« មេរៀនទី ១១៧—ជំរំអ៊ីស្រាអែល ៖ ‹ ពួកទេវតារបស់យើងនឹងទៅមុខអ្នក ព្រមទាំងវត្តមានរបស់យើងផង › » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ជំរំអ៊ីស្រាអែល » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥
ជំរំអ៊ីស្រាអែល
« ពួកទេវតារបស់យើងនឹងទៅមុខអ្នក ព្រមទាំងវត្តមានរបស់យើងផង »
ជំរំអ៊ីស្រាអែលបានចាកចេញពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ក្នុងខែ ឧសភា ឆ្នាំ ១៨៣៤ ដើម្បីចាប់ផ្តើមការធ្វើដំណើរជាង ៨០០ ម៉ាយ ( ១,២៨០ គីឡូម៉ែត្រ ) ដោយថ្មើរជើង ។ ទោះបីជាសមាជិកនៃជំរំប្រឈមមុខនឹងឧបសគ្គ និងការលំបាកជាច្រើននៅតាមផ្លូវក៏ដោយ ក៏ពួកគេបានជួបប្រទះនូវពរជ័យជាច្រើនផងដែរ ។ មេរៀននេះអាចជួយសិស្សយល់ថា ព្រះនឹងគង់នៅជាមួយ ហើយជួយពួកគេ នៅពេលពួកគេជ្រើសរើសដើរតាមទ្រង់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
នេះគឺជាមេរៀនទីពីរក្នុងចំណោមមេរៀនបីអំពីបទពិសោធន៍នៅជំរំអ៊ីស្រាអែល ដែលបានបង្រៀននៅក្នុងសប្តាហ៍ គោលលទ្ធិ និងសេចក្តីសញ្ញា ១០២–១០៥ ។ ប្រសិនបើអ្នកមិនបានបង្រៀនមេរៀនមុនៗទេ សូមពិចារណាអំពីរបៀបដែលអ្នកអាចបញ្ចូលផ្នែកខ្លះពីវាចូលទៅក្នុងមេរៀននេះ ។
ការដើរតាមព្រះយេស៊ូវគ្រីស្ទ
សូមពិចារណាចាប់ផ្តើមមេរៀនដោយសិក្សាសេចក្តីថ្លែងការណ៍របស់ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយពិភាក្សាអំពីសំណួរដែលមានបន្ទាប់ពីនោះ ។
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពិពណ៌នាអំពីផ្លូវដែលអាចត្រូវបានទាមទារពីអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ៖
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ គ្រីស្ទសាសនាគឺមានការលួងលោមចិត្ត ប៉ុន្តែជាញឹកញាប់វាមិនសុខស្រួលទេ ។ ផ្លូវទៅកាន់ភាពបរិសុទ្ធ និងសុភមង្គលនៅទីនេះ និងជីវិតបន្ទាប់នេះ គឺជាផ្លូវដ៏វែងឆ្ងាយ ហើយជួនកាលជាផ្លូវរដិបរដុបមួយ ។ វាត្រូវការពេលវេលា និងភាពតស៊ូស្វិតស្វាញដើម្បីដើរលើវា ។ ប៉ុន្តែ ប្រាកដណាស់ រង្វាន់ក្នុងការធ្វើដូច្នោះគឺធំធេងបំផុត ។ ( ជែហ្វ្រី អ័រ ហូឡិន « Waiting on the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១៦–១១៧ )
-
តើអ្នកមានគំនិត ឬអារម្មណ៍គិតឃើញយ៉ាងណាខ្លះចំពោះសេចក្តីថ្លែងការណ៍នេះ ?
សូមអញ្ជើញសិស្សឲ្យគិតអំពីអ្វីដែលអាចធ្វើឲ្យពួកគេពិបាកធ្វើតាមព្រះអង្គសង្គ្រោះផ្ទាល់ ព្រមទាំងអ្វីដែលធ្វើឲ្យវាមានតម្លៃ ឬអាចធ្វើឲ្យវាស័ក្តិសមដែលវាត្រូវការ ។ បន្ទាប់ពីសិស្សបានគិតអំពីស្ថានភាពរបស់ពួកគេហើយ សូមពិចារណាពិភាក្សាសំណួរខាងក្រោមជាមួយគ្នា ។
-
តើអ្វីដែលអាចធ្វើឲ្យពិបាកដើម្បីធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនៅសព្វថ្ងៃនេះ ?
