ភីលីព និង កូល៉ុស
ស្វែងរកសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ
តើអ្នក និងអ្នកជុំវិញខ្លួនជួបបញ្ហា ឬឧបសគ្គអ្វីខ្លះ ? តើអ្វីដែលធ្វើឲ្យបញ្ហាប្រឈមទាំងនេះពិបាក ? តើអ្នកធ្លាប់ឆ្ងល់ថា តើអ្នកអាចទទួលបានជំនួយដែលអ្នកត្រូវការដើម្បីយកឈ្នះឧបសគ្គរបស់អ្នកដែរឬទេ ? ប៉ុលបានប្រឈមនឹងបញ្ហាលំបាកជាច្រើនក្នុងជីវិតរបស់លោក រួមទាំងការឃុំខ្លួនក្នុងផ្ទះជាច្រើនឆ្នាំនៅក្រុងរ៉ូមផងដែរ ។ ខណៈស្ថិតក្នុងកាលៈទេសៈទាំងនេះលោកបានសរសេរសំបុត្រទៅពួកបរិសុទ្ធនៅក្រុងភីលីព និងក្រុងកូល៉ុស ហើយបានបង្រៀនពួកគេឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទដើម្បីទទួលបានភាពរឹងមាំ ។ មេរៀននេះអាចជួយអ្នកឲ្យដឹងថា តាមរយៈព្រះយេស៊ូវគ្រីស្ទពួកគេអាចទទួលបានកម្លាំងដើម្បីប្រឈមមុខនឹងបញ្ហារបស់ពួកគេ ។
ការជួយសិស្សឲ្យបង្រៀន ។ ការផ្តល់ឱកាសឲ្យសិស្សបង្រៀនគ្នាទៅវិញទៅមកអាចជួយពួកគេឲ្យយល់ពីសេចក្ដីពិតបានកាន់តែច្បាស់ និងអនុវត្តសេចក្ដីពិតដែលពួកគេបានរៀននោះ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យទន្ទេញ ភីលីព ៤:១៣ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ឧបសគ្គ និងបញ្ហានានាដែលយុវវ័យប្រឈម
សូមពិចារណាឲ្យសិស្សសរសេរនៅលើក្ដារខៀននូវចម្លើយរបស់ពួកគេចំពោះសំណួរទីមួយដែលមាននៅខាងក្រោម សម្រាប់ជាឯកសារយោងនៅក្នុងមេរៀនទាំងមូល ។
-
តើបញ្ហាទូទៅ ឬឧបសគ្គអ្វីខ្លះដែលយុវជននៅក្នុងតំបន់របស់អ្នកជួបប្រទះ ?
-
តើបញ្ហាឬឧបគ្គមួយណាខ្លះដែលអ្នកគិតថា យុវជនមិនអាចយកឈ្នះដោយខ្លួនឯងបាន ? ហេតុអ្វី ?
