ការប្រជុំ​ធម្មនិដ្ឋាន ឆ្នាំ​២០២៥
ទុកចិត្ត​លើ​ព្រះ


9:58

ទុកចិត្ត​លើ​ព្រះ

ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ

ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ មិត្ត​វ័យក្មេង​ជាទី​ស្រឡាញ់​របស់ខ្ញុំ ខ្ញុំ​ស្រឡាញ់​បងប្អូននៅ​គ្រប់ទី​កន្លែង​ជុំវិញ​ពិភពលោក ។ បងប្អូនអស្ចារ្យ​ណាស់ ។ បងប្អូន​ស្រស់​ស្អាត​ណាស់ ។ ខ្ញុំ​ចង់​ឱប​បងប្អូន​ម្នាក់ៗ ។

វា​គឺជា​ឱកាស​ដ៏ល្អ​ដែល​បានជួប​បងប្អូន​នាថ្ងៃនេះ ។ ខ្ញុំ​ក៏​ចូលចិត្ត​ដែរ ដែល​ខ្ញុំ​បាន​នៅ​ទីនេះ​ជាមួយនឹង​សាវក​ដែល​ខ្ញុំ​ចូលចិត្ត​ផងដែរ ។ ខ្ញុំ​ដឹងថា យើង​មិន​គួរ​មាន​ការជ្រើសរើស​នោះទេ ប៉ុន្តែ​ក្នុង​ករណី​របស់ខ្ញុំ វា​ហាក់ដូចជា​មិនអីទេ ព្រោះ​ខ្ញុំ​បាន​រៀបការ​ជាមួយនឹង​លោក ។

ថ្មីៗនេះ យើង​បាន​ប្រារព្ធ​គម្រប់ខួប​អាពាហ៍ពិពាហ៍​លើកទី ៦២ របស់​ពួកយើង ។ ហើយយើង​នៅតែ​ស្រឡាញ់​គ្នា !

និយាយ​ដល់​ផល​ផ្លែ​នៃ​ដំណឹងល្អ ! នៅពេល​យើង​ទទួល​សារអបអរ​សាទរ និង​សេចក្ដី​ស្រឡាញ់​មកពី​ចៅៗ និង​ចៅទួត​របស់​យើង នោះ​យើង​ដឹង​អំពី​ពរជ័យ​ដ៏​ធំ​ធេង​នៃ​សមាជិកភាព​ក្នុង​សាសនាចក្រ និង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

ចំពោះ​បងប្អូន​ដែល​នៅ​លីវ ដែល​បាន​លែង​លះ​គ្នា ឬ​រស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​ជួប​បញ្ហា​ពិបាក ខ្ញុំ​សូម​ថ្លែងទីបន្ទាល់ទៅកាន់​បងប្អូន​ថា ព្រះ​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ហើយ​នៅពេល​បងប្អូន​បន្ត​ស្មោះត្រង់​ចំពោះ​សេចក្ដី​សញ្ញា​របស់​បងប្អូន នោះ​អំណរ​នៃ​ជីវិត​គ្រួសារ​នឹង​កើត​មាន​ចំពោះ​បងប្អូន ។ ខ្ញុំ​ពុំ​ដឹង​ថា វា​នឹងកើត​ឡើង​ដោយ​របៀបណា​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ព្រះគុណ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​មាន​គ្រប់​គ្រាន់​សម្រាប់​យើង​ទាំងអស់​គ្នា ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​វា​កើត​ឡើង​ស្រប​តាម​របៀប និង​កាល​វេលា​របស់​ទ្រង់ ។

នៅពេល​ដែល​ខ្ញុំ​សម្លឹងមើល​ទៅ​បងប្អូន និង​ទទួល​អារម្មណ៍​នៃ​ពន្លឺចែងចាំង​ដ៏​អស្ចារ្យ​នៃ​សេចក្តីល្អ និង​កម្លាំង​របស់​បងប្អូន ខ្ញុំ​បាន​នឹកឃើញ​អំពី​ពេលវេលា​ដ៏​ពិសេស​មួយ​ដែល ឌៀថើរ និង​ខ្ញុំ​ធំឡើង​នៅក្នុង​សាខា​តែមួយ នៅទីក្រុង​ហ្រែ្វងហ្វឺត ប្រទេស​អាល្លឺម៉ង់ ។

