បានបង្ហាញ និងពង្រឹងនៅក្នុងព្រះគ្រីស្ទ
ការផ្តល់គ្រាទាំងនេះមិនមែនជាភស្តុតាងថា ព្រះអម្ចាស់បោះបង់ចោលបងប្អូននោះទេ ។ ផ្ទុយទៅវិញ វាជាភស្តុតាងថា ទ្រង់ស្រឡាញ់បងប្អូនល្មមគ្រប់គ្រាន់ ដើម្បីបន្សុទ្ធ និងពង្រឹងបងប្អូន ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំទទួលក្ដីស្រឡាញ់ពីព្រះអម្ចាស់ កាលយើងជួបជុំគ្នា ។ ខ្ញុំមានចិត្តរាបទាប ពេលថ្លែងទៅកាន់បងប្អូន ។ ខ្ញុំអធិស្ឋានថា ព្រះវិញ្ញាណនឹងនាំចូលទៅក្នុងដួងចិត្តរបស់បងប្អូន នូវអ្វីដែលព្រះអម្ចាស់ចង់ឲ្យបងប្អូនស្ដាប់ឮ លើសពីពាក្យសម្ដីដែលខ្ញុំនឹងថ្លែងទៅទៀត ។
កាលយូរមកហើយ ខ្ញុំបានព្យាយាមរៀនរូបវិទ្យា និងគណិតវិទ្យាកាលជំនាន់ខ្ញុំរៀននៅមហាវិទ្យាល័យ ។ ខ្ញុំបានមានអារម្មណ៍សន្ធប់ ។ ខ្ញុំចាប់ផ្តើមមានអារម្មណ៍ថា ខ្ញុំកំពុងព្យាយាមរៀនអ្វីមួយដែលហួសពីសមត្ថភាពខ្ញុំ ។ កាលខ្ញុំមានអារម្មណ៍សន្ធប់កាន់តែខ្លាំង នោះខ្ញុំរឹតតែអស់កម្លាំងនឹងបន្ដព្យាយាមទៀត ។ ការបាក់ទឹកចិត្តរបស់ខ្ញុំនាំឲ្យខ្ញុំមានអារម្មណ៍ថា ការខិតខំរបស់ខ្ញុំសឹងតែគ្មានផ្លែផ្កាអ្វីសោះ ។ ខ្ញុំចាប់ផ្តើមគិតចង់បោះបង់វាចោល ទៅធ្វើអ្វីមួយដែលងាយស្រួលជាង ។
ខ្ញុំមានអារម្មណ៍ថាទន់ខ្សោយ ។ ពេលខ្ញុំអធិស្ឋាន ខ្ញុំទទួលអារម្មណ៍នូវការធានាដ៏ស្ងប់ស្ងាត់ពីព្រះអម្ចាស់ ។ ខ្ញុំមានអារម្មណ៍ថា ទ្រង់មានបន្ទូលមកក្នុងគំនិតខ្ញុំ « យើងសាកល្បងបុត្រ តែយើងក៏គង់នៅជាមួយបុត្រដែរ » ។
ខ្ញុំមិនបានយល់ពីអត្ថន័យទាំងស្រុងនៃពាក្យទាំងនោះទេកាលនោះ ។ ប៉ុន្តែខ្ញុំដឹងថាត្រូវធ្វើអ្វី—ខ្ញុំខំរៀន ។
តាមរយៈការជញ្ជឹងគិត និងការខំរៀនអំឡុងប៉ុន្មានឆ្នាំបន្ទាប់ពីនោះ ខ្ញុំបានយល់ពីសារលិខិតនៃការលើកទឹកចិត្តនេះនៅក្នុងព្រះគម្ពីរ ៖ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ។
ខ្ញុំបានរៀនថា ការពុះពាររបស់ខ្ញុំជាមួយរូបវិទ្យា តាមពិតទៅគឺជាអំណោយទានមកពីព្រះអម្ចាស់ទេតើ ។ ទ្រង់បង្រៀនខ្ញុំថា ដោយមានជំនួយរបស់ទ្រង់ ខ្ញុំអាចធ្វើអ្វីៗដែលមើលទៅហាក់ដូចជាមិនអាចទៅរួច បើខ្ញុំមានសេចក្ដីជំនឿថា ទ្រង់នឹងគង់នៅទីនោះដើម្បីជួយខ្ញុំ ។ តាមរយៈអំណោយទាននេះ ព្រះអម្ចាស់បានធ្វើការដើម្បីសាកល្បង និងពង្រឹងខ្ញុំ ។
