រ៉ូម ៦
« ដើរក្នុងជីវិតបែបថ្មី »
ការថ្វាយខ្លួនយើងចំពោះព្រះគឺមិនងាយស្រួលនោះទេ ។ ប៉ុន្តែព្រះយេស៊ូវគ្រីស្ទសន្យាថា នៅពេលយើងទុកឲ្យខ្លួនយើងដែលមានបាបពីអតីតកាលស្លាប់ទៅ នោះទ្រង់នឹងប្រទានជីវិតថ្មីដល់យើង ដោយផ្លាស់ប្តូរលក្ខណៈរបស់យើងឲ្យប្រែក្លាយកាន់តែដូចជាទ្រង់ ។ ប៉ុលបានបង្រៀនថា តាមរយៈពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក នោះយើងអាចទទួលបាននូវអំណាចកែប្រែរបស់ព្រះអង្គសង្គ្រោះបាន ដើម្បីជួយយើងឲ្យ « ដើរក្នុងជីវិតបែបថ្មី » ( រ៉ូម ៦:៤ ) ។ មេរៀននេះអាចជួយអ្នកឲ្យស្វែងរកការផ្លាស់ប្តូរតាមរយៈព្រះយេស៊ូវគ្រីស្ទ ហើយស្គាល់កាន់តែច្បាស់នៅពេលដែលការផ្លាស់ប្តូរទាំងនោះកំពុងកើតឡើង ។
ការយល់ពីពាក្យ និងឃ្លាពិបាកៗ ។ នៅពេលសិស្សសិក្សាព្រះគម្ពីរ ពួកគេអាចនឹងជួបនឹងពាក្យ ឬឃ្លាពិបាកៗ ដែលពុំធ្លាប់ស្គាល់ ឬដែលពិបាកយល់ ។ សូមបង្រៀនសិស្សថា ជាញឹកញាប់វចនានុក្រម សៀវភៅសិក្សារបស់សិស្ស លេខយោង និងជំនួយការសិក្សាព្រះគម្ពីរ អាចជួយពួកគេឲ្យយល់ពីពាក្យដែលពិបាក និងខ្លឹមសារនៃព្រះគម្ពីរបាន ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យរំឭកពីព័ត៌មានលម្អិតអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ហើយប្រហែលជាយករូបភាពមួយមកប្រសិនបើពួកគេមាន ។ សិស្សមួយចំនួន ឬឪពុកម្ដាយរបស់ពួកគេប្រហែលជាបានសរសេរកំណត់ហេតុនៅពេលសិស្សបានទទួលបុណ្យជ្រមុជទឹក ។ វាអាចគួរឲ្យចាប់អារម្មណ៍សម្រាប់សិស្សក្នុងការអានកំណត់ហេតុប្រចាំថ្ងៃនោះ ឬនិយាយជាមួយឪពុកម្តាយរបស់ពួកគេអំពីព័ត៌មានលម្អិតនៃពិធីបុណ្យជ្រមុជទឹករបស់ពួកគេ រួមទាំងព័ត៌មានលម្អិតដែលសិស្សប្រហែលជាភ្លេចផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សូមពិចារណាចែកចាយព័ត៌មានលម្អិត និងរូបភាពនៃពិធីបុណ្យជ្រមុជទឹករបស់អ្នក ហើយអញ្ជើញសិស្សឲ្យចែកចាយផងដែរ ។
-
តើអ្នកចងចាំអ្វីខ្លះអំពីពិធីបុណ្យជ្រមុជទឹករបស់អ្នក ?
-
តើអ្នកបានផ្លាស់ប្ដូរខាងវិញ្ញាណយ៉ាងដូចម្ដេច ចាប់តាំងពីអ្នកបានទទួលបុណ្យជ្រមុជទឹកមក ?
