វិវរណៈ ២០:១១–១៥
ការជំនុំជម្រះចុងក្រោយ
តើអ្នកធ្លាប់ឆ្ងល់ទេថា តើការជំនុំជម្រះចុងក្រោយនឹងទៅជាយ៉ាងណា ? សាវកយ៉ូហានបានព្យាករអំពីថ្ងៃដ៏អស្ចារ្យនោះ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យយល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ហើយរៀបចំខ្លួនដើម្បីមានបទពិសោធន៍ដ៏អស្ចារ្យមួយ ពេលឈរនៅចំពោះព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនោះ ។
ការសង្កេតមើលអារម្មណ៍របស់សិស្ស ។ សូមដឹងអំពីសិស្សដែលអាចនឹងមានអារម្មណ៍ថប់បារម្ភ នៅពេលដែលពិភាក្សាពីសេចក្ដីពិតនៃដំណឹងល្អ ។ ពេញមួយមេរៀននេះ សូមស្វែងរកវិធីដើម្បីធានាពួកគេអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
ការរៀបចំរបស់សិស្ស: ៖ សូមអញ្ជើញសិស្សឲ្យអាន វិវរណៈ ២០:១២ ហើយមករៀនដោយបានត្រៀមខ្លួនជាមួយសំណួរដែលពួកគេមានអំពីការជំនុំជម្រះចុងក្រោយ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការជំនុំជម្រះចុងក្រោយ
សូមពិចារណាបង្ហាញរូបភាពនេះនៅដើមមេរៀន ។
-
តើអ្នកស្រមៃថា មនុស្សផ្សេងគ្នានឹងមានអារម្មណ៍យ៉ាងណានៅឯការជំនុំជម្រះចុងក្រោយ ? ហេតុអ្វីទៅ ?
-
តើអ្នកគិតថា អ្វីទៅដែលកំណត់ឲ្យឃើញថា នរណាម្នាក់បានត្រៀមខ្លួនសម្រាប់ថ្ងៃនោះ ?
-
តើព្រះយេស៊ូវគ្រីស្ទបានស្ម័គ្រព្រះកាយដើម្បីជួយយើងឲ្យត្រៀមខ្លួនសម្រាប់ថ្ងៃនោះតាមរបៀបណាខ្លះ ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរអ្វីដែលអ្នករំពឹងគិត និងមានអារម្មណ៍ នៅពេលអ្នកឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះដើម្បីជំនុំជម្រះនោះ ។ តើអ្នកមានអារម្មណ៍ថាបានត្រៀមខ្លួនល្អប៉ុណ្ណាដែរ ?ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទស្រឡាញ់យើង ហើយចង់ឲ្យយើងពោរពេញដោយសេចក្ដីសុខសាន្ត និងសេចក្ដីអំណរនៅថ្ងៃជំនុំជម្រះ ។ ទ្រង់ទាំងទ្វេមានបន្ទូលមកកាន់យើងតាមរយៈបទគម្ពីរ និងតាមរយៈថ្នាក់ដឹកនាំសាសនាចក្រនៅសម័យទំនើប ដើម្បីបង្រៀនយើងពីសភាពនៃការជំនុំជម្រះ និងរបៀបត្រៀមខ្លួនសម្រាប់វា ។
បន្ទាប់ពីបានឃើញការនិមិត្តមួយអំពីសហស្សវត្សរ៍ ( សូមមើល វិវរណៈ ២០:១–៣ ) និងការរស់ឡើងវិញរបស់មនុស្សសុចរិត ( សូមមើល វិវរណៈ ២០:៤–៦ ) យ៉ូហានបានឃើញការជំនុំជម្រះចុងក្រោយ ។ សូមអាន វិវរណៈ ២០:១១–១២ ដោយរកមើលអ្វីដែលព្រះបានបើកសម្ដែងដល់សាវកយ៉ូហានអំពីការជំនុំជម្រះចុងក្រោយ ។
-
តើសេចក្ដីពិតអ្វីខ្លះដែលអ្នកបានរៀនពីយ៉ូហានអំពីការជំនុំជម្រះចុងក្រោយ ?
