ការតភ្ជាប់ចំណុចទាំងឡាយ
ការប្រជុំធម្មនិដ្ឋានទូទាំងពិភពលោកសម្រាប់យុវមជ្ឈិមវ័យ
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥
ក្មួយៗប្រុសស្រី មិត្តជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមពាំនាំនូវសេចក្ដីស្រឡាញ់ និងពរជ័យរបស់គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ជូនដល់ក្មួយៗ ។
ខ្ញុំរីករាយណាស់ដែលបាននៅជាមួយក្មួយៗ ដែលយើងមានឱកាសស្ដាប់ពីភរិយារបស់ខ្ញុំ ។
ហ៊ែរៀត គឺជាពន្លឺនៃជីវិតរបស់ខ្ញុំ ។ មនុស្សគ្រប់គ្នាដែលស្គាល់គាត់ ស្រឡាញ់គាត់ ។ គាត់ធ្វើឲ្យមនុស្សដែលនៅជុំវិញខ្លួនគាត់បានល្អប្រសើរ និងកាន់តែសប្បាយរីករាយ ។ គាត់មានឥទ្ធិពលចំពោះខ្ញុំយ៉ាងពិតប្រាកដ ។
យុគសម័យនៃការទទួលចម្លើយភ្លាមៗ
ដូចដែលក្មួយៗបានស្ដាប់ពីស៊ីស្ទើរ អុជដូហ្វ យើងបានរៀបការនៅវ័យក្មេងណាស់។ ឥឡូវនេះ ខ្ញុំមានអំណរគុណសម្រាប់គ្រប់វិនាទីដែលបាននៅជាមួយ ហ៊ែរៀត ។
បន្តិចម្តងៗ ខ្ញុំបានរៀនថា យើងនៅជំនាន់ចាស់មានសំណួរអំពីជីវិតជាច្រើន ដូចក្មួយៗមានដែរ—គ្រាន់តែយើងបានសួរសំណួរទាំងនោះជាយូរមកហើយ ។ សំណួរដូចជា ៖
តើខ្ញុំស្ថិតនៅលើផ្លូវត្រូវដែរឬទេ ?
តើព្រះពិតជាស្គាល់ខ្ញុំមែនឬ ? តើទ្រង់ពិតជាយកព្រះទ័យទុកដាក់មែនឬ ?
ហេតុអ្វីពេលខ្លះខ្ញុំមានអារម្មណ៍ថា ឥតន័យ ថប់បារម្ភ គេមើលរំលង ឬឯកោ ?
ហេតុអ្វីបានជាព្រះមិនប្រទានអព្ភូតហេតុដែលខ្ញុំត្រូវការភ្លាមៗ ?
ហេតុអ្វីទ្រង់បណ្ដោយឲ្យខ្ញុំដកពិសោធន៍នូវភាពសោកសៅ ជំងឺ ឬសោកនាដកម្មនេះ ?
ទាំងនេះគឺជាសំណួរពិបាកៗនៅ គ្រប់ សម័យទាំងអស់ ។
សំណួរបែបនេះអាចក្លាយជាការខកចិត្តមិនគួរឲ្យជឿ នៅពេលដែលយើងមិនទទួលបានចម្លើយភ្លាមៗ ។ នៅសព្វថ្ងៃនេះ យើងអាចសួរ Google ស្ទើរតែទាំងអស់ ហើយទទួលបានចម្លើយក្នុងរយៈពេលប៉ុន្មានវិនាទី ។
ប៉ុន្តែចម្លើយចំពោះសំណួរផ្ទាល់ខ្លួន សំខាន់ និងទូលំទូលាយបំផុតរបស់យើងមិនតែងតែមកលឿនជានិច្ចនោះទេ ។ ជារឿយៗ យើងបានបង្វែរដួងចិត្តរបស់យើងទៅកាន់ស្ថានសួគ៌ ប៉ុន្តែអ្វីដែលយើងទទួលបានគឺជានិទស្សន៍ទ្រនិចរង់ចាំដែលវិលចុះវិលឡើងទៅវិញ ។
យើងមិនចូលចិត្តរង់ចាំទេ មែនទេ ?
នៅពេលយើងត្រូវរង់ចាំច្រើនជាងពីរបីនាទី ដើម្បីឲ្យម៉ាស៊ីនស្រាវជ្រាវរកចម្លើយ យើងសន្មតថា តំណភ្ជាប់នោះបានកាត់ផ្ដាច់ហើយ ។ នៅក្នុងការខកចិត្តរបស់យើង យើងអាចនឹងបោះបង់ចោលការស្វែងរកនោះ ។ ប៉ុន្តែនៅពេលសំណួរដ៏អស់កល្បជានិច្ច បញ្ហានៃព្រលឹងកើតមាន នោះយើងត្រូវតែមានការអត់ធ្មត់កាន់តែច្រើន ។
ពុំមែនចម្លើយទាំងអស់សុទ្ធតែមានតម្លៃស្មើគ្នានោះទេ ។ ចម្លើយមកពីប្រាជ្ញាខាងលោកិយ ឬគំនិតពេញនិយមគឺងាយនឹងទទួលបានណាស់ ប៉ុន្តែវាបាត់បង់តម្លៃរបស់វាយ៉ាងឆាប់រហ័ស នៅពេលទ្រឹស្ដី ឬនិន្នាការថ្មីកើតមានឡើង ។ ចម្លើយពីសួគ៌ា—ចម្លើយដ៏នៅអស់កល្បជានិច្ច—គឺមានតម្លៃប្រៀបផ្ទឹមពុំបានឡើយ ។ ការទទួលចម្លើយទាំងនេះ ជារឿយៗ វាតម្រូវឲ្យមានការលះបង់ ធ្វើសកម្មភាព និងការធ្វើដដែលៗ ។
ប៉ុន្តែខ្ញុំសូមធានាចំពោះក្មួយៗថា ចម្លើយទាំងនេះគឺស័ក្តិសមនឹងការរង់ចាំ ។
