« មេរៀនទី ១៣១—គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២៣ ៖‹ សេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១៣១ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១២១–១២៣
គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣
« សេចក្ដីសុខសាន្តដល់ព្រលឹងបុត្រចុះ »
បន្ទាប់ពីត្រូវបានគេក្បត់ និងចាប់ខ្លួនពីបទចោទប្រកាន់មិនពិតហើយ ព្យាការី យ៉ូសែប ស្ម៊ីធ និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតត្រូវបានដាក់គុកតូចមួយនៅក្រុងលិបើទី រដ្ឋមិសសួរី ។ នៅរដូវរងា ឆ្នាំ ១៨៣៨–១៨៣៩ ពួកបរិសុទ្ធនៅរដ្ឋមិសសួរី ស្ថិតក្រោមស្ថានភាពដ៏អាក្រក់ និងបានទទួលរងនូវទុក្ខវេទនាយ៉ាងខ្លាំង ។ ក្នុងចំណោមទុក្ខវេទនានេះ ព្រះអម្ចាស់បានលួងលោមពួកគេដោយមានដំបូន្មានដ៏អាណិតអាសូរ និងចំណេះដឹងមកពីស្ថានសួគ៌ ។ មេរៀននេះអាចជួយសិស្សឲ្យយល់ពីរបៀបដែលព្រះអាចជួយយើងតាមរយៈការសាកល្បងរបស់យើង ។
សកម្មភាពរៀនសូត្រដែលអាចមាន
« ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? »
មុនថ្នាក់ចាប់ផ្ដើម សូមពិចារណាបង្ហាញពីសំណួរខាងក្រោមដើម្បីឲ្យសិស្សមើលឃើញនៅពេលពួកគេមកដល់ ។ នៅពេលថ្នាក់ចាប់ផ្ដើម សូមអញ្ជើញសិស្សឲ្យចែកចាយស្ថានភាពពិតប្រាកដដែលអាចនាំឲ្យមនុស្សម្នាក់សួរសំណួរបែបនេះ ។
-
« ឱព្រះអង្គអើយ តើព្រះអង្គគង់នៅទីណា ? » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:១ )
-
« ឱព្រះអម្ចាស់អើយ តើ [ យើង ] ត្រូវរងទុក្ខចំពោះកំហុស … ដល់ណាទៅ ? » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១:៣ )
បន្ទាប់ពីសិស្សបានចែកចាយហើយ សូមអញ្ជើញពួកគេឲ្យគិតពិចារណាពីឧបសគ្គនានា ដែលពួកគេ ឬមនុស្សជាទីស្រឡាញ់របស់ពួកគេកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ ។ សូមលើកទឹកចិត្តសិស្សឲ្យកត់ត្រាគំនិត ឬអារម្មណ៍ណាមួយដែលពួកគេអាចមានអំពីឧបសគ្គរបស់ពួកគេ រួមទាំងសំណួរប្រសិនបើពួកគេមានដូចជាសំណួរដែលអ្នកបានបង្ហាញនៅលើក្ដារខៀន ។
នៅពេលសិស្សបន្តការសិក្សារបស់ពួកគេ សូមលើកទឹកចិត្តពួកគេឲ្យអញ្ជើញយាងព្រះវិញ្ញាណបរិសុទ្ធឲ្យជួយពួកគេយល់គោលការណ៍ដ៏ទេវភាព ដែលអាចផ្ដល់នូវសេចក្ដីសុខសាន្ត និងការលួងលោមផ្ទាល់ខ្លួនក្នុងអំឡុងពេលសាកល្បងរបស់ពួកគេ ។