សេចក្តីពិតមួយដែលយើងអាចរៀនពីវគ្គបទគម្ពីរនេះគឺថា ព្រះនឹងជំនុំជម្រះយើងចេញពីបញ្ជីទាំងឡាយ ដែលបានកត់ត្រាស្របតាមអំពើដែលយើងបានប្រព្រឹត្តរៀងៗខ្លួន ។
សំណួរអំពីការជំនុំជម្រះចុងក្រោយ
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរសំណួរដែលអ្នកមានអំពីវគ្គបទគម្ពីរនេះ ឬរឿងផ្សេងទៀតដែលអ្នកចង់យល់កាន់តែច្បាស់អំពីការជំនុំជម្រះចុងក្រោយ ។
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយសំណួរខ្លះៗរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ ។
សូមចំណាយពេលបីបួននាទីដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់អ្នក ។ អ្នកអាចជ្រើសរើសស្វែងរកពាក្យគន្លឹះនៅក្នុង Topical Guide សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬវចនានុក្រមព្រះគម្ពីរប៊ីបបាន ។ ឬអ្នកអាចស្រាវជ្រាវនៅលើគេហទំព័រ ChurchofJesusChrist.org ឬកម្មវិធីបណ្ណាល័យដំណឹងល្អ ។ ខាងក្រោមនេះគឺជាសំណួរមួយចំនួន និងធនធានដែលបានណែនាំដែលអ្នកអាចបញ្ចូលក្នុងការសិក្សារបស់អ្នកបាន ៖
នៅពេលសិស្សសិក្សា សូមពិចារណាដើរជុំវិញបន្ទប់រកមើលអ្នកដែលអាចត្រូវការជំនួយ ។ ប្រសិនបើវាមានប្រយោជន៍ សូមពិចារណាដោយស្ងៀមស្ងាត់ក្នុងការសិក្សាមួយភ្លែតជាមួយសិស្សម្នាក់ ឬពីរនាក់ ហើយចែកចាយសេចក្តីថ្លែងការណ៍ដែលមានប្រយោជន៍ដែលមាននៅក្នុងផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀននេះ ។
សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រានូវអ្វីដែលពួកគេបានរៀននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ឬនៅក្នុងព្រះគម្ពីររបស់ពួកគេនៅជិត វិវរណៈ ២០:១២ ។ ពួកគេក៏ប្រហែលជាចង់កត់ត្រាសំណួរ និងធនធានដែលជួយឆ្លើយសំណួរទាំងនោះនៅក្នុងព្រះគម្ពីរផងដែរ ។
សម្រាប់ភាពចម្រុះ អ្នកអាចបង្ហាញសំណួរទាំងបួនខាងក្រោមនេះនៅជ្រុងខុសៗគ្នានៅក្នុងបន្ទប់រៀន ជាមួយនឹងប្រភពដែលបានស្នើដែលមានរាយបញ្ជីនៅក្រោមសំណួរនីមួយៗ ។ បន្ទាប់មក សិស្សអាចប្រមូលផ្តុំសំណួរដែលពួកគេបានជ្រើសរើស ហើយសិក្សាវាជាមួយមិត្តភក្តិរបស់ពួកគេ ។ ជាជម្រើស អ្នកអាចសរសេរសំណួរនីមួយៗក្នុងចំណោមសំណួរទាំងបួននៅលើស្រោមសំបុត្រមួយ ហើយសរសេរធនធាននានានៅលើក្រដាសមួយដាក់នៅខាងក្នុងសំបុត្រនោះ ។ អ្នកអាចដាក់ស្រោមសំបុត្រទាំងនេះនៅខាងមុខបន្ទប់បាន ។ សិស្សអាចជ្រើសរើសស្រោមសំបុត្រដែលមានសំណួរដែលពួកគេចង់ដឹង សិក្សាវាដោយប្រើធនធានដែលបានណែនាំនៅខាងក្នុង ហើយបន្ទាប់មកប្រគល់ស្រោមសំបុត្រនោះទៅវិញ ហើយជ្រើសរើសសំបុត្រមួយផ្សេងទៀត ។ ( វាប្រហែលជាចាំបាច់គួរត្រៀមស្រោមសំបុត្រជាច្រើនសម្រាប់សំណួរនីមួយៗ ) ។
១. តើបញ្ជីណាខ្លះដែលយ៉ូហានបានឃើញព្រះអម្ចាស់ប្រើក្នុងការជំនុំជម្រះ ?
