញានៅព្រះវិហារបរិសុទ្ធ យើងអាចទាញយកអំណាចមកពីស្ថានសួគ៌សម្រាប់ខ្លួនយើង និងសម្រាប់ក្រុមគ្រួសាររបស់យើង ។ យើងអាចពឹងផ្នែកលើការបង្រៀនរបស់ហេលេមិន ៖ « …គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ » ។ ( ហេលេមិន ៥:១២ ) ។
នៅពេលយើងស្ថាបនាគ្រឹះដ៏រឹងមាំមួយនៅលើព្រះអង្គសង្គ្រោះ ដោយការធ្វើ និងការរក្សាសេចក្តីសញ្ញា នោះយើងអាចមានសេចក្តីសុខសាន្តនៅក្នុងចិត្ត នៅពេលការសាកល្បងចូលមកដល់ ហើយត្រូវរៀបចំខ្លួនសម្រាប់ការប្រឈមនាពេលអនាគត ។ នៅពេលយើងធ្វើសេចក្ដីសញ្ញាបន្ថែមបន្ទាប់ពីពិធីបុណ្យជ្រមុជទឹក—រួមទាំងការតែងតាំងបព្វជិតភាព ពិធីអំណោយទានពិសិដ្ឋ និងពិធីផ្សារភ្ជាប់—យើងមានពរណាស់ដោយមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះ ។ យើងមានសិទ្ធិទទួលបានពរជ័យដែលពិធីបរិសុទ្ធនីមួយៗនាំមកក្នុងជីវិតរបស់យើង ។ ជំនឿរបស់យើងនឹងកាន់តែរឹងមាំឡើងៗ រហូតដល់យើងមានទំនុកចិត្តពេញលេញនៅក្នុងទីវត្តមានរបស់ព្រះ ។ នៅពេលយើងមើលទៅទ្រង់នៅគ្រប់គំនិត នោះ « ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៦:៣៦ ) ។
ខ្ញុំសូមថ្លែងសាក្សីថា ព្រះយេស៊ូវគឺជាព្រះអង្គសង្រ្គោះរបស់យើង ហើយថាទ្រង់នៅមានព្រះជន្មរស់ ។ ទ្រង់ជ្រាបដឹងពីតម្រូវការរបស់យើង ហើយបានសន្យាថា អស់អ្នកដែលធ្វើ និងរក្សាសេចក្តីសញ្ញានឹងទទួលបានការការពារពីពិភពលោកដែលមិនប្រាកដប្រជា និងគួរឲ្យខ្លាចនេះ ។ យើងអាចមានសេចក្តីសុខសាន្តរបស់ទ្រង់ជាមួយយើងជានិច្ច ហើយឆ្លងកាត់ឧបសគ្គទាំងអស់ក្នុងជីវិតដោយភាពជឿជាក់ ។ ■