« មេរៀនទី ១២០—គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:២១–១០០ ៖ សាក្សីពិសេសនៃព្រះយេស៊ូវគ្រីស្ទ › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២១–១០០ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១២០ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៦–១០៨
គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២១–១០០
សាក្សីពិសេសនៃព្រះយេស៊ូវគ្រីស្ទ
ដូចដែលទ្រង់បានធ្វើនៅសម័យព្រះគម្ពីរសញ្ញាថ្មីដែរ ព្រះយេស៊ូវគ្រីស្ទបានហៅពួកព្យាការី សាវក និងអ្នកដទៃទៀតឲ្យដឹកនាំសាសនាចក្ររបស់ទ្រង់នៅសព្វថ្ងៃនេះ ហើយថ្លែងសាក្សីអំពីទ្រង់នៅទូទាំងពិភពលោក ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧ ព្រះយេស៊ូវបានពន្យល់ពីតួនាទីរបស់អ្នកដឹកនាំដែលបានជ្រើសរើសទាំងនេះ ។ មេរៀននេះអាចជួយសិស្សឲ្យទទួលអារម្មណ៍កាន់តែមានទំនុកចិត្តខ្លាំងឡើងថា ពួកសាវកគឺជាសាក្សីពិសេសរបស់ព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាយកពែងប្រាំមួយមកថ្នាក់រៀន ហើយធ្វើជាពីរ៉ាមីតតូចមួយដោយប្រើពែងទាំងនេះ ។ ដាក់ពែងបីនៅខាងក្រោម ពីរនៅកណ្ដាល និងមួយនៅខាងលើ ។ សូមដាក់ស្លាកពែងខាងលើថា ពួកបរិសុទ្ធ ហើយប្រាប់សិស្សថា វាតំណាងឲ្យសមាជិកនៃសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។ សូមពន្យល់ថាក្នុងព្រះគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានរៀបចំសាសនាចក្ររបស់ទ្រង់តាមរបៀបមួយដែលនឹងប្រទានពរដល់សមាជិករបស់សាសនាចក្រ ។
សូមអានខគម្ពីរខាងក្រោម ។ សូមរកមើលការហៅដែលព្រះអង្គសង្រ្គោះបានប្រើដើម្បីគ្រប់គ្រងសាសនាចក្ររបស់ទ្រង់ និងគាំទ្រដល់ពួកបរិសុទ្ធនៅ សម័យរបស់ទ្រង់ ។
-
លូកា ១០:១
-
អេភេសូ ២:១៩–២០
-
ធីម៉ូថេ ទី១ ៣:១–២
-
តើអ្នកបានរកឃើញអ្វីខ្លះ ?
នៅពេលសិស្សចែកចាយ អ្នកអាចដាក់ស្លាកពែងទាំងពីរដែលនៅកណ្ដាលថា ពួកចិតសិបនាក់ និង ប៊ីស្សព រីឯពែងបីដែលនៅខាងក្រោមដាក់ថា ព្រះយេស៊ូវគ្រីស្ទ ពួកព្យាការី និងពួកសាវក ។ សូមពន្យល់ថា ទោះបីជាសាវកទាំងអស់ត្រូវបានចាត់ទុកថាជាពួកព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈក្តី ក៏ជាទូទៅ យើងហៅសាវករៀមច្បងថាជាព្យាការីផងដែរ ។
-
ហេតុអ្វីវាមានសារៈសំខាន់សម្រាប់យើងដើម្បីយល់ថា ព្រះយេស៊ូវគ្រីស្ទ ពួកព្យាការី និងពួកសាវកគឺជាគ្រឹះនៃសាសនាចក្រ ? ( សូមមើល អេភេសូ ២:២០ ) ។
សូមជួយសិស្សយល់ថា កាលពីបុរាណ « ថ្មជ្រុងយ៉ាងឯក » ( អេភេសូ ២:២០ ) គឺជាថ្មដ៏ធំមួយដែលនៅជ្រុងនៃគ្រឹះមួយ ។ មុំ និងការដាក់ថ្មផ្សេងទៀតត្រូវបានវាស់ចេញពីថ្មជ្រុងយ៉ាងឯកនេះ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ដែលប្រៀបធៀបទៅនឹងថ្មជ្រុងយ៉ាងឯក ?
