« មេរៀនទី ១៥៤—មាត្រានៃសេចក្ដីជំនឿ ៖ ការរៀនសេចក្តីពិតជាមូលដ្ឋាននៃដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« មាត្រានៃសេចក្ដីជំនឿ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥៤ ៖ មាត្រានៃសេចក្តីជំនឿ និងសេចក្តីប្រកាសជាផ្លូវការ ទី១ និងទី២
មាត្រានៃសេចក្ដីជំនឿ
ការរៀនសេចក្តីពិតជាមូលដ្ឋាននៃដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ
នៅថ្ងៃទី១ ខែមីនា ឆ្នាំ១៨៤២ ព្យាការី យ៉ូសែប ស្ម៊ីធ បានឆ្លើយតបនឹងសំណើមួយពីអ្នកនិពន្ធកាសែត យ៉ូហាន វែន្តវើធ ដើម្បីផ្តល់ព័ត៌មានអំពីប្រវត្តិ និងជំនឿនៃសាសនាចក្រ ។ ជាផ្នែកមួយនៃការឆ្លើយតបរបស់លោក យ៉ូសែបបានប្រកាសពីគោលការណ៍គ្រឹះចំនួន១៣ នៃដំណឹងល្អដែលគេស្គាល់ថាជាមាត្រានៃសេចក្ដីជំនឿនៅសព្វថ្ងៃនេះ ។ មេរៀននេះអាចជួយសិស្សឲ្យយល់កាន់តែស៊ីជម្រៅអំពីគោលលទ្ធិរបស់ព្រះអង្គសង្គ្រោះ ដោយសិក្សាពីសេចក្តីពិតដែលមាននៅក្នុងមាត្រានៃសេចក្តីជំនឿ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការពន្យល់អំពីជំនឿរបស់យើង
សូមពិចារណាចាប់ផ្តើមថ្នាក់រៀន ដោយការចែកចាយសាច់រឿងដូចខាងក្រោមនេះ ។
សូមស្រមៃថា អ្នកមានមិត្តម្នាក់ដែលចង់ដឹងបន្ថែមអំពីជំនឿរបស់សមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ មិត្តរបស់អ្នកចាប់អារម្មណ៍ខ្លាំងណាស់ ប៉ុន្តែមានពេលតែប៉ុន្មាននាទីប៉ុណ្ណោះដើម្បីស្តាប់មុនពេលចូលរៀន ។
-
តើអ្នកចង់ឲ្យមិត្តរបស់អ្នកយល់អ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
អ្នកអាចទុកពេលឲ្យសិស្សបីនាទីដើម្បីសរសេរចម្លើយរបស់ពួកគេដាក់នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។ ជាជម្រើស ពួកគេអាចពិភាក្សាអំពីអ្វីដែលពួកគេនឹងចែកចាយរួមគ្នា ឬសម្ដែងតាមសាច់រឿងជាមួយនឹងដៃគូ ។
-
តើអ្នកអាចចែកចាយធនធានអ្វីខ្លះជាមួយមិត្តរបស់អ្នកដើម្បីជួយពួកគេឲ្យរៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ?
