« មេរៀនទី ១៣៩—គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០ ៖ ការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
មេរៀនទី ១៣៩ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២៩–១៣២
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០
ការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្រ្គោះ
ដំណឹងល្អអាចលើកយកមកបង្រៀនយ៉ាងមានប្រសិទ្ធភាពនៅក្នុងការប្រជុំធំៗ ឬការជួបជុំតូចតាចប្រកបដោយភាពស្និទ្ធស្នាល ។ ព្រះអង្គសង្រ្គោះបានប្រើវិធីសាស្ត្រទាំងពីរនេះនៅក្នុងអំឡុងពេលនៃការងារបម្រើរបស់ទ្រង់ ដូចជាពេលដែល ព្យាការី យ៉ូសែប ស្ម៊ីធ បង្រៀនជាដើម ។ អត្ថបទនៃ គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០ មាននូវការបង្រៀនមួយចំនួនរបស់ព្យាការីចំពោះការប្រមូលផ្តុំតូចមួយរបស់ពួកបរិសុទ្ធដែលរស់នៅក្នុងភូមិរេមុស រដ្ឋអិលលីណោយ ។ មេរៀននេះមានគោលបំណងដើម្បីជួយសិស្សឲ្យអនុវត្តធាតុផ្សំនៃការបង្រៀននៃគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សកម្មភាពរៀនសូត្រខាងក្រោមត្រូវបានរៀបរៀងឡើងដើម្បីជួយសិស្សបង្រៀនផ្នែកផ្សេងៗគ្នានៃមេរៀន ។ ប្រសិនបើអ្នកមិនចង់ឲ្យសិស្សបង្រៀនទេ សូមយោងទៅលើ « សកម្មភាពរៀនសូត្របន្ថែម » សម្រាប់គំនិតបង្រៀនដែលអ្នកអាចប្រើបាន ។
ព្រះយេស៊ូវគ្រីស្ទគឺជាគ្រូបង្រៀនដ៏ចំណាន
ដើម្បីចាប់ផ្ដើមថ្នាក់រៀន សូមពិចារណាបង្ហាញរូបភាពព្រះយេស៊ូវគ្រីស្ទកំពុងបង្រៀនបណ្តាជន ហើយអញ្ជើញសិស្សស្រមៃមើលថាតើវាមានសភាពបែបណាបើបាននៅទីនោះ ។ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកអាចបានគិត ឬមានអារម្មណ៍បែបណាទៅប្រសិនបើអ្នកនៅទីនោះខណៈពេលដែលព្រះយេស៊ូវបង្រៀន ?
-
តើអ្នកគិតថាមានអ្វីខ្លះដែលធ្វើឲ្យព្រះអង្គសង្គ្រោះជាគ្រូបង្រៀនដ៏មានប្រសិទ្ធភាពបែបនេះ ?
សូមពន្យល់ថាក្នុងនាមជាសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ យើងមានឱកាសជាច្រើនដើម្បីបង្រៀនដំណឹងល្អរបស់ទ្រង់ ។ អ្នកក៏អាចបង្ហាញសារលិខិតដូចខាងក្រោមមកពីគណៈប្រធានទីមួយអំពីការបង្រៀនផងដែរ ៖
បងប្អូនប្រុសស្រីជាទីស្រឡាញ់
ឱ វាជាឱកាសដ៏រុងរឿងមួយដែលអ្នកមានដើម្បីបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ! មិនថាអ្នកមាន ឬគ្មានការហៅជាក់លាក់ដើម្បីបង្រៀនក៏ដោយ ក៏អ្នក គឺជា គ្រូបង្រៀនមួយរូបដែរ ។ ក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទដែលជាគ្រូបង្រៀនដ៏កំពូល នោះអ្នកមានឱកាសដើម្បីចែកចាយពន្លឺរបស់ទ្រង់នៅគ្រប់ទីកន្លែងដែលអ្នកទៅ—នៅក្នុងគេហដ្ឋាន ព្រះវិហារ នៅពេលអ្នកផ្តល់ការងារបម្រើដល់អ្នកដទៃ និងក្នុងចំណោមមិត្តភក្តិរបស់អ្នក ។ ការបង្រៀនដំណឹងល្អគឺជាការទុកចិត្តដ៏ពិសិដ្ឋមួយ ។ វាជាផ្នែកដ៏ចាំបាច់មួយនៃកិច្ចការរបស់ព្រះអម្ចាស់ ហើយវាដំណើរការបានយ៉ាងល្អបំផុតនៅពេលយើងធ្វើកិច្ចការនេះតាមរបៀបរបស់ទ្រង់ ។ ( ការបង្រៀនតាមរបៀបរបស់ព្រះអង្គសង្គ្រោះ ៖ សម្រាប់អ្នកទាំងអស់ដែលបង្រៀននៅក្នុងគេហដ្ឋាន និងសាសនាចក្រ [ ឆ្នាំ ២០២២ ] ទំព័រ ១ )
-
តើឱកាសអ្វីខ្លះដែលយុវវ័យមានដើម្បីបង្រៀន និងថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ?
