« ទទួលយក បន្ទាប់មកកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២២ )
« ទទួលយក បន្ទាប់មកកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា » ការបំពាក់បំប៉នកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
ទទួលយក បន្ទាប់មកកែសម្រួលកម្មវិធីសិក្សាថ្នាក់សិក្ខាសាលា
មានរបៀបដ៏មានប្រសិទ្ធភាពជាច្រើន ដើម្បីរៀបចំបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ការរៀបចំនេះរួមមានការសិក្សាព្រះបន្ទូលរបស់ព្រះប្រកបដោយការអធិស្ឋាន និងការស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដើម្បីដឹងពីរបៀបដ៏ល្អបំផុតក្នុងការជួយអស់អ្នកដែលអ្នកបង្រៀន ឲ្យប្រែចិត្តជឿទៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ដើម្បីសម្រេចការណ៍នេះ សូមប្រាកដថា សិក្សាបណ្តុំបទគម្ពីរតាមកាលវិភាគនៅក្នុង ចូរមកតាមខ្ញុំ ។ ការណ៍នេះនឹងជួយអ្នកនៅក្នុងការរៀបចំមេរៀនរបស់អ្នក ពេលអ្នកពិនិត្យមើលកម្មវិធីសិក្សានេះ ។ កម្មវិធីសិក្សានេះនឹងជួយអ្នករកឃើញគោលការណ៍ និងគោលលទ្ធិសំខាន់ៗនៅក្នុងបណ្តុំបទគម្ពីរ ជួយសិស្សឲ្យស្គាល់ ស្រឡាញ់ និងធ្វើតាមព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ព្រមទាំងធ្វើតាមគំរូដ៏បំផុសគំនិតនៃការបង្រៀនប្រកបដោយប្រសិទ្ធភាព ។
សូមពិចារណាការទូន្មាននេះដោយប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយ អំពីការប្រើប្រាស់កម្មវិធីសិក្សាដើម្បីរៀបចំមេរៀនថ្នាក់សិក្ខាសាលា ៖
ដំបូងយើងទទួលយក បន្ទាប់មកយើងកែសម្រួល ។ ប្រសិនបើយើងធ្វើតាមគ្រប់ជំហានយ៉ាងហ្មត់ចត់ ដូចដែលបានរៀបរាប់នៅក្នុងមេរៀនដែលយើងត្រូវបង្រៀន នោះយើងនឹងអាចធ្វើតាមព្រះវិញ្ញាណដើម្បីកែសម្រួលវាបាន ។ ប៉ុន្ដែមានការល្បួងមួយក្នុងការចាប់ផ្ដើមដោយធ្វើការកែសម្រួល ជាជាងការទទួលយក នៅពេលដែលយើងនិយាយអំពីការចេះបត់បែននេះ ។ វាគឺជាតុល្យភាពមួយ ។ វាគឺជាឧបសគ្គដ៏ឥតឈប់ឈរមួយ ។ ប៉ុន្ដែវិធីសាស្ត្រនៃការទទួលយកជាមុន ហើយបន្ទាប់មកកែសម្រួល គឺជារបៀបដ៏ល្អមួយដើម្បីមានជំហរឈរនៅលើគោលការណ៍ដ៏រឹងមាំមួយ ។
( « ការពិភាក្សាតុមូលជាមួយនឹងអែលឌើរ ដាល្លិន អេក អូក » [ ការចាក់ផ្សាយតាមផ្កាយរណបពីថ្នាក់សិក្ខាសាលា និងថ្នាក់វិទ្យាស្ថានសាសនា ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១២ » ] គេហទំព័រ broadcasts.ChurchofJesusChrist.org )
-
តើវាមានន័យយ៉ាងណាដើម្បីទទួលយក និងកែសម្រួលកម្មវិធីសិក្សា នៅពេលអ្នករៀបចំមេរៀននោះ ?