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Bible Dictionary « សៀវភៅជីវិត »
២. តើនរណានឹងក្លាយជាអ្នកជំនុំជម្រះរបស់យើង ហើយហេតុអ្វីបានជាទ្រង់ជាអ្នកជំនុំជម្រះដ៏ល្អបំផុត ?
យ៉ូហាន ៥:២២
សាំយ៉ូអែល ទី១ ១៦:៧
៣. តើយើងនឹងត្រូវជំនុំជម្រះចំពោះអ្វី ?
៤. តើខ្ញុំអាចត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដោយរបៀបណា ?
វិវរណៈ ២០:១៣, ១៥ ; ២២:១១–១២
សូមឲ្យសិស្សចែកចាយជាមួយមិត្តរួមថ្នាក់ នូវអ្វីដែលពួកគេបានរៀន ។ អ្នកអាចប្រើសំណួរមួយចំនួនខាងក្រោមដើម្បីជួយបង្កើតការពិភាក្សាមួយ ។
-
តើអ្នកបានរៀនអ្វីខ្លះអំពីការជំនុំជម្រះចុងក្រោយ ?
-
តើការយល់ដឹង និងការជឿលើគោលលទ្ធិនេះអាចប៉ះពាល់ដល់សកម្មភាពរបស់យើងយ៉ាងដូចម្តេច ?
-
តើគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះមួយណា ដែលជួយអ្នកឲ្យទុកចិត្តថា ទ្រង់គឺជាអ្នកជំនុំជម្រះរបស់អ្នក ? តើទ្រង់អាចជួយអ្នកឲ្យត្រៀមខ្លួនសម្រាប់ការជំនុំជម្រះចុងក្រោយដោយរបៀបណា ?
បញ្ជីជីវិតរបស់អ្នក
សូមអាន វិវរណៈ ២០:១២ ម្ដងទៀត ហើយពិចារណាគូសសម្គាល់ឃ្លា « បញ្ជីជីវិត » ។ ក្នុងន័យមួយ បញ្ជីជីវិតគឺជាកំណត់ត្រានៃជីវិតរបស់មនុស្សម្នាក់ៗ ។
សម្រាប់សកម្មភាពខាងក្រោម សូមពិចារណាសរសេរឧទាហរណ៍មួយនៅលើក្ដារខៀនសម្រាប់ជាសេចក្ដីយោងរបស់សិស្ស ។
ប្រសិនបើសិស្សកំពុងប្រើក្រដាសសន្លឹកជាជាងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ពួកគេអាចបត់ក្រដាសរបស់ពួកគេពាក់កណ្តាល ដើម្បីធ្វើឲ្យវាស្រដៀងទៅនឹងសៀវភៅមួយក្បាល ។ បន្ទាប់មក ពួកគេអាចដាក់ស្លាកគម្របខាងក្រៅថា « បញ្ជីជីវិតរបស់ខ្ញុំ » ។
សូមសរសេរចំណងជើង « បញ្ជីជីវិតរបស់ខ្ញុំ » នៅផ្នែកខាងលើនៃទំព័រទទេនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយបន្ទាប់មកពុះទំព័រជាពីរជួរ ។ សូមដាក់ស្លាកជួរឈរខាងឆ្វេងថា « ខ្ញុំរីករាយដែលខ្ញុំបានធ្វើ » ហើយធ្វើបញ្ជីក្នុងជួរឈរនៃអ្វីៗជាក់លាក់ដែលអ្នកមានអំណរគុណក្នុងបញ្ជីជីវិតរបស់អ្នក ។ ការណ៍នេះអាចរួមមាន ៖
-
ពិធីបរិសុទ្ធទាំងឡាយដែលអ្នកបានទទួល ។
-
អំពើល្អដែលអ្នកបានធ្វើ ។
-
បំណងប្រាថ្នាដ៏សុចរិតរបស់អ្នក ។
-
ការអភិវឌ្ឍទំនាក់ទំនងរបស់អ្នកជាមួយព្រះយេស៊ូវគ្រីស្ទ ។
សូមស្រមៃមើលថា តើវានឹងមានអារម្មណ៍ល្អប៉ុណ្ណានៅថ្ងៃណាមួយ ដើម្បីឲ្យព្រះអង្គសង្គ្រោះពិនិត្យមើលកំណត់ត្រានៃសេចក្តីសុចរិតរបស់អ្នកនោះ !