សូមពន្យល់ដល់សិស្សថា ពួកគេនឹងមានឱកាសរៀបចំមេរៀនខ្លីៗមួយមកពីការបង្រៀនមួយចំនួននៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០ និងដើម្បីអនុវត្តការបង្រៀនមេរៀនរបស់ពួកគេដល់អ្នកដទៃ ។ ប្រសិនបើអ្នកមានគម្រោងឲ្យសិស្សពីរបីនាក់បង្រៀនថ្នាក់ទាំងមូល វានឹងជាពេលដ៏ល្អមួយដើម្បីធានាដល់ពួកគេថា អ្នកនឹងមិនសុំឲ្យនរណាម្នាក់ដែលមិនចង់បង្រៀនឲ្យឡើងបង្រៀនទេ ។
មុនពេលសិស្សចាប់ផ្ដើមរៀបចំមេរៀន សូមពិចារណាចែកចាយព័ត៌មានសាច់រឿងដូចខាងក្រោម ។
នៅថ្ងៃទី ២ ខែ មេសា ឆ្នាំ ១៨៤៣ ព្យាការី យ៉ូសែប ស្ម៊ីធ បានជួបជាមួយពួកបរិសុទ្ធនៅ រេមុស រដ្ឋអិលលីណោយ ដែលមានចម្ងាយប្រហែល ២០ ម៉ាយល៍នៅខាងក្រៅទីក្រុងណៅវូ ។ យ៉ូសែបបានបង្រៀនសេចក្ដីពិតនៃដំណឹងល្អផ្សេងៗ រួមទាំងព័ត៌មានលម្អិតអំពីក្រុមព្រះ សារៈសំខាន់នៃការទទួលបានចំណេះដឹងក្នុងជីវិតនេះ និងរបៀបដែលយើងអាចទទួលបានពរជ័យរបស់ព្រះ ។ ការបង្រៀនរបស់ព្យាការីត្រូវបានកត់ត្រាទុកនៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០ ។
រៀបចំខ្លួនបង្រៀន
ដើម្បីជួយសិស្សរៀបចំខ្លួនបង្រៀន សូមចែកចាយសំណៅចែកដែលមានចំណងជើងថា « ការបង្រៀនសេចក្ដីពិតមកពីគោលលទ្ធិ និងសេចក្តីសញ្ញា ១៣០ » ។ សូមអញ្ជើញសមាជិកថ្នាក់រៀនឲ្យធ្វើតាមជំហានរៀបចំមេរៀនដើម្បីទទួលបានការដឹកនាំ ។ ចាប់តាំងពី គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២២–២៣ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ នោះវាអាចជាការចាំបាច់ដើម្បីសុំឲ្យសិស្សមួយចំនួនសិក្សាប្រធានបទនោះ ដើម្បីធានាថា ខគម្ពីរទាំងនោះនឹងត្រូវបានបង្រៀនក្នុងអំឡុងពេលមេរៀននេះ ។