ប្រសិនបើក្មួយៗមានសំណួរដែលមិនទាន់ទទួលបានចម្លើយ ខ្ញុំសូមថ្លែងជាសាក្សីជាក់លាក់ដល់ក្មួយៗថា ព្រះវរបិតាដែលគង់នៅស្ថានសួគ៌របស់ក្មួយៗ ទ្រង់សណ្ដាប់ឭក្មួយៗ ទ្រង់ស្គាល់ក្មួយៗ ហើយទ្រង់នឹងមិនបោះបង់ក្មួយៗចោលឡើយ ។ ដូច្នេះ កុំបោះបង់ទ្រង់ចោលឡើយ ។ ខិតខំព្យាយាមដើម្បីធ្វើតាមមាគ៌ារបស់ទ្រង់ ហើយទ្រង់ « នឹងដឹកនាំអ្នករាល់គ្នា » ដើម្បីស្វែងរកចម្លើយដោយគ្រាន់តែមានការណែនាំគ្រប់គ្រាន់ ដើម្បីបន្តដំណើរឆ្ពោះទៅរកទិសដៅត្រឹមត្រូវ—ដោយមិនកំណត់ការរីកចម្រើន ឬឱកាសដើម្បីអនុវត្តសេចក្តីជំនឿ ឬអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌របស់ក្មួយៗឡើយ ។
ការតភ្ជាប់ចំណុចទាំងឡាយ
ស្ទីវ ចបស៍ សហស្ថាបនិកក្រុមហ៊ុន Apple ធ្លាប់បាននិយាយថា « [ វា ] មិនអាចទៅរួចទេក្នុងការភ្ជាប់ចំណុចដោយមើលតែទៅមុខនោះ ។ អ្នកអាចភ្ជាប់វាដោយមើលត្រឡប់ទៅក្រោយតែប៉ុណ្ណោះ ដូច្នេះអ្នកត្រូវទុកចិត្តថា ចំណុចទាំងនោះនឹងភ្ជាប់គ្នានៅក្នុងពេលអនាគតរបស់អ្នក តាមរបៀបណាមួយ » ។
តើគាត់ចង់មានន័យថាយ៉ាងម៉េច ? ប្រហែលជាក្មួយៗធ្លាប់ឃើញគំនូរដែលធ្វើឡើងដោយគូសចំណុចតូចៗនៃពណ៌លើផ្ទាំងក្រណាត់ហើយ ។ បើមើលឲ្យជិត ចំណុចទាំងនេះ គឺវាមិនជាប់គ្នាទេ ហើយទំនងដូចជារាយប៉ាយទៀតផង ។ ប៉ុន្តែនៅពេលក្មួយៗមើលផ្ទាំងគំនូរទាំងមូល ក្មួយៗឃើញថាចំណុចទាំងនោះលាយបញ្ចូលគ្នាទៅជាពណ៌ចម្រុះ ហើយពណ៌ទាំងនោះបង្កើតចេញជារូបរាងដែលបង្ហាញនូវទិដ្ឋភាពដ៏ស្រស់ស្អាតមួយ ។ អ្វីដែលហាក់ដូចជាគ្មានសណ្ឋាន និងទាំងច្របូកច្របល់ បានចាប់ផ្ដើមមានន័យ ។
ពេលខ្លះ ជីវិតរបស់យើងប្រៀបបានទៅនឹងគំនូរនោះដែរ ។ ចំណុចទាំងឡាយដែលបង្កើតជាបទពិសោធន៍របស់យើងនៅក្នុងជីវិត ដំបូងឡើយមើលទៅហាក់ដូចជាមិនតជាប់គ្នា ហើយមានភាពវឹកវរ ។ យើងមិនអាចមើលឃើញលំដាប់របស់វាឡើយ ។ យើងមិនអាចនឹកស្រមៃដល់ថា វាមានគោលបំណងមួយនោះទេ ។
ប៉ុន្តែ នៅពេលក្មួយៗក្រឡេកមើលទៅជីវិតរបស់ក្មួយៗចេញពីទស្សនៈដ៏អស់កល្បជានិច្ចនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះក្មួយៗចាប់ផ្តើមមើលឃើញពីរបៀបដែលចំណុចទាំងនោះភ្ជាប់ទៅនឹងការរចនាដ៏អស្ចារ្យដែលព្រះបានគិតទុកសម្រាប់ក្មួយៗ ។
ហើយនៅពេលក្មួយៗព្យាយាមទុកចិត្តលើព្រះ ហើយធ្វើតាមព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ នៅថ្ងៃមួយក្មួយៗនឹងមើលឃើញផលិតផលសម្រេចនោះ ហើយក្មួយៗនឹងដឹងថា វិចិត្រករដ៏ចំណានអង្គនេះមានផែនការមួយសម្រាប់ចំណុចផ្សេងៗទាំងនោះតាំងពីដើមរហូតមក ។ ក្មួយៗនឹងឃើញថា ទ្រង់កំពុងរៀបចំក្មួយៗសម្រាប់ឱកាស និងលទ្ធភាពដ៏រុងរឿងលើសពីអ្វីដែលក្មួយៗនឹកស្រមៃស្មានដល់ ឬអាចសម្រេចបានដោយខ្លួនឯងទៅទៀត ។ ខ្ញុំពិតជាបានឃើញរឿងនេះនៅក្នុងជីវិតរបស់ខ្ញុំមែន ។
ដំណើរផ្សងព្រេងរបស់ខ្ញុំក្នុងជីវិតរមែងស្លាប់
ក្មួយៗមួយចំនួនប្រហែលជាដឹងថា កាលខ្ញុំនៅក្មេង គ្រួសាររបស់ខ្ញុំបានធ្វើជាជនភៀសខ្លួនពីរដង ។ នៅគ្រាទាំងពីរនោះ វាបានសបញ្ជាក់យ៉ាងច្បាស់ថា មនុស្សដែលនៅក្នុងទីតាំងថ្មីរបស់យើង បានចាត់ទុកយើងថា យើងមានតម្លៃ « តិចជាងពួកគេ » ។ នៅក្នុងចំណោមក្មេងដែលមានអាយុស្របាលខ្ញុំ ការនិយាយបញ្ចេញសំឡេងរបស់ខ្ញុំបានបង្ហាញថា ខ្ញុំជាក្មេងមកពីបរទេស និងជាប្រភពមួយនៃការសើចចំអកសម្រាប់ពួកគេ ។
