« ផ្លូវនៃសេចក្តីសញ្ញាដ៏ពេញដោយសេចក្តីអំណរ » លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២៦ ។
សារលិខិតប្រចាំខែទស្សនាវដ្ដី លីអាហូណា ខែកុម្ភៈ ឆ្នាំ២០២៦
ផ្លូវនៃសេចក្តីសញ្ញា ដ៏ពេញដោយសេចក្តីអំណរ
ភាពអស្ចារ្យ និងភាពរុងរឿងនៃសមាជិកគ្រួសារដែលបានចងភ្ជាប់ជាមួយគ្នានៅក្នុងវត្តមានរបស់ព្រះវរបិតា និងព្រះរាជបុត្រា នាំមកនូវការស្ញប់ស្ញែង និងសេចក្តីអំណរដ៏លើសលប់ដល់ព្រលឹងរបស់ខ្ញុំ ហើយបំពេញខ្ញុំដោយនូវស្មារតីនៃការដឹងគុណ ។
អែលឌើរ ផាទ្រីក ខៀរ៉ុន និងភរិយារបស់លោក ជេនីហ្វឺ
នៅពេលដែលអ៊ីស្រាអែល និង អេលីសាបិត ហេវិន បាឡូ បានចាកចេញពីទីក្រុងណៅវូ រដ្ឋអិលលីណោយ ទៅកាន់ជ្រលងភ្នំ សលត៍ លេក នៅក្នុងឆ្នាំ១៨៤៨ ពួកគេបានបន្សល់ទុកកូនប្រុសតូចម្នាក់ដែលបានបញ្ចុះនៅក្នុងទីបញ្ចុះសពតូចមួយនៅណៅវូ ។ ទារកតូច ជែមស៍ ណាថានីល បាឡូ ដែលជាកូនដំបូងរបស់ពួកគេ បានស្លាប់ភ្លាមៗបន្ទាប់ពីបានកើតនៅក្នុង ខែឧសភា ឆ្នាំ១៨៤១ ។
ជាមួយនឹងការចាកចេញរបស់ពួកគេទៅកាន់ជ្រលងភ្នំសលត៍ លេក នោះអ៊ីស្រាអែល និងអេលីសាបិតប្រហែលជាមិនដែលរំពឹងថានឹងបានមើលឃើញផ្នូរកូនប្រុសរបស់ពួកគេម្តងទៀតឡើយ ។ ប៉ុន្តែនៅពេលដែលអ៊ីស្រាអែលត្រូវបានហៅឲ្យទៅបេសកកម្មទៅកាន់ប្រទេសអង់គ្លេសនៅប៉ុន្មានឆ្នាំក្រោយមក នោះលោកបានឆ្លងកាត់ទីក្រុងណៅវូ ខណៈដែលលោកបានធ្វើដំណើរទៅទិសភាគខាងកើត ។ តាមការស្នើសុំរបស់ អេលីសាបិត លោកបានឈប់ដើម្បីស្វែងរកផ្នូរកូនប្រុសរបស់ពួកលោក និងផ្លាស់ទីសពរបស់គាត់ទៅកាន់ទីបញ្ចុះសពធំ នៅភាគខាងកើតនៃទីក្រុង ។
បន្ទាប់ពីការស្វែងរកដោយគ្មានលទ្ធផលអស់មួយថ្ងៃមក អ៊ីស្រាអែលបានស្វែងរកជំនួយពីអ្នកថែទាំទីបញ្ចុះសពក្នុងមូលដ្ឋាន ។ នៅថ្ងៃបន្ទាប់ ពួកគេបានរកឃើញផ្នូរ វាស្ថិតនៅជាប់នឹងផ្នូរបងប្អូនជីដូនមួយរបស់ ជែមស៍ ឈ្មោះ ម៉ារី ។ គួរឲ្យសោកស្តាយណាស់ មឈូសបានពុក និងបែកបាក់ ។ នៅក្នុងសំបុត្រមួយផ្ញើទៅកាន់ភរិយារបស់លោក អ៊ីស្រាអែល បានសរសេរថា « ដូច្នេះហើយខ្ញុំបានងាកចេញ ហើយសម្រេចថា ខ្ញុំនឹងទុកពួកគេឲ្យនៅទីនោះរហូតដល់ពេលអនាគត » ។
