« មេរៀនទី ១៥១—គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧ ៖ អស់អ្នកដែលនឹងគ្រងនគរសេឡេស្ទាល សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៥១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧–១៣៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧
អស់អ្នកដែលនឹងគ្រងនគរសេឡេស្ទាល
នៅក្នុងខែមករា ឆ្នាំ១៨៣៦ ខណៈពេលនៅក្នុងព្រះវិហារបរិសុទ្ធខឺតឡង់ ដែលមិនទាន់បានសាងសង់រួច ព្យាការី យ៉ូសែប ស្ម៊ីធ បានឃើញការនិមិត្តអំពីនគរសេឡេស្ទាល ។ នៅក្នុងការនិមិត្តនេះ ដែលឥឡូវនេះគឺជា គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧ ព្រះអង្គសង្គ្រោះបានបើកសម្តែងសេចក្តីពិតអំពីផែនការរបស់ព្រះវរបិតាសួគ៌ ។ មេរៀននេះអាចជួយសិស្សបង្កើនការដឹងគុណរបស់ពួកគេចំពោះផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ទាំងអស់
ដំណើររឿងគឺជាវិធីមួយដើម្បីទាក់ទាញសិស្សឲ្យចូលរួមក្នុងបទពិសោធន៍ការរៀនសូត្រ ។ ពិចារណាអាន ឬសង្ខេបកថាខណ្ឌខាងក្រោម ។ អ្នកក៏អាចមើលវីដេអូ « Joseph Smith: The Prophet of the Restoration » ដែលមាននៅលើ ChurchofJesusChrist.org ចាប់ពីនាទីទី ២:០៥ ដល់ ៤:២១ ឬនាទីទី ១១:៥៧ ដល់ ១៥:២២ ឬទាំងពីរ ។
នៅឆ្នាំ១៨៣២ ការស្លាប់ភ្លាមៗរបស់ អាលវិន ដែលជាកូនប្រុសច្បងបានធ្វើឲ្យគ្រួសារ ស្ម៊ីធ ស្លុតចិត្តជាខ្លាំង ។ គ្រួសារនេះបានសុំឲ្យគ្រូគង្វាលក្នុងមូលដ្ឋានធ្វើពិធីបុណ្យសពសម្រាប់ អាលវិន ។ ដោយសារ អាលវិន មិនមែនជាសមាជិកនៃក្រុមជំនុំរបស់គ្រូគង្វាលនោះ លោកអាចារ្យនោះបានពោលអះអាងថា អាលវិន មិនអាចបានសង្គ្រោះឡើយ ។ ក្រោយមក វិល្លាម ដែលជាបងប្រុសរបស់យ៉ូសែបបានថ្លែងថា « [ គ្រូគង្វាលរូបនោះ ] … បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា [ អាលវិន ] បានទៅស្ថាននរកហើយ ដោយសារគាត់មិនមែនជាសមាជិកព្រះវិហារ » ( នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ២០០៧ ] ទំព័រ ៤០១–៤០៣ ) ។ ពេញមួយជីវិតរបស់លោក យ៉ូសែបបានជួបប្រទះនូវការបាត់បង់ដ៏ច្រើនជាមួយអិមម៉ា ជាភរិយារបស់លោក ខណៈដែលពួកលោកបានកប់កូនតូចៗបួននាក់ក្នុងចំណោមកូនទាំងប្រាំមួយនាក់របស់ពួកលោក ។
-
តើ យ៉ូសែប ស្ម៊ីធ និងគ្រួសាររបស់លោកអាចមានសំណួរអ្វីខ្លះអំពីការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់ពួកលោក ?