ប្រធាន ហិនរី ប៊ី អាវរិង បានជួយយើងឲ្យយល់ពីហេតុផលមួយចំនួន ដែលយើងអាចចាំបាច់ត្រូវកែសម្រួលកម្មវិធីសិក្សា ៖
មានយោបល់ច្រើនសម្រាប់គំនិតនានាដើម្បីបង្រៀន របៀបដើម្បីបង្រៀនមេរៀន និងការប្រើប្រាស់សេចក្តីយោងឆ្លង ច្រើនជាងអ្វីដែលយើងអាចប្រើបានទៅទៀត ។ … ប៉ុន្តែដោយសារយើងចង់ឲ្យសិស្សរបស់យើង ទូលសួរព្រះអម្ចាស់ដើម្បីពួកគេអាចត្រូវបានបំភ្លឺ នោះយើងត្រូវផ្តល់ពរដល់ពួកគេតាមរយៈគំរូ ។ ដើម្បីធ្វើដូច្នោះ យើងអាចអានកម្មវិធីសិក្សានោះ—ពោលគឺគ្រប់ពាក្យពេចន៍ទាំងអស់ ។ យើងប្រហែលជាគ្មានពេលស្វែងរក និងសិក្សាគ្រប់សេចក្តីយោងនោះទេ ប៉ុន្តែព្រះស្គាល់សិស្សរបស់យើង ។ …
…ព្រះអម្ចាស់ជ្រាបដឹងយ៉ាងឥតខ្ចោះពីអ្វីដែល [ សិស្ស ] ដឹង និងអ្វីដែលពួកគេត្រូវការ ។ ទ្រង់ស្រឡាញ់ពួកគេ ហើយទ្រង់ក៏ស្រឡាញ់យើងដែរ ។ ហើយដោយមានជំនួយពីទ្រង់ នោះយើង … មិនត្រឹមតែជ្រើសរើសផ្នែកទាំងនោះមកពីកម្មវិធីសិក្សាដែលនឹងអនុញ្ញាតឲ្យយើង ប្រើប្រាស់អំណាចទាំងស្រុងរបស់យើងដើម្បីបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រើសរើសផ្នែកទាំងនោះ ដែលនឹងនាំព្រះចេស្តាមកពីស្ថានសួគ៌ ទៅលើអស់ទាំងសិស្សនៅក្នុងថ្នាក់រៀននាពេលបង្រៀននោះផងដែរ ។
( « The Lord Will Multiply the Harvest » [ ជំនួបជាមួយនឹងអ្នកមានសិទ្ធិអំណាចទូទៅ ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ] នៅលើគេហទំព័រ ChurchofJesusChrist.org )
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ដើម្បីទទួលយកជាមុននូវអ្វីដែលមាននៅក្នុងខ្លឹមសារមេរៀន ពីមុនកែសម្រួលខ្លឹមសារទាំងនោះ ?
-
តើវិធីសាស្ត្រនៃការរៀបចំមេរៀនអាចមានលក្ខណៈខុសប្លែកគ្នាដូចម្តេចខ្លះ សម្រាប់គ្រូបង្រៀនដែលប្រើប្រាស់កម្មវិធីសិក្សានេះ និងគ្រូបង្រៀនដែលមិនប្រើប្រាស់កម្មវិធីសិក្សានេះ ?
អ្វីដែលត្រូវពិចារណានៅពេលកែសម្រួលមេរៀន
នេះគឺជាសំណួរមួយចំនួនទុកសម្រាប់ពិចារណា នៅពេលអ្នកទទួលយក និងកែសម្រួលខ្លឹមសារមេរៀន ៖
-
តើមេរៀនទាំងមូល ព្រមទាំងផ្នែកផ្សេងៗទៀតនៃមេរៀន មានគោលបំណងអ្វីខ្លះ ?