លោកមិនបានដើរឆ្ងាយពីផ្នូរទេ នៅពេលដែលលោកបានឮសំឡេងមួយ ។ ដោយរំឭកពីបទពិសោធន៍នេះ លោកបានសរសេរថា « វាមិនសូវឮខ្លាំងទេ ប៉ុន្តែវាជាសំឡេងច្បាស់ដល់ក្នុងចិត្តរបស់ខ្ញុំ ដែលខ្ញុំមិនអាចបដិសេធវាបាន ៖ ‹ ប៉ា កុំទុកឲ្យខ្ញុំនៅទីនេះអី › ។ » អ៊ីស្រាអែលបានត្រឡប់ទៅផ្នូរនោះវិញ ដោយសម្រេចថា ត្រូវផ្លាស់ទីកូនប្រុសតូចរបស់លោក ។ « ខ្ញុំមានអារម្មណ៍ថាស្ងប់ចិត្ដនិងមានភាពសុខសាន្តយ៉ាងចម្លែកនៅក្នុងចិត្ត ដែលខ្ញុំមិនធ្លាប់មានពីមុនមក ។ … ខ្ញុំនឹងនិយាយប៉ុននេះថា ៖ ខ្ញុំមិនដែលភ្ញាក់ខ្លួនជាងពេលនោះទេ អំពីកាតព្វកិច្ចដែលខ្ញុំបានធ្វើនៅក្នុងជីវិតខ្ញុំ » ។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៨៥៣ អ៊ីស្រាអែល បាឡូ និងអ្នកថែទាំទីបញ្ចុះសពបានផ្លាស់ទីសពរបស់ ជែមស៍ និង ម៉ារី ទៅកាន់ទីបញ្ចុះសពធំរបស់ទីក្រុងណៅវូ ហើយដាក់សម្គាល់កន្លែងនោះជាមួយ « ថ្មនៅខាងក្បាល និងខាងចុងនៃផ្នូរ » ។
អ៊ីស្រាអែល បានប្រាប់ អេលីសាបិត ថា ខណៈពេលដែលលោកនៅរេរានៅចំហៀងផ្នូរ « ខ្ញុំបានមាននូវបំណងប្រាថ្នាដើម្បីថ្វាយខ្លួនឯង និងអ្វីៗទាំងអស់ដែលខ្ញុំមានទៅក្នុងព្រះហស្តរបស់ព្រះអម្ចាស់ ដើម្បីខ្ញុំអាចត្រូវបានរាប់ថាស័ក្ដិសមនឹងចេញមកជាមួយ [ ជែមស៍ ] នាព្រឹកនៃការរស់ឡើងវិញទី១ ។ »
ការលះបង់របស់ អ៊ីស្រាអែល ចំពោះដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ រួមជាមួយនឹងការគោរពសេចក្តីសញ្ញាដ៏ពិសិដ្ឋ អនុញ្ញាតឲ្យព្រះគ្រីស្ទធ្វើឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច—ជាពរជ័យដ៏មហិមាបំផុតក្នុងចំណោមពរជ័យទាំងអស់—ដែលអាចមានសម្រាប់ខ្លួនលោក បុព្វការីជនរបស់លោក និងកូនចៅរបស់លោក ។
ការណ៍នេះគឺពិតដូចគ្នាចំពោះពួកយើងដែរ ។
រូបថតដោយ ជែរី ហ្គានស៍ អាចត្រូវបានថតចម្លងសម្រាប់តែការប្រើប្រាស់ក្នុងសាសនាចក្រប៉ុណ្ណោះ
ការសន្យាដ៏ពិសិដ្ឋ
ព្រះវរបិតាសួគ៌របស់យើង និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ស្រឡាញ់យើងម្នាក់ៗលើសពីអ្វីដែលយើងអាចស្រមៃដល់ ។ គ្មានកន្លែងណាដែលសេចក្តីស្រឡាញ់របស់ទ្រង់ទាំងទ្វេបើកបង្ហាញច្រើនជាងតាមរយៈពរជ័យដែលបានសន្យា ដែលជាប់ទាក់ទងនឹងសេចក្តីសញ្ញាដែលបានផ្តល់ឲ្យដល់យើងនៅឯពិធីបុណ្យជ្រមុជទឹក និងនៅក្នុងដំណាក់ព្រះយេហូវ៉ាឡើយ ។
ប្រធាន រ័សុល អិម ណិលសុន ( ឆ្នាំ១៩២៤–ឆ្នាំ២០២៥ ) បានបង្រៀនថា « គោលគំនិតមួយដ៏សំខាន់បំផុតនៃសាសនាពិតគឺជាសេចក្ដីសញ្ញាដ៏ពិសិដ្ឋមួយ » ។ « ក្នុងភាសាច្បាប់ ជាទូទៅសេចក្តីសញ្ញាមួយ គឺជាកិច្ចព្រមព្រៀងមួយរវាងភាគីពីរ ឬច្រើន ។ តែខាងបរិបទសាសនាវិញ សេចក្តីសញ្ញាមួយគឺ មានសារៈសំខាន់លើសពីនេះទៅទៀត ។ វាគឺជាការសន្យាដ៏ពិសិដ្ឋជាមួយនឹងព្រះ » ។