បើចាំបាច់ សូមចង្អុលបង្ហាញថា ធនធានដ៏មានអត្ថប្រយោជន៍មួយគឺមាត្រានៃសេចក្តីជំនឿ ។ សូមប្រាកដថាសិស្សអាចរកឃើញមាត្រានៃសេចក្ដីជំនឿនៅក្នុងព្រះគម្ពីររបស់ពួកគេ ។ អ្នកអាចទុកពេលឲ្យពួកគេវាយតម្លៃកម្រិតនៃការស្គាល់មាត្រានៃសេចក្តីជំនឿរបស់ពួកគេ ។ ឧទាហរណ៍ អ្នកអាចសួរសិស្សថា តើពួកគេធ្លាប់ទន្ទេញមាត្រាមួយ ឬប្រើមាត្រាខ្លះៗ នៅពេលបង្រៀនមេរៀន សរសេរសុន្ទរកថា ឬចែកចាយដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាមួយអ្នកដទៃដែរឬទេ ។
មាត្រានៃសេចក្ដីជំនឿ
ដើម្បីជួយសិស្សរៀនពីរបៀបដែលយើងទទួលបានមាត្រានៃសេចក្តីជំនឿ សូមពិចារណាចែកចាយជាមួយសិស្សនូវវីដេអូ « The Articles of Faith » ( ៤:៤៣ ) មាននៅ ChurchofJesusChrist.org ។ អ្នកក៏អាចសង្ខេបព័ត៌មានសាវតាខាងក្រោម ៖
ក្នុងឆ្នាំ១៨៤២ យ៉ូសែប ស្ម៊ីធ បានឆ្លើយតបទៅនឹងសំបុត្រមួយដែលលោកបានទទួលពីលោក យ៉ូហាន វែន្តវើធ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោ រដ្ឋអិលលីណោយ ។ វែន្តវើធគឺជាអ្នកនិពន្ធកាសែតមួយដែលហៅថា Chicago Democrat ហើយចង់ដឹងបន្ថែមទៀតអំពីជំនឿ និងប្រវត្តិរបស់ពួកបរិសុទ្ធដែលរស់នៅក្នុងទីក្រុងណៅវូ រដ្ឋអិលលីណោយ ។ នៅក្នុងផ្នែកខ្លះនៃសំបុត្រនោះ យ៉ូសែបបានចែកចាយព័ត៌មានលម្អិតអំពីការបង្កើត និងជោគវាសនានៃសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ ព្យាការីបានបញ្ចប់សំបុត្រដោយសេចក្ដីថ្លែងការណ៍ខ្លីៗចំនួន១៣ ដែលមាននូវសេចក្ដីពិតជាមូលដ្ឋាន និងគោលលទ្ធិនៃសាសនាចក្រ ។ ក្រោយមកសេចក្តីថ្លែងការណ៍ទាំងនេះបានដាក់ចំណងជើងថា មាត្រានៃសេចក្ដីជំនឿ ហើយត្រូវបានបោះពុម្ពនៅឆ្នាំ១៨៥១ នៅក្នុងកំណែទីមួយនៃមុក្ដាដ៏មានតម្លៃមហិមា ។
អែលឌើរ អិល ថម ភែរី ( ឆ្នាំ ១៩២២–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយដូចតទៅនេះអំពីរបៀបដែលការរៀនមាត្រានៃសេចក្តីជំនឿ អាចជួយដល់យើង ។
ខ្ញុំលើកទឹកចិត្តអ្នកឲ្យប្រើគំនិតដ៏ភ្លឺថ្លារបស់អ្នកដើម្បីសិក្សា និងរៀនពីមាត្រានៃសេចក្ដីជំនឿ និងគោលលទ្ធិដែលវាបង្រៀន ។ វាស្ថិតក្នុងចំណោមគោលលទ្ធិខ្លីៗដែលសំខាន់ ហើយច្បាស់លាស់បំផុតក្នុងសាសនាចក្រ ។ បើអ្នកនឹងប្រើវាដើម្បីដឹកនាំអ្នកឲ្យសិក្សាអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ នោះអ្នកនឹងឃើញថាខ្លួនឯងបានរៀបចំខ្លួនដើម្បីប្រកាសនូវសាក្សីរបស់អ្នកអំពីសេចក្ដីពិតដែលបានស្ដារឡើងវិញទៅកាន់ពិភពលោក ។ អ្នកនឹងអាចប្រកាសតាមរបៀបសាមញ្ញ ចំៗ ហើយអស្ចារ្យពីជំនឿដ៏សំខាន់ដែលអ្នកឲ្យតម្លៃក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ ( អិល ថម ភែរី « The Doctrines and Principles Contained in the Articles of Faith » Liahona ខែវិច្ឆិកា ឆ្នាំ២០១៣ ទំព័រ៤៨ )
-
តើអ្នកបានរៀនអ្វីខ្លះចេញពីសេចក្ដីថ្លែងការណ៍នេះអំពីសារៈសំខាន់នៃការសិក្សា និងការយល់អំពីមាត្រានៃសេចក្តីជំនឿ ?
