« ២៥. កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក » ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ( ឆ្នាំ២០២៥ ) ។
« ២៥. កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក »ក្បួនខ្នាតទូទៅ ។
២៥.
កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ និងស្តេក
២៥.០
សេចក្តីផ្ដើម
ព្រះវិហារបរិសុទ្ធគឺជាដំណាក់របស់ព្រះអម្ចាស់ ។ ពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងសេចក្តីសញ្ញាទាំងឡាយផ្តល់ពរជ័យដល់បុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ ។ ព្រះវរបិតាសួគ៌អញ្ជើញបុត្រាបុត្រីរបស់ទ្រង់ទាំងអស់ឲ្យមានគុណសម្បត្តិគ្រប់គ្រាន់សម្រាប់ព្រះវិហារបរិសុទ្ធ ហើយទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច គឺជាផ្នែកមួយនៃកិច្ចការនៃសេចក្តីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះ ( សូមមើល ១.២ ) ។ កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិគឺជាមធ្យោបាយដើម្បីបង្រួបបង្រួម និងផ្សារភ្ជាប់ក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ( សូមមើល ម៉ាថាយ ១៦:១៩ ) ។ កិច្ចការនេះរួមមាន ៖
-
ធ្វើសេចក្តីសញ្ញា កាលដែលយើងទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផ្ទាល់ខ្លួនរបស់យើង ( សូមមើល អេសាយ ៥៥:៣; គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:១៩–២៣ ) ។
-
ស្វែងរកបុព្វការីជនដែលបានស្លាប់របស់យើង និងធ្វើពិធីបរិសុទ្ធជូនពួកគាត់នៅក្នុងព្រះវិហារបរិសុទ្ធ ដើម្បីពួកគាត់អាចធ្វើសេចក្តីសញ្ញាជាមួយព្រះបាន ( សូមមើល ម៉ាឡាគី ៤:៥–៦; កូរិនថូស ទី១ ១៥:២៩; គោលលទ្ធិ និងសេចក្ដីសញ្ញា ១២៨:១៥–១៨ ) ។
-
ការទៅដំណាក់នៃព្រះអម្ចាស់ជាទៀងទាត់តាមដែលអាចធ្វើបាន ដើម្បីថ្វាយបង្គំព្រះ និងធ្វើពិធីបរិសុទ្ធសម្រាប់ជីដូនជីតារបស់យើង ( សូមមើល លូកា ២៤:៥២–៥៣; គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៩:១៣–១៤ ) ។
ជំពូកនេះណែនាំដល់ថ្នាក់ដឹកនាំសាសនាចក្រ និងសមាជិកអំពីរបៀបបង្រួមបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ចតាមរយៈកិច្ចការព្រះវិហារ និងកិច្ចការពង្សប្រវត្តិ ។ ព័ត៌មានបន្ថែមគឺមាននៅ « Temples » « Baptisms for the Dead » និង « Family History » ( Topics and Questions, Gospel Library ) ។
២៥.១
ការចូលរួមរបស់សមាជិក និងថ្នាក់ដឹកនាំក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
សមាជិកសាសនាចក្រមានអភ័យឯកសិទ្ធិ និងទំនួលខុសត្រូវដើម្បីជួយបង្រួបបង្រួមក្រុមគ្រួសាររបស់ពួកគេសម្រាប់ភាពអស់កល្បជានិច្ច ។ ពួកគេរៀបចំខ្លួនរបស់ពួកគេដើម្បីធ្វើសេចក្តីសញ្ញា នៅពេលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ ពួកគេព្យាយាមរក្សាសេចក្ដីសញ្ញាទាំងនោះ ។
ពួកគេក៏ជួយសមាជិកគ្រួសារឲ្យយល់ ទទួល និងខិតខំរក្សាសេចក្តីសញ្ញារបស់ពួកគេផងដែរ ។ ឪពុកម្តាយមានការទទួលខុសត្រូវជាចម្បងក្នុងការជួយកូនៗរបស់ពួកគេ ឲ្យដកពិសោធន៍ពរជ័យនៃការបម្រើក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិសម្រាប់សមាជិកគ្រួសារដែលបានទទួលមរណភាព ។
សមាជិកសាសនាចក្រត្រូវបានលើកទឹកចិត្តឲ្យស្វែងរកសាច់ញាតិដែលបានស្លាប់របស់ពួកគេ ដែលពុំទាន់បានទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធនៅឡើយ ។ បន្ទាប់មក សមាជិកធ្វើពិធីបរិសុទ្ធទាំងឡាយជំនួសឲ្យសាច់ញាតិទាំងនោះ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១២៨:១៨ ) ។ នៅក្នុងពិភពវិញ្ញាណ បុគ្គលដែលបានស្លាប់អាចជ្រើសរើសដើម្បីទទួល ឬបដិសេធពិធីបរិសុទ្ធដែលបានធ្វើសម្រាប់ពួកគាត់នោះ ។
សមាជិកក៏អញ្ជើញគ្រួសារ និងមិត្តភក្តិឲ្យរៀនអំពីបុព្វការីជនដែលបានស្លាប់របស់ពួកគេ ហើយស្វែងយល់ពីដំណើររឿងរបស់ពួកគាត់ផងដែរ ។
មានឧបករណ៍ជាច្រើនដើម្បីជួយសមាជិកនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិរបស់ពួកគេ ។ ខ្លះទៀតត្រូវបានពិពណ៌នានៅក្នុង ២៥.៤.១ និង ២៥.៤.២ ។
ថ្នាក់ដឹកនាំសាសនាចក្រគាំទ្រសមាជិកក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិរបស់ពួកគេដូចដែលបានរៀបរាប់នៅក្នុង ២៥.២ និង ២៥.៣ ។
២៥.១.១
ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗសម្រាប់ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ
សមាជិកកំណត់ខ្លួនឯងថាតើនៅពេលណា និងញឹកញាប់ប៉ុនណាដើម្បីថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ថ្នាក់ដឹកនាំមិនបង្កើតកូតា ឬប្រព័ន្ធរាយការណ៍សម្រាប់ការថ្វាយបង្គំក្នុងព្រះវិហារបរិសុទ្ធទេ ។
សមាជិកម្នាក់ៗ និងក្រុមគ្រួសារដែលមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាពអាចចូលរួមព្រះវិហារបរិសុទ្ធណាមួយដែលពួកគេចង់ចូល ។ ពួកគេអាចដាក់កាលវិភាគការណាត់ជួបជាមួយព្រះវិហារបរិសុទ្ធ ។ សូមមើល temples.ChurchofJesusChrist.org សម្រាប់ព័ត៌មានទំនាក់ទំនងរបស់ព្រះវិហារបរិសុទ្ធនីមួយៗ ។