សូមចំណាយពេលមួយភ្លែតដើម្បីសញ្ជឹងគិតអំពីការរីកចម្រើនខាងវិញ្ញាណរបស់អ្នក ។ អ្នកអាចនឹងសួរខ្លួនឯងនូវសំណួរដូចជា « តើសេចក្តីជំនឿរបស់ខ្ញុំ និងទំនាក់ទំនងរបស់ខ្ញុំជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានប្រសើរឡើងដែរឬទេ ? » ឬ « តើអ្វីដែលខ្ញុំបានរៀនអំពីព្រះអង្គសង្គ្រោះរបស់ខ្ញុំមានឥទ្ធិពលលើអាកប្បកិរិយា និងសកម្មភាពរបស់ខ្ញុំយ៉ាងដូចម្ដេច ? » នៅពេលអ្នកសិក្សា រ៉ូម ៦ សូមសញ្ជឹងគិតថាតើអ្នកកំពុងប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះដែរឬអត់ ហើយតើទ្រង់អាចជួយអ្នកឲ្យបន្តរីកចម្រើន ហើយប្រែក្លាយកាន់តែដូចទ្រង់ដោយរបៀបណា ។
ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចទៅក្នុងទឹកតំណាងឲ្យសេចក្តីស្លាប់ និងការរស់ឡើងវិញ
ការរៀនពីរបៀបដើម្បីស្គាល់ និងយល់ពីនិមិត្តសញ្ញានៅក្នុងព្រះគម្ពីរគឺជាជំនាញដ៏មានតម្លៃមួយ ។ ប៉ុលបានប្រើនិមិត្តសញ្ញានៃពិធីបុណ្យជ្រមុជទឹកដោយការពន្លិច ដើម្បីជួយពួកបរិសុទ្ធនៅក្រុងរ៉ូមឲ្យយល់ថា យើងត្រូវតែលះបង់ចោលអំពើបាបពីអតីតកាលរបស់យើង ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទអាចផ្លាស់ប្តូរយើងបាន ហើយប្រទានជីវិតថ្មីដល់យើង តាមរយៈដង្វាយធួនរបស់ទ្រង់ ។
សូមអាន រ៉ូម ៦:៣–៨ ដោយស្វែងរកនិមិត្តសញ្ញាដែលអាចបង្រៀនអ្នកបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ ។ វាប្រហែលជាមានប្រយោជន៍ក្នុងការដឹងថា ការបកប្រែដោយ យ៉ូសែប ស្ម៊ីធ នៃ ខទី ៧ អានថា « ដ្បិតអ្នកណាដែលស្លាប់ដោយសារអំពើបាប អ្នកនោះបានរួចពីបាបហើយ » ។
-
យោងតាម រ៉ូម ៦:៣–៨ តើការចុះទៅក្នុង ការជ្រមុជចូល និងការងើបចេញពីទឹកក្នុងពិធីបុណ្យជ្រមុជទឹកតំណាងឲ្យអ្វីសម្រាប់យើង ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ពិធីបរិសុទ្ធចាំបាច់ៗក្នុងដំណឹងល្អជានិមិត្តរូបនៃដង្វាយធួន ។ ពិធីបុណ្យជ្រមុជទឹកដោយការពន្លិច គឺជានិមិត្តរូបនៃការសុគត ការបញ្ចុះ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះប្រោសលោះ ។
( រ័សុល អិម ណិលសុន « The Atonement » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៦ ទំព័រ ៣៥ )
-
តើអ្នកនឹងសង្ខេប រ៉ូម ៦:៤ ជាសេចក្តីថ្លែងការណ៍នៃសេចក្តីពិតយ៉ាងដូចម្ដេច ?
ខាងក្រោមនេះគឺជាវិធីមួយដើម្បីសង្ខេប រ៉ូម ៦:៤ ៖ តាមរយៈព្រះយេស៊ូវគ្រីស្ទ យើងអាចផ្លាស់ប្តូរបាន ហើយ « ដើរក្នុងជីវិតបែប ថ្មី » ។
-
តើអ្នកគិតថា « ដើរក្នុងជីវិតបែបថ្មី » មានន័យដូចម្តេច ? ( រ៉ូម ៦:៤ ) ។
-
តើនៅពេលណាដែលអ្នកមានអារម្មណ៍ថា តាមរយៈព្រះអង្គសង្គ្រោះ អ្នកអាចដើរក្នុងជីវិតបែបថ្មីបាន ?
-
តើបងប្អូនគិតថា ហេតុអ្វីបានជាព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងដើរក្នុងជីវិតបែបថ្មី ?
សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនជាមួយសិស្ស ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការរំឭកសិស្សកុំឲ្យចែកចាយអំពើបាបពីអតីតកាល ។
ដូចដែលបានកត់ត្រានៅក្នុង ខទី ៥–៦ ប៉ុលបានបង្រៀនថា តាមរយៈសេចក្ដីសញ្ញា និងពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក នោះ « មនុស្សចាស់របស់យើង » ឬ « តួអំពើបាប » ត្រូវបាន « ឆ្កាងជាមួយ [ ព្រះយេស៊ូវគ្រីស្ទ ] » ហើយ « ត្រូវសូន្យទៅ ប្រយោជន៍កុំឲ្យយើងនៅបម្រើអំពើបាបទៀតឡើយ » ។
សូមមើលផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៃមេរៀននេះសម្រាប់គំនិតបង្រៀនដែលអាចមាន អំពីការទទួលបានអំណាចពីព្រះតាមរយៈការធ្វើ និងការរក្សាសេចក្ដីសញ្ញា ។ សូមពិចារណាថាតើវាមានប្រយោជន៍ចំពោះសិស្សដែរឬទេ ។
សូមចំណាយពេលបន្តិចដើម្បីពិចារណាពីអំពើបាប ឬភាពទន់ខ្សោយដែលអ្នកកំពុងពុះពារ ដែលអ្នកចង់ដកចេញពីជីវិតរបស់អ្នក ។ អ្នកនឹងពិនិត្យមើលគំនិតទាំងនេះឡើងវិញនៅពេលក្រោយនៅក្នុងមេរៀននេះ ។
តើខ្ញុំអាចធ្វើការផ្លាស់ប្តូរអ្វីខ្លះ ?
-
តើការផ្លាស់ប្តូរប្រភេទណាខ្លះដែលអ្នកគិតថាងាយស្រួលធ្វើ ? តើការផ្លាស់ប្តូរមួយណាពិបាក ?
ប៉ុលបានប្រើគំរូនៃការយកឈ្នះលើសេចក្តីស្លាប់ និងអំពើបាបរបស់ព្រះអង្គសង្គ្រោះ ដើម្បីបង្រៀនថា យើងក៏អាចយកឈ្នះលើអំពើបាបរបស់យើងតាមរយៈទ្រង់បានផងដែរ ។សូមអាន រ៉ូម ៦:៩–១៤ ដោយរកមើលពីរបៀបដែលប៉ុលភ្ជាប់ការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ ទៅនឹងរបៀបដែលយើងអាចយកឈ្នះលើអំពើបាបបាន ។
ការសរសេររបស់ប៉ុលអាចពិបាកយល់ ជាពិសេសនៅពេលដែលខគម្ពីរជាច្រើនត្រូវអានជាប់ៗគ្នា ដោយមិនឈប់ដើម្បីវិភាគសាររបស់លោក ។ ប្រសិនបើមានសិស្សគ្រប់គ្រាន់ សូមពិចារណាចាត់ខគម្ពីរនីមួយៗឲ្យសិស្សពីរ ឬបីនាក់ដើម្បីអាន ពិភាក្សា និងសង្ខេបជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ សូមលើកទឹកចិត្តពួកគេឲ្យប្រើជំនួយការសិក្សាព្រះគម្ពីរ ឬរកមើលនិយមន័យនៃពាក្យ ឬឃ្លាពិបាកនានា ។ បន្ទាប់មក សូមឲ្យក្រុមនីមួយៗបង្រៀនខគម្ពីររបស់ពួកគេទៅកាន់សិស្សក្នុងថ្នាក់ ។ សំណួរខាងក្រោមនេះអាចជួយដល់ខគម្ពីរមួយចំនួនបាន ។
-
ដូចដែលព្រះយេស៊ូវគ្រីស្ទ « បានសុគតខាងឯបាបមួយដងជាសម្រេច » ( ខទី ១០ ) នោះយើងបានទទួលបុណ្យជ្រមុជទឹកតែមួយដងប៉ុណ្ណោះដើម្បីឲ្យបានរួចពីបាបរបស់យើង ។ ទោះជាយ៉ាងណាក៏ដោយ ជារៀងរាល់សប្តាហ៍ យើងអាចបន្តការប្តេជ្ញាចិត្តរបស់យើងដើម្បី « ដើរក្នុងជីវិតបែបថ្មី » ( ខទី ៤ ) បានតាមរយៈការទទួលទានសាក្រាម៉ង់ ។ តើពិធីបរិសុទ្ធប្រចាំសប្តាហ៍នេះ ជួយអ្នកឲ្យបង្ហាញសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្តេច ?
