« មេរៀនទី ១៦៣—ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២ ៖ ‹ ពួកយើងសូមថ្វាយទីបន្ទាល់របស់ពួកយើងអំពីតថភាពពិតនៃព្រះជន្មដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៦៣ ៖ ព្រះគ្រីស្ទដ៏មានព្រះជន្មរស់
ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ ផ្នែកទី ២
« ពួកយើងសូមថ្វាយទីបន្ទាល់របស់ពួកយើងអំពីតថភាពពិតនៃព្រះជន្មដ៏ឥតប្រៀបផ្ទឹមរបស់ទ្រង់ »
ដូចជាគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទដ៏មានព្រះជន្មរស់ នោះយើងក៏អាចប្រកាសថា ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ផងដែរ ! មេរៀននេះអាចជួយសិស្សចែកចាយគំនិត និងអារម្មណ៍របស់ពួកគេអំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ហេតុផលដើម្បីចែកចាយ
ដើម្បីជួយសិស្សឲ្យរៀបចំខ្លួនរៀនសូត្រ នោះអ្នកអាចនាំយកអ្វីមួយដែលអ្នកស្រឡាញ់ និងចង់ចែកចាយជាមួយសិស្សក្នុងថ្នាក់របស់អ្នក ។ វាអាចជារូបភាព បទពិសោធន៍ ឬអាហារដែលចូលចិត្ត ។ សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលពួកគេទើបតែបានចែកចាយ ឬចង់ចែកចាយជាមួយអ្នកផ្សេងទៀត ។
-
តើអ្នកចង់ចែកចាយអ្វី ?
-
ហេតុអ្វីអ្នកចង់ចែកចាយវា ?
នៅលើក្ដារខៀន សូមបង្កើតបញ្ជីមូលហេតុដែលសិស្សចង់ចែកចាយអ្វីមួយ ។
-
តើហេតុផលមួយណានៅក្នុងបញ្ជីនេះអាចអនុវត្តចំពោះការចែកចាយបទពិសោធន៍ ឬទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទជាមួយអ្នកដទៃ ?
-
តើអ្នកអាចបន្ថែមអ្វីខ្លះទៅក្នុងបញ្ជីរបស់អ្នក ជាហេតុផលជាក់លាក់ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីរបៀបដែលពួកគេមានអំពីការនិយាយបន្ថែមទៀតអំពីព្រះយេស៊ូវគ្រីស្ទជាមួយនឹងអ្នកដទៃ និងមូលហេតុដែលពួកគេមានអារម្មណ៍បែបនោះ ។
ការរៀបចំខ្លួនដើម្បីថ្លែងទីបន្ទាល់ពីព្រះយេស៊ូវគ្រីស្ទ
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ដូចតទៅនេះ ។
អែលឌើរ នែល អិល អាន់ឌើរសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មានមនុស្សមួយចំនួននៅលើផែនដីស្គាល់ព្រះយេស៊ូវគ្រីស្ទតិចតួច ហើយនៅផ្នែកខ្លះទៀតនៃពិភពលោកដែលព្រះនាមរបស់ទ្រង់ត្រូវបានប្រកាសរាប់សតវត្សមកហើយ តែបែរជាជំនឿលើព្រះយេស៊ូវគ្រីស្ទកំពុងតែថយចុះទៅវិញ ។ … នៅទូទាំងពិភពលោកការសិក្សា [ មួយ ]… បានព្យាករណ៍ថា នៅប៉ុន្មានទស្សវត្សរ៍ខាងមុខទៀតនឹងមានមនុស្សជាច្រើនគឺច្រើនជាងពីរដងដែលដើរចេញពីគ្រិស្តសាសនាដូចទៅនឹងអ្នកដែលចូលគ្រិស្តសាសនាដែរ ។ …
… បើលោកិយនិយាយអំពីទ្រង់បន្តិចបន្តួច តើនរណានឹងនិយាយអំពីទ្រង់ច្រើន ? គឺយើងទាំងអស់គ្នាហ្នឹងហើយ ! ( នែល អិល អាន់ឌើរសិន « We Talk of Christ» Liahona ខែវិច្ឆិកា ឆ្នាំ២០២០ ទំព័រ ៨៨–៨៩ )
-
តើអ្នកមានគំនិត ឬសំណួរអ្វីខ្លះអំពីសេចក្តីថ្លែងការណ៍នេះដោយអែលឌើរ អាន់ឌើរសិន ?