បរិបទប្រវត្តិសាស្ត្រ
ដើម្បីជួយសិស្សឲ្យយល់ពីបរិបទប្រវត្តិសាស្ត្រនៃផ្នែកដែលពួកគេនឹងសិក្សា សូមពិចារណាបង្ហាញវីដេអូ « Lessons from Liberty Jail » ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ដែលមាននៅ ChurchofJesusChrist.org ចាប់ពីនាទីទី ៣:០០ ដល់នាទីទី ៨:៤៩ ។ ការដាក់តាំងរូបភាពគុកលិបើទីអាចជួយសិស្សឲ្យយល់ពីអ្វីដែល យ៉ូសែប ស្ម៊ីធ និងអ្នកទោសផ្សេងទៀតបានឆ្លងកាត់ ។
ជាជម្រើស អ្នកអាចរៀបចំសិស្សជាក្រុមដែលមានគ្នាបីនាក់ ហើយផ្ដល់នូវសេចក្តីសង្ខេបមួយក្នុងចំណោមសេចក្តីសង្ខេបខាងក្រោមនេះដល់សិស្សម្នាក់ៗនៅក្នុងក្រុមនេះ ។ សូមអញ្ជើញពួកគេឲ្យប្តូរវេនគ្នាអានសេចក្តីសង្ខេបរបស់ពួកគេ ហើយត្រូវចែកចាយអ្វីដែលពួកគេអាចគិត ឬទទួលអារម្មណ៍ ប្រសិនបើពួកគេត្រូវបានដាក់នៅក្នុងស្ថានភាពស្រដៀងគ្នានេះ ។
សេចក្តីសង្ខេបទី ១ ៖ នៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ១៨៣៨ ចច ហ៊ីងខល ជាសមាជិកនៃសាសនាចក្រ និងជាវរសេនីយ៍ឯកនៅក្នុងកងជីវពលរបស់រដ្ឋមិសសួរីបានក្បត់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ហ៊ីងខល បានប្រាប់យ៉ូសែបថា សមាជិកកងជីវពលនៅរដ្ឋមិសសួរី ដែលបានឡោមព័ទ្ធពួកបរិសុទ្ធនៅក្រុង ហ្វា វែស្ទ រដ្ឋមិសសួរី ចង់ជួប និងពិភាក្សាអំពីលក្ខខណ្ឌនៃសន្តិភាព ។ មកដល់ការប្រជុំដោះស្រាយដោយសន្តិវិធី យ៉ូសែប និងថ្នាក់ដឹកនាំសាសនាចក្រផ្សេងទៀតត្រូវបានចាប់ខ្លួនដោយបង្ខំក្នុងនាមជាអ្នកទោសសង្គ្រាម ។
សេចក្តីសង្ខេបទី ២ ៖ នៅខែក្រោយ យ៉ូសែប និងសហការីរបស់លោកត្រូវបានគេធ្វើបាប និងផ្លាស់ពីគុកមួយទៅគុកមួយនៅពេលដែលពួកលោករង់ចាំការកាត់ក្តីដោយផ្អែកលើការចោទប្រកាន់ក្លែងក្លាយ ។ នៅថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ១៨៣៨ បុរសទាំងនោះត្រូវបានឃុំខ្លួននៅក្នុងគុកតូចមួយនៅក្រុងលិបើទី រដ្ឋមិសសួរី ។ ក្នុងរយៈពេលបួនខែបន្ទាប់មកទៀតនេះ យ៉ូសែប ស៊្មីធ និងបងប្រុសរបស់លោក ហៃរុម, អាឡិចសាន់ឌឺ ម៉ាករ៉ា, ឡៃម៉ាន វ៉ៃត និងកាលែប បាល់ដវីន ត្រូវបានចាប់ខ្លួននៅក្នុងគុកងងឹតលិបើទី អំឡុងរដូវរងាដ៏ត្រជាក់បំផុត ។ ស៊ីឌនី រិកដុន ក៏នៅជាមួយពួកលោកអស់រយៈពេលមួយរយៈដែរ ប៉ុន្តែចៅក្រមបានអនុញ្ញាតឲ្យដោះលែងលោកនៅចុងខែមករា ឆ្នាំ ១៨៣៩ ។