សិស្សអាចចែកចាយគំនិតដូចនេះ ៖ ការធ្វើតាមព្រះអង្គសង្គ្រោះអាចចំណាយពេលវេលា និងការខិតខំច្រើន ជារឿយៗអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ត្រូវបានតម្រូវឲ្យខុសពីពិភពលោក ឬពេលខ្លះអ្នកដើរតាមព្រះអង្គសង្គ្រោះត្រូវបានអ្នកដទៃធ្វើទុក្ខបុកម្នេញ ។
-
ហេតុអ្វីបានជាអ្នកគិតថា ទីបំផុតវាស័ក្តិសមនឹងការខិតខំដែលវាត្រូវការដើម្បីដើរតាមព្រះអង្គសង្គ្រោះ ?
នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីដំណើរនៃជំរំអ៊ីស្រាអែលដែលបានចេញពីរដ្ឋអូហៃអូ ទៅកាន់រដ្ឋមិសសួរី ។ ការធ្វើដំណើររបស់ពួកគេមានរយៈពេលវែង លំបាក និងត្រូវការការខិតខំច្រើន ។ ប៉ុន្តែ សមាជិកនៃជំរំក៏បានទទួលពរជ័យដ៏អស្ចារ្យនៅតាមផ្លូវដែរ ។ នៅពេលអ្នកសិក្សា សូមរកមើលសេចក្ដីពិតដែលអាចជួយអ្នក នៅពេលអ្នកពិបាកធ្វើជាអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។
ជំរំអ៊ីស្រាអែលចាប់ផ្តើមដំណើររបស់ខ្លួន
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេចងចាំអំពីគោលបំណងនៃជំរំអ៊ីស្រាអែល ។ បើចាំបាច់ សូមបង្ហាញផែនទីខាងក្រោម ហើយចែកចាយ ឬសង្ខេបកថាខណ្ឌខាងក្រោម ។ អ្នកក៏អាចបង្ហាញ « Zion’s Camp » ( ១៨:៤៤ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ចាប់ពីនាទីទី ២:១៣ ដល់នាទីទី ៣:០២ ។
នៅខែ ឧសភា ឆ្នាំ ១៨៣៤ សមាជិកនៃជំរំអ៊ីស្រាអែលបានចាប់ផ្តើមធ្វើដំណើរជាង ៨០០ ម៉ាយ ( ១,២៨០ គីឡូម៉ែត្រ ) ឆ្ពោះទៅកាន់រដ្ឋមិសសួរី។ ជំរំឧបសម្ព័ន្ធពីរបានចាកចេញក្នុងពេលតែមួយពីទីក្រុងខឺតឡង់ រដ្ឋអូហៃអូ និងពីទឹកដី ផនធីក រដ្ឋម៉ីឈីហ្គែន ។ ក្រុមទាំងពីរនៅទីបំផុតបានរួមគ្នានៅក្នុងរដ្ឋមិសសួរី ។ ជំរំនៃប្រទេសអ៊ីស្រាអែល ដែលក្រោយមកត្រូវបានស្គាល់ថា ជាជំរំស៊ីយ៉ូន មានបុរសប្រមាណ ២០០ នាក់ ស្ត្រី ១២ នាក់ និងកុមារ ១០ នាក់ ។ គោលបំណងរបស់ពួកគេគឺដើម្បីជួយស្ដារពួកបរិសុទ្ធនៅរដ្ឋ មិសសួរី ទៅកាន់ទឹកដីរបស់ពួកគេដែលត្រូវបានដកហូតពីពួកគេដោយអយុត្តិធម៌ ។
ផ្នែកនៃមេរៀននេះមានគោលបំណងជួយសិស្សឲ្យរៀនអំពីបទពិសោធន៍មួយចំនួនដែលសមាជិកនៃជំរំអ៊ីស្រាអែលមានក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ។
សូមពិចារណាចែកចាយសំណៅចែកដែលមានចំណងជើងថា « បទពិសោធន៍មកពីជំរំនៃអ៊ីស្រាអែល » ។ សូមផ្តល់ពេលដល់សិស្សដើម្បីសិក្សាខ្លឹមសារ និងពិភាក្សាសំណួរមកពីសំណៅចែក ។