គណៈប្រធានទីមួយ និងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ គឺជាឧទាហរណ៍នៃការចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ ។ ឧទាហរណ៍មួយគឺការប្រកាស « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។ សូមចំណាយពេលពីរបីនាទីដើម្បីពិនិត្យមើលឯកសារនេះ ដោយពិចារណាអំពីអត្ថប្រយោជន៍ដែលយើងអាចដកពិសោធន៍ ដោយសារពួកលោកបានចែកចាយទីបន្ទាល់របស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ ។
សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយរាល់អត្ថប្រយោជន៍ដែលពួកគេអាចគិតឃើញ ។
គំនិត និងអារម្មណ៍របស់សិស្សអំពីការនិយាយបន្ថែមទៀត អំពីព្រះអង្គសង្គ្រោះអាចប្រែប្រួលយ៉ាងខ្លាំង ។ ការកំណត់គោលការណ៍មួយចេញពីបទគម្ពីរអាចជួយពួកគេយល់ពីសារៈសំខាន់នៃការធ្វើកិច្ចការនេះ ។ អ្នកអាចប្រើបទគម្ពីរដូចខាងក្រោមនេះ ។
សូមអាន នីហ្វៃទី២ ២៥:២៦ ដោយរកមើលហេតុផលបន្ថែម ដើម្បីថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ។
-
តើមានសេចក្ដីពិតអ្វីខ្លះដែលយើងអាចរៀនចេញពីមូលហេតុរបស់នីហ្វៃ ?
សេចក្តីពិតមួយដែលសិស្សអាចកំណត់គឺថា នៅពេលយើងនិយាយ និងអររីករាយអំពីព្រះយេស៊ូវគ្រីស្ទ នោះអ្នកដទៃអាចដឹងថា ទ្រង់អាចសង្រ្គោះពួកគេពីអំពើបាបរបស់ពួកគេ ។
-
តើការដឹងពីអ្វីដែលព្រះយេស៊ូវគ្រីស្ទអាចធ្វើសម្រាប់អ្នកដទៃមានឥទ្ធិពលចំពោះបំណងប្រាថ្នារបស់អ្នកក្នុងការថ្លែងទីបន្ទាល់ ឬចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីទ្រង់ដោយរបៀបណា ?
សូមរំឭកពីសេចក្ដីពិតដែលអ្នកបានរកឃើញអំពីព្រះអង្គសង្គ្រោះនៅក្នុង « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » អំឡុងមេរៀនមុន ។ អ្នកអាចជ្រើសរើសសេចក្តីពិតមួយដែលអ្នកផ្តោតយកចិត្តទុកដាក់នៅក្នុងមេរៀននោះ ឬជ្រើសរើសមួយទៀតដែលអ្នកចង់ចែកចាយជាមួយអ្នកដទៃ ។
ទាំងនេះគឺជាឧទាហរណ៍នៃសេចក្តីពិតជាច្រើនដែលសិស្សអាចកំណត់ ៖
-
នៅក្រោមការដឹកនាំរបស់ព្រះវរបិតា ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដីនេះ ។
-
ព្រះយេស៊ូវគ្រីស្ទបានប្រទានព្រះជន្មរបស់ទ្រង់ដើម្បីធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃមនុស្សលោកទាំងអស់ ។
-
ព្រះយេស៊ូវគ្រីស្ទបានមានព្រះជន្មរស់ឡើងវិញ ហើយរស់នៅសព្វថ្ងៃនេះ ។
-
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺ ជាជីវិត ហើយជាសេចក្ដីសង្ឃឹមនៃពិភពលោក ។
-
