« លោកុប្បត្តិ ៣៧–៤១ ៖ ‹ ហើយព្រះអម្ចាស់ក៏គង់នៅជាមួយនឹងយ៉ូសែប › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៦ )
« លោកុប្បត្តិ ៣៧–៤១ ៖ ‹ ហើយព្រះអម្ចាស់ក៏គង់នៅជាមួយនឹងយ៉ូសែប › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
លោកុប្បត្តិ ៣៧–៤១ ៖ មេរៀនទី ៣៣
លោកុប្បត្តិ ៣៧–៤១
« ហើយព្រះអម្ចាស់ក៏គង់នៅជាមួយនឹងយ៉ូសែប »
ទោះជាត្រូវបានលក់ជាទាសករ ត្រូវចោទប្រកាន់ដោយបំភ្លៃ និងត្រូវគេឃុំឃាំងក៏ដោយ យ៉ូសែបបានរស់នៅដោយសុចរិត ហើយបានអនុវត្តសេចក្តីជំនឿលើព្រះដែរ ។ ជាលទ្ធផល ព្រះអម្ចាស់បានប្រទានពរ និងជួយគាត់ឆ្លងកាត់ការសាកល្បងរបស់គាត់ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍នៃសេចក្តីសង្ឃឹមថា ព្រះអាចប្រើការសាកល្បងរបស់ពួកគេ ដើម្បីប្រទានពរដល់ជីវិតរបស់ពួកគេ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីការសាកល្បង ឬបញ្ហាប្រឈមទាំងឡាយដែលពួកគេបាន ឬអាចជួបប្រទះ ។ សូមអញ្ជើញពួកគេឲ្យមករៀនដោយរៀបចំខ្លួនដើម្បីចែកចាយអំពីរបៀបដែលព្រះអម្ចាស់អាច ឬបានប្រើបញ្ហាប្រឈមទាំងឡាយ ដើម្បីប្រទានពរដល់ជីវិតរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រឿងនិទានអំពីសត្វលា
សូមពិចារណាបង្ហាញរូបភាពសត្វលាមួយក្បាល ខណៈសិស្សកំពុងអានកថាខណ្ឌខាងក្រោមនេះ ។
រឿងនិទាននេះគឺនិទានអំពីសត្វលាមួយក្បាលដែលបានធ្លាក់ចូលទៅក្នុងរណ្តៅ ។ នៅពេលជាប់អន្ទាក់បែបនេះ សត្វលាក៏បានស្រែកយំដោយភាពភ័យខ្លាច ។ ក្រោយពីរិះរកវិធីជួយសង្គ្រោះសត្វលាហើយ ម្ចាស់លាក៏ចាប់ផ្តើមចូកដីដាក់ចូលទៅក្នុងរណ្តៅ ។ ដីមួយប៉ែលៗបានធ្លាក់ពេញលើខ្នងសត្វលា ដែលធ្វើឲ្យវាស្រែកយំកាន់តែខ្លាំងឡើង ។
មុននឹងបន្តដំណើររឿងនេះ វាអាចមានប្រយោជន៍សម្រាប់សិស្សក្នុងការផ្អាក ហើយគិតអំពីរឿងនិទាននេះ ដោយឆ្លើយសំណួរទាំងឡាយដូចតទៅនេះ ៖
-
តើអ្នកចាត់ទុកដីជាច្រើនប៉ែលនោះជារឿងល្អ ឬអាក្រក់ ? ហេតុអ្វី ?