-
តើអ្នកនិពន្ធដែលប្រកបដោយការបំផុសគំនិតមានគោលបំណងអ្វីខ្លះ ហើយតើការកែសម្រួលដែលខ្ញុំកំពុងពិចារណាធ្វើនេះ វាត្រូវគ្នានឹងគោលបំណងនោះដែរឬទេ ?
-
តើមានហេតុផលអ្វីខ្លះដែលខ្ញុំចង់កែសម្រួលមេរៀននេះ ? តើវាគ្រាន់តែជារឿងចំណូលចិត្តផ្ទាល់ខ្លួន ឬតើការផ្លាស់ប្តូរនេះនឹងផ្តល់បទពិសោធន៍រៀនសូត្រកាន់តែប្រសើរដល់សិស្ស ?
-
តើការកែសម្រួលរបស់ខ្ញុំត្រូវគ្នាជាមួយនឹងការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ ?
អ្នកអាចចាំបាច់ត្រូវកែសម្រួលមេរៀនដើម្បី
-
ធ្វើតាមការបំផុសគំនិតរបស់ព្រះវរបិតាសួគ៌ ដែលបានទទួលតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ( សូមមើល ករណីសិក្សារបស់បងប្រុសឌូប ) ។
-
បំពេញតម្រូវការពិសេស ឬជាក់លាក់ សមត្ថភាព និងធនធានដែលមានសម្រាប់សិស្ស ។ ( សូមមើលករណីសិក្សារបស់ បងប្រុសឌូប និង រ៉ៃយេស ) ។
-
សម្របផ្នែកនានានៃមេរៀនជាមួយនឹងកាលៈទេសៈ និងវប្បធម៌ក្នុងមូលដ្ឋាន ។ ( សូមមើល ករណីសិក្សារបស់បងស្រី រ៉ូឌ្រីហ្គេស៍ ) ។
-
ជួយសិស្សដោះស្រាយបញ្ហា និងសំណួរថ្មីៗដែលបន្ទាន់ ។ ( សូមមើល ករណីសិក្សារបស់បងប្រុសឌូប ) ។
-
ស្វែងរករបៀបដ៏ប្រសើរដើម្បីសម្រេចគោលបំណងដូចគ្នាទៅនឹងវគ្គមួយដែលផ្តល់ឲ្យនៅក្នុងមេរៀននោះ ។ ( សូមមើលករណីសិក្សារបស់ បងប្រុសលី និង បងស្រី ម៉ាទីន ) ។
-
ប្រើប្រាស់ការណែនាំ និងធនធាននានាដែលថ្មីបំផុតដែលបានផ្តល់មកពីថ្នាក់ដឹកនាំសាសនាចក្រ ។ ( សូមមើល ករណីសិក្សារបស់បងស្រី ឆ្មីដ ) ។
ករណីសិក្សា
បងស្រី រ៉ូឌ្រីហ្គេស៍
បងស្រី រ៉ូឌ្រីហ្គេស៍ កំពុងរៀបចំមេរៀនដើម្បីបង្រៀន « ម៉ាថាយ ១:១៨–២៥; លូកា ១:២៦–៣៥ » ។ គាត់ដឹងថា សិស្សនៅក្នុងថ្នាក់របស់គាត់នឹងចង់ស្គាល់អ្វីដែលព្រះគម្ពីរបង្រៀនអំពីមាតារបស់ព្រះយេស៊ូវគឺម៉ារា ។ មានវប្បធម៌មួយអំពីការយល់ដ៏ខ្លាំងក្លា និងជំនឿខុសៗគ្នាអំពីម៉ារានៅក្នុងទីក្រុងរបស់ពួកគេ ។ មនុស្សជាច្រើនថែមទាំងបានថ្វាយបង្គំម៉ារា ដោយសារគាត់គឺជាមាតារបស់ព្រះ ។ ពេលគាត់សិក្សាមេរៀនមកពីកម្មវិធីសិក្សានេះ បងស្រី រ៉ូឌ្រីហ្គេស៍ រកមើលកន្លែងសមរម្យមួយដើម្បីជួយសិស្សឲ្យយល់អំពីអ្វីដែលព្រះគម្ពីរ និងថ្នាក់ដឹកនាំសាសនាចក្របានបង្រៀនអំពីម៉ារា ។
