« ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ ព្រះអម្ចាស់អាចជួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីមានភាពខ្លួនទីពឹងខ្លួន » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ ព្រះអម្ចាស់អាចជួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីមានភាពខ្លួនទីពឹងខ្លួន » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
ការស្ថាបនាភាពខ្លួនទីពឹងខ្លួន ៖ មេរៀនទី ១៧៨
ការអនុវត្តសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន
ព្រះអម្ចាស់អាចជួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីមានភាពខ្លួនទីពឹងខ្លួន
នៅពេលយើងអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នោះយើងយាងអញ្ជើញទ្រង់ឲ្យមកជួយយើងក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់យើង ។ បន្ថែមពីលើការប្រទានពរដល់យើងនូវកម្លាំងខាងវិញ្ញាណ និងការព្យាបាលពីអំពើបាប ព្រះអង្គសង្គ្រោះអាចជួយយើងស្ថាបនាភាពខ្លួនទីពឹងខ្លួនសម្រាប់សេចក្តីត្រូវការខាងសាច់ឈាមរបស់យើង ។ ការណ៍នេះអាចរួមបញ្ចូល ហិរញ្ញវត្ថុ ការអប់រំ ការងារ និងសុខភាពផ្លូវកាយ និងសតិអារម្មណ៍របស់យើង ។ មេរៀននេះអាចជួយសិស្សអនុវត្តសេចក្ដីជំនឿរបស់ពួកគេថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងប្រទានពរដល់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
ការរៀបចំសិស្ស ៖ ពិចារណាអញ្ជើញសិស្សឲ្យសរសេរឧបសគ្គដែលធ្វើឲ្យវាពិបាកក្នុងការមានភាពខ្លួនទីពឹងខ្លួនក្នុងផ្នែកមួយ ឬច្រើនដូចខាងក្រោម ៖
-
ចំណេះដឹងអំពីដំណឹងល្អ
-
តម្រូវការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត
-
ការអប់រំ និងការងារ
-
តម្រូវការខាងរាងកាយ
-
តម្រូវការខាងសតិអារម្មណ៍ និងខាងសង្គម
សកម្មភាពរៀនសូត្រដែលអាចមាន
សេចក្តីត្រូវការរបស់ផល្លា
កំណត់ចំណាំ ៖ វាអាចមានប្រយោជន៍ដើម្បីបង្រៀនមេរៀនទី ១៧៧ ៖ « ការស្ថាបនាភាពខ្លួនទីពឹងខ្លួនតាមរបៀបរបស់ព្រះអម្ចាស់ » ពីមុនការបង្រៀនមេរៀននេះ ។ មេរៀនទី ១៧៧ ណែនាំសិស្សអំពីគោលការណ៍នៃភាពខ្លួនទីពឹងខ្លួន និងមូលហេតុដែលគោលការណ៍នេះមានសារៈសំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ។
សូមពិចារណាចាប់ផ្តើមថ្នាក់ដោយជួយសិស្សឲ្យពិភាក្សាអំពីរបៀបដែលការផ្គត់ផ្គង់ដល់សេចក្តីត្រូវការរបស់យើងតម្រូវឲ្យមានទាំងការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់ និងការដឹកនាំរបស់ព្រះ ។ សាច់រឿង និងសកម្មភាពខាងក្រោមគឺជារបៀបមួយដើម្បីជួយពិភាក្សាការណ៍នេះ ។ វាអាចមានប្រយោជន៍ក្នុងការចង្អុលបង្ហាញថា វិធីសាស្រ្តទាំងពីរដែល ប៉ូឡា យកមកដោះស្រាយនៅក្នុងសាច់រឿងនេះគឺជាបញ្ហា ។
អ្នកអាចចាប់ផ្តើមដោយការអានផ្នែកដំបូងនៃស្ថានភាពខាងក្រោម ។ បន្ទាប់មកចែកចាយចម្លើយដែលអាចមានទាំងពីរ ។ ផ្អាក បន្ទាប់ពីការឆ្លើយតបនីមួយៗ ហើយអញ្ជើញសិស្សឲ្យចែកចាយជាមួយដៃគូនូវដំបូន្មានដែលពួកគេនឹងផ្តល់ឲ្យប៉ូឡា ។