-
តើដីពេញប៉ែលទាំងនោះអាចតំណាងឲ្យអ្វីខ្លះក្នុងជីវិតរបស់យើង ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីសន្និដ្ឋានអំពីរឿងនិទាននៅក្នុងកថាខណ្ឌខាងក្រោមនេះ ។
សត្វលានឹងរលាស់ដីឲ្យធ្លាក់ចេញពីខ្នងរបស់វា ដែលធ្វើឲ្យដីធ្លាក់គរនៅខាងក្រោម ។ សត្វលាបានរលាស់ដីចេញម្តងហើយម្ដងទៀត ហើយឈានជើងជាន់លើពំនូកដីដែលកំពុងគរខ្ពស់ទៅៗរហូតទាល់តែសត្វលានោះបានឡើងខ្ពស់ល្មមដើម្បីចេញពីរណ្តៅបាននៅទីបំផុត ។
-
តើរឿងនិទាននេះទាក់ទងនឹងការសាកល្បង និងឧបសគ្គដែលព្រះវរបិតាសួគ៌ទុកឲ្យយើងឆ្លងកាត់យ៉ាងដូចម្ដេច ?
សូមពិចារណាបង្ហាញដូចខាងក្រោមនេះ ហើយអញ្ជើញសិស្សឲ្យបំពេញវាដោយខ្លួនឯង ។
សូមគិតដល់គ្រាទាំងឡាយនៅក្នុងជីវិតរបស់អ្នក នៅពេលដែលអ្នកមានការសាកល្បង ឬគ្រាដែលអ្នកបាក់ទឹកចិត្ត ។ សូមកត់ត្រាចម្លើយរបស់អ្នកចំពោះសំណួរមួយចំនួនដូចខាងក្រោមនេះទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកបានឆ្លើយតបយ៉ាងណាចំពោះបទពិសោធន៍ទាំងនោះ ?
-
ហេតុអ្វីបានជាវាអាចពិបាកចងចាំព្រះអម្ចាស់ នៅពេលអ្នកប្រឈមមុខនឹងឧបសគ្គ ?
-
តាមទស្សនវិស័យដ៏អស់កល្បជានិច្ចមួយ តើព្រះវរបិតាសួគ៌អាចប្រើឧបសគ្គរបស់អ្នកដើម្បីប្រទានពរដល់ជីវិតរបស់អ្នកបានដោយរបៀបណា ?
នៅពេលអ្នកសិក្សាអំពីជីវិតរបស់យ៉ូសែបនៅថ្ងៃនេះ សូមស្វែងរកវិវរណៈមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីផ្តល់ឲ្យអ្នកនូវក្តីសង្ឃឹមថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចប្រែក្លាយការសាកល្បងដ៏លំបាកទៅជាពរជ័យនៅក្នុងជីវិតរបស់អ្នកបាន ។
ទិដ្ឋភាពទូទៅនៃ លោកុប្បត្តិ ៣៧–៤១
ដើម្បីជួយសិស្សយល់អំពីដំណើររឿងនៃ លោកុប្បត្តិ ៣៧–៤១ អ្នកអាចបង្ហាញរូបភាពទាំងប្រាំដែលមានបញ្ចូលដូចខាងក្រោមនេះតាមលំដាប់លំដោយព្រាវៗ ។ សិស្សអាចសហការគ្នាជាថ្នាក់ ឬជាក្រុមតូចៗ ដើម្បីតម្រៀបរូបទាំងនោះទៅតាមលំដាប់លំដោយ ។ បន្ទាប់មក អ្នកអាចឲ្យសិស្សពីរបីនាក់ប្រើរូបភាពទាំងនេះ ដើម្បីសង្ខេបរឿងនៅក្នុង លោកុប្បត្តិ ៣៧–៤១ ។
សិស្សអាចប្រើសេចក្តីសង្ខេបក្រោមរូបភាពនីមួយៗ ឬចំណងជើងជំពូក ដើម្បីជួយពួកគេសង្ខេប ឬដើម្បីផ្ទៀងផ្ទាត់លំដាប់លំដោយនៃរូបភាព ។
