« ចងចាំ ប្រធាន ណិលសុន » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៥ ។
ព័ត៌មានរបស់សាសនាចក្រ
ការចងចាំដល់ប្រធាន ណិលសុន
ក្រុមគ្រួសារ មិត្តភក្តិ និងថ្នាក់ដឹកនាំគោរពដល់ប្រធានទី ១៧ របស់សាសនាចក្រចំពោះសេចក្តីស្រឡាញ់ ការបម្រើ និងការលះបង់របស់លោកចំពោះព្រះយេស៊ូវគ្រីស្ទ ។
ពីរថ្ងៃបន្ទាប់ពីបិទសន្និសីទទូទៅ ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកគ្រួសារបានសរសើរតម្កើងដល់ប្រធាន រ័សុល អិម ណិលសុន ដែលជាឪពុក និងស្វាមីដ៏ទីស្រឡាញ់ មិត្តជាទីស្រឡាញ់ សិស្សដ៏ស្មោះស្ម័គ្រនៃព្រះយេស៊ូវគ្រីស្ទ និងព្យាការីដ៏បំផុសគំនិតមកពីព្រះ ។
ជីវិតរបស់ប្រធាន ណិលសុន « បានធ្វើជាសាក្សីអំពីទីបន្ទាល់ដែលបានប្តេជ្ញាចិត្តរបស់លោកក្នុងនាមជាព្យាការី និងអ្នកបម្រើរបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ប្រធាន ដាល្លិន អេក អូក បានមានប្រសាសន៍បែបនេះក្នុងអំឡុងពិធីបុណ្យសពរបស់ប្រធាន ណិលសុន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅក្នុងមជ្ឈមណ្ឌលសន្និសីទ ។ ប្រធាន អូក បានហៅប្រធាន ណិលសុន ដែលទើបទទួលមរណភាពទៅដោយសុខសាន្ដ នៅផ្ទះរបស់លោកនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ថា « មិត្តល្អបំផុតរបស់ខ្ញុំ និងជាគ្រូបង្រៀនដ៏មានប្រសិទ្ធភាពបំផុត » ។
ប្រធាន អូក ក៏បានហៅប្រធាន ណិលសុន ថាជា « អ្នកផ្សព្វផ្សាយសាសនារបស់អ៊ីស្រាអែលមួយរូបដែលមានឥទ្ធិពលជាងគេ តាមរយៈសកម្មភាពរបស់លោក » ។ លោកបានមានប្រសាសន៍ថា « ស្នាមញញឹម សំឡេងដ៏ស្រទន់ និងអំណាចនៃវត្តមានរបស់លោក បានធ្វើឲ្យរំជួលចិត្ត » ដល់ប្រជាជាតិ និងថ្នាក់ដឹកនាំសាសនាដទៃទៀត ។
ប្រធាន អូក និងអ្នកនិយាយប្រាំនាក់ផ្សេងទៀត បានគោរពដល់ប្រធាន ណិលសុន ចំពោះសេចក្តីស្រឡាញ់ ការបម្រើ និងការលះបង់របស់លោក ចំពោះព្រះយេស៊ូវគ្រីស្ទ និងកូនចៅរបស់ព្រះនៅទូទាំងពិភពលោក ។
ជាមួយនឹងអ្នកនិយាយផ្សេងទៀត លោកបានថ្លែងអំណរគុណដល់ស៊ីស្ទើរ វេនឌី វ៉តសុន ណិលសុន សម្រាប់ការយកចិត្តទុកដាក់ និងគាំទ្រប្រធាន ណិលសុន ក្នុងអំឡុងពេលជីវិតអាពាហ៍ពិពាហ៍ ១៩ ឆ្នាំកន្លងមកនេះរបស់ពួកលោក ។ លោកក៏បានថ្លែងអំណរគុណដល់ភរិយាដើមរបស់ប្រធាន ណិលសុន ដានហ្សេល វ៉ាត ណិលសុន និងកូនទាំង ១០ នាក់របស់ពួកលោក ចំពោះភាពស្មោះត្រង់របស់ពួកលោកចំពោះ « អ្វីដែលលោកបានបង្រៀន និងរស់នៅចំពោះវា » ។
អែលឌើរ ហែនរី ប៊ី អាវរិង ដែលបានបម្រើជាមួយប្រធាន អូក និង ប្រធាន ណិលសុន ក្នុងគណៈប្រធានទីមួយបានធ្វើទីបន្ទាល់អំពីការបម្រើជាព្យាការីរបស់ប្រធាន ណិលសុន និងសមត្ថភាព ថែមទាំងចិត្តរបស់លោកដើម្បីប្រទានពរដល់មនុស្សដទៃ ។
អែលឌើរ អាវរិង បានមានប្រសាសន៍ថា « កាលខ្ញុំបម្រើជាមួយលោកនៅក្នុងតួនាទីគណៈប្រធានទីមួយ ចាប់តាំងពីខែមករា ឆ្នាំ២០១៨មក ខ្ញុំបានក្លាយជាសាក្សីផ្ទាល់អំពីការពិតដែលថា ព្រះអម្ចាស់បំផុសគំនិតដល់ព្យាការីរបស់ទ្រង់ » ។ « ខ្ញុំមានអំណរគុណដែលបានស្គាល់ប្រធាន រ័សុល អិម ណិលសុន » ។
នៅក្នុងសុន្ទរកថារបស់ពួកលោក អែលឌើរ ជេហ្វ្រី អ័រ ហូឡិន នៃកូរ៉ុមនៃសាវកដប់ពីរនាក់ និងប្រធាន ខាំមៀល អិន ចនសុន ប្រធានសមាគមសង្គ្រោះទូទៅ បានកោតសរសើរប្រធាន ណិលសុន ចំពោះសេចក្តីសប្បុរសដែលមិនចេះរីងស្ងួតរបស់លោក ចំពោះមនុស្សទូទៅទាំងក្នុង និងក្រៅសាសនាចក្រ ។