២៥.១.២
ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធរបស់វួដ និងស្តេក
អង្គភាពរបស់សាសនាចក្រនីមួយៗត្រូវបានចាត់តាំងទៅមណ្ឌលព្រះវិហារបរិសុទ្ធមួយ ។ ការរៀបចំវួដ ឬស្តេកដើម្បីទៅព្រះវិហារបរិសុទ្ធដែលនៅក្រៅមណ្ឌលព្រះវិហារបរិសុទ្ធដែលបានចាត់ មិនត្រូវបានលើកទឹកចិត្តនោះទេ ។
រាល់ការធ្វើដំណើរតាមវួដ និងស្តេកទាំងអស់ទៅកាន់ព្រះវិហារបរិសុទ្ធគួរតែត្រូវបានដាក់កាលវិភាគជាមួយនឹងព្រះវិហារបរិសុទ្ធ ។ សូមមើល temples.ChurchofJesusChrist.org សម្រាប់ព័ត៌មានទំនាក់ទំនងរបស់ព្រះវិហារបរិសុទ្ធនីមួយៗ ។
២៥.២
ការរៀបចំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ
សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ថ្នាក់ដឹកនាំវួដមានទំនួលខុសត្រូវដូចតទៅ ៖
-
សូមជួយសមាជិកម្នាក់ៗឲ្យរៀបចំខ្លួនធ្វើសេចក្តីសញ្ញាជាមួយព្រះដោយការទទួលពិធីបរិសុទ្ធទាំងឡាយនៃព្រះវិហារបរិសុទ្ធ ( សូមមើល ២៧.១ ) ។
-
លើកទឹកចិត្តសមាជិកឲ្យថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
-
លើកទឹកចិត្តបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យរៀនពីគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
ត្រូវប្រាកដថាគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធនិងពង្សប្រវត្តិត្រូវបានបង្រៀនជាប្រចាំនៅក្នុងការប្រជុំសាសនាចក្រ ។ កិច្ចការនេះបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
-
លើកទឹកចិត្តសមាជិកឲ្យរៀនអំពីបុព្វការីជនរបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគាត់ ។
-
គាំទ្រដល់ឪពុកម្តាយនៅក្នុងការជួយកូនៗរបស់ពួកគាត់ឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
-
លើកទឹកចិត្តយុវវ័យ និងមជ្ឈឹមវ័យទាំងអស់រួមទាំងសមាជិកថ្មីឲ្យមានប័ណ្ណចូលព្រះវិហារបរិសុទ្ធមានសុពលភាព ។
សូមមើល ជំពូកទី ២៦ សម្រាប់ព័ត៌មានអំពីប័ណ្ណចូលព្រះវិហារបរិសុទ្ធ ។
២៥.២.១
គណៈប៊ីស្សព
គណៈប៊ីស្សពធ្វើការសម្របសម្រួលជាមួយគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះ នៅពេលដែលពួកគាត់ដឹកនាំកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិក្នុងវួដ ។ ថ្នាក់ដឹកនាំទាំងនេះប្រឹក្សាជាមួយគ្នាជាប្រចាំ ។
គណៈប៊ីស្សពក៏មានទំនួលខុសត្រូវបន្ថែមដូចតទៅនេះផងដែរ សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធនិងពង្សប្រវត្តិ ៖
-
ការសម្របសម្រួលជាមួយគណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះនៅពេលពួកគាត់ដឹកនាំកិច្ចខិតខំព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិក្នុងវួដ ( សូមមើល ២៥.២.២ ) ។
-
ធានាឲ្យបានថា កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានសម្របសម្រួលនៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ និងក្រុមប្រឹក្សាយុវវ័យវួដ ។
-
ពិនិត្យមើល និងអនុម័តលើផែនការផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
មើលការខុសត្រូវលើការរៀបចំវគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ( សូមមើល ២៥.២.៨ ) ។
-
ចេញប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ជំពូកទី ២៦ ) ។
គណៈប៊ីស្សពពិភាក្សាជាមួយប្រធានស្តេក ដើម្បីកំណត់ថាតើត្រូវហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដឬអត់ ( សូមមើល ២៥.២.៣ សម្រាប់ព័ត៌មានបន្ថែម ) ។
២៥.២.២
គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះ
គណៈប្រធានកូរ៉ុមអែលឌើរ និងសមាគមសង្គ្រោះដឹកនាំកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដជាប្រចាំ ( សូមមើល ៨.២.៤ និង ៩.២.៤ ) ។ គណៈប្រធានកូរ៉ុមអែលឌើរដឹកនាំកិច្ចខិតខំទាំងនេះសម្រាប់សមាជិកនៃកូរ៉ុមអែលឌើរ ។ គណៈប្រធានសមាគមសង្រ្គោះដឹកនាំកិច្ចខិតខំទាំងនេះសម្រាប់សមាជិកនៃសមាគមសង្រ្គោះ ។ នៅក្រោមការសម្របសម្រួលពីប៊ីស្សព ពួកគាត់ធ្វើការរួមគ្នាដើម្បីដឹកនាំកិច្ចខិតខំទាំងនេះជាមួយនឹងក្រុមប្រឹក្សាវួដ ។
ថ្នាក់ដឹកនាំទាំងនេះមានទំនួលខុសត្រូវបន្ថែមដូចខាងក្រោម ៖
-
សូមសួរទៅកាន់អ្នកប្រឹក្សាអំពីព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដដើម្បីជួយសមាជិកវួដដែលទើបតែទទួលបានការហៅបេសកកម្មថ្មីៗឲ្យស្វែងរក និងរៀបចំឈ្មោះជីដូនជីតាដែលបានស្លាប់សម្រាប់ពិធីបរិសុទ្ធនៅព្រះវិហារបរិសុទ្ធ ។
-
ជួយក្រុមប្រឹក្សាវួដឲ្យបង្កើត និងអនុវត្តផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
ធានាឲ្យបានថា កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានដាក់ផែនការ និងរាយការណ៍នៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ និងនៅក្នុងការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។
-