ឪពុកម្តាយរបស់ខ្ញុំមានការលំបាកក្នុងការផ្គត់ផ្គង់ដល់គ្រួសាររបស់យើង ។ ដូច្នះ ម្ដាយរបស់ខ្ញុំបានចាប់ផ្ដើមអាជីវកម្មបោកសម្លៀកបំពាក់ សមាជិកគ្រួសារគ្រប់គ្នាបានជួយ ហើយខ្ញុំបានធ្វើជា« អ្នកជំនាញផ្នែកដឹកជញ្ជូនដល់ផ្ទះ »សម្រាប់អាជីវកម្មនោះដោយប្រើកង់ និងរទេះរបស់ខ្ញុំ ក្រោយពីម៉ោងរៀន ។
ការតក់ស្លុត និងសម្ពាធនៃការផ្លាស់ប្ដូរទីតាំងរបស់យើង បានធ្វើឲ្យខ្ញុំរៀនមិនទាន់គេ ហើយខ្ញុំបានខកខានរៀនពេញមួយឆ្នាំ ។
នៅប្រទេសអាល្លឺម៉ង់ភាគខាងកើត ខ្ញុំបានរៀនភាសារុស្សីជាភាសាទីពីរ ។ វាពិបាកណាស់ ប៉ុន្តែខ្ញុំអាចធ្វើវាបាន ។ លុះមកដល់ប្រទេសអាល្លឺម៉ង់ភាគខាងលិច ខ្ញុំតម្រូវឲ្យរៀនភាសាអង់គ្លេស ។
ការណ៍នេះហាក់ដូចជាពិបាកណាស់សម្រាប់ខ្ញុំ ! ខ្ញុំបានជឿថា មាត់របស់ខ្ញុំត្រូវបានបង្កើតមកពុំមែនសម្រាប់និយាយភាសាអង់គ្លេសឡើយ ។
កាលខ្ញុំនៅវ័យជំទង់ ខ្ញុំបានលង់ស្នេហ៍នឹងនារីដ៏អស្ចារ្យបំផុតម្នាក់ ដែលមានកែវភ្នែកធំៗពណ៌ត្នោត ។ ជាអកុសល ហ៊ែរៀត ទំនងដូចជាមិនចាប់អារម្មណ៍នឹងខ្ញុំទាល់តែសោះ ។ ទោះជាខ្ញុំខិតខំយ៉ាងណា ក៏វាហាក់ដូចជាខ្ញុំគ្មានសង្ឃឹមសោះ ។ ក្មួយៗបានស្ដាប់ឮគាត់រៀបរាប់រួចហើយ ។
ដូច្នេះ ខ្ញុំជាយុវជនម្នាក់មិនសូវសំខាន់ និងមានការលំបាកដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ក្រោយសង្គ្រាម ដែលទំនងជាគ្មានឱកាសជោគជ័យច្រើននៅក្នុងជីវិតទេ ។
ប៉ុន្តែ ខ្ញុំមានរឿងល្អៗមួយចំនួនកើតឡើងចំពោះខ្ញុំ ។
ខ្ញុំបានដឹងថា គ្រួសាររបស់ខ្ញុំស្រឡាញ់ខ្ញុំ ។ នៅឯសាលារៀន និងព្រះវិហារ មានពួកគ្រូបង្រៀនដែលបានលើកទឹកចិត្តខ្ញុំឲ្យដាក់គោលដៅរបស់ខ្ញុំឲ្យខ្ពស់ជានិច្ច និងកុំបោះបង់ឡើយ ។ ខ្ញុំនៅចាំថា នៅពេលអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងសញ្ជាតិអាមេរិកាំងបានបង្រៀនថា « បើសិនជាព្រះកាន់ខាង[ អ្នក ] តើអ្នកណាអាចទាស់នឹង[ អ្នក ]បាន ? » ហើយ« ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់ » ។
បទគម្ពីរទាំងនេះមាននូវអ្វីមួយដែលជាគំនិតដ៏អស្ចារ្យចំពោះខ្ញុំ ។ ខ្ញុំបានគិតថា បើវាដូច្នោះមែន ហេតុអ្វីខ្ញុំគួរភ័យខ្លាច ?
ដូច្នោះ ខ្ញុំបានជឿ ។ ហើយបានទុកចិត្តលើព្រះ ។
ខ្ញុំបាននៅក្នុងកម្មសិក្សាអស់មួយរយៈ ។ មានគ្រូបង្រៀនរបស់ខ្ញុំម្នាក់បានសំណូមពរឲ្យខ្ញុំចូលរៀននៅសាលាពេលយប់ដើម្បីសិក្សាវិស្វកម្មមេកានិច ។ ការណ៍នេះនាំឲ្យខ្ញុំស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្ញុំខាងអាកាសចរណ៍ !
ហើយខ្ញុំមានការភ្ញាក់ផ្អើល នៅពេលខ្ញុំបានដឹងថា ដើម្បីក្លាយជាអ្នកបើកយន្តហោះម្នាក់ខ្ញុំចាំបាច់ត្រូវចេះភាសាអង់គ្លេស ។ ខ្ញុំពិតជាចង់ធ្វើជាអ្នកបើកយន្តហោះខ្លាំងណាស់ ហើយដោយអព្ភូតហេតុ មាត់របស់ខ្ញុំទំនងជាផ្លាស់ប្ដូរបាន ហើយភាសាអង់គ្លេសលែងជាភាសាពិបាកសម្រាប់ខ្ញុំទៀតហើយ ។
ពិតណាស់ នោះពុំមែនមានន័យថា រឿងទាំងឡាយបានដំណើរការទៅដោយគ្មានឧបសគ្គនោះទេ ។
កាលខ្ញុំមានវ័យ ១៩ឆ្នាំ ខ្ញុំបានធ្វើដំណើរទៅទីក្រុង សាន់ អាន់តូនីញ៉ូ រដ្ឋតិចសាស ដើម្បីចាប់ផ្ដើមការបំពាក់បំប៉នរបស់ខ្ញុំជាអ្នកបើកយន្តហោះទ័ពអាកាស ។ នៅលើយន្តហោះនោះ ខ្ញុំបានអង្គុយនៅក្បែរបុរសម្នាក់និយាយសំឡេងជាអ្នកតិចសាស ។ ខ្ញុំបារម្ភជាខ្លាំងដោយដឹងថា ភាសាអង់គ្លេសដែលបានខំរៀនពុំមែនជាភាសាអង់គ្លេសដែលពួកគេនិយាយនៅរដ្ឋតិចសាសទេ !