គ្រប់ការសន្យាដ៏ពិសិដ្ឋដែលយើងធ្វើ និងរក្សា នឹងប្រទានពរដល់យើង ។ ព្រះវរបិតាសួគ៌ និងព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ សព្វព្រះទ័យចង់ឲ្យយើងខិតទៅជិតទ្រង់ទាំងទ្វេ ។ ទ្រង់ទាំងទ្វេសព្វព្រះទ័យចង់ជួយយើងរៀន និងរីកចម្រើនក្នុងសេចក្តីជំនឿ និងការយល់ដឹង ។ ទ្រង់ទាំងទ្វេសព្វព្រះទ័យចង់ប្រទានឲ្យយើងនូវព្រះចេស្តាពីស្ថានសួគ៌ ។ ទ្រង់ទាំងទ្វេសព្វព្រះទ័យចង់ឲ្យយើងស្វែងរកការព្យាបាល និងភាពសុខសាន្តនៅក្នុងពិភពលោក ដែលពរជ័យបែបនេះនៅតែពិបាកនឹងឈោងដល់ ។ ទ្រង់ទាំងទ្វេសព្វព្រះទ័យចង់ឲ្យយើងទទួលបានបទពិសោធន៍រីករាយនៅក្នុងជីវិតនេះ និងនៅក្នុងជីវិតដែលនឹងមកដល់ ។ ដោយហូរចេញមកពីសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះនេះ ទ្រង់ទាំងទ្វេប្រទានឲ្យយើងនូវឱកាសដើម្បីចូលទៅក្នុងចំណងនៃសេចក្តីសញ្ញាជាមួយនឹងទ្រង់ទាំងទ្វេ ។ យើងមានពរជ័យនៃការតាំងចិត្តឡើងវិញចំពោះសេចក្តីសញ្ញាទាំងនោះរៀងរាល់សប្តាហ៍ ក្នុងអំឡុងការប្រជុំសាក្រាម៉ង់ ។
យើងទទួលទានសាក្រាម៉ង់ក្នុងស្មារតីនៃការដឹងគុណ ដោយសារយើងមានពរជ័យដ៏រីករាយនៃការលើកដាក់មកលើខ្លួនយើងនូវព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ដោយនឹកចាំដល់ទ្រង់ និងសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើងដែលបានបង្ហាញតាមរយៈអំណោយទាននៃដង្វាយធួនរបស់ទ្រង់—ថាទ្រង់បានរងទុក្ខ ហូរលោហិត សុគតជំនួសពួកយើង ។ ពិធីសាក្រាម៉ង់ក៏ប្រទានពរដល់យើងនូវឱកាសរៀងរាល់សប្តាហ៍ ដើម្បីបង្ហាញពីឆន្ទៈរបស់យើងក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ រំឭកសេចក្ដីសញ្ញារបស់យើងជាថ្មី និងចុះសេចក្តីសញ្ញាថ្មីមួយ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ២០:៧៧, ៧៩ ) ។
ប្រធាន ណិលសុន បានមានប្រសាសន៍ថា « ជាញឹកញាប់ ខ្ញុំស្ដាប់ឮការនិយាយថា យើងទទួលទានសាក្រាម៉ង់ដើម្បីរំឭកសេចក្ដីសញ្ញានៅឯបុណ្យជ្រមុជទឹកជាថ្មី ។ ខណៈដែលការណ៍នោះត្រឹមត្រូវ វាមានច្រើនជាងនោះទៅទៀត » ។ « ខ្ញុំបានចុះសេចក្ដីសញ្ញាថ្មីមួយ ។ បងប្អូនបានចុះសេចក្ដីសញ្ញាថ្មី ។ … វាជាការតបវិញនាពេលនេះដែល [ ទ្រង់ ] បានថ្លែងថា យើងនឹងតែងតែមានព្រះវិញ្ញាណរបស់ទ្រង់គង់នៅជាមួយយើងជានិច្ច ។ ឱ វាជាពរជ័យដ៏អស្ចារ្យមួយ ! »
