2024
ទិដ្ឋភាព​ពីក្រោយ​ឆាក ៖ ការរៀបចំ​ឆាក​មជ្ឈមណ្ឌល​សន្និសីទ
ខែវិច្ឆិកា ឆ្នាំ២០២៤


« ទិដ្ឋភាព​ពីក្រោយ​ឆាក ៖ ការរៀបចំ​ឆាក​មជ្ឈមណ្ឌល​សន្និសីទ » លីអាហូណា ខែឧសភា ឆ្នាំ២០២៤ ។

ទិដ្ឋភាព​ពីក្រោយ​ឆាក​នៃ​សន្និសីទ​ទូទៅ ៖ ការរៀបចំ​ឆាក​មជ្ឈមណ្ឌល​សន្និសីទ

នៅពេល​យើង​មើល​រូបភាព​សន្និសីទ​ទូទៅ យើង​ប្រហែលជា​ស្រមៃ​អំពី​ឆាក និង​កៅអី​របស់​ថ្នាក់​ដឹកនាំ​សាសនាចក្រ​នៅ​ពីមុខ​បំពង់សំឡេង​ព្យាណូខ្យល់ ។ ប៉ុន្តែ​ឆាក​មជ្ឈមណ្ឌល​សន្និសីទ​មិន​មើល​ទៅ​បែប​នោះ​ពេញ​មួយ​ឆ្នាំ​ទេ ។

មជ្ឈមណ្ឌល​សន្និសីទ​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន​ដែល​តម្រូវ​ឲ្យ​មាន​ការរៀបចំ​ផ្សេងៗ​គ្នា ហើយ​វា​ត្រូវ​ចំណាយ​ពេល​រាប់​ម៉ោង​ដើម្បី​រៀបចំ​ឆាក ( ហៅ​ជា​ផ្លូវការ​ថា « វេទិកា » ) សម្រាប់​សន្និសីទ​ទូទៅ ។ មនុស្ស​មួយ​ក្រុម​ដែល​មាន​គ្នា ១០ នាក់​ចំណាយ​ពេល​ប្រហែលជា ៣ សប្តាហ៍​ដើម្បី​រៀបចំ​ឆាក កន្លែង​ទទួល​ភ្ញៀវ និង​កន្លែង​មជ្ឈមណ្ឌល​សន្និសីទ​ផ្សេង​ទៀត​ឲ្យ​រួចរាល់​សម្រាប់​អ្នកទស្សនា​ទទួលបាន​ភាពរីករាយ​នឹង​សន្និសីទ​ទូទៅ ។

នេះ​គឺជា​ការពិត​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយចំនួន ៖

  • ផ្ទាំង​ធំៗ​ចំនួន ១៨ ផ្ទាំង​បង្កើត​ជា​កម្រាល​ឆាក​ធំ​ដែល​ផ្ទាំង​នីមួយៗ​មាន​ទម្ងន់ ១.៥–៤ តោន ។

  • រចនាសម្ព័ន្ធ​ដ៏​ធ្ងន់​ទាំងនោះ​ត្រូវ​បាន​ផ្លាស់ប្តូរ​ទីកន្លែង​ដោយ​ខ្នើយ​ខ្យល់​ដែល​រុញ​ទៅ​ដី ដែល​ធ្វើ​ឲ្យ​គ្រោង​មាន​ភាពងាយស្រួល​ក្នុង​ការផ្លាស់ប្តូរ​ទីកន្លែង ។

  • បំណែក​តូចៗ​ប្រហែលជា ៥០០ ដូចជា​កង់ និង​បន្ទះក្តារ ក៏​ត្រូវ​បានបន្ថែម​ផងដែរ ។

  • ទ្វារ​កម្ពស់ ៨០ ហ្វីត ( ២៤ ម ) បើក​ដើម្បី​ឲ្យ​គ្រោង​ដែល​ធំ​បំផុត​ដែល​ត្រូវ​ដាក់​ឲ្យ​ត្រូវ​កន្លែង ។