នៅឯសាលាបំពាក់បំប៉នអ្នកបើកយន្តហោះ មានរឿងពិបាកជាច្រើនផងដែរ ។ វាគឺជាកម្មវិធីមួយដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ព្រោះមនុស្សគ្រប់គ្នាចង់បានចំណាត់ថ្នាក់កំពូលនៅពេលបញ្ចប់ការសិក្សា ។ ខ្ញុំបានដឹងភ្លាមថា ខ្ញុំមានផលវិបាកមួយ ដោយសារមិត្តរួមថ្នាក់របស់ខ្ញុំភាគច្រើនសុទ្ធតែជាអ្នកមានដើមកំណើតនិយាយភាសាអង់គ្លេស ។
គ្រូបង្រៀនបើកយន្តហោះរបស់ខ្ញុំបានព្រមានខ្ញុំអំពីផលវិបាកមួយទៀត—គឺខ្ញុំបានចំណាយពេលច្រើននៅឯព្រះវិហារ ។ សមាជិកក្នុងមូលដ្ឋានបានស្វាគមន៍ខ្ញុំចូលទៅក្នុងសាខា និងក្នុងផ្ទះរបស់ពួកគេ ហើយយើងថែមទាំងបានសាងសង់សាលាប្រជុំមួយនៅទីក្រុង ប៊ីក ស្ព្រីង រដ្ឋតិចសាស រួមគ្នានៅគ្រានោះទៀតផង ។ គ្រូបង្រៀនរបស់ខ្ញុំមានការព្រួយបារម្ភថា សកម្មភាពទាំងនេះនឹងរារាំងឱកាសរបស់ខ្ញុំពីការទទួលចំណាត់ថ្នាក់ខ្ពស់ ។ ខ្ញុំមិនបានគិតដូច្នោះទេ ។ ដូច្នេះ ខ្ញុំបានទុកចិត្តលើព្រះ ហើយបានធ្វើឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ ។
នៅទីបំផុត ខ្ញុំបានរៀនចេះភាសាអង់គ្លេស ( តែខ្ញុំនៅតែបន្តរៀន ) ។ ខ្ញុំបានបញ្ចប់ការបណ្តុះបណ្តាលជាអ្នកបើកបរយន្តហោះដោយជោគជ័យ ។ ខ្ញុំបានក្លាយជាអ្នកបើកយន្តហោះ ហើយក្រោយមកបានធ្វើជាមេក្រុមនៅក្រុមហ៊ុនអាកាសចរមួយ ។ ហើយចុះនារីដ៏ស្រស់ស្អាតដែលមានកែវភ្នែកពណ៌ត្នោតនៅក្នុងក្ដីស្រមៃរបស់ខ្ញុំវិញ ? គាត់នៅក្នុងការប្រជុំនេះជាមួយនឹងខ្ញុំ ។
ត្រូវឧស្សាហ៍ព្យាយាមក្នុងរឿងតូចតាច
ដូច្នេះ សូមកុំថប់បារម្ភដោយសារតែកិច្ចការដ៏ធំនិងលំបាកក្នុងជីវិត រហូតដល់រូបភាពពេញលេញត្រូវបានលាតត្រដាងឡើងសិន ។ ត្រូវចាំថា រឿងធំៗគឺកើតចេញមកពីរឿងតូចតាច ។ ប្រសិនបើក្មួយៗតាំងចិត្តចំពោះការធ្វើកិច្ចការ« តូចតាច និងងាយ »ដែលព្រះសុំឲ្យក្មួយៗធ្វើ—ហើយក្មួយៗធ្វើវាដោយឧស្សាហ៍ព្យាយាមតាមដែលក្មួយៗអាចធ្វើបាន នោះកិច្ចការធំៗនឹងកើតមានតាមក្រោយ ។
កិច្ចការ« តូចតាច និងងាយ »ទាំងនេះខ្លះ រួមមានការអធិស្ឋានប្រចាំថ្ងៃដោយមានគោលបំណង ការសិក្សាព្រះគម្ពីរ ការបង្កើតទម្លាប់សិក្សា ចូរមកតាមខ្ញុំ និង ដើម្បីកម្លាំងនៃយុវជន ឲ្យក្លាយជាផ្នែកមួយរបស់ក្មួយៗ ការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ការទៅព្រះវិហារ និងការបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗ ។
សូមធ្វើកិច្ចការទាំងនេះ សូម្បីតែនៅពេលដែលក្មួយៗពុំចង់ធ្វើវា សូម្បីនៅពេលដែលវាតម្រូវឲ្យមានពលិកម្មក្ដី ។ កិច្ចការនោះគឺជាពលិកម្មដែលធ្វើឲ្យកិច្ចការទាំងនេះមានភាពពិសិដ្ឋ ហើយ « ពលិកម្មនាំមកនូវពរជ័យពីស្ថានសួគ៌ » ។
វាមានន័យថា ពលិកម្ម« តូចតាច និងងាយ »របស់ក្មួយៗគឺជាចំណុចនៃការរស់នៅប្រចាំថ្ងៃដែលបង្កើតផ្ទាំងស្នាដៃឯកនៃជីវិតរបស់ក្មួយៗ ។ ក្មួយៗប្រហែលជាមើលមិនឃើញអំពីរបៀបដែលចំណុចទាំងនោះតភ្ជាប់គ្នានៅពេលនេះទេ ហើយក្មួយៗពុំទាន់ត្រូវការតភ្ជាប់វានៅពេលនេះនៅឡើយទេ ។ គ្រាន់តែមានសេចក្ដីជំនឿគ្រប់គ្រាន់សម្រាប់គ្រាដែលក្មួយៗកំពុងរស់នៅនាពេលនេះបានហើយ ។ សូមទុកចិត្តលើព្រះ ហើយ« ចេញពីការណ៍ដ៏តូចតាច នោះ[ នឹង ]បណ្ដាលឲ្យមានការណ៍ដ៏ធំធេងឡើង » ។
