ពេត្រុស ទី២ ១
ការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ
ពេត្រុសបានសរសេរសំបុត្រទៅកាន់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសេចក្ដីជំនឿរបស់ពួកគេរឹងមាំ ។ នៅពេលជិតដល់ទីបញ្ចប់នៃជីវិតរបស់លោក ពេត្រុសចង់ជួយពួកបរិសុទ្ធទាំងនេះឲ្យចងចាំនូវពរជ័យដ៏អស្ចារ្យដែលបានសន្យាចំពោះមនុស្សស្មោះត្រង់ ។ លោកបានលើកទឹកចិត្តដល់ពួកបរិសុទ្ធឲ្យអភិវឌ្ឍបុគ្គលិកលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ ។ មេរៀននេះមានគោលបំណងជួយអ្នកឲ្យបោះជំហានដើម្បីប្រែក្លាយជាមនុស្សកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
ការជួយសិស្សឲ្យយល់អំពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។ នៅពេលសិស្សរៀនអំពីព្រះអង្គសង្គ្រោះ សូមជួយពួកគេឲ្យរៀនបន្ថែមអំពីអ្វីដែលទ្រង់បានមានព្រះបន្ទូល និងបានធ្វើ ហើយរៀនថាទ្រង់ជានរណា ។ របៀបមួយដើម្បីធ្វើរឿងនេះគឺផ្ដោតលើគុណលក្ខណៈរបស់ទ្រង់ ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគុណលក្ខណៈមួយណាដែលពួកគេកោតសរសើរបំផុតអំពីព្រះយេស៊ូវគ្រីស្ទ និងមូលហេតុ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជោគជ័យមួយជំហានម្តងៗ
-
តើអ្វីជាគោលដៅដ៏មានន័យដែលអ្នកចង់សម្រេចជោគជ័យ ?
-
តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីសម្រេចគោលដៅនេះបាន ?
អែលឌើរ ស្កត ឌី វិតធីង នៃពួកចិតសិបនាក់បានចែកចាយមេរៀនមួយ ដែលលោក និងភរិយារបស់លោកបានរៀនអំឡុងពេលបទពិសោធន៍មួយដែលពួកលោកមានពេលឡើងភ្នំហ្វូជី នៅប្រទេសជប៉ុន ។ មេរៀនដែលពួកគេបានរៀនអាចជួយអ្នកធ្វើកិច្ចការឆ្ពោះទៅរកគោលដៅរបស់អ្នក ។អ្នកអាចមើលវីដេអូ « Becoming like Him » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីលេខកូដម៉ោង ២:៣៥ ដល់ ៣:០៩ ឬអានសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះ ៖
កាលពីពីរបីឆ្នាំមុន ភរិយាខ្ញុំ និងខ្ញុំបានឈរនៅដើមផ្លូវនៃភ្នំដ៏ខ្ពស់បំផុតរបស់ប្រទេសជប៉ុន គឺជាភ្នំហ្វូជី ។ ពេលយើងបានចាប់ផ្ដើមដំណើរឡើងភ្នំរបស់យើង យើងបានសម្លឹងមើលទៅលើកំពូលភ្នំដែលនៅឆ្ងាយនោះ ហើយឆ្ងល់ថាតើយើងអាចឡើងទៅដល់ទីនោះឬទេ ។
កាលដែលយើងបានធ្វើដំណើរទៅ យើងអស់កម្លាំង ឈឺសាច់ដុំ និងទទួលឥទ្ធិពលនៃសម្ពាធខ្ពស់នោះ ។ តាមចិត្ត វាសំខាន់ចំពោះយើងដើម្បីផ្ដោតតែទៅលើជំហានបន្ទាប់ទៀតប៉ុណ្ណោះ ។ យើងនិយាយថា « ខ្ញុំអាចនឹងមិនទៅដល់កំពូលឆាប់ៗទេ ប៉ុន្តែខ្ញុំអាចបោះជំហានបន្ទាប់នេះ នៅពេលឥឡូវនេះ » ។ យូរៗទៅ កិច្ចការដ៏លំបាកនោះបានក្លាយជាអ្វីដែលអាចសម្រេចបាននៅទីបំផុត—មួយជំហានម្ដងៗ ។
( ស្កត់ ឌី វីតធីង « ការប្រែក្លាយដូចជាទ្រង់ » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១២ )
-
ឧទាហរណ៍នេះអាចអនុវត្តចំពោះការសម្រេចបាននូវគោលដៅផ្សេងៗគ្នាជាច្រើន ។ តើវាអាចជួយយើងឲ្យយល់អំពីគោលដៅនៃការប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទអ្វីខ្លះ ?