នៅពេលដែលយើងប្រែចិត្ត និងទទួលទានសាក្រាម៉ង់ដោយមានចិត្តបរិសុទ្ធ នោះយើងទទួលបានព្រះវិញ្ញាណបរិសុទ្ធ ហើយត្រូវបាន « សម្អាតពីអំពើបាប ដូចជាយើងបានទទួលបុណ្យជ្រមុជទឹកម្តងទៀតដូច្នេះដែរ ។ នេះគឺជាសេចក្តីសង្ឃឹម និងសេចក្តីមេត្តាករុណាដែលព្រះយេស៊ូវប្រទានឲ្យដល់យើងម្នាក់ៗ » ។
ឱ ជាសេចក្តីអំណរអ្វីម៉្លេះហ្ន៎ក្នុងការប្រែចិត្ត និងត្រូវបានលើកលែងទោសតាមរយៈសេចក្តីស្រឡាញ់ដែលប្រោសលោះរបស់ព្រះគ្រីស្ទ !
រូបថតនៃព្រះវិហារបរិសុទ្ធ ណៅវូ អិលលីណោយ ដោយ ជេនីហ្វឺ រ៉ូស ម៉ាឌី
ដំណាក់នៃសេចក្តីអំណររបស់ទ្រង់
បន្ទាប់ពីក្លាយជាប្រធាននៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រធាន ណិលសុន បានមានប្រសាសន៍ជាញឹកញាប់អំពីផ្លូវនៃសេចក្តីសញ្ញា ដោយចាប់ផ្តើមពីសារលិខិតជាសាធារណៈដំបូងរបស់លោកនៅក្នុងនាមជាប្រធាននៃសាសនាចក្រ ។ យើងចូលតាមផ្លូវនោះតាមរយៈ « ការប្រែចិត្ត និងបុណ្យជ្រមុជទឹកដោយទឹក » ( នីហ្វៃទី២ ៣១:១៧ ) លោកបានមានប្រសាសន៍ក្រោយមកទៀតថារួច « បន្ទាប់មកយើងចូលទៅផ្លូវនេះកាន់តែពេញលេញនៅក្នុងព្រះវិហារបរិសុទ្ធ » ។
ដូចជាការទទួលទានសាក្រាម៉ង់រំឭកយើងអំពីសេចក្ដីសញ្ញារបស់យើង និងពរជ័យដែលបានមកពីសេចក្ដីសញ្ញាទាំងឡាយ ដូចនេះការធ្វើកិច្ចការផ្សេងៗក្នុងព្រះវិហារបរិសុទ្ធក៏ដូចគ្នាដូច្នេះផងដែរ ។ នៅពេលដែលយើងធ្វើពិធីបរិសុទ្ធជំនួសសម្រាប់អ្នកដែលបានស្លាប់ យើងចងចាំនូវការសន្យាដ៏ពិសិដ្ឋដែលយើងបានធ្វើ និងពរជ័យដែលបានសន្យាដែលយើងនឹងទទួលបាន ។
តាមរយៈផ្លូវនៃសេចក្តីសញ្ញានេះ យើងក្លាយជាអ្នកស្នងមរតកនៃពរជ័យទាំងអស់ ដែលបានសន្យាដល់អ័ប្រាហាំ អ៊ីសាក យ៉ាកុប និងកូនចៅរបស់ពួកលោក ។ ទោះបីជាមានពរជ័យដែលបានសន្យាទាំងនោះក៏ដោយ ក៏ អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប មិនបានមានជីវិតងាយស្រួលឡើយ ហើយយើងក៏មិនមានជីវិតងាយស្រួលដូចគ្នាផងដែរ ។ ដូចពួកលោក យើងប្រឈមមុខនឹងទុក្ខលំបាក ការវាយផ្ចាល និងការបាត់បង់ នៅពេលដែលយើងត្រូវ « សាកល្បងនូវគ្រប់ការណ៍ទាំងអស់ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៦:៣១; សូមមើលផងដែរ ១០១:៤–៥ ) ។ ប៉ុន្តែដូចព្យាការី និងពួកបរិសុទ្ធសុចរិតពីបុរាណ យើងដឹងថា តើនរណាដែលយើងអាចទុកចិត្តបាន ( សូមមើល នីហ្វៃទី២ ៤:១៩ ) ។