ទុកចិត្តលើព្រះ
នៅពេលខ្ញុំមានអាយុស្របាលក្មួយៗ ខ្ញុំមិនដឹងថាត្រូវដើរនៅលើផ្លូវណានោះទេ ។ ខ្ញុំពិតជាពុំបានមើលឃើញអំពីចំណុចនានាដែលតភ្ជាប់គ្នានៅពីមុខខ្ញុំឡើយ ។
ប៉ុន្តែខ្ញុំបានទុកចិត្តលើព្រះ ។ ខ្ញុំជឿថា ប្រសិនបើខ្ញុំធ្វើឲ្យអស់ពីលទ្ធភាពនៅគ្រានោះ នោះព្រះនឹងបំពេញរូបភាពដ៏ធំនោះ ។
ហើយទ្រង់ពិតជាបានធ្វើរឿងនោះមែន ។
ទ្រង់បានជ្រាបតាំងពីដើមដល់ចប់ ប៉ុន្តែខ្ញុំពុំបានដឹងទេ ។
ខ្ញុំពុំអាចមើលឃើញពីអនាគតឡើយ ប៉ុន្តែទ្រង់អាច ។
សូម្បីតែនៅគ្រាលំបាកក្ដី ពេលខ្ញុំបានគិតថា ខ្ញុំត្រូវគេបោះបង់ចោល នោះទ្រង់គង់នៅនឹងខ្ញុំ—ខ្ញុំមើលឃើញការណ៍នោះនៅពេលនេះ ។
នៅក្នុងសុភាសិត យើងរកឃើញការសន្យានេះថា « ទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង » ។
ខ្ញុំសូមលើកទឹកចិត្តក្មួយៗឲ្យជឿថា ជីវិតរបស់ក្មួយៗនឹងកាន់តែប្រសើរឡើង ប្រសិនបើក្មួយៗពឹងផ្អែកលើព្រះ ឲ្យដឹកនាំផ្លូវក្មួយៗ ។ ទ្រង់ជ្រាបដឹងកិច្ចការទាំងឡាយដែលក្មួយៗមិនអាចដឹង ហើយទ្រង់បានរៀបចំអនាគតសម្រាប់ក្មួយៗ ដែលក្មួយៗពុំអាចនឹកស្រមៃដល់ ។ សាវកប៉ុលបានថ្លែងទីបន្ទាល់ថា « សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ …ចិត្តនឹក[ មិន ]ដែលដល់ [ អ្វី ]គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សម្រាប់ពួកអ្នកដែលស្រឡាញ់ទ្រង់ » ។
ដូច្នេះសូមសួរខ្លួនឯងថា « តើខ្ញុំអាចមានជំនឿគ្រប់គ្រាន់ដើម្បីជឿលើព្រះបានដែរឬទេ ? តើខ្ញុំនឹងយល់ព្រមទុកចិត្តថា ទ្រង់ស្រឡាញ់ខ្ញុំ ហើយសព្វព្រះទ័យដឹកនាំផ្លូវរបស់ខ្ញុំដែរឬទេ ? »
ប្រសិនបើក្មួយៗអាចរកឃើញសូម្បីតែគ្រាប់ពូជដ៏តូចមួយ–បំណែកនៃសេចក្តីជំនឿនៅក្នុងចិត្តរបស់ក្មួយៗ—ទោះបីជាវាគ្រាន់តែជាការចង់ជឿក៏ដោយ–សូមចាប់ផ្តើមនៅត្រង់នោះ ។
ព្រះដឹងពីរបៀបបង្វែរគ្រាប់ពូជតូចៗទៅជាដើមឈើដ៏ធំ ។ សូមធ្វើកិច្ចការតូចតាច និងងាយ ហើយព្រះនឹងចម្រើនដល់ក្មួយៗច្រើនជាង « ១ ពាន់ដងទៅទៀតចុះ ហើយប្រទានពរ ដូចជាទ្រង់បានមានព្រះបន្ទូល ! »
យើងឆ្លើយទៅកាន់ព្រះ
ក្មួយៗពុំចាំបាច់ទៅណាឆ្ងាយទេនៅក្នុងសម័យឥឡូវនេះ ដើម្បីស្ដាប់ឮសំឡេងជំទាស់ដែលបំបាក់ទឹកចិត្ត ឬចំអកដល់ជំនឿលើព្រះ និងជាពិសេសចំពោះសាសនារបស់យើង ។
ប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើឲ្យសំឡេងបែបនេះលាន់ឮយ៉ាងខ្លាំង ។
ប៉ុន្តែ ជំនាន់របស់ក្មួយៗពុំមែនជាជំនាន់តែមួយគត់ដែលសេចក្តីជំនឿលើព្រះត្រូវជួបនឹងការប្រឈម និងការសើចចំអកនោះទេ ។ ការណ៍នេះទំនងជាផ្នែកមួយនៃការសាកល្បងក្នុងជីវិតរមែងស្លាប់សម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។
ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា « បើអ្នករាល់គ្នាជារបស់ផងលោកីយ៍ នោះលោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយព្រោះខ្ញុំបានរើសចេញពីលោកីយ៍មក ហើយអ្នករាល់គ្នាមិនមែនជារបស់ផងលោកីយ៍ទៀត … នោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នាវិញ » ។