នៅពេលយ៉ូសែបមានអាយុ១៧ឆ្នាំ ពួកបងប្រុសរបស់គាត់ច្រណែននឹងភាពលម្អៀងដែលគាត់ទទួលបានពីយ៉ាកុប ដែលជាឪពុករបស់ពួកគេ ។ ពួកគេស្អប់យ៉ូសែបដោយសារការចែកចាយសុបិនដែលគាត់បានឃើញពួកគេក្រាបនៅចំពោះមុខគាត់នាពេលអនាគត ។ ក្រោយមក ពួកគេបានលក់យ៉ូសែបធ្វើជាទាសករ ( សូមមើល លោកុប្បត្តិ ៣៧ ) ។
យ៉ូសែបត្រូវបានលក់ទៅឲ្យប៉ូទីផារ ដែលជាមន្ត្រីមួយរូបរបស់ផារ៉ោននៃពួកអេស៊ីព្ទ ។ នៅទីបំផុត យ៉ូសែបបានក្លាយជាអ្នកមើលការខុសត្រូវផ្ទះរបស់ប៉ូទីផារ ( សូមមើល លោកុប្បត្តិ ៣៩:១–៤ ) ។
ភរិយារបស់ប៉ូទីផារបានល្បួងរួមមេត្រីជាមួយយ៉ូសែប ប៉ុន្តែយ៉ូសែបមិនព្រមបំពានច្បាប់ព្រហ្មចារីភាពឡើយ ហើយបានគេចចេញពីនាង ។ ភរិយារបស់ប៉ូទីផារបានចោទយ៉ូសែបដោយបំភ្លៃថាបានធ្វើបាបនាង ហើយបានចាប់គាត់ដាក់គុក ( សូមមើល លោកុប្បត្តិ ៣៩:៧–២០ ) ។
ពេលនៅក្នុងគុក យ៉ូសែបបានបកស្រាយសុបិនរបស់អ្នកបម្រើរបស់ផារ៉ោន ( សូមមើល លោកុប្បត្តិ ៤០ ) ។
ពីរឆ្នាំក្រោយមក ផារ៉ោនបានមានសុបិនជាច្រើនដែលគាត់មិនអាចយល់បាន ។ អ្នកបម្រើម្នាក់របស់ផារ៉ោនដែលបានដោះលែងចេញពីគុក បានប្រាប់គាត់ថា យ៉ូសែបអាចបកស្រាយសុបិនបាន ។ យ៉ូសែបបានប្រាប់ផារ៉ោនថា សុបិនរបស់គាត់តំណាងឲ្យភោគផលល្អប្រាំពីរឆ្នាំ និងអំណត់ប្រាំពីរឆ្នាំ ដែលនឹងកើតមាននៅស្រុកអេស៊ីព្ទក្នុងពេលឆាប់ៗនេះ ( សូមមើល លោកុប្បត្តិ ៤១ ) ។
ពរជ័យមកពីការសាកល្បងរបស់យើង
ដើម្បីជួយសិស្សស្វែងរកមេរៀនដែលយើងអាចរៀនអំពីបទពិសោធន៍របស់យ៉ូសែប សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ហើយផ្តល់ ឬបង្ហាញការណែនាំ និងសំណួរដូចខាងក្រោម ។
ចំណាំ ៖ មេរៀនទី ៣៤ « លោកុប្បត្តិ ៣៩ » នឹងផ្តោតលើច្បាប់ព្រហ្មចារីភាព ។
-
សូមអានខគម្ពីរខាងក្រោម ដោយរកមើលអំពីរបៀបដែលព្រះអម្ចាស់បានជួយយ៉ូសែប ក្នុងអំឡុងពេលនៃការសាកល្បងរបស់គាត់ ។
-
លោកុប្បត្តិ ៣៩:១–៦ ( បន្ទាប់ពីពួកបងប្អូនរបស់យ៉ូសែបបានលក់គាត់ឲ្យធ្វើជាទាសករ )
-
លោកុប្បត្តិ ៣៩:២០–២៣ ( បន្ទាប់ពីប៉ូទីផារបានចាប់យ៉ូសែបដាក់គុក )
-
លោកុប្បត្តិ ៤១:១៤–១៦, ២៥–៣២ ( បន្ទាប់ពីយ៉ូសែបបានដោះលែងចេញពីគុកនៅទីបំផុត )
-
-
សូមឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនសូត្រអំពីរបៀបដែលយ៉ូសែបបានឆ្លើយតបនឹងឧបសគ្គរបស់គាត់ ?
-
តើអ្នកគិតថា ហេតុអ្វីបានជាយ៉ូសែបត្រូវរង់ចាំជាច្រើនឆ្នាំដើម្បីទទួលបានពរជ័យដែលគាត់បានស្វែងរក ?
-
តើភស្ដុតាងអ្វីខ្លះដែលអ្នកឃើញអំពីការណ៍ដែលព្រះជួយយ៉ូសែបក្នុងការសាកល្បងរបស់គាត់ ?
-
តើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ អាចជួយយើងតាមរបៀបស្រដៀងគ្នានេះបានយ៉ាងដូចម្ដេច នៅពេលយើងឆ្លងកាត់គ្រាលំបាកៗ ?
-
ដើរចុះឡើង ហើយស្តាប់ ខណៈពេលសិស្សកំពុងពិភាក្សាអំពីចម្លើយរបស់ពួកគេជាមួយក្រុមរបស់ពួកគេ ។ សូមអរគុណពួកគេដែលបានចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមរំឭកសិស្សថា ព្រះវិញ្ញាណបរិសុទ្ធអាចបង្រៀនមនុស្សអំពីសេចក្ដីពិតផ្សេងៗពីវគ្គបទគម្ពីរដូចគ្នាបាន ។ ផ្នែកដែលនៅសល់នៃមេរៀននេះនឹងផ្តោតលើសេចក្ដីពិតដែលថា ប្រសិនបើយើងមានចិត្តស្មោះត្រង់ នោះព្រះអាចប្រើការសាកល្បងទាំងឡាយរបស់យើង ដើម្បីប្រទានពរដល់ជីវិតរបស់យើង និងអ្នកដទៃបាន ។
សូមអាន លោកុប្បត្តិ ៤១:៣៧–៤៥ ដោយរកមើលភស្តុតាងនៃរបៀបដែលព្រះបានប្រើការសាកល្បងរបស់យ៉ូសែប ដើម្បីប្រទានពរដល់គាត់ និងអ្នកដទៃ ។
-
តើព្រះអម្ចាស់បានប្រទានពរដល់យ៉ូសែប និងអ្នកដទៃតាមរយៈការសាកល្បងរបស់គាត់យ៉ាងដូចម្ដេច ?
សូមសួរសំណួរដែលអាចជួយសិស្សរៀនសូត្រអំពីព្រះចេស្ដា និងសេចក្ដីមេត្តាករុណារបស់ព្រះ ចេញពីសេចក្ដីពិតដែលត្រូវបានបង្រៀន ។ សំណួរខាងក្រោមគឺជាឧទាហរណ៍ដែលអ្នកអាចប្រើបាន ។ ( សម្រាប់ការបំពាក់បំប៉នបន្ថែមលើការជួយសិស្សរៀនសូត្រអំពីសេចក្តីស្រឡាញ់ ព្រះចេស្ដា និងសេចក្តីមេត្តាករុណារបស់ព្រះអម្ចាស់ សូមមើលផ្នែក « ជួយសិស្សឲ្យស្គាល់ក្តីស្រឡាញ់ ព្រះចេស្តា និងក្តីមេត្តារបស់ព្រះអម្ចាស់ក្នុងជីវិតពួកគេ » នៅក្នុងផ្នែក ជំនាញការអភិវឌ្ឍន៍គ្រូបង្រៀន ។
-
តើអ្នកគិតថាយ៉ូសែបអាចនឹងចង់ឲ្យអ្នកដឹងអ្វីខ្លះអំពីព្រះអម្ចាស់ បន្ទាប់ពីបទពិសោធន៍ដែលគាត់បានឆ្លងកាត់ ?
