ចំណេះចំណានខាងគោលលទ្ធិ ៖ យ៉ាកុប ១:៥–៦
« សូមដល់ព្រះ »
នៅក្នុងមេរៀនមុន « យ៉ាកុប ១ » អ្នកបានរៀនថា ព្រះប្រទានពរយើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសុំទ្រង់ដោយសេចក្តីជំនឿ ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ យ៉ាកុប ១ ៥–៦ ពន្យល់គោលលទ្ធិ និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ការងាកទៅរកព្រះសម្រាប់ចម្លើយ ។ អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា « សំណួរខាងវិញ្ញាណសមនឹងទទួលចម្លើយខាងវិញ្ញាណមកពីព្រះ » ( « Joseph Smith » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨ ) ។ សូមបង្រៀនសិស្សឲ្យងាកទៅរកព្រះសុំប្រាជ្ញា នៅពេលពួកគេមានសំណួរ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៤ ដោយរកមើលរបៀបដែល យ៉ូសែប ស្ម៊ីធ បានអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណក្នុងជីវិតរបស់លោក ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀន « យ៉ាកុប ១ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ យ៉ាកុប ១:៥–៦ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាបានបង្រៀនមេរៀនបរិបទដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
សូមជួយសិស្សឲ្យទន្ទេញ និងពន្យល់អំពីសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅ យ៉ាកុប ១:៥–៦ ។ សកម្មភាពខាងក្រោមគឺជាយោបល់សម្រាប់ការសម្រេចគោលដៅនេះ ។
សូមស្រមៃគិតថា មិត្តម្នាក់កំពុងពុះពារក្នុងការសម្រេចចិត្តដ៏សំខាន់មួយក្នុងជីវិតរបស់គាត់ ។ អ្នកដឹងថាមិត្តម្នាក់នេះមិនបានធំឡើងដោយជឿថា យើងអាចទូលដោយផ្ទាល់ទៅកាន់ព្រះនៅក្នុងការអធិស្ឋាននោះទេ ។
សូមរំឭកថានៅក្នុងមេរៀនមុន អ្នកបានសិក្សាសេចក្ដីពិតខាងក្រោមពី យ៉ាកុប ១:៥–៦ ៖ ព្រះនឹងប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមពីទ្រង់ដោយសេចក្ដីជំនឿ ។
-
តើអ្នកអាចប្រើ យ៉ាកុប ១:៥–៦ ដើម្បីពន្យល់ពីទំនាក់ទំនងដែលព្រះវរបិតាសួគ៌អញ្ជើញយើងឲ្យមានជាមួយទ្រង់ដោយរបៀបណា ? ( វាប្រហែលជាមានប្រយោជន៍ក្នុងការរួមបញ្ចូលឧទាហរណ៍នៃសំណួរដែលបុគ្គលម្នាក់អាចសួរ ឬប្រាជ្ញាដែលពួកគេអាចស្វែងរកពីព្រះនៅក្នុងការអធិស្ឋាន ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួន ឬឧទាហរណ៍ក្នុងព្រះគម្ពីរ ) ។