ខ្ញុំ​បាន​ដឹង​ថា គាត់​បាន​លួច​ស្រឡាញ់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ចាប់​អារម្មណ៍​លើ​គាត់​ទេ ។ គាត់​ជា​មនុស្ស​ល្អ ប៉ុន្តែ​គាត់​គ្រាន់តែ​ជា​មិត្តភក្តិ​នៅក្នុង​សាសនាចក្រ​របស់ខ្ញុំ​ប៉ុណ្ណោះ ។ យើង​ហាត់​រាំ​ជាមួយ​គ្នា​នៅ​ឯ​សកម្មភាព​របស់​យើង​ក្នុង​សាសនាចក្រ​ ។ កាលនោះ​វា​ជា​សម័យ​ពេញ​និយម​នៃ​ចង្វាក់ ហ្វកត្រូត, ប៊ូហ្គី-វ៉ូហ្គី និង រ៉ក់ អែន រ៉ូល ។

បន្ទាប់​ពី​គាត់​បាន​ចូល​ក្នុង​កងទ័ព​អាកាស​ដើម្បី​ក្លាយ​ជា​អ្នក​បើក​យន្ត​ហោះ​ចម្បាំង ខ្ញុំ​ពុំ​បាន​ឃើញ​គាត់​អស់រយៈ​ជិត​ពីរឆ្នាំ ។ និយាយ​ឲ្យ​ស្មោះទៅ នៅពេល​គាត់​ត្រឡប់​មក​ទីក្រុង​ហ្រែ្វងហ្វឺត​វិញ ខ្ញុំ​ពុំ​សូវ​មាន​ចំណាប់អារម្មណ៍​លើ​គាត់​ប៉ុន្មាន​ទេ ។ គាត់​មាន​រូបរាង​ដូចជា​មនុស្ស​ម្នាក់​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ពេក ដូច​នៅ​ក្នុង​ខ្សែ​ភាពយន្ត​រឿង Top Gun ។

ប៉ុន្តែ​នៅពេល​គាត់​មក​និយាយ​រក​ខ្ញុំ ខ្ញុំ​មាន​ភាពភ្ញាក់ផ្អើល​ជាខ្លាំង គាត់​មាន​ភាព​ចាស់ទុំ​ច្រើន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នោះ ។ គាត់​បាន​ដឹង​ពីអ្វី​ដែល​គាត់​ចង់​ធ្វើ​ក្នុង​ជីវិត​របស់​គាត់ ហើយ​គាត់​រឹងមាំ​នៅ​ក្នុង​ដំណឹងល្អ ។ គាត់​មានការតាំងចិត្ត និង​មាន​គំនិត​ច្នៃប្រឌិត​ក្នុង​ការខិតខំ​ប្រឹងប្រែង​របស់គាត់ ។ ប៉ុន្មាន​ខែក្រោយ​មក ពួកយើង​បាន​រៀបការ ។

មិត្ត​វ័យក្មេង​ជាទី​ស្រឡាញ់​របស់ខ្ញុំ​អើយ ខ្ញុំ​មិន​ដែល​សោកស្តាយ​ក្នុង​ការមើល​ដោយ​ព្រិតព្រៀង​ទៅលើ​គាត់​ជាលើក​ទីពីរ​នោះទេ ទោះបីជា​ក្រោយពី​ចំណាប់​អារម្មណ៍​លើកទីមួយ​មិន​សូវជា​ល្អ​ច្បាស់លាស់​ក៏ដោយ ។

ឌៀថើរ គឺជា​ម្ចាស់​ជីវិត​របស់​ខ្ញុំ និង​ជា​ឪពុក និង​ជា​ជីតា​ដ៏​ល្អ​សម្រាប់​កូនៗ​ព្រមទាំង​ចៅៗ​របស់​យើង ។

ប៉ុន្តែ​ខ្ញុំ​កំពុង​និយាយ​ហួស​បន្តិច​អំពី​អ្វី​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​បងប្អូន ។