ក្មួយៗអាចនឹងទទួលយកការណ៍នោះ នៅពេលក្មួយៗធ្វើការតាំងចិត្តដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ នោះអស់អ្នកដែលបានរស់នៅក្នុងអគារដ៏ធំ ហើយទូលាយនឹងបដិសេធ—ពេលខ្លះ បានស្រែកឡើងយ៉ាងខ្លាំង ។ ពួកគេថែមទាំងអាចនឹងល្បងធ្វើបាបដល់ក្មួយៗ ហើយធ្វើឲ្យក្មួយៗខ្មាសអៀនទៀតផង ។
ប៉ុន្តែសូមចាំថា ក្មួយៗពុំឆ្លើយទៅកាន់ពួកគេនោះទេ ។ ក្មួយៗឆ្លើយទៅកាន់ព្រះ ។ នៅថ្ងៃមួយ ក្មួយៗនឹងឈរនៅចំពោះទ្រង់ដើម្បីរៀបរាប់អំពីជីវិតរបស់ក្មួយៗ ។
ទ្រង់នឹងសួរថា តើក្មួយៗបានធ្វើតាមព្រះអង្គសង្គ្រោះដែរឬទេ តើក្មួយៗបានស្រឡាញ់អ្នកជិតខាងក្មួយៗដែរឬទេ តើក្មួយៗបានខិតខំ ដោយស្មោះ ដើម្បីបន្តដើរនៅលើមាគ៌ានៃភាពជាសិស្ស និងគោរពសេចក្ដីសញ្ញារបស់ក្មួយៗដែរឬទេ ។
មិត្តវ័យក្មេងជាទីស្រឡាញ់របស់ខ្ញុំអើយ ឥឡូវនេះគឺជាពេលដើម្បីតាំងចិត្តចំពោះព្រះគ្រីស្ទ ហើយដើរតាមមាគ៌ារបស់ទ្រង់ ។
ថ្ងៃណាមួយ បុត្រាបុត្រីគ្រប់រូបរបស់ព្រះនឹងលុតជង្គង់ ហើយទទួលស្គាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះប្រោសលោះ ព្រះអង្គសង្គ្រោះនៃពិភពលោក ។ ពួកគេនឹងដឹងថា ទ្រង់បានសុគតជំនួសពួកគេ ។
នៅថ្ងៃនោះ វានឹងបង្ហាញយ៉ាងច្បាស់ថា មានតែព្រះសូរសៀងរបស់ទ្រង់ប៉ុណ្ណោះដែលសំខាន់ ។
វាមិនសំខាន់ដល់យើងឡើយ
ឥឡូវនេះ នៅពេលយើងនិយាយអំពីការអនុញ្ញាតឲ្យព្រះដឹកនាំជីវិតរបស់យើង ខ្ញុំចង់បញ្ជាក់រឿងមួយ ។ ក្មួយៗអាចនឹងមិនចូលចិត្តអ្វីដែលខ្ញុំនឹងប្រាប់ដល់ក្មួយៗទេ ។ នៅពេលក្មួយៗទូលសូមការដឹកនាំពីព្រះដើម្បីសម្រេចចិត្តនៅក្នុងជីវិតរបស់ក្មួយៗ—រួមទាំង ការសម្រេចចិត្តសំខាន់ៗមួយចំនួន—ទ្រង់ប្រហែលជានឹងមិនប្រទានចម្លើយយ៉ាងច្បាស់មួយដល់ក្មួយៗឡើយ ។
ការពិតនោះគឺថា ពេលខ្លះ វាមិនសំខាន់ចំពោះព្រះអម្ចាស់ឡើយថាក្មួយៗសម្រេចចិត្តយ៉ាងណានោះទេ ដរាបណាក្មួយៗបន្តនៅក្នុងសេចក្ដីសញ្ញា និងគោលការណ៍សំខាន់ៗនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញ ។
មានពេលខ្លះព្រះមានមាគ៌ាជាក់លាក់មួយដែលទ្រង់ចង់ឲ្យក្មួយៗធ្វើតាម ។ ពេលខ្លះក៏ទ្រង់នឹងព្រមានក្មួយៗនូវការជ្រើសរើសជាក់លាក់ផងដែរ ដោយសារតែគ្រោះថ្នាក់ដែលក្មួយៗមិនអាចមើលឃើញ ។ ប៉ុន្តែមានពេលខ្លះដែលសំណួរមួយមានចម្លើយ« ត្រឹមត្រូវ »ជាច្រើន ហើយក្មួយៗអាចរកឃើញនូវអំណរក្នុងចំណោមសំណួរទាំងនោះ ដរាបណាក្មួយៗរស់នៅតាមសេចក្ដីពិតដ៏នៅអស់កល្បជានិច្ចរបស់ព្រះ ។
នៅពេលការណ៍នេះបានកើតឡើងចំពោះ យ៉ូសែប ស្ម៊ីធ និងដៃគូរបស់លោក ព្រះអម្ចាស់បានប្រទានចម្លើយមួយដ៏គួរឲ្យចាប់អារម្មណ៍ នៅពេលពួកលោកបានស្វែងរកការដឹកនាំរបស់ទ្រង់ ។ ទ្រង់បានមានបន្ទូលថា « វាមិនសំខាន់ដល់[ យើង ]ឡើយ » ។
បន្ទាប់មក ទ្រង់បានបន្ថែមទៀតថា « គ្រាន់តែមានចិត្តស្មោះត្រង់ » ។
ប្រហែលវាគឺជាការខកបំណងដែលស្ដាប់ឮថា ព្រះនឹងពុំប្រទានដល់ក្មួយៗនូវ ព័ត៌មានលម្អិត អំពីដំណើរជីវិតរបស់ក្មួយៗនោះ ។ ប៉ុន្តែតើក្មួយៗពិតជាចង់ឲ្យគេដឹកនាំនៅគ្រប់រឿងលម្អិតឬ ?
តើក្មួយៗពិតជាចង់បានលេខកូដសម្ងាត់អំពីជីវិតពីមុនក្មួយៗមានឱកាសដឹងវាដោយខ្លួនឯងមែនទេ ? តើនឹងមានការផ្សងព្រេងណាខ្លះនឹងកើតឡើង ? តើវាមិនដកយកអារម្មណ៍នៃការសម្រេចដ៏ជោគជ័យរបស់ក្មួយៗទេឬអី? តើក្មួយៗនឹងរីកចម្រើន ហើយបង្កើនទំនុកចិត្តខ្លួនឯង លើព្រះអម្ចាស់ និងនៅលើខ្លួនឯងដោយរបៀបណា ?