នៅពេលសិស្សរៀបចំ សូមដើរចុះឡើងនៅក្នុងថ្នាក់រៀន ហើយជួយពួកគេតាមតម្រូវការ ។ អ្នកអាចផ្ដល់យោបល់មួយចំនួនអំពីអ្វីដែលពួកគេអាចប្រើដើម្បីជួយអ្នកដទៃឲ្យចូលរួមយ៉ាងសកម្ម ។ ទាំងនេះអាចរួមមានសំណួរពិភាក្សា ចក្ខុវិស័យ វត្ថុ ការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួន ឬលំហាត់សរសេរ ។
ការបង្រៀនសេចក្ដីពិតមកពី គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០
ការរៀបចំមេរៀន ៖
ជំហានទី ១ ៖ ជ្រើសរើសប្រធានបទសិក្សាមួយក្នុងចំណោមប្រធានបទសិក្សាខាងក្រោម និងសិក្សាអំពីធនធានដែលបានផ្ដល់ឲ្យ ។ សូមយកចិត្តទុកដាក់ទៅលើគំនិត និងចំណាប់អារម្មណ៍នានាមកពីព្រះវិញ្ញាណបរិសុទ្ធអំពីអ្វីដែលអ្នកកំពុងអាន ។ អ្នកក៏អាចរកឃើញធនធានផ្សេងទៀតដើម្បីពង្រឹងការយល់ដឹងរបស់អ្នកអំពីប្រធានបទដែលអ្នកបានជ្រើសរើសផងដែរ ។
ជំហានទី ២ ៖ បង្កើតគម្រោងមេរៀនរយៈពេល ៥ ទៅ ៧ នាទី សម្រាប់ប្រធានបទដែលអ្នកបានជ្រើសរើស ។ សូមពិចារណាប្រើសំណួរមួយចំនួនខាងក្រោមដើម្បីជួយឲ្យអ្នករៀបចំ ៖
-
តើសេចក្ដីពិតទាំងនេះអាច ឬនឹងមានឥទ្ធិពលយ៉ាងណាទៅលើទំនាក់ទំនងរបស់យើងជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ?
-
តើខ្ញុំអាចប្រើបទគម្ពីរ និងប្រសាសន៍របស់ព្យាការីដើម្បីជួយអ្នកដទៃឲ្យយល់កាន់តែច្បាស់អំពីប្រធានបទនេះយ៉ាងដូចម្ដេច ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយអ្នកដទៃឲ្យចូលរួមក្នុងមេរៀននេះ និងធ្វើជាអ្នកចូលរួមយ៉ាងសកម្ម ?
-
តើខ្ញុំអាចចែកចាយបទពិសោធន៍អ្វីខ្លះ ឬតើខ្ញុំអាចថ្លែងទីបន្ទាល់អំពីអ្វី ?
-
តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជួយអ្នកដទៃអនុវត្តប្រធានបទនេះនៅក្នុងជីវិតរបស់ពួកគេ ?