-
តើការសាកល្បងអាចជួយយើងពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:២៤ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមរកមើលអំពីរបៀបដែលវាអនុវត្តចំពោះយ៉ូសែប និងអស់អ្នកដែលឆ្លងកាត់ការសាកល្បង និងឧបសគ្គទាំងឡាយ ។
ខ្ញុំសូមធ្វើជាសាក្សីថា ទោះជាពេលខ្លះយើងមានអារម្មណ៍ថាដូចជាត្រូវបានកប់យ៉ាងជ្រៅដោយការសាកល្បងក្នុងជីវិត ឬហ៊ុមព័ទ្ធដោយសេចក្ដីងងឹតខាងផ្លូវចិត្តយ៉ាងណាក្ដី ក៏សេចក្ដីស្រឡាញ់របស់ព្រះ និងពរជ័យនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញនឹងនាំឲ្យកើតនូវរឿងមួយដែលនឹកស្មានមិនដល់ដែរ ។ ( « God Will Do Something Unimaginable » Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រទី ៥២ )
-
តើ គោលលទ្ធិ និងសេចក្តីសញ្ញា ៩០:២៤ និងសេចក្តីថ្លែងការណ៍របស់អែលឌើរ អុជដូហ្វ អនុវត្តចំពោះយ៉ូសែបយ៉ាងដូចម្ដេច ? ចំពោះអ្នកយ៉ាងដូចម្ដេច ?
ឧទាហរណ៍សម័យទំនើប
ដើម្បីរៀបចំសិស្សឲ្យគិតពិចារណាអំពីរបៀបដែលព្រះវរបិតាសួគ៌អាចប្រទានពរដល់យើងតាមការសាកល្បងរបស់យើង សូមពិចារណាបង្ហាញវីដេអូ « Faith Murray’s Story: Overcoming Adversity through Service » ( ៤:៥២ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែលព្រះអម្ចាស់បានប្រើឧបសគ្គរបស់ ហ្វេត ដើម្បីប្រទានពរដល់នាង និងអ្នកដទៃ ។
សូមគិតអំពីបទពិសោធន៍ដែលអ្នក ឬអ្នកដទៃទៀតធ្លាប់មាន នៅពេលអ្នកបានឃើញព្រះវរបិតាសួគ៌ប្រើការសាកល្បងរបស់អ្នក ដើម្បីប្រទានពរដល់ជីវិតរបស់អ្នក ។ សូមឆ្លើយសំណួរខាងក្រោមនេះយ៉ាងហោចណាស់ឲ្យបានពីរនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកធ្លាប់បានឃើញព្រះវរបិតាសួគ៌ប្រើការសាកល្បង ដើម្បីប្រទានពរដល់ជីវិតមនុស្សដែលអ្នកស្គាល់ដោយរបៀបណា ? តើអ្នកបានរៀនអ្វីខ្លះមកពីបុគ្គលទាំងនោះ ?
-
ប្រសិនបើនរណាម្នាក់កំពុងស្ថិតនៅក្នុងការសាកល្បងដ៏លំបាកនាពេលឥឡូវនេះ តើអ្នកចង់ឲ្យពួកគេដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើអ្វីខ្លះដែលបានជួយអ្នកឲ្យនៅបន្ដស្មោះត្រង់ចំពោះព្រះ អំឡុងពេលអ្នកបានជួបឧបសគ្គទាំងឡាយនៅក្នុងជីវិតរបស់អ្នក ?
សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយបទពិសោធន៍របស់ពួកគេ រួមនឹងអារម្មណ៍របស់ពួកគេចំពោះព្រះអង្គសង្គ្រោះផងដែរ ។