ឥឡូវ សូមដាក់ស្លាកជួរឈរខាងស្តាំនៃទំព័រនេះថា « ខ្ញុំចង់ » ។ សូមសរសេរ ឬគ្រាន់តែសញ្ជឹងគិតពីកិច្ចការ និងពិធីបរិសុទ្ធសុចរិតនានាដែលអ្នកចង់បន្ថែមទៅក្នុងបញ្ជីរបស់អ្នកមុនការជំនុំជម្រះ ។ សូមរួមបញ្ចូលផងដែរនូវជម្រើស និងអាកប្បកិរិយាដែលអ្នកចង់លុបចេញពីបញ្ជីជីវិតតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
ព្រះអង្គសង្គ្រោះបានធ្វើឲ្យវាអាចកែសម្រួលបាននូវអ្វីដែលបានកត់ត្រាអំពីអ្នកនៅក្នុងបញ្ជីជីវិត ។ សូមអាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ អំពីការសន្យាដែលទ្រង់បានធ្វើចំពោះអ្នកដែលប្រែចិត្តជឿដោយស្មោះ ។
-
តើការសន្យាទាំងនេះប៉ះពាល់ដល់អារម្មណ៍របស់អ្នកចំពោះការជំនុំជម្រះចុងក្រោយ និងអំពីអ្នកជំនុំជម្រះរបស់យើងយ៉ាងដូចម្តេច ?
ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ អតីតគណៈប្រធានទីមួយបានប្រសាសន៍ ៖
ថ្ងៃនៃការជំនុំជម្រះនោះនឹងក្លាយជាថ្ងៃនៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់—ជាថ្ងៃមួយដែលចិត្តសង្រេងត្រូវបានព្យាបាល ទឹកភ្នែកនៃភាពអន្តរាយត្រូវបានជំនួសមកវិញដោយទឹកភ្នែកនៃការដឹងគុណ កាលរឿងទាំងអស់ត្រូវបានធ្វើឲ្យមានភាពត្រឹមត្រូវ ។
ពិតណាស់ នឹងមានការសោកសៅយ៉ាងខ្លាំងដោយសារតែអំពើបាប ។ ពិតណាស់ នឹងមាននូវការសោកស្ដាយ ហើយថែមទាំងឈឺចាប់ដោយសារកំហុស ភាពឆ្កួតលីលា និងចិត្តចចេសរបស់យើង ដែលធ្វើឲ្យយើងបាត់បង់ឱកាសទទួលអនាគតមួយដ៏រុងរឿង ។
ប៉ុន្តែខ្ញុំជឿជាក់ថា យើងនឹងមិនគ្រាន់តែពេញចិត្តនឹងការជំនុំជម្រះរបស់ព្រះតែម្យ៉ាងទេ យើងក៏នឹងភ្ញាក់ផ្អើល ហើយមានចិត្តរំភើបយ៉ាងខ្លាំងផងដែរពីព្រះគុណ ក្ដីមេត្តាករុណា ព្រះទ័យសប្បុរស និងសេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះយើង ដែលជាបុត្រាបុត្រីរបស់ទ្រង់ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « O How Great the Plan of Our God! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ២១ )
សូមសញ្ជឹងគិតពីអ្វីដែលអ្នកមានអារម្មណ៍បំផុសគំនិតឲ្យធ្វើ ដើម្បីរៀបចំខ្លួនដើម្បីឈរនៅចំពោះព្រះអង្គសង្គ្រោះនៅថ្ងៃជំនុំជម្រះ ។
សូមថ្លែងទីបន្ទាល់ថា ការជំនុំជម្រះចុងក្រោយនឹងក្លាយជាបទពិសោធន៍ដ៏មិនគួរឲ្យជឿសម្រាប់អស់អ្នកដែលប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយបន្តព្យាយាមបង្កើនសេចក្ដីជំនឿរបស់ពួកគេទៅលើព្រះអង្គសង្គ្រោះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
