ថ្នាក់​សិក្ខាសាលា
ហូសេ ៖ សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់


« ហូសេ ៖ សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ហូសេ ៖ សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ហូសេ ១–៦; ១០–១៤; យ៉ូអែល ៖ មេរៀនទី ១៤៦

ហូសេ

សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់

នៅក្នុង​គម្ពីរ​ហូសេ ព្រះអម្ចាស់​បានប្រើ​អាពាហ៍ពិពាហ៍​របស់​ហូសេ និង​កូមើរ​ធ្វើជា​និមិត្តសញ្ញា​មួយ​ដើម្បី​បង្រៀន​អ៊ីស្រាអែល​អំពី​សេចក្តី​ស្រឡាញ់​នៃ​សេចក្តីសញ្ញា​ដ៏ពិតប្រាកដ​របស់ទ្រង់ ។ ដូចជា​អ៊ីស្រាអែល ពេលខ្លះ​យើង​អាច​វង្វេង​ចេញ​ពី​ព្រះអម្ចាស់ និង​សេចក្តីសន្យា​របស់​យើង​ជាមួយ​ទ្រង់ ។ ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ព្រះយេស៊ូវគ្រីស្ទ​នៅតែ​ស្មោះត្រង់ និង​ស្រឡាញ់​យើង​ជានិច្ច ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ដឹង​អំពី​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីមេត្តា​ករុណា​ដ៏​ពិតប្រាកដ​របស់​ព្រះអម្ចាស់​ដែល​មាន​សម្រាប់​ពួកគេ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​បទពិសោធន៍​ដែលធ្លាប់​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

ការចងចាំ​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ

ដើម្បី​ចាប់ផ្តើម​ថ្នាក់ សូម​រៀបចំ​សិស្ស​ឲ្យ​ភ្ជាប់​តាម​របៀប​ដែល​ទាក់ទង​ជាមួយ​រឿង​របស់​ហូសេ និង​កូមើរ ។ របៀប​មួយ​ដើម្បី​ធ្វើ​វា គឺ​តាមរយៈ​សាច់រឿង​ដូច​ខាងក្រោម ។

ខាំមៀល និង ហាណា ជា​មិត្ត​ល្អ​នឹង​គ្នា​អស់​រយៈពេល​មួយ​ឆ្នាំ ។ ក្នុង​ពេល​នោះ ពួកគេ​មាន​ភាពជិតស្និទ្ធ និង​ជួយ​គ្នា​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាក​ទាំងឡាយ ។ ហាណា បានចែកចាយ​អ្វីមួយ​ដែល​នាង​កំពុងពុះពារ​ជាមួយ ។ ខាំមៀល បានសន្យា​ថា​មិន​ចែកចាយ​រឿង​ទាំងនោះ​ជាមួយ​អ្នក​ដទៃ​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប៉ុន្មាន​ថ្ងៃ​មុន ហាណា​បានដឹង​ថា ខាំមៀល​បានប្រាប់​មិត្តភក្តិ​របស់​ពួកគេ​មួយ​ចំនួន​អំពី​ការពុះពារ​របស់​ហាណា ។

  • ប្រសិនបើ​អ្នក​ជា​ហាណា តើ​អ្នក​អាច​មាន​គំនិត និង​អារម្មណ៍​យ៉ាង​ណា ?

  • ហេតុអ្វី​បាន​ជា​វា​ពិបាក​ក្នុង​ការអភ័យទោស​ឲ្យ​ខាំមៀល ?

សូម​ពិចារណា​ពន្យល់​ថា នេះ​គឺជា​ឧទាហរណ៍​មួយ​នៃ​របៀប​ដែល​យើង​អាច​មាន​អារម្មណ៍​ថា​ត្រូវ​គេ​ក្បត់ ឬ​ឈឺចាប់​នៅពេល​ដែល​នរណា​ម្នាក់​បំពាន​ការសន្យា ។ ខណៈ​ដែល​យើង​អាច​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ទាំងនេះ​តាម​របៀប​ដែល​មិន​មាន​ប្រយោជន៍ នោះ​ព្រះអម្ចាស់​ឆ្លើយតប​ផ្សេង​ពី​នោះ ។

គម្ពីរ​ហូសេ​បង្រៀន​អំពី​ចំណង​អាពាហ៍ពិពាហ៍ ។ នៅក្នុង​គម្ពីរ​នេះ ជាញឹកញាប់ ព្រះអម្ចាស់​ប្រើ​អាពាហ៍ពិពាហ៍​ជា​និមិត្តរូប​សម្រាប់​ទំនាក់ទំនង​សេចក្ដីសញ្ញា​របស់យើង​ជាមួយ​នឹង​ទ្រង់ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា សេចក្តីសញ្ញា​របស់​យើង​បង្កើត « គឺ​ជា​ពាក្យ​ពិសេស​មួយ​ដែល​ពិពណ៌នា​អំពី​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា ដែល[ យើង និង​ព្រះអម្ចាស់ ]​ត្រូវ​ភ្ជាប់គ្នា​ដើម្បី​មាន​ភក្តីភាព និង​ភាពស្មោះត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក » ( « សេចក្ដី​សញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែតុលា ឆ្នាំ២០២២ ទំព័រ ៦ ) ។