មានសកម្មភាពសិក្សាមួយក្នុងចំណោមសកម្មភាពសិក្សាជាច្រើននៅក្នុងមេរៀន អញ្ជើ្ញសិស្សឲ្យរកមើលការបង្រៀន អំពីនរណាជាព្រះមាតាបិតារបស់ព្រះអង្គសង្គ្រោះនៅក្នុង លូកា ១:៣០–៣៥, ម៉ាថាយ ១:១៨–២៣ និង អាលម៉ា ៧:១០ ។
បងស្រី រ៉ូឌ្រីហ្គេស៍ សម្រេចចិត្តកែសម្រួលមេរៀននោះ បន្ទាប់ពីសិស្សបានអាន អាលម៉ា ៧:១០ ដោយបន្ថែមសំណួរពីរខាងក្រោមនេះ ទៅលើអ្វីដែលមាននៅក្នុងកម្មវិធីសិក្សា ។
« តើអាលម៉ាជួយយើងឲ្យយល់អ្វីខ្លះអំពីម៉ារា ? ទោះបីយើងគោរព និងស្រឡាញ់ម៉ារា និងពួកសិស្សដ៏ស្មោះត្រង់ដទៃទៀតនៅក្នុងព្រះគម្ពីរក្តី តើ អាលម៉ា ៧:១១–១៣ ជួយយើងឲ្យយល់ពីមូលហេតុដែលយើងថ្វាយបង្គំតែព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
បងប្រុសលី
ពេលបងប្រុសលីកំពុងរៀបចំមេរៀនដើម្បីបង្រៀន « យ៉ូហាន ១:១–១៦ » គាត់ឃើញការណែនាំ និងសំណួរពីរខាងក្រោមនេះនៅដើមមេរៀន ៖
បងប្រុសលីបន្តអានមេរៀន ដើម្បីរៀនពីគោលបំណងនៃការយកបាល់មួយមកកាន់ថ្នាក់រៀន ។ គាត់កំណត់ថា គោលបំណងនោះគឺដើម្បីជួយរៀបចំសិស្សឲ្យយល់ថា កាលណាយើងរៀនកាន់តែច្រើនអំពីព្រះយេសូវគ្រីស្ទថាទ្រង់ជានរណាពីមុនព្រះជន្មរមែងស្លាប់របស់ទ្រង់ នោះយើងកាន់តែមានអំណរគុណដល់តម្លៃនៃបេសកកម្មរបស់ទ្រង់នៅលើផែនដីនេះ ។
ដោយចង់សម្រេចបាននូវគោលបំណងនេះ ក្នុងរបៀបមួយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សិស្សរបស់គាត់ នោះគាត់ពិចារណាមួយសន្ទុះអំពីវត្ថុមួយដែលអាចយកទៅថ្នាក់រៀន ដែលសិស្សរបស់គាត់អាចពិពណ៌នាអំពីវាបានល្អបំផុត ។ គាត់សម្រេចចិត្តកែសម្រួលមេរៀននោះ ដោយយកខ្សែកដ៏សាមញ្ញមួយទៅថ្នាក់រៀន ។ បន្ទាប់ពីសិស្សចែកចាយអំពីតម្លៃដែលពួកគេគិតទៅលើខ្សែកនោះ គាត់នឹងចែកចាយពីបុគ្គលដែលធ្វើខ្សែកនោះ និងមូលហេតុដែលការស្គាល់ប្រវត្តិរបស់ខ្សែកនោះ ធ្វើឲ្យវាមានតម្លៃកាន់តែច្រើនជាងអ្វីៗផ្សេងទៀតចំពោះគាត់ ។
