ប្រវត្តិ​សាសនាចក្រ
សន្លឹក​សំណេរ​ដោយ​ដៃ​របស់​ព្រះគម្ពីរ​មរមន​ដែល​បាន​បាត់


« សន្លឹក​សំណេរ​ដោយ​ដៃ​របស់​ព្រះគម្ពីរ​មរមន​ដែល​បាន​បាត់ » ប្រធានបទ​ប្រវត្តិ​សាសនាចក្រ

« សន្លឹក​សំណេរ​ដោយ​ដៃ​របស់​ព្រះគម្ពីរ​មរមន​ដែល​បាន​បាត់ »

សន្លឹក​សំណេរ​ដោយ​ដៃ​របស់​ព្រះគម្ពីរ​មរមន​ដែល​បាន​បាត់

នៅ​ខែមិថុនា​ឆ្នាំ១៨២៨ យ៉ូសែប ស្មីធ បានអនុញ្ញាត​ដោយ​ស្ទាក់ស្ទើរ​ឲ្យ​ស្មៀន​របស់​លោក ម៉ាទិន ហារិស ខ្ចី​សន្លឹក​សំណេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​មរមន​ដែល​មាន​ចំនួន ១១៦ ទំព័រ ។ ហារិស​បានសន្យា​ថា​នឹង​ថែរក្សា​សន្លឹក​ទាំងនោះ ហើយ​បង្ហាញ​វា​ដល់​សមាជិក​គ្រួសារ​តែមួយ​ចំនួន​ប៉ុណ្ណោះ ប៉ុន្តែ​សន្លឹក​ទាំងនោះ​បានបាត់​ភ្លាមៗ និង​រក​មិន​ឃើញ​វិញ​ឡើយ ។ យ៉ូសែប​បានស្វែងរក​ការណែនាំ​ដ៏​ទេវភាព​អំពី​របៀប​បន្ត​ការបកប្រែ​ដែល​នៅសល់ ហើយ​បានរៀន​ដោយ​វិវរណៈ​ពី​របៀប​បញ្ចប់​ការបកប្រែ​ព្រះគម្ពីរមរមន ដោយ​មិន​មើល​ឡើងវិញ​នូវ​អត្ថបទ​ដែល​មាន​នៅក្នុង​សន្លឹក​សំណេរ​ដោយ​ដៃ​ដែល​បាន​បាត់​នោះ​ទេ ។

ទិដ្ឋភាព​ដី​ស្រែ​ចម្ការ​មើល​ពី​លើ​អាកាស

កសិដ្ឋាន​របស់ ម៉ាទិន ហារិស នៅជិត​ភូមិ​ប៉ាលម៉ៃរ៉ា​ក្នុង​ឆ្នាំ១៩០៧ ។

អ្វី​ដែល​បានដឹង​តិចតួច​អំពី​ខ្លឹមសារ​នៃ​សន្លឹក​សំណេរ​ដោយ​ដៃ​ដែល​បានបាត់​នោះ​មកពី យ៉ូសែប ស្ម៊ីធ និង​ព្យាការី​នីហ្វៃ​នៃ​ព្រះគម្ពីរ​មរមន ។ យ៉ូសែប​បានសរសេរ​ថា សន្លឹក​ដែល​បាត់​នោះ​មាននូវ​​គម្ពីរ​លីហៃ ។ ដូចជា​ព្រះគម្ពីរ​មរមន​ភាគ​ច្រើន​ដែរ បញ្ជី​របស់​លីហៃ​គឺជា​ការសង្ខេប​ដោយ​ព្យាការី​មរមន​អំពី​អ្វី​ដែល​យ៉ូសែប​ហៅ​ថា ផ្ទាំង​ចំណារលីហៃ ។ នីហ្វៃ​ជា​កូន​ប្រុស​របស់​លីហៃ​បានពន្យល់​ថា បញ្ជី​នេះ​មាន​ដំណើរ​រឿងអំ​ពី​សុបិន ការនិមិត្ត ការព្យាករ និង​ការបង្រៀន​របស់​លីហៃ​ទៅដល់​កូនៗ​របស់​លោក ។ នីហ្វៃ​បានសង្ខេប​កំណត់ត្រារបស់​លីហៃ មុន​នឹង​សរសេរ​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក ។ យោង​តាម​ពួក​អ្នក​ប្រាជ្ញ​មួយ​ចំនួន ការសង្ខេប​របស់​នីហ្វៃ​រួម​មាន​ជំពូក​ដំបូងៗ​នៃ​ព្រះគម្ពីរ​មរមន ។ អ្នក​ផ្សេង​ទៀត​ស្មាន​ថា សន្លឹក​សំណេរ​ដោយ​ដៃ​នោះ​មិន​ត្រឹម​តែ​មាន​គម្ពីរ​លីហៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​ឯកសារ​ដែល​សរសេរ​ដោយ​អ្នកដទៃ​ទៀត​ផងដែរ ប្រហែលជា​មរមន ឬ​នរណា​ម្នាក់​ដែល​ធ្លាប់​រស់នៅ​ក្នុង​ចន្លោះពេល​លីហៃ និង​ស្តេច​បេនយ៉ាមីន ។