ការនិមិត្តអំពីនគរសេឡេស្ទាល
នៅខែមករា ឆ្នាំ១៨៣៦ យ៉ូសែបបានធ្វើការប្រជុំជាមួយថ្នាក់ដឹកនាំផ្សេងទៀតក្នុងសាសនាចក្រនៅក្នុងបន្ទប់មួយនៃព្រះវិហារបរិសុទ្ធខឺតឡង់ដែលមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ ។ នៅក្នុងបន្ទប់នោះ យ៉ូសែប ស៊្មីធ ទទួលបានវិវរណៈអំពីនគរសេឡេស្ទាលនាពេលអនាគត ។ នៅក្នុងការនិមិត្តនេះ ដែលឥឡូវមាននៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧ យ៉ូសែបត្រូវបានបង្រៀនពីសេចក្ដីពិតដ៏អស់កល្បជានិច្ចអំពីសេចក្ដីសង្គ្រោះនៃបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ រួមទាំងកុមារតូចៗ និងបងប្រុសរបស់លោក អាលវិន ផងដែរ ។
នៅពេលសិស្សអានផ្នែកនេះ អ្នកអាចផ្អាកបន្ទាប់ពីសិក្សា ខទី ១–៦ ។ សូមអញ្ជើញពួកគេឲ្យចែកចាយនូវអ្វីដែលពួកគេចាប់អារម្មណ៍ពីការពិពណ៌នារបស់យ៉ូសែប អំពីនគរសេឡេស្ទាល ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣៧:១–១០ ស្វែងរកសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ ។
-
តើព្រះអង្គសង្គ្រោះបង្រៀនអ្វីខ្លះនៅក្នុងខគម្ពីរទាំងនេះ ដែលអាចជួយលួងលោមដល់ យ៉ូសែប ស្ម៊ីធ និងគ្រួសាររបស់លោក ? ហេតុអ្វីបានជាវាអាចលួងលោមចិត្ត ?
ខទី ៧–១០ ផ្តល់ឱកាសដ៏ល្អសម្រាប់សិស្សដើម្បីអនុវត្តការកំណត់អត្តសញ្ញាណសេចក្តីពិតនៃដំណឹងល្អ ដោយថ្លែងវានៅក្នុងពាក្យពេចន៍របស់ពួកគេផ្ទាល់ ។ សូមជួយសិស្សស្វែងរក និងចែកចាយសេចក្តីថ្លែងការណ៍នៃសេចក្តីពិតដែលមាននៅក្នុងខគម្ពីរទាំងនេះ រួមមានដូចតទៅ ៖
-
អស់អ្នកដែលនឹងបានទទួលដំណឹងល្អ ប្រសិនបើពួកគេមានឱកាស នឹងចូលទៅក្នុងនគរសេឡេស្ទាល ( សូមមើល ខទី ៧–៨ ) ។
-
ព្រះអម្ចាស់នឹងវិនិច្ឆ័យយើងម្នាក់ៗតាមកិច្ចការរបស់យើង និងបំណងប្រាថ្នានៃចិត្តរបស់យើង ( សូមមើល ខទី ៩ ) ។
-
កូនក្មេងទាំងអស់ដែលបានស្លាប់មុនគ្រប់អាយុទទួលខុសត្រូវនឹងត្រូវបានសង្រ្គោះនៅក្នុងនគរសេឡេស្ទាល ( សូមមើល ខទី ១០ ) ។
សូមពិចារណារាយបញ្ជីពីគោលការណ៍ទាំងនេះនៅលើក្ដារខៀន ។
-
-
តើគ្រួសារ ស្ម៊ីធ អាចមានអារម្មណ៍យ៉ាងណាអំពីសេចក្ដីពិតដែលព្រះអង្គសង្គ្រោះបានបង្រៀននៅក្នុងខគម្ពីរទាំងនេះ ?
-
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះសេចក្តីពិតទាំងនេះ ? តើសេចក្ដីពិតទាំងនេះជះឥទ្ធិពលលើការដឹងគុណរបស់អ្នកទៅលើព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
បន្ទាប់ពីមានពេលវេលាសមស្របមួយសម្រាប់គិតពិចារណាហើយ សូមអញ្ជើញសិស្សឲ្យជ្រើសរើសសេចក្ដីពិតដែលពួកគេចង់សិក្សាឲ្យកាន់តែស៊ីជម្រៅ ។ ពួកគេអាចសិក្សាជាថ្នាក់ ជាបុគ្គល ឬជាក្រុមតូចៗ ។ សិស្សអាចសម្តែងសាច់រឿងនេះបាន ។
អស់អ្នកដែលទទួលយកដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់នគរសេឡេស្ទាល ( សូមមើល ខទី ៧–៨ )
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីសាច់រឿងខាងក្រោមនេះ ឬអ្វីដែលស្រដៀងគ្នានេះ ដែលឆ្លុះបញ្ចាំងពីសំណួរដែលពួកគេមានអំពីអ្នកដែលបានស្លាប់ដោយមិនបានទទួលពិធីបរិសុទ្ធនៃការសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ។
សាច់រឿង ៖ ស្រមៃថាអ្នកកំពុងនិយាយជាមួយគ្រួសារក្នុងស្ថានភាពមួយដូចជាគ្រួសារ ស្ម៊ីធ នៅពេលនៃការស្លាប់របស់ អាលវិន ។
ធនធានសិក្សា ៖ អាន គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:៧–៨; ពេត្រុស ទី១ ៤:៦; ម៉ូសាយ ១៥:២៤ និងសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន រ័សុល អិម ណិលសុន ៖
ដោយក្ដីមេត្តាករុណា ផែនការនៃសុភមង្គលដ៏មហិមារបស់ព្រះ និងពរជ័យដ៏នៅអស់កល្បជានិច្ចរបស់ផែនការនេះ អាចផ្ដល់ដល់អស់អ្នកដែលមិនមានឱកាសស្តាប់ដំណឹងល្អក្នុងជីវិតរមែងស្លាប់ ។ ពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធអាចធ្វើឡើងដោយជំនួសសម្រាប់ពួកគេ ។ ( រ័សុល អិម ណិលសុន « Celestial Marriage » Liahona ខែវិច្ឆិកា ឆ្នាំ២០០៨ ទំព័រ ៩៤ )
សំណួរពិភាក្សា ៖
-
តើបទគម្ពីរទាំងនេះ និងការបង្រៀនរបស់ប្រធាន ណិលសុន អាចជួយគ្រួសារនេះយល់ពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ?