សេចក្តីសង្ខេបទី ៣ ៖ ទំហំនៃបន្ទប់គុកងងឹតមានប្រហែល ១៤ ហ្វីត គុណនឹង ១៤ ហ្វីត ( ៤.៣ ម៉ែត្រ គុណនឹង ៤.៣ ម៉ែត្រ ) ហើយពិដានមានកម្ពស់ពី ៦ ទៅ ៦.៥ ហ្វីត ( ចន្លោះពី ១.៨ ទៅ ២ ម៉ែត្រ ) ។ ពន្លឺធម្មជាតិ ឬខ្យល់បរិសុទ្ធដែលអាចចូលបានមានតែតាមបង្អួចដាក់ចម្រឹងដែកតូចពីរនៅជិតពិដ្ឋានប៉ុណ្ណោះ ។ មនុស្សតែងតែសើចចំអក និងប្រមាថអ្នកទោសពីខាងក្រៅបង្អួចទាំងនេះ ។ បុរសទាំងនេះត្រូវបានបង្ខំឲ្យដេកនៅលើកម្រាលឥដ្ឋដោយមានចំបើងកខ្វក់តិចតួចសម្រាប់ទ្រាប់ និងផ្ដល់ការការពារតិចតួចបំផុតពីភាពត្រជាក់ ។ គុកងងឹតមានធុងដាក់កាកសំណល់មនុស្សតែមួយប៉ុណ្ណោះ ហើយអាហារដែលផ្តល់ឲ្យគឺគួរឲ្យខ្ពើមណាស់ ដែលបុរសទាំងនោះអាចទទួលទានបានដោយសារតែភាពអត់ឃ្លានប៉ុណ្ណោះ ។ ជួនកាល អាហារមានជាតិពុល ។ អ្នកទោសបាននឹកដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកលោកយ៉ាងខ្លាំង ហើយមានអារម្មណ៍សោកសៅណាស់ នៅពេលពួកលោកបានឮអំពីការរងទុក្ខរបស់ពួកបរិសុទ្ធដែលត្រូវបានបណ្ដេញចេញពីរដ្ឋមិសសួរី ក្នុងអំឡុងពេលនៃរដូវរងាដ៏ត្រជាក់ ។
អ្នកអាចចង្អុលបង្ហាញថា គោលលទ្ធិ និងសេចក្ដីសញ្ញា ១២១–១២៣ មាននូវការជ្រើសរើសពីសំបុត្រមួយដែលព្យាការីយ៉ូសែបសរសេរទៅកាន់ពួកបរិសុទ្ធ ។ លោកបានសរសេរសំបុត្រនោះ នៅពេលលោកជិតចេញពីគុកលិបើទី បន្ទាប់ពីការរងទុក្ខអស់ជាច្រើនខែមក ។ សំបុត្រនោះរួមមានការស្នើសុំប្រកបដោយការអធិស្ឋានខ្លះៗរបស់យ៉ូសែប និងដំបូន្មានដ៏ពេញដោយក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ។
មេរៀនពីគុកលិបើទី
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា១២១:១–៦ ដោយរកមើលសំណួរ និងសេចក្ដីអង្វរដែល យ៉ូសែប ស្ម៊ីធ បានបង្ហាញទៅកាន់ព្រះអម្ចាស់ ។
ជួយអ្នករៀនឲ្យភ្ជាប់បទគម្ពីរទៅនឹងជីវិតរបស់ពួកគេ ៖ សំណួរខាងក្រោមនេះគឺជាឧទាហរណ៍មួយនៃការជួយសិស្សឲ្យភ្ជាប់នូវអ្វីដែលពួកគេកំពុងរៀនទៅក្នុងជីវិតរបស់ពួកគេផ្ទាល់ ។ សម្រាប់ការអនុវត្តបន្ថែមអំពីរបៀបធ្វើបែបនេះ សូមមើលការបំពាក់បំប៉នដែលមានចំណងជើងថា « រៀបចំការអញ្ជើញ និងការបំផុសគំនិតដែលជួយសិស្សឲ្យស្វែងរកភាពពាក់ព័ន្ធផ្ទាល់ខ្លួនទៅនឹងបណ្ដុំបទគម្ពីរមួយ » ដែលមាននៅក្នុង ជំនាញអភិវឌ្ឍគ្រូបង្រៀន ៖ បង្រៀនគោលលទ្ធិ ។
-
តើសំណួរ ឬពាក្យបណ្តឹងណាខ្លះពី យ៉ូសែប ស្ម៊ីធ ដែលអាចទាក់ទងនឹងអ្នក ?