អែលឌើរ ហូឡិន បានមានប្រសាសន៍ថា « ការមានឱកាសមើលឃើញលោកស្រឡាញ់មនុស្សទូទៅ ហើយពួកគេស្រឡាញ់លោកវិញ គឺជាអនុស្សាវរីយ៍ដ៏ល្អបំផុត » ។ លោកបានចងចាំប្រធាន ណិលសុន ថាជា « អ្នកកាន់ដៃ និងជាអ្នកព្យាបាលបេះដូង » ។
ប្រធាន ចនសុន បានបន្ថែមថា « ប្រធាន ណិលសុន បានផ្លាស់ប្តូរពិភពលោកតាមរយៈការប្រាស្រ័យទាក់ទងដែលលោកមានជាមួយនឹងមនុស្សម្ដងម្នាក់ៗ ហើយលោកបានអញ្ជើញយើងឲ្យធ្វើដូចគ្នា ដោយពឹងផ្អែកលើអំណាចរបស់ព្រះដែលយើងអាចទទួលបានក្នុងនាមជាស្រ្ដី និងបុរសនៃសេចក្ដីសញ្ញា » ។
កូនពីរនាក់របស់ប្រធាន ណិលសុន គឺ ឡូរី អិនម៉ាស និង រ័សុល អិម ណិលសុន ជុញ្ញ័រ បាននិយាយថា ឪពុករបស់ពួកគាត់រស់នៅដោយសប្បាយរីករាយ ព្រោះជីវិតរបស់លោកផ្តោតទៅលើព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ហើយចាត់ទុកការបម្រើដល់អ្នកដទៃជាអាទិភាព ។
ស៊ីស្ទើរ ម៉ាស បាននិយាយថា « យើងត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគេហដ្ឋានដែលផ្ដោតលើព្រះអង្គសង្គ្រោះ ហើយមានពេញទៅដោយអំណរ » ។ គាត់បាននិយាយទៀតថា គោលដៅរបស់គ្រួសារគឺដើម្បីក្លាយជាគ្រួសារអស់កល្បជានិច្ច ។
បងប្រុស ណិលសុន បានបន្ថែមថា ឪពុករបស់គាត់មិនដែលនឿយហត់ក្នុងការបម្រើឡើយ ។ « ប្រធាន ណិលសុន បានបង្ហាញយើងដោយផ្ទាល់ថា មិនមាន ‹ ការសម្រាក › ទេ នៅក្នុងទម្រង់នៃការស្តារឡើងវិញរបស់លោក ។ » គាត់បាននិយាយទៀតថា នៅពេលដែលត្រូវបានហៅឲ្យដឹកនាំសាសនាចក្រ ឪពុករបស់គាត់បានសន្យាថានឹងបម្រើព្រះវរបិតា និងព្រះរាជបុត្រារបស់ទ្រង់ រហូតដល់លោកបាត់បង់ជីវិត ។ « លោកបានធ្វើដូច្នោះពិតប្រាកដមែន ។ »
ម៉ាជូរី អិន ឡូដឺ និង ក្លូរីអា អិន អាយរីអុន ដែលជាកូនស្រីរបស់ប្រធាន ណិលសុន បានផ្តល់ការអធិស្ឋាននៅក្នុងពិធីបុណ្យសព ។ ក្រុមចម្រៀងរោងឧបោសថនៅឯវិសាលដ្ឋានព្រះវិហារបរិសុទ្ធបានច្រៀងក្នុងពិធីនោះ ។
ពិធីបុណ្យសពរបស់ប្រធាន ណិលសុន ត្រូវបានធ្វើឡើងមិនយូរប៉ុន្មាន បន្ទាប់ពីកម្មវិធីគោរពវិញ្ញាណក្ខន្ដល់លោកនៅថ្ងៃទី១ ខែតុលា ដែលបានធ្វើ និងចាក់ផ្សាយចេញពីរោងឧបោសថនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធ ។ ប្រធាន អូក អែលឌើរ ហូឡិន និងអែលឌើរ អាវរិង ព្រមទាំងប៊ីស្សពជាអធិបតីគឺ ជែរលដ៍ ឃូសេ អែលឌើរ ខាល ប៊ី ឃុក នៃគណៈប្រធានចិតសិបនាក់ និងប្រធានបឋមសិក្សាទូទៅគឺ ស៊ូសាន អេច ផតធ័រ បានផ្តល់កិត្តិយសដោយចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគាត់មានក្នុងការបម្រើជាមួយប្រធាន ណិលសុន និងអារម្មណ៍របស់ពួកគាត់អំពីជីវិតដ៏ជាគំរូរបស់លោក ការងារបម្រើដែលលោកមានដូចជាព្រះគ្រីស្ទ និងការបង្រៀនដែលពោរពេញដោយការបំផុសគំនិត ។
នៅក្នុងការចែកចាយរបស់លោក ប្រធាន អូក បានហៅប្រធាន ណិលសុន ថាជា « ព្យាការីនៃសេចក្តីស្រឡាញ់ » ដែល « បានផ្សព្វផ្សាយដំណឹងល្អនៃសេចក្តីស្រឡាញ់ » ។
សម្រាប់ព័ត៌មានបន្ថែមអំពីជីវិត និងការងារបម្រើរបស់ប្រធាន ណិលសុន សូមមើល In Memoriam: President Russell M. Nelson ឆ្នាំ ១៩២៤–២០២៥ ដែលបានបោះពុម្ពផ្សាយជាព័ត៌មានបន្ថែមទៅលើទស្សនាវដ្តីសាសនាចក្រ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។