-
តើអ្នកគិតថា ប៉ុលចង់មានន័យយ៉ាងណាពេលថ្លែងថា « ចូរអ្នករាល់គ្នារាប់ខ្លួនទុកជាស្លាប់ខាងបាបដែរ តែរស់ខាងឯព្រះវិញចុះ ដោយនូវព្រះគ្រីស្ទយេស៊ូវ » ? ( ខទី ១១ ) ។
-
ហេតុអ្វីបានជាយុវវ័យម្នាក់អាចជ្រើសរើសធ្វើតាមការទូន្មានរបស់ប៉ុល ដូចដែលបានកត់ត្រាក្នុង ខទី ១២ ? តើមានពរអ្វីខ្លះមកពីការរស់នៅបែបនេះ ?
-
ពាក្យថា អវៈយបៈ នៅក្នុង ខទី ១៣ សំដៅទៅលើផ្នែកនៃរាងកាយរបស់យើង ។ តើអ្នកអាចប្រើដៃ ជើង ក្បាល និងបេះដូងរបស់អ្នក « ទុកដូចជាប្រដាប់ប្រដាសុចរិតទៅព្រះ » យ៉ាងដូចម្ដេចទៅ ? ( ខទី ១៣ ) ។
-
ការបកប្រែដោយយ៉ូសែប ស្ម៊ីធ នៃផ្នែកទីមួយនៃខទី ១៤ អានថា « ដ្បិតការធ្វើដូច្នេះ អំពើបាបមិនត្រូវមានអំណាចលើអ្នករាល់គ្នាទៀតឡើយ » ។ តើការធ្វើតាមការបង្រៀនដូចដែលបានកត់ត្រានៅក្នុង ខទី ១១–១៣ ធ្វើឲ្យយើងទទួលបានការសន្យាដែលបានផ្ដល់ឲ្យក្នុង ខទី១៤ ដោយរបៀបណា ?
សូមទុកពេលខ្លះឲ្យសិស្សសញ្ជឹងគិតដោយស្ងៀមស្ងាត់អំពីអំពើបាបដែលពួកគេលែងចង់ប្រព្រឹត្តនៅក្នុងជីវិតរបស់ពួកគេទៀត ។ ដោយសារនេះជាលក្ខណៈរសើបនៃការឆ្លុះបញ្ចាំងបែបនេះនោះអ្នកមិនគួរសុំឲ្យសិស្សពិភាក្សាអំពីគំនិតរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់នោះទេ ។
អ្នកអាចមានសេរីភាពពីអំពើបាបបាន
សូមអាន រ៉ូម ៦:១៦–១៨, ២២–២៣ ដោយស្វែងរកពរជ័យនៃការដើរក្នុងជីវិតបែបថ្មី ។
-
តើប៉ុលបានពិពណ៌នាអំពីពរជ័យនៃការដើរក្នុងជីវិតបែបថ្មីដោយរបៀបណា ?
-
នៅពេលអ្នកបន្តព្យាយាមយកឈ្នះលើអំពើបាបតាមរយៈព្រះគ្រីស្ទ តើអ្នកគិតថាជីវិតបែបថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទនឹងមើលទៅ និងមានអារម្មណ៍យ៉ាងណាដែរ ?
-
តើអ្នកអាចធ្វើអ្វីបាន ដើម្បីដើរក្នុងជីវិតបែបថ្មីចាប់ផ្តើមពីថ្ងៃនេះទៅ ?
សូមថ្លែងទីបន្ទាល់អំពីបំណងប្រាថ្នា និងអំណាចរបស់ព្រះអង្គសង្គ្រោះ ដើម្បីផ្លាស់ប្តូរចិត្តរបស់យើង នៅពេលយើងព្យាយាមដើរក្នុងជីវិតបែបថ្មី ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើខ្ញុំអាចផ្លាស់ប្តូរតាមរបៀបណាខ្លះ ?