-
តើពាក្យសម្តីរបស់ យ៉ូសែប ស្ម៊ីធ បង្ហាញពីជំនឿ និងការគោរពរបស់លោកចំពោះព្រះយ៉ាងដូចម្ដេច ?
សូមពិចារណាអញ្ជើញសិស្សឲ្យដាក់ចំណងជើងលើទំព័រទទេមួយនៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេថា « មេរៀនពីគុកលិបើទី » ។ នៅពេលដែលពួកគេសិក្សាអំពីការឆ្លើយតបរបស់ព្រះចំពោះការអធិស្ឋានរបស់យ៉ូសែប សូមលើកទឹកចិត្តពួកគេឲ្យធ្វើបញ្ជីពីសេចក្ដីពិតដែលពួកគេរកឃើញ ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១២១:៧–៩,២៦,៣៣; ១២៣:១៧ ដោយស្វែងរកដំបូន្មានពីព្រះដែលអាចជួយនរណាម្នាក់ក្នុងអំឡុងពេលសាកល្បងដ៏លំបាក ។
បន្ទាប់ពីសិស្សក្នុងថ្នាក់បញ្ចប់ការចងក្រងបញ្ជីនៃសេចក្ដីពិតរបស់ពួកគេហើយ សូមណែនាំពួកគេឲ្យជ្រើសរើសការចងក្រងពីរដែលពួកគេពិតជាចូលចិត្ត ហើយសរសេរវានៅលើក្រដាសផ្សេង ។ សូមឲ្យសិស្សដោះដូរក្រដាសរបស់ខ្លួនជាមួយនរណាម្នាក់ដែលអង្គុយនៅជិតពួកគេ ។ សូមអញ្ជើញសិស្សឲ្យគូររង្វង់ពាក្យ ឬឃ្លាដែលចូលចិត្តនៅលើក្រដាសដែលពួកគេបានទទួល ហើយសរសេរការពិពណ៌នាខ្លីៗអំពីមូលហេតុដែលពួកគេចូលចិត្តពាក្យ ឬឃ្លានោះ ។ ដំណើរការនេះអាចធ្វើឡើងវិញម្តងហើយ ម្តងទៀតជាច្រើនដងជាមួយសិស្សផ្សេងៗគ្នា ។ នៅពេលសិស្សទទួលក្រដាសរបស់ពួកគេត្រឡប់មកវិញ សូមលើកទឹកចិត្តពួកគេឲ្យបន្ថែមការយល់ដឹងដែលពួកគេបានរៀនពីអ្នកដទៃនៅលើទំព័រសៀវភៅកំណត់ហេតុសិក្សារបស់ពួកគេ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យសរសេរសេចក្ដីពិតពីបញ្ជីរបស់ពួកគេនៅលើក្ដារខៀន ។ ខាងក្រោមនេះជាឧទាហរណ៍នៃគោលការណ៍ដែលពួកគេអាចចែកចាយបាន ៖ នៅក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ព្រះ បុគ្គលសុចរិតនៅតែទទួលការសាកល្បង ប៉ុន្តែគ្រាន់តែមួយគ្រាខ្លីប៉ុណ្ណោះ បើយើងស៊ូទ្រាំការសាកល្បងរបស់យើងឲ្យបានល្អ នោះព្រះនឹងលើកតម្កើងយើងនៅឯស្ថានសួគ៌ ព្រះអាចប្រទានសេចក្តីសុខសាន្តដល់យើងនៅកណ្ដាលនៃការសាកល្បងរបស់យើង ។ សូមពិចារណាសួរសំណួរពិភាក្សាដូចតទៅ ។
-
ប្រសិនបើអ្នកបាននៅក្នុងគុកលិបើទី តើគោលការណ៍មួយណាដែលនឹងលួងលោមបំផុតចំពោះអ្នក ? ហេតុអ្វី ?