នៅពេល​ដែល​សន្លឹក​សំណេរ​ដោយ​ដៃ​នោះ​បានបាត់ យ៉ូសែប ស៊្មីធ និង ម៉ាទិន ហារិស មិន​បាន​ដឹង​អំពី​ការសង្ខេប​របស់​នីហ្វៃ​ទេ ។ ជា​លទ្ធផល នៅពេល​យ៉ូសែប​បានដឹង​ថា ហារិស​បាន​បាត់​សន្លឹក​សំណេរ​ដោយ​ដៃ​នោះ ។ យ៉ូសែប​បាន​គិត​ថា លោក​បានបរាជ័យ​ក្នុង​កិច្ចការ​ដ៏​ទេវភាព​របស់​លោក ។ យ៉ូសែប​មិន​បានបន្ត​ការបកប្រែ​ប្រហែល​ប្រាំបួន​ខែ ។ ក្រោយមក នៅពេល​ដែល​លោក និង​ស្មៀន​ថ្មី​របស់​លោក អូលីវើរ ខៅឌើរី បាន​បកប្រែ​ជិត​ដល់​ចុង​បញ្ចប់​នៃ​កំណត់ត្រា​នោះ ។ យ៉ូសែប​បាន​ទូលសុំ​វិវរណៈ​អំពី​ថា​តើ​ត្រូវ​បកប្រែ​ឯកសារ​ដែល​បាត់​នោះ​ឡើង​វិញ​ឬ​អត់ ។ វិវរណៈ​នេះ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០ ) បានចែង​ថា ផ្ទាំង​នីហ្វៃ​មាន​ដំណើររឿង​ស្រដៀង​ទៅនឹង​គម្ពីរ​លីហៃ​ដែរ ប៉ុន្តែ​មាន​ការផ្តោត​​ខ្លាំងជាង​ទៅលើ​ប្រវត្តិ​ខាងវិញ្ញាណ​នៃ​គ្រួសារ​របស់​លីហៃ ។ យ៉ូសែប​បានរៀន​ថា លោក​គួរ​បកប្រែ​ផ្ទាំង​របស់​នីហ្វៃ​រហូត​ដល់​លោក​ទៅ​ដល់​កន្លែង​ដែល​សន្លឹក​សំណេរ​ដោយ​ដៃ​នោះ​បាន​បាត់​ទៅ ។ វិវរណៈ​ក៏​បានហាមឃាត់​យ៉ូសែប​ពី​ការបកប្រែ​ឡើងវិញ​នូវ​គម្ពីរ​លីហៃ ហើយ​បានព្រមាន​លោក​អំពី​សត្រូវ​ដែល​មាន​សន្លឹក​សំណេរ​ដោយ​ដៃ​ដែល​បានបាត់​នោះ ដែល​អាច​ព្យាយាម​រៀបចំ​អត្ថបទ ហើយ​ក្រោយ​មក​បង្ខូច​កំណែ​ដែល​បានបោះពុម្ព​នៃ​ព្រះគម្ពីរ​មរមន ។ យ៉ូសែប​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​លទ្ធភាព​នៃ​ការកែប្រែ​សន្លឹក​សំណេរ​ដោយ​ដៃ​នោះ ដែល​នៅក្នុង​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន លោក​បាន​ព្រមាន​អ្នក​សមគំនិត​កុំ​ឲ្យ​ប្រឆាំង​នឹង​កិច្ចការ​របស់​ព្រះ ។ គ្មាន​នរណា​ម្នាក់​បានចេញ​មក​ជាមួយនឹង​សន្លឹក​សំណេរ​ដោយ​ដៃ​ដែល​បានបាត់​នោះ​ទេ ។

ប្រធានបទ​ដែល​ទាក់ទង ៖ ការបកប្រែ​ព្រះគម្ពីរ​មរមន

កំណត់ចំណាំ

  1. យ៉ូសែប ស្ម៊ីធ « History, circa 1841, fair copy » ទំព័រ ១៣–១៣ នៅលើ​គេហទំព័រ josephsmithpapers.org; លូស៊ី ម៉ាក ស្ម៊ីធ « Lucy Mack Smith, History, 1844–1845 » សៀវភៅ ៦ ទំព័រ ១០–សៀវភៅ ៧ ទំព័រ ៧ នៅលើ​គេហទំព័រ josephsmithpapers.org ។ យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​គម្ពីរ​លីហៃ​ចាប់ពី​ពាក់​កណ្ដាល​ខែមេសា ដល់​ពាក់​កណ្ដាល​ខែមិថនា ឆ្នាំ១៨២៨ ។ ម៉ាទិន ហារិស បានបម្រើ​ជា​ស្មៀន​ធំ និង អិមម៉ា ស្ម៊ីធ ឬ​បងប្អូនប្រុស​របស់​គាត់ រូបេន ហេល ប្រហែលជា​បាន​ជួយ ។