បន្ទាប់ពីផ្តល់ពេលដល់សិស្សដើម្បីសញ្ជឹងគិតពីរបៀបដែលពួកគេនឹងឆ្លើយសំណួរមុន សូមពិចារណាអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេជាមួយដៃគូ ដើម្បីទាំងអស់គ្នាមានឱកាសបញ្ចេញចម្លើយរបស់ពួកគេឲ្យឮៗ ។ សូមស្តាប់ចម្លើយរបស់សិស្ស ហើយប្រសិនបើចាំបាច់ សូមពិនិត្យមើលខ្លឹមសារណាមួយពីមេរៀនមុន ដើម្បីជួយសិស្សឲ្យយល់អំពីវគ្គបទគម្ពីរនេះកាន់តែច្បាស់ ។
សូមពិចារណាបង្ហាញរូបភាពដែលបានរកឃើញនៅដើមមេរៀន ខណៈសិស្សបំពេញសកម្មភាពខាងក្រោម ។
ការអាចស្វែងរក និងពន្យល់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះអាចជួយអ្នក នៅពេលអ្នកចែកចាយដំណឹងល្អជាមួយអ្នកដទៃពេញមួយជីវិតរបស់អ្នក ។ ដើម្បីជួយអ្នកឲ្យតាំងចិត្តចងចាំវគ្គបទគម្ពីរនេះ សូមមើលរូបភាពនៃការនិមិត្តដំបូងរបស់ យ៉ូសែប ស្ម៊ីធ នៅដើមមេរៀន ខណៈនិយាយឡើងវិញនូវឃ្លាបទគម្ពីរគន្លឹះខាងក្រោម និងសេចក្ដីយោងជាច្រើនដងតាមដែលអ្នកអាចធ្វើបានក្នុងរយៈពេលមួយនាទី ៖ « តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ » ( យ៉ាកុប ១:៥–៦ ) ។
ដើម្បីជួយសិស្សឲ្យតាំងចិត្តចងចាំឃ្លាបទគម្ពីរគន្លឹះ និងសេចក្ដីយោងបានកាន់តែល្អ សូមពិចារណាផ្អាកដើម្បីលើករូបភាពនៃការនិមិត្តដំបូងឡើងជាច្រើនដងពេញមួយមេរៀន ហើយអញ្ជើញសិស្សឲ្យសូត្រឃ្លាបទគម្ពីរគន្លឹះ និងសេចក្ដីយោងម្ដងទៀត ។
រៀនអនុវត្ត
សូមពិចារណាបង្ហាញរូបភាពនេះ ឬរូបភាពស្រដៀងនេះអំពីយ៉ូសែប ស្ម៊ីធ អំឡុងផ្នែកបន្ទាប់នៃមេរៀននេះ ។
យ៉ូសែប ស្ម៊ីធ គឺជាមនុស្សគំរូមួយក្នុងចំណោមមនុស្សគំរូជាច្រើនក្នុងព្រះគម្ពីរដែលបានទទួលពរ ដោយសារការធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សម្រាប់ការរៀនអនុវត្តខាងក្រោម អ្នកនឹងសិក្សាឧទាហរណ៍មួយអំពីរបៀបដែលលោកបានអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់លោក ។ មុននឹងអ្នកចាប់ផ្ដើម សូមចំណាយពេលខ្លះដើម្បីរំឭកដោយសង្ខេបអំពីគោលការណ៍នៅក្នុងកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » នៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
សូមពិចារណាបែងចែកសិស្សជាបីក្រុម ដោយក្រុមនីមួយៗផ្តោតលើគោលការណ៍ផ្សេងគ្នានៃការទទួលបានចំណេះដឹងខាងវិញ្ញាណសម្រាប់ផ្នែកមេរៀនដែលនៅសល់ ។ ប្រសិនបើចាំបាច់ សូមអញ្ជើញក្រុមនីមួយៗឲ្យពិនិត្យមើលកថាខណ្ឌដែលទាក់ទងនឹងគោលការណ៍របស់ពួកគេនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។
-
សូមគិតអំពីអ្វីដែលអ្នកបានដឹងរួចហើយអំពីបទពិសោធន៍របស់ យ៉ូសែប ស្ម៊ីធ ។ តើយ៉ូសែបមានសំណួរអ្វីខ្លះ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨–១០ ) ។
-
ហេតុអ្វីវាសំខាន់សម្រាប់យើងក្នុងការស្វែងរកចម្លើយពីព្រះចំពោះសំណួរផ្ទាល់ខ្លួន ដូច យ៉ូសែប ស្ម៊ីធ បានធ្វើដែរ ?