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមរកមើលឧបសគ្គ និងបញ្ហារបស់អ្នកផ្ទាល់ ហើយពន្យល់ពីមូលហេតុដែលវាពិបាកសម្រាប់អ្នក ។ សូមរួមបញ្ចូលគំនិតអំពីមូលហេតុដែលអ្នកត្រូវការជំនួយដើម្បីយកឈ្នះវា ។
នៅក្នុងមេរៀននេះ អ្នកនឹងមានឱកាសក្នុងការរៀបចំ និងបង្រៀនមេរៀនខ្លីៗដោយប្រើសំបុត្ររបស់ប៉ុលទៅកាន់ពួកភីលីព និងកូល៉ុស ។ នៅពេលអ្នកសិក្សាសំបុត្រទាំងនេះ សូមរកមើលរបៀបដែលពាក្យរបស់ប៉ុលអាចជួយអ្នក និងអ្នកដទៃទៀតពឹងលើព្រះយេស៊ូវគ្រីស្ទក្នុងពេលជួបឧបសគ្គ ។
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានឮៗ ឬសង្ខេបកថាខណ្ឌខាងក្រោម ដើម្បីជួយសិស្សក្នុងថ្នាក់យល់ពីបរិបទរបស់ពួកភីលីព និងពួកកូល៉ុស ។
សាវកប៉ុលបានប្រឈមមុខនឹងបញ្ហា និងឧបសគ្គជាច្រើន ។ « ទាំងភីលីព និងកូល៉ុស ប្រហែលជាបានសរសេរខណៈដែលប៉ុលកំពុងជាប់ ឃុំឃាំងនៅឯក្រុងរ៉ូម ប៉ុន្តែគួរឲ្យកត់សម្គាល់ វានៅអំឡុងពេលដ៏លំបាកនេះ ដែលប៉ុលបានសរសេរពី ‹ សេចក្ដីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត › ( ភីលីព ៤:៧ ) ។ សំបុត្រទាំងពីរនេះមានភាពវិជ្ជមាន និងសុទិដ្ឋិនិយមយ៉ាងជាប់លាប់ ហើយវាមាននូវការបង្រៀនដ៏ច្បាស់លាស់ និងស្មោះត្រង់បំផុតរបស់ប៉ុលអំពីព្រះយេស៊ូវគ្រីស្ទ ។ ប៉ុលបានបង្រៀនថា ប្រសិនបើយើងរស់នៅដោយមានជំនឿ និងអំណរគុណ នោះព្រះអម្ចាស់អាចបន្ថែមបុព្វហេតុនៃដំណឹងល្អតាមរយៈយើង—មិនថាយើងអាចស្ថិតនៅក្នុងកាលៈទេសៈណានោះទេ—ហើយថា តាមរយៈការស្ថាបនានៅលើគ្រឹះរបស់ព្រះយេស៊ូវគ្រីស្ទ យើងអាចចៀសវាងពីការដែលត្រូវបានដឹកនាំឲ្យវង្វេងផ្លូវដោយពិភពលោក ទស្សនវិជ្ជា និងប្រពៃណីបាន » ( សៀវភៅសិក្សាព្រះគម្ពីរសញ្ញាថ្មីសម្រាប់សិស្ស [ ឆ្នាំ ២០១៤ ] ទំព័រ ៤៣៣ សូមមើលផងដែរ Bible Dictionary « Pauline Epistles » និងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ភីលីព, សំបុត្រដល់ពួក » និង « កូល៉ុស, សំបុត្រដល់ពួក » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
ប្រសិនបើសិស្សត្រូវបានអញ្ជើញឲ្យទន្ទេញ ភីលីព ៤:១៣ ជាការរៀបចំសម្រាប់មេរៀននេះ សូមអញ្ជើញសិស្សម្នាក់ ឬច្រើននាក់ឲ្យសូត្រខគម្ពីរឥឡូវនេះ ។
សូមអាន ភីលីព ៤:១៣ រកមើលអ្វីដែលប៉ុលបានចែកចាយអំពីសារៈសំខាន់នៃព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់លោក ។
-
ហេតុអ្វីអ្នកគិតថាការណ៍នេះគឺជាការបង្រៀនដ៏សំខាន់មួយដែលត្រូវដឹង ?