បងស្រីម៉ាទីន
ពេលបងស្រីម៉ាទីនរៀបចំមេរៀនដើម្បីបង្រៀន « កិច្ចការ ៣ » គាត់កត់សម្គាល់ឃើញការណែនាំមួយឲ្យបង្ហាញវីដេអូ ដែលពិពណ៌នាអំពីបុរសខ្វិនម្នាក់ដែលពេត្រុស និង យ៉ូហាន បានព្យាបាលដោយព្រះចេស្តារបស់ព្រះ ។ គាត់មើលវីដេអូនោះ ហើយមានការកោតសរសើរចំពោះប្រសិទ្ធភាពនៃវីដេអូនោះ ។ ប៉ុន្តែគាត់ក៏ដឹងដែរថា សិស្សទាំងនេះបានមើលវីដេអូនោះនៅក្នុងថ្នាក់គាត់បីដងហើយក្នុងសប្តាហ៍នេះ ។ គាត់សម្រេចចិត្តរកមើលរបៀបផ្សេងដើម្បីសម្រេចគោលបំណងនៃវីដេអូនោះ ។
គាត់ដឹងថា ជាទូទៅវីដេអូនោះគឺជាវីដេអូដែលដកស្រង់ពាក្យពេចន៍ផ្ទាល់នៃដំណើររឿងពីរឿងនេះ ។ គាត់សន្និដ្ឋានថា គោលបំណងនៃវីដេអូនោះអាចអនុញ្ញាតឲ្យសិស្ស ស្រមៃឃើញពីអ្វីដែលបានកើតឡើងជាជាងគ្រាន់តែស្តាប់ឮប៉ុណ្ណោះ ។ ដើម្បីកែសម្រួលមេរៀននេះ គាត់សម្រេចចិត្តអញ្ជើញសិស្សឲ្យអាន បន្ទាប់មកដើរតួសម្តែង អំពីអ្វីដែលបានកើតឡើងនៅក្នុងរឿងនោះ ធ្វើដូច្នេះអនុញ្ញាតឲ្យសិស្សអាចក្លាយជាអ្នកចូលរួមយ៉ាងសកម្ម ផ្អាកពីការមើលវីដេអូ ហើយនៅតែអាចជួយសិស្សឲ្យស្រមៃឃើញពីព្រឹត្តិការណ៍នោះ ។
បងប្រុសឌូប
បងប្រុសឌូបបានរៀបចំខ្លួនយ៉ាងឧស្សាហ៍ព្យាយាមនៅថ្ងៃសុក្រ ពីមុនចុងសប្តាហ៍នៃសន្និសីទដើម្បីបង្រៀនមេរៀននៅក្នុងគម្ពីររ៉ូម ដូចបានគ្រោងមេរៀននៅក្នុងកម្មវិធីសិក្សាសម្រាប់ថ្ងៃច័ន្ទបន្ទាប់ ។ ដោយក្តីភ្ញាក់ផ្អើល គាត់បានស្តាប់ឮព្យាការីប្រកាសអំឡុងពេលសន្និសីទថា ព្រះវិហារបរិសុទ្ធដំបូងគេនឹងត្រូវបានសាងសង់នៅក្នុងតំបន់របស់ពួកគេនាពេលអនាគតដ៏ឆាប់នេះ ។ មានសិស្សរបស់គាត់តិចតួចណាស់ ដែលធ្លាប់បានឃើញព្រះវិហារបរិសុទ្ធផ្ទាល់ភ្នែក ។ គាត់ដឹងថា សិស្សនឹងមករៀនទាំងអារម្មណ៍អន្ទះសា ដើម្បីនិយាយអំពីព្រះវិហារបរិសុទ្ធ ហើយថាសិស្សច្រើននាក់ទៀតនឹងមានសំណួរអំពីព្រះវិហារបរិសុទ្ធនោះ ។
