« មេរៀនទី ១១៥—គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៤៣–១០១ ៖ រឿងប្រៀបប្រដូចអំពីស៊ីយ៉ូន » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៤៣–១០១ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១៥ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៨–១០១
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៤៣–១០១
រឿងប្រៀបប្រដូចអំពីស៊ីយ៉ូន
នៅពេលព្យាការី យ៉ូសែប ស៊្មីធ បានឮអំពីការបៀតបៀនដ៏ធ្ងន់ធ្ងរដែលពួកបរិសុទ្ធបានរងទុក្ខនៅរដ្ឋមិសសួរី នោះលោកបានទូលអង្វរព្រះអម្ចាស់ជំនួសពួកគេ ។ ជាផ្នែកនៃការឆ្លើយតបរបស់ទ្រង់ ព្រះអង្គសង្គ្រោះបានប្រើរឿងប្រៀបប្រដូចដើម្បីផ្តល់ដំបូន្មាន និងការលួងលោមដល់ពួកបរិសុទ្ធ ។ មេរៀននេះនឹងផ្តល់ឲ្យសិស្សនូវឱកាសដើម្បីសិក្សារឿងប្រៀបប្រដូចមួយ និងស្វែងរកអត្ថន័យខាងវិញ្ញាណរបស់រឿងនោះ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ជារឿយៗ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដោយប្រើរឿងប្រៀបប្រដូច
សូមពិចារណាបង្ហាញរបស់របរទូទៅ ដូចជាសម្ភារសិក្សា សម្លៀកបំពាក់ ឬគ្រឿងអេឡិចត្រូនិច ។ ឬអញ្ជើញសិស្សឲ្យមើលរបស់របរនៅជុំវិញថ្នាក់រៀន ឬរបស់របរដែលពួកគេមានជាមួយពួកគេ ។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសរបស់របរមួយ ហើយគិតអំពីវិធីច្នៃប្រឌិតមួយដើម្បីប្រៀបធៀបវាទៅនឹងទិដ្ឋភាពនៃផែនការរបស់ព្រះវរបិតាសួគ៌ ឬព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ឧទាហរណ៍ ពួកគេអាចប្រៀបធៀបទូរសព្ទដៃទៅនឹងការអធិស្ឋាន ពីព្រោះការអធិស្ឋានគឺជាឧបករណ៍ដែលយើងប្រើដើម្បីទាក់ទងជាមួយនឹងព្រះវរបិតាសួគ៌ ។ សូមអញ្ជើញសិស្សឲ្យចែកចាយរបស់របររបស់ពួកគេ ហើយការប្រៀបធៀបខាងវិញ្ញាណជាមួយដៃគូ ឬជាមួយថ្នាក់ ។
ជារឿយៗ ព្រះយេស៊ូវគ្រីស្ទបានបង្រៀនដោយប្រើដំណើររឿងសាមញ្ញ ដែលគេស្គាល់ថាជាពាក្យប្រៀបប្រដូច ។ នៅក្នុងពាក្យប្រៀបប្រដូចទាំងនេះ ព្រះយេស៊ូវបានប្រៀបធៀបវត្ថុ ឬស្ថានភាពដែលធ្លាប់ស្គាល់ ទៅនឹងសេចក្តីពិតខាងវិញ្ញាណ ( សូមមើលសេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ពាក្យប្រៀបប្រដូច » នៅលើគេហទំព័រ scriptures.ChurchofJesusChrist.org ) ។
-
តើឧទាហរណ៍អ្វីខ្លះនៃរឿងប្រៀបប្រដូចដែលព្រះអង្គសង្គ្រោះបានបង្រៀន ?
-
តើសេចក្ដីពិតខាងវិញ្ញាណអ្វីខ្លះដែលយើងអាចរៀនចេញពីការបង្រៀនរបស់ព្រះអង្គសង្គ្រោះនៅក្នុងរឿងប្រៀបប្រដូចទាំងនោះ ?