សូមចំណាយពេលបន្តិចដើម្បីសញ្ជឹងគិតពីអ្វីដែលអ្នកបានធ្វើ ហើយកំពុងធ្វើដើម្បីប្រែក្លាយដូចជាព្រះយេស៊ូវគ្រីស្ទ ។
-
តើការព្យាយាមធ្វើឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទមានការលំបាកអ្វីខ្លះ ?
-
តើអ្វីបានជួយអ្នកឲ្យរីកចម្រើនដើម្បីប្រែក្លាយឲ្យកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ?
សូមចងចាំថា វាជារឿងសំខាន់ក្នុងការមើលពីការរីកចម្រើនរបស់អ្នកក្នុងការក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ដែលជាដំណើរការមួយជំហានម្តងៗ ។ នៅពេលអ្នកសិក្សាមេរៀននេះ សូមរកមើលអ្វីដែលអ្នកអាចនឹងធ្វើជាមួយនឹងជំនួយរបស់ព្រះអង្គសង្គ្រោះដើម្បីឈានទៅជំហានបន្ទាប់ ។
និស្ស័យនៃព្រះ
នៅក្នុងសំបុត្រមួយទៅកាន់សមាជិកនៃសាសនាចក្រដែលមានសេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទរួចហើយនោះ សាវកពេត្រុសបានបង្ហាញពីបំណងប្រាថ្នារបស់លោកដើម្បីឲ្យពួកគេទទួលបានពរជ័យនៃការស្គាល់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ និងនិស្ស័យនៃព្រះរបស់ទ្រង់ទាំងទ្វេ ។
សូមអាន ពេត្រុសទី២ ១:២–៤ ដោយរកមើលពរជ័យដែលអាចមករកយើងតាមរយៈចំណេះដឹងនេះ ។
-
តើអ្នកគិតថាវាមានន័យយ៉ាងណាចំពោះ « អ្នករាល់គ្នាបានចំណែកជានិស្ស័យនៃព្រះ » ? ( ពេត្រុស ទី២ ១:៤ ) ។
យើងម្នាក់ៗមាននិស្ស័យដ៏ទេវភាព ដោយសារយើងម្នាក់ៗជា « បុត្រា ឬបុត្រីនៃវិញ្ញាណដ៏ជាទីស្រឡាញ់នៃមាតាបិតាសួគ៌ » ( « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ព្រះយេស៊ូវគ្រីស្ទអាចជួយយើងអភិវឌ្ឍ និងកែលម្អគុណលក្ខណៈដូចជាព្រះគ្រីស្ទ នៅពេលយើងខិតខំធ្វើតាមគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ហើយពឹងផ្អែកលើទ្រង់ដើម្បីជួយយើងផ្លាស់ប្តូរ ។
សូមពិចារណាគូរគ្រោងសាមញ្ញនៃភ្នំនៅលើក្ដារខៀន ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមគូរគ្រោងដ៏សាមញ្ញមួយនៃភ្នំហ្វូជី ឬភ្នំផ្សេងទៀតដែលអ្នកជ្រើសរើស ។ នៅលើភ្នំរបស់អ្នក សូមសរសេរគុណលក្ខណៈពីរបីរបស់ព្រះយេស៊ូវគ្រីស្ទ ។
សូមពិចារណាអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរអំពីគុណលក្ខណៈដូចព្រះគ្រីស្ទនៅលើរូបគំនូរភ្នំនៅលើក្ដារខៀន ។ សិស្សអាចត្រូវបានអញ្ជើញឲ្យសញ្ជឹងគិតអំពីការរៀបចំរបស់ពួកគេសម្រាប់ថ្នាក់ នៅពេលពួកគេរកឃើញពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ ។
-
តើគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទមួយណាដែលអ្នកកោតសរសើរបំផុត ? ហេតុអ្វី ?