ជីវិតរមែងស្លាប់របស់យើងគឺគ្រាន់តែជាគ្រាមួយក្នុងអត្ថិភាពរបស់យើង ប៉ុន្តែគ្រាមួយនោះ—ដែលពេលខ្លះលំបាកខ្លាំង—គឺជាសារៈសំខាន់ដ៏អស់កល្បជានិច្ច ។ មែនហើយ ព្រះវរបិតាសួគ៌របស់យើងសព្វព្រះទ័យចង់ឲ្យយើងរៀន និងរីកចម្រើន ។ ហើយពិតណាស់ ការរីកចម្រើនពេលខ្លះមាននូវការខកចិត្ត និងការរងទុក្ខ ។ ប៉ុន្តែទ្រង់សព្វព្រះទ័យឲ្យជីវិតរបស់យើងមានភាពស្រស់ស្អាត និងពោរពេញដោយក្តីសង្ឃឹម ។ ដើម្បីសម្រេចនូវគោលដៅនេះ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់យើង ក្នុងការត្រឡប់ទៅរកទ្រង់វិញ នោះទ្រង់បានប្រទាននូវព្រះអង្គសង្រ្គោះមួយអង្គ ដែលជា « អ្នកធានា » នៃសេចក្តីសញ្ញារបស់យើងជាមួយនឹងព្រះវរបិតារបស់ទ្រង់ ។ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ព្រះវរបិតាបំពេញការសន្យាដែលបានធ្វើឡើងដល់បុត្រាបុត្រីរបស់ទ្រង់នៅក្នុងព្រះវិហារបរិសុទ្ធ ។
តាមរយៈសេចក្តីស្រឡាញ់ និងពលិកម្មដ៏ធួនរបស់ទ្រង់ ព្រះអង្គសង្គ្រោះរបស់យើងបានដោះស្រាយ និងបានព្យាបាលអ្វីៗគ្រប់យ៉ាងដែលយើងនឹងជួបប្រទះក្នុងជីវិត ។ ហើយដោយសារតែដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់—ដំណាក់នៃសេចក្តីអំណររបស់ទ្រង់—អ្វីៗទាំងអស់នឹងល្អប្រសើរឡើង ទោះបីជាមានការលំបាកក៏ដោយ ។ ប្រទាលផ្សះទុក្ខនៃការរក្សាសេចក្តីសញ្ញាបំបាត់ទុក្ខ ការឈឺចាប់ ទុក្ខសោក និងការខកចិត្ត ។ យើងមិនចាំបាច់មានការបារម្ភ ឬភ័យខ្លាចឡើយ ។ ផ្ទុយទៅវិញ យើងអាចមានអំណរដែលតម្លៃនៃការប្រោសលោះរបស់យើងត្រូវបានបង់ថ្លៃរួច ( សូមមើល កូរិនថូស ទី១ ៦:២០ ) ហើយថា ផ្លូវនៃសេចក្តីសញ្ញាទៅកាន់ជីវិតដ៏អស់កល្បជានិច្ចត្រូវបានរៀបចំជាស្រេច ។
ផ្លូវនៃសេចក្តីសញ្ញា គឺពិតជាផ្លូវនៃសេចក្តីស្រឡាញ់នៃការប្រោសលោះ ។ នៅពេលដែលយើងគោរពសេចក្តីសញ្ញាដែលយើងធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ នោះយើងទទួលបានពរជ័យនៃព្រះចេស្តាកាន់តែខ្លាំង សេចក្តីស្រឡាញ់កាន់តែច្រើន សេចក្តីមេត្តាករុណាកាន់តែច្រើន ការយល់ដឹងកាន់តែច្រើន និងសេចក្តីសង្ឃឹមកាន់តែច្រើន ។ ភាពអស្ចារ្យ និងភាពរុងរឿងនៃការផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ—នៃសមាជិកគ្រួសារដែលចងភ្ជាប់ជាមួយគ្នានៅក្នុងសេចក្តីស្រឡាញ់សម្រាប់ភាពអស់កល្បជានិច្ច—នាំមកនូវការស្ញប់ស្ញែង និងសេចក្តីអំណរដល់ព្រលឹងរបស់ខ្ញុំ ហើយបំពេញខ្ញុំដោយស្មារតីនៃការដឹងគុណ ។