ប៉ូឡារំភើបចិត្តនឹងបញ្ចប់ការសិក្សាពីថ្នាក់វិទ្យាល័យក្នុងរយៈពេលពីរឆ្នាំ ។ ប៉ុន្ដែ នាងមានអារម្មណ៍ភ័យខ្លាចអំពីចំនួនទឹកប្រាក់ដែលនាងត្រូវតែសន្សំសម្រាប់ពេលអនាគត ។
តើអ្នកនឹងផ្តល់ដំបូន្មានអ្វី ប្រសិនបើ ៖
-
ប៉ូឡាសម្រេចចិត្តអធិស្ឋានជារៀងរាល់ថ្ងៃឲ្យព្រះប្រទានប្រាក់ដែលនាងនឹងត្រូវការបន្ទាប់ពីបញ្ចប់ការសិក្សា ។ នាងគ្មានគម្រោងស្វែងរកការងារទេ ដោយជឿជាក់ថាព្រះនឹងផ្គត់ផ្គង់នាង ។
-
ប៉ូឡាមានអារម្មណ៍ថា ដោយសារលុយមិនមែនជា « រឿងខាងវិញ្ញាណ » នោះព្រះនឹងមិនចាប់អារម្មណ៍នឹងរឿងនេះនោះទេ ។ នាងសម្រេចចិត្តស្វែងរកការងារជារៀងរាល់ថ្ងៃដែលត្រូវនឹងកាលវិភាគសាលារៀនរបស់នាង ។ នាងដាក់ផែនការជួបជាមួយម្ចាស់អាជីវកម្ម ដាក់ប្រវត្តិរូបសង្ខេប និងរៀនជំនាញថ្មីៗដែលនឹងធ្វើឲ្យនាងកាន់តែមានតម្លៃសម្រាប់ហាងនៅក្នុងមូលដ្ឋាន ។
បន្ទាប់ពីសិស្សបានចែកចាយដំបូន្មានដែលពួកគេអាចនឹងផ្តល់ឲ្យប៉ូឡា សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលសេចក្តីថ្លែងការណ៍ខាងក្រោមអាចអនុវត្តចំពោះស្ថានភាពរបស់នាងបាន ។
ប៊ីស្សព ដបុលយូ គ្រីស្តូហ្វើរ វ៉តឌែល ទីប្រឹក្សាទីមួយនៃគណៈប៊ីស្សពជាអធិបតីបានពន្យល់ ៖
បន្ទាប់មក រឿងគ្រប់យ៉ាង ចង្អុលទៅរកព្រះយេស៊ូវគ្រីស្ទ ជាគ្រឹះដែលយើងត្រូវសង់លើទោះជាការបម្រុងទុកខាងសាច់ឈាមក្ដី ។
ការត្រៀមខ្លួនខាងសាច់ឈាម និងភាពខ្លួនទីពឹងខ្លួនមានន័យថា « គឺជាការជឿថាតាមរយៈព្រះគុណ ឬព្រះចេស្ដាដែលអាចធ្វើទៅបានរបស់ព្រះយេស៊ូវគ្រីស្ទ និងការខិតខំរបស់យើងផ្ទាល់នោះយើងអាចទទួលបាននូវអ្វីៗដែលចាំបាច់សម្រាប់ជីវិតទាំងខាងវិញ្ញាណ និងខាងសាច់ឈាមដូចដែលយើងចង់បានសម្រាប់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង » [ ហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ភាពខ្លួនទីពឹងខ្លួន ( ឆ្នាំ២០១៧ ) ទំព័រ ៤ ] ។ ( « There Was Bread » Liahona ខែតុលា ឆ្នាំ២០២០ ទំព័រ ៤៤ )
នៅពេលសិស្សចែកចាយការយល់ដឹងរបស់ពួកគេមកពីសេចក្តីថ្លែងការណ៍របស់ប៊ីស្សព វ៉តឌែល សូមចង្អុលបង្ហាញថា តាមរយៈការអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងកិច្ចខិតខំរបស់យើងផ្ទាល់ នោះយើងអភិវឌ្ឍភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ និងខាងសាច់ឈាម ។
សូមពិចារណាបង្ហាញស្វ័យវាយតម្លៃខាងក្រោម ដោយរួមទាំងសេចក្តីណែនាំ និងប្រភេទទាំងឡាយ ដើម្បីជួយសិស្សគិតពិចារណាពីសេចក្តីត្រូវការរបស់ពួកគេសម្រាប់ជំនួយរបស់ព្រះអង្គសង្គ្រោះ ដើម្បីឲ្យកាន់តែមានភាពខ្លួនទីពឹងខ្លួន ។
សរសេរប្រភេទខាងក្រោមតាមលំដាប់លំដោយ ពីពិបាកតិចបំផុតទៅពិបាកខ្លាំងបំផុតសម្រាប់អ្នកក្នុងការស្ថាបនាភាពខ្លួនទីពឹងខ្លួន ។ នៅជិតនឹងប្រភេទដ៏លំបាកបំផុតមួយ ឬពីរសម្រាប់អ្នក សូមសរសេរនូវឧបសគ្គទាំងឡាយដែលអ្នកត្រូវការជំនួយពីព្រះអង្គសង្គ្រោះដើម្បីយកឈ្នះ ។
-
ចំណេះដឹងអំពីដំណឹងល្អ
-
តម្រូវការហិរញ្ញវត្ថុបច្ចុប្បន្ន និងអនាគត
-
ការអប់រំ និងការងារ
-
តម្រូវការខាងរាងកាយ
-
តម្រូវការខាងសតិអារម្មណ៍ និងខាងសង្គម