ដើម្បីបន្ថែមឲ្យមានភាពចម្រុះ អ្នកអាចចាត់សិស្សបីនាក់ដែលស្ម័គ្រចិត្តក្នុងការបង្រៀនមួយផ្នែកនៃសំណៅចែកនោះ ។ ពួកគេអាចបង្រៀននៅមុខថ្នាក់រៀន ឬតាមកន្លែងផ្សេងគ្នាក្នុងបន្ទប់ ខណៈសិស្សជាក្រុមតូចៗផ្លាស់ទីជុំវិញបន្ទប់ ។
ជម្រើសមួយទៀតអាចបង្ហាញផ្នែកនៃវីដេអូ « Zion’s Camp » ។ សូមពិចារណាផ្អាកវីដេអូបន្ទាប់ពីនាទីនីមួយៗដូចខាងក្រោម ហើយឲ្យសិស្សអានបទពិសោធន៍ដែលត្រូវគ្នាចេញពីសំណៅចែក ។
-
បទពិសោធន៍ #១: ៣:០២ ដល់ ៥:០០
21:29 -
បទពិសោធន៍ #២:៥:០១ ដល់ ៨:០២
21:29 -
បទពិសោធន៍ #៣: ៨:០៣ ដល់ ១៣:០៦
21:29
បទពិសោធន៍ចេញពីជំរំអ៊ីស្រាអែល
បទពិសោធន៍ #១
អែលឌើរ ចច អេ ស្ម៊ីធ ( ឆ្នាំ ១៨១៧–១៨៧៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានរំឭកពីលក្ខខណ្ឌមួយចំនួនដែលជំរំអ៊ីស្រាអែលបានជួបក្នុងអំឡុងពេលធ្វើដំណើររបស់ពួកគេ ៖
ព្យាការី យ៉ូសែប ស្ម៊ីធ មានការនឿយហត់ដូចជាបុរសដទៃទៀតក្នុងអំឡុងពេលនៃការធ្វើដំណើរនោះ ។ បន្ថែមពីលើការថែទាំលើការផ្តល់ជំរំ និងធ្វើជាអធិបតីលើនោះ ភាគច្រើនលោកបានដើរ ហើយជើងក៏បានហើម ហូរឈាម និងឈឺជើង ដែលជាលទ្ធផលធម្មតាពីការដើរពីចម្ងាយ ២៥ ទៅ ៤០ ម៉ាយក្នុងមួយថ្ងៃនៅរដូវក្ដៅនៃឆ្នាំនោះ ។ ប៉ុន្តែអំឡុងពេលធ្វើដំណើរនោះទាំងមូល លោកពុំដែលរអ៊ូរទាំ ឬត្អូញត្អែរទាល់តែសោះ ខណៈដែលមនុស្សស្ទើរតែទាំងអស់ក្នុងជំរំនោះ បានត្អូញត្អែរដាក់លោកអំពីការឈឺម្រាមជើង ពងបែកនៅជើង ធ្វើដំណើរផ្លូវឆ្ងាយ កង្វះស្បៀងអាហារ នំបុ័ងគ្មានគុណភាព [ នំបុ័ងធ្វើពីពោត ] មិនល្អ ប៊ឺ [ ខូច ] ទឹកឃ្មុំរស់ជាតិខ្លាំង សាច់ជ្រូកបីជាន់ និងឈីសមានដង្កូវ ជាដើម ។ … ប៉ុន្តែយើងជាជំរំនៃស៊ីយ៉ូន ហើយពួកយើងជាច្រើននាក់ មិនសូវអធិដ្ឋាន មិនសូវគិតគូរ ធ្វេសប្រហែស ព្រងើយកន្តើយ ល្ងង់ខ្លៅ ឬអារក្ស ហើយយើងមិនទាន់ដឹងអំពីវានៅឡើយទេ ។ យ៉ូសែប ត្រូវតែស៊ូទ្រាំជាមួយពួកយើង ហើយបង្រៀនពួកយើងដូចជាកូនក្មេង ។ ទោះយ៉ាងណាក៏ដោយ មានមនុស្សជាច្រើននៅក្នុងជំរំ ដែលមិនដែលត្អូញត្អែរ ហើយដែលតែងត្រៀមខ្លួនជានិច្ច និងមានឆន្ទៈធ្វើដូចដែលថ្នាក់ដឹកនាំរបស់យើងចង់បាន ។ ( ចច អេ ស្ម៊ីធ នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៨៧–២៨៨ )
-
អ្នកគិតថា ហេតុអ្វីសមាជិកនៃជំរំនេះឆ្លើយតបខុសគ្នាចំពោះកាលៈទេសៈដូចគ្នា ?