សូមគិតអំពីសំណួរដែលអ្នកមាន ឬគិតអំពីប្រាជ្ញាដែលអ្នកកំពុងស្វែងរក ។ នៅពេលអ្នកបញ្ចប់សកម្មភាពខាងក្រោម សូមគិតអំពីរបៀបដែលគំរូរបស់យ៉ូសែបក្នុងការអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ អាចជួយអ្នកក្នុងស្ថានភាពដែលទាមទារឲ្យមានប្រាជ្ញាពីព្រះ ។
ម៉្យាងទៀត ការរៀនអនុវត្តនេះអាចត្រូវបានកែសម្រួលសម្រាប់សំណួរដែលសិស្សមាន ឬប្រាជ្ញាដែលពួកគេស្វែងរក ។
សូមអញ្ជើញក្រុមនីមួយៗឲ្យសិក្សាខគម្ពីរខាងក្រោមរួមគ្នា ។ សូមផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យពួកគេ ដើម្បីនិយាយអំពីអ្វីដែលពួកគេរកឃើញនៅក្នុងក្រុមរបស់ពួកគេ រួមទាំងអ្វីដែលពួកគេបានរៀនពីសកម្មភាពរៀបចំសិស្សផងដែរ ។ បន្ទាប់មក សូមអញ្ជើញក្រុមនីមួយៗឲ្យរាយការណ៍ប្រាប់សិស្សក្នុងថ្នាក់ អំពីរបៀបដែលពួកគេបានកត់សម្គាល់ឃើញយ៉ូសែប អនុវត្តគោលការណ៍ដែលពួកគេបានផ្តោតលើ ។
សូមសិក្សា យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១៧ ហើយពិចារណាពីការគូសចំណាំឃ្លានីមួយៗ ដែលបង្ហាញពីរបៀបដែលយ៉ូសែបបានធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណកាលវ័យជំទង់ ។ ទោះបីជាអ្នកប្រហែលជាធ្លាប់ដឹងរឿងរបស់លោករួចហើយក៏ដោយ សូមរកមើលព័ត៌មានលម្អិតនៅក្នុងខគម្ពីរទាំងនេះ ដែលបង្ហាញពីបំណងប្រាថ្នា អាកប្បកិរិយា និងជំនឿរបស់យ៉ូសែប លើសពីអ្វីដែលអ្នកបានកត់សម្គាល់ពីមុនមក ។
-
តើគំរូអ្វីខ្លះដែលអ្នកបានរកឃើញអំពីយ៉ូសែបដែលធ្វើសកម្មភាពដោយសេចក្ដីជំនឿ រក្សាទស្សនវិស័យដ៏នៅអស់កល្បមួយ និងការប្រើប្រាស់ប្រភពដែលបានតែងតាំងដ៏ទេវភាព ?
សំណួរខាងក្រោមមានគោលបំណងជួយសិស្ស ឲ្យពិភាក្សាអំពីរបៀបដែលយ៉ូសែបបានអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ រៀនពីរបៀបដែលគោលការណ៍ទាំងនេះអាចផ្តល់អត្ថប្រយោជន៍ដល់ជីវិតរបស់ពួកគេ ហើយងាកទៅរកព្រះដើម្បីរៀនសេចក្តីពិត ។ សូមជ្រើសរើសសកម្មភាពដែលទាក់ទងនឹងសិស្សបំផុត ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
ហេតុអ្វីអ្នកគិតថា វាសំខាន់ចំពោះ យ៉ូសែប ស្ម៊ីធ ដើម្បីស្វែងរកចម្លើយចំពោះសំណួររបស់លោកដោយផ្ទាល់ពីព្រះ ?
-
តើយ៉ូសែបជឿថានឹងមានអ្វីកើតឡើង ប្រសិនបើលោកមិនទៅរកព្រះដើម្បីរកចម្លើយ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៣ ) ។
-
បន្ថែមពីលើការអធិស្ឋាន តើអ្នកអាចស្វែងរកចម្លើយពីព្រះដោយរបៀបណាទៀត ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកគិតថាយ៉ូសែបបានដឹងអ្វីខ្លះអំពីព្រះ ដែលបានផ្តល់ទំនុកចិត្តដល់លោកដើម្បីសុំចម្លើយពីទ្រង់ដោយផ្ទាល់ ?
-
នៅពេលចម្លើយចំពោះសំណួររបស់អ្នកមិនកើតមានឡើងភ្លាមៗ តើវាមានប្រយោជន៍យ៉ាងណាក្នុងការយល់ពីរបៀបដែលព្រះវរបិតាសួគ៌បើកសម្ដែងសេចក្ដីពិតដល់បុត្រាបុត្រីរបស់ទ្រង់ ?