-
តើសេចក្ដីពិតនេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្ដីសង្គ្រោះតាមរបៀបណាខ្លះ ?
វិនិច្ឆ័យតាមកិច្ចការរបស់យើង និងបំណងប្រាថ្នានៃដួងចិត្តរបស់យើង ( សូមមើល ខទី ៩ )
សាច់រឿងចំនួនពីរបានផ្តល់ឲ្យដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់នៃសេចក្តីពិតនេះ ។ សិស្សអាចជ្រើសរើសសាច់រឿងដើម្បីពិភាក្សា ឬបង្កើតសាច់រឿងផ្ទាល់ខ្លួនរបស់ពួកគេ ដែលឆ្លុះបញ្ចាំងពីសំណួរដែលពួកគេមាន ។ ការផ្តោតអារម្មណ៍នៃសកម្មភាពនេះគឺនៅលើបំណងប្រាថ្នាដ៏សុចរិតដែលមិនបានសម្រេច ។ ប្រសិនបើអ្នកគិតថា សិស្សនឹងទទួលបានអត្ថប្រយោជន៍ពីការសិក្សាពីរបៀបដែលព្រះអម្ចាស់នឹងវិនិច្ឆ័យយើង សូមអញ្ជើញពួកគេឲ្យអាន អាលម៉ា ៤១:៣–៧ ។
សាច់រឿង ៖
-
ឡូរីនស្សូ មានការព្រួយបារម្ភថា គាត់ប្រហែលជាមិនអាចមានឱកាសស្វែងរកដៃគូដ៏នៅអស់កល្បជានិច្ច ហើយរៀបការនៅក្នុងព្រះវិហារបរិសុទ្ធនោះទេ ។
-
អេមី គឺជាសមាជិកតែម្នាក់នៃសាសនាចក្រនេះនៅក្នុងគ្រួសាររបស់នាង ។ នាងមានការព្រួយបារម្ភអំពីការមិនបានផ្សារភ្ជាប់ជាមួយឪពុកម្តាយរបស់នាង ។
ធនធានសិក្សា ៖ សូមពិនិត្យមើល គោលលទ្ធិ ណិងសេចក្តីសញ្ញា ១៣៧:៩ និងសេចក្តីថ្លែងការណ៍នេះ ដោយប្រធាន រ័សុល អិម ណិលសុន ៖
ចុះអ្នកដែលមិនអាចរៀបការនៅក្នុងជីវិតនេះ ឬអ្នកដែលមិនអាចផ្សារភ្ជាប់ជាមួយឪពុកម្ដាយក្នុងជីវិតនេះ ? យើងដឹងថា ព្រះអម្ចាស់នឹងវិនិច្ឆ័យយើងម្នាក់ៗស្របតាមបំណងប្រាថ្នានៃដួងចិត្តរបស់យើង ក៏ដូចជាកិច្ចការរបស់យើងផងដែរ ហើយពរជ័យនៃភាពតម្កើងឡើង នឹងត្រូវបានប្រទានដល់មនុស្សទាំងអស់ដែលមានភាពស័ក្ដិសម ។ ( រ័សុល អិម ណិលសុន « Salvation and Exaltation » Liahona ខែឧសភា ឆ្នាំ២០០៨ ទំព័រ ១០ )
សំណួរពិភាក្សា ៖
-
តើវាមានន័យយ៉ាងណាចំពោះអ្នក ដែលថាព្រះអម្ចាស់នឹងវិនិច្ឆ័យយើងដោយកិច្ចការរបស់យើង និងបំណងប្រាថ្នានៃចិត្តរបស់យើង ?
