ចំណេះចំណានខាងគោលលទ្ធិ ៖ អេភេសូរ ២:១៩–២០
សាសនាចក្រនេះត្រូវបានបង្កើតឡើង នៅក្នុងព្រះយេស៊ូវគ្រីស្ទ និងពួកសាវក និងពួកព្យាការីរបស់ទ្រង់
នៅក្នុងការសិក្សារបស់អ្នកអំពីអេភេសូរ ២ អ្នកបានរៀនថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទត្រូវបានស្ថាបនាឡើងនៅលើគ្រឹះនៃពួកសាវក និងពួកព្យាការី ហើយថាព្រះយេស៊ូវគ្រីស្ទគឺជាថ្មជ្រុងយ៉ាងឯក ។ គោលបំណងនៃមេរៀននេះគឺដើម្បីបង្កើនចំណេះចំណានរបស់អ្នកលើការបង្រៀនទាំងនេះ នៅពេលអ្នកទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះសម្រាប់ អេភេសូរ ២:១៩–២០ ពន្យល់ពីគោលលទ្ធិ និងអនុវត្តតាមគោលលទ្ធិ និងគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅក្នុងស្ថានភាពជីវិតជាក់ស្ដែង ។
ការរៀបចំរបស់សិស្ស ៖ សូមពិចារណាប្រាប់សិស្សអំពីស្ថានភាពនៃការរៀនអនុវត្តតាមមេរៀននេះ ហើយអញ្ជើញពួកគេឲ្យពិចារណាពីរបៀបដែលពួកគេអាចប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីជួយមិត្តរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
វគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវបានរៀបចំឡើង ដើម្បីបង្រៀនបន្ទាប់ពីមេរៀន « អេភេសូរ ២ » ដែលជាមេរៀនបរិបទសម្រាប់វគ្គចំណេះចំណានខាងគោលលទ្ធិ អេភេសូរ ២:១៩–២០ ។ ប្រសិនបើមេរៀនវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះត្រូវប្តូរទៅសប្តាហ៍ផ្សេង សូមប្រាកដថាបានបង្រៀនមេរៀនបរិបទ ដែលត្រូវគ្នានៅអំឡុងសប្តាហ៍នោះផងដែរ ។
ទន្ទេញ និងពន្យល់
ដើម្បីជួយអ្នកឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិនេះ និងឃ្លាបទគម្ពីរគន្លឹះ សូមសរសេរដូចខាងក្រោមយ៉ាងហោចណាស់បីដងក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖ « អេភេសូរ ២:១៩–២០ ។ សាសនាចក្រត្រូវបាន ‹ ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក › » ។
អ្នកអាចសរសេរឃ្លាតាមរបៀបដែលបង្ហាញពីសេចក្ដីពិតនេះផងដែរ ។ ឧទាហរណ៍ អ្នកអាចគូររូបចតុកោណកែងជុំវិញឃ្លានេះ ដើម្បីជានិមិត្តរូបនៃគ្រឹះមួយ ហើយគូររូបព្រះវិហារនៅពីលើរូបចតុកោណកែងនោះ ។ ឬប្រសិនបើអ្នកគូរឧទាហរណ៍ពីគ្រឹះនេះសម្រាប់មេរៀនមុន នោះអ្នកអាចសរសេរឃ្លាគន្លឹះនៅលើ ឬនៅជិតគំនូរនោះ ។
វាអាចមានប្រសិទ្ធភាពដើម្បីបង្ហាញនិមិត្តសញ្ញានៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយសួរសិស្សអំពីរបៀបដែលវាទាក់ទងនឹង អេភេសូរ ២:១៩–២០ ។ សូមពិចារណាពីការបង្ហាញវីដេអូ « Opening the Heavens for Help » ចាប់ពីលេខកូដម៉ោង ៤:០៩ ដល់ ៥:០៨ ដែលប្រធាន រ័សុល អិម ណិលសុន ពិពណ៌នាអំពីនិមិត្តសញ្ញានោះ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមផ្តល់ឱកាសដល់សិស្សដើម្បីពន្យល់ពីគោលលទ្ធិខាងក្រោមដែលបានបង្រៀននៅក្នុង អេភេសូរ ២:១៩–២០ ៖ សាសនាចក្រត្រូវបាន « ស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក » ។ សកម្មភាពខាងក្រោមគឺជាគំនិតមួយ ។ សិស្សអាចធ្វើជំហានទាំងបីនេះរៀងៗខ្លួន ឬជាគូ ។
