« ពរជ័យទាំងឡាយនៃការស្ដារឡើងវិញ » លីអាហូណា ខែមករា ឆ្នាំ២០២៥ ។
ចូរមកតាមខ្ញុំ
គោលលទ្ធិ និងសេចក្តីសញ្ញា ១; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១–២៦
ពរជ័យទាំងឡាយ នៃ ការស្ដារឡើងវិញ
ដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ បានប្រទានពរដល់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ហើយវានឹងបន្តទៅមុខដើម្បីផ្ដល់ពរដល់ពិភពលោកទាំងមូល ។
រូបថតបន្ទប់ផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ សូវ៉ា ហ្វីជី
នៅនិទាឃរដូវឆ្នាំ១៨២០ ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ដែលត្រូវការចម្លើយបានចូលទៅក្នុងព្រៃមួយ ។ លោកចង់ដឹងថាតើព្រះវិហារមួយណាដែលនៅជិតកន្លែងលោករស់នៅ ដែលលោកគួរចូលរួម ។ ដោយការរៀននៅក្នុងព្រះគម្ពីរថា « បើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ( យ៉ាកុប ១:៥ ) យុវជនរូបនេះបានចូលទៅក្នុងព្រៃ ហើយបានបើកដួងចិត្តរបស់លោកទៅកាន់ព្រះ ។ នៅពេលលោកបានអធិស្ឋាន នោះស្ថានសួគ៌ក៏បើកចំហ ។
ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានលេចមកឯ យ៉ូសែប ស្ម៊ីធ ហើយបានឆ្លើយតបការអធិស្ឋានរបស់លោក ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦–២០ ) ។ ព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះចាប់ផ្ដើមដំណើរការនៃការស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អដ៏អស់កល្បអស់កាលជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទ ។ ចំណេះដឹងនេះបានផ្តល់ពរជ័យដល់ជីវិតខ្ញុំយ៉ាងខ្លាំង ប៉ុន្តែខ្ញុំត្រូវចំណាយពេលមួយរយៈដើម្បីទទួលបានទីបន្ទាល់សម្រាប់ខ្លួនខ្ញុំ ។
ព្រះយេស៊ូវគ្រីស្ទបានស្ដារសាសនាចក្ររបស់ទ្រង់ឡើងវិញ
កាលពីឆ្នាំមុន ខ្ញុំមានអារម្មណ៍ដូចជាយុវជន យ៉ូសែប ណាស់ ។ ខ្ញុំបានច្របូកច្របល់ដោយ « ចម្បាំងខាងពាក្យសម្ដី និងការជ្រួលច្របល់ខាងគំនិតជឿនេះ » ( យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០ ) ចេញមកពីព្រះវិហារជាច្រើននៅហ្វីជី ។ ពេលខ្ញុំជួបអ្នកពួកផ្សព្វផ្សាយសាសនាដំបូង ខ្ញុំមានសំណួរជាច្រើន ។ អ្នកខ្លះបានចំអកថា ខ្ញុំជាអ្នករៀនយឺត ដោយសារខ្ញុំបានចំណាយពេលប្រាំបីឆ្នាំដើម្បីស្វែងរកសាសនាចក្រ ។ ការប្រែចិត្តជឿរបស់ខ្ញុំបានចាប់ផ្តើមតាមរយៈការយល់ដឹងអំពីឈ្មោះរបស់សាសនាចក្រ ។
ក្នុងអំឡុងពេលនៃការងារបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បានបង្កើតសាសនាចក្ររបស់ទ្រង់ ។ យូរៗទៅ គោលលទ្ធិ និងសិទ្ធិអំណាចបព្វជិតភាពនៃសាសនាចក្ររបស់ទ្រង់បានបាត់បង់ ។ នៅជំនាន់របស់យើង តាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ព្រះយេស៊ូវគ្រីស្ទ បានស្ដារឡើងវិញនូវសាសនាចក្រដូចគ្នា ដែលទ្រង់បានបង្កើតឡើងនៅពេលទ្រង់មានព្រះជន្មនៅលើផែនដី ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:៦ ) ។ ទ្រង់ក៏បានបញ្ជាតាមរយៈវិវរណៈដែរថា « ដ្បិតសាសនាចក្ររបស់យើងនឹងត្រូវបានហៅថាដូច្នោះ ហើយនៅគ្រាចុងក្រោយបង្អស់ គឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១១៥:៤ ) ។
