ចំណេះចំណានខាងគោលលទ្ធិ ៖ ហេព្រើរ ១២:៩
ព្រះវរបិតាសួគ៌គឺជា « ព្រះវរបិតាខាងវិញ្ញាណ »
នៅក្នុងការសិក្សារបស់អ្នកអំពីហេព្រើរ ១២:៩ អ្នកបានរៀនអំពីទំនាក់ទំនងរបស់អ្នកជាមួយព្រះ ដែលជា « ព្រះវរបិតាខាងវិញ្ញាណ » និងរបៀបដែលការណ៍នេះអាចជះឥទ្ធិពលដល់ជីវិតរបស់អ្នក ។ មេរៀននេះអាចជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ហេព្រើរ ១២:៩ ពន្យល់គោលលទ្ធិ និងអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្តែង ។
ការយល់ដឹង ការអនុវត្តន៍ និងការទន្ទេញចាំ ។ ដំបូងសិស្សយល់ បន្ទាប់មកសិស្សរៀនពីរបៀបអនុវត្តការយល់ដឹងនេះទៅក្នុងជីវិតរបស់ពួកគេ នោះការទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិប្រែកាន់តែងាយស្រួល ។ សំខាន់ជាងនេះទៅទៀត គោលលទ្ធិ និងគោលការណ៍ពីវគ្គបទគម្ពីរនានាទំនងជាមានឥទ្ធិពលយូរអង្វែង ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យគិតអំពីស្ថានភាពដែលពួកគេប្រឈមមុខ ដែលវានឹងមានប្រយោជន៍សម្រាប់ពួកគេក្នុងការយល់ ឬចងចាំថា ពួកគេជាបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
មេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀន « ហេព្រើរ ១២:៩ » ដែលជាមេរៀនបរិបទសម្រាប់វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ហេព្រើរ ១២:៩ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថា មេរៀនបរិបទដែលត្រូវគ្នានេះ ត្រូវបានបង្រៀននៅអំឡុងសប្តាហ៍នោះផងដែរ ។
ពន្យល់ និងទន្ទេញ
សូមជួយសិស្សឲ្យអនុវត្តការពន្យល់គោលលទ្ធិជាពាក្យសម្ដីរបស់ពួកគេផ្ទាល់ ។ ខាងក្រោមគឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។ សកម្មភាពនេះអាចត្រូវបានកែសម្រួលដោយការអញ្ជើញសិស្សឲ្យដើរតួក្នុងស្ថានភាពនេះជាគូ ក្រុមតូចៗ ឬជាថ្នាក់ ។
នៅក្នុងមេរៀនមុន អ្នកបានរៀនថា ព្រះគឺជាព្រះវរបិតាខាងវិញ្ញាណរបស់យើង ។ សូមស្រមៃថាអ្នកកំពុងនិយាយជាមួយមិត្តម្នាក់ដែលសួរថា តើខ្លួនពួកគេជានរណា ។ សូមប្រើ ហេព្រើរ ១២:៩ ដើម្បីជួយពួកគេ ។ នៅពេលអ្នកឆ្លើយសំណួរ ឬដោះស្រាយកង្វល់របស់ពួកគេ សូមពិចារណារួមបញ្ចូលចំណុចដូចខាងក្រោម ៖
-
តើវាមានន័យយ៉ាងណាដែលថា យើងជាបុត្រាបុត្រីរបស់ព្រះ ហើយហេតុអ្វីវាសំខាន់ដើម្បីដឹងរឿងនេះ
-
តើការយល់ ឬមិនយល់សេចក្ដីពិតនេះអាចជះឥទ្ធិពលដល់អត្តសញ្ញាណ និងតម្លៃខ្លួនយើងយ៉ាងដូចម្តេច
-
របៀបដែលលោកីយ៍ព្យាយាមជះឥទ្ធិពលលើចំណេះដឹងរបស់យើងថា យើងជានរណា និងទំនាក់ទំនងរបស់យើងជាមួយព្រះ និងមូលហេតុយើងចង់ទប់ទល់នឹងឥទ្ធិពលទាំងនេះ
សូមជួយសិស្សឲ្យទន្ទេញចាំសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ ហេព្រើរ ១២:៩ « ព្រះវរបិតាសួគ៌គឺជា ‹ ព្រះវរបិតាខាងវិញ្ញាណ › » ។ វិធីមួយដើម្បីធ្វើកិច្ចការនេះគឺបង្ហាញអក្សរទីមួយនៃពាក្យនីមួយៗក្នុងសេចក្ដីយោងបទគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះនៅលើក្ដារខៀន ៖ ហ ១២:៩ ព ស គ « ព ប ខ វ » ។
សូមអញ្ជើញសិស្សឲ្យព្យាយាមនិយាយឡើងវិញនូវសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះដោយប្រើអក្សរទីមួយជាតម្រុយ ។ បន្ទាប់ពីថាដដែលៗពីរបីដង សូមលុបអក្សរទីមួយខ្លះចេញ ហើយមើលថាតើសិស្សនៅតែអាចសូត្រវាបានត្រឹមត្រូវដែរឬទេ ។ បន្ទាប់មក សូមលុបអក្សរទាំងអស់ ហើយថាឡើងវិញនូវសេចក្ដីយោងបទខគម្ពីរ និងឃ្លាបទគម្ពីរគន្លឹះទាំងអស់គ្នា ។
រៀនអនុវត្ត
សូមជួយសិស្សឲ្យរំឭកគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណឡើងវិញ ។ សកម្មភាពខាងក្រោមគឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។ សូមពិចារណាបង្ហាញពាក្យគន្លឹះខាងក្រោម ហើយសួរសំណួរដូចតទៅនេះ ។
ដើម្បីជួយអ្នកឲ្យពិនិត្យមើលគោលការណ៍បីនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ សូមពិចារណាពាក្យគន្លឹះខាងក្រោម ៖
-
សេចក្តីជំនឿ
-
ទស្សនៈវិស័យ
-
ប្រភពនានា
សូមឆ្លើយសំណួរខាងក្រោមនេះ ។ ប្រសិនបើចាំបាច់ សូមមើលកថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
-
តើពាក្យនីមួយៗទាំងនេះទាក់ទងនឹងគោលការណ៍បីយ៉ាងនៃការទទួលបានចំណេះដឹងខាងវិញ្ញាណយ៉ាងដូចម្ដេច ?