« នៅពេលភាពចលាចលណាមួយកើតឡើងក្នុងជីវិតរបស់បងប្អូន កន្លែងដែលមានសុវត្ថិភាពបំផុតដើម្បីមានជីវិត ខាងវិញ្ញាណ គឺការរស់នៅ តាម សេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធរបស់បងប្អូន ! » ប្រធាន ណិលសុន បានទូន្មាន ។ ខ្ញុំដឹងចេញពីបទពិសោធន៍ដ៏ផ្អែមល្ហែម និងពេលខ្លះល្វីងជូរចត់របស់ខ្ញុំអំពីសេចក្តីពិតនៃប្រសាសន៍ទាំងនោះ ។
ជែមស៍ ណាថានីល បាឡូ ដែលជាកូនច្បងរបស់ អ៊ីស្រាអែល និង អេលីសាបិត បាឡូ ដែលបានស្លាប់ភ្លាមៗបន្ទាប់ពីកើតនៅក្នុងខែឧសភា ឆ្នាំ១៨៤១ ។ ប៉ុន្មានឆ្នាំក្រោយមក គាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់គាត់ដោយជំនួសនៅក្នុងព្រះវិហារបរិសុទ្ធ ឡូហ្គែន យូថាហ៍ ។
រចនារូបភាពដោយ អេលែន ហ្គានស៍
ប្រមូលពួកគេទៅផ្ទះវិញ
បន្ទាប់ពី អ៊ីស្រាអែល បាឡូ បានលាកូនប្រុសតូចរបស់លោកជាលើកចុងក្រោយ លោកបានសរសេរទៅកាន់ភរិយារបស់លោកថា « គំនិតនៃការចាកឆ្ងាយរហូត ដោយមិនវិលទៅកាន់ផ្នូរ [ របស់ជែមស៍ ] វិញអស់មួយជីវិត បានធ្វើឲ្យខ្ញុំកើតទុក្ខស្ទើរតែប្រេះទ្រូង ហើយខ្ញុំបានយំនៅលើផ្នូររបស់គាត់ » ។
ខ្ញុំស្រមៃថាមានទឹកភ្នែកកាន់តែច្រើន—លើកនេះគឺជាទឹកភ្នែកនៃសេចក្តីអំណរ—ដែលត្រូវបានស្រក់នៅ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៨៨៩ ។ នៅថ្ងៃនោះ កុមារតូច ជែមស៍ ណាថានីល បាឡូ ត្រូវបានផ្សារភ្ជាប់ទៅនឹងឪពុកម្តាយរបស់គាត់នៅក្នុងព្រះវិហារបរិសុទ្ធ ឡូហ្គែន យូថាហ៍ ។ នៅពេលនោះ អ៊ីស្រាអែលបានទទួលមរណភាពទៅហើយ ដូច្នេះអ្នកផ្សេងទៀតបានឈរជាតំណាងសម្រាប់លោកនិង ជេមស៍ ។
ស៊ីស្ទើរ ខៀរ៉ុន និងខ្ញុំមាននូវការយល់ចិត្ដជាពិសេស និងមានចិត្តអាណិតអាសូរយ៉ាងខ្លាំងចំពោះអ៊ីស្រាអែល និង អេលីសាបិត ។ កូនច្បងរបស់យើង ជាកូនប្រុសឈ្មោះ ស៊ន បានស្លាប់ក្នុងអំឡុងពេលវះកាត់បេះដូង នៅពេលដែលគាត់មានអាយុត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ ។ នេះគឺជាការបាត់បង់ដ៏ធំបំផុតប្រៀបដូចជាផែនដីទាំងមូលបានរលាយទៅ ។ នៅពេលនោះ យើងឆ្ងល់ថា តើយើងអាចរស់រានមានជីវិតបានដែរឬទេ ។ យើងបានបញ្ចុះគាត់នៅក្នុងផ្នូរដ៏តូចមួយនៅក្នុងប្រទេសអង់គ្លេស ។ ដប់ប្រាំឆ្នាំក្រោយមក គ្រួសាររបស់យើងត្រូវបានស្នើសុំឲ្យផ្លាស់ទីចេញពីផ្ទះរបស់យើងនៅក្នុងចក្រភពអង់គ្លេស ដើម្បីបម្រើពេញម៉ោងនៅក្នុងសាសនាចក្រ ហើយយើងបានទុកផ្នូរតូចនោះចោល ។