ដូចដែលព្រះអម្ចាស់បានមានបន្ទូលប្រាប់ អូលីវើរ ខៅឌើរី ថា « អ្នកត្រូវសិក្សាក្នុងគំនិតរបស់អ្នក រួចហើយ អ្នកត្រូវសូមដល់យើង បើសិនជាការណ៍នោះត្រឹមត្រូវ » ។
ព្រះវរបិតាសួគ៌បានប្រទានឲ្យក្មួយៗនូវផែនការរបស់ទ្រង់ មាគ៌ារបស់ទ្រង់ ។ ទ្រង់បានប្រទានឲ្យក្មួយៗនូវរូបភាពទាំងមូល ។ ហើយទ្រង់បានប្រទានឲ្យក្មួយៗនូវខួរក្បាល និងបេះដូង ។ ប្រសិនបើក្មួយៗទុកចិត្តលើទ្រង់ នោះទ្រង់នឹងជួយក្មួយៗឲ្យប្រើវាយ៉ាងត្រឹមត្រូវនៅក្នុងការសម្រេចចិត្តរបស់ក្មួយៗ ។ ទ្រង់ទុកចិត្តលើក្មួយៗដើម្បីធ្វើការសម្រេចចិត្តដ៏ល្អបំផុតតាមរយៈការធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងករណីជាច្រើន ការសម្រេចចិត្តដែលក្មួយៗធ្វើ នៅពេលនោះ អាចនឹងមិនសំខាន់ ដូចជាអ្វីដែលក្មួយៗធ្វើ បន្ទាប់ពី ការសម្រេចចិត្តនោះបានធ្វើឡើង ។
ឧទាហរណ៍ ស្វាមីភរិយាមួយគូជ្រើសយកការរៀបការ ទោះជាសមាជិកគ្រួសាររបស់ពួកគេមួយចំនួន ពុំបានគិតថា ពួកគេស័ក្ដិសមនឹងគ្នាក្ដី ។ ប៉ុន្តែ ខ្ញុំមានសេចក្ដីសង្ឃឹមយ៉ាងខ្លាំងសម្រាប់ស្វាមីភរិយាបែបនេះ ប្រសិនបើពួកគេបានបន្តតាំងចិត្តទាំងស្រុងចំពោះគ្នា និងចំពោះព្រះអម្ចាស់ដោយអស់ពីដួងចិត្ត និងគំនិតរបស់ពួកគេ បន្ទាប់ពី ការសម្រេចចិត្តនោះបានធ្វើឡើង ។ តាមរយៈការប្រព្រឹត្តិចំពោះគ្នាដោយសេចក្ដីស្រឡាញ់ និងសន្ដានចិត្តល្អ ដោយផ្ដោតលើតម្រូវការខាងអារម្មណ៍ ខាងវិញ្ញាណ និងខាងសាច់ឈាមរបស់គ្នាទៅវិញទៅមក—ហើយតាមរយៈការធ្វើកិច្ចការ« តូចតាច »ជាទៀងទាត់—ពួកគេ ក្លាយជា គូដែលស័ក្ដិសមគ្នាបំផុត ។
ផ្ទុយទៅវិញ សូមពិចារណាពីស្វាមីភរិយាដែលគិតថា ពួកគេរើសបានមនុស្ស « ល្អឥតខ្ចោះ » រួចហើយសន្មតថា បន្ទុកលំបាកៗទាំងអស់បានបញ្ចប់ហើយ ។ ប្រសិនបើពួកគេឈប់ស្រឡាញ់គ្នា ហើយឈប់ប្រាស្រ័យទាក់ទងនឹងគ្នា បោះបង់សេចក្ដីសញ្ញាពិសិដ្ឋរបស់ពួកគេ ហើយបានវិលត្រឡប់ទៅរកភាពអត្មានិយម និងជីវិតដែលផ្ដោតលើខ្លួនឯង នោះស្វាមីភរិយារូបនេះកំពុងតែដើរនៅលើផ្លូវដែលនាំទៅរកភាពសោកសៅ និងភាពសោកស្ដាយ ។
គោលការណ៍ដូចគ្នានេះអនុវត្តនៅក្នុងជម្រើសការងារផងដែរ ។ ខ្ញុំមានសង្ឃឹមយ៉ាងខ្លាំងចំពោះអ្នកដែលសម្រេចចិត្តប្រហែលជាជ្រើសរើសមុខរបរដែលមិនសូវមានកិត្យានុភាព ប៉ុន្តែជាអ្នកដែលខិតខំអស់ពីសមត្ថភាព ហើយរកវិធីប្រើប្រាស់ការងាររបស់ពួកគេដើម្បីលើកតម្កើងព្រះ និងផ្ដល់ពរដល់បុត្រាបុត្រីរបស់ទ្រង់ ។
ខ្ញុំមានសង្ឃឹមតិចចំពោះអ្នកដែលសម្រេចចិត្តជ្រើសរើសមុខរបរដែលស្ដាប់ទៅអស្ចារ្យ ប៉ុន្តែបាត់បង់ការផ្ដោតលើអត្តសញ្ញាណដ៏ទេវភាពរបស់ពួកគេ និងសេចក្ដីល្អដែលពួកគេអាចសម្រេចបានតាមរយៈការបម្រើព្រះ និងបុត្រាបុត្រីរបស់ទ្រង់ ។
ព្រះបានរៀបចំពរជ័យអស់កល្បជានិច្ចលើសពីការគិតរបស់ក្មួយៗទៅទៀត ។ ដើម្បីជួយក្មួយៗឲ្យទទួលបានពរជ័យទាំងនោះ ទ្រង់បានប្រទានដល់ក្មួយៗនូវបទបញ្ញត្តិទាំងឡាយ សេចក្តីសញ្ញាដ៏ពិសិដ្ឋ ដំបូន្មានដែលបំផុសគំនិតមកពីព្យាការី អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងសិទ្ធិជ្រើសរើសខាងសីលធម៌ ។ វាច្រើនល្មមគ្រប់គ្រាន់ដើម្បីដឹកនាំក្មួយៗទៅរកសុភមង្គលក្នុងជីវិតនេះ និងអំណរដ៏នៅអស់កល្បជានិច្ច ។ លើសពីនោះទៀត សូមកុំអស់សង្ឃឹម ប្រសិនបើក្មួយៗបានធ្វើការសម្រេចចិត្តមួយចំនួនដែលពុំបានល្អឥតខ្ចោះនោះ ។ នោះគឺជារបៀបដែលក្មួយៗរៀនសូត្រ ។ នោះគឺជាផ្នែកមួយនៃដំណើរផ្សងព្រេងនេះ !