ពេលខ្លះ បុត្រាបុត្រី​របស់​ព្រះ​មិន​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ទេ ហើយ​ឃ្លាតឆ្ងាយ​ពី​សេចក្តីសញ្ញា​ជា​មួយនឹង​ទ្រង់​ថែម​ទៀត​ផង ។ នៅពេល​អ្នក​សិក្សា​គម្ពីរ​ហូសេ​នៅ​ថ្ងៃនេះ សូម​រក​មើល​ពី​របៀប​ដែល​ព្រះអម្ចាស់​មាន​អារម្មណ៍ ហើយ​ឆ្លើយតប​ចំពោះ​រាស្រ្ត​ក្នុង​សេចក្តីសញ្ញា​របស់​ទ្រង់ ទោះបី​ជា​នៅពេល​ពួកគេ​ក្បត់​ទ្រង់​ក៏​ដោយ ។

ហូសេ និង​កូមើរ

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​រឿង​របស់​ហូសេ និង​កូមើរ សូម​ដាក់​បង្ហាញ ឬ​សង្ខេប​កថាខណ្ឌ​ដូច​ខាងក្រោម ។

សូម​មើល​ផ្នែក ធនធាន​បន្ថែម​ទាំងឡាយ នៃ​មេរៀន​នេះ​នៅក្នុង​បណ្ណាល័យ​ដំណឹងល្អ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​បទបញ្ញត្តិ​របស់​ព្រះ​សម្រាប់​ហូសេ និង​កូមើរ ។

ហូសេ​គឺជា​ព្យាការី​របស់​ព្រះ​នៅ​នគរ​ភាគ​ខាងជើង​ក្នុង​ស្រុក​អ៊ីស្រាអែល ដោយ​ព្យាករ​នៅ​ពេល​ដូចគ្នា​នឹង​អេសាយ​ដែរ ។ ព្រះអម្ចាស់​បានបញ្ជា​ហូសេ​ឲ្យ​រៀបការ​នឹង​កូមើរ ទោះ​បី​នាង​ជា​ស្រី​ផិត​ក្បត់ និង​ជា​ស្រ្តី​ពេស្យា​ក៏​ដោយ។ ហូសេ និង​កូមើរ​បាន​មាន​កូន​ជាមួយ​គ្នា ( សូមមើល ហូសេ ១:២–៨ ) ។

អ្នក​ប្រហែល​ជា​ចង់​ពន្យល់​ថា ហូសេ​ទូល​ទៅ​ព្រះអម្ចាស់​អំពី​កូមើរ ដែល​ជា​អ្នក​តំណាង​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ។ សូម​ពិចារណា​បង្កើត​ជួរឈរ​ពីរ​នៅលើ​ក្ដារខៀន ។ ដាក់​ស្លាក់​មួយ ហូសេ តំណាង​ឲ្យ​ព្រះអម្ចាស់ និង​មួយ​ទៀត កូមើរ តំណាង​ឲ្យ​អ៊ីស្រាអែល ។

សូម​អាន ហូសេ ២:៥ ដោយ​រកមើល​អ្វី​ដែល​ហូសេ​បាន​និយាយ​ថា កូមើរ​បាន​ធ្វើ ។ « ម្តាយ​វា » សំដៅ​ទៅលើ​កូមើរ ។

  • តើ​ទង្វើ​របស់​កូមើរ​អាច​តំណាង​ឲ្យ​ប្រជាជន​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

    អ្នក​អាច​ពន្យល់​ថា ភាព​មិន​ស្មោះត្រង់​របស់​កូមើរ នៅក្នុង​អាពាហ៍ពិពាហ៍​នៃ​សេចក្តីសញ្ញា​របស់​នាង​ជាមួយ​ហូសេ តំណាង​ឲ្យ​ភាព​មិន​ស្មោះត្រង់​ខាងវិញ្ញាណ​របស់​សាសន៍​អ៊ីស្រាអែល​នៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តីសញ្ញា​របស់​ពួកគេ​ជាមួយ​ព្រះ ។ ប្រសិនបើ​មាន​ប្រយោជន៍ សិស្ស​អាច​អាន ពង្សាវតារក្សត្រ ទី២ ១៧:១៤–១៦ ដោយ​រកមើល​ពី​របៀប​ដែល​អ៊ីស្រាអែល​បានបំពាន​សេចក្តីសញ្ញា​ជាមួយ​ព្រះអម្ចាស់ ។

    ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រដូច​បទគម្ពីរ​ទៅនឹង​ខ្លួន​ពួកគេ នោះ​អ្នក​អាច​សួរ​សិស្ស​នូវ​សំណួរ​មួយ​ដូចជា​ខាងក្រោម ៖ រាយបញ្ជី​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន​ខាងក្រោម កូមើរ​តំណាង​ឲ្យ​អ៊ីស្រាអែល ។

  • តើ​មនុស្ស​នៅ​សម័យរបស់​យើង​ពេលខ្លះ​វង្វេង​ចេញពី​ព្រះអម្ចាស់ និង​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយនឹង​ទ្រង់​យ៉ាង​ដូចម្ដេច ?

សិស្ស​អាច​ចែកចាយ​រឿង​ដូចជា​ រវល់​ពេក​សម្រាប់​ព្រះអម្ចាស់ ប្រើ​បច្ចេកវិទ្យា​មិន​សមរម្យ ប្រព្រឹត្ត​មិនល្អដាក់​អ្នក​ដទៃ ការជ្រើសរើស​កិច្ចការ​ផ្សេង​ទៀត​ជាជាង​ជ្រើសរើស​ព្រះអម្ចាស់ ឬ​អំពើ​បាប​ធ្ងន់ធ្ងរ​ជាង​នេះ ។ សិស្ស​អាច​គិតពិចារណា​អំពី​បញ្ជី​នេះ ឬ​អ្វី​ផ្សេង​ទៀត នៅពេល​ពួកគេ​ជញ្ជឹងគិត​ពី​ការបំផុសគំនិតខាងក្រោម ។

សូម​គិតពិចារណា​ពី​របៀប​ដែល​អ្នក​អាច​នឹង​ត្រូវ​បានល្បួង​ឲ្យ​បំពាន​លើ​សេចក្ដីសញ្ញា​របស់​អ្នក ឬ​របៀប​ដែល​អ្នក​អាច​នឹង​វង្វេង​ចេញពី​សេចក្ដីសញ្ញា​របស់​អ្នក​ជាមួយ​នឹង​ព្រះអម្ចាស់ ។

រូបតំណាង​ថ្នាក់​សិក្ខាសាលា ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​អំពី​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តាករុណា​របស់​ព្រះអម្ចាស់​ចំពោះ​ពួកគេ នោះ​អ្នក​អាច​ប្រើ​សំណៅ​មេរៀន « ការយល់ដឹង​ពី​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ព្រះអម្ចាស់ » ។ សិស្ស​អាច​ធ្វើការ​ដោយ​ខ្លួន​ឯង​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការជញ្ជឹងគិត​ដោយ​ស្ងៀមស្ងាត់ ប្រកប​ដោយ​ការអធិស្ឋាន ឬ​ពួកគេ​អាច​ធ្វើការ​ជា​ក្រុម​ជាមួយនឹង​អ្នកដឹកនាំ​ក្រុម ដែល​ត្រូវ​បាន​ចាត់តាំង​ដើម្បី​ដឹកនាំ​ការពិភាក្សា​របស់​ពួកគេ ។ នៅពេល​សិស្ស​ធ្វើការ សូម​ដើរ​ចុះឡើង​នៅក្នុង​បន្ទប់ ហើយ​ជួយ​ពួកគេ​តាម​តម្រូវការ ។

ការរៀនសូត្រ​អំពី​ព្រះអម្ចាស់

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​សេចក្ដីថ្លែងការណ៍​អំពី​សេចក្ដីពិត ដែល​ពួកគេ​បានសរសេរ​នៅលើ​សំណៅ​មេរៀន​របស់​ពួកគេ ។ ពួកគេ​អាច​ចែកចាយ​ឲ្យ​ឮៗ ឬ​សរសេរ​សេចក្តីថ្លែងការណ៍​របស់​ពួកគេ​នៅលើ​ក្ដារខៀន​ខាងក្រោម ហូសេ តំណាង​ឲ្យ​ព្រះអម្ចាស់ ។ ពួកគេ​អាច​សរសេរ​សេចក្តីពិត​ដូច​តទៅ​នេះ ៖

  • ព្រះយេស៊ូវគ្រីស្ទ​គឺ​ពោរពេញ​ដោយ​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តាករុណា សូម្បីតែ​នៅពេល​ខ្ញុំ​វង្វេង​ចេញពី​ទ្រង់​ក្តី ។