ពាក្យថា សាកល្បង មានអត្ថន័យច្រើន ។ ការសាកល្បងអ្វីមួយ មិនមែនគ្រាន់តែតេស្ដវាសាកមើលនោះទេ ។ តែដើម្បីបង្កើនកម្លាំងរបស់វា ។ ការសាកល្បងដែកថែបមួយបំណែក គឺត្រូវដាក់វានៅក្រោមការប្រទាញប្រទង់ ។ កម្ដៅ ទម្ងន់ និងសម្ពាធត្រូវបានបន្ថែម រហូតដល់ធម្មជាតិពិតរបស់វាត្រូវបានបង្កើន និងបង្ហាញឡើង ។ ដែកថែបមិនបានចុះខ្សោយដោយសារការសាកល្បងនោះទេ ។ តាមពិតទៅ វាក្លាយជាអ្វីមួយដែលអាចទុកចិត្តបាន ជាអ្វីមួយដែលខ្លាំងគ្រប់គ្រាន់ដើម្បីទទួលបន្ទុកកាន់តែខ្លាំងជាងមុន ។
ព្រះអម្ចាស់សាកល្បងយើងតាមវិធីដូចគ្នានេះ ដើម្បីពង្រឹងយើង ។ ការសាកល្បងនោះមិនមែនមកក្នុងពេលងាយស្រួល ឬពេលស្រណុកស្រួលនោះទេ ។ វាកើតឡើងក្នុងពេលដែលយើងមានអារម្មណ៍ថា វាទាញយើងលើសពីសមត្ថភាពអតិបរមារបស់យើង ដែលយើងគិតថាអាចទ្រាំទ្របាន ។ ព្រះអម្ចាស់បង្រៀនថា យើងត្រូវបន្តរីកចម្រើន និងមិនដែលនឿយណាយក្នុងការខិតខំរបស់យើងឡើយ ថាយើងមិនត្រូវបោះបង់ឡើយ ថាយើងត្រូវបន្ដព្យាយាមទៀត ។
នៅពេលយើងបន្តមានសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ—ទោះជាពេលអ្វីៗអាចមើលទៅមិនអាចទៅរួចសម្រាប់យើងនៅពេលនោះក៏ដោយ—យើងអាចបានកាន់តែរឹងមាំឡើងខាងវិញ្ញាណ ។ កំណត់ត្រាបទគម្ពីរដ៏ពិសិដ្ឋគូសបញ្ជាក់ពីសេចក្ដីពិតនេះ ។
ឧទាហរណ៍ ព្យាការីមរ៉ូណៃត្រូវបានសាកល្បង និងពង្រឹងតាមរបៀបបែបនោះ ។ លោកបានរស់នៅជីវិតចុងក្រោយរបស់លោកតែម្នាក់ឯង ។ លោកបានសរសេរថា លោកមិនមានមិត្តភក្តិទេ ថាឪពុករបស់លោកត្រូវគេសម្លាប់ ប្រជាជនរបស់លោកត្រូវគេបំផ្លាញបង់ ។ លោកត្រូវគេដេញតាម ពីសំណាក់មនុស្សដែលចង់ឆក់យកជីវិតរបស់លោក ។
ប៉ុន្តែ មរ៉ូណៃមិនបានអស់សង្ឃឹមទេ ។ ផ្ទុយទៅវិញ លោកឆ្លាក់ទីបន្ទាល់របស់លោកអំពីព្រះយេស៊ូវគ្រីស្ទលើផ្ទាំងចំណារ សម្រាប់មនុស្សដែលលោកលែងមានជីវិតដើម្បីនឹងមើលឃើញ រួមទាំងកូនចៅរបស់មនុស្សដែលចង់សម្លាប់លោកផងដែរ ។ លោកសរសេរសម្រាប់ពួកយើង ។ លោកដឹងថា អ្នកខ្លះនឹងសើចចំអកដាក់ពាក្យសម្ដីរបស់លោក ។ លោកដឹងថា អ្នកខ្លះនឹងបដិសេធពាក្យសម្ដីទាំងនោះ ។ ប៉ុន្តែលោកនៅតែបន្តសរសេរ ។
នៅក្នុងការសាកល្បងរបស់លោក សេចក្ដីជំនឿរបស់មរ៉ូណៃត្រូវបានបន្សុទ្ធ និងពង្រឹង ។ វាកាន់តែក្លាយជាបរិសុទ្ធ ។ ពាក្យសម្ដីរបស់លោកផ្ទុកនូវអំណាចរបស់មនុស្សម្នាក់ ដែលបានស៊ូទ្រាំដោយស្មោះត្រង់រហូតដល់ទីបញ្ចប់ ។ យើងអាចទទួលអារម្មណ៍ពីអំណាចនោះ នៅពេលយើងអានទីបន្ទាល់របស់លោក ៖