ស៊ីស្ទើរ បែកឃី ក្រាវីនអតីតទីប្រឹក្សាទីពីរក្នុងគណៈប្រធានយុវនារីទូទៅបានបង្រៀន ៖
ជាថ្នូរនឹងការបង់ថ្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងម្នាក់ៗ ព្រះអម្ចាស់បង្គាប់ឲ្យយើងផ្លាស់ប្តូរចិត្ត ។ ការផ្លាស់ប្តូរដែលទ្រង់ស្នើសុំពីយើងមិនមែនសម្រាប់ជាប្រយោជន៍របស់ទ្រង់នោះទេ ប៉ុន្តែគឺជាប្រយោជន៍សម្រាប់យើង ។ …
បន្ទាប់ពីបានស្តាប់បន្ទូលមកពីស្ដេចបេនយ៉ាមីន ប្រជារាស្រ្តរបស់ទ្រង់បានស្រែកយំ ប្រកាសថា ដួងចិត្តរបស់ពួកគេបានផ្លាស់ប្តូរ ហើយនិយាយ « ពីព្រោះតែព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ដែលបាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង … យើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ » [ ម៉ូសាយ ៥:២ ] ។ ព្រះគម្ពីរមិនបាននិយាយថា ពួកគេប្រែក្លាយជាឥតខ្ចោះភ្លាមៗនោះទេ ប៉ុន្តែបំណងប្រាថ្នាដើម្បីផ្លាស់ប្ដូររបស់ពួកគេទៅវិញទេ ដែលបានបង្ខំពួកគេឲ្យធ្វើសកម្មភាព ។ ការផ្លាស់ប្តូរក្នុងដួងចិត្តពួកគេមានន័យថា ការសម្រាតចោលភាពជាមនុស្សខាងសាច់ឈាម ហើយចុះចូលនឹងព្រះវិញ្ញាណនៅពេលពួកគេព្យាយាមប្រែក្លាយកាន់តែដូចព្រះយេស៊ូវគ្រីស្ទ ។
( បែកឃី ក្រាវីន « Keep the Change » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៥៨ )
សកម្មភាពរៀនសូត្របន្ថែម
ទស្សនវិស័យរបស់សមាជិកដែលទើបទទួលបុណ្យជ្រមុជទឹកថ្មីៗ
ប្រសិនបើមានអ្នកប្រែចិត្តជឿថ្មីម្នាក់នៅក្នុងថ្នាក់ ក្នុងវួដ ឬសាខារបស់អ្នក សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយសិស្សក្នុងថ្នាក់រៀននូវបទពិសោធន៍ និងគំនិតនៃការប្រែចិត្តជឿរបស់ពួកគេអំពីពិធីបុណ្យជ្រមុជទឹករបស់ពួកគេ ។ សូមប្រាកដថាទទួលបានការអនុញ្ញាតពីអ្នកដឹកនាំបព្វជិតភាពក្នុងមូលដ្ឋាន និងនាយក ឬអ្នកសម្របសម្រួលតំបន់ ឬភូមិភាគ មុនពេលធ្វើការអញ្ជើញនេះ ។
តើខ្ញុំអាចសាងបាបឥឡូវនេះ ដោយគ្រោងនឹងប្រែចិត្តនៅពេលក្រោយបានទេ ?
ប៉ុលបានបង្រៀនថា « គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ( រ៉ូម ៣:២៣ ) ។ លោកក៏បានថ្លែងទីបន្ទាល់ថា ដោយសារដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ « កន្លែងណាដែលមានបាបចម្រើនជាបរិបូរឡើង នោះព្រះគុណក៏ចម្រើនជាបរិបូរលើសទៅទៀត » ( រ៉ូម ៥:២០ ) ។ បន្ទាប់មក លោកបានសួរដោយវោហារសាស្ត្រថា « តើត្រូវឲ្យយើងចេះតែប្រព្រឹត្តអំពើបាបទៅទៀត ដើម្បីឲ្យព្រះគុណបានចម្រើនឡើងឬអី ? » ( រ៉ូម ៦:១ ) ។ ប៉ុលបានឆ្លើយសំណួររបស់លោកផ្ទាល់ដូចបានកត់ត្រានៅក្នុង រ៉ូម ៦:២ ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាជាក្រុមតូចៗអំពីបញ្ហាជាមួយនឹងការបន្តនៅក្នុងអំពើបាប ខណៈពេលដែលគ្រោងនឹងប្រែចិត្តនៅពេលក្រោយ ។ ជាផ្នែកមួយនៃការពិភាក្សានេះ ពួកគេអាចឆ្លើយសំណួរមួយចំនួន ឬទាំងអស់ខាងក្រោមនេះ ៖
-
តើការបន្តនៅក្នុងអំពើបាបប៉ះពាល់អ្វីខ្លះដល់ទំនាក់ទំនងរបស់មនុស្សម្នាក់ជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើយុវវ័យម្នាក់អាចនឹងសាកល្បងដោះសាការសាងបាបឥឡូវនេះ ខណៈដែលគ្រោងនឹងប្រែចិត្តនៅពេលក្រោយតាមរបៀបណាខ្លះ ?