  • ព្រះយេស៊ូវគ្រីស្ទ​អញ្ជើញ​រាស្រ្ត​នៃ​សេចក្តីសញ្ញា​របស់​ទ្រង់​ឲ្យ​ប្រែចិត្ត ហើយ​រក្សា​សេចក្តីសញ្ញា​របស់​ពួកគេ ។

នៅពេល​សិស្ស​ចែកចាយ អ្នក​អាច​សួរ​សំណួរ​តាមដាន ដើម្បី​ជួយ​សិស្ស​បង្កើត​ទំនាក់ទំនង​ច្បាស់លាស់​ជាមួយ​នឹង​ព្រះគម្ពីរ ៖ « តើ​ផ្នែក​ណា​នៃ​រឿង​នេះ​ដែល​បាន​ជួយ​អ្នក​រៀន​អំពី​ទ្រង់ ? ឬ « តើ​អ្នក​បានឃើញ​សេចក្ដីពិត​នោះ​អំពី​ទ្រង់​​ដែល​បានបង្ហាញ​តាមរយៈ​ហូសេ​ដោយ​របៀប​ណា ? »

មុនពេល​សួរ​សំណួរ​ខាងក្រោម អ្នក​អាច​យោង​សិស្ស​ទៅ​កាន់​បញ្ជី​នៅលើ​ក្ដារខៀន​ពី​របៀប​ដែល​ជួនកាល​យើង​វង្វេង​ចេញពី​ព្រះអម្ចាស់ និង​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ។

  • តើ​អ្វី​ដែល​អ្នក​កំពុង​រៀន​អំពី​ព្រះអម្ចាស់​អាច​ជួយ​យុវវ័យ​ដែល​បាក់​ទឹក​ចិត្ត ឬ​អៀនខ្មាស​ដោយសារ​ពួកគេ​បាន​វង្វេង​ចេញ​ពី​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

    មុន​នឹង​សួរ​សំណួរ​បន្ទាប់ វា​អាច​ជា​ការឈ្លាសវៃ​ដោយ​ប្រឹក្សា​សិស្ស​កុំ​ឲ្យ​ចែកចាយ​អ្វី​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួនពេក ដូចជា​អំពើបាប​ពីមុនៗ ។ អ្នក​ក៏​អាច​ចែកចាយ​បទពិសោធន៍​ចេញពី​ជីវិត​ផ្ទាល់​ខ្លួន​អ្នក​ផងដែរ ។

  • តើ​តាម​របៀប​ណា​ដែល​អ្នក​បានឃើញ​ព្រះអម្ចាស់​បង្ហាញ​សេចក្តីស្រឡាញ់ និង​សេចក្តីមេត្តា​ករុណា​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ?

បង្ហាញ​ការយល់ដឹង

នៅពេល​សិស្ស​មាន​ឱកាស​ពន្យល់ ឬ​គិតពិចារណា​ពី​អ្វី​ដែល​ពួកគេ​បានរៀន នោះ​វា​អាច​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​ពួកគេ​បន្ថែម​ទៀត ។ របៀប​មួយ​សម្រាប់​ពួកគេ​ក្នុង​ការធ្វើ​ការណ៍​នេះ គឺ​សកម្មភាព​សរសេរ​ខ្លីៗ​ខាងក្រោម ។

សូម​ជ្រើសរើស​សំណេរ​មួយ​ដូច​ខាងក្រោម ។

  • សរសេរ​សារ សូម​គិត​អំពី​នរណា​ម្នាក់ ( វា​អាច​ជា​ខ្លួន​អ្នក ) ដែល​អាច​នឹង​មាន​អារម្មណ៍​ថា​ពួកគេ​បាន​វង្វេង​ឆ្ងាយ​ពេក​ពី​ព្រះអម្ចាស់​ដើម្បី​ទទួល​បានការ​អភ័យទោស ។ សូម​សរសេរ​សារ​លើក​ទឹកចិត្ត​មួយ​ទៅកាន់​បុគ្គល​រូប​នេះ ហើយ​ចែកចាយ​អ្វី​ដែល​អ្នក​បានរៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​គិត​ថា​អាច​ជួយ​ពួកគេ​បាន ។

  • សរសេរ​ការពិពណ៌នា តើ​អ្នក​នឹង​ពិពណ៌នា​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បានរៀន ឬ​មាន​អារម្មណ៍​នៅ​ថ្ងៃ​នេះ ?

អ្នក​អាច​នឹង​ចែកចាយ​ជាមួយ​សិស្ស​ថា យើង​ដូចជា​កូមើរ​អាច​ជ្រើសរើស​ទទួល​យក​ការអញ្ជើញ​ដោយ​ក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​ដើម្បី​ប្រែចិត្ត ហើយ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ នៅពេល​យើង​បានវង្វេង ។ សូម​ពិចារណា​បញ្ចប់​ដោយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអម្ចាស់ ។