  2. នីហ្វៃទី១ ១:១៦–១៧ ។

  3. យ៉ូសែប ស្ម៊ីធ « Preface to Book of Mormon, circa August 1829 » នៅក្នុង​ព្រះគម្ពីរ​មរមន ឆ្នាំ១៨២០ ទំព័រ iii នៅលើ​គេហទំព័រ josephsmithpapers.org អេស ឃ្លីនធ៍ ប្រោន « Lehi’s Personal Record: Quest for a Missing Source » BYU Studies ភាគ ២៤ លេខ. ១ ( រដូវ​រងា ឆ្នាំ១៩៨៤ ) ទំព័រ ២០–២១ វិលលាម ជេ ខ្រីចឡូវ ទី៣ « Manuscript, Lost 116 Pages » នៅក្នុង Encyclopedia of Mormonism និពន្ធ​ដោយ ដានីយ៉ែល អេច លូឌឡូ ភាគ ៥ ។ ( ញូវយ៉ក ៖ Macmillan ឆ្នាំ១៩៩២ ) ទំព័រ ២:៨៥៤–៨៥៥ ចាក អិម លីយ៉ុង និង ឃ្លីនធ៍ អរ មីនសុន « When Pages Collide: Dissecting the Words of Mormon » BYU Studies ភាគ ៥១ លេខ. ៤ ( ឆ្នាំ២០១២ ) ទំព័រ ១២០–១៣៦ ។ យ៉ូសែប​ប្រហែលជា​បានប្រើ​ចំនួន​លេខ ១១៦ ទំព័រ​ជា​ចំនួនប៉ាន់​ស្មាន​នៃ​ទំព័រ​ដែល​បាន​បាត់ ជាជាង​រាប់​ឲ្យ​បានត្រឹមត្រូវ ( សូមមើល « Revelation, Spring 1829 [D&C 10] » សេចក្តីផ្ដើម​នៃ​ប្រវត្តិសាស្រ្ត នៅលើ​គេហទំព័រ josephsmithpapers.org ) ។

    បន្ទាប់ពី យ៉ូសែប ស្ម៊ីធ បានស្លាប់​ជាង​៥០​ឆ្នាំ​ក្រោយមក ។ ហ្វ្រែងគ្លីន ឌី រីឆាដស៍ បានលើក​ឡើង​ថា ខណៈ​អ្នក​ទាំងពីរ​បានរស់នៅ​ណៅវ៉ូ យ៉ូសែប​បាន​និយាយ​អំពី​​មាតិកា​នៃ​សន្លឹក​សំណេរ​ដោយ​ដៃ​ដែល​បានបាត់ ។ រីឆាដស៍ បាន​អាន​នៅក្នុង អាលម៉ា ១០:៣ ពី​របៀប​ដែល​កូនចៅ​របស់​លីហៃ​បាន​ចាកចេញពី​ម៉ាន៉ាសេ ដែល​បានធ្វើ​ឲ្យ​លោក​ច្រលំ ដោយសារ​ជាញឹកញាប់​ពួកបរិសុទ្ធ​បាន​ហៅ​ព្រះគម្ពីរ​មរមន​ថា​ជា « បន្ទះឈើ​របស់​អេប្រា‌អិម » ។ នៅពេល​រីឆាដស៍​បាន​សួរ​យ៉ូសែប​អំពី​ភាពខុសគ្នា​ដែល​អាច​កើត​មាន​នេះ យ៉ូសែប​បានពន្យល់​ថា អ៊ីស‌ម៉ាអែល និង​គ្រួសារ​របស់​គាត់​មាន​ដើម​កំណើត​មកពី​អេប្រាអិម ហើយ​ថា​សន្លឹក​សំណេរ​ដោយ​ដៃ​នេះ​ដែល​បាន​បាត់ បាន​រៀបរាប់​ពី​ពូជពង្ស​របស់​អ៊ីសម៉ាអែល ( ហ្វ្រែងគ្លីន ឌី រីឆាដស៍ « Origin of American Aborigines » Contributor ភាគ ១៧ លេខ ៧ [ ខែឧសភា ឆ្នាំ១៨៩៦ ] ទំព័រ ៤២៥ ) ។

  4. យ៉ូសែប​មិន​បានរៀន​ពី​ផ្ទាំង​នីហ្វៃ​រហូត​ដល់​នៅ​និទាឃៈ​រដូវ​ឆ្នាំ១៨២៩ ( សូមមើល « Revelation, Spring 1829 [D&C 10] » សេចក្តីផ្ដើម​នៃ​ប្រវត្តិសាស្រ្ត នៅលើ​គេហទំព័រ josephsmithpapers.org គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៣៨–៤៦ ) ។

  5. « Revelation, Spring 1829 [D&C 10] » នៅក្នុង Book of Commandments » ទំព័រ ២២–២៤ នៅលើ​គេហទំព័រ josephsmithpapers.org យ៉ូសែប ស្ម៊ីធ « Preface to Book of Mormon » នៅក្នុង ព្រះគម្ពីរ​មរមន ឆ្នាំ១៨៣០ ទំព័រ iii ។