ដឹកនាំកិច្ចការរបស់អ្នកដឹកនាំផ្នែកកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ ប្រសិនបើអ្នកដឹកនាំនេះមិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ( សូមមើល ២៥.២.៣ ) ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្រ្គោះម្នាក់ៗចាត់សមាជិកម្នាក់ពីគណៈប្រធានរបស់ខ្លួនឲ្យជួយដឹកនាំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ។ សមាជិកនៃគណៈប្រធានទាំងពីររូបនេះធ្វើការជាមួយគ្នា ។ ពួកគាត់ចូលរួមការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៧ ) ។
២៥.២.៣
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
គណៈប៊ីស្សពពិគ្រោះយោបល់ជាមួយប្រធានស្តេក ដើម្បីកំណត់ថាតើត្រូវហៅអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដឬអត់ ។ ប្រសិនបើពួកគាត់សម្រេចចិត្តថាត្រូវផ្ដល់ការហៅនេះ នោះគណៈប៊ីស្សពប្រឹក្សាជាមួយប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះដើម្បីកំណត់ថាតើត្រូវហៅនរណា ។ បុគ្គលរូបនេះគួរតែជាអ្នកកាន់បព្វជិតភាពម៉ិលគីស្សាដែក ។ ប្រសិនបើអ្នកដឹកនាំនេះមិនត្រូវបានហៅទេ នោះសមាជិកមួយរូបនៃគណៈប្រធានកូរ៉ុមអែលឌើរបំពេញតួនាទីនេះ ។
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្គ្រោះក្នុងការទទួលខុសត្រូវលើផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិរបស់ពួកគាត់ ។ គាត់ក៏មានការទទួលខុសត្រូវដូចខាងក្រោមផងដែរ ៖
-
សម្របសម្រួលកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ជាមួយថ្នាក់ដឹកនាំអង្គការនានា រួមទាំងគណៈប្រធានកូរ៉ុមយុវវ័យ និងគណៈប្រធានថ្នាក់យុវវ័យ ។
-
ដឹកនាំការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៧ ) ។
-
ចូលរួមការប្រជុំក្រុមប្រឹក្សាវួដនៅពេលមានការអញ្ជើញ ។
-
ជួយក្រុមប្រឹក្សាវួដឲ្យបង្កើត និងអនុវត្តផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីជួយសមាជិកស្វែងរកឈ្មោះជីដូនជីតា និងធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគេ ។
-
ធ្វើការជាមួយអ្នកដឹកនាំបេសកកម្មវួដ និងពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីជួយដល់ពួកអ្នករៀនដំណឹងល្អ សមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មវិញឲ្យចូលរួមនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ( សូមមើល ២៣.២ និង ២៣.៣ ) ។
-
ប្រសិនបើអាចធ្វើទៅបាន សូមចាត់តាំងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដដើម្បីបម្រើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ ( សូមមើល ២៥.៣.៦ ) ។
២៥.២.៤
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ បម្រើនៅក្រោមការដឹកនាំរបស់អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដ ។ គណៈប៊ីស្សពហៅសមាជិកទាំងនេះឲ្យបម្រើ ។ មជ្ឈិមវ័យ និងយុវវ័យក៏អាចហៅឲ្យបម្រើបានដែរ ។ ប្រធានកូរ៉ុមអែលឌើរ ប្រធានសមាគមសង្គ្រោះ និងប្រធានក្រុមយុវនារីអាចផ្ដល់យោបល់ពីអ្នកដែលអាចបម្រើ ។
ពួកអ្នកប្រឹក្សាបង្រៀនអ្នកដទៃតាមវិធីសាមញ្ញៗ អំពីរបៀបចូលរួមក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ពួកគាត់មានការទទួលខុសត្រូវដូចខាងក្រោម ៖
-
ជួយសមាជិកឲ្យរៀបចំខ្លួនដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ និងចុះសេចក្តីសញ្ញានៃព្រះវិហារបរិសុទ្ធ ។
-
ជួយសមាជិកឲ្យដកពិសោធន៍ពរជ័យនៃការរកឃើញបុព្វការីជនរបស់ពួកគេ និងការធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសពួកគាត់ ។ បទពិសោធន៍ទាំងនេះមានសារៈសំខាន់ជាពិសេសចំពោះអ្នកដែលកំពុងរៀនដំណឹងល្អ សមាជិកថ្មី និងសមាជិកដែលត្រឡប់មកវិញ និងអស់អ្នកដែលរៀបចំខ្លួនដើម្បីទទួលបានប័ណ្ណចូលព្រះវិហារបរិសុទ្ធសម្រាប់ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស ។
-
ចូលរួមនៅក្នុងការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.៧ ) ។
-
បម្រើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ ក្នុងមូលដ្ឋាននៅពេលត្រូវបានចាត់តាំង ( សូមមើល ២៥.៣.៦ ) ។
ធនធាននានាដើម្បីជួយដល់អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានចុះបញ្ជីក្នុង ២៥.៤.១ និង ២៥.៤.២ ។
២៥.២.៥
ក្រុមប្រឹក្សាវួដ
សមាជិកនៃក្រុមប្រឹក្សាវួដបង្កើត និងអនុវត្តផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដប្រកបដោយការអធិស្ឋាន ។ សម្រាប់ព័ត៌មានអំពីផែនការនេះ សូមមើល ២៥.២.៦ ។
ប៊ីស្សពអាចអញ្ជើញអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដឲ្យចូលរួមក្នុងការប្រជុំក្រុមប្រឹក្សាវួដបាន ។
២៥.២.៦
ផែនការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ
វួដនីមួយៗគួរតែមានផែនការសាមញ្ញមួយសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ ផែនការនេះជួយដល់សមាជិកវួដ រួមទាំងកុមារ និងយុវវ័យដែលរៀបចំដើម្បីថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ និងចូលរួមក្នុងកិច្ចការពង្សប្រវត្តិឲ្យបានញឹកញាប់តាមកាលៈទេសៈរបស់ពួកគេអំណោយផល ។