-
តើសេចក្តីពិតនេះបានបង្រៀននៅក្នុង ខទី ៩ ជួយ ឡូរីនស្សូ ឬ អេមី យល់កាន់តែច្បាស់អំពីផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់បុត្រាបុត្រីរបស់ទ្រង់ដោយរបៀបណា ?
-
តើសេចក្ដីពិតនេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះសេចក្ដីស្រឡាញ់របស់ព្រះវរបិតាសួគ៌ និងផែនការនៃសេចក្ដីសង្គ្រោះរបស់ទ្រង់តាមរបៀបណាខ្លះ ?
កូនក្មេងតូចៗត្រូវបានសង្គ្រោះនៅក្នុងនគរសេឡេស្ទាល ( សូមមើលខទី ១០ )
សូមចែកចាយសាច់រឿងដូចខាងក្រោម ឬបង្ហាញដំណើររឿងដែលប្រធាន ប៊យដ៏ ឃេ ផាកកឺ ( ឆ្នាំ១៩២៤–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់នៅក្នុង « ហើយក្មេងតូចៗជាអ្នកគង្វាល » ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org និងដំណើររឿងនេះចាប់ពីនាទីទី ៤:៤០ ដល់ ៦:០០ ។ សូមអញ្ជើញសិស្សឲ្យស្រមៃថា ពួកគេជាពួកអ្នកផ្សព្វផ្សាយសាសនាដែលបាននៅកន្លែងកើតហេតុដែលបានពិពណ៌នានេះ ។
សាច់រឿង ៖ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា អ្នកជួបនឹងឪពុកម្តាយដែលសោកសង្រេង ដោយកូនប្រុសអាយុពីរឆ្នាំម្នាក់បានលង់ទឹកស្លាប់ ។ ឪពុកម្តាយបារម្ភថា ក្មេងតូចមិនអាចទៅស្ថានសួគ៌បានទេ ដោយសារគាត់មិនដែលបានទទួលបុណ្យជ្រមុជទឹក ។
ធនធានសិក្សា ៖ សូមអាន មរ៉ូណៃ ៨:៨, ១១–១២; គោលលទ្ធិ និងសេចក្តីសញ្ញា ២៩:៤៦; ១៣៧:១០ ។
សំណួរពិភាក្សា ៖
-
តើទិដ្ឋភាពអ្វីខ្លះនៃផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះវរបិតាសួគ៌ ដែលអ្នកនឹងចែកចាយជាមួយឪពុកម្តាយទាំងនេះ ?
-
តើការលួងលោមអ្វីបន្ថែមទៀតដែលអ្នកអាចផ្តល់ជូនឪពុកម្តាយនៅក្នុងសាច់រឿងនេះ ?
-
តើសេចក្ដីពិតនេះជះឥទ្ធិពលដល់អំណរគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសេចក្ដីសង្គ្រោះយ៉ាងដូចម្ដេច ?
ចែកចាយអារម្មណ៍របស់អ្នក
សូមពិចារណាផ្តល់ឱកាសដល់សិស្សដើម្បីចែកចាយអារម្មណ៍របស់ពួកគេ និងទីបន្ទាល់អំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងសេចក្តីពិតដែលពួកគេបានសិក្សានៅថ្ងៃនេះ ។ ដើម្បីជួយសិស្សបង្ហាញសាក្សីផ្ទាល់ខ្លួនរបស់ពួកគេ អ្នកអាចអញ្ជើញពួកគេឲ្យចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរខាងក្រោមនេះ ។
-
តើសេចក្ដីពិតដែលអ្នកបានរៀនថ្ងៃនេះអាចអនុវត្តចំពោះកាលៈទេសៈ ឬកង្វល់បច្ចុប្បន្នរបស់អ្នកយ៉ាងដូចម្ដេច ?
-
តើអ្វីដែលអ្នកបានរៀន ឬមានអារម្មណ៍ជះឥទ្ធិពលដល់អំណរគុណរបស់អ្នកចំពោះព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងផែនការនៃសុភមង្គលយ៉ាងដូចម្ដេច ?