សកម្មភាពរៀនសូត្របន្ថែម
ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកជំនុំជម្រះដ៏ល្អឥតខ្ចោះ
ដើម្បីជួយសិស្សឲ្យដឹងថា ការជំនុំជម្រះចុងក្រោយនៃបុគ្គលម្នាក់ៗត្រូវតែធ្វើឡើយដោយព្រះយេស៊ូវគ្រីស្ទ សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យប្រឌិតព័ត៌មានលម្អិតមួយចំនួននៃជីវិតរបស់មនុស្សម្នាក់ ។ ព័ត៌មានលម្អិតទាំងឡាយអាចរួមមាន ការហៅបម្រើក្នុងសាសនាចក្រដែលពួកគេបានមាន តើពួកគេបានធ្វើល្អយ៉ាងណានៅក្នុងសាលា អត្តចរិតរបស់ពួកគេ និងចំណុចខ្លាំង និងចំណុចខ្សោយមួយចំនួនរបស់ពួកគេ ។
បន្ទាប់មក សូមសួរសិស្សថាតើពួកគេមានអារម្មណ៍ស្រណុកក្នុងការសម្រេចចិត្តថាតើនគរសិរីល្អអ្វីដែលមនុស្សប្រឌិតនេះគួរទៅ ។ សូមសួរថាតើពួកគេត្រូវដឹងអ្វីខ្លះទៀត ដើម្បីធ្វើការជំនុំជម្រះដ៏ល្អឥតខ្ចោះ ។
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលព្រះអង្គសង្គ្រោះជ្រាបអំពីយើង ដែលអនុញ្ញាតឲ្យទ្រង់ធ្វើការជំនុំជម្រះដ៏ល្អឥតខ្ចោះអំពីជីវិតរបស់យើង ។ សូមសួរថា ហេតុអ្វីបានជាពួកគេដឹងគុណដោយដឹងថា ទ្រង់នឹងធ្វើជាអ្នកជំនុំជម្រះផ្ទាល់ខ្លួនរបស់ពួកគេ ។
អារក្សសាតាំងនឹងត្រូវចងទុកអំឡុងពេលសហស្សវត្សរ៍
សូមពិចារណាបង្ហាញច្រវ៉ាក់ ឬរូបភាពច្រវ៉ាក់មួយ ។ សូមឲ្យសិស្សអាន វិវរណៈ ២០:១–៣ ដោយរកមើលចម្លើយចំពោះសំណួរខាងក្រោមនេះ ៖
-
តើអ្នកណាត្រូវបានចងដោយច្រវ៉ាក់នៅក្នុងខគម្ពីរទាំងនេះ ?
-
តើវានឹងត្រូវបានគេចងទុកយូរប៉ុណ្ណា ?
-
តើវានឹងមិនអាចធ្វើអ្វីបានទៀតខ្លះ ?
សូមអញ្ជើញសិស្សឲ្យអាន នីហ្វៃទី១ ២២:២៦ ដើម្បីមើលឃើញហេតុផលមួយដែលអារក្សសាតាំងនឹងត្រូវចងទុក ។
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) បានបង្រៀនថា « នៅពេលអារក្សសាតាំងត្រូវចងទុកនៅក្នុងផ្ទះតែមួយ—នៅពេលសាតាំងត្រូវចងទុកនៅក្នុងជីវិតតែមួយ—នោះពេលសហសវត្សរ៍បានចាប់ផ្ដើមនៅក្នុងផ្ទះនោះរួចហើយ នៅក្នុងជីវិតនោះឯង » ( The Teachings of Spencer W. Kimball បានកែសម្រួលដោយ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល [ ឆ្នាំ ១៩៨២ ] ទំព័រ ១៧២ ) ។
សូមអញ្ជើញសិស្សឲ្យអាន អាលម៉ា ៤៨:១១–១៣, ១៧ ដើម្បីមើលឧទាហរណ៍មួយអំពីបុរសសុចរិតម្នាក់ដែលបាន « ចង » ទៅនឹងឥទ្ធិពលរបស់អារក្សសាតាំងនៅក្នុងជីវិតរបស់គាត់រួចទៅហើយ ។
សូមអញ្ជើញសិស្សឲ្យសញ្ជឹងគិតពីរបៀបដែលពួកគេអាចងាកទៅរកព្រះអម្ចាស់ ហើយបន្ថយឥទ្ធិពលរបស់អារក្សសាតាំងនៅក្នុងជីវិតរបស់ពួកគេ ។