នៅពេល​ខ្ញុំ​មាន​អាយុ ១២​ឆ្នាំ ឪពុក​របស់ខ្ញុំ​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​មហារីក ។ បន្ទាប់ពី​គាត់​ស្លាប់ទៅ ផ្ទះ​របស់យើង​បាន​ក្លាយជា​កន្លែង​នៃ​ទុក្ខសោក ការរងទុក្ខ និង​ភាពអស់សង្ឃឹម ។

វា​ហាក់ដូចជា​មិនមាន​អ្វី ឬ​គ្មាន​នរណា​ម្នាក់​ដែល​អាច​លួងលោម​ម្តាយ​របស់ខ្ញុំ ឬ​ពួកយើង​ជា​កូន​បាន​ឡើយ ។ មែន​ហើយ ហាក់ដូចជា​គ្មានទេ ! ដោយ​សេចក្ដីស្រឡាញ់​ដ៏​ធំ​ធេង​របស់​ទ្រង់ ព្រះវរបិតាសួគ៌​របស់​យើង ពុំ​បាន​ភ្លេច​យើង​ឡើយ ។

បន្ទាប់​ពី​ឪពុក​របស់​ខ្ញុំ​បានទទួល​មរណភាព​ទៅ​បាន​ប្រាំបី​ខែ ក៏​មាន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជនជាតិ​អាមេរិកកាំង​ពីរ​នាក់​មក​គោះ​ទ្វារ​ផ្ទះ​របស់​យើង​នៅឯ​ទីក្រុង​ហ្រែ្វងហ្វឺត ប្រទេស​អាល្លឺម៉ង់ ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងពីរ​នោះ ដឹកនាំ​ដោយ​ព្រះវិញ្ញាណ បាន​ទុក​ព្រះគម្ពីរ​មរមន​ដ៏មាន​តម្លៃ​ឲ្យ​ម្តាយ​របស់ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​ព្រះគម្ពីរ​មរមន​ខ្លាំង​ណាស់ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​វ័យក្មេង​ទាំងនេះ​បាននាំ​ចម្លើយ​របស់ព្រះ​ដល់យើង ។ សារលិខិត​នៃ​ផែនការ​នៃ​សេចក្តីសង្គ្រោះ ផែនការ​នៃ​សុភមង្គល គឺ​ស្រស់ស្អាត និង​មាន​ឥទ្ធិពល​ខ្លាំងណាស់ ។ វា​បាន​នាំមក​នូវ​សេចក្តីសង្ឃឹម និង​ពន្លឺ​ត្រឡប់មក​ផ្ទះ​របស់យើង​វិញ ។ នៅពេល​យើង​ទទួល​យក​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ នោះ​ការឈឺចាប់​ក្នុង​ចិត្ត ភាពអស់​សង្ឃឹម និង​ភាពសោកសៅ​របស់​យើង​ត្រូវបាន​ព្យាបាល ។

ដោយ​មាន​នូវ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​គ្មាន​ភាពងងឹត​ទៀតទេ​នៅក្នុង​គ្រួសារ​របស់យើង ដោយសារតែ​ពន្លឺ និង​ភាពងងឹត​មិន​អាច​នៅក្នុង​កន្លែង​តែមួយ​ក្នុង​ពេលតែ​មួយ​បានឡើយ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទាំងពីរ​នាក់នេះ​គឺជា​យុវមជ្ឈិមវ័យ​ដ៏​ល្អ ។ សម្រាប់​យើង ពួកគេ​គឺជា​ទេវតា​នៃ​សិរីរុងរឿង​ពីរ​រូប​ដែល​ព្រះ​បានបញ្ជូន​មក ។