ឧទាហរណ៍ សិស្សអាចនឹងចែកចាយរឿងប្រៀបប្រដូចអំពីសាសន៍សាម៉ារីចិត្តល្អ ( សូមមើល លូកា ១០:២៥–៣៧ ) ដែលបង្រៀនអំពីការស្រឡាញ់ និងការបម្រើអ្នកដទៃ ដូចព្រះអង្គសង្គ្រោះធ្វើ ។ ឬពួកគេអាចនឹងចែកចាយរឿងប្រៀបប្រដូចអំពីស្ត្រីព្រហ្មចារីទាំងដប់នាក់ ( សូមមើល ម៉ាថាយ ២៥:១–១៣ ) ដែលបង្រៀនយើងឲ្យរៀបចំខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។
ដើម្បីរៀបចំសិស្សឲ្យសិក្សារឿងប្រៀបប្រដូចអំពីការប្រោសលោះនៃស៊ីយ៉ូន សូមពិចារណាសុំសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេចងចាំពីមេរៀនថ្មីៗអំពីការសាកល្បងដែលពួកបរិសុទ្ធនៅរដ្ឋមិសសួរី បានពុះពារ ។ តាមតម្រូវការ អ្នកអាចចែកចាយសេចក្តីសង្ខេបខាងក្រោម ៖
អំឡុងពេលនៃការធ្វើទុក្ខបុកម្នេញដ៏ធ្ងន់ធ្ងរ ព្រះអង្គសង្គ្រោះបានប្រើរឿងប្រៀបប្រដូចដើម្បីបង្រៀន យ៉ូសែប ស៊្មីធ និងពួកបរិសុទ្ធអំពីការប្រោសលោះនៃស៊ីយ៉ូន ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៤៣ ) ។ នៅចុងឆ្នាំ ១៨៣៣ អំពើហឹង្សារបស់ពួកមនុស្សកំណាចលើពួកបរិសុទ្ធជាង ១,០០០ នាក់ត្រូវបានបណ្តេញចេញពីស្រុកចាកសុន រដ្ឋមិសសួរី ហើយផ្ទះរបស់ពួកគេជាង ២០០ ខ្នងត្រូវបានដុតបំផ្លាញ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បានទូលសួរព្រះអម្ចាស់ថា ហេតុអ្វីបានជាពួកបរិសុទ្ធត្រូវបណ្ដេញចេញពីទីក្រុងស៊ីយ៉ូន និងអ្វីដែលគួរធ្វើដើម្បីពួកគេអាចត្រឡប់មកវិញ ។ ព្រះអម្ចាស់បានឆ្លើយតបដោយរឿងប្រៀបប្រដូច ។
ការសិក្សារឿងប្រៀបប្រដូច
អែលឌើរ ដេវីឌ អេ បែដណា បានបង្រៀនដូចខាងក្រោមអំពីការរៀនមកពីរឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ ៖
អត្ថន័យ ឬសារលិខិតនៃរឿងប្រៀបប្រដូចនោះ ធម្មតាពុំត្រូវបានបង្ហាញដោយច្បាស់លាស់នោះទេ ។ តែរឿងនោះគឺគ្រាន់តែជួយនាំសេចក្តីពិតដ៏ទេវភាពទៅកាន់អ្នកទទួល តាមរង្វាស់នៃសេចក្តីជំនឿរបស់គេលើព្រះ ការរៀបចំផ្ទាល់ខ្លួនខាងវិញ្ញាណ និងឆន្ទៈដើម្បីរៀនសូត្រប៉ុណ្ណោះ ។ ដូច្នេះបុគ្គលម្នាក់ត្រូវតែអនុវត្តសិទ្ធិជ្រើសរើសខាងសីលធម៌ និង « សូម រក និងគោះ » យ៉ាងសកម្ម [ សូមមើល ម៉ាថាយ ៧:៧–៨; លូកា ១១:៩–១០ ] ដើម្បីស្វែងយល់អំពីសេចក្ដីពិត ដែលបានបង្កប់ក្នុងរឿងប្រៀបប្រដូចនោះ ។ ( ដេវីឌ អេ បែដណា « ឱ ! ក្រុងស៊ីយ៉ូនអើយ ចូរពាក់កម្លាំងរបស់ឯង » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩២ )
-
តើសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទមានឥទ្ធិពលលើសមត្ថភាពរបស់យើងក្នុងការយល់ពីការបង្រៀនរបស់ទ្រង់យ៉ាងដូចម្ដេច ?
-
តើការខិតខំរបស់យើងក្នុងការសិក្សាព្រះបន្ទូលរបស់ព្រះអង្គសង្គ្រោះប្រាស្រ័យទាក់ទងនឹងទ្រង់អំពីអារម្មណ៍របស់យើងចំពោះទ្រង់អ្វីខ្លះ ?