ប្រធានកូរ៉ុមអែលឌើរ និងប្រធានសមាគមសង្គ្រោះអាចជួយក្រុមប្រឹក្សាវួដឲ្យបង្កើតផែនការនេះបាន ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដក៏ជួយផងដែរ ។ ដើម្បីបង្កើតផែនការនេះ ពួកគាត់ ៖
-
សូមពិចារណាប្រកបដោយការអធិស្ឋានអំពីតម្រូវការរបស់សមាជិក និងធនធានដែលមាន ។
-
កំណត់សកម្មភាពដែលត្រូវធ្វើនៅក្នុងឆ្នាំនេះ ។
-
កំណត់របៀបដើម្បីអនុវត្តផែនការ និងធ្វើការចាត់តាំងស្របតាមនោះ ។
ឧទាហរណ៍នៃអ្វីដែលអាចរួមបញ្ចូលនៅក្នុងទម្រង់ផែនការនេះ ត្រូវបានរៀបរាប់ដូចខាងក្រោម ៖
-
ជួយសមាជិកជាក់លាក់ទាំងឡាយឲ្យរៀបចំខ្លួន ដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
-
ជួយសមាជិកឲ្យបង្កើតមែកធាងគ្រួសាររបស់ពួកគេនៅលើ FamilySearch.org ឬជាមួយ មែកធាងនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ( សូមមើល ២៥.៤.១ ) ។
-
ជួយសមាជិកប្រើប្រាស់ទម្រង់ពិធីបរិសុទ្ធត្រៀមរួចនៅលើ FamilySearch.org ឬ មែកធាងនៃកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ដើម្បីយកឈ្មោះជីដូនជីតាទៅកាន់ព្រះវិហារបរិសុទ្ធ ។
-
សូមឲ្យសមាជិកថ្មី និងសមាជិកដែលត្រឡប់មកសកម្មវិញ យុវវ័យ និងកុមារឲ្យចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ ។
ផែនការអំពីព្រះវិហារបរិសុទ្ធវួដ និងពង្សប្រវត្តិមិនគួរបង្កើតកូតា ឬប្រព័ន្ធរាយការណ៍សម្រាប់ការថ្វាយបង្គំនៅព្រះវិហារបរិសុទ្ធឡើយ ( សូមមើល ២៥.១.១ ) ។
ប៊ីស្សពពិនិត្យមើល និងអនុម័តលើផែនការនេះ ។ សមាជិកនៃក្រុមប្រឹក្សាវួដជាអ្នកនាំមុខនៅក្នុងការអនុវត្តនេះ ។ ពួកគាត់រាយការណ៍អំពីការរីកចម្រើននៅក្នុងការប្រជុំក្រុមប្រឹក្សាវួដ ។ ពួកគាត់ក៏ធ្វើបច្ចុប្បន្នភាពផែនការនេះតាមតម្រូវការផងដែរ ។
២៥.២.៧
ការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ
ការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដខ្លីៗ ក្រៅផ្លូវការ ត្រូវធ្វើឡើងជាប្រចាំ ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំវួដដឹកនាំការប្រជុំទាំងនេះ ។
អ្នកផ្សេងទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួម រួមមាន ៖
-
សមាជិកនៃគណៈប្រធានសមាគមសង្គ្រោះ និងគណៈប្រធានកូរ៉ុមអែលឌើរដែលបានចាត់តាំង ។
-
ជំនួយការមួយរូបនៅក្នុងកូរ៉ុមសង្ឃ ( ឬប្រធានកូរ៉ុមគ្រូ ឬប្រធានកូរ៉ុមឌីកុន ប្រសិនបើពុំមានកូរ៉ុមសង្ឃនៅក្នុងវួដទេនោះ ) ។
-
សមាជិកម្នាក់នៃគណៈប្រធានថ្នាក់យុវនារីដែលមានវ័យច្រើនជាងគេ ។
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ថ្នាក់ដឹកនាំទាំងអស់ដែលចូលរួម ធ្វើការប្រឹក្សាជាមួយគ្នាក្នុងនាមជាអ្នកចូលរួមដែលមានសិទ្ធិស្មើគ្នា រួមទាំងយុវវ័យផងដែរ ។ គោលបំណងនៃការប្រជុំទាំងនេះគឺដើម្បី ៖
-
សម្របសម្រួលកិច្ចប្រឹងប្រែងដើម្បីអនុវត្តផែនការផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ( សូមមើល ២៥.២.៦ ) ។
-
រៀបផែនការអំពីរបៀបជួយសមាជិកវួដជាក់លាក់ ឲ្យត្រៀមខ្លួនដើម្បីទទួលពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ។
-
រៀបផែនការអំពីរបៀបជួយសមាជិកវួដជាក់លាក់ជាមួយនឹងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
ការប្រជុំទាំងនេះអាចធ្វើឡើងដោយផ្ទាល់ ឬពីចម្ងាយ ។ ការសម្របសម្រួលក៏អាចកើតឡើងតាមរបៀបផ្សេងទៀតផងដែរ រួមមានការទូរសព្ទ ការផ្ញើសារ និងអ៊ីមែលជាដើម ។
២៥.២.៨
វគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ
ក្រោមការដឹកនាំរបស់ប៊ីស្សព វគ្គសិក្សាអំពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធអាចរៀបចំឡើង ដើម្បីជួយសមាជិកឲ្យរៀបចំខ្លួនធ្វើសេចក្តីសញ្ញា កាលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ វគ្គសិក្សាទាំងនេះធ្វើឡើងនៅក្រៅការប្រជុំជាទៀងទាត់នៅថ្ងៃអាទិត្យ នៅពេលមួយសមរម្យសម្រាប់សមាជិកទាំងឡាយ ។ វគ្គសិក្សាទាំងនេះអាចធ្វើឡើងនៅក្នុងសាលាប្រជុំ ឬនៅក្នុងផ្ទះ ។
សមាជិកក្រុមប្រឹក្សាវួដជ្រើសរើសសមាជិកដើម្បីអញ្ជើញឲ្យចូលរួមនៅក្នុងវគ្គសិក្សានីមួយៗប្រកបដោយការអធិស្ឋាន ។ វគ្គសិក្សាទាំងនេះអាចមានអត្ថប្រយោជន៍ជាពិសេសចំពោះសមាជិកដូចខាងក្រោម ៖
-
សមាជិកថ្មី
-
សមាជិកដែលរៀបចំខ្លួនទទួលអំណោយទានពិសិដ្ឋរបស់ពួកគេផ្ទាល់ ឬដើម្បីផ្សារភ្ជាប់
-
សមាជិកដែលត្រឡប់មកចូលរួមសកម្មភាពរបស់សាសនាចក្រវិញ
-
សមាជិកដែលបានទទួលអំណោយទានពិសិដ្ឋដែលពុំបានបន្តប័ណ្ណចូលព្រះវិហារបរិសុទ្ធថ្មីរបស់ពួកគេអស់មួយរយៈហើយ
គណៈប៊ីស្សពហៅគ្រូបង្រៀនផ្នែកការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធម្នាក់ ឬច្រើននាក់ ។ មេរៀន និងសេចក្តីណែនាំសម្រាប់ការរៀបចំវគ្គសិក្សានេះមាននៅក្នុងបានទទួលអំណោយទានពិសិដ្ឋមកពីស្ថានលើ ៖ សៀវភៅសិក្សារបស់គ្រូបង្រៀនសិក្ខាសាលាស្តីពីការរៀបចំខ្លួនទៅព្រះវិហារបរិសុទ្ធ ។ អ្នកចូលរួមនឹងទទួលបានសៀវភៅ ការរៀបចំខ្លួនដើម្បីចូលក្នុងព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋ ។ សម្រាប់ការសិក្សាផ្ទាល់ខ្លួន និងធនធានមេរៀនសូមមើលគេហទំព័រ temples.ChurchofJesusChrist.org ។