-
តើរបៀបណាខ្លះដែលព្រះបានប្រទានពរដល់អ្នកដោយនូវសេចក្តីសុខសាន្ត និងការលួងលោមនៅអំឡុងពេលនៃការសាកល្បង ?
-
តើអ្នកគិតថាអ្វីជាភាពខុសគ្នារវាងការស៊ូទ្រាំនឹងការសាកល្បង និងការស៊ូទ្រាំនឹងការសាកល្បងឲ្យបាន ល្អ ?
-
តើយើងអាចរៀនអ្វីខ្លះពីរបៀបដែលព្រះយេស៊ូវគ្រីស្ទ បានស៊ូទ្រាំនឹងការសាកល្បង និងការលំបាករបស់ទ្រង់ផ្ទាល់ ?
ដើម្បីជួយសិស្សឲ្យយល់បន្ថែមទៀតអំពីរបៀបដែលព្រះអម្ចាស់អាចជួយពួកគេឆ្លងកាត់ការសាកល្បងដ៏លំបាក សូមពិចារណាចែកចាយសេចក្ដីថ្លែងការណ៍ខាងក្រោមនេះ ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
មេរៀនពីរដូវរងាក្នុងឆ្នាំ ១៨៣៨–១៨៣៩ បង្រៀនយើងថា គ្រប់បទពិសោធន៍ទាំងអស់អាចក្លាយជាបទពិសោធន៍ដ៏ប្រោសលោះមួយ ប្រសិនបើយើងបន្ដនៅជាប់នឹងព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌តាមរយៈការណ៍នោះ ។ មេរៀនដ៏ពិបាកទាំងនេះបង្រៀនយើងថា ចំណុចពិបាកខ្លាំងរបស់មនុស្សគឺជាឱកាសរបស់ព្រះ ហើយប្រសិនបើយើងនឹងបន្ទាបខ្លួន និងស្មោះត្រង់ ប្រសិនបើយើងបន្ដជឿ ហើយមិនដាក់បណ្ដាសាព្រះដោយសារបញ្ហារបស់យើងទេនោះ ទ្រង់អាចបង្វែរការណ៍អយុត្តិធម៌ និងអមនុស្សធម៌ និងច្រវាក់ចាប់ចងនៃជីវិតរបស់យើងទៅជា … ស្ថានភាពមួយ ដែលអាចនាំមកនូវការលួងលោម និងវិវរណៈ ដៃគូមកពីព្រះ និងសេចក្ដីសុខសាន្ដវិញ ។ ( ជែហ្វ្រី អ័រ ហូឡិន « Lessons from Liberty Jail » Ensign ខែ កញ្ញា ឆ្នាំ ២០០៩ ទំព័រ ២៨ )
-
តើអ្នកបានឃើញសេចក្តីពិតពីសេចក្តីថ្លែងការណ៍របស់អែលឌើរ ហូឡិន នៅក្នុងជីវិតរបស់អ្នក ឬនៅក្នុងជីវិតរបស់នរណាម្នាក់ដែលអ្នកស្គាល់ដោយរបៀបណា ?
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យបំពេញចំណុចខាងក្រោមក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ។ អ្នកអាចសុំឲ្យពួកអ្នកស្ម័គ្រចិត្តចែកចាយអ្វីដែលពួកគេបានសរសេរ ។
សូមគិតអំពីការសាកល្បងទាំងឡាយដែលអ្នកបានគិតដល់នៅពេលចាប់ផ្ដើមមេរៀននេះ ។ សូមជ្រើសរើសយ៉ាងហោចណាស់សេចក្តីពិតមួយពីបញ្ជី « មេរៀនពីគុកលិបើទី » របស់អ្នក ដែលអាចជួយអ្នក ឬអ្នកដទៃទៀតឆ្លងកាត់ការសាកល្បងបច្ចុប្បន្ន ។ សូមពន្យល់ខ្លីៗពីរបៀបដែលព្រះអម្ចាស់អាចប្រទានពរ និងពង្រឹងដល់អ្នកចំពោះការធ្វើសកម្មភាពដោយសេចក្ដីជំនឿលើសេចក្ដីពិតនេះ ។