« ឥឡូវនេះ ខ្ញុំ មរ៉ូណៃ សរសេរខ្លះអំពីអ្វីដែលខ្ញុំយល់ឃើញថាល្អ ហើយខ្ញុំសរសេរនេះទៅកាន់ពួកបងប្អូនខ្ញុំ គឺពួកសាសន៍លេមិន ហើយខ្ញុំចង់ឲ្យពួកគេដឹងថា ជាងបួនរយម្ភៃឆ្នាំបានកន្លងមកហើយ ចាប់តាំងពីបានទទួលទីសម្គាល់អំពីការយាងមកនៃព្រះគ្រីស្ទ ។
ហើយខ្ញុំនឹងបិទបញ្ជីទាំងនេះ បន្ទាប់ពីខ្ញុំបាននិយាយនូវពាក្យបន្តិចបន្តួចទុកជាសេចក្ដីទូន្មានដល់អ្នករាល់គ្នា ។
មើលចុះ ខ្ញុំសូមទូន្មានដល់អ្នករាល់គ្នាថា កាលណាអ្នករាល់គ្នាបានអានការណ៍ទាំងនេះ បើសិនជាប្រាជ្ញានៅក្នុងព្រះថា អ្នករាល់គ្នាបានអានការណ៍ទាំងនេះ នោះសូមឲ្យអ្នករាល់គ្នានឹកឃើញថា តើព្រះអម្ចាស់ទ្រង់មានសេចក្ដីមេត្តាករុណាយ៉ាងណាដល់កូនចៅមនុស្ស ចាប់តាំងពីកំណើតលោកអ័ដាមមក រហូតមកដល់ពេលដែលអ្នករាល់គ្នា បានទទួលការណ៍ទាំងនេះ ហើយសូមរំពឹងគិតនៅក្នុងចិត្តអ្នកចុះ ។
ហើយកាលណាអ្នករាល់គ្នាបានទទួលនូវការណ៍ទាំងនេះ នោះខ្ញុំសូមទូន្មានដល់អ្នករាល់គ្នា ឲ្យសូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ បើសិនជាការណ៍ទាំងនេះមិនពិត ហើយបើសិនជាអ្នករាល់គ្នា សូមសួរដោយចិត្តស្មោះសរ គឺដោយស្មោះអស់ពីចិត្ត ដោយមានសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ នោះទ្រង់នឹងសម្ដែងសេចក្ដីពិតនៃការណ៍នេះដល់អ្នក ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។
ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចស្គាល់សេចក្ដីពិតនៃគ្រប់ការណ៍ទាំងអស់ » ។
ទីបន្ទាល់របស់មរ៉ូណៃត្រូវបានបន្សុទ្ធនៅក្នុងភាពឯកោ ប៉ុន្ដែវាចែងចាំងឡើងដោយពន្លឺ ដើម្បីណែនាំដល់មនុស្សគ្រប់ជំនាន់ ឲ្យស្វែងរកព្រះវរបិតាដែលគង់នៅស្ថានសួគ៌ និងព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
ព្យាការីព្រះគម្ពីរមរមនមួយរូបទៀត គឺយ៉ាកុប ត្រូវបានសាកល្បង និងពង្រឹងកាលនៅក្មេងនៅឡើយ ដែលបានរងទុក្ខវេទនា និងការសោកសៅដ៏ច្រើន ។ ប៉ុន្តែឪពុករបស់លោក លីហៃ បានបង្រៀនលោកថា ព្រះនឹងប្រទានពរដល់លោក តាមរយៈការសាកល្បងរបស់លោក ។
« ហើយមើលចុះ កាលពីវ័យក្មេង កូនបានរងទុក្ខវេទនា និងការសោកសៅដ៏ច្រើន ដោយព្រោះការទ្រគោះរបស់បងៗកូន ។
