2024
ប្រធាន ណិលសុន ប្រារព្ធ​ពិធីខួប​កំណើត​គម្រប់​ជន្មាយុ ១០០ ឆ្នាំ
ខែវិច្ឆិកា ឆ្នាំ២០២៤


« ប្រធាន ណិលសុន ប្រារព្ធ​ពិធីខួប​កំណើត​គម្រប់​ជន្មាយុ ១០០ ឆ្នាំ » លីអាហូណា ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ព័ត៌មាន​សាសនាចក្រ

ប្រធាន ណិលសុន ប្រារព្ធ​ពិធីខួប​កំណើត​គម្រប់​ជន្មាយុ ១០០ ឆ្នាំ

ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បានចូលរួម​ជាមួយ​គ្រួសារ និង​មិត្តភក្តិ នាថ្ងៃ​ចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បី​គោរព​ដល់​ព្យាការី និង​ប្រធាន​សាសនាចក្រ រ័សុល អិម ណិលសុន ក្នុង​ថ្ងៃ​ខួបកំណើត​គម្រប់​ជន្មាយុ ១០០ ឆ្នាំ​របស់​លោក ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង សលត៍ លេក ហើយ​ចាក់ផ្សាយ​ជុំវិញ​ពិភពលោក ។ ការប្រារព្ធ​នេះ​មាន​ការចាក់ផ្សាយ​តន្ត្រី​ផ្ទាល់ វីដេអូ​ថ្លែង​អំណរគុណ​ពី​អ្នក​ដឹកនាំ​សេចក្ដីជំនឿ​ផ្សេងៗ សុន្ទកថា​ពី​ថ្នាក់​ដឹកនាំ​សាសនាចក្រ និង​ពី​សមាជិក​គ្រួសារ​របស់​ប្រធាន ណិលសុន ព្រមទាំង​​វីដេអូ​ពី​សមាជិក​សាសនាចក្រ​ចែកចាយ​ពី​របៀប​ដែល​ពួកគេ​បាន​បម្រើ​ដល់​មនុស្ស​ម្នាក់ ។

ប្រធាន ណិលសុន បានថ្លែង​អំណរគុណ​ដល់​ក្រុមគ្រួសារ មិត្តភក្តិ និង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ចំពោះ​សេចក្តីសប្បុរស និង​ការគាំទ្រ​របស់​ពួកគេ ។ លោក​បានចែកចាយ​ការដឹងគុណ​របស់លោក​ចំពោះ​សារ​ជូនពរ​ខួបកំណើត​រាប់​មិន​អស់ និង​ការឆ្លើយតប​ជា​សកល​ចំពោះ​ការអញ្ជើញ « ៩៩+១ » របស់​លោក ដែល​បានលើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ « ឈោង​ទៅ​ជួយ ‹ បុគ្គល › ដែល​នៅក្នុង​ជីវិត​របស់​យើង ដែល​អាច​នឹង​មាន​អារម្មណ៍​វង្វេង ឬ​ឯកោ » ( Facebook ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅលើ facebook.com/russell.m.nelson ) ។

ព្យាការី​បានសង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សេចក្តី​ជំនឿ ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ​អំពី​ជីវិត និង​ពលិកម្ម​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « បងប្អូន​ប្រុសស្រី​របស់ខ្ញុំ រយៈពេល​នៃ​ជីវិត​របស់​បងប្អូន មិន​សំខាន់​ដូចជា​ប្រភេទ​នៃ​ជីវិត​ដែល​បងប្អូន​រស់​នៅ​នោះ​ទេ ។ សម្រាប់​យើង​ម្នាក់ៗ សូម្បីតែ​បុរស​ដែល​មាន​អាយុ ១០០ ឆ្នាំ​ក៏​ដោយ ក៏​ជីវិត​ឆ្លងកាត់​យ៉ាងលឿន​ដែរ ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺថា សូម​ឲ្យ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​ឈ្នះ​ក្នុង​ជីវិត​បងប្អូន ។ ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ ។ ចូរ​បន្ត​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ។ រៀបចំ​ខ្លួន​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​ទ្រង់​ម្ដង​ទៀត » ។

ប្រធាន ដាល្លិន អេក អូក និង ហែនរី ប៊ី អាវរិង ទីប្រឹក្សា​របស់​ប្រធាន ណិលសុន នៅក្នុង​គណៈប្រធាន​ទីមួយ បានចែកចាយ​ការសង្កេតឃើញ​របស់ពួកលោក​ពី​ការធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ព្យាការី​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​កន្លះ ។ ពួកលោក​បានគូស​បញ្ជាក់​ពី​ភាពកក់ក្តៅ​របស់​ប្រធាន ណិលសុន ការគោរព​ចំពោះ​អ្នកដទៃ និង​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទ ។

ប្រធាន អូក បាន​មាន​ប្រសាសន៍​ថា « កាលដែលបាននៅក្នុងបន្ទប់ ឬ​ក្នុង​ការប្រជុំ ឬ​ក្នុង​ការសន្ទនា​ជាមួយ​ប្រធាន ណិលសុន គឺ​ផ្តល់​ឲ្យ​បងប្អូន​នូវ​ឱកាស​នៃ​ការដកពិសោធន៍​ថាតើ​ការនៅ​ជាមួយ​ព្រះអង្គ​សង្គ្រោះ​មាន​លក្ខណៈ​បែប​ណា ។ លោក​គឺជា​តំណាង​របស់​ព្រះអង្គ​សង្គ្រោះ ។ ហើយ​លោក​គឺជា​គំរូ​របស់​យើង » ។