មែនហើយ ដំណើរផ្សងព្រេងមិនដែលមានភាពរលូនពីដើមដល់ចប់នោះទេ ។ ជីវិតក្មួយៗនឹងមានភាពរីករាយ និងភាពសោកសៅ ។ ប៉ុន្តែ ប្រសិនបើក្មួយៗស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ សូមមើលទៅពលិកម្មធួនរបស់ទ្រង់ដែលជាអំណោយនៃសេចក្តីស្រឡាញ់ ហើយការប្រែចិត្ត គឺជាវិធីដើម្បីទទួលយកវា នោះក្មួយៗអាចធានាបាននូវការបញ្ចប់ដ៏រីករាយ ។
ក្មួយៗប្រហែលជាមិនបានឃើញវាទេរហូតទាល់តែដល់ពេលក្រោយ ប៉ុន្តែក្មួយៗនឹងមើលត្រឡប់ទៅក្រោយវិញ ហើយដឹងថាព្រះអម្ចាស់មិនដែលបោះបង់ក្មួយៗចោលឡើយ សូម្បីតែនៅពេលដែលទ្រង់អនុញ្ញាតឲ្យក្មួយៗធ្វើការសម្រេចចិត្តជាច្រើនសម្រាប់ខ្លួនឯងក៏ដោយ ។ ក្មួយៗនឹងមើលឃើញថា ចំណុចទាំងនោះតភ្ជាប់គ្នា ។
រឿងប្រាំយ៉ាងដែលត្រូវចងចាំ
ដូច្នេះ តើខ្ញុំសង្ឃឹមថា ក្មួយៗនឹងចងចាំអ្វីខ្លះចេញពីការពិភាក្សារបស់យើងនៅថ្ងៃនេះ ?
ទីមួយ សូមដឹងថា ចម្លើយរបស់ព្រះចំពោះសំណួរដ៏សំខាន់ដែលក្មួយៗមាន អាចនឹងត្រូវការពេលវេលាបន្តិច ហើយវាអាចនឹងកើតមានតាមវិធីដែលក្មួយៗមិនបានរំពឹងទុក ។ ចម្លើយរបស់ព្រះមានតម្លៃដ៏នៅអស់កល្បជានិច្ច ។ វាស័ក្ដិសមដើម្បីរង់ចាំ ។
ទីពីរ កុំតក់ស្លុតពេលក្មួយៗដើរលើមាគ៌ានៃភាពជាសិស្ស ។ ធ្វើឲ្យអស់ពីសមត្ថភាពជាមួយនឹងរឿងតូចតាច នោះរឿងធំនឹងកើតឡើង ។
ទីបី សូមមានសេចក្ដីជំនឿបន្តិច ។ សូមជឿថា ក្មួយៗមានសារៈសំខាន់ចំពោះព្រះ ជឿថាទ្រង់ទតឃើញនូវអ្វីដែលក្មួយៗមើលមិនឃើញ ហើយថាទ្រង់នឹងដឹកនាំក្មួយៗនៅលើផ្លូវត្រូវ ។ ទ្រង់ស្រឡាញ់បងប្អូន ។ សូមទុកចិត្តលើទ្រង់ ។
ទីបួន សូមកុំបណ្ដោយឲ្យសំឡេងបំបាក់ទឹកចិត្តនានាឃាត់ក្មួយៗពីដំណើរនៃសេចក្ដីជំនឿរបស់ក្មួយៗឡើយ ។ សូមចាំថា ក្មួយៗមិនឆ្លើយទៅកាន់ពួកអ្នករិះគន់ក្មួយៗនោះទេ ។ ក្មួយៗឆ្លើយទៅកាន់ព្រះវរបិតារបស់ក្មួយៗដែលគង់នៅស្ថានសួគ៌វិញទេតើ ។ គុណតម្លៃរបស់ទ្រង់មានសារៈសំខាន់ ។
ទីប្រាំ សូមស្វែងរកការដឹកនាំរបស់ព្រះអម្ចាស់ ហើយនៅពេលទ្រង់មានបន្ទូលថា « វាមិនសំខាន់ » សូមធ្វើការសម្រេចដ៏ល្អបំផុតដែលក្មួយៗអាចធ្វើបាន ដោយផ្អែកលើសេចក្ដីពិតដែលក្មួយៗដឹង ។ បន្ទាប់មក « ចូរស្មោះត្រង់ » ។
ខ្ញុំសូមទុកពរជ័យរបស់ខ្ញុំជាមួយក្មួយៗនៅដើមឆ្នាំថ្មីនេះថា នៅពេលក្មួយៗខិតខំដោយស្មោះដើម្បីស្គាល់ព្រះវរបិតាសួគ៌របស់ក្មួយៗ ធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយគោរពសេចក្ដីសញ្ញារបស់ទ្រង់ នោះសេចក្ដីជំនឿរបស់ក្មួយៗនឹងកើនឡើង ។
ទំនុកចិត្តរបស់ក្មួយៗនឹងរីកចម្រើន នៅពេលក្មួយៗខិតខំធ្វើតាមព្រះអង្គសង្គ្រោះរបស់ក្មួយៗ និងការបង្រៀនរបស់ទ្រង់ ។
នៅក្នុងព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អរបស់ទ្រង់ និងសាសនាចក្ររបស់ទ្រង់ ក្មួយៗនឹងរកឃើញសុភមង្គល អំណរ និងសេចក្ដីសុខសាន្ត ! ហើយនៅថ្ងៃមួយ ទ្រង់នឹងឱបក្រសោបក្មួយៗដោយសេចក្តីស្រឡាញ់ដ៏ទេវភាព ។
ដោយមានអំណរគុណដែលពុំអាចថ្លែងបាន ក្មួយៗនឹងឃើញថា ដោយសេចក្ដីស្រឡាញ់ ព្រះគុណ និងសេចក្ដីអាណិតអាសូររបស់ទ្រង់ ព្រះតែងគង់នៅទីនោះជានិច្ច ដើម្បីឃុំគ្រងក្មួយៗ ប្រទានពរដល់ក្មួយៗ ហើយរៀបចំកន្លែងមួយសម្រាប់ក្មួយៗ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ពីការណ៍នេះ និងផ្ដល់ពរជ័យរបស់ខ្ញុំដល់ក្មួយៗ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។