សូមមើលវីដេអូ « I Can Do All Things » ( ១:១៧ ) ដើម្បីមើលពី ឧទាហរណ៍ពីអ្វីដែលព្រះអង្គសង្រ្គោះអាចជួយអ្នកបាន ។ វីដេអូនេះអាចរកបាននៅលើគេហទំព័រ ComeUntoChrist.org ។
ព្រះយេស៊ូវគ្រីស្ទអាចជួយយើងឆ្លងកាត់ឧបសគ្គទាំងឡាយ
សូមគិតអំពីបញ្ហា និងឧបសគ្គនានាដែលយុវវ័យនៅក្នុងតំបន់របស់អ្នកជួបប្រទះ ក៏ដូចជាបញ្ហាឧបសគ្គរបស់អ្នកផ្ទាល់ដែរ ។ សូមប្រើជំហាន ក, ខ និង គ ខាងក្រោមដើម្បីរៀបចំមេរៀនរយៈពេលប្រាំនាទី ។ សូមផ្តោតលើអ្វីដែលអ្នកអាចបង្រៀនអំពីព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នក និងអ្នកដទៃឲ្យយកឈ្នះលើឧបសគ្គនានា ។
សូមបង្ហាញគម្រោងមេរៀនខាងក្រោម និងការណែនាំដើម្បីជួយសិស្សរៀបចំមេរៀនរបស់ពួកគេ ។ នៅពេលសិស្សធ្វើការ សូមដើរចុះឡើងនៅក្នុងថ្នាក់រៀន ហើយជួយពួកគេតាមតម្រូវការ ។ សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យពួកគេរៀបចំមេរៀនរបស់ពួកគេ ។
សិស្សអាចរៀបចំមេរៀនដោយខ្លួនពួកគេ ឬធ្វើការជាគូៗដើម្បីបំពេញសកម្មភាពនេះ ។ សិស្សម្នាក់ៗនៅក្នុងគូអាចសិក្សាវគ្គបទគម្ពីរពាក់កណ្តាលដោយខ្លួនពួកគេផ្ទាល់ បន្ទាប់មក សូមពិភាក្សាវគ្គបទគម្ពីររបស់ពួកគេជាមួយដៃគូរបស់ពួកគេ ។ បន្ទាប់មកគូនេះអាចរៀបចំ និងបង្រៀនមេរៀនរបស់ពួកគេជាមួយគ្នា ។
ក. សូមសិក្សាវគ្គបទគម្ពីរដូចតទៅនេះ ដោយរកមើលសេចក្តីពិតនានាដែលអ្នកទទួលអារម្មណ៍ថានឹងមានអត្ថប្រយោជន៍ចំពោះអ្នក និងអ្នកដទៃ ៖
ភីលីព ២:៥–៨ ; ៣:២០–២១ ; ៤:៦–៧
កូល៉ុស ១:១២–១៨ ; ៣:១–២, ១២–១៧, ២៣–២៤
ខ. សូមជ្រើសរើសខគម្ពីរមួយ ឬក្រុមខគម្ពីរ និងស្វែងរកសេចក្តីពិតដែលអ្នកអាចបង្រៀនអំពីដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ ។ ឧទាហរណ៍ ៖ សេចក្តីពិតមួយមាននៅក្នុង កូល៉ុស ១:១២–១៤ គឺថា ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រារបស់ទ្រង់មក ដើម្បីយើងអាចរំដោះរួចពីភាពងងឹត និងការអភ័យទោសពីអំពើបាប ។
គ. សូមបញ្ចូលធាតុមួយ ឬច្រើនដូចតទៅនេះនៅក្នុងមេរៀនរបស់អ្នក ៖
-
សូមចែកចាយបទពិសោធន៍ដែលអ្នកមាន ឬអ្នកផ្សេងទៀតមានដែលបង្ហាញពីសេចក្តីពិតនេះ ។ សូមអញ្ជើញអស់អ្នកដែលអ្នកបង្រៀនឲ្យចែកចាយបទពិសោធន៍ផងដែរ ។ អ្នកក៏អាចចែកចាយគំរូ ឬបទពិសោធន៍នានាមកពីបទគម្ពីរ ឬសុន្ទរកថាពីសន្និសីទទូទៅផងដែរ ។ ឧទាហរណ៍ ៖ បទពិសោធន៍ទាំងឡាយដែលទាក់ទងនឹងសេចក្តីពិតដែលបានដាក់ដិតខ្មៅខ្លាំងខាងលើអាចផ្តោតលើការអភ័យទោសរបស់ព្រះអង្គសង្រ្គោះ ឬការរំដោះពួកគេចេញពីភាពខ្មៅងងឹត ។
