« មេរៀនទី ១១២—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៧ ៖ ទន្ទេញចាំ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៧ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ១១២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៩៤–៩៧
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៧
ទន្ទេញចាំ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះនឹងផ្ដល់ឱកាសឲ្យសិស្សរៀនទន្ទេញវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិឲ្យចាំស្ទាត់ និងគោលលទ្ធិដែលវគ្គបទគម្ពីរទាំងនោះបង្រៀន ។ វាក៏នឹងជួយពួកគេឲ្យរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពដើម្បីទទួលបានចំណេះដឹងខាងវិញ្ញាណផងដែរ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ ទន្ទេញ
សូមពិចារណាអំពីការចាប់ផ្តើមថ្នាក់ជាមួយនឹងសកម្មភាពសង្ខេបមួយ ដែលអាចជួយសិស្សយល់ពីសារៈសំខាន់នៃការទន្ទេញចាំសេចក្តីយោងនៃចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ ឧទាហរណ៍ អ្នកអាចបង្ហាញលុយ អាហារ ទិនានុប្បវត្តិ ឬរបស់របរផ្សេងទៀតដែលមនុស្សអាចរក្សាទុកបាន ។ សូមអញ្ជើញសិស្សឲ្យពិភាក្សាសំណួរខាងក្រោមជាមួយនឹងដៃគូពួកគេ ៖
-
ហេតុអ្វីបានជាមនុស្សអាចប្រមូល ឬរក្សាទុករបស់ទាំងនេះ ?
-
តើមានអ្វីខ្លះទៀតដែលមនុស្សអាចនឹងប្រមូល និងរក្សាទុកសម្រាប់ប្រើប្រាស់នាពេលអនាគត ?
-
តើការណ៍នេះអាចទាក់ទងនឹងការទន្ទេញសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះដោយរបៀបណា ?
អ្នកប្រហែលជាចង់អញ្ជើញសិស្សឲ្យចែកចាយនូវអ្វីដែលពួកគេបានពិភាក្សាជាមួយដៃគូរបស់ពួកគេ ។ សូមបំពេញខាងក្រោមជាថ្នាក់ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៤:៨៥ ។ សូមរកមើលការសន្យាដែលព្រះអម្ចាស់ប្រទានឲ្យ ប្រសិនបើយើងនឹងរក្សាទុក ឬឲ្យតម្លៃព្រះបន្ទូលរបស់ទ្រង់នៅក្នុងគំនិតរបស់យើង ។
-
តើពាក្យថា « ព្រះបន្ទូលទាំងឡាយខាងជីវិត » មានន័យដូចម្តេច ?
-
តើមានរបៀបផ្សេងៗអ្វីខ្លះដែលអ្នកបានព្យាយាមរក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងគំនិតរបស់អ្នក ?
-
តើការខិតខំទាំងនេះបានជួយអ្នកឲ្យមានអារម្មណ៍នៃសេចក្តីស្រឡាញ់ ឬព្រះចេស្តារបស់ព្រះក្នុងជីវិតរបស់អ្នកដោយរបៀបណា ?
សូមអញ្ជើញសិស្សឲ្យគិតអំពីពេលវេលាក្នុងជីវិតរបស់ពួកគេ នៅពេលវគ្គចំណេះចំណានខាងគោលលទ្ធិ ឬបទគម្ពីរមួយផ្សេងទៀតបានចូលមកក្នុងគំនិតរបស់ពួកគេក្នុងពេលដែលត្រូវការ ដូចជាពេលពួកគេប្រឈមមុខនឹងការសម្រេចចិត្តដ៏លំបាក ឬការស្វែងរកចម្លើយចំពោះសំណួរមួយ ។ សូមពិចារណាចែកចាយឧទាហរណ៍អំពីរបៀបដែលការទន្ទេញព្រះគម្ពីរបានផ្ដល់ពរដល់ជីវិតរបស់អ្នក ។
-
តើព្រះអម្ចាស់បានប្រទានពរដល់អ្នកដោយរបៀបណា ដោយការជួយអ្នកចងចាំបទគម្ពីរក្នុងម៉ោងដែលអ្នកត្រូវការបទគម្ពីរនោះឬ ?
សូមផ្តល់ពេលឲ្យសិស្សដើម្បីរក្សាព្រះបន្ទូលរបស់ព្រះនៅក្នុងគំនិតរបស់ពួកគេដោយការទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ។ ខាងក្រោមនេះ គឺជាវិធីមួយដើម្បីធ្វើកិច្ចការនេះ ។ ( យោបល់អំពីការទន្ទេញបន្ថែមទៀតមាននៅក្នុងឧបសម្ព័ន្ធនេះនៅចុងបញ្ចប់នៃសៀវភៅសិក្សានេះ នៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។ សកម្មភាពដែលអ្នកជ្រើសរើសប្រើមិនគួរចំណាយពេលលើសពី ១០ ឬ ១៥ នាទីនោះទេ ដើម្បីឲ្យសិស្សមានពេលរៀនអនុវត្តគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ដែលនៅពេលក្រោយនៅក្នុងមេរៀននេះ ) ។
សូមពិចារណារៀបចំក្រដាស ឬកាតតូចៗជាច្រើនសម្រាប់សិស្ស ហើយផ្តល់ការណែនាំខាងក្រោមនេះដល់ពួកគេ ។
-
សូមជ្រើសរើសវគ្គចំណេះចំណានខាងគោលលទ្ធិពីបីទៅប្រាំវគ្គ ដែលអ្នកគិតថានឹងមានតម្លៃក្នុងការ « រក្សាទុក » ឬ ទន្ទេញ ។
-
សូមជញ្ជឹងគិតពីរបៀបដែលការរក្សាទុកនូវសេចក្តីយោងទាំងនេះអាចនឹងជួយអ្នកធ្វើតាមព្រះយេស៊ូវគ្រីស្ទ និងការបង្រៀនរបស់ទ្រង់ ។
-
បង្កើតប័ណ្ណបង្ហាញសម្រាប់វគ្គនីមួយៗដែលអ្នកបានជ្រើសរើសដោយការសរសេរសេចក្តីយោងនៅខាងមុខក្រដាស និងឃ្លាបទគម្ពីរគន្លឹះនៅខាងក្រោយ ។
-
អនុវត្តការទន្ទេញខ្លឹមសារទាំងសងខាងប័ណ្ណបង្ហាញនីមួយៗ ។
បន្ទាប់ពីមួយរយៈក្រោយមក សិស្សអាចប្តូរប័ណ្ណបង្ហាញជាមួយមិត្តរួមថ្នាក់បាន ហើយអនុវត្តការទន្ទេញសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិបន្ថែមទៀត ។ ពួកគេក៏អាចសាកសួរគ្នាទៅវិញទៅមកដោយប្រើប័ណ្ណបង្ហាញដែលពួកគេបានបង្កើតផងដែរ ។
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
មេរៀនដែលនៅសេសសល់ផ្តោតលើការជួយសិស្សពិនិត្យឡើងវិញនូវគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ និងការអនុវត្តប្រើប្រាស់វាជាមួយនឹងសាច់រឿងអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។
សូមពិចារណាផ្ដល់ឲ្យសិស្សនូវសាច់រឿងខាងក្រោម ។ អ្នកអាចអញ្ជើញសិស្សឲ្យជួយបត់បែនសាច់រឿងនេះ ដើម្បីធ្វើឲ្យវាកាន់តែទាក់ទងទៅនឹងស្ថានភាពដែលពួកគេអាចនឹងកំពុងប្រឈមមុខទាក់ទងនឹងពាក្យសម្តីនៃប្រាជ្ញាវាងវៃ ។
មិត្តភក្តិរបស់អ្នកពីរបីនាក់ដែលមិនមែនជាសមាជិកនៃសាសនាចក្របានសួរអ្នកថាហេតុអ្វីបានជាអ្នកមិនផឹកកាហ្វេ តែ ឬគ្រឿងស្រវឹង ។ បន្ទាប់ពីអ្នកពន្យល់ខ្លីៗនូវអ្វីដែលអ្នកដឹងអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃ មិត្តភក្តិរបស់អ្នករៀបរាប់ពីរបៀបដែលពួកគេគិតថា ពាក