នៅពេលអ្នកបន្តសិក្សានៅថ្ងៃនេះ សូមចងចាំនូវផ្នែកដែលអ្នកត្រូវការជំនួយច្រើនបំផុត ។ យាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធដើម្បីពង្រឹងសេចក្តីជំនឿរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នកនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
ការអនុវត្តសេចក្តីជំនឿលើព្រះអម្ចាស់ដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន
នៅក្នុងមេរៀននេះ សិស្សនឹងអានពីដំណើររឿងរបស់យ៉ូសែបនៅស្រុកអេស៊ីព្ទនៅក្នុងលោកុប្បត្តិ ។ ពីមុនសិក្សាដំណើររឿងនេះ អ្នកអាចបង្ហាញវីដេអូ« I Will Provide for My Saints » ( ៣:០៨ ) ចាប់ពីនាទីទី ០:០០ ដល់ ១:៥២ ហើយឲ្យសិស្សរកមើលភស្ដុតាងអំពីព្រះចេស្ដា និងព្រះរាជបំណងរបស់ព្រះអម្ចាស់ដើម្បីជួយយើង នៅពេលយើងអនុវត្តសេចក្ដីជំនឿលើទ្រង់ដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។ ការធ្វើបែបនេះអាចជួយសិស្សគិតអំពីព្រះរាជបំណងរបស់ព្រះអម្ចាស់ក្នុងការជួយ និងព្រះចេស្ដាដើម្បីប្រទានពរដល់យ៉ូសែបក្នុងកាលៈទេសៈដ៏លំបាករបស់លោក ។
ដើម្បីជួយសិស្សសិក្សាអំពីដំណើររឿងរបស់យ៉ូសែប អ្នកអាចផ្តល់នូវសំណៅមេរៀនដែលភ្ជាប់មកជាមួយ ។ អ្នកគួរតែចាត់តាំងផ្នែកផ្សេងៗគ្នាដល់ក្រុមនីមួយៗ ហើយឲ្យពួកគេរៀបចំខ្លួនឆ្លើយសំណួរទាំងពីរនៅលើសំណៅមេរៀននោះ ។
សូមអញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានរកឃើញ ។ អ្នកក៏អាចរុករកសំណួរដូចមានខាងក្រោមធ្វើជាផ្នែកមួយនៃការពិភាក្សានេះផងដែរ ។
-
តើអ្នកគិតថា ដំណើររឿងនេះអាចបញ្ចប់ដោយរបៀបណា ប្រសិនបើយ៉ូសែបគ្មានសេចក្ដីជំនឿលើព្រះនោះ ? ប្រសិនបើយ៉ូសែបគ្មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងនោះ ?
-
តើអ្នកគិតថា ដំណើររឿងនេះអាចអនុវត្តចំពោះជីវិតរបស់ក្មេងជំទង់ម្នាក់ដោយរបៀបណា ?
អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់នូវបទពិសោធន៍អំពីគ្រាដែលគ្រួសាររបស់ពួកគេបានទទួលអ្វីដែលពួកគេត្រូវការតាមរយៈជំនួយរបស់ព្រះ និងការខិតខំរបស់គ្រួសារពួកគេ ។ អ្នកអាចចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយផងដែរ ។
ការអនុវត្តផ្ទាល់ខ្លួន
ពិចារណាដាក់បង្ហាញម្តងទៀតនូវប្រភេទនៃភាពខ្លួនទីពឹងខ្លួនដែលសិស្សបានជញ្ជឹងគិតនៅក្នុងផ្នែកទីមួយនៃមេរៀននេះ ហើយអញ្ជើញសិស្សឲ្យធ្វើដូចខាងក្រោម ។
ចំណាយពេលខ្លះដើម្បីកត់ត្រានូវការណ៍ខាងក្រោមប្រកបដោយការអធិស្ឋាន នៅពេលអ្នកគិតអំពីប្រភេទនៃភាពខ្លួនទីពឹងខ្លួនដែលអ្នកបានកំណត់ថាជាការលំបាកសម្រាប់អ្នកនៅខាងដើមមេរៀន ៖
-
អ្វីដែលអ្នកបានរៀនដែលពង្រឹងសេចក្តីជំនឿរបស់អ្នកថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នកយកឈ្នះឧបសគ្គចំពោះភាពខ្លួនទីពឹងខ្លួនក្នុងជីវិតរបស់អ្នក ។
-
របៀបដែលអ្នកអាចអនុវត្តសេចក្ដីជំនឿរបស់អ្នកលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ តាមរយៈការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ដើម្បីស្ថាបនាភាពខ្លួនទីពឹងខ្លួន ។
ពិចាណាអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យចែកចាយអ្វីដែលពួកគេបានសរសេរនៅក្នុងសៀវភៅសិក្សារបស់ពួកគេ ។