២៥.៣
ការរៀបចំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងស្តេក
ថ្នាក់ដឹកនាំស្តេកគាំទ្រដល់ថ្នាក់ដឹកនាំវួដ និងសមាជិកទាំងឡាយក្នុងកិច្ចខិតខំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
២៥.៣.១
គណៈប្រធានស្តេក
ប្រធានស្តេកកាន់កូនសោសម្រាប់កិច្ចការនៃសេចក្ដីសង្គ្រោះ និងភាពតម្កើងឡើងរបស់ព្រះនៅក្នុងស្តេក ។ គាត់ និងទីប្រឹក្សារបស់គាត់មានទំនួលខុសត្រូវដូចតទៅ សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ៖
-
ជួយសមាជិកឲ្យរៀបចំខ្លួន ដើម្បីធ្វើសេចក្តីសញ្ញាពិសិដ្ឋនៅពេលដែលពួកគេទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ( សូមមើល២៧.១ ) ។
-
លើកទឹកចិត្តសមាជិកឲ្យថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះអម្ចាស់ឲ្យបានញឹកញាប់តាមដែលកាលៈទេសៈរបស់ពួកគេអំណោយផលឲ្យ ។
-
ធានាឲ្យបានថាគោលលទ្ធិ និងពរជ័យនៃកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិត្រូវបានបង្រៀនជាប្រចាំនៅក្នុងការប្រជុំស្តេក ។ កិច្ចការនេះបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។
-
លើកទឹកចិត្តសមាជិកឲ្យរៀនអំពីបុព្វការីជនរបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគាត់ ។
-
ដឹកនាំការសម្ភាសទទួលប័ណ្ណចូលព្រះវិហារបរិសុទ្ធ ( សូមមើល ជំពូកទី ២៦ ) ។
នៅក្នុងការប្រជុំជាប្រចាំរបស់គាត់ជាមួយគណៈប្រធានកូរ៉ុមអែលឌើរ សមាជិកមួយរូបនៃគណៈប្រធានស្តេកពិភាក្សាពីកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងវួដ ( សូមមើល ៨.៣.១ ) ។ ទីប្រឹក្សានៅក្នុងគណៈប្រធានកូរ៉ុមអែលឌើរ និងទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងទៅកាន់កូរ៉ុមនេះអាចចូលរួម ។
២៥.៣.២
គណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេក
គណៈកម្មការភាពជាអ្នកដឹកនាំមជ្ឈិមវ័យស្តេករួមមាន ៖
-
គណៈប្រធានស្តេក ។
-
គណៈប្រធានសមាគមសង្រ្គោះស្តេក ។
-
ទីប្រឹក្សាជាន់ខ្ពស់ដែលបានចាត់តាំងឲ្យធ្វើការជាមួយកូរ៉ុមអែលឌើរ ។
ថ្នាក់ដឹកនាំទាំងនេះណែនាំ និងគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះនៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.២.២ ) ។ ការណែនាំអាចធ្វើឡើងជាក្រុម ឬបុគ្គល ។ អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដអាចត្រូវបានអញ្ជើញឲ្យមកទទួលការណែនាំនេះ ។
សម្រាប់ព័ត៌មានបន្ថែមស្ដីពីការប្រជុំរបស់គណៈកម្មការនេះ សូមមើល ២៩.៣.៨ ។
២៥.៣.៣
ទីប្រឹក្សាជាន់ខ្ពស់
គណៈប្រធានស្តេកអាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ឲ្យណែនាំ និងគាំទ្រសមាជិកដូចតទៅនៅក្នុងទំនួលខុសត្រូវរបស់ពួកគេសម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ៖
-
គណៈប្រធានកូរ៉ុមអែលឌើរ
-
អ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំស្តេក
-
អ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ
ទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់អាចត្រូវបានចាត់តាំងឲ្យដឹកនាំកិច្ចខិតខំទាំងនេះបាន ។ ទោះជាយ៉ាងណាក្តី ទីប្រឹក្សាជាន់ខ្ពស់ទាំងអស់មានទំនួលខុសត្រូវទាំងនេះ សម្រាប់វួដ និងកូរ៉ុមដែលពួកគាត់ត្រូវបានចាត់ទៅផងដែរ ។
ទីប្រឹក្សាជាន់ខ្ពស់អាចជួយអ្នកដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដក្នុងការណែនាំដល់អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ។ អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្តេកអាចជួយដល់ទីប្រឹក្សាជាន់ខ្ពស់បាន ។
គណៈប្រធានស្តេកអាចចាត់តាំងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឲ្យសម្របសម្រួលកិច្ចខិតខំរបស់អ្នកស្ម័គ្រចិត្តពង្សប្រវត្តិប្រចាំស្តេក( សូមមើល ២៥.៤.៣ ) ។ គាត់ ឬទីប្រឹក្សាជាន់ខ្ពស់មួយរូបទៀតអាចត្រូវបានចាត់ឲ្យមើលការខុសត្រូវលើកិច្ចការនេះនៅក្នុងមជ្ឈមណ្ឌល FamilySearch ( សូមមើល ២៥.៣.៦ ) ។
២៥.៣.៤
គណៈប្រធានសមាគមសង្រ្គោះស្តេក
នៅក្រោមការដឹកនាំរបស់ប្រធានស្តេក នោះគណៈប្រធានសមាគមសង្រ្គោះស្តេកណែនាំ និងគាំទ្រដល់គណៈប្រធានសមាគមសង្រ្គោះវួដនៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់ សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល៩.២.៤) ។
២៥.៣.៥
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំស្តេក
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្តេក គាំទ្រដល់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅទូទាំងស្តេក ។ ពួកគាត់បម្រើនៅក្រោមការដឹកនាំនៃគណៈប្រធានស្តេក និងទីប្រឹក្សាជាន់ខ្ពស់ម្នាក់ ឬច្រើននាក់ដែលត្រូវបានចាត់ឲ្យធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។