ក. សូមអាន អេភេសូរ ២:១៩–២០ ហើយសញ្ជឹងគិតអំពីសារលិខិតដែលខគម្ពីរនេះមាន ។
ខ. សូមគិតអំពីសំណួរដែលនរណាម្នាក់អាចមានអំពីពួកព្យាការី និងពួកសាវក ដែល អេភេសូរ ២:១៩–២០ អាចជួយឆ្លើយបាន ។ ឧទាហរណ៍ខ្លះអាចជា « ហេតុអ្វីបានជាព្រះវិហាររបស់អ្នកមានពួកព្យាការី និងពួកសាវក ? » « តើបទគម្ពីរបង្រៀនអ្វីខ្លះអំពីពួកព្យាការី និងពួកសាវក ? ឬ « តើអ្វីទៅជាទំនាក់ទំនងរវាងព្រះអង្គសង្គ្រោះ និងពួកព្យាការី និងពួកសាវក ? សូមសរសេរសំណួររបស់អ្នក ។
គ. ដោយប្រើ អេភេសូរ ២:១៩–២០ សូមសរសេរអ្វីដែលអ្នកនឹងនិយាយ ដើម្បីឆ្លើយសំណួរ ។
ជំនួសឲ្យការអញ្ជើញសិស្សឲ្យសរសេរចម្លើយរបស់ពួកគេសម្រាប់ជំហាន គ សូមពិចារណាសួរពួកគេឲ្យធ្វើការជាគូ ហើយឆ្លើយសំណួរគ្នាទៅវិញទៅមកសិន ។ សូមស្តាប់ចម្លើយរបស់ពួកគេ ហើយវាយតម្លៃថាតើសិស្សយល់ច្បាស់យ៉ាងណា ។ ប្រសិនបើចាំបាច់ សូមមើល អេភេសូរ ២:១៩–២០ ជាមួយ សិស្ស និងសម្ភារចាំបាច់ណាមួយពីមេរៀន « អេភេសូរ ២ » ។
រៀនអនុវត្ត
ក្នុងអំឡុងពេលសកម្មភាពខាងក្រោម សូមវាយតម្លៃចំណេះដឹងរបស់សិស្សអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ហើយជួយពួកគេប្រសិនបើចាំបាច់ ។
សកម្មភាពខាងក្រោមអាចជួយអ្នកឲ្យពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សូមផ្គូផ្គងសេចក្ដីថ្លែងការណ៍នេះជាមួយនឹងគោលការណ៍ដែលត្រឹមត្រូវនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ប្រសិនបើចាំបាច់ សូមប្រើកថាខណ្ឌទី ៥–១២ នៅក្នុងផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណនៃ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ដើម្បីជួយអ្នក ។
|
១. អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះត្រង់ គួរតែប្រុងប្រយត្ន័ចំពោះប្រភពព័ត៌មានដែលមិនគួរទុកចិត្តផងដែរ ។ ២. កាលយើងស្មោះត្រង់ចំពោះសេចក្ដីពិត និងពន្លឺ ដែលយើងបានទទួល នោះយើងនឹងទទួលបានវាបន្ថែមទៀត ។ ៣. នៅពេលយើងបន្តរឹងមាំលើទំនុកចិត្តរបស់យើងទៅលើព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ នោះយើងអាចយល់ឃើញបញ្ហានានាកាន់តែច្បាស់ ។ |
ក. ធ្វើសកម្មភាពដោយសេចក្ដីជំនឿ ។ ខ. សូមពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ។ គ. សូមស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព ។ |