សាសនាចក្រនេះយកតាមព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ពីព្រោះសាសនាចក្រគឺជាសាសនាចក្រ របស់ទ្រង់ ! បន្ទាប់ពីប្រាំបីឆ្នាំ សេចក្តីពិតនេះបានដក់ជាប់ក្នុងដួងចិត្ត និងគំនិតរបស់ខ្ញុំ ។ ខ្ញុំបានជ្រមុជទឹកនៅអាយុ ២៧ ឆ្នាំ ហើយមិនយូរប៉ុន្មានត្រូវបានហៅឲ្យធ្វើជាទីប្រឹក្សាក្នុងគណៈប្រធានយុវជនវួដ និងជាគ្រូបង្រៀនថ្នាក់សិក្ខាសាលាពេលព្រលឹម ។ នៅលើផ្លូវនេះ ទីបន្ទាល់របស់ខ្ញុំបានបន្តរីកចម្រើន ។
ការស្ដារឡើងវិញនៅតែបន្ត
ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ នៅពេលខ្ញុំបង្រៀនថ្នាក់សិក្ខាសាលា ចូលរួមការប្រជុំសាក្រាម៉ង់ និងស្តាប់សន្និសីទទូទៅ ។ ខ្ញុំក៏បានទទួលអារម្មណ៍ពីឥទ្ធិពលនៃការសម្រាលទុក្ខ ការលួងលោម និងការបំផុសគំនិតនៃព្រះវិញ្ញាណ នៅពេលខ្ញុំអានព្រះគម្ពីរមរមន—ដែលជាភស្តុតាងជាក់ស្តែង និងការបង្ហាញពីការស្ដារឡើងវិញ និងការហៅជាព្យាការីរបស់ យ៉ូសែប ស្ម៊ីធ ។
នៅពេលព្រះអម្ចាស់បានហៅយ៉ូសែប « ហើយបាននិយាយមកកាន់លោកពីលើស្ថានសួគ៌ ហើយបានប្រទានព្រះបញ្ញត្តិទាំងឡាយដល់លោក » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:១៧ ) ទ្រង់បានបង្ហាញថា ទ្រង់ពិតជា « បានបំភ្លឺគំនិតមនុស្សលោក ហើយហៅពួកគេឲ្យមករកកិច្ចការដ៏បរិសុទ្ធរបស់ទ្រង់នៅសម័យ និងជំនាន់នេះ ក៏ដូចជានៅជំនាន់បុរាណដែរ » ហើយថា « ទ្រង់ជាព្រះនៅតែដដែល ទោះពីម្សិលមិញ ថ្ងៃនេះ និងរហូតតទៅ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ២០:១១–១២ ) ។
ការស្ដារឡើងវិញ ដែលបានចាប់ផ្តើមជាមួយនឹងយ៉ូសែប នៅតែបន្តនៅសព្វថ្ងៃនេះដដែល ។ ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងត្រូវបានហៅឲ្យនិយាយនៅក្នុងព្រះនាមរបស់ព្រះអង្គសង្រ្គោះ ដើម្បី « ឲ្យសេចក្ដីជំនឿអាចបានកើនឡើងនៅលើផែនដី … » របស់ទ្រង់ « ដើម្បីឲ្យសេចក្ដីសញ្ញាដ៏អស់កល្បជានិច្ច … អាចបានតាំងឡើង » និង « ភាពពោរពេញនៃដំណឹងល្អ [ របស់ទ្រង់ ] អាចបានប្រកាសប្រាប់ដោយពួកកម្សោយ និងពួករាបទាបដល់អស់ចុងផែនដី » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១:២១–២៣ ) ។ យើងមានពរជ័យដែលអាចជួយស្ថាបនាសាសនាចក្រ និងរៀបចំពិភពលោកសម្រាប់ថ្ងៃនោះ នៅពេលព្រះយេស៊ូវគ្រីស្ទយាងមក ។