អ្នកប្រឹក្សាទាំងនេះគាំទ្រដល់ទីប្រឹក្សាជាន់ខ្ពស់ និងគណៈប្រធានសមាគមសង្រ្គោះស្តេកនៅក្នុងកិច្ចខិតខំរបស់ពួកគេ ដើម្បីណែនាំដល់អ្នកដទៃនៅក្នុងកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ( សូមមើល ២៥.៣.៣ និង ២៥.៣.៤ ) ។ ពួកគាត់ក៏អាចទទួលបានការចាត់តាំងដូចខាងក្រោមផងដែរ ៖
-
ជួយបង្រៀន និងគាំទ្រសមាជិកនៅក្នុងការហៅបម្រើផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិវួដ ។
-
សូមជួយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងស្ម័គ្រចិត្តដោយប្រើកម្មវិធី FamilySearch.org ឬ កម្មវិធីស្រាវជ្រាវក្រុមគ្រួសារ ( សូមមើល ២៥.៤.៣ ) ។
-
បម្រើនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ ( សូមមើល២៥.៣.៦ ) ។
២៥.៣.៦
មជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ
ប្រសិនបើមានធនធាន នោះស្តេកអាចបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារមួយ ឬច្រើនកន្លែងបាន ។ មជ្ឈមណ្ឌលទាំងនេះគឺដើម្បីជួយអ្នកមកទស្សនាឲ្យរកឃើញ ប្រមូលព័ត៌មាន និងបង្រួបបង្រួមសមាជិកគ្រួសារទាំងអ្នកនៅរស់ និងអ្នកបានស្លាប់ហើយតាមរយៈពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។ មនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ឲ្យមកប្រើប្រាស់មជ្ឈមណ្ឌលទាំងនេះ ។
ប្រធានស្តេកហៅអ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ ឲ្យត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងនៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារនីមួយៗ ។ ជាទូទៅមជ្ឈមណ្ឌលនីមួយៗមានបុគ្គលិកដែលជាអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិដែលបានចាត់មកពីវួដ និងស្ដេក ។ មជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ គួរតែបើកនៅក្នុងម៉ោងដែលសមស្រប ។ មជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ នៅក្បែរព្រះវិហារបរិសុទ្ធអាចកែតម្រូវកាលវិភាគរបស់ខ្លួន ដើម្បីសម្របជាមួយកាលវិភាគរបស់ព្រះវិហារបរិសុទ្ធនៅក្នុងមូលដ្ឋាន ។
ជាករណីលើកលែងមួយ មជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារធំៗមួយចំនួនត្រូវមើលខុសត្រូវដោយគណៈប្រធានតំបន់ ។
២៥.៣.៧
អ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ
អ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ រៀបចំប្រតិបត្តិការប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ ។ គាត់ ឬនាងបម្រើនៅក្រោមការដឹកនាំរបស់ប្រធានស្ដេក ឬជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ដែលបានចាត់តាំង ។ ទំនួលខុសត្រូវអាចដាក់បញ្ចូលទាំងកាតព្វកិច្ចដែលបានរៀបរាប់នៅខាងក្រោម ៖
-
សូមជួយសមាជិករៀបចំឈ្មោះគ្រួសារដើម្បីឲ្យពួកគេអាចធ្វើពិធីបរិសុទ្ធនៅក្នុងដំណាក់នៃព្រះអម្ចាស់ ។
-
សម្របសម្រួលសកម្មភាពរបស់មជ្ឈមណ្ឌល ដើម្បីជួយដល់សមាជិកសាសនាចក្រ និងអ្នកទស្សនាក្នុងសហគមន៍រុករកជីដូនជីតារបស់ពួកគេ ។
-
ធ្វើការជាមួយ (១) ទីប្រឹក្សាជាន់ខ្ពស់ដែលចាត់តាំងឲ្យគាំទ្រកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ និង (២) អ្នកជំនាញផ្នែកបច្ចេកវិទ្យាស្តេកដើម្បីបំពេញតម្រូវការប្រតិបត្តិការរបស់មជ្ឈមណ្ឌល និងថែរក្សាធនធានរបស់ខ្លួន ។
FamilySearch Center Operations Guide ផ្តល់នូវការណែនាំអំពីរបៀបប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ ។
២៥.៣.៨
អ្នកប្រឹក្សាយោបល់ផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំតំបន់
គណៈប្រធានតំបន់អាចហៅឲ្យមានអ្នកប្រឹក្សាយោបល់ផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំតំបន់ ។ ប្រសិនបើកាលៈទេសៈអនុញ្ញាត នោះបុគ្គលម្នាក់ ឬគូស្វាមីភរិយាមួយគូអាចត្រូវបានហៅសម្រាប់ក្រុមប្រឹក្សាសម្របសម្រួលនីមួយៗ ។ ជាទូទៅ អ្នកប្រឹក្សាយោបល់បម្រើពីបីទៅប្រាំឆ្នាំ ។
គណៈប្រធានតំបន់អាចចាត់តាំងឲ្យពួកចិតសិបនាក់ប្រចាំតំបន់ធ្វើការសម្របសម្រួលកិច្ចការរបស់អ្នកប្រឹក្សាយោបល់ទាំងនេះនៅក្នុងក្រុមប្រឹក្សាសម្របសម្រួល ។ កិច្ចការរបស់អ្នកប្រឹក្សាយោបល់គួរតែស្របទៅតាមការផ្ដោតរបស់តំបន់ ។
ដូចដែលបានដឹកនាំដោយគណៈប្រធានតំបន់ និងពួកចិតសិបនាក់ប្រចាំតំបន់ នោះអ្នកប្រឹក្សាយោបល់ជួយប្រធានស្ដេកឲ្យបំពេញតាមការទទួលខុសត្រូវរបស់ពួកគាត់សម្រាប់កិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ។ អ្នកប្រឹក្សាជួយប្រធានស្ដេកនៅក្នុងការបង្រៀនមនុស្ស ដែលបម្រើការនៅក្នុងការហៅដូចខាងក្រោមអំពីទំនួលខុសត្រូវរបស់ពួកគេ ៖
-
ទីប្រឹក្សាជាន់ខ្ពស់
-
គណៈប្រធានសមាគមសង្រ្គោះស្តេក
-
គណៈកម្មការថ្នាក់ដឹកនាំមជ្ឈិមវ័យស្តេក
-
អ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រចាំស្តេក
-
អ្នកសម្របសម្រួលមជ្ឈមណ្ឌលស្រាវជ្រាវក្រុមគ្រួសារ