មិត្ត​យុវវ័យ​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ក្មួយៗ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អង្គធាតុ​ដ៏​ទេវភាព​ដូចៗគ្នា ! ក្មួយៗ​គឺជា​ពួកជម្រើស​សម្រាប់​ជំនាន់​របស់​យើង ដែល​បង្រៀន ហើយ​រស់នៅ​តាម​សារលិខិត​នៃ​ដំណឹងល្អ​នៅ​គ្រប់​ទីកន្លែង​ដែល​ក្មួយៗ​រស់នៅ ។ ដោយសារ​គោលបំណង​នេះ​ហើយ ទើប​ក្មួយៗ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ទីក្រុង សាលារៀន ឬ​កន្លែង​ការងារ គ្រួសារ​របស់​ក្មួយៗ ។ សូម​កុំ​ភ្លេចថា ក្មួយៗ​មាន​សក្ដានុពល​ដើម្បី​ធ្វើ​ជា​ពួក​ទេវតា​នៃ​សិរីរុងរឿង​ដល់​អស់​អ្នក​ដែល​នៅ​ជិត​ក្មួយៗ ។

ក្មួយៗ​តំណាង​ឲ្យ​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ក្មួយៗ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​មាន​អានុភាព​នៅក្នុង​ការប្រកាស​សារលិខិត​នៃ​ដំណឹងល្អ​តាមរយៈ​ជីវិត​ដ៏​ប្រពៃ និង​ទីបន្ទាល់​ដ៏​ក្លៀវក្លា​របស់​ក្មួយៗ ។

អ្នក​ដឹកនាំ​គឺជា​បុគ្គល​ម្នាក់​ដែល​ជួយ​មនុស្ស​ដទៃ​ឲ្យ​មើល​ឃើញ ទទួល​អារម្មណ៍ ហើយ​រក​ឃើញ​ផ្លូវ​ត្រូវ ។ មិត្ត​វ័យក្មេង​ជាទី​ស្រឡាញ់​របស់ខ្ញុំ​អើយ សូម​ជួយ​គ្នាទៅវិញ​ទៅមក​ដើម្បី​ស្វែងរក​ផ្លូវ​ត្រូវ និង​ដើម្បី​ចាក់​គ្រឹះ​ឲ្យ​បាន​ជ្រៅ​នៅក្នុង​សាសនាចក្រ និង​នៅក្នុង​ដំណឹងល្អ ។

រាល់​ពាក្យ​សម្ដី ឬ​ទង្វើ​ដ៏​សាមញ្ញ ហើយ​ច្បាស់​នៃ​សេចក្ដី​ល្អ សេចក្ដី​ថ្លែថ្នូរ សេចក្ដី​សប្បុរស សន្ដានចិត្តល្អ ការបម្រើ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​អាណិត​អាសូរ​អាច​ក្លាយ​ជា​ទង្វើ​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​ក្មួយៗ​នៅក្នុង​នគរ​នៃ​ព្រះ ។ សូម​កុំ​មើលស្រាល​ចំពោះ​ឥទ្ធិពល និង​អានុភាព​របស់​ក្មួយៗ​សម្រាប់​សេចក្ដី​ល្អឡើយ ។

ខ្ញុំ​សូម​បន្ថែម​នៅទីនេះ​ពីរបី​ពាក្យ​ទៀត​ទៅកាន់​បងប្អូនស្រី​ជាទី​ស្រឡាញ់​របស់យើង ។ នៅ​គ្រា​ដ៏លំបាក​ទាំងនេះ បងប្អូន​ត្រូវបាន​អំពាវនាវ​ឲ្យ​ប្រើ​នូវ​ទេពកោសល្យ និង​ភាពក្លាហាន​របស់​បងប្អូន​ក្នុង​ការប្រយុទ្ធ​រវាង​ល្អ និង​អាក្រក់ ។

ក្នុងឆ្នាំ​១៩៧៩ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​ព្យាករ​ថា « ការរីកចម្រើន​ចម្បង​បំផុត​ដែល​កំពុង​តែ​កើតមាន​ក្នុង​សាសនាចក្រ​នៅថ្ងៃ​ចុង​ក្រោយ​នឹង​កើត​មានឡើង​ដោយសារ​តែ​ស្ត្រី​ល្អៗ​ជាច្រើន​ក្នុង​ពិភព​លោក​នេះ… នឹង​នាំមក​ក្នុង​សាសនាចក្រ… ។ ការណ៍​នេះ​នឹង​កើតឡើង​ដល់​កម្រិត​ដែល​ពួក​ស្ត្រី​នៃ​សាសនាចក្រ​ជា​អ្នក​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​សុចរិត … នៅក្នុង​ជីវិត​របស់​ពួកគេ ហើយ … ត្រូវ​បាន​គេ​ឃើញ​ថា ដោយ​ឡែក​ពី​គេ និង​ខុស​ពី​គេ—ក្នុង​របៀប​ដែល​សប្បាយ—ខុស​ពី​ស្ដ្រី​នៃ​ពិភពលោក​នេះ » ។