មាគ៌ារបស់ព្រះយេស៊ូវគ្រីស្ទគឺជាផ្លូវនាំទៅរកសុភមង្គលក្នុងជីវិតនេះ និងជីវិតអស់កល្បជានិច្ចនៅក្នុងពិភពដែលនឹងមកដល់ ។
សកម្មភាពខាងក្រោមនេះអាចចំណាយពេលថ្នាក់ដែលនៅសេសសល់ ហើយអាចជួយរៀបចំសិស្សឲ្យចែកចាយ ។ សូមជ្រើសរើសសកម្មភាពមួយដែលអ្នកគិតថា មានអត្ថប្រយោជន៍សម្រាប់សិស្សរបស់អ្នក ឬផ្តល់សកម្មភាពនីមួយៗជាជម្រើសសម្រាប់សិស្សធ្វើការជ្រើសរើស ។ ដើម្បីជួយសិស្សជ្រើសរើសសកម្មភាពដែលអាចអនុវត្តបានល្អបំផុត នោះពួកគេអាចគិតអំពីអ្នកដែលពួកគេចង់ចែកចាយទីបន្ទាល់របស់ពួកគេជាមួយ ។
សកម្មភាព ក ៖ ទន្ទេញ
របៀបមួយដើម្បីរៀបចំចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ គឺការទន្ទេញផ្នែកមួយនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ។
សូមចំណាយពេលប៉ុន្មាននាទីដើម្បីទន្ទេញផ្នែកមួយដែលបង្រៀនសេចក្តីពិតដែលអ្នកបានជ្រើសរើស ។ អ្នកអាចសរសេរវា រំឭកឡើងវិញជាច្រើនដង ឬអ្នកអានហើយថតវាទុក ហើយស្ដាប់វាជាច្រើនដង ។ ( អ្នកក៏អាចទន្ទេញបទគម្ពីរដកស្រង់ដែលអ្នកបានរកឃើញនៅក្នុងមេរៀនមុនដែលថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដូចគ្នាដែរ ) ។
ដើម្បីជួយសិស្សទន្ទេញផ្នែកនៃ « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » អ្នកអាចបង្ហាញ « Memorize the Living Christ: Goal Setting Ideas » ( ២:០៥ ) ។
បន្ទាប់មកសរសេរថាតើនៅពេលណា និងដោយរបៀបណាដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ផ្សេងទៀតនូវអ្វីដែលអ្នកបានទន្ទេញ ។ សូមបញ្ចូលមូលហេតុនូវឃ្លាដែលអ្នកបានជ្រើសរើសមានអត្ថន័យចំពោះអ្នក និងរបៀបដែលអ្នកសង្ឃឹមថា ឃ្លាទាំងនេះនឹងជួយអ្នកដទៃឲ្យងាកមករកព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាព ខ ៖ បង្កើតប័ណ្ណប្រកាសរូបភាព meme ឬរូបភាពឌីជីថល
របៀបមួយដើម្បីជួយអ្នកចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីព្រះយេស៊ូវគ្រីស្ទ គឺបង្កើតប័ណ្ណប្រកាស meme ឬរូបភាពឌីជីថល ។
សូមពិចារណាជ្រើសរើសរូបភាពផ្សេងៗដែលចាប់យកអត្ថន័យនៃសេចក្តីពិតដែលអ្នកបានជ្រើសរើស ។ ឧទាហរណ៍ អ្នកអាចជ្រើសរើសចែកចាយសេចក្តីពិត និងសារៈសំខាន់នៃពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវគ្រីស្ទ ។ ការណ៍នេះបានបង្ហាញនៅក្នុងឃ្លាដូចខាងក្រោមចេញពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » ៖ « ទោះជាទ្រង់គ្មានបាបក្ដី ក៏ទ្រង់បានទទួលបុណ្យជ្រមុជទឹកដើម្បីបំពេញនូវគ្រប់អស់ទាំងសេចក្ដីសុចរិតដែរ » ។ អ្នកប្រហែលជាចង់បញ្ចូលឃ្លានេះក្នុងគម្រោងរបស់អ្នក រួមជាមួយនឹងរូបភាពដែលចូលចិត្តបង្ហាញអំពីពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្គ្រោះផងដែរ ។ អ្នកក៏អាចបញ្ចូលឃ្លាពីបទគម្ពីរដែលធ្វើឲ្យការយល់ដឹងកាន់តែស៊ីជម្រៅផងដែរ ។