អ្នកប្រឹក្សាយោបល់អាចត្រូវបានចាត់តាំងឲ្យជួយគណៈប្រធានស្ដេករៀបចំសមាជិក សម្រាប់ការថ្វាយបង្គំនៅក្នុងព្រះវិហារបរិសុទ្ធដែលទើបបានប្រកាសថ្មីនៅក្នុងតំបន់នោះ ។ ការទទួលខុសត្រូវផ្សេងទៀតអាចរួមមាន ការណែនាំបង្ហាញថ្នាក់ដឹកនាំស្ដេកអំពីគោលការណ៍ និងការអនុវត្តកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។ គោលការណ៍ និងការអនុវត្តទាំងនោះរួមមាន ៖
-
របៀបជួយសមាជិកដែលមានបទពិសោធន៍ដំបូង ក្នុងការធ្វើពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ជំនួស ( សូមមើល ២៣.២ ) ។
-
របៀបជួយសមាជិកដែលកំពុងរៀបចំខ្លួន ដើម្បីទទួលអំណោយទានពិសិដ្ឋផ្ទាល់ខ្លួន ឬត្រូវផ្សារភ្ជាប់ ( សូមមើល ២៥.២.៨, ២៧.២, ២៧.៣ និង ២៧.៤ ) ។
-
របៀបរៀបចំកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិនៅក្នុងស្ដេក និងវួដ ( សូមមើល ២៥.៣ និង ២៥.២ ) ។
-
របៀបគាំទ្រដល់គណៈប្រធានកូរ៉ុមអែលឌើរ និងគណៈប្រធានសមាគមសង្រ្គោះនៅក្នុងទំនួលខុសត្រូវរបស់ពួកគាត់ ( សូមមើល ២៥.២.២ ) ។
-
របៀបដែលកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិអាចផ្ដល់ពរជ័យដល់កុមារ និងយុវវ័យ ( សូមមើល ១០.២.៤, ១១.២.៤ និង ១២.២.៤ ) ។
-
របៀបជួយសមាជិកឲ្យមានបទពិសោធន៍ធ្វើពង្សប្រវត្តិដ៏មានអត្ថន័យ ( សូមមើល សេចក្ដីណែនាំដល់ថ្នាក់ដឹកនាំផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិ ) ។
-
របៀបធ្វើការប្រជុំសម្របសម្រួលផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិប្រកបដោយប្រសិទ្ធភាព ( សូមមើល ២៥.២.៧ ) ។
-
របៀបជួយថ្នាក់ដឹកនាំវួដឲ្យដាក់ផែនការ និងដាក់គោលដៅ ( សូមមើល ២៥.២.៦ ) ។
២៥.៤
ធនធាននានានៃពង្សប្រវត្តិ
២៥.៤.១
FamilySearch.org ពិធីបរិសុទ្ធត្រៀមរួច និងកម្មវិធីស្រាវជ្រាវក្រុមគ្រួសារ
FamilySearch.org គឺជាគេហទំព័ររបស់សាសនាចក្រដើម្បីជួយសមាជិកក្នុងការស្វែងរក និងរៀបចំឈ្មោះជីដូនជីតារបស់ពួកគេសម្រាប់ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ។ ពិធីបរិសុទ្ធត្រៀមរួចគឺជាទម្រង់មួយនៅលើ FamilySearch.org ដែលផ្តល់នូវវិធីងាយស្រួលក្នុងការទទួលឈ្មោះគ្រួសារ ឬឈ្មោះផ្សេងទៀតដើម្បីនាំយកទៅកាន់ព្រះវិហារបរិសុទ្ធ ។
គេហទំព័រនេះក៏ផ្តល់នូវធនធានបន្ថែមទៀតផងដែរ ។ ទាំងនេះរួមមាន ការរុករក ការចែកចាយ ព្រមទាំងការរក្សាទុកដំណើររឿង និងរូបថតរបស់ជីដូនជីតា ។
ធនធានទាំងនេះក៏មាននៅក្នុង FamilySearch Family Tree app និង FamilySearch Memories app ផងដែរ ។ សូមមើល FamilySearchapps សម្រាប់កម្មវិធីដែលអាចរកបានទាំងអស់ ។
២៥.៤.២
គ្រួសាររបស់ខ្ញុំ ៖ ដំណើររឿងដែលនាំយើងឲ្យជួបជុំគ្នា
កូនសៀវភៅ My Family: Stories That Bring Us Together ជួយមនុស្សប្រមូលផ្តុំ និងរក្សាឈ្មោះគ្រួសារ ហើយនិងដំណើររឿងនានា ។ វាក៏អាចជួយសមាជិកឲ្យចាប់ផ្តើមរៀបចំឈ្មោះគ្រួសារដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធផងដែរ ។
សៀវភៅបោះពុម្ពអាចបញ្ជាទិញនៅឯគេហទំព័រ store.ChurchofJesusChrist.org ។
២៥.៤.៣
សកម្មភាពស្ម័គ្រចិត្តខាងពង្សប្រវត្តិ
ផ្ទាំង « Get Involved » នៅលើគេហទំព័រ FamilySearch.org អនុញ្ញាតឲ្យអ្នកស្ម័គ្រចិត្តចូលរួមនៅក្នុងសកម្មភាពដូចខាងក្រោម ៖
-
ការធ្វើលិបិក្រម គឺជាដំណើរការនៃការបញ្ចូលព័ត៌មានពីកំណត់ត្រាប្រវត្តិសាស្រ្តជាលាយលក្ខណ៍អក្សរចូលទៅក្នុងមូលដ្ឋានទិន្នន័យដែលអាចស្រាវជ្រាវរកបាន នៅក្នុងគេហទំព័រ FamilySearch.org ។
-
ការពិនិត្យមើលកំណត់ត្រាសម្រាប់ភាពត្រឹមត្រូវ ។
-
ការកែលម្អភាពត្រឹមត្រូវនៃមែកធាងគ្រួសារ ។
អ្នកទាំងឡាយដែលចូលរួមក្នុងសកម្មភាពទាំងនេះធ្វើឲ្យអ្នកដទៃទៀតអាចរកឃើញជីដូនជីតារបស់ពួកគេ ហើយធ្វើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធជំនួសឲ្យពួកគេបាន ។
មនុស្សគ្រប់រូបអាចចូលរួមនៅក្នុងសកម្មភាពស្ម័គ្រចិត្តនៅលើគេហទំព័រ FamilySearch.org ។ ការណ៍នេះអាចជាបទពិសោធន៍ដ៏ពោរពេញ ជាពិសេសសម្រាប់ក្រុមមនុស្សដូចខាងក្រោមនេះ ៖
-
យុវវ័យ
-
យុវមជ្ឈិមវ័យ
-
សមាជិកដែលមិនអាចចូលរួមការប្រជុំសាសនាចក្រជាទៀងទាត់
-
សមាជិកថ្មី
-
សាធារណជន
គណៈប្រធានស្ដេកអាចចាត់តាំងអ្នកប្រឹក្សាផ្នែកព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិស្តេក ឬទីប្រឹក្សាជាន់ខ្ពស់ឲ្យសម្របសម្រួលកិច្ចការនេះ ។
២៥.៥
ការចេញអនុសាសន៍ និងការហៅអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
២៥.៥.១
ការចេញអនុសាសន៍ស្តីពីអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធដែលមានសក្តានុពលត្រូវបានកំណត់តាមរបៀបដូចខាងក្រោម ៖
-
សមាជិកដែលបានកំណត់ដោយប៊ីស្សព ឬថ្នាក់ដឹកនាំវួដដទៃទៀត
-
សមាជិកដែលចូលទៅសូមការបម្រើពីប៊ីស្សព
-
សមាជិកដែលត្រូវបានចេញអនុសាសន៍ដោយប្រធានព្រះវិហារបរិសុទ្ធ ភរិយាប្រធានព្រះវិហារបរិសុទ្ធ ឬថ្នាក់ដឹកនាំព្រះវិហារបរិសុទ្ធដទៃទៀត
-
សមាជិកដែលកំពុងរៀបចំខ្លួន ឬដែលទើបត្រឡប់មកពីបម្រើជាអ្នកផ្សព្វផ្សាយសាសនានាពេលថ្មីៗ ( សូមមើល ជំពូកទី ២៤ )