សូមពិចារណាធ្វើទីបន្ទាល់របស់អ្នកអំពីពរជ័យទាំងឡាយដែលអ្នកបានកត់សម្គាល់មកពីការសិក្សាមាត្រានៃសេចក្តីជំនឿ និងការប្រើវាដើម្បីប្រកាសដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ។
ការរៀនសូត្រដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ជាមួយនឹងមាត្រានៃសេចក្តីជំនឿ
គំនិតខាងក្រោមនេះគឺជារបៀបមួយដើម្បីជួយសិស្សឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យជាមួយនឹងមាត្រានៃសេចក្ដីជំនឿ ។ សូមពិចារណាចែកចាយសំណៅចែកដែលមានចំណងជើងថា « សកម្មភាពសិក្សាមាត្រានៃសេចក្តីជំនឿ » ។ សូមផ្តល់ពេលឲ្យសិស្សបំពេញសកម្មភាពនៅលើសំណៅចែកនោះ ។ សូមលើកទឹកចិត្តពួកគេឲ្យយកចិត្តទុកដាក់លើការបំផុសគំនិតខាងវិញ្ញាណ ឬការយល់ដឹងដែលពួកគេទទួលបានពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលពួកគេសិក្សា ។ អ្នកអាចធានាថា សិស្សមួយចំនួននឹងផ្ដោតលើមាត្រាបួនដំបូងនៃមាត្រានៃសេចក្ដីជំនឿ ដែលបង្រៀនសេចក្ដីពិតជាមូលដ្ឋានដ៏សំខាន់អំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងគោលលទ្ធិរបស់ទ្រង់ទាំងទ្វេ ។
សូមមានពេលដើម្បីជួយសិស្ស ប៉ុន្តែសូមអញ្ជើញពួកគេឲ្យប្រើជំនាញសិក្សាដែលពួកគេបានរៀននៅផ្ទះ ព្រះវិហារ និងនៅថ្នាក់សិក្ខាសាលាដើម្បីបញ្ចប់សកម្មភាពនេះ ។ ប្រសិនបើសិស្សបញ្ចប់សកម្មភាពយ៉ាងឆាប់រហ័ស សូមអញ្ជើញពួកគេឲ្យជ្រើសរើសមាត្រានៃសេចក្ដីជំនឿផ្សេងទៀត ហើយធ្វើដំណើរការនេះឡើងវិញ ។
សកម្មភាពសិក្សាមាត្រានៃសេចក្តីជំនឿ
ជំហានទី ១ ៖ សូមជ្រើសរើសមាត្រានៃសេចក្ដីជំនឿមួយដែលអ្នកចង់សិក្សានៅថ្ងៃនេះ ហើយឆ្លើយសំណួរដូចខាងក្រោមនេះ ៖
-
តើសេចក្ដីពិត ឬសេចក្ដីពិតទាំងឡាយដ៏នៅអស់កល្បណាដែលអ្នករៀនពីមាត្រានៃសេចក្ដីជំនឿនេះ ?
-
តើការបង្រៀនចេញពីមាត្រានៃសេចក្តីជំនឿនេះជះឥទ្ធិពលលើទំនាក់ទំនងរបស់អ្នកជាមួយព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ?