ទោះជាយ៉ាងនេះក៏ដោយ យ៉ាកុប ឱកូនច្បងរបស់ឪពុក ដែលបានកើតនៅក្នុងទីរហោស្ថានអើយ កូនបានស្គាល់ភាពខ្លាំងក្លារបស់ព្រះ ហើយទ្រង់នឹងធ្វើឲ្យសេចក្ដីវេទនាទាំងឡាយរបស់កូន ក្លាយទៅជាផលប្រយោជន៍ដល់កូនវិញ ។
ហេតុដូច្នោះហើយ ព្រលឹងកូននឹងបានពរ ហើយកូននឹងរស់នៅដោយសុខសាន្តជាមួយនឹងបងរបស់កូនគឺនីហ្វៃ ហើយជីវិតរបស់កូន នោះនឹងត្រូវបានចំណាយក្នុងការបម្រើព្រះរបស់កូន ។ ហេតុដូច្នោះហើយ ឪពុកដឹងថា កូនត្រូវបានប្រោសលោះឲ្យរួច ពីព្រោះតែសេចក្ដីសុចរិតនៃព្រះដ៏ប្រោសលោះរបស់កូន ដ្បិតកូនបានឃើញថា ដល់កាលដ៏ពេញកំណត់ នោះទ្រង់នឹងយាងមកប្រទានសេចក្ដីសង្គ្រោះដល់មនុស្សលោក » ។
ព្យាការី យ៉ូសែប ស្ម៊ីធ បានជួបនឹងការសាកល្បង និងការពង្រឹងបែបនេះដែរ នៅពេលលោកជាប់នៅក្នុងគុកលិបើទី ។ នៅក្នុងការឈឺចាប់ដ៏ជ្រាលជ្រៅរបស់លោក ព្យាការីយ៉ូសែបបានស្រែកអំពាវនាវ ៖
« ឱ ព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? …
« តើព្រះហស្តទ្រង់នឹងទប់ទុកដល់ណាទៅ ? »
ព្រះអម្ចាស់បានទតឃើញឥទ្ធិពលបន្សុទ្ធនៃការដែលលោកបានស៊ូទ្រាំយ៉ាងហ្មត់ចត់ នៅក្នុងការរងទុក្ខរបស់យ៉ូសែប នៅពេលទ្រង់បានឆ្លើយតប ៖
« បុត្រយើងអើយ ចូរមានសេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ សេចក្ដីទំនាស់ និងសេចក្ដីទុក្ខលំបាករបស់អ្នក នោះគ្រាន់តែមួយភ្លែតប៉ុណ្ណោះទេ
ហើយខណៈនោះ បើសិនជាអ្នកស៊ូទ្រាំការណ៍នោះដោយហ្មត់ចត់ នោះព្រះទ្រង់នឹងតម្កើងអ្នកឡើងនៅស្ថានខ្ពស់ អ្នកនឹងបានជ័យជម្នះលើពួកខ្មាំងសត្រូវរបស់អ្នកទាំងអស់ » ។
គំរូដ៏អស្ចារ្យបំផុតនៃការសាកល្បង និងការពង្រឹងបានកើតឡើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ទ្រង់បានលើកដាក់មកលើព្រះអង្គទ្រង់នូវអំពើបាបរបស់ពិភពលោកនេះ ។ ទ្រង់បានរែកការឈឺចាប់ និងទុក្ខសោករបស់យើង ។ ទ្រង់បានផឹកពែងល្វីង ។ ទ្រង់បានបង្ហាញពីភាពស្មោះត្រង់គ្រប់ពេលវេលាទាំងអស់ ។
ដោយសារតែដង្វាយធួនដ៏រុងរឿងរបស់ទ្រង់ នោះព្រះយេស៊ូវគ្រីស្ទអាចពង្រឹងយើងបាន នៅគ្រាដែលយើងជួបនឹងការសាកល្បង ។ ទ្រង់ជ្រាបពីរបៀបជួយយើង ព្រោះទ្រង់បានយល់ពីបញ្ហាប្រឈមទាំងអស់ដែលយើងនឹងជួបនៅក្នុងជីវិតរមែងស្លាប់ ។ « ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់ … ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ » ។