-
ហេតុអ្វីវាសំខាន់ដើម្បីយល់ និងអនុវត្តគោលការណ៍ទាំងនេះ ?
សូមអញ្ជើញសិស្សឲ្យរៀបចំអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងគោលលទ្ធិដែលបានបង្រៀននៅក្នុង ហេព្រើរ ១២:៩ ។ វិធីមួយដើម្បីធ្វើវាគឺបង្ហាញសំណួរខាងក្រោមជាមួយនឹងចន្លោះទទេរបស់វានៅលើក្តារខៀន ហើយបំពេញអ្វីដែលបាត់រួមគ្នាជាថ្នាក់ ម៉្យាងទៀត សូមពិចារណាប្រើស្ថានភាពដែលបានផ្តល់ជាឧទាហរណ៍មួយបន្ទាប់ពីសំណួរទាំងនោះ ។
______________________________________ ( ឈ្មោះ ) គឺជាយុវជនដែល __________________________________________________________________ ( ស្ថានភាព ឬបញ្ហា ) ។ ការណ៍នេះធ្វើឲ្យគាត់មានអារម្មណ៍ថា ____________________________________________________________ ។ ទាក់ទងនឹងទំនាក់ទំនងរបស់គាត់ជាមួយព្រះ នោះគាត់គិតថា ________________________________________________________________________________________________________________________________________________________________________________________________________________________________________________________________ ។
ឧទាហរណ៍ ស្ថានភាពដែលបានបំពេញចប់មួយអាចមើលទៅមានលក្ខណៈដូចនេះ ៖
ឡេសស្លីគឺជាយុវនារីម្នាក់ដែលពូកែក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើន ហើយជាអ្នកដឹកនាំក្នុងចំណោមមិត្តភក្តិរបស់នាង ។ ការណ៍នេះធ្វើឲ្យនាងមានអារម្មណ៍សប្បាយរីករាយ ។ ទាក់ទងនឹងទំនាក់ទំនងរបស់នាងជាមួយព្រះ នាងគិតថាជីវិតរបស់នាងដំណើរការទៅយ៉ាងល្អ ដែលនាងពិតជាមិនឃើញមានតម្រូវការផ្តោតទៅលើទ្រង់ខ្លាំងពេកនោះទេ ។
សូមពិចារណាបង្ហាញសំណួរដែលមាននៅក្រោមគោលការណ៍នីមួយៗខាងក្រោមនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សិស្សអាចពិភាក្សាសំណួរទាំងនោះជាមួយគ្នាជាថ្នាក់ ជាគូ ឬជាក្រុមតូចៗ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច
-
តើអ្នកគិតថា ព្រះវរបិតាសួគ៌ទតឃើញពីបុគ្គលនេះដោយរបៀបណា ? ហេតុអ្វីវាសំខាន់សម្រាប់បុគ្គលនេះដើម្បីដឹងពីរបៀបដែលព្រះវរបិតាសួគ៌ទតឃើញពួកគេ ?
-
តើការយល់ដឹងកាន់តែប្រសើរឡើងអំពីអត្តសញ្ញាណដ៏ទេវភាពរបស់ពួកគេក្នុងនាមជាបុត្ររបស់ព្រះ អាចជះឥទ្ធិពលលើបុគ្គលក្នុងស្ថានភាពនេះយ៉ាងដូចម្ដេច ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើអ្នកបានរៀនអ្វីខ្លះពីការសិក្សា ហេព្រើរ ១២:៩ ដែលអាចជួយក្នុងស្ថានភាពនេះបាន ?
-
តើប្រភពអ្វីផ្សេងទៀតដែលបុគ្គលនៅក្នុងស្ថានភាពរបស់អ្នកអាចសិក្សាដោយខ្លួនឯង ដើម្បីស្វែងរកការយល់ដឹងបន្ថែម ?