បន្ទាប់មកបន្ថែមការពន្យល់របស់អ្នកអំពីមូលហេតុដែលចំណេះដឹងនេះសំខាន់ចំពោះអ្នក ។
ប្រសិនបើសិស្សធ្វើវាដាក់នៅលើទូរសព្ទរបស់ពួកគេ អស់អ្នកដែលចេះរបៀបប្រើប្រាស់ media library របស់សាសនាចក្រ អាចបង្រៀនអ្នកដទៃឲ្យស្វែងរករូបភាពបាន ។ ប្រសិនបើសិស្សចង់បង្កើតគម្រោងរបស់ពួកគេនៅលើក្រដាស អ្នកអាចយកទស្សនាវដ្ដីសាសនាចក្រ ហើយអនុញ្ញាតឲ្យសិស្សកាត់រូបភាព ឬពាក្យចេញពីទស្សនាវដ្តី ។
សកម្មភាព គ ៖ រៀបចំសុន្ទរកថា
របៀបមួយដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ គឺការថ្លែងសុន្ទរកថា ។
សូមស្រមៃថា អ្នកបានយល់ព្រមឡើងថ្លែងទីបន្ទាល់នៅថ្ងៃអាទិត្យនៅក្នុងវួដ ឬសាខារបស់អ្នក ។ អ្នកអាចចែកចាយអ្វីដែលអ្នកកំពុងរៀនអំពីព្រះយេស៊ូវគ្រីស្ទ ហើយហេតុអ្វីវាសំខាន់ចំពោះអ្នក ។ សូមសរសេរយ៉ាងហោចណាស់កថាខណ្ឌមួយចំនួនដែលអ្នកអាចប្រើនៅក្នុងសុន្ទរកថារបស់អ្នក ។ សូមប្រាកដថាត្រូវបញ្ចូលសេចក្តីថ្លែងការណ៍មកពី « ព្រះគ្រីស្ទដ៏មានព្រះជន្មរស់ » វគ្គបទគម្ពីរ និងមូលហេតុសេចក្តីថ្លែងការណ៍ និងវគ្គបទគម្ពីរទាំងនេះមានអត្ថន័យចំពោះអ្នក ។
ពេលវេលាដើម្បីរៀបចំខ្លួន
សូមផ្ដល់ពេលវេលាឲ្យសិស្សចែកចាយអ្វីដែលពួកគេបានរៀបចំ ។ សូមលើកទឹកចិត្តសិស្សផ្សេងៗឲ្យចូលរួម ។ សូមពិចារណាពីការផ្អាកម្តងម្កាលដើម្បីសួរពីអ្វីដែលសិស្សចូលចិត្ត ឬគិតថាមានអត្ថន័យអំពីអ្វីដែលមិត្តរួមថ្នាក់របស់ពួកគេចែកចាយ ។ សូមគូសបញ្ជាក់ថា ការយល់ដឹងទាំងនេះគឺជាពរជ័យនៃការនិយាយ និងការថ្លែងទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។
សូមលើកទឹកចិត្តសិស្សឲ្យរកមើលរបៀបដើម្បីចែកចាយរឿងទាំងនេះនៅខាងក្រៅថ្នាក់ ។ ប្រសិនបើអាច អ្នកអាចចែកចាយពរជ័យដែលអ្នកបានទទួលពីការថ្លែងទៅកាន់អ្នកដទៃអំពីព្រះយេស៊ូវគ្រីស្ទ ។ ឬអ្នកអាចចែកចាយអ្វីដែលអ្នកដទៃបានថ្លែងទីបន្ទាល់មកកាន់អ្នក ។ សូមពិចារណាបញ្ចប់ថ្នាក់ដោយការសួរសិស្សនូវសំណួរដូចខាងក្រោម ៖
-
តើទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះយេស៊ូវគ្រីស្ទអាចប្រសើរឡើងដោយរបៀបណា នៅពេលអ្នកចែកចាយគំនិត និងអារម្មណ៍របស់អ្នកអំពីទ្រង់ជាមួយអ្នកដទៃ ?