ធនធាន និងប្រធានបទសិក្សា ៖
ជម្រើសទី ១ ៖ ចំណេះដឹង និងបញ្ញានឹងមកជាមួយយើងនៅក្នុងការរស់ឡើងវិញ
ធនធានដើម្បីសិក្សា ៖
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:១៨–១៩ សូមមើលផងដែរ គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១១៨; ៩៣:៣៦
អែលឌើរ នែល អេ ម៉ាក់ស្វែល ( ឆ្នាំ ១៩២៦–ឆ្នាំ ២០០៤ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ប្រសិនបើយើងពិចារណាគ្រាន់តែអំពីអ្វីដែលវានឹងមកជាមួយយើងក្នុងការរស់ឡើងវិញ វាហាក់ដូចជាច្បាស់ណាស់ថា បញ្ញារបស់យើងនឹងកើតឡើងជាមួយយើង ដែលមានន័យថា មិនមែនគ្រាន់តែ IQ របស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមត្ថភាពរបស់យើងក្នុងការទទួល និងអនុវត្តសេចក្ដីពិតផងដែរ ។ ទេពកោសល្យ គុណលក្ខណៈ និងជំនាញរបស់យើងនឹងកើនឡើងជាមួយយើង ហើយប្រាកដណាស់សមត្ថភាពរៀនសូត្ររបស់យើង កម្រិតនៃការដាក់វិន័យខ្លួនឯង និងសមត្ថភាពធ្វើការរបស់យើងក៏នឹងកើនឡើងជាមួយយើងផងដែរ ។ ( នែល អេ ម៉ាកស្វែល We Will Prove Them Herewith [ ឆ្នាំ ១៩៨២ ] ទំព័រ ១២ )
ជម្រើសទី ២ ៖ យើងទទួលបានពរមកពីព្រះតាមរយៈការគោរពប្រតិបត្តិតាមក្រិត្យវិន័យរបស់ទ្រង់ ។
ធនធានដើម្បីសិក្សា ៖
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២០–២១; សូមមើលផងដែរ យ៉ូហាន ៧:១៧; គោលលទ្ធិ និងសេចក្តីសញ្ញា ៨២:១០
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀន ៖
ប្រសិនបើអ្នកពិតជាចង់បានពរជ័យជាក់លាក់ នោះអ្នកគួរស្វែងយល់ថាតើក្រិត្យវិន័យអ្វីដែលគ្រប់គ្រងពរជ័យនោះ ហើយបន្ទាប់មកខិតខំគោរពប្រតិបត្តិតាមក្រិត្យវិន័យទាំងនោះ ។ ( រ័សុល អិម ណិលសុន « The Mission and Ministry of the Savior: A Discussion with Elder Russell M. Nelson » Ensign ខែ មិថុនា ឆ្នាំ ២០០៥ ទំព័រ ១៩ )
ជម្រើសទី ៣ ៖ ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទមានរូបកាយសាច់ និងឆ្អឹង ។ ព្រះវិញ្ញាណបរិសុទ្ធ គឺជាតួអង្គវិញ្ញាណ ។
ធនធានដើម្បីសិក្សា ៖
គោលលទ្ធិ និងសេចក្តីសញ្ញា ១៣០:២២–២៣; សូមមើលផងដែរ ម៉ាថាយ ៣:១៣-១៧; កិច្ចការ ៧:៥៥–៥៦
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
យើងជឿលើអង្គដ៏ទេវភាពទាំងបីនេះរួមគ្នាជាក្រុមព្រះតែមួយ ដែលរួបរួមគ្នាក្នុងគោលបំណង ក្នុងគ្រប់សេចក្ដី ក្នុងទីបន្ទាល់ ក្នុងបេសកកម្ម ។ យើងជឿថាទ្រង់គឺពោរពេញដោយញាណដ៏ជាព្រះនៃសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ សេចក្ដីយុត្តិធម៌ និងព្រះគុណ ការអត់ធ្មត់ ការអភ័យទោស និងការប្រោសលោះ ។ ខ្ញុំគិតថាវាត្រឹមត្រូវហើយដែលនិយាយថា យើងជឿថាទ្រង់ទាំងបីអង្គគឺរួមគ្នាតែមួយក្នុងគ្រប់ទិដ្ឋភាពសំខាន់ និងដ៏នៅអស់កល្បជានិច្ចដែលអាចស្រមៃបាន លើកលែងតែ ការជឿថាទ្រង់ទាំងបីអង្គគឺជាអង្គបីរួមគ្នាតែមួយ ។ … យើងប្រកាសថាវាជាភស្តុតាងផ្ទាល់ខ្លួនចេញពីបទគម្ពីរដែលថា ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គទាំងបីអង្គដ៏ទេវភាពដែលមានព្រះកាយដាច់ដោយឡែកពីគ្នា ។ ( ជែហ្វ្រី អ័រ ហូឡិន « The Only True God and Jesus Christ Whom He Hath Sent » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៤០–៤១ )