ប្រធាន រ័សុល អិម ណិលសុន បានមាន​ប្រសាសន៏​បន្ថែម​នៅ​ឆ្នាំ​២០១៥ ថា « [បងប្អូនស្រីៗ យើង] ត្រូវការ​កម្លាំង​របស់​បងប្អូន ការប្រែចិត្តជឿ​របស់​បងប្អូន ជំនឿ​របស់​បងប្អូន លទ្ធភាព​ដឹកនាំ​របស់​បងប្អូន ប្រាជ្ញា​របស់​បងប្អូន និង​សំឡេង​របស់​បងប្អូន ។ នគរ​ព្រះ​គឺ​ពុំ​មាន និង​ពុំអាច​មាន​ពេញលេញ​ដោយ​គ្មាន​ស្ត្រី ដែល​ធ្វើ​សេចក្ដី​សញ្ញា​ពិសិដ្ឋ រួចហើយ​រក្សា​សេចក្ដី​សញ្ញា​នោះ​ឡើយ » ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់ខ្ញុំ​អើយ សាសនាចក្រ និង​ព្រះអម្ចាស់​ប្រទាន​ដល់​បងប្អូន​នូវ​ធនធាន​ដ៏មាន​ឥទ្ធិពល​ជាច្រើន ដើម្បី​សម្រេច​គោលបំណង​ទាំងនេះ​របស់​បងប្អូន​នៅក្នុង​ជីវិត ។

សូម​អាន​ព្រះគម្ពីរ ឱបក្រសោប ចូរ​មក​តាម​ខ្ញុំ និង​កម្មវិធី​ថ្នាក់​វិទ្យាស្ថាន​នានា សូម​ទូល​ទៅកាន់​ព្រះវរបិតាសួគ៌​ក្នុង​ការអធិស្ឋាន​របស់​បងប្អូន​ប្រកប​ដោយ​ចេតនា ចូលរួម​ក្នុង​ព្រះវិហារ និង​អនុវត្ត​សេចក្តីពិត​នៃ​ដំណឹងល្អ និង​ការបង្រៀន​ទាំងឡាយ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​បងប្អូន ។ សូម​ចុះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងឡាយ ។ អនុវត្ត​ការប្រែចិត្ត​ដើម្បី​ទទួលបាន​ការអភ័យទោស ។ ទុកចិត្ត​លើ​ព្រះវរបិតាសួគ៌ ។ ទុកចិត្ត​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​ទាំងទ្វេ​នឹង​ដឹកនាំ​បងប្អូន ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​បងប្អូន ។ ហើយទ្រង់​ទាំងទ្វេ​គង់នៅ​ទីនោះ ។

មិត្ត​វ័យ​ក្មេង​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ សូម​ដឹង​ថា ខ្ញុំ​ស្រឡាញ់ ហើយ​មាន​អំណរ​គុណ​ចំពោះ​ក្មួយៗ​គ្រប់​គ្នា ។ ការអធិស្ឋាន និង​ពរជ័យ​របស់​ខ្ញុំ​គឺនៅ​ជាមួយ​នឹង​ក្មួយៗ ។ ក្មួយៗ​គឺជា​ផ្នែក​ដ៏សំខាន់​នៃ​កិច្ចការ​ដ៏អស្ចារ្យ និង​ដ៏ពិសិដ្ឋ​របស់ព្រះ​នៅពេលនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ​២០០៦ ) ទំព័រ ២២២–២៣ ។

  2. រ័សុល អិម ណិលសុន​ « A Plea to My Sisters » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ទំព័រ ៩៦ ។