-
តើអ្វីអាចជួយយើងរក្សាអាកប្បកិរិយាវិជ្ជមាន នៅពេលយើងជួបការលំបាកក្នុងការព្យាយាមដើរតាមព្រះអង្គសង្គ្រោះ ?
បទពិសោធន៍ #២
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣:២០ និងសេចក្តីថ្លែងការណ៍ដូចខាងក្រោមនេះដោយប្រធាន ហើប៊ើរ ស៊ី ឃឹមបឹល ( ឆ្នាំ ១៨០១–១៨៦៨ ) នៃគណៈប្រធានទីមួយ ៖
ទោះជាសត្រូវរបស់យើងបន្តគំរាមកំហែងយើងដោយហឹង្សាក្ដី យើងគ្មានការភ័យខ្លាចឡើយ ហើយយើងក៏មិនរុញរាក្នុងការបញ្ចប់ដំណើររបស់យើងដែរ ដោយសារព្រះគង់នៅជាមួយនឹងយើង ហើយទេវតារបស់ទ្រង់យាងទៅជាមួយយើង ហើយសេចក្ដីជំនឿនៃក្រុមដ៏តូចរបស់យើង គ្មានការរង្គោះរង្គើឡើយ ។ យើងដឹងថាទេវតាជាគូកនរបស់យើង ព្រោះយើងបានឃើញទ្រង់ទាំងឡាយ ។ ( ហើប៊ើរ ស៊ី ឃឹមបឹល នៅក្នុង Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២៨៨–២៨៩ )
-
តើអ្នកគិតថាពរជ័យនេះនឹងមានឥទ្ធិពលលើអ្នកយ៉ាងណា ប្រសិនបើអ្នកបានក្លាយជាផ្នែកនៃជំរំអ៊ីស្រាអែលនោះ ?
-
តើមានវិធីណាខ្លះដែលព្រះអម្ចាស់ជួយពួកអ្នកដើរតាមទ្រង់ធ្វើកិច្ចការលំបាកៗនៅថ្ងៃនេះ ?
បទពិសោធន៍ #៣
នៅពេលដែលជំរំអ៊ីស្រាអែលធ្វើដំណើរតែមួយថ្ងៃពីស្រុក ចាកសុន បុរសដែលមានអាវុធចំនួន ៥ នាក់បានចូលមកជិតពួកគេ ។ បុរសទាំងនោះបានអួតថា មនុស្សជាងបីរយនាក់ទៀតកំពុងធ្វើដំណើរមកវាយលុកជំរំនេះ ។ នៅពេលសមាជិកជំរំពិភាក្សាអំពីអ្វីដែលត្រូវធ្វើ ព្យាការី យ៉ូសែប ស្ម៊ីធ បានមានប្រសាសន៍ថា « ចូរនៅស្ងៀម ហើយមើលឃើញសេចក្ដីសង្គ្រោះរបស់ព្រះ » ។
ម្ភៃនាទីក្រោយមក ព្យុះភ្លៀងមួយបានបោកបក់ពេញជំរំ ។ ព្យុះនេះបានបណ្តាលឲ្យទឹកទន្លេនៅក្បែរៗនោះឡើងយ៉ាងខ្លាំង ដែលរារាំងពួកមាសត្រូវរបស់ពួកគេមិនឲ្យឆ្លងកាត់ និងមកវាយប្រហារបានឡើយ ។ សមាជិកជាច្រើននៃជំរំអ៊ីស្រាអែលបានរកឃើញជម្រកនៅក្នុងព្រះវិហារតូចមួយនៅក្បែរនោះ ។ មួយសន្ទុះក្រោយមក ភ្លៀងបានធ្លាក់យ៉ាងខ្លាំង យ៉ូសែប ស្ម៊ីធ បានចូលក្នុងព្រះវិហារ ហើយបានប្រកាសថា « ព្រះគង់នៅក្នុងព្យុះនេះ ! »