សូមអញ្ជើញសិស្សឲ្យគិតអំពីពរជ័យនៃការមានថ្នាក់ដឹកនាំទាំងនេះនៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្គ្រោះ ។ សិស្សអាចនឹងសួរខ្លួនពួកគេពីអ្វីដែលពួកគេកំពុងធ្វើដើម្បីទទួលបានពរជ័យ ដែលអាចមកតាមរយៈអ្នកដែលព្រះអង្គសង្គ្រោះបានដាក់ក្នុងមុខតំណែងទាំងនេះ ។
សូមលើកទឹកចិត្តសិស្សឲ្យអញ្ជើញយាងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធនៅពេលពួកគេព្យាយាមយល់ពីតួនាទីដែលថ្នាក់ដឹកនាំសាសនាចក្រដើរតួនាទីក្នុងការពង្រឹងទីបន្ទាល់របស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ ។
អ្នកអាចសង្ខេប ឬអានបរិបទដូចខាងក្រោមសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧ ។
ក្រោមការដឹកនាំរបស់ព្រះវរបិតារបស់ទ្រង់ ព្រះយេស៊ូវគ្រីស្ទបានរៀបចំសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់នៅក្នុងជំនាន់របស់យើងនៅលើគ្រឹះដដែលនេះ ដែលទ្រង់បានធ្វើក្នុងអំឡុងពេលការងារបម្រើនៅក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ( សូមមើល មាត្រានៃសេចក្តីជំនឿ ១:៦ ) ។ ព្រះអម្ចាស់បានចាប់ផ្ដើមបង្ហាញពីរចនាសម្ព័ន្ធអង្គការនេះទៅកាន់ព្យាការីយ៉ូសែប ស្ម៊ីធ ហើយបន្តបង្ហាញនៅសព្វថ្ងៃនេះ ។ នៅក្នុងឆ្នាំ ១៨៣៥ ព្រះអង្គសង្រ្គោះបានហៅគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពួកចិតសិបនាក់ ប៊ីស្សព និងតំណែងបព្វជិតភាពដទៃទៀត ដើម្បីបម្រើពួកបរិសុទ្ធ និងគ្រប់គ្រងសាសនាចក្ររបស់ទ្រង់នៅលើផែនដី ។ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧ គូសបញ្ជាក់ពីការទទួលខុសត្រូវមួយចំនួន ដែលព្រះអង្គសង្គ្រោះបានប្រទានដល់អ្នកដែលត្រូវបានហៅឲ្យកាន់តំណែងទាំងនេះ ។
ការទទួលខុសត្រូវរបស់អ្នកដឹកនាំដែលបានជ្រើសរើសរបស់ព្រះអម្ចាស់
សូមពិចារណាសរសេររាល់ការហៅខាងក្រោមនេះនៅលើក្រដាសដាច់ដោយឡែកពីគ្នា ហើយបិទវានៅជុំវិញបន្ទប់ ។ អ្នកអាចចាត់សិស្សឲ្យប្រមូលផ្តុំគ្នាជាក្រុមដើម្បីសិក្សាការហៅជាក់លាក់មួយចំនួន ឬអ្នកអាចអនុញ្ញាតឲ្យពួកគេប្តូរទៅការហៅដែលពួកគេចង់សិក្សា ។
សូមប្រាកដថា អ្នកទុកពេលវេលាគ្រប់គ្រាន់សម្រាប់ផ្នែកចុងក្រោយនៃមេរៀននេះ ។
សូមសិក្សាវគ្គបទគម្ពីរដូចខាងក្រោម ដោយរកមើលពីរបៀបដែលព្រះយេស៊ូវគ្រីស្ទប្រើប្រាស់អ្នកដែលទ្រង់បានដាក់នៅក្នុងការហៅទាំងនេះ ដើម្បីគាំទ្រដល់ពួកបរិសុទ្ធនៅក្នុងសាសនាចក្ររបស់ទ្រង់ ៖
-
ព្យាការី ឬប្រធានសាសនាចក្រ ៖ គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៧:៦៥–៦៧,៩១–៩២
-
គណៈប្រធានទីមួយ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:៩,២២
-
ពួកសាវកដប់ពីរនាក់ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៣–២៤,៣៣,៣៥,៥៨
-
ពួកចិតសិបនាក់ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២៥,៣៤,៣៨
នៅពេលដែលក្រុមបានបញ្ចប់ការពិភាក្សារបស់ពួកគេហើយ សូមអញ្ជើញពួកគេឲ្យចែកចាយពីអ្វីដែលពួកគេបានរៀនក្នុងថ្នាក់ ។
-
តើព្រះអង្គសង្គ្រោះបានប្រទានពរដល់អ្នកតាមរយៈអ្នកដែលមានការហៅទាំងនេះដោយរបៀបណា ?