បន្ទាប់ពីអធិស្ឋានរួច គាត់ទទួលការបំផុសគំនិតដោយព្រះវិញ្ញាណបរិសុទ្ធ ឲ្យរំលងទៅមុខ ហើយបង្រៀនមេរៀនបរិបទ « ពេត្រុសទី ១ ៣:១៨–២២; ៤:១–៦ » និងមេរៀនចំណេះចំណានខាងគោលលទ្ធិដែលភ្ជាប់មកជាមួយគឺ « ពេត្រុស ១ ៤:៦ » នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារវិញ ។ នេះហាក់ដូចជាការកែសម្រួលត្រឹមត្រូវមួយ ដោយសារមេរៀនបរិបទនេះមានគោលបំណងដែលបានថ្លែងថា « មេរៀននេះនឹងជួយអ្នករកមើលរបៀបនានា ដើម្បីជួយព្រះអង្គសង្គ្រោះនៅក្នុងកិច្ចការរបស់ទ្រង់នៃការប្រោសលោះមរណជន » ។ គាត់ទទួលអារម្មណ៍ថា នេះគឺជាគ្រាដ៏ពិសេសបំផុតដើម្បីជួយសិស្សទទួលបានក្តីរំភើបអំពីការរៀបចំខ្លួន ដើម្បីប្រោសលោះបុព្វការីជនរបស់ពួកគេនៅក្នុងព្រះវិហារបរិសុទ្ធដែលសាងសង់នាពេលខាងមុខនោះ ។
ពេលបងប្រុសឌូបរៀបចំមេរៀនសម្រាប់ថ្ងៃច័ន្ទ នោះគាត់កត់សម្គាល់អំពីការអញ្ជើញមួយនៃការអញ្ជើញជាច្រើន ដើម្បីអនុវត្តអំពីអ្វីដែលសិស្សរៀនដែលបានចែង ៖
បងប្រុសឌូបដឹងថា ភាគច្រើនសិស្សរបស់គាត់គ្មានអ៊ិនធឺណិតប្រើ ឬមិនអាចចូលប្រើកម្មវិធីមែកធាងក្រុមគ្រួសារនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារទេ ។ គាត់បានកែសម្រួលការអញ្ជើញដោយឆ្លាតវៃ ដើម្បីអនុវត្តអ្វីដែលពួកគេរៀន ដើម្បីចាប់ផ្តើមបំពេញផ្ទាំងក្រដាសក្រុមគ្រួសារជាមួយក្រុមគ្រួសាររបស់ពួកគេ ហើយនិយាយជាមួយអ្នកប្រឹក្សាយោបល់ខាងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ដើម្បីរៀនអំពីរបៀបដែលពួកគេអាចស្រាវជ្រាវរកឈ្មោះរបស់គ្រួសារផ្សេងទៀត ដែលពួកគេអាចរៀបចំសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធនៅពេលខាងមុខ ។
បងស្រីឆ្មីដ
បន្ទាប់ពីសិក្សាមេរៀន « ម៉ាថាយ ២២:៣៤–៤០ » អំពីបទបញ្ញត្តិធំពីរ នោះបងស្រីឆ្មីដ ចាំពីសេចក្តីថ្លែងការណ៍មួយដែលថ្លែងឡើងនៅក្នុងសន្និសីទថ្មីៗបំផុត ដែលវាត្រូវគ្នាយ៉ាងឥតខ្ចោះនឹងមេរៀននេះ ។ គាត់កត់សម្គាល់ឃើញថា ក្នុងផ្នែកនៃមេរៀននោះ មានសេចក្តីថ្លែងការណ៍ចាស់មួយដែលមានបំណងជួយសិស្សឲ្យឃើញថា ពេលយើងស្រឡាញ់ព្រះ នោះទ្រង់នឹងបង្វែរដួងចិត្តយើងទៅរកសុខុមាលភាពរបស់អ្នកដទៃ ។ គាត់បានជំនួសសេចក្តីថ្លែងការណ៍នោះដោយសេចក្តីថ្លែងការណ៍ខាងក្រោម ៖