-
ហេតុអ្វីសាតាំងចង់រារាំងយ៉ូសែប—និងអ្នក—មិនឲ្យអធិស្ឋានទូលសុំព្រះដើម្បីរកចម្លើយ ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើ យ៉ូសែប ស្ម៊ីធ បានបង្ហាញពីរបៀប « សូម [ ដោយ ] ចិត្តជឿឥតសង្ស័យអ្វីសោះ » ( យ៉ាកុប ១:៦ ) ដោយរបៀបណា សូម្បីតែពេលសាតាំងព្យាយាមរារាំងលោកមិនឲ្យអធិស្ឋានក៏ដោយ ? ( សូមមើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៥–១៦ ) ។
-
តើគំរូរបស់យ៉ូសែបអាចជួយអ្នកដោយរបៀបណាចំពោះសំណួរ និងកង្វល់របស់អ្នកផ្ទាល់ ? សូមពិចារណាដាក់ផែនការជាក់លាក់មួយអំពីរបៀបដែលអ្នកនឹងធ្វើសកម្មភាពដោយសេចក្តីជំនឿ ។
សូមថ្លែងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ដែលមានព្រះទ័យប្រទានពរដល់យើងឲ្យមានប្រាជ្ញា ប្រសិនបើយើងទូលសូមទ្រង់ដោយសេចក្តីជំនឿ ។ សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនមួយដែលបង្ហាញពីការណែនាំប្រកបដោយសេចក្ដីស្រឡាញ់របស់ទ្រង់ បន្ទាប់ពីស្វែងរកទ្រង់ដោយសេចក្ដីជំនឿ ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
ក្នុងអំឡុងមេរៀនបន្ទាប់ សូមចំណាយពេលមិនលើសពីបីទៅប្រាំនាទី ដើម្បីរំឭកសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះឡើងវិញសម្រាប់ យ៉ាកុប ១:៥–៦ ។ វិធីមួយដើម្បីធ្វើកិច្ចការនេះគឺលើករូបភាពដដែល ដែលបានប្រើក្នុងមេរៀននេះ នៅពេលសិស្សទន្ទេញឃ្លាបទគម្ពីរគន្លឹះ ។ សូមមើលថាតើសិស្សនៅតែអាចចងចាំឃ្លានេះបានដែរឬទេ ។ សូមទុកពេលឲ្យពួកគេរំឭកវា ហើយព្យាយាមម្តងទៀតតាមការចាំបាច់ ។
វិធីមួយទៀតគឺលើករូបភាពនៃការនិមិត្តដំបូង ហើយអញ្ជើញសិស្សឲ្យសូត្រឃ្លាខគម្ពីរគន្លឹះពីរ ឬបីដងនៅដើមមេរៀននៃមេរៀនពីរបីបន្ទាប់ទៀត ។
សកម្មភាពរៀនសូត្របន្ថែម
ការជួយសិស្សដែលរៀនតាមផ្នែកសោតទស្សន៍ ដោយមើលវីដេអូ « The Restoration »
ជំនួសឲ្យការអញ្ជើញសិស្សឲ្យអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:៨, ១១–១៧ នៅក្នុងក្រុមរបស់ពួកគេ សូមពិចារណាបង្ហាញវីដេអូ « The Restoration » ( ចាប់ពីនាទីទី ២:៥៣ ដល់ ១៥:២៨ ) ដែលមាននៅគេហទំព័រ ChurchofJesusChrist.org ។ សូមផ្អាកវីដេអូឲ្យបានច្រើនដងនៅកន្លែងសមស្រប ដើម្បីអនុញ្ញាតឲ្យសិស្សកត់ត្រាពីរបៀបដែលពួកគេបានឃើញ យ៉ូសែប ស្ម៊ីធ បង្ហាញពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលពួកគេត្រូវបានចាត់តាំង ។ បន្ទាប់ពីមើលវីដេអូហើយ សូមអញ្ជើញសិស្សឲ្យចែកចាយជាមួយក្រុមរបស់ពួកគេអំពីអ្វីដែលពួកគេបានរកឃើញ ។ បន្ទាប់មក សូមឲ្យក្រុមនីមួយៗចែកចាយអ្វីដែលពួកគេបានរៀនដល់សិស្សក្នុងថ្នាក់ ។
//media.ldscdn.org/webvtt/feature-films/the-restoration/2008-06-01-the-restoration-ceb.vtt