-
តើអ្វីខ្លះដែលយើងអាចធ្វើដើម្បីគាំទ្រដល់អ្នកដែលមានការហៅដ៏ពិសិដ្ឋទាំងនេះ ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៧:២២ ) ។
សាក្សីពិសេសនៃព្រះយេស៊ូវគ្រីស្ទ
នៅពេលក្រុមបានបញ្ចប់ការចែកចាយ សូមលើកទឹកចិត្តសិស្សឲ្យគូសចំណាំពាក្យ ឬឃ្លានៅក្នុង ខទី ២៣ ដែលបង្រៀនថា ព្រះយេស៊ូវគ្រីស្ទ ហៅពួកសាវកឲ្យថ្លែងជាសាក្សីពិសេសពីទ្រង់នៅទូទាំងពិភពលោក ។
-
តើតាមរបៀបណាដែលសាវកថ្លែងទីបន្ទាល់អំពីព្រះគ្រីស្ទ នៅទូទាំងពិភពលោកនៅសម័យរបស់យើង ?
អែលឌើរ ដេវីឌ អេ បែដណា ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ពីអត្ថន័យដែលពួកសាវកធ្វើជា « ពួកសាក្សីពិសេសអំពីព្រះនាមនៃព្រះគ្រីស្ទ » ( ខទី ២៣ ) ។
តួនាទីនៃពួកសាវកនៅសព្វថ្ងៃនេះគឺដូចគ្នានឹងតួនាទីនៅសម័យបុរាណដែរ ( សូមមើល កិច្ចការ ១:២២; ៤:៣៣ ) ។ ភារកិច្ចរបស់យើងគឺដើម្បីទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសអំពី « ព្រះយេស៊ូវគ្រីស្ទ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង » ( សូមមើល ម៉ាកុស ១៦:១៥; កូរិនថូស ទី១ ២:២ ) ។ សាវកគឺជាអ្នកផ្សព្វផ្សាយសាសនា និងជាសាក្សីពិសេសនៃព្រះនាមនៃព្រះគ្រីស្ទ ។ « ព្រះនាមនៃព្រះគ្រីស្ទ » សំដៅទៅលើចំនួនសរុបនៃបេសកកម្ម ការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ—សិទ្ធិអំណាចរបស់ទ្រង់ គោលលទ្ធិរបស់ទ្រង់ និងលក្ខណៈសម្បត្តិពិសេសរបស់ទ្រង់ ជាព្រះរាជបុត្រានៃព្រះ ដើម្បីធ្វើជាព្រះប្រោសលោះ និងជាព្រះអង្គសង្គ្រោះរបស់យើង ។ ក្នុងនាមជាសាក្សីពិសេសនៃព្រះនាមព្រះគ្រីស្ទ យើងថ្លែងទីបន្ទាល់អំពីភាពពិត ទេវភាព និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនដ៏និរន្ដរ៍ និងអស់កល្បជានិច្ចរបស់ទ្រង់ និងដំណឹងល្អរបស់ទ្រង់ ។ ( ដេវីឌ អេ បែដណា « Special Witnesses of the Name of Christ » Religious Educator: Perspectives on the Restored Gospel ភាគ ១២ លេខ. ២ [ ឆ្នាំ ២០១១ ] ទំព័រ ១ )
-
ហេតុអ្វីអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទបានប្រទានសាវកដែលកំពុងរស់នៅឲ្យធ្វើជាសាក្សីពិសេសរបស់ទ្រង់បន្ថែមពីលើសាក្សីរបស់ទ្រង់នៅក្នុងព្រះគម្ពីរ ?