នៅព្រឹកស្អែកបន្ទាប់ពីខ្យល់ព្យុះ សមាជិកនៃជំរំបានប្រទះឃើញតង់ និងគ្រឿងផ្គត់ផ្គង់របស់ពួកគេ សើម និងរាយប៉ាយ ប៉ុន្តែគ្មានមនុស្សណាម្នាក់ត្រូវបានវាយប្រហារនោះទេ ( ដកស្រង់ និងសង្ខេបពី Saints: The Story of the Church of Jesus Christ in the Latter Days ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ២០៣–២០៤ ) ។
-
ប្រសិនបើអ្នកធ្លាប់ជាផ្នែកនៃជំរំអ៊ីស្រាអែល តើបទពិសោធន៍នេះអាចជះឥទ្ធិពលដល់អារម្មណ៍របស់អ្នកចំពោះព្យាការី យ៉ូសែប ស្ម៊ីធ យ៉ាងដូចម្ដេច ?
-
តើបទពិសោធន៍នេះអាចបង្រៀនអ្នកអ្វីខ្លះអំពីព្រះក្នុងអំឡុងពេលដ៏លំបាកក្នុងជីវិតរបស់អ្នក ?
សូមអញ្ជើញសិស្សឲ្យពិភាក្សាអំពីអ្វីដែលពួកគេបានរៀនចេញពីសកម្មភាពសិក្សានេះ ដោយការសួរសំណួរដូចខាងក្រោម ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ នៅពេលអ្នកបានសិក្សាបទពិសោធន៍មួយចំនួននៃជំរំអ៊ីស្រាអែលនេះ ?
-
តើអ្នករៀនអ្វីខ្លះអំពីព្រះអម្ចាស់ចេញមកពីបទពិសោធន៍ទាំងនេះ ?
នៅពេលសិស្សចែកចាយ ពួកគេអាចកំណត់សេចក្តីពិតស្រដៀងនឹងអ្វីខាងក្រោមនេះ ៖ ព្រះនឹងគង់នៅជាមួយនឹងយើង ហើយជួយយើងនៅពេលយើងខិតខំធ្វើតាមទ្រង់ ។
យល់ឲ្យបានច្បាស់
សូមចំណាយពេលខ្លះដើម្បីស្វែងរក និងសិក្សាបទគម្ពីរមួយ ឬច្រើនដែលបង្រៀនអំពីព្រះរាជបំណងរបស់ព្រះក្នុងការគង់នៅជាមួយនឹងយើង និងជួយយើងក្នុងជីវិតរបស់យើង ។ អ្នកអាចជ្រើសរើសខគម្ពីរផ្ទាល់ខ្លួនរបស់អ្នក ឬជ្រើសរើសខគម្ពីរមួយចំនួនចេញពីបញ្ជីខាងក្រោមនេះ ៖
-
ចោទិយកថា ១:៣០
-
ចោទិយកថា ៣១:៦
-
សុភាសិត ៣:៥–៦
-
អេសាយ ៤១:១០
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះចេញពីបទគម្ពីរដែលអ្នកបានសិក្សាទាំងនេះ ? ហេតុអ្វី ?
-
តើអ្នកបានរកឃើញអ្វីខ្លះ ដែលអាចជួយនរណាម្នាក់ដែលពិបាកធ្វើតាមព្រះយេស៊ូវគ្រីស្ទ ?
សូមពិចារណាអំពីការថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យធ្វើតាមការបំផុសគំនិតខាងវិញ្ញាណ ដែលពួកគេអាចនឹងបានទទួល ។