  • ក្រុម​រៀបចំ​ឆាក​ក៏​រៀបចំ​កន្លែង​សម្រាប់​សន្តិសុខ អ្នក​ផ្សព្វផ្សាយ​សាសនា និង​ការទទួលភ្ញៀវ—ដែល​មាន​កិច្ចការ​សរុប​ជាង ៦០០ ។

ចូអែល រ៉ាយធ៍ ដែល​ជា​អ្នក​គ្រប់គ្រង​សម្រាប់​ក្រុម​នេះ​បាន​ជួយ​ក្នុង​សន្និសីទ​ទូទៅ​ចំនួន ៥០ លើក​មក​ហើយ ។ គាត់​ហៅ​ក្រុម​របស់​គាត់​ថា​ជា « វីរបុរស​ក្រោយឆាក » ដែល​បានខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ។ គាត់​និយាយ ៖ « ការរៀបចំ​កៅអី តុ ឬ​ការដំឡើង​គ្រឿងបរិក្ខារ​មិន​មាន​កិត្តិនាម​ច្រើន​នោះ​ទេ » ។ គាត់​បាន​និយាយ​ថា ប៉ុន្តែ​បើ​គ្មាន​ពួកគេ​ទេ សន្និសីទ​នេះ​មិន​ដំណើរការ​ទៅ​បាន​ល្អ​បែប​នោះ​ទេ ។

អ្នកដឹកនាំ​ការរៀបចំ​ឆាក ប្រេនដុន យូរី កត់សម្គាល់​ឃើញ​ថា ការរៀបចំ​ឆាក​ត្រូវការ « មនុស្ស​ជា​ច្រើន​ដែល​មាន​ជំនាញ​ខុសៗ​គ្នា និង​ប្រវត្តិ​ផ្សេង​គ្នា » ដើម្បី​សម្រេច​កិច្ចការ​របស់​ពួកគេ—« ដើម្បី​ផ្សាយ​សេចក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់ និង​ព្រះបន្ទូល​ដែល​ទ្រង់​មាន​សម្រាប់​មនុស្ស​រាល់​គ្នា » ។

ប្រេនដុន និយាយ​ថា ពួកគេ​ត្រូវការ​មនុស្ស​គ្រប់​គ្នា​ដែល​មាន​ជំនាញ​ខុសៗ​គ្នា​ទាំងនោះ ដើម្បី « រួមគ្នា​សម្រាប់​បុព្វហេតុ​តែមួយ » ។ ដោយសារ​បុព្វហេតុ​នោះ​ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ក្រុម​រៀបចំ​ឆាក​នេះ​ទទួល​អារម្មណ៍​ថា​មាន​វត្តមាន​របស់​ទ្រង់ ហើយ​មើលឃើញ​អព្ភូតហេតុ​របស់​ទ្រង់ ។

រ៉ូប៊ឺត ស៊ីមសុន ដែល​ជា​អ្នកដឹកនាំ​ការរៀបចំ​ឆាកផងដែរ​និយាយ​ថា ៖ « ខ្ញុំ … មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​យាង​ចូល​ក្នុង​ការប្រជុំ​របស់​យើង ហើយ​គង់នៅ​ទីនោះ​ដើម្បី​ជួយ​យើង … បំពេញ [ កិច្ចការ ] ។ … ពេល​ខ្លះ យើង​ឆ្ងល់​ថា​តើ​យើង​អាច​ធ្វើ​ការងារ​ទាំងអស់​នេះ​ដោយ​របៀប​ណា ។ ប៉ុន្តែ​យើង​អធិស្ឋាន ហើយ​ទូល​សុំ​ជំនួយ​ពី​ព្រះវរបិតាសួគ៌​យើង » ។

ហើយ​ដូច​ដែល ចូអែល បាន​បន្ថែម ៖ « ដោយ​ការ​ស៊ូទ្រាំ ដោយ​ការតស៊ូ ដោយ​ការបន្ត​ការខិតខំ [ ការរៀបចំ​ឆាក ] បានរួចរាល់​សព្វគ្រប់​សម្រាប់​សន្និសីទ​ទូទៅ​នា​ពេលព្រឹក » ។ ចូអែល ហៅ​វា​ថា « ការបំផុសគំនិត » ដោយសារ​អព្ភូតហេតុ​កើតឡើង​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ។