យ៉ូហាន ៧
ធ្វើតាមព្រះឆន្ទៈទ្រង់ ដើម្បីដឹងពីគោលលទ្ធិទ្រង់
អំឡុងពេលបុណ្យបារាំនៅក្រុងយេរូសាឡិម ព្រះយេស៊ូវបានពន្យល់ពីរបៀបដែលមនុស្សរាល់គ្នាអាចដឹងដោយខ្លួនឯងថា គោលលទ្ធិដែលទ្រង់បានបង្រៀនគឺមកពីព្រះវរបិតាសួគ៌ ។ មេរៀននេះនឹងជួយអ្នកឲ្យរកឃើញនូវអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដឹងពីសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ការចូលរួមរបស់សិស្ស ។ សូមរកមើលវិធីដើម្បីលើកទឹកចិត្តសិស្សទាំងអស់គ្នាឲ្យចូលរួមក្នុងថ្នាក់ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា គោលដៅរបស់យើងគឺដើម្បីជួយសិស្សឲ្យ « មានភាពខ្លួនទីពឹងខ្លួនខាងវិញ្ញាណ…នៅពេលយើងជួយពួកគេឲ្យរៀនសូត្រតាមរយៈការអនុវត្ត » ( « Seek Learning by Faith » [ សុន្ទរកថាប្រព័ន្ធអប់រំសាសនាចក្រ ថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០០៦ ] នៅលើគេហទំព័រ byu.edu ) ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្នកណា ឬអ្វីដែលមានឥទ្ធិពលបំផុតក្នុងការដុសខាត់ការយល់ដឹង និងជំនឿបច្ចុប្បន្នរបស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។ សូមអញ្ជើញពួកគេឲ្យសរសេរគំនិតរបស់ពួកគេនៅលើក្រដាសមួយសន្លឹក ហើយយកក្រដាសនោះមកកាន់ថ្នាក់រៀន ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជំនឿផ្សេងៗគ្នាអំពីព្រះយេស៊ូវគ្រីស្ទ
-
តើមនុស្សមានជំនឿអ្វីខ្លះអំពីសេចក្ដីពិតថា តើព្រះយេស៊ូវគ្រីស្ទជានរណា ?
-
ហេតុអ្វីវាសំខាន់សម្រាប់អ្នក ដើម្បីដឹងពីសេចក្ដីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ មិនថាអ្នកដទៃគិតយ៉ាងណានោះទេ ?
ប្រសិនបើសិស្សបញ្ចប់សកម្មភាពរៀបចំរបស់សិស្សហើយ សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយអ្វីដែលពួកគេបានសរសេរ ។
សូមចំណាយពេលមួយនាទី ដើម្បីគិតអំពីអ្វីដែលមានឥទ្ធិពលលើជំនឿរបស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ ។ សូមកំណត់ថាតើប្រភពណាដែលអ្នកចង់ងាកទៅរកសេចក្ដីពិត ហើយសញ្ជឹងគិតពីរបៀបដែលវាមានឥទ្ធិពលលើជំនឿរបស់អ្នក ។ នៅពេលអ្នកសិក្សានៅថ្ងៃនេះ សូមរកមើលអ្វីដែលអ្នកអាចធ្វើបាន ដើម្បីដឹងពីសេចក្ដីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។
ដោយសារមានមនុស្សជាច្រើននៅទីក្រុងយេរូសាឡិម ដែលចង់ធ្វើគុតព្រះយេស៊ូវ នោះទ្រង់បានចូលរួមក្នុងពិធីបុណ្យបារាំដោយសម្ងាត់ ( សូមមើល យ៉ូហាន ៧:១, ១០ ) ។ នៅពេលដែលសាសន៍យូដាបានដើររកព្រះយេស៊ូវ និងពេញមួយពិធីបុណ្យនោះ មនុស្សបានបញ្ចេញមតិផ្សេងៗគ្នាប្រាប់គ្នាទៅវិញទៅមកថា តើព្រះយេស៊ូវជានរណា ។
សូមបង្ហាញ ឬចម្លងតារាងខាងក្រោមនេះដាក់នៅលើក្ដារខៀន ។ សូមពិចារណាបែងចែកខគម្ពីរ និងសំណួរទៅក្នុងចំណោមសិស្ស ដើម្បីជៀសវាងការចំណាយពេលច្រើនពេកលើផ្នែកនេះនៃមេរៀន ។
|
យ៉ូហាន ៧:១២, ៤០–៤១ |
តើមនុស្សមានគំនិតខុសគ្នាអ្វីខ្លះអំពីសេចក្ដីពិតថា តើព្រះយេស៊ូវជានរណា ? |
|
យ៉ូហាន ៧:៣១ |
ហេតុអ្វីបានជាមនុស្សមួយចំនួនជឿលើព្រះយេស៊ូវ ? |
|
យ៉ូហាន ៧:៤១–៤២, ៥២ |
ហេតុអ្វីបានជាមនុស្សពិភាក្សាពីកន្លែងដែលព្រះយេស៊ូវមានដើមកំណើត ? |
|
យ៉ូហាន ៧:៤៥–៤៦ |
តើពួកអាជ្ញាដែលត្រូវមកចាប់ខ្លួនព្រះយេស៊ូវនោះ បានចាប់អារម្មណ៍លើអ្វីខ្លះអំពីទ្រង់ ? |
|
យ៉ូហាន ៧:៤៧ |
តើពួកផារិស៊ីបានពិពណ៌នាអំពីអ្នកដែលជឿលើព្រះយេស៊ូវយ៉ាងដូចម្តេច ? |
-
តើមនុស្សបានផ្តល់ហេតុផលអ្វីខ្លះសម្រាប់ការជឿ ឬការមិនជឿលើព្រះយេស៊ូវគ្រីស្ទ ?
-
តើមនុស្សមួយចំនួនមានទស្សនៈអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់នៅសព្វថ្ងៃនេះ ?
-
តើយើងអាចដឹងពីសេចក្ដីពិតនេះអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បង្រៀនដោយរបៀបណា ?
ការដឹងពីសេចក្ដីពិតអំពីព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់
អំឡុងពេលបុណ្យបារាំ ព្រះយេស៊ូវបានយាងទៅព្រះវិហារបរិសុទ្ធដើម្បីបង្រៀន ។ ទ្រង់បានពន្យល់ដល់ប្រជាជននៅទីនោះថា ទាំងគោលលទ្ធិដែលទ្រង់បានបង្រៀន និងព្រះអង្គទ្រង់ផ្ទាល់គឺមកពីព្រះវរបិតាសួគ៌ ( សូមមើល យ៉ូហាន ៧:១៤, ១៦–១៨, ២៨–២៩ ) ។
សូមអាន យ៉ូហាន ៧:១៧ ដោយរកមើលអ្វីដែលព្រះយេស៊ូវបានមានបន្ទូលឲ្យប្រជាជនធ្វើ ដើម្បីដឹងថា អ្វីដែលព្រះយេស៊ូវបានបង្រៀនគឺពិត ហើយថាទ្រង់ត្រូវបានបញ្ជូនមកពីព្រះវរបិតាសួគ៌ ។
សូមអញ្ជើញសិស្សឲ្យចែកចាយគោលការណ៍ណាមួយ ដែលពួកគេអាចរៀនសូត្របានចេញពីខគម្ពីរនេះ ។ សូមកត់ត្រានៅលើក្ដារខៀននូវសេចក្តីថ្លែងការណ៍ដែលសិស្សចែកចាយ ។
គោលការណ៍មួយដែលយើងអាចរៀនចេញពីខគម្ពីរនេះគឺថា ប្រសិនបើយើងធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ នោះយើងអាចដឹងថា គោលលទ្ធិរបស់ទ្រង់គឺពិត ។
ការធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌មានន័យថា ការរស់នៅដូចដែលទ្រង់សព្វព្រះទ័យឲ្យយើងរស់នៅ ។ ព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទតែងតែរស់នៅ និងបង្រៀនអំពីព្រះឆន្ទៈរបស់ព្រះវរបិតាសួគ៌ជានិច្ច ។
-
តើអ្នកអាចចែកចាយឧទាហរណ៍អ្វីខ្លះ អំពីការណ៍ដែលព្រះយេស៊ូវធ្វើតាមព្រះឆន្ទៈរបស់ព្រះវរបិតា ?
-
តើអាចមានការពិបាកអ្វីខ្លះ នៅក្នុងការរស់នៅតាមគោលការណ៍ ដែលយើងមិនទាន់ដឹងថាពិតនោះ ?
ប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅ បានផ្តល់ដំបូន្មានដូចតទៅនេះអំពីការស្គាល់សេចក្ដីពិត ៖
ពេលខ្លះយើងព្យាយាមធ្វើវាបញ្ច្រាសវិញ ។ ជាឧទាហរណ៍ យើងអាចនឹងទទួលយករបៀបនេះ ៖ ខ្ញុំនឹងសប្បាយដើម្បីរស់នៅតាមច្បាប់ដង្វាយមួយភាគក្នុងដប់ ប៉ុន្តែដំបូងខ្ញុំចាំបាច់ត្រូវដឹងថាវាពិតសិន ។ យើងប្រហែលជានឹងអធិស្ឋានដើម្បីទទួលបានទីបន្ទាល់មួយអំពីច្បាប់ដង្វាយមួយភាគក្នុងដប់ ហើយសង្ឃឹមថា ព្រះអម្ចាស់នឹងប្រទានពរយើងឲ្យមានទីបន្ទាល់នោះ មុនពេលយើងបានសរសេរនៅលើក្រដាសដង្វាយ ។ វាពុំកើតឡើងតាមវិធីនោះទេ ។ ព្រះអម្ចាស់រំពឹងឲ្យយើងអនុវត្តសេចក្ដីជំនឿ ។ យើងត្រូវថ្វាយដង្វាយមួយភាគដប់ពេញលេញ និងដោយស្មោះឲ្យខ្ជាប់ខ្ជួន ដើម្បីទទួលបានទីបន្ទាល់ដង្វាយមួយភាគក្នុងដប់ ។ គំរូដូចគ្នានេះ អនុវត្តគ្រប់គោលការណ៍នៃដំណឹងល្អ មិនថាជាច្បាប់ព្រហ្មចារីភាព គោលការណ៍នៃភាពរមទម្យ ពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ឬច្បាប់តមអាហារនោះទេ ។
( បូនី អិល អូស្ការសុន « Be Ye Converted » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ )
-
ហេតុអ្វីបានជាអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យយើងដឹងថា គោលលទ្ធិរបស់ទ្រង់គឺមកពីព្រះវរបិតាសួគ៌ ហើយថាវាជាការពិត ?
-
តើការដឹងថា គោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទជាការពិត អាចជួយយើងឲ្យមកស្គាល់ទ្រង់ដោយរបៀបណា ?
សូមជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលការណ៍ ដែលបានបង្រៀននៅក្នុង យ៉ូហាន ៧:១៧ ។ វិធីមួយដើម្បីធ្វើដូចនេះគឺអាចជាការចែកចាយបទពិសោធន៍របស់មនុស្ស ដែលទទួលបានទីបន្ទាល់អំពីសេចក្ដីពិតមួយ តាមរយៈការធ្វើសកម្មភាពលើវា ។
ដើម្បីបង្រៀនគោលការណ៍នៅក្នុង យ៉ូហាន ៧:១៧ មានឧទាហរណ៍ជាវីដេអូខ្លះត្រូវបានបញ្ចូលក្នុងផ្នែក « សកម្មភាពរៀនសូត្របន្ថែម » នៅចុងបញ្ចប់នៃមេរៀននេះ ។ សិស្សក៏អាចត្រូវបានអញ្ជើញឲ្យចែកចាយបទពិសោធន៍ ឬធ្វើសកម្មភាពដូចខាងក្រោមនេះផងដែរ ។
សូមជ្រើសរើសការបង្រៀនមួយរបស់ព្រះអម្ចាស់ ដែលអ្នកចង់ពង្រឹងទីបន្ទាល់របស់អ្នក ។ សម្រាប់ជាគំនិតមួយចំនួនស្ដីពីការបង្រៀនរបស់ទ្រង់ អ្នកអាចរកមើលក្នុងសុន្ទរកថាដែលបានថ្លែងទៅកាន់យុវវ័យនៅក្នុងសន្និសីទទូទៅថ្មីៗនេះ ។ អ្នកក៏អាចស្វែងរកគំនិតនៅក្នុង កូនសៀវភៅដើម្បីកម្លាំងនៃយុវជន ( ឆ្នាំ ២០១១ ) ឬនៅក្នុង កូនសៀវភៅដើម្បីកម្លាំងនៃយុវជន បានផងដែរ ។ សូមអញ្ជើញព្រះវិញ្ញាណឲ្យជួយអ្នកជ្រើសរើសការបង្រៀនមួយរបស់ព្រះអម្ចាស់ដើម្បីផ្តោតលើ ដែលនឹងប្រទានពរជ័យដល់អ្នកបានច្រើនបំផុតនៅពេលនេះនៅក្នុងជីវិតរបស់អ្នក ។
សូមសរសេរការបង្រៀនដែលអ្នកបានជ្រើសរើសនោះនៅខាងលើទំព័រទទេមួយ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ឬនៅលើក្រដាសទទេមួយសន្លឹក ។ ឥឡូវនេះ សូមគិតអំពីរូបភាព ឬវត្ថុសាមញ្ញមួយដែលអ្នកអាចគូរបាន ដើម្បីទុកជាតំណាងឲ្យគោលលទ្ធិនេះ ហើយគូរវានៅចំកណ្តាលក្រដាសរបស់អ្នក ។
ឧទាហរណ៍ អ្នកប្រហែលជាបានជ្រើសរើសដើម្បីពង្រឹងទីបន្ទាល់របស់អ្នកអំពីព្រះគម្ពីរមរមន ដែលជាព្រះបន្ទូលរបស់ព្រះ ។ អ្នកអាចគូររូបភាពសាមញ្ញមួយនៃព្រះគម្ពីរមរមន ។
ដើម្បីជួយអ្នកឲ្យគិតអំពីអ្វីដែលត្រូវធ្វើ ដើម្បីទទួលបានទីបន្ទាល់អំពីការបង្រៀនដែលអ្នកបានជ្រើសរើសនោះ សូមគិតពីសកម្មភាពផ្សេងៗគ្នា ដែលព្រះវរបិតាសួគ៌អាចចង់ឲ្យអ្នកធ្វើទាក់ទងនឹងការបង្រៀននោះ ។ សូមសរសេរយ៉ាងហោចណាស់សកម្មភាពបីនៅជុំវិញរូបភាព ដែលអ្នកបានគូរ ។
សូមគិតអំពីរបៀបដែលការមានទីបន្ទាល់កាន់តែរឹងមាំអំពីគោលលទ្ធិនេះ អាចជះឥទ្ធិពលដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។
-
តើឧបសគ្គអ្វីខ្លះដែលអាចរារាំងអ្នកពីការរស់នៅតាមគោលលទ្ធិនេះ ? តើអ្នកអាចយកឈ្នះឧបសគ្គទាំងនេះដោយរបៀបណា ?
-
តើមានអ្វីខ្លះដែលសំខាន់ដើម្បីយល់ថា វាអាចតម្រូវឲ្យចំណាយពេលវេលា និងមានការខិតខំប្រឹងប្រែង ដើម្បីដឹងថាគោលលទ្ធិនេះគឺមកពីព្រះ ?
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយជាក្រុមតូចៗ នូវអ្វីដែលពួកគេបានសរសេរ និងគូរ និងគោលលទ្ធិអ្វីដែលពួកគេបានផ្តោតលើ ។
អ្នកប្រហែលជាចង់ចែកចាយផែនការរបស់អ្នកជាមួយនឹងសមាជិកគ្រួសារម្នាក់ ដែលអាចជួយអ្នកឲ្យរស់នៅតាមគោលលទ្ធិនេះ ហើយដឹងថាវាគឺមកពីព្រះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
យ៉ូហាន ៧:២ ។ តើបុណ្យបារាំគឺជាអ្វី ?
បុណ្យបារាំ ( ក៏ហៅម្យ៉ាងទៀតថាបុណ្យតូប ឬខ្ទម ) បានចាប់ផ្តើម និងបានបញ្ចប់នៅថ្ងៃឈប់សម្រាក ហើយមានរយៈពេលប្រាំបីថ្ងៃ ។ ផ្នែកមួយនៃការប្រារព្ធពិធីនេះរួមមានការសាងសង់ខ្ទមបណ្តោះអាសន្ន ដែលធ្វើពីមែកឈើ ។ មនុស្សបានស្នាក់នៅក្នុងខ្ទមទាំងនេះក្នុងអំឡុងពេលបុណ្យនេះ ដើម្បីរំឭកពួកគេថា ព្រះប្រទានពរដល់រាស្ដ្ររបស់ទ្រង់អស់រយៈពេល ៤០ ឆ្នាំ ខណៈពេលដែលពួកគេបានរស់នៅក្នុងទីរហោស្ថានស៊ីណាយ ។
យ៉ូហាន ៧:១៧ ។ តើមានតម្លៃអ្វី ដើម្បីស្វែងរកសេចក្ដីពិតតាមរយៈការគោរពប្រតិបត្តិ ?
ព្រះអង្គសង្គ្រោះបានបន្ទូលប្រាប់ពួកសិស្សរបស់ទ្រង់ថា អ្នកទាំងឡាយណាដែលបន្តរស់នៅតាមការបង្រៀនរបស់ទ្រង់នឹងស្គាល់សេចក្ដីពិតនេះ ហើយថាសេចក្តីពិតនេះនឹងផ្តល់សេរីភាពដល់ពួកគេ ( សូមមើល យ៉ូហាន ៨:៣១–៣២ ) ។ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីមូលហេតុដែលយើងចង់ខិតខំដើម្បីទទួលបានទីបន្ទាល់ផ្ទាល់ខ្លួនអំពីសេចក្តីពិតនេះ ។
អ្នកខ្លះអាចពោលថាជំហានទាំងនោះពិបាកពេក ឬថាវាគ្មានតម្លៃក្នុងការប្រឹងប្រែងនោះទេ ។ តែខ្ញុំសូមណែនាំថាទីបន្ទាល់ផ្ទាល់ខ្លួនពីដំណឹងល្អ និងសាសនាចក្រនេះ គឺជារឿងដ៏ចាំបាច់បំផុតដែលបងប្អូនអាចមានក្នុងជីវិតនេះ ។ វាពុំគ្រាន់តែប្រទានពរ ហើយដឹកនាំបងប្អូនក្នុងជីវិតនេះប៉ុណ្ណោះទេ ប៉ុន្តែវានឹងមានឥទ្ធិពលដោយផ្ទាល់ទៅលើជីវិតបងប្អូនរហូតដល់ភាពអស់កល្បផងដែរ ។
( ឌៀថើរ អេហ្វ អុជដូហ្វ « Receiving a Testimony of Light and Truth » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២២ )
យ៉ូហាន ៧:៣៩ ។ ហេតុអ្វីបានជាយ៉ូហាននិយាយថា « ដ្បិតព្រះវិញ្ញាណបរិសុទ្ធមិនទាន់យាងមក » ?
យ៉ូហានបានសំដៅទៅលើ « តែ អំណោយទាន នៃព្រះវិញ្ញាណបរិសុទ្ធដែលពុំមានវត្តមានប៉ុណ្ណោះ ពីព្រោះ អំណាច នៃព្រះវិញ្ញាណបរិសុទ្ធមានវត្តមានក្នុងអំឡុងពេលការបម្រើរបស់យ៉ូហាន–បាទីស្ទ និងព្រះយេស៊ូវ បើមិនដូច្នោះទេ គ្មាននរណាម្នាក់នឹងទទួលបានទីបន្ទាល់អំពីសេចក្តីពិតដែលបុរសទាំងនេះបានបង្រៀននោះទេ [ ម៉ាថាយ ១៦:១៦–១៧ ; សូមមើលផងដែរ កូរិនថូស ទី១ ១២:៣ ] » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ព្រះវិញ្ញាណបរិសុទ្ធ » ) ។
សកម្មភាពរៀនសូត្របន្ថែម
វីដេអូឧទាហរណ៍អំពីការណ៍ដែលការគោរពប្រតិបត្តិនាំឲ្យមានទីបន្ទាល់
វីដេអូខាងក្រោមនេះបង្ហាញពីឧទាហរណ៍នៃមនុស្សដែលរស់នៅតាមដំណឹងល្អ ហើយទទួលបានទីបន្ទាល់ តាមរយៈការគោរពប្រតិបត្តិដ៏ស្មោះត្រង់របស់ពួកគេ ។ សូមពិចារណាបង្ហាញវីដេអូមួយ ឬវីដេអូទាំងពីរនេះ ដើម្បីជួយលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ និងខិតខំព្យាយាមទទួលបានទីបន្ទាល់របស់ពួកគេផ្ទាល់អំពីការបង្រៀនរបស់ព្រះវរបិតាសួគ៌ ។
វីដេអូទី ១ ៖ ប្រធាន បូនី អិល អូស្ការសុន អតីតប្រធានយុវនារីទូទៅ បានពិពណ៌នាអំពីរបៀបដែលគាត់បានធំឡើងជានារីវ័យជំទង់នាទសវត្សរ៍ឆ្នាំ ១៩៦០ ។ ការគោរពប្រតិបត្តិរបស់គាត់តាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ បានអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធបញ្ជាក់ប្រាប់គាត់អំពីសេចក្ដីពិតនៃគោលការណ៍ដំណឹងល្អនោះ ។ ( សូមមើល បូនី អិល អូស្ការសុន « Be Ye Converted » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៧៧ ) ។
វីដេអូទី ២ ៖ ប្រធានា ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ បានពន្យល់ពីរបៀបដែលព្រះវរបិតាសួគ៌បានជួយលោក ឲ្យយល់អំពីសេចក្តីពិតអំពីក្រុមគ្រួសារដ៏នៅអស់កល្បជានិច្ច ខណៈដែលលោកបានធ្វើចំណែករបស់លោក ដើម្បីចៀសពីការឈ្លោះប្រកែកគ្នា ហើយនាំភាពស្ងប់សុខមកក្នុងផ្ទះរបស់លោក ។ ( សូមមើល ហិនរី ប៊ី អាវរិង « A Living Testimony » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៦–២៧ )