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគូមួយដែលពួកគេបានផ្គូផ្គង ហើយពន្យល់ពីមូលហេតុដែលសេចក្តីថ្លែងការណ៍ជាក់លាក់ណាមួយ ដែលពួកគេជ្រើសរើសអាចជួយពួកគេឲ្យទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមស្រមៃថាមិត្តជិតស្និទ្ធរបស់អ្នកឈ្មោះ អេស្ទែល មានអារម្មណ៍ជំទាស់ ។ នាងមានទីបន្ទាល់អំពីពួកព្យាការី និងពួកសាវក ប៉ុន្តែនាងប្រឆាំងនឹងការបង្រៀនរបស់សាសនាចក្របច្ចុប្បន្ន ។ តាមពិត នាងមានអារម្មណ៏ប្រឆាំងនឹងការបង្រៀនបច្ចុប្បន្នរបស់សាសនាចក្រយ៉ាងខ្លាំង ។ នាងសុំជំនួយដើម្បីដឹងពីអ្វីដែលត្រូវធ្វើ ។ នៅពេលនោះ អ្នកមិនដឹងថាត្រូវនិយាយអ្វីនោះទេ ប៉ុន្តែអ្នកសម្រេចចិត្តធ្វើតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលអ្នកបានប្រើនៅក្នុងថ្នាក់សិក្ខាសាលា ដើម្បីរៀបចំជួយមិត្តរបស់អ្នក ។
សូមប្រើតារាងខាងក្រោមដើម្បីគិតពិចារណាពីគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកអំពីពួកព្យាការី និងពួកសាវក និងរបៀបដែលអ្នកអាចជួយ អេស្ទែល ។
សូមពិចារណាសរសេរព័ត៌មានខាងក្រោមនៅលើក្ដារខៀន ឬរៀបចំសំណួរនៅលើក្រដាសមួយសន្លឹកសម្រាប់សិស្សប្រើប្រាស់ ។
|
តើខ្ញុំបានរៀនទុកចិត្ត ហើយដើរតាមពួកសាវក និងពួកព្យាការីដោយរបៀបណា ? |
តើខ្ញុំអាចជួយមិត្តរបស់ខ្ញុំដោយរបៀបណា ? |
|
តើខ្ញុំមានបទពិសោធន៍អ្វីខ្លះ នៅពេលខ្ញុំធ្វើសកម្មភាពដោយសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទ ដើម្បីធ្វើតាមពួកសាវក និងពួកព្យាការីរបស់ទ្រង់ ? តើបទពិសោធន៍មួយណាអាចមានប្រយោជន៍ក្នុងការចែកចាយជាមួយ អេស្ទែល ? |
តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ អេស្ទែល ដើម្បីជួយនាងឲ្យពិចារណាអំពីរបៀបដែលព្រះអម្ចាស់អាចនឹងសព្វព្រះទ័យឲ្យនាងធ្វើសកម្មភាពដោយសេចក្ដីជំនឿ ? |
|
តើខ្ញុំបានដឹងអ្វីខ្លះអំពីព្រះវរបិតាសួគ៌ ផែនការរបស់ទ្រង់ និងរបៀបដែលទ្រង់ប្រាស្រ័យទាក់ទងជាមួយនឹងកូនចៅរបស់ទ្រង់ ដែលអាចជួយ អេស្ទែល ក្នុងស្ថានភាពនេះ ? |
តើសំណួរអ្វីខ្លះដែលខ្ញុំអាចសួរ អេស្ទែល ដើម្បីជួយនាងឲ្យមើលឃើញកង្វល់របស់នាងជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ? |
|
តើប្រភពដែលបានតែងតាំងដ៏ទេវភាពណាបានជួយខ្ញុំឲ្យទុកចិត្តលើពួកសាវក និងពួកព្យាការី ? តើវាបានជួយខ្ញុំដោយរបៀបណា ? |
តើប្រភពដែលបានតែងតាំងដ៏ទេវភាពអ្វីខ្លះដែលខ្ញុំនឹងណែនាំឲ្យ អេស្ទែល ងាកទៅរក ? |
ប្រសិនបើសិស្សត្រូវការជំនួយជាមួយនឹងសំណួរដើម្បីជួយ អេស្ទែល ឲ្យមើលឃើញពីកង្វល់របស់នាងជាមួយនឹងទស្សនវិស័យដ៏នៅអស់កល្បជានិច្ច សូមពិចារណាប្រើឧទាហរណ៍ខាងក្រោម ៖
-
តើអ្នកបានដឹងអ្វីខ្លះហើយអំពីតួនាទីរបស់ពួកព្យាការី និងពួកសាវកនៅក្នុងផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ?
-
តើអ្នកមានកង្វល់អ្វីខ្លះចំពោះការបង្រៀនដ៏ជាក់លាក់នេះ ? តើគោលការណ៍អ្វីខ្លះនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ អាចជួយអ្នកឲ្យយល់វាកាន់តែច្បាស់ ?
-
តើការសម្រេចចិត្តធ្វើតាមពួកព្យាការី និងពួកសាវក ឬមិនធ្វើតាមពួកលោក អាចជះឥទ្ធិពលមកលើអ្នកបន្តិចម្តងៗដោយរបៀបណា ? តើវាអាចប៉ះពាល់ដល់ទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌របស់អ្នកយ៉ាងដូចម្តេច ?