យើងមិនបានបាត់បង់កូនរបស់យើងនៅលើការធ្វើដំណើរទៅទិសខាងលិចនោះទេ ហើយយើងក៏មិនបានរងទុក្ខលំបាកដែលមិនអាចយល់បានរបស់គ្រួសារ បាឡូដែរ ប៉ុន្តែយើងមានបានមាននូវការយល់ដឹងអំពីអ្វីដែលពួកគេបានឆ្លងកាត់។ ផ្នូរកូនប្រុសរបស់យើងគឺនៅសែនឆ្ងាយ ប៉ុន្តែដូចជាគ្រួសារបាឡូ យើងមានសេចក្តីជំនឿនៅជាប់នឹងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ និងលក្ខណៈដ៏អស់កល្បជានិច្ចនៃគ្រួសាររបស់យើងតាមរយៈសេចក្ដីសញ្ញានៃការផ្សារភ្ជាប់ដ៏បរិសុទ្ធ ។
យើងទាំងអស់គ្នាមានបុព្វការីជន និងមនុស្សជាទីស្រឡាញ់ផ្សេងទៀតដែលបានលាចាកលោកនេះទៅហើយ ដែលកំពុងនិយាយមកកាន់យើង « សូមកុំទុកឲ្យខ្ញុំនៅទីនេះអី » ។ ដោយសារតែសេចក្តីសញ្ញាក្នុងព្រះវិហារបរិសុទ្ធ នោះគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ ។ ការអំពាវនាវរបស់យើងគឺឲ្យស្រឡាញ់ពួកគេ បម្រើពួកគេ និងជួយប្រមូលពួកគេទៅផ្ទះវិញ ។
ព្រះវរបិតាសួគ៌របស់យើងស្រឡាញ់ពួកយើង ទ្រង់ស្រឡាញ់បងប្អូន និងខ្ញុំ ។ ទ្រង់បានប្រទានឲ្យពួកយើងនូវព្រះវិហារបរិសុទ្ធដើម្បីឲ្យ « អ្វីក៏ដោយដែល [ យើង ] ចងភ្ជាប់នៅលើផែនដី នោះនឹងត្រូវបានចងនៅស្ថានសួគ៌ដែរ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:៨; សូមមើលផងដែរ ម៉ាថាយ ១៨:១៨ ) ។ ទ្រង់បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់ដើម្បីផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ ដោយត្រួសត្រាយផ្លូវសម្រាប់យើងដើម្បីត្រូវបានផ្សារភ្ជាប់ទៅនឹងសមាជិកគ្រួសាររបស់យើងជារៀងរហូត និងមានការជួបជុំគ្រួសារដ៏អស់កល្បជានិច្ច ។
នោះជាមូលហេតុដែលយើងមានពិធីបរិសុទ្ធ ។ នោះជាមូលហេតុដែលយើងធ្វើសេចក្តីសញ្ញា ។ នោះជាមូលហេតុដែលយើងសាងសង់ព្រះវិហារបរិសុទ្ធ ។ នោះហើយជាមូលហេតុដែលយើងថ្វាយខ្លួនរបស់យើងចំពោះកិច្ចការ និងសិរីល្អរបស់ព្រះ ( សូមមើល ម៉ូសេ ១:៣៩ ) ។ នោះហើយជាមូលហេតុដែលយើងស្រក់ទឹកភ្នែកនៃសេចក្តីអំណរ ដោយដឹងថាការជួបជុំដ៏អស់កល្បជានិច្ចមួយកំពុងរង់ចាំយើង និងមនុស្សជាទីស្រឡាញ់របស់យើងនៅក្នុងទីវត្តមានរបស់ព្រះវរបិតា និងព្រះរាជបុត្រា ។
សូមឲ្យយើងរកឃើញសេចក្តីអំណរ និងភាពសុខសាន្តនៅពេលដែលយើងរក្សាសេចក្តីសញ្ញារបស់យើង និងចូលរួមជាមួយនឹងព្រះអម្ចាស់នៅក្នុងកិច្ចការសង្គ្រោះដ៏រុងរឿងរបស់ទ្រង់ ។
© ឆ្នាំ២០២៦ ដោយ Intellectual Reserve, Inc. All rights reserved. បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Liahona Message, February 2026 ។ Cambodian. 19933 258