សូមពិចារណាផ្តល់ឲ្យសិស្សនូវសំណៅចែកដែលមានចំណងជើងថា « របៀបសិក្សារឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ » ដើម្បីជួយណែនាំពួកគេពេញមួយមេរៀននេះ ។
របៀបសិក្សារឿងប្រៀបប្រដូចរបស់ព្រះអង្គសង្គ្រោះ
-
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ ។ ព័ត៌មានលម្អិតទាំងនេះអាចរួមមានទាំងមនុស្ស ទីកន្លែង វត្ថុ សកម្មភាព ឬព្រឹត្តិការណ៍នានា ។
-
ធ្វើការប្រៀបធៀប ។ កំណត់នូវអ្វីដែលព័ត៌មានលម្អិតនីមួយៗនៅក្នុងរឿងប្រៀបប្រដូចអាចធ្វើតំណាង ឬនិមិត្តរូប ។ តម្រុយបរិបទ ជំនួយការសិក្សាព្រះគម្ពីរ និងការជញ្ជឹងគិតអាចមានអត្ថប្រយោជន៍ ។
-
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ ។ បន្ទាប់ពីធ្វើការប្រៀបធៀប សូមស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីស្វែងរកមេរៀនដ៏មានតម្លៃដែលព្រះអង្គសង្គ្រោះកំពុងបង្រៀននៅក្នុងរឿងប្រៀបប្រដូច ។
-
កំណត់ការអនុវត្តផ្ទាល់ខ្លួន ។ ស្វែងរកជំនួយមកពីព្រះវរបិតាសួគ៌ និងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងអំពីអ្វីដែលអ្នកអាចធ្វើបាន ដើម្បីអនុវត្តមេរៀនដែលអ្នករកឃើញដោយផ្ទាល់ ។
រឿងប្រៀបប្រដូចអំពីបុរសត្រកូលខ្ពស់
សកម្មភាពខាងក្រោមអាចជួយសិស្សអនុវត្តតាមជំហានទាំងបួន សម្រាប់ការសិក្សារឿបប្របៀបប្រដូចទាំងឡាយ ។ សូមពិចារណាបង្ហាញតារាងខាងក្រោម ឬចម្លងវាដាក់នៅលើក្ដារខៀន ។ បង្កើតក្រុមចំនួនប្រាំមួយ ហើយចាត់ឲ្យក្រុមនីមួយៗបំពេញការ៉េផ្សេងៗគ្នានៅលើតារាងនេះ ។ ឬអញ្ជើញសិស្សឲ្យចម្លងតារាងចូលទៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ហើយបំពេញតារាងនោះរៀងៗខ្លួន ។
ស្វែងរកព័ត៌មានលម្អិតសំខាន់ៗ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៤៣–៦២ ។ សម្រាប់ការដាក់ជាក្រុមនៃខគម្ពីរនីមួយៗ សូមបង្កើតគំនូរសាមញ្ញមួយ ឬសរសេរសេចក្ដីសង្ខេបដើម្បីបង្ហាញខគម្ពីរទាំងឡាយ ។
|
គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៤៣–៤៥ ។ ការណែនាំរបស់បុរសត្រកូលខ្ពស់ |
គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៤៦–៥០ ។ សកម្មភាពរបស់ពួកអ្នកបម្រើ |
|
គោលលទ្ធិ និងសេចក្ដីសញ្ញា ១០១:៥១ ។ លទ្ធផលនៃការប្រព្រឹត្តរបស់ពួកអ្នកបម្រើ |
គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៥២–៥៤ ។ ការឆ្លើយតបរបស់បុរសត្រកូលខ្ពស់ |
|
គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៥៥–៥៨ ។ ការណែនាំបន្ទាប់របស់បុរសត្រកូលខ្ពស់ |
គោលលទ្ធិ និងសេចក្តីសញ្ញា ១០១:៥៩–៦២ ។ ការឆ្លើយតបរបស់ពួកអ្នកបម្រើ |
នៅពេលសិស្សរៀនចប់ សូមអញ្ជើញពួកគេចែកចាយអ្វីដែលពួកគេបានរកឃើញ ។ សូមប្រាកដថាពួកគេយល់លម្អិតនៃរឿងប្រៀបប្រដូចនេះ ។
សូមពិចារណាការបំពេញជាថ្នាក់រៀនទាំងមូលនូវជំហានបីចុងក្រោយនៃការសិក្សារឿងប្រៀបប្រដូច ។
ធ្វើការប្រៀបធៀប
-
តើតម្រុយអ្វីខ្លះដែលអាចជួយយើងឲ្យឃើញថា បុរសត្រកូលខ្ពស់តំណាងឲ្យព្រះយេស៊ូវគ្រីស្ទ ?
-
តើចម្ការទំពាំងបាយជូរ ឬប៉មតំណាងឲ្យអ្វី ?
-
តើពេលខ្លះទង្វើរបស់យើងអាចដូចអ្នកពួកបម្រើទាំងនោះដោយរបៀបណា ?