អែលឌើរ និងស៊ីស្ទើរ វ៉ាកូឡូ ( នៅចុងខាងស្ដាំ ) បានទទួលអំណោយទានពិសិដ្ឋ និងផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ នូគូអាឡូហ្វា តុងហ្គា នាខែសីហា ឆ្នាំ១៩៩៥ មួយឆ្នាំបន្ទាប់ពីអែលឌើរ វ៉ាកូឡូ បានចូលរួមសាសនាចក្រ ។ ពួកគាត់នៅទីនេះជាមួយនឹងគណៈប្រធានព្រះវិហារបរិសុទ្ធ ។
អំណរគុណចំពោះព្យាការីយ៉ូសែប
មួយឆ្នាំបន្ទាប់ពីបុណ្យជ្រមុជទឹករបស់ខ្ញុំ ភរិយាខ្ញុំ អានីតា និងខ្ញុំបានធ្វើដំណើរទៅព្រះវិហារបរិសុទ្ធ នូគូអាឡូហ្វា តុងហ្គា ដើម្បីផ្សារភ្ជាប់សម្រាប់វេលាកាល និងចំពោះអស់ទាំងភាពអស់កល្បជានិច្ច ។ ទីបន្ទាល់របស់ខ្ញុំអំពីការស្ដារឡើងវិញបានធ្វើឲ្យការទៅព្រះវិហារបរិសុទ្ធមានអត្ថន័យយ៉ាងខ្លាំង ។ ដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទពិតជាមានន័យគ្រប់យ៉ាង ! បេះដូងរបស់ខ្ញុំពោរពេញដោយអំណរគុណចំពោះពរជ័យដែលដំណឹងល្អបាននាំមកដល់រូបខ្ញុំ និងគ្រួសាររបស់ខ្ញុំ ។
ពរជ័យដ៏មានតម្លៃទាំងនេះបានមាននៅលើពិភពលោកតាមរយៈ ៖ « យ៉ូសែប ស៊្មីធ ដែលជាព្យាការី និងអ្នកមើលឆុតរបស់ព្រះអម្ចាស់ [ ដែល ] បានធ្វើកិច្ចការជាច្រើន ដើម្បីនាំឲ្យមានសេចក្ដីសង្គ្រោះដល់មនុស្សជាងនរណាៗទាំងអស់ដែលធ្លាប់រស់នៅលើផែនដីនេះ លើកលែងតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៥:៣ ) ។ យើងត្រូវតែមានអំណរគុណ—ហើយមិនត្រូវបាត់បង់ការមើលឃើញ—អ្វីដែលយើងត្រូវបានផ្តល់ឲ្យតាមរយៈព្យាការីនៃគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះទេ ។
តាមរយៈយ៉ូសែប យើងយល់អំពីទំនាក់ទំនងនៃសេចក្តីសញ្ញារបស់យើងជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ យើងមានបព្វជិតភាព និងពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាដែលបានស្ដារឡើងវិញ ។ នៅក្នុងបទពិសោធន៍របស់យ៉ូសែបនៅក្នុងព្រៃពិសិដ្ឋ យើងរៀនថា សូម្បីតែមុនពេលដែលព្រះវរបិតាបានណែនាំឲ្យស្គាល់ព្រះរាជបុត្រាទ្រង់ ជាព្រះយេស៊ូវគ្រីស្ទ ទ្រង់បានហៅយ៉ូសែបតាមឈ្មោះ ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧ ) ។ ទ្រង់ក៏ស្គាល់ យើង តាមឈ្មោះផងដែរ ។ ហើយដូចជាទ្រង់បានបើកស្ថានសួគ៌ ហើយឆ្លើយតបការអធិស្ឋានដ៏សាមញ្ញ និងអស់ពីដួងចិត្តរបស់ក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ នោះទ្រង់ក៏នឹងឆ្លើយតបការអធិស្ឋានរបស់យើងតាមព្រះឆន្ទៈ មាគ៌ា និងពេលវេលារបស់ទ្រង់ផ្ទាល់ដែរ ដោយមិនគិតពីអាយុរបស់យើងឡើយ ។ សេចក្តីពិតទាំងនេះបានដក់ជាប់ក្នុងព្រលឹងខ្ញុំយ៉ាងជ្រៅ ។ ខ្ញុំធ្វើជាសាក្សីថា វាជាការពិត ។
ខ្ញុំសង្ឃឹមថា ខ្ញុំជាមនុស្សម្នាក់ដែលធ្វើអំពើល្អក្នុងពិភពលោកនេះ ។ ប្រសិនបើខ្ញុំបានធ្វើល្អ នោះ យ៉ូសែប ស្ម៊ីធ បានធ្វើការជាច្រើនដើម្បីរួមចំណែកដល់ការណ៍ល្អនេះ ។ ជីវិតរបស់ខ្ញុំនឹងមិនបានដូចសព្វថ្ងៃនេះទេ ខ្ញុំនឹងមិនអាចធ្វើជាស្វាមី និងជាឪពុក ដូចជារូបខ្ញុំធ្វើឥឡូវនេះទេ ហើយខ្ញុំក៏នឹងមិនសប្បាយចិត្តដូចដែលខ្ញុំសប្បាយនៅឥឡូវនេះដែរ ប្រសិនបើគ្មានដំណឹងល្អដែលបានស្ដារឡើងវិញ ដែលព្យាការីយ៉ូសែបបានបូជាជីវិតរបស់លោកដើម្បីនាំមកពិភពលោកនោះទេ ។ ដំណឹងល្អផ្តល់ឲ្យខ្ញុំនូវភាពភ្លឺស្វាង និងក្តីសង្ឃឹម ។ សម្រាប់រឿងនេះ ខ្ញុំនឹងមានអំណរគុណជារៀងរហូតចំពោះព្យាការីយ៉ូសែប ។