ឈ្មោះអ្នកធ្វើការនៅព្រះវិហារបរិសុទ្ធដែលមានសក្តានុពលត្រូវបានបញ្ជូនដោយប្រើ ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។ ឧបករណ៍នេះមានសម្រាប់ប៊ីស្សព ប្រធានស្តេក និងគណៈប្រធានព្រះវិហារបរិសុទ្ធ ។ ដំណើរការនៃការបញ្ជូនឈ្មោះត្រូវបានបង្ហាញខាងក្រោម ។
នៅពេលសមាជិកនៃគណៈប្រធានព្រះវិហារបរិសុទ្ធកំណត់អ្នកធ្វើកិច្ចការក្នុងព្រះវិហារដែលមានសក្តានុពលហើយ ពួកគាត់បញ្ជូនឈ្មោះរបស់បុគ្គលនោះទៅប៊ីស្សព ដោយប្រើ ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។
នៅពេលប៊ីស្សពកំណត់អ្នកធ្វើកិច្ចការក្នុងព្រះវិហារម្នាក់ដែលមានសក្តានុពល ឬទទួលបានអនុសាសន៍ពីប្រធានព្រះវិហារបរិសុទ្ធ គាត់ប្រឹក្សាជាមួយសមាជិករូបនោះអំពីឱកាសដើម្បីបម្រើ ។ គាត់ពិនិត្យមើលលក្ខខណ្ឌសម្រាប់អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ( សូមមើល ២៥.៥.២ ) ។ ប្រសិនបើទាំងប៊ីស្សព និងសមាជិកមានអារម្មណ៍ថា ឱកាសនោះសមរម្យ នោះប៊ីស្សពធ្វើការបំពេញ និងដាក់បញ្ជូនអនុសាសន៍ដោយប្រើ ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។ សមាជិកគួរតែយល់ថា អនុសាសន៍ដែលបានដាក់បញ្ជូនមិនធានាថា គាត់នឹងត្រូវបានហៅ ឬចាត់តាំងជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធនោះទេ ។
អនុសាសន៍នេះត្រូវបានពិនិត្យបន្ទាប់ទៀតដោយប្រធានស្តេក ។ ប្រសិនបើ ប្រធានស្ដេកអនុម័តលើអនុសាសន៍នេះ នោះគាត់នឹងបញ្ជូនវាទៅកាន់ប្រធានព្រះវិហារបរិសុទ្ធដើម្បីពិនិត្យមើលដោយប្រើ ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។
ជាធម្មតាសមាជិកដែលត្រូវបានហៅ ឬចាត់តាំងជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធប្តេជ្ញាចិត្តថានឹងបម្រើតាមពេលវេលាទៀងទាត់ក្នុងព្រះវិហារបរិសុទ្ធរាល់សប្តាហ៍ ។ ថ្នាក់ដឹកនាំគួរតែចៀសវាងការចេញការហៅបម្រើបន្ថែម ដែលនឹងបង្អាក់សមត្ថភាពរបស់សមាជិកក្នុងការបម្រើក្នុងព្រះវិហារបរិសុទ្ធ ។
ឧបករណ៍ផ្ដល់អនុសាសន៍អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ក៏បង្ហាញប៊ីស្សព និងប្រធានស្តេកនូវបញ្ជីសមាជិកទាំងអស់មកពីវួដ ឬស្តេករបស់ពួកគាត់ ដែលកំពុងបម្រើជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ។
២៥.៥.២
លក្ខខណ្ឌសម្រាប់អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធជួយធ្វើពិធីបរិសុទ្ធឬជួយជាមួយកិច្ចការរដ្ឋបាលនៅក្នុងព្រះវិហារបរិសុទ្ធ ។ ដើម្បីទទួលបានអនុសាសន៍ជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធនោះសមាជិកត្រូវតែបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ៖
-
រស់នៅក្នុងមណ្ឌលព្រះវិហារបរិសុទ្ធនៃព្រះវិហារបរិសុទ្ធដែលគាត់នឹងបម្រើ ។
-
បានទទួលអំណោយទានពិសិដ្ឋ គោរពតាមសេចក្តីសញ្ញាព្រះវិហារបរិសុទ្ធ និងមានប័ណ្ណចូលព្រះវិហារបរិសុទ្ធដែលមានសុពលភាព ។
-
មានទីបន្ទាល់រឹងមាំអំពីដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
មានកាយសម្បទារឹងមាំដើម្បីធ្វើពិធីបរិសុទ្ធដោយគ្មានជំនួយ ។
-
ត្រូវមានភាពស័ក្តិសមដើម្បីទទួលបានការគោរពនៅក្នុងសាសនាចក្រ និងសហគមន៍ ។
-
ធ្វើការចុះសម្រុងជាមួយមនុស្សដទៃ ។
-
អាចពឹងពាក់បាន និងមានសុខភាពល្អ ។
-
គ្មានចំណារពន្យល់បច្ចុប្បន្នមួយនៅលើកំណត់ត្រាសមាជិកភាពរបស់គាត់ ។
លើសពីនេះទៀត ប៊ីស្សពត្រូវប្រាកដដូចខាងក្រោម ៖
-
ប្រសិនបើសមាជិកភាពរបស់មនុស្សម្នាក់ត្រូវបានដាក់កំហិតជាផ្លូវការណ៍ នោះគាត់មិនអាចត្រូវបានផ្តល់អនុសាសន៍ជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធមុនរយៈពេលប្រាំឆ្នាំ បន្ទាប់ពីការដាក់កំហិតត្រូវបានដកចេញនោះទេ ។ ( សូមមើល៣២.១១.៣ និង ៣២.១៦.១ ) ។
-
ប្រសិនបើសមាជិកភាពរបស់បុគ្គលដែលទទួលអំណោយទានពិសិដ្ឋរួចហើយត្រូវបានដកចេញ ឬប្រសិនបើបុគ្គលនោះបានលាលែងពីសមាជិកភាព នោះគាត់មិនអាចនឹងត្រូវបានផ្តល់អនុសាសន៍ឲ្យធ្វើជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធមុនរយៈពេលប្រាំឆ្នាំបន្ទាប់ពីបានអនុញ្ញាតឲ្យចូលមកក្នុងសាសនាចក្រវិញឡើយ ។ ( សូមមើល ៣២.១១.៤,៣២.១៤.៩,៣២.១៦.១ និង ៣២.១៦.២ ) ។
-
ប្រសិនបើ សមាជិកភាពរបស់បុគ្គលដែលទទួលអំណោយទានពិសិដ្ឋរួចហើយត្រូវបានដកចេញ ឬប្រសិនបើបុគ្គលនោះបានលាលែងពីសមាជិកភាព នោះគាត់មិនអាចនឹងត្រូវបានផ្តល់អនុសាសន៍ឲ្យធ្វើជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធមុនរយៈពេលប្រាំឆ្នាំ បន្ទាប់ពីទទួលបានការស្តារពរជ័យឡើងវិញឡើយ ។ ( សូមមើល ៣២.១១.៤, ៣២.១៤.៩ និង ៣២.១៧.២ ) ។
២៥.៥.៣
ការហៅនិងការញែកចេញដល់អ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ
បន្ទាប់ពីប្រធានព្រះវិហារបរិសុទ្ធទទួលបានអនុសាសន៍ដើម្បីឲ្យនរណាម្នាក់បម្រើជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធនោះសមាជិកមួយរូបនៃគណៈប្រធានព្រះវិហារបរិសុទ្ធ ឬនរណាម្នាក់ដែលគាត់ចាត់តាំងធ្វើការសម្ភាសសមាជិករូបនោះ ។ ដូចបានបំផុសគំនិត បុគ្គលដែលធ្វើការសម្ភាស ហៅអស់អ្នកដែលអាចបម្រើជាអ្នកធ្វើការក្នុងព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីញែកចេញដល់ពួកគេ ។