សូមពិចារណាមើលវីដេអូរបស់សាវកដែលថ្លែងជាសាក្សីពិសេសអំពីព្រះយេស៊ូវគ្រីស្ទដូចជា « Neil L. Andersen: Special Witness of Christ » ( ៥:២៤ សូមមើលពីនាទីទី ៤:១៥ ដល់នាទីទី ៥:២៤ ) ។ សូមអញ្ជើញសិស្សឲ្យយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់ពួកគេ ពេលពួកគេស្តាប់ទីបន្ទាល់របស់លោក ។
ប្រសិនបើចាំបាច់សម្រាប់សកម្មភាពដូចខាងក្រោម សូមពិចារណាផ្តល់ សុន្ទរកថានៃសន្និសីទទូទៅ ឬសេចក្ដីថ្លែងការណ៍នាពេលថ្មីៗនេះផ្សេងទៀតពីសាវកទៅឲ្យសិស្ស ។
សូមស្វែងរកនៅក្នុងសុន្ទរកថាសន្និសីទថ្មីៗ ឬសេចក្ដីថ្លែងការណ៍ថ្មីៗផ្សេងទៀតសម្រាប់ឧទាហរណ៍ពីសាវកដែលថ្លែងជាសាក្សីពិសេសរបស់ពួកលោកអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលអ្នកធ្វើដូច្នោះ សូមពិចារណាឆ្លើយសំណួរដូចខាងក្រោមមួយ ឬច្រើននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ៖
-
តើសាក្សីពិសេសរបស់សាវកទាំងនេះមានឥទ្ធិពលលើអារម្មណ៍របស់អ្នកចំពោះព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើមានអ្វីមួយដែលសាវកម្នាក់បានចែកចាយអំពីព្រះយេស៊ូវគ្រីស្ទ ដែលអ្នករាល់គ្នាក៏ជឿដែរថា វាជាការពិត ? តើអ្នកបានរៀនពីសេចក្តីពិតនេះសម្រាប់ខ្លួនអ្នកដោយរបៀបណា ?
-
តើអ្វីខ្លះដែលយើងអាចធ្វើពេញមួយជីវិតរបស់យើង ដើម្បីបន្តរៀនសូត្រពីសាក្សីពិសេសរបស់សាវកនៃព្រះយេស៊ូវគ្រីស្ទ ?
សូមអញ្ជើញសិស្សមួយចំនួនឲ្យចែកចាយនូវអ្វីដែលពួកគេបានសិក្សា រួមជាមួយនឹងការយល់ដឹងដែលពួកគេអាចសរសេរ ។
សូមលើកទឹកចិត្តសិស្សឲ្យបន្តប្រើសាក្សីពិសេសរបស់សាវកនៃព្រះយេស៊ូវគ្រីស្ទ ដើម្បីពង្រឹងជំនឿរបស់ពួកគេលើទ្រង់ ។ ឧទាហរណ៍ អ្នកអាចផ្ដល់យោបល់ថា សិស្សសិក្សាសុន្ទរកថាសន្និសីទទូទៅមួយជារៀងរាល់សប្តាហ៍ តាមដានសាវកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬផ្តោតជាពិសេសទៅលើទីបន្ទាល់ និងការបង្រៀនរបស់សាវកអំពីព្រះយេស៊ូវគ្រីស្ទនៅក្នុងសន្និសីទទូទៅនាពេលខាងមុខនេះ ។