-
តើមានគ្រោះថ្នាក់អ្វីខ្លះក្នុងការសាងបាបឥឡូវនេះ ដោយដឹងថាអ្នកមានគម្រោងប្រែចិត្តនៅពេលក្រោយ ?
-
តើការយល់ដឹងត្រឹមត្រូវអំពីផែនការនៃសេចក្ដីសង្គ្រោះ ឬអំពីអត្តសញ្ញាណ និងគោលបំណងដ៏ទេវភាពរបស់យើង អាចជួយយើងឲ្យយកឈ្នះលើការល្បួងឲ្យសាងបាបដោយចេតនានាពេលឥឡូវនេះ ហើយប្រែចិត្តនៅពេលក្រោយដោយរបៀបណា ?
តើការធ្វើ និងការរក្សាសេចក្ដីសញ្ញាជាមួយព្រះជួយខ្ញុំឲ្យទទួលបាន « ជីវិតបែបថ្មី » យ៉ាងដូចម្ដេច ?
ការបង្រៀនរបស់ស្តេចបេនយ៉ាមីននៅក្នុងព្រះគម្ពីរមរមនពិពណ៌នាអំពីវិធីដែលយើងអាចទទួលស្គាល់ « ជីវិតបែបថ្មី » ដែលប៉ុលបានបង្រៀននៅក្នុង រ៉ូម ៦:៤ បាន ។ បន្ទាប់ពីស្ដេចបេនយ៉ាមីនបានបង្រៀនរាស្រ្តរបស់ទ្រង់អំពីការប្រោសលោះពីអំពើបាប និងសេចក្ដីស្លាប់តាមរយៈព្រះយេស៊ូវគ្រីស្ទហើយ ទ្រង់បានសួរថាតើពួកគេជឿលើបន្ទូលទ្រង់ដែរឬទេ ?
សូមអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ៥:២, ៥–៨ ដោយរកមើលការឆ្លើយតបរបស់ប្រជារាស្រ្ត និងអ្វីដែលស្តេចបេនយ៉ាមីនបានបង្រៀនពួកគេអំពីពរជ័យដែលយើងទទួលបានពីព្រះ តាមរយៈការធ្វើ និងការរក្សាសេចក្ដីសញ្ញារបស់យើង ។
-
តើសេចក្ដីជំនឿរបស់ប្រជាជនលើពលិកម្មដ៏ប្រោសលោះរបស់ព្រះគ្រីស្ទមានឥទ្ធិពលអ្វីមកលើពួកគេ ?
-
តើស្ដេចបេនយ៉ាមីនបានបង្រៀនអ្វីខ្លះអំពីរបៀបដែលសេចក្ដីសញ្ញាជួយយើងឲ្យទទួលបាន « ជីវិតបែបថ្មី » ? ( រ៉ូម ៦:៤ ) ។
ព្រះយេស៊ូវគ្រីស្ទអាចប្រទានជីវិតថ្មីដល់យើង និងរំដោះយើងពីអំពើបាបបាន
សូមបង្ហាញវីដេអូ « Daily Bread: Change » ( ៣:០០ ) ដែលអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់និយាយអំពីការប្រែចិត្ត និងការផ្លាស់ប្ដូរ ។ សូមអញ្ជើញសិស្សឲ្យរកមើលរបៀបដែលយើងអាចផ្លាស់ប្តូរ និងរួចផុតពីអំពើបាបបាន ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
តើអែលឌើរ គ្រីស្តូហ្វឺសិន មានប្រសាសន៍ថា ការផ្លាស់ប្តូរភាគច្រើននៃ « [ ការ ]ដើរក្នុងជីវិតបែបថ្មី » ( រ៉ូម ៦:៤ ) នឹងមកដល់ដោយរបៀបណា ? ( សូមមើលលេខកូដម៉ោង ១:២៦ ដល់ ១:៥៨ ) ។