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យពិនិត្យមើលវគ្គចំណេះចំណានខាងគោលលទ្ធិ អេសេគាល ៣:១៦–១៧ ដើម្បីស្វែងរកការប្រៀបធៀបដែលអាចមានសម្រាប់អ្នកយាម ។ បរិបទខាងក្រោមអាចជួយសិស្សធ្វើការប្រៀបធៀបបន្ថែម ៖
ដូចពួកអ្នកបម្រើនៅក្នុងរឿងប្រៀបប្រដូចដែលបដិសេធមិនសង់ប៉ម នោះពួកបរិសុទ្ធនៅរដ្ឋមិសសួរី បានធ្វេសប្រហែសក្នុងការសាងសង់ព្រះវិហារបរិសុទ្ធ ដូចដែលព្រះអម្ចាស់បានណែនាំពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៥៧:៣; ៨៤:៣–៤; ៩៧:១០–១២ ) ។
សម្រាប់ពួកបរិសុទ្ធនៅស្រុកចាកសុន អ្នកបម្រើដែលបានរៀបរាប់នៅក្នុង ខទី ៥៥ តំណាងឲ្យ យ៉ូសែប ស្ម៊ីធ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣:២១ ) ។ យ៉ូសែប ស៊្មីធ បានធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយបានរៀបចំក្រុមមួយដែលហៅថា ជុំរំស៊ីយ៉ូន ដើម្បីរំដោះដែនដីស៊ីយ៉ូនឡើងវិញ ។ ជំរំស៊ីយ៉ូននឹងពិភាក្សានៅក្នុងមេរៀន គោលលទ្ធិ និងសេចក្តីសញ្ញា ១០៣ និង ១០៥ ។
ស្វែងយល់ពីមេរៀនដ៏មានតម្លៃ
-
តើមេរៀនដ៏មានតម្លៃអ្វីខ្លះដែលព្រះអម្ចាស់អាចនឹងកំពុងបង្រៀនតាមរយៈរឿងប្រៀបប្រដូចនេះ ?
-
តើរឿងប្រៀបប្រដូចនេះបង្រៀនអ្នកអំពីគុណលក្ខណៈរបស់ព្រះ យេស៊ូវគ្រីស្ទអ្វីខ្លះ ?
ប្រសិនបើសិស្សពិបាកក្នុងស្វែងយល់អំពីមេរៀនដ៏មានតម្លៃ សូមពិចារណាផ្តល់គោលការណ៍មួយ ឬច្រើនដូចខាងក្រោម ។ សូមអញ្ជើញសិស្សឲ្យចែកចាយអំពីរបៀបដែលរឿងប្រៀបប្រដូចបង្ហាញពីសេចក្ដីពិតទាំងនេះ ។ នៅពេលយើងគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ទ្រង់ពង្រឹងយើងដើម្បីទប់ទល់នឹងសត្រូវខាងវិញ្ញាណ និងខាងរូបកាយ ។ ពួកព្យាការីដើរតួជាអ្នកយាមនៅលើប៉ម ដោយព្រមានយើងអំពីគ្រោះថ្នាក់ដែលនឹងកើតឡើង ។ តាមរយៈកិច្ចការព្រះវិហារបរិសុទ្ធ ព្រះអង្គសង្គ្រោះរៀបចំយើងដើម្បីទប់ទល់នឹងមារសត្រូវ ។
-
ហេតុអ្វីបានជាមេរៀនទាំងនេះអាចមានអត្ថប្រយោជន៍សម្រាប់ពួកបរិសុទ្ធនៅឆ្នាំ ១៨៣៣ ?
-
តើអ្នកបានឃើញភស្ដុតាងនៃសេចក្ដីពិតមួយ ឬច្រើនក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
កំណត់ការអនុវត្តផ្ទាល់ខ្លួន
-
តើមានវិធីអ្វីខ្លះដែលអ្នកអាចអនុវត្តរឿងប្រៀបប្រដូចនេះនៅសម័យយើង ?
សូមស្វែងរកជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកំណត់វិធីមួយ ឬពីរដែលអ្នកអាចអនុវត្តសេចក្តីពិតដែលមានអារម្មណ៍ថា មានសារៈសំខាន់សម្រាប់អ្នកចេញពីរឿងប្រៀបប្រដូចនេះ ។ សូមសរសេរចំណាប់អារម្មណ៍របស់អ្នកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
សូមអញ្ជើញសិស្សឲ្យចែកចាយអ្វីដែលពួកគេបានរៀនអំពីការសិក្សារឿងប្រៀបប្រដូចដែលពួកគេអាចប្រើដើម្បីពង្រឹងការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់ពួកគេ ។ សូមលើកទឹកចិត្តសិស្សក្នុងការខិតខំរបស់ពួកគេដើម្បីអនុវត្តសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ នៅពេលពួកគេសិក្សា ពិចារណា និងអនុវត្តការបង្រៀនរបស់ទ្រង់ផ្ទាល់ ។