-
សូមរកសេចក្តីយោងឆ្លងដែលមានអត្ថប្រយោជន៍ ។ ឧទាហរណ៍ ៖ ចំពោះសេចក្តីពិតដែលបានដាក់ដិតខ្មៅខ្លាំងខាងលើ អ្នកអាចចែកចាយ ម៉ូសាយ ១៦:៩ ឬ ពេត្រុសទី២ ២:៩ ។ សូមអញ្ជើញអស់អ្នកដែលអ្នកបង្រៀនឲ្យស្វែងរកសេចក្តីយោងឆ្លងបន្ថែមដែលប្រើប្រាស់ធនធាន ដូចជា សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬ Topical Guide ។
-
សូមស្វែងរកសេចក្តីថ្លែងការណ៍ដែលមានប្រយោជន៍ដែលថ្នាក់ដឹកនាំសាសនាចក្របានថ្លែង ។ ឧទាហរណ៍ ៖ សេចក្តីពិតដែលបានដាក់ដិតខ្មៅខ្លាំងគឺបានបង្ហាញដោយសេចក្តីថ្លែងការណ៍ដូចតទៅនេះដោយស៊ីស្ទើរ រ៉េណា អ៊ី អាប៊ើតូ ក្នុងគណៈប្រធានសមាគមសង្គ្រោះទូទៅ ៖
ប្រសិនបើអ្នកហ៊ុមព័ទ្ធដោយ « អ័ព្ទនៃសេចក្ដីងងឹត » [ នីហ្វៃទី១ ៨:២៣ ] សូមងាកទៅរកព្រះវរបិតាសួគ៌របស់យើង ។ គ្មានអ្វីដែលបងប្អូនបានដកពិសោធអាចផ្លាស់ប្ដូរសេចក្ដីពិតដ៏អស់កល្ប ដែលថា បងប្អូនជាបុត្ររបស់ទ្រង់ ហើយថាទ្រង់ស្រឡាញ់បងប្អូននោះបានឡើយ ។ សូមចាំថា ព្រះគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់បងប្អូន ហើយព្រះគឺជាព្រះវរបិតារបស់បងប្អូន ។ ទ្រង់ទាំងទ្វេយល់ពីបងប្អូន ។ សូមនឹកស្រមៃថាទ្រង់ទាំងទ្វេគង់នៅក្បែរបងប្អូន ដោយស្ដាប់ ហើយប្រទានការគាំទ្រ ។ « ទ្រង់ [ ទាំងទ្វេ ] នឹងលួងលោមដល់អ្នក ក្នុងគ្រាដែលអ្នកមានទុក្ខលំបាក » [ យ៉ាកុប ៣:១ ] ។ សូមធ្វើឲ្យអស់ពីលទ្ធភាព ហើយទុកចិត្តលើព្រះគុណដ៏ធួនរបស់ព្រះអម្ចាស់ ។
( រ៉េណា អ៊ី អាប៊ើតូ « Thru Cloud and Sunshine, Lord, Abide with Me! » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៥៨–៥៩ )
សូមអញ្ជើញសិស្សដែលស្ម័គ្រចិត្តឲ្យបង្រៀនដល់សិស្សផ្សេង ។ ម៉្យាងទៀត សូមអញ្ជើញសិស្សក្រុមតូចៗឲ្យបង្រៀនគ្នាទៅវិញទៅមកនូវមេរៀនរបស់ពួកគេ ។
សូមលើកទឹកចិត្តសិស្សឲ្យមានភាពស្មោះត្រង់ និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព នៅពេលពួកគេបង្រៀន និងទទួលការបង្រៀន ។ សូមអញ្ជើញពួកគេឲ្យស្វែងរកជំនួយដើម្បីដោះស្រាយឧបសគ្គផ្ទាល់ខ្លួនរបស់ពួកគេ នៅពេលពួកគេស្តាប់មេរៀនរបស់មិត្តរួមថ្នាក់ដោយយកចិត្តទុកដាក់ ។
នៅពេលយើងបង្រៀន និងរៀនដោយព្រះវិញ្ញាណ នោះយើងត្រូវបានពង្រឹង ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥០:២២–២៣ ) ។ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសរសេរនូវអ្វីដែលអ្នកបានរៀន និងទទួលអារម្មណ៍ថា អាចជួយអ្នកទទួលបានកម្លាំងពីព្រះយេស៊ូវគ្រីស្ទ ខណៈកំពុងប្រឈមមុខនឹងឧបសគ្គរបស់អ្នក ។ សូមស្វែងរកជំនួយពីព្រះវរបិតាសួគ៌តាមរយៈព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកំណត់នូវអ្វីដែលទ្រង់នឹងឲ្យអ្នកធ្វើ ដើម្បីទទួលបានកម្លាំងរបស់ព្រះអង្គសង្គ្រោះ ។ សូមអនុវត្តតាមការបំផុសគំនិតដែលអ្នកទទួលបាន ។
សូមលើកទឹកចិត្តសិស្សឲ្យបង្រៀនមេរៀនរបស់ពួកគេដល់ក្រុមគ្រួសាររបស់ពួកគេនៅឯផ្ទះ ។ វាអាចមានប្រយោជន៍ក្នុងការផ្ញើសារទៅកាន់ឪពុកម្តាយ ដើម្បីឲ្យពួកគាត់ដឹងពីមេរៀននេះ ដើម្បីឲ្យពួកគាត់អាចលើកទឹកចិត្តសិស្សឲ្យបង្រៀនមេរៀនរបស់ពួកគេនៅផ្ទះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
ភីលីព ២:១២–១៣ ។ តើប៉ុលបានបង្រៀនថា យើងត្រូវតែទទួលបានសេចក្ដីសង្គ្រោះដោយខ្លួនឯងដែរឬទេ ?
ទោះបីជាសកម្មភាពបង្ហាញពីសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានសារៈសំខាន់ក៏ដោយ ក៏វាជារឿងសំខាន់ក្នុងការដឹងថា វាមិនអាចទៅរួចទេសម្រាប់យើងដើម្បី « បានទទួល » សេចក្តីសង្រ្គោះឡើយ ( សូមមើល នីហ្វៃទី២ ២:៨ ; ម៉ូសាយ ២:២៤ ; អាលម៉ា ២២:១៤ ) ។ ភីលីព ២:១៣ ពន្យល់ថា ព្រះធ្វើការនៅក្នុងយើងដើម្បីជួយយើងធ្វើអ្វីៗ ដែលយើងមិនអាចធ្វើខ្លួនយើងបាន ( សូមមើលសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះគុណ » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org; Bible Dictionary « Grace » ) ។ ជំនួយ និងកម្លាំងនេះជារឿយៗត្រូវបានគេហៅថា ព្រះគុណរបស់ព្រះអង្គសង្គ្រោះ ហើយជាអំណាចដែលទ្រង់ជួយសង្រ្គោះយើង ( សូមមើល អេភេសូរ ២:៨ ) ។
សូមមើលអែលឌើរ ឌេល ជី រេនឡាន់ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅក្នុងវីដេអូ « Abound with Blessings » ចាប់ពីនាទីទី ០:០០ ដល់ នាទីទី ៥:៣៩ ឬប្រធាន ដាល្លិន អេក អូក ក្នុងគណៈប្រធានទីមួយនៅក្នុងវីដេអូ « What Think Ye of Christ? » ពីនាទីទី ៨:៥៨ ដល់នាទីទី ១២:៥០ ដើម្បីរៀនបន្ថែមអំពីប្រធានបទនេះ ។
ភីលីព ៤:១៣ ។ តើ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទ » មានអត្ថន័យយ៉ាងណា ?
ស៊ីស្ទើរ មីឆែល ឌី ក្រេហ្គ ក្នុងគណៈប្រធានយុវនារីទូទៅបានពន្យល់ថា ៖
ពិតណាស់ យើងទាំងអស់គ្នានឹងពុំអាចបំពេញនូវសក្ដានុពលដ៏ទេវភាពរបស់យើងបានទេ ហើយមានសេចក្ដីពិតខ្លះនៅក្នុងការយល់ដឹងថា យើង តែម្នាក់ឯង គឺពុំគ្រប់គ្រាន់ឡើយ ។ ប៉ុន្តែសារដ៏ល្អនៃដំណឹងល្អគឺថា ដោយមានព្រះគុណរបស់ព្រះ នោះយើង មាន ល្មមគ្រប់គ្រាន់ ។ ដោយមានជំនួយរបស់ព្រះគ្រីស្ទ យើងអាចធ្វើគ្រប់ការណ៍ទាំងអស់ [ ភីលីព ៤:១៣ ] ។ បទគម្ពីរសន្យាថា យើងនឹង « រកបានព្រះគុណសម្រាប់នឹងជួយដល់ពេលត្រូវការ » [ ហេព្រើរ ៤:១៦ ] ។
( មីឈែល ឌី ក្រេហ្គ « Divine Discontent » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៥៤ )
ប្រធាន ដាល្លិនអេក អូក បានបង្រៀន ៖
ដោយរៀបរាប់ពីឧបសគ្គមួយចំនួននៃជីវិតរមែងស្លាប់ផ្ទាល់របស់លោក នោះសាវកប៉ុលបានសរសេរថា « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ( ភីលីព ៤:១៣ ) ។
ហេតុដូច្នោះហើយ យើងឃើញថា ដោយសារដង្វាយធួនរបស់ទ្រង់ នោះព្រះអង្គសង្គ្រោះមានព្រះចេស្តាដើម្បីជួយ—ប្រទានជំនួយ—ដល់ការឈឺចាប់ និង ការរងទុក្ខនៃជីវិតរមែងស្លាប់គ្រប់បែបយ៉ាង ។ ពេលខ្លះ ព្រះចេស្តារបស់ទ្រង់ប្រោសអ្នកជំងឺម្នាក់ ប៉ុន្តែព្រះគម្ពីរ និងបទពិសោធន៍របស់យើងបង្រៀនថា ពេលខ្លះទ្រង់ជួយ ឬប្រទានជំនួយតាមរយៈការប្រទានដល់យើងនូវកម្លាំង ឬការអត់ធ្មត់ដើម្បីស៊ូទ្រាំនឹងជំងឺរបស់យើង ។
( ដាល្លិន អេក អូក « Strengthened by the Atonement of Jesus Christ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៦២ )
សកម្មភាពរៀនសូត្របន្ថែម
ភីលីព ២:១២–១៣ ។ កិច្ចការ ព្រះគុណ និងសេចក្តីសង្រ្គោះ
ភីលីព ២:១២–១៣ អាចជាវគ្គបទគម្ពីរដែលពិបាក ។ សូមអញ្ជើញសិស្សឲ្យសិក្សាខគម្ពីរនេះដោយប្រុងប្រយ័ត្ន និងស្វែងយល់ពីអ្វីដែលប៉ុលបង្រៀន ។ សូមពិចារណាអញ្ជើញពួកគេឲ្យសិក្សាព័ត៌មាននៅក្នុងផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » អំពី ភីលីព ២:១២–១៣ និងអត្ថបទសម្រាប់វគ្គបទគម្ពីរនេះនៅក្នុង ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និង ក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ។ សូមឲ្យពួកគេពន្យល់ពីអ្វីដែលពួកគេបានរកឃើញ ដែលជួយពួកគេឲ្យយល់កាន់តែច្បាស់អំពីគោលលទ្ធិដ៏សំខាន់នៃកិច្ចការ ព្រះគុណ និងសេចក្ដីសង្គ្រោះ ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលចំណេះដឹងនេះពង្រឹងសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
កូល៉ុស ១:៩–១៨ ។ តួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សឲ្យស្វែងរកខគម្ពីរទាំងនេះសម្រាប់ព្រះនាម ព្រះបរមងារ និងតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចត្រូវបានអញ្ជើញឲ្យចែកចាយឧទាហរណ៍ពីព្រះគម្ពីរ ជីវិតផ្ទាល់ខ្លួនរបស់ពួកគេ ឬជីវិតរបស់អ្នកដែលពួកគេស្គាល់ ដែលព្រះអង្គសង្គ្រោះបានធ្វើជាគំរូពីព្រះនាម តួនាទី ឬព្រះបរមងារទាំងនេះ ។ សូមអញ្ជើញសិស្សឲ្យចែកចាយតួនាទីដែលមានអត្ថន័យបំផុតចំពោះពួកគេ និងរបៀបដែលតួនាទីទាំងនេះមានឥទ្ធិពលលើអារម្មណ៍របស់ពួកគេចំពោះព្រះយេស៊ូវគ្រីស្ទ ។
កូល៉ុស ២:៦ ។ ការដើរក្នុងព្រះគ្រីស្ទ
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេគិតថាការ « ដើរ … ក្នុង [ ព្រះគ្រីស្ទ ] » មានអត្ថន័យយ៉ាងណា ( កូល៉ុស ២:៦ ) ។ សូមអញ្ជើញពួកគេឲ្យសិក្សាវគ្គបទគម្ពីរដូចខាងក្រោម ដោយរកមើលអត្ថន័យនៃការដើរក្នុងព្រះគ្រីស្ទ ៖ កូល៉ុស ១:៩–១៨ ; កូល៉ុស ២:៦ ; កូល៉ុស ៣:១–១១ ។ ពួកគេក៏អាចសិក្សាសេចក្តីថ្លែងការណ៍នេះដោយប្រធាន ហិនរី ប៊ី អាវរិង ផងដែរ ៖
តើវាមានន័យយ៉ាងណាដើម្បីដើរនៅក្នុងព្រះអម្ចាស់ ? វាមានន័យថា ធ្វើអ្វីដែលទ្រង់ធ្វើ បម្រើដូចដែលទ្រង់បម្រើ ។ ទ្រង់បានលះបង់ភាពស្រណុករបស់ព្រះអង្គទ្រង់ ដើម្បីប្រទានពរដល់អស់អ្នកដែលខ្វះខាត នោះជាអ្វីដែលយើងព្យាយាមធ្វើ ។ ទ្រង់ហាក់ដូចជាកត់សម្គាល់ជាពិសេសចំពោះមនុស្សដែលត្រូវគេមើលរំលង ហើយសង្គមមិនទទួលស្គាល់ ដូច្នេះយើងព្យាយាមធ្វើដូចនោះដែរ ។ ទ្រង់បានថ្លែងទីបន្ទាល់យ៉ាងអង់អាច ប៉ុន្តែដោយក្ដីស្រឡាញ់អំពីគោលលទ្ធិពិតដែលទ្រង់បានទទួលមកពីព្រះវរបិតាទ្រង់ ទោះជាវាពុំមានប្រជាប្រិយភាពក្ដី នោះជាអ្វីយើងត្រូវតែធ្វើ ។ ទ្រង់មានបន្ទូលដល់មនុស្សទាំងអស់ថា « ចូរមកឯខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ហើយយើងនិយាយទៅកាន់មនុស្សទាំងអស់ថា « ចូរមករកទ្រង់ » ។
( ហិនរី ប៊ី អាវរិង « Walk with Me » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៨៤ ) ។
សូមអញ្ជើញសិស្សឲ្យចែកចាយការរកឃើញរបស់ពួកគេ ហើយស្វែងរកជំនួយពីព្រះវរបិតាសួគ៌ ដើម្បីធ្វើផែនការមួយអំពីរបៀបដែលពួកគេអាចដើរកាន់តែពេញលេញនៅក្នុងព្រះគ្រីស្ទ ។