ប្រសិនបើសិស្សត្រូវការជំនួយក្នុងការផ្តល់អនុសាសន៍ពីប្រភពដែលបានតែងតាំងដ៏ទេវភាពសម្រាប់ អេស្ទែល ដើម្បីសិក្សា សូមពិចារណាអញ្ជើញពួកគេឲ្យអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ២១:៤–៦ និង នីហ្វៃទី១ ២:១១, ១៦, ១៩ ។ ពួកគេក៏អាចត្រូវបានអញ្ជើញឲ្យអាននូវអ្វីដែលប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍អំពីការធ្វើតាមដំបូន្មានរបស់ពួកព្យាការី និងពួកសាវកនៅក្នុងសុន្ទរកថារបស់លោក « Finding Safety in Counsel » ( Ensign ខែ ឧសភា ឆ្នាំ ១៩៩៧ ទំព័រ ២៥ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
សូមអញ្ជើញសិស្សឲ្យដើរតួសម្តែងពីអ្វីដែលពួកគេអាចនិយាយទៅកាន់ អេស្ទែល ជាមួយដៃគូ ឬក្នុងក្រុមតូចមួយ ។ សិស្សក៏អាចគូររូបគំនូរជីវចលដែលមានរូបរាងដូចមនុស្សចង្កឹះ និងពពុះការគិតផងដែរ ។
សូមពិចារណាសួរសំណួរតាមដានដូចជា « តើអ្នកមានអារម្មណ៍ជឿជាក់ក្នុងការប្រើប្រាស់គោលការណ៍នៃការទទួលបានចំណេះដឹងដើម្បីជួយអ្នកដទៃតាមរបៀបណាខ្លះ ? ហេតុអ្វី ? » « តើអ្នកចង់បានជំនួយ ឬការអនុវត្តផ្នែកណាខ្លះ ? »
សូមសរសើរសិស្សអំពីរបៀបដែលពួកគេកំពុងប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណបានយ៉ាងល្អ និងរបៀបដែលពួកគេកំពុងកែលម្អ ។
សូមពិចារណាចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬទីបន្ទាល់ដើម្បីលើកទឹកចិត្តសិស្ស ។
ការរំឭកចំណេះចំណានខាងគោលលទ្ធិ
សូមប្រើសកម្មភាពដូចតទៅនេះ ដើម្បីពិនិត្យមើលវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះនៅក្នុងមេរៀនបន្ទាប់ ។
នៅលើក្តារខៀន សូមគូរគ្រោងសាមញ្ញនៃអគារព្រះវិហារដែលមានរូបចតុកោណកែងនៅពីក្រោមវា ដើម្បីតំណាងឲ្យគ្រឹះ ។ នៅក្នុងចតុកោណកែងនេះ សូមសរសេរដូចតទៅ ៖ អេភេសូរ _:១៩–២០ សាសនាចក្រត្រូវបាន « ស្អាងឡើងលើ__________________នៃ_____________ និង_____________ ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជា_____________ _________ឯក » ។ សូមអញ្ជើញសិស្សឲ្យបំពេញចន្លោះទាំងនោះ ។ សូមបញ្ចប់ការរំឭកឡើងវិញនេះដោយអញ្ជើញសិស្សឲ្យសូត្រសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះជាច្រើនដង ដោយលុបពីរបីពាក្យចេញម្ដងបន្តិចៗ ។
សកម្មភាពរៀនសូត្របន្ថែម
ស្ថានភាពជំនួស
សូមពិចារណាប្រើសាច់រឿងដូចខាងក្រោមជាការជំនួសមួយនៅក្នុងមេរៀននេះ ។
សូមស្រមៃថា មិត្តជិតស្និទ្ធរបស់អ្នកឈ្មោះ អេស្ទែល និងគ្រួសាររបស់នាងនៅតែជឿលើព្រះយេស៊ូវគ្រីស្ទ និងព្រះគម្ពីរប៊ីប ប៉ុន្តែកំពុងគិតអំពីការចាកចេញពីសាសនាចក្រ ដោយសារពួកគេមិនយល់ស្របនឹងរឿងមួយចំនួនដែលពួកព្យាការី និងពួកសាវកកំពុងបង្រៀននាពេលបច្ចុប្បន្ននេះ ។ នាងសុំជំនួយដើម្បីដឹងពីអ្វីដែលត្រូវធ្វើ ។