សូមអាន ពេត្រុសទី២ ១:៥–៧ ដោយរកមើលគុណលក្ខណៈដូចព្រះគ្រីស្ទដែលពេត្រុសបានសរសេរ ។ បន្ថែមគុណលក្ខណៈទាំងនេះទៅនឹងអ្វីដែលអ្នកបានសរសេរនៅលើរូបភ្នំរបស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ។
សូមចំណាយពេលមួយភ្លែតដើម្បីគិតអំពីអ្វីដែលពេត្រុសចង់មានន័យចំពោះឃ្លា « បន្ថែមឲ្យមានសេចក្តីឧស្សាហ៍ដែរ » ( ខទី ៥ ) ។
-
តើអ្នកអាចបង្ហាញវានៅក្នុងដ្យាក្រាមរបស់អ្នកដោយរបៀបណា ?
សូមពិចារណាបង្ហាញពីសារៈសំខាន់នៃសេចក្ដីឧស្សាហ៍នៅលើដ្យាក្រាមនៅលើក្ដារខៀន ដោយគូសព្រួញឡើងលើភ្នំ ភ្ជាប់ជាមួយនឹងពាក្យ សេចក្ដីឧស្សាហ៍ ( សូមមើលដ្យាក្រាមដែលបានបញ្ចប់នៅពេលក្រោយក្នុងមេរៀនសម្រាប់ឧទាហរណ៍អំពីរបៀបដែលអាចធ្វើវាបាន ) ។
សូមអាន ពេត្រុស ទី២ ១:៨–១១ ដោយរកមើលអ្វីដែលពេត្រុសបានប្រាប់ពួកបរិសុទ្ធថានឹងកើតឡើង ប្រសិនបើពួកគេអភិវឌ្ឍគុណលក្ខណៈទាំងនេះ ។
-
តើអ្វីទៅជាសេចក្ដីពិតដែលអ្នករៀនពីខគម្ពីរទាំងនេះ ?
សិស្សអាចនិយាយអំពីសេចក្ដីពិតផ្សេងៗ រួមមានដូចតទៅនេះ ៖ នៅពេលខ្ញុំអភិវឌ្ឍនិស្ស័យនៃព្រះ នោះខ្ញុំអាចមកស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយទទួលបានការសន្យានៃជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមគិតអំពីអ្វី ដែលអ្នកអាចបន្ថែមទៅក្នុង ដ្យាក្រាមរបស់អ្នក ដោយសារតែអ្វីដែលអ្នកកំពុងរៀន ។ អ្នកអាចនឹងចង់បន្ថែមចំណងជើងនៅពីលើភ្នំរបស់អ្នក ដែលសង្ខេបសេចក្តីពិតសំខាន់មួយដែលអ្នកកំពុងរៀនអំពីការមកស្គាល់ព្រះយេស៊ូវ គ្រីស្ទ ។
-
តើយើងអាចធ្វើអ្វីខ្លះដើម្បីអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ ?
-
តើអ្នកគិតថាការអភិវឌ្ឍគុណលក្ខណៈដ៏ទេវភាពជួយយើងឲ្យស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយប្រែក្លាយកាន់តែដូចទ្រង់យ៉ាងដូចម្ដេច ?
ការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ
ដំណើរនៃការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទអាចចាប់ផ្ដើមដោយជំហានដំបូងដ៏សាមញ្ញនៃការជ្រើសរើសមួយ ហើយសិក្សាបន្ថែមអំពីវា ។ សូមចាប់ផ្ដើមដំណើរនេះនៅថ្ងៃនេះ ដោយជ្រើសរើសគុណលក្ខណៈមួយក្នុងចំណោមគុណលក្ខណៈដែលមាននៅក្នុង ពេត្រុស ទី២ ១:៥–៧ ហើយសរសេរនៅលើដ្យាក្រាមភ្នំរបស់អ្នក ។
វិធីមួយដែលអ្នកអាចស្វែងយល់បន្ថែម អំពីគុណលក្ខណៈ ដែលអ្នកបានជ្រើសរើសគឺដោយប្រើសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ Topical Guide ឬ មុខងារស្វែងរកនៅក្នុងបណ្ណាល័យដំណឹងល្អ ដើម្បីស្វែងរកបទគម្ពីរ ឬ សេចក្តីថ្លែងការណ៍ដែលទាក់ទងនឹងគុណលក្ខណៈនោះ ។
សូមកំណត់ចំណាំនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ហើយពិចារណាលើការគូសចំណាំឃ្លាសំខាន់ៗនៅក្នុងព្រះគម្ពីរដែលអ្នកបានអាន ។
សូមទុកពេលឲ្យសិស្សគ្រប់គ្រាន់ដើម្បីបំពេញសកម្មភាពនេះ ។ សូមជួយឲ្យពួកគេទទួលបានធនធាន ដែលពួកគេចង់ប្រើ ជាឌីជីថល ឬផ្តល់ច្បាប់ចម្លងនៃសម្ភារ ។
សម្រាប់គំនិតបន្ថែមអំពីរបៀបជួយសិស្សឲ្យសិក្សា និងអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ សូមមើលផ្នែក « វិចារណកថា និង ព័ត៌មានសាច់រឿង » នៃមេរៀន ។
សូមពិចារណាប្រើសំណួរមួយចំនួន ឬទាំងអស់ខាងក្រោមដើម្បីផ្តល់ឱកាសឲ្យសិស្សចែកចាយនូវអ្វីដែលពួកគេកំពុងរៀន ។
-
តើគុណលក្ខណៈមួយណាដែលអ្នកជ្រើសរើសផ្តោតលើ ?
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងគុណលក្ខណៈនេះចេញពីការសិក្សាទាំងឡាយរបស់អ្នក ?
-
តើជីវិតរបស់អ្នកអាចត្រូវបានកែលម្អដោយការអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទនេះដោយរបៀបណា ?
-
តើមានការខិតខំអ្វីខ្លះដែលអ្នកមានឆន្ទៈធ្វើ ដើម្បីប្រែក្លាយកាន់តែដូចជាព្រះអង្គសង្គ្រោះ ដោយការអភិវឌ្ឍគុណលក្ខណៈនេះ ?
សូមពិចារណាថ្លែងទីបន្ទាល់អំពីបំណងប្រាថ្នា និងសមត្ថភាពរបស់ព្រះអង្គសង្គ្រោះក្នុងការជួយយើងឲ្យប្រែក្លាយដូចជាទ្រង់ ។ សិស្សអាចត្រូវបានផ្តល់ឱកាសនៅក្នុងមេរៀននាពេលអនាគតដើម្បីរាយការណ៍អំពីការរីកចម្រើនដែលពួកគេកំពុងធ្វើក្នុងការអភិវឌ្ឍន៍គុណលក្ខណៈដូចព្រះគ្រីស្ទដែលពួកគេបានជ្រើសរើសដើម្បីធ្វើតាមនោះ ។
វិចារណកថា និង ព័ត៌មានសាច់រឿង
តើវានឹងត្រូវការអ្វីអំពីខ្ញុំដើម្បីអភិវឌ្ឍគុណលក្ខណៈដូចព្រះគ្រីស្ទ ?
អែលឌើរ ស្កត់ ឌី វីតធីង នៃពួកចិតសិបនាក់បានពន្យល់ ៖
ដើម្បីមើលឃើញការរីកចម្រើនដ៏ពិត បងប្អូននឹងត្រូវតែខិតខំប្រឹងប្រែងឲ្យបានខ្ជាប់ខ្ជួន ។ ដូចគ្នានឹងការឡើងភ្នំដែលតម្រូវឲ្យមានការរៀបចំទុកជាមុន និងមានការតស៊ូ និងការអត់ធ្មត់អំឡុងពេលឡើង ដូច្នេះការធ្វើដំណើរនេះក៏នឹងតម្រូវឲ្យមានកិច្ចប្រឹងប្រែង និងការលះបង់ដ៏ពិតផងដែរ ។ ពួកគ្រីស្ទានដ៏ពិត ដែលយើងពុះពារដើម្បីក្លាយដូចជាលោកគ្រូរបស់យើង តែងតែតម្រូវឲ្យយើងធ្វើអស់ពីសមត្ថភាព ។…
ខ្ញុំដឹងថា ការប្រែក្លាយដូចជាទ្រង់ តាមរយៈជំនួយ និងកម្លាំងដ៏ទេវភាពរបស់ទ្រង់ គឺ អាចសម្រេចទៅបានមួយជំហានម្ដងៗ ។ បើមិនដូច្នោះទេ ទ្រង់នឹងមិនប្រទានដល់យើងនូវបទបញ្ញត្តិនេះទេ [ សូមមើល នីហ្វៃទី១ ៣:៧ ] ។
( ស្កត់ ឌី វីតធីង, « Becoming like Him » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១៤ )
តើមានអ្វីកើតឡើង នៅពេលដែលខ្ញុំព្យាយាមទទួលបានគុណលក្ខណៈដូចព្រះគ្រីស្ទ ?
អែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ ១៩៣២–២០១៧ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
គុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះ កាលយើងយល់ឃើញពីវា គឺវាពុំមែនជាការសរសេរមួយដែលត្រូវធ្វើតាម ឬជាបញ្ជីមួយដើម្បីបំពេញនោះឡើយ ។ វាគឺជាគុណលក្ខណៈដ៏ចាំបាច់ បន្ថែមឲ្យគ្នាទៅវិញទៅមក ដែលអភិវឌ្ឍក្នុងខ្លួនយើងតាមវិធីអន្តរកម្ម ។ និយាយម្យ៉ាងទៀតគឺថា យើងពុំអាចទទួលបុគ្គលិកលក្ខណៈមួយដូចជាព្រះគ្រីស្ទដោយពុំទទួលយក ហើយជះឥទ្ធិលដល់មនុស្សដទៃបានឡើយ ។ កាលបុគ្គលិកលក្ខណៈមួយរឹងមាំ នោះបុគ្គលិកលក្ខណៈជាច្រើនទៀតក៏រឹងមាំដែរ ។
( រ៉ូបឺត ឌី ហែល « Becoming a Disciple of Our Lord Jesus Christ » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦ )
អែលឌើរ ដេវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ជំនួយមកពីព្រះអង្គសង្គ្រោះគឺមានសម្រាប់ដំណើរនៃជីវិតរមែងស្លាប់ទាំងស្រុង—ពីអាក្រក់ទៅជាល្អ ពីល្អ ទៅជាប្រសើរជាង និងដើម្បីផ្លាស់ប្តូរលក្ខណៈធម្មជាតិរបស់យើង ។
( ដេវីឌ អេ បែដណា « The Atonement and the Journey of Mortality » Ensign ខែ មេសា ឆ្នាំ ២០១២ ទំព័រ ៤២; Liahona ខែ មេសា ឆ្នាំ ២០១២ ទំព័រ ១៤ )
សកម្មភាពរៀនសូត្របន្ថែម
« គុណលក្ខណៈដូចព្រះគ្រីស្ទ »
ដើម្បីជួយសិស្សឲ្យសញ្ជឹងគិតអំពីគុណលក្ខណៈរបស់ព្រះយេស៊ូវគ្រីស្ទ សូមមើលវីដេអូ « Christlike Attributes » ( ២:៥៣ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។ ពេលពួកគេមើល សូមអញ្ជើញសិស្សឲ្យគិតអំពីគុណលក្ខណៈរបស់ព្រះអង្គសង្គ្រោះមួយណាដែលពួកគេកោតសរសើរបំផុត ។ បន្ទាប់ពីវីដេអូនេះ សិស្សមួយចំនួនអាចត្រូវបានអញ្ជើញឲ្យចែកចាយការឆ្លើយតបរបស់ពួកគេ ។
//media.ldscdn.org/webvtt/youth/2014-youth-activity-resources/2014-01-001-christlike-attributes-eng.vtt
ដោយប្រើលំនាំប្រាំបីជំហាន
គំរូខាងក្រោមអាចជួយសិស្សឲ្យស្គាល់ព្រះគ្រីស្ទ ហើយអភិវឌ្ឍគុណលក្ខណៈរបស់ទ្រង់ ។ សិស្សអាចត្រូវបានអញ្ជើញឲ្យអានវា ហើយគិតអំពីរបៀបដែលជំហាននីមួយៗអាចនឹងជួយពួកគេឲ្យក្លាយកាន់តែដូចជាព្រះយេស៊ូវគ្រីស្ទ ។
-
សូមគិតអំពីគុណលក្ខណៈដូចព្រះគ្រីស្ទមួយដែលអ្នកចង់អភិវឌ្ឍ ។
-
សូមសរសេរការពិពណ៌នាអំពីគុណលក្ខណៈនេះ ។
-
សូមស្វែងរកវគ្គបទគម្ពីរមួយចំនួនដែលបង្រៀនអំពីគុណលក្ខណៈនេះ ហើយសិក្សាវាឲ្យបានហ្មត់ចត់ ។
-
នៅពេលអ្នកសិក្សា សូមសរសេរសំណួរណាមួយដែលអ្នកចង់ទទួលបានចម្លើយ ។
-
សូមសរសេរពីអារម្មណ៍ និងចំណាប់អារម្មណ៍របស់អ្នក ។
-
សូមកំណត់គោលដៅដែលនឹងជួយអ្នកឲ្យអនុវត្តគុណលក្ខណៈនេះក្នុងជីវិតរបស់អ្នក ។
-
សូមអធិស្ឋានសុំជំនួយពីព្រះអម្ចាស់ ។
-
សូមវាយតម្លៃការរីកចម្រើនរបស់អ្នកជាប្រចាំ ។
សូមពិចារណាបង្ហាញគំរូនេះ ឬផ្តល់សំណៅចែកសម្រាប់សិស្សរក្សាទុក ។
ការត្បាញគុណលក្ខណៈដូចព្រះគ្រីស្ទចូលទៅក្នុងចរិតលក្ខណៈរបស់យើង ។
ប្រសិនបើសិស្សអាចទទួលបានអត្ថប្រយោជន៍ពីមេរៀនប្រើឧបករណ៍បង្រៀនអំពីលក្ខណៈដូចព្រះគ្រីស្ទ សូមពិចារណាប្រើផ្នែក « តាមរយៈព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំអាចអភិវឌ្ឍនិស្ស័យនៃព្រះរបស់ខ្ញុំ » នៅក្នុងគម្រោងមេរៀន ចូរមកតាមខ្ញុំ « ថ្ងៃទី ២០–២៦ ខែ វិច្ឆិកា ពេត្រុស ទី១ និង ទី២ ៖ ‹ ត្រេកអរសាទរក្នុងទ្រង់ ដោយសេចក្តីអំណរដ៏ប្រសើរ ដែលរកថ្លែងមិនបាន › » ( ចូរមកតាមខ្ញុំ—សម្រាប់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ ៖ ព្រះគម្ពីរសញ្ញាថ្មី ឆ្នាំ ២០២៣ ) ។ ផ្ទាំងក្រណាត់ត្បាញ ឬកម្រាលព្រំ ( ឬរូបភាពដែលបានផ្តល់នៅក្នុងគម្រោង ) អាចត្រូវបានប្រើដើម្បីបង្ហាញថា គុណលក្ខណៈដូចព្រះគ្រីស្ទអាចត្រូវបានគេត្បាញចូលគ្នានៅក្នុងនិស្ស័យរបស់យើង ។
សូមពិចារណាផ្តល់ឱកាសដល់សិស្សដើម្បីសិក្សាផ្នែកនៃសុន្ទរកថា « Becoming a Disciple of Our Lord Jesus Christ » ដោយអែលឌើរ រ៉ូបឺត ឌី ហែល ( ឆ្នាំ១៩៣២–២០១៧ ) ( Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤៦–៤៨ ) ។