សូមទុកពេលឲ្យសិស្សស្វែងរក ស្រាវជ្រាវ និងចែកចាយធនធានបន្ថែមមួយចំនួនដែលបានរៀបរាប់នៅក្នុងសំណួរខាងលើ ។ ប្រសិនបើពួកគេត្រូវការជំនួយ សូមពិចារណាឲ្យពួកគេមើលផ្នែក « វិចារណកថា និងព័ត៌មានសាច់រឿង » នៅចុងបញ្ចប់នៃមេរៀនមុនអំពី « ហេព្រើរ ១២:៩ » ។
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
-
តើបទពិសោធន៍អ្វីខ្លះ ទោះជាផ្ទាល់ខ្លួន ឬតាមរបៀបផ្សេងទៀត ដែលផុសមកក្នុងគំនិត ពេលអ្នកគិតអំពីការធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? តើអ្នកអាចប្រើវិធីទាំងនេះដើម្បីជួយមនុស្សក្នុងស្ថានភាពរបស់អ្នកដោយរបៀបណា ?
-
តើអនុសាសន៍អ្វីខ្លះដែលអ្នកអាចផ្តល់ដល់បុគ្គលនៅក្នុងស្ថានភាពរបស់អ្នក ដើម្បីជួយពួកគេឲ្យធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
សូមពិចារណាបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីអត្តសញ្ញាណដ៏ទេវភាពរបស់យើងក្នុងនាមជាបុត្រាបុត្រីរបស់ព្រះ ឬអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការអនុញ្ញាតឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេបានរៀន និងទទួលអារម្មណ៍ដោយការសួរសំណួរ ។ ឧទាហរណ៍ « ហេតុអ្វីអ្នកគិតថា ហេព្រើរ ១២:៩ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ? « តើអ្នកបានរៀនអ្វីខ្លះក្នុងការសិក្សាវគ្គបទគម្ពីរនេះ ដែលអ្នកមិនធ្លាប់ដឹងពីមុនមក ? » ឬ « តើអ្នកអាចអនុវត្តបទគម្ពីរនេះដោយផ្ទាល់ទៅជីវិតរបស់អ្នកដោយរបៀបណា ? »
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សកម្មភាពរំឭកឡើងវិញខាងក្រោមនេះ គប្បីប្រើប្រាស់នៅក្នុងមេរៀនមួយដែលត្រូវបង្រៀនបន្ទាប់នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
ដើម្បីជួយសិស្សក្នុងការទន្ទេញចាំរបស់ពួកគេ និងការយល់ដឹងអំពី ហេព្រើរ ១២:៩ និងឃ្លាបទគម្ពីរគន្លឹះរបស់វា សូមថាសេចក្ដីយោង ហើយអញ្ជើញសិស្សឲ្យថាឡើងវិញនូវឃ្លា « ព្រះវរបិតាសួគ៌គឺជា ‹ ព្រះវរបិតាខាងវិញ្ញាណ › » ។ បន្ទាប់មកថាឃ្លានោះឡើងវិញ ហើយអញ្ជើញសិស្សឲ្យសូត្រសេចក្ដីយោងនោះផងដែរ ។ វាក៏អាចមានប្រយោជន៍ផងដែរក្នុងការរួមបញ្ចូលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៃព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀត ដែលជាផ្នែកមួយនៃការរំឭកឡើងវិញនេះ ។
សកម្មភាពរៀនសូត្របន្ថែម
ស្ថានភាពជំនួស
ជាជម្រើសមួយក្នុងការឲ្យសិស្សបំពេញសំណួរដែលបានផ្ដល់ឲ្យកាលពីដំបូងនៅក្នុងមេរៀននេះ សូមពិចារណាបង្ហាញស្ថានភាពសាមញ្ញមួយចំនួនដូចខាងក្រោម ហើយអនុញ្ញាតឲ្យសិស្សជ្រើសរើសស្ថានភាពមួយដើម្បីឆ្លើយតប ។
-
ស៊ូស៊ីមានទំនាក់ទំនងមិនល្អជាមួយឪពុកម្តាយរបស់នាង ។ នៅពេលនាងគិតអំពីការក្លាយជាបុត្ររបស់ព្រះ នាងឆ្ងល់ថាតើទ្រង់គ្រាន់តែជាព្រះមួយអង្គទៀតដែលមិនសព្វព្រះទ័យនឹងជម្រើសរបស់នាង ហើយចង់បញ្ជានាងអំពីអ្វីដែលត្រូវធ្វើមែនឬទេ ។
-
អាម៉ារីចំណាយពេលច្រើនដើម្បីដើរឲ្យទាន់សម័យកាលនៃពិភពលោកនេះ ។ ជួនកាល នាងចូលរួមក្នុងឥរិយាបទដែលផ្ទុយនឹងបទបញ្ញត្តិរបស់ព្រះ ហើយឆ្ងល់ថាហេតុអ្វីនាងគ្មានអារម្មណ៍រីករាយខ្លាំងនៅក្នុងជីវិតរបស់នាង ។