បទពិសោធន៍បង្រៀន
បង្ហាញដល់អ្នករៀនថាការរួមចំណែករបស់ពួកគេគឺមានតម្លៃ ៖ នៅពេលសិស្សចែកចាយមេរៀនដែលពួកគេបានរៀបចំ សូមជួយពួកគេឲ្យដឹងថា ការរួមចំណែករបស់ពួកគេចំពោះមេរៀននេះគឺមានតម្លៃ និងត្រូវបានផ្ដល់ឲ្យនូវអំណរគុណ ។ សម្រាប់ការអនុវត្តបន្ថែមជាមួយការណ៍នេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើង « ប្រាស្រ័យទាក់ទងថា អ្នកឲ្យតម្លៃសិស្ស មុនពេលពួកគេបញ្ចេញមតិ ឬនៅពេលពួកគេលើកដៃបញ្ចេញមតិ » ដែលមាននៅក្នុង ជំនាញអភិវឌ្ឍន៍គ្រូបង្រៀន ៖ ស្រឡាញ់មនុស្សដែលអ្នកបង្រៀន ។
បន្ទាប់ពីអ្នកបានផ្ដល់ពេលវេលាដល់សិស្សដើម្បីរៀបចំគម្រោងមេរៀនមួយ សូមពិចារណាអញ្ជើញសិស្សមួយចំនួនឲ្យបង្រៀនមេរៀនរបស់ពួកគេនៅខាងមុខថ្នាក់ ។ អ្នកក៏អាចរៀបចំសិស្សជាក្រុមតូចៗផងដែរ ហើយពួកគេអាចផ្លាស់ប្ដូរការបង្រៀនគ្នាទៅវិញទៅមក ។ ក្នុងអំឡុងពេលបទបង្ហាញរបស់សិស្ស សូមលើកទឹកចិត្តសមាជិកថ្នាក់ឲ្យបង្ហាញការគោរព និងចូលរួមយ៉ាងពេញទំហឹងក្នុងដំណើរការរៀនសូត្រ ។ ប្រសិនបើសិស្សណាម្នាក់មិនស្រណុកចិត្តក្នុងការបង្រៀននៅក្នុងថ្នាក់សិក្ខាសាលា ឬបើអស់ពេល មុនសិស្សទាំងអស់មានឱកាសបង្រៀន សូមលើកទឹកចិត្តពួកគេឲ្យព្យាយាមបង្រៀនមេរៀនរបស់ខ្លួននៅផ្ទះ នៅក្នុងមជ្ឈដ្ឋាននៃសាសនាចក្រ ឬទៅកាន់មិត្តភក្តិ ។ ដើម្បីបញ្ចប់ សូមពិចារណាសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកបានរៀនអ្វីខ្លះអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដែលអាចជួយអ្នកក្នុងកាលៈទេសៈបច្ចុប្បន្នរបស់អ្នក ?
-
តើអ្នកបានរៀនអ្វីនៅថ្ងៃនេះអំពីការបង្រៀនដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ?
-
តើការទទួលយកឱកាសដើម្បីបង្រៀនដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ អាចផ្តល់ប្រយោជន៍ដល់អ្នកនៅពេលឥឡូវនេះ និងនៅពេលអនាគតដោយរបៀបណា ?
គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២–២៣ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
ការទន្ទេញ
អ្នកក៏អាចជួយសិស្សឲ្យទន្ទេញសេចក្ដីយោង និងឃ្លាបទគម្ពីរគន្លឹះនៃ គោលលទ្ធិ និងសេចក្ដីសញ្ញា ១៣០:២២–២៣ ហើយរំឭកវាឡើងវិញនៅក្នុងមេរៀនក្រោយៗផងដែរ ។ ឃ្លាបទគម្ពីរគន្លឹះសម្រាប់វគ្គបទគម្ពីរនេះគឺ « ព្រះវរបិតាទ្រង់មានព្រះកាយជាសាច់ និង ឆ្អឹង … ព្រះរាជបុត្រាក៏ដូច្នោះដែរ ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធ … មានរូបជាព្រះវិញ្ញាណវិញ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញមាននៅក្នុងឯកសារឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។