យើងដឹងថា ខណៈនៅក្នុងសួនច្បារគែតសេម៉ានី ព្រះអង្គសង្គ្រោះបានទូលសូមព្រះវរបិតាថា តើការសាកល្បងនេះអាចកន្លងហួសពីទ្រង់បានទេ—ប៉ុន្តែក្រោយមក ទ្រង់ក៏មានបន្ទូលដែរថា សូមតាមតែព្រះហឫទ័យទ្រង់វិញ រួចហើយព្រះអង្គសង្គ្រោះក៏បានធ្វើវា ។ និយាយម្យ៉ាងទៀតគឺ ព្រះអង្គសង្គ្រោះក៏មានការសង្ស័យ និងភាពមិនប្រាកដប្រជាដែរ ប៉ុន្តែទ្រង់មានសេចក្តីជំនឿលើព្រះវរបិតាសួគ៌របស់ទ្រង់ ។
បងប្អូនប្រុសស្រី ការសាកល្បង និងការពង្រឹងរបស់បងប្អូនប្រហែលជាមិនដូចការសាកល្បងរបស់មរ៉ូណៃ យ៉ាកុប ឬព្យាការីយ៉ូសែបទេ ។ ប៉ុន្តែវានឹងកើតឡើង ។ វាអាចមកដោយស្ងាត់ៗ តាមរយៈការសាកល្បងក្នុងជីវិតគ្រួសារ ។ វាអាចមកតាមរយៈជំងឺ ឬការខកចិត្ត ឬការកើតទុក្ខ ឬភាពឯកោ ។
ខ្ញុំធ្វើជាសាក្សីថា គ្រាទាំងនេះមិនមែនជាភស្តុតាងថា ព្រះអម្ចាស់បោះបង់ចោលបងប្អូននោះទេ ។ ផ្ទុយទៅវិញ វាជាភស្តុតាងថា ទ្រង់ស្រឡាញ់បងប្អូនល្មមគ្រប់គ្រាន់ ដើម្បីបន្សុទ្ធ និងពង្រឹងបងប្អូន ។ ទ្រង់កំពុងធ្វើឲ្យបងប្អូនរឹងមាំល្មមគ្រប់គ្រាន់ដើម្បីរែកទម្ងន់ជីវិតដ៏អស់កល្បជានិច្ចបាន ។
បើយើងនៅបន្ដស្មោះត្រង់ក្នុងការបម្រើរបស់យើង នោះព្រះអម្ចាស់នឹងបន្សុទ្ធយើង ។ ទ្រង់នឹងពង្រឹងយើង ។ នៅថ្ងៃមួយ យើងនឹងក្រឡេកមើលក្រោយ ហើយឃើញថា ការសាកល្បងទាំងអស់នោះគឺជាភស្ដុតាងនៃសេចក្ដីស្រឡាញ់របស់ទ្រង់ ។ យើងនឹងឃើញថា ទ្រង់បានសម្រិតសម្រាំងយើង ដើម្បីអាចឈរជាមួយទ្រង់នៅក្នុងសិរីល្អបាន ។ ដូចសាវកប៉ុលនៃព្រះអម្ចាស់បានថ្លែងនៅចុងបញ្ចប់ជីវិតរបស់លោកផ្ទាល់ថា « ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះស្គាល់បងប្អូន ។ ទ្រង់ជ្រាបពីការសាកល្បងដែលបងប្អូនប្រឈមមុខ ។ ទ្រង់គង់ជាមួយនឹងបងប្អូន ។ ទ្រង់នឹងពុំបោះបង់ចោលបងប្អូនឡើយ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះរាជបុត្រានៃព្រះ ។ ទ្រង់គឺជាកម្លាំង ជាព្រះប្រោសលោះ និងជាសេចក្ដីសង្ឃឹមរបស់យើង ។ បើយើងទុកចិត្តទ្រង់ នោះទ្រង់នឹងធ្វើឲ្យអំណាចខាងវិញ្ញាណរបស់យើង បានស្មើនឹងការសាកល្បងទាំងអស់ដែលយើងត្រូវបានហៅឲ្យរែកពន្ធ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