ការហៅរបស់ខ្ញុំជាអ្នកសម្របសម្រួលតន្ត្រីស្តេក
ការទទួលខុសត្រូវទាំងឡាយ
ព្រះអម្ចាស់មានអំណរគុណចំពោះឆន្ទៈរបស់អ្នកក្នុងការបម្រើនៅក្នុងសាសនាចក្ររបស់ទ្រង់ ។ ខាងក្រោមនេះជាទិដ្ឋភាពទូទៅមួយនៃការទទួលខុសត្រូវចំពោះការហៅរបស់អ្នក ។
គោលបំណងរបស់តន្រ្តីនៅក្នុងសាសនាចក្រ
តន្ត្រីពិសិដ្ឋបង្កើនសេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ ។ តន្ដ្រីយាងព្រះវិញ្ញាណ និងបង្រៀនគោលលទ្ធិ ។ តន្ត្រីក៏បង្កើតឲ្យមានអារម្មណ៍គារវភាព បង្រួបបង្រួមសមាជិក និងផ្ដល់នូវរបៀបមួយដើម្បីថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទផងដែរ ។ ព្រះអម្ចាស់បានប្រកាសថា « ព្រលឹងរបស់យើងត្រេកអរចំពោះបទចម្រៀងពីចិត្ត » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:១២ ) ។ ( សូមមើល ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ១៩.១ ) ។
អ្នកសម្របសម្រួលតន្រ្តីស្តេក
អ្នកសម្របសម្រួលតន្ត្រីស្តេកជួយឲ្យសមាជិកវួដបង្កើនសេចក្តីជំនឿ និងថ្វាយបង្គំព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទតាមរយៈតន្ត្រីដ៏ពិសិដ្ឋ ។ ពួកគេប្រឹក្សាជាមួយនឹងគណៈប្រធានស្តេកដើម្បីរៀបចំផែនការតន្ត្រីសម្រាប់សន្និសីទស្តេក និងព្រឹត្តិការណ៍ស្តេកដទៃទៀត ។ ការជ្រើសរើសតន្ត្រីគួរតែបង្កើនស្មារតីនៃការថ្វាយបង្គំ និងបង្រៀនដំណឹងល្អដោយព្រះចេស្តា និង ភាពច្បាស់លាស់ ។ ( សូមមើល ១៩.៣.១ ) ។ អ្នកសម្របសម្រួលតន្ត្រីបម្រើជាធនធានមួយដល់គណៈប្រធានស្តេក និងថ្នាក់ដឹកនាំស្តេកដទៃទៀតលើបញ្ហាតន្រ្តី ( សូមមើល ១៩.៥.២ ) ។
តន្រ្តីសម្រាប់ការប្រជុំនានារបស់ស្តេក
« តន្ត្រីដែលបំផុសគំនិតគឺជាផ្នែកដ៏សំខាន់មួយនៅក្នុងការប្រជុំរបស់សាសនាចក្រយើង » ( ទំនុកតម្កើងអារម្ភកថារបស់គណៈប្រធានទីមួយ ) ។ សន្និសីទស្តេក រួមមានទំនុកតម្កើង និងការជ្រើសរើសតន្ត្រីផ្សេងៗទៀតមកពីក្រុមចម្រៀង អ្នកច្រៀងទោល ឬក្រុមតូចៗ ( សូមមើល ១៩.៣.៤ ) ។ ការជ្រើសរើសទំនុកតម្កើង ឬតន្ត្រីពិសិដ្ឋដទៃទៀតអាចត្រូវបានប្រើប្រាស់សម្រាប់ភ្លេងកំដរមុនបើកកម្មវិធី និងពេលបិទកម្មវិធី តន្រ្តីក្រុមចម្រៀង និងការច្រៀងទោល ឬការច្រៀងជាក្រុមតូចៗ ។ អ្នកសម្របសម្រួលតន្ត្រីស្តេកអាចផ្តល់អនុសាសន៍សម្រាប់ក្រុមចម្រៀងស្តេក ឬពហុស្តេក សម្រាប់សន្និសីទ ឬឱកាសផ្សេងៗទៀតដូចជាព្រឹត្តិការណ៍សហគមន៍ជាដើម ( សូមមើល ១៩.៣.៧.២ ) ។
ការបំពាក់បំប៉ន និងធនធាននានា
អ្នកសម្របសម្រួលតន្ត្រីស្តេកផ្តល់អនុសាសន៍ និងគ្រប់គ្រងការបំពាក់បំប៉នតន្ត្រីនៅក្នុងស្តេកតាមដែលចាំបាច់ ។ ពួកគេផ្តល់ការបំពាក់បំប៉ន និងការគាំទ្រដល់អ្នកសម្របសម្រួលតន្ត្រីវួដ ។ ( សូមមើល ១៩.៦ ) ។ ប្រសិនបើគ្មានអ្នកលេងភ្លេងសម្រាប់ការប្រជុំស្តេកទេ សូមមើលផ្នែក ១៩.៤.៣.២ នៃ ក្បួនខ្នាតទូទៅ ដើម្បីចូលទៅប្រើប្រាស់បទភ្លេងដែលបានថតទុក ។
គោលការណ៍ណែនាំ និងគោលនយោបាយទាំងឡាយ
សម្រាប់គោលនយោបាយ និងគោលការណ៍ណែនាំបន្ថែម ដូចជាការទទួលបានតន្ត្រី ការប្រើប្រាស់ឧបករណ៍តន្ត្រីរបស់សាលាប្រជុំសម្រាប់ការហាត់ ឬសម្រាប់ក្រុមចម្រៀងសហគមន៍ សូមមើលផ្នែក ១៩.៧ នៃ ក្បួនខ្នាតទូទៅ ។