បងស្រីឆ្មីដទទួលអារម្មណ៍ថា សេចក្តីថ្លែងការណ៍មកពីសន្និសីទថ្មីៗនឹងសម្រេចបាននូវគោលបំណងដូចទៅនឹងសេចក្តីថ្លែងការណ៍មួយដែលមាននៅក្នុងកម្មវិធីសិក្សានេះ ។ លើសពីនោះទៀត គាត់ដឹងថា សេចក្តីថ្លែងការណ៍នោះអាចជួយសិស្សមួយចំនួនរបស់គាត់ ដែលកំពុងមានការលំបាកក្នុងការស្រឡាញ់ខ្លួនឯងឲ្យមើលឃើញថា ព្រះពោរពេញដោយក្តីស្រឡាញ់ក៏អាចជួយពួកគេឲ្យទទួលអារម្មណ៍ពីភាពមានតម្លៃរបស់ពួកគេផ្ទាល់បានផងដែរ ។
បងប្រុសរ៉ៃយេស
អំឡុងពេលកំពុងសិក្សាមេរៀន « វិវរណៈ ១៥–១៩ » បងប្រុសរ៉ៃយេស បានរកឃើញសកម្មភាពមួយដែលអញ្ជើញសិស្សឲ្យជ្រើសរើសសិក្សាជម្រើសពីរនៃជម្រើសទាំងបីខាងក្រោមនេះ ៖
-
ជម្រើស ក ៖ ពួកទេវតា និងគ្រោះកាច
-
ជម្រើស ខ ៖ អំពើទុច្ចរិត និងព្រះចេស្ដារបស់ព្រះអង្គសង្គ្រោះ
-
ជម្រើស គ ៖ អាពាហ៍ពិពាហ៍របស់កូនចៀម
ជម្រើសនីមួយៗមានសំណួរ សេចក្តីយោងបទគម្ពីរ និងសកម្មភាពដែលទាក់ទងជាមួយវាជាច្រើន ។ បងប្រុសរ៉ៃយេសទទួលអារម្មណ៍ថា គោលបំណងនៃសកម្មភាពនោះគឺដើម្បីជួយសិស្សឲ្យយល់ពីគោលការណ៍ដែលបានគូសដិតនៅក្នុងមេរៀន ៖ ព្រះយេស៊ូវគ្រីស្ទអាចជួយពួកយើងឲ្យយកឈ្នះលើសេចក្តីទុច្ចរិតនៅសម័យចុងក្រោយនេះ ។
ខណៈដែលបងប្រុសរ៉ៃយេសចូលចិត្តជម្រើសទាំងនោះ គាត់បានរកឃើញគំនិតខាងក្រោមដែលបានជួយសម្រេចគោលបំណងដូចគ្នានេះនៅក្នុងវគ្គ « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននោះ ហើយគាត់ទទួលអារម្មណ៍ថា សិស្សរបស់គាត់ត្រូវការវាយ៉ាងខ្លាំង ៖
បងប្រុសរ៉ៃយេសបានរៀបចំវគ្គមួយនៃមេរៀននោះដែលមានរយៈពេល ១០ នាទី ដោយផ្អែកលើយោបល់បន្ថែម ។ ដើម្បីបង្កើតពេលសម្រាប់ចំណុចនេះ គាត់សម្រេចចិត្តអញ្ជើញសិស្សឲ្យជ្រើសរើសសិក្សាជម្រើសតែមួយនៃជម្រើសទាំងបីដែលបានផ្តល់ជូន ដែលមាននៅក្នុងផ្នែកសំខាន់នៃមេរៀននោះ ។