ជំហានទី ២ ៖ សូមជ្រើសរើសយ៉ាងហោចណាស់ជម្រើសពីរខាងក្រោមនេះ ដើម្បីជួយអ្នកស្វែងយល់បន្ថែមអំពីមាត្រានៃសេចក្ដីជំនឿដែលអ្នកបានជ្រើសរើស ៖
-
ទន្ទេញ ។ សូមគិតអំពីគំនិតមួយដើម្បីជួយអ្នកចងចាំមាត្រានៃសេចក្តីជំនឿរបស់អ្នក ហើយចំណាយពេលទន្ទេញមាត្រានៃសេចក្តីជំនឿនោះ ។
-
ស្វែងរកធនធានដែលទាក់ទងគ្នា ។ សូមស្វែងរកបទគម្ពីរ ឬសេចក្តីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រ ដែលទាក់ទងទៅនឹងមាត្រានៃសេចក្តីជំនឿដែលអ្នកបានជ្រើសរើស ។ អ្នកអាចប្រើឧបករណ៍ដូចជាលេខយោងនៅក្នុងព្រះគម្ពីររបស់អ្នក Topical Guide សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ឬមុខងារស្វែងរកនៅលើកម្មវិធីបណ្ណាល័យដំណឹងល្អ ដើម្បីជួយដល់អ្នក ។
-
បង្កើតតំណាងដែលមើលឃើញ ។ សូមប្រើសិល្បៈដើម្បីជួយអ្នកប្រាស្រ័យទាក់ទងគ្នា ឬតំណាងឲ្យការបង្រៀនមកពីមាត្រានៃសេចក្តីជំនឿដែលអ្នកបានជ្រើសរើស ។ ឧទាហរណ៍អាចរួមបញ្ចូលទាំងគំនូរ បណ្ដុំរូបភាព ឬរូបភាពនៃបណ្ដុំវាក្យសព្ទ ឬ meme ។ ( ដោយសារតែលក្ខណៈដ៏ពិសិដ្ឋនៃព្រះអាទិទេព សូមចៀសវាងការគូររូបនៃសមាជិកក្រុមព្រះ ) ។
-
បង្កើតសាច់រឿង ។ សូមគិតអំពីស្ថានភាពដែលអ្នក ឬក្មេងជំទង់ផ្សេងទៀតប្រឈមមុខ ឬសំណួរអំពីដំណឹងល្អដែលមាត្រានៃសេចក្តីជំនឿរបស់អ្នកអាចជួយបាន ។ សូមសរសេរសាច់រឿង ឬសំណួរទាំងឡាយ ហើយពន្យល់ពីរបៀប ឬមូលហេតុដែលសេចក្តីពិតដែលបានបង្រៀននៅក្នុងមាត្រានៃសេចក្តីជំនឿអាចជួយបាន ។
-
ថ្លែងទីបន្ទាល់ ។ សូមសរសេរទីបន្ទាល់របស់អ្នកអំពីសេចក្ដីពិតដែលបានបង្រៀននៅក្នុងមាត្រានៃសេចក្ដីជំនឿរបស់អ្នក ។ សូមពិពណ៌នាអំពីរបៀបដែលការបង្រៀនទាំងនេះបានផ្ដល់ពរដល់ជីវិតរបស់អ្នក ហើយនាំអ្នកឲ្យខិតទៅជិតព្រះ ។
ចែកចាយអ្វីដែលអ្នកបានរៀន
សូមពិចារណាពីរបៀបជួយសិស្សឲ្យចែកចាយ និងបង្ហាញនូវអ្វីដែលពួកគេបានរៀន ។ អ្នកអាចសរសេរលេខ ១–១៣ នៅលើក្រដាសតូចៗចំនួន១៣ ហើយដាក់វានៅក្នុងមួកមួយ ។ សូមយកក្រដាសមួយចេញដោយព្រាវៗ ហើយសួរថាតើមានសិស្សណាម្នាក់ដែលបានសិក្សាមាត្រានៃសេចក្ដីជំនឿនោះ ដែលនឹងស្ម័គ្រចិត្តចែកចាយដែរឬទេ ។ សម្រាប់ថ្នាក់ដែលមានសិស្សច្រើន សូមពិចារណារៀបចំសិស្សជាគូៗ ឬក្រុមតូចៗ ហើយអញ្ជើញពួកគេឲ្យចែកចាយជាមួយគ្នា ។
បន្ទាប់ពីការចែកចាយហើយ សិស្សដែលស្ម័គ្រចិត្តអាចដាក់បង្ហាញក្រដាសរបស់ពួកគេពេញបន្ទប់សម្រាប់ឲ្យអ្នកដទៃមើល ។