គ្រប់ពេលវេលា គ្រប់ទីកន្លែង
ខ្ញុំកាន់ព្រះគម្ពីរមរមនមួយក្បាលនៅគ្រប់ទីកន្លែងដែលខ្ញុំទៅ ដោយសង្ឃឹមថា ខ្ញុំអាចជូនព្រះគម្ពីរនេះដល់នរណាម្នាក់ ហើយណែនាំពួកគេឲ្យស្គាល់ដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានចែកចាយរាប់រយក្បាលនៅទូទាំងពិភពលោក ។ ខ្ញុំចូលចិត្តចែកចាយសារលិខិតនៃការស្ដារឡើងវិញ—គ្រប់ពេលវេលា គ្រប់ទីកន្លែង ។
ការណ៍នេះជាការពិត ជាពិសេសនៅពេលបង្រៀន និងថ្លែងទីបន្ទាល់ដល់កូនរបស់ខ្ញុំ ជាមួយភរិយារបស់ខ្ញុំ អានីតា នៅក្នុងផ្ទះរបស់យើង ។ កូនស្រីរបស់យើងបច្ចុប្បន្នកំពុងបម្រើបេសកកម្មនៅទីក្រុងញូវយ៉ក ស.រ.អា. ។ យើងបានប្រាប់នាងថា « ចូរទៅថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះនៅផ្នែកនៃពិភពលោកដែលកូនត្រូវបានចាត់ទៅចុះ ។ ម៉ាក់ និងប៉ារបស់កូននឹងធ្វើដូចគ្នានៅក្នុងផ្នែករបស់យើងនៃពិភពលោកនេះ » ។ យើងចូលចិត្តធ្វើបច្ចុប្បន្នភាពប្រាប់គ្នាទៅវិញទៅមកអំពីការបម្រើរបស់យើង ។ ហើយឥឡូវនេះ យើងមានចៅស្រីអាយុបួនឆ្នាំម្នាក់ ។ ក្តីសង្ឃឹម និងបំណងប្រាថ្នានៃដួងចិត្តរបស់ខ្ញុំគឺថា នាងនឹងឮជាញឹកញាប់ ហើយចងចាំជានិច្ចនូវការថ្លែងទីបន្ទាល់របស់ជីតានាងអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។
យើងទាំងអស់គ្នាអាចថ្លែងទីបន្ទាល់អំពីពរជ័យនៃដំណឹងល្អដែលបានស្ដារឡើងវិញ—គ្រប់ពេលវេលា គ្រប់ទីកន្លែង—នៅពេលយើងរស់នៅក្នុងជីវិតជាគំរូនៃសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ។ យើងអាចចែកចាយព្រះគម្ពីរមរមន ៖ សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ ហើយយើងអាចថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគ្រីស្ទបានស្ដារឡើងវិញនូវភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ ហើយដឹកនាំសាសនាចក្រនៅសព្វថ្ងៃនេះ ។ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « វិវរណៈបន្ដចាក់ស្រោចមកពីព្រះអម្ចាស់អំឡុង [ ដំ ] ណើរការបន្ដបន្ទាប់នៃការស្ដារឡើងវិញនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការណ៍នេះបន្តតាមរយៈកូនសោបព្វជិតភាពដែលមិនផ្ដាច់ ដែលព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈដែលបំផុសគំនិតបានកាន់ ណែនាំ និងជួយយើងចងភ្ជាប់ខ្លួនយើងជាមួយនឹងព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ។
នេះគឺជាសាក្សី និងទីបន្ទាល់របស់ខ្ញុំ ។ ខ្ញុំរីករាយនឹងចែកចាយវាជានិច្ច ហើយមិនដែលសង្ស័យឡើយ ។