ចំណេះចំណានខាងគោលលទ្ធិ ៖ ម៉ាថាយ ៥:១៤–១៦
« ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក »
ព្រះអង្គសង្គ្រោះបានណែនាំពួកសិស្សរបស់ទ្រង់ឲ្យធ្វើជាគំរូដល់មនុស្សដទៃ តាមរយៈការធ្វើតាមទ្រង់ ។ មេរៀននេះអាចជួយអ្នកឲ្យប្រើគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីធ្វើជាគំរូដល់មនុស្សដទៃ ហើយចូលកាន់តែជិតព្រះអង្គសង្រ្គោះ ។
ទន្ទេញ និងពន្យល់
សូមអាន ម៉ាថាយ ៥:១៤–១៦។
សូមគូរគំនូរមួយពន្យល់ពីឃ្លាបទគម្ពីរគន្លឹះ « ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺនៅមុខមនុស្សលោក » និងសេចក្ដីយោងរបស់វា ម៉ាថាយ ៥:១៤–១៦។ ពេលអ្នកគូរ សូមគិតពីរបៀបបញ្ចូលសេចក្ដីយោងនេះ ដើម្បីជួយអ្នកឲ្យចងចាំវា ។
ពេលមើលទៅគំនូរនេះ សូមថាសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះឲ្យបានច្រើនដង ។ បន្ទាប់មក សូមងាកមុខចេញ ហើយព្យាយាមអានសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនោះចេញពីការចងចាំ ។
សូមពិចារណាចែករំលែកគំនូររបស់អ្នកជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិម្នាក់ ហើយពន្យល់សេចក្ដីពិតចេញពីវគ្គបទគម្ពីរនេះ ។
រៀនអនុវត្ត
នៅក្នុងការរៀនអនុវត្តនេះ អ្នកនឹងប្រើគោលការណ៍នានានៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីកំណត់ពីរបៀបធ្វើជាគំរូដល់មនុស្សដទៃ ហើយអញ្ជើញពួកគេឲ្យចូលមកកាន់តែជិតព្រះអង្គសង្រ្គោះ ។
សូមរំឭក កថាខណ្ឌទី ៥–១២ នៃផ្នែក « ការទទួលបានចំណេះដឹងខាងវិញ្ញាណ » ឡើងវិញនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២២ ) ។
១. នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមសង្ខេបជាពីរ ឬបីប្រយោគនៃគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
សូមអានស្ថានភាពខាងក្រោមនេះ ហើយគិតពីរបៀបដែលអ្នកអាចឆ្លើយតប ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពរបស់ រ៉ាអ៊ុល ។
រ៉ាអ៊ុល ដែលជាសង្ឃដែលទើបតែបានតែងតាំងថ្មីម្នាក់ កំពុងនៅជាមួយមិត្តភក្តិមួយក្រុម នៅពេលពួកគេពីរបីនាក់ចាប់ផ្តើមនិយាយកំប្លែងចម្អេះចំអាស ហើយនិយាយពាក្យឈ្លើយអំពីនរណាម្នាក់ដែល រ៉ាអ៊ុល ស្គាល់ ។ រ៉ាអ៊ុល មានអារម្មណ៍មិនស្រណុកចិត្ត ហើយដឹងថាអ្វីដែលពួកគេកំពុងធ្វើគឺខុស ។ នៅពេលគាត់មិនដឹងថាត្រូវធ្វើយ៉ាងម៉េចនោះ មិត្តរបស់គាត់ឈ្មោះ ជេសស៊ី ដែលជាសមាជិកនៃសាសនាផ្សេង ហើយដែល រ៉ាអ៊ុល ពិតជាកោតសរសើរនោះ បានងាកមករក រ៉ាអ៊ុល ហើយនិយាយថា « អ្ហាៈ ! ហេតុអ្វីឯងតឹងតែងម៉្លេះ ? »
សូមពិចារណាពីគោលការណ៍នីមួយៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដើម្បីជួយអ្នកឲ្យរកឃើញចម្លើយមួយ ។
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្ប
សូមជ្រើសរើសបុគ្គលម្នាក់ពីក្នុងស្ថានភាពនេះ ( ជេសស៊ី ឬអ្នកដែលត្រូវគេចំអក ) ។
២. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើអ្នកគិតថា ព្រះអម្ចាស់មានព្រះទ័យយ៉ាងណាចំពោះបុគ្គលដែលអ្នកបានជ្រើសរើសនេះ ?
-
តើការមើលទៅបុគ្គលនេះ ដូចជាព្រះអម្ចាស់ទតទៅពួកគេ អាចមានឥទ្ធិពលយ៉ាងណាលើរបៀបដែល រ៉ាអ៊ុល ឆ្លើយតបនឹងសំណួររបស់ ជេសស៊ី ?
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
៣. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើការចងចាំ និងការអនុវត្តតាមគោលការណ៍នៅក្នុង ម៉ាថាយ ៥:១៤–១៦ អាចមានប្រយោជន៍ដល់ រ៉ាអ៊ុល យ៉ាងដូចម្តេច ?
-
តើមានប្រភពដែលបានតែងតាំងដ៏ទេវភាពណាទៀត ដែលអ្នកគិតថាអាចជួយ រ៉ាអ៊ុល បាន ?
ធ្វើសកម្មភាពដោយសេចក្ដីជំនឿ
៤. សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
ហេតុអ្វីបានជាវាអាចពិបាកសម្រាប់ រ៉ាអ៊ុល ដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿនៅក្នុងស្ថានភាពនេះ ?
-
តើអ្នកណែនាំឲ្យ រ៉ាអ៊ុល ធ្វើអ្វីខ្លះដើម្បីធ្វើសកម្មភាពដោយសេចក្ដីជំនឿ ?
សូមគិតអំពីស្ថានភាពមួយ ដែលស្រដៀងគ្នានឹង រ៉ាអ៊ុល ដែរ ដែលអ្នកកំពុងប្រឈមមុខនៅពេលនេះ ឬអាចនឹងប្រឈមមុខនាពេលអនាគត ។
-
តើអ្វីដែលអ្នកបានរៀននៅថ្ងៃនេះ អាចជួយអ្នកឲ្យធ្វើជាគំរូដល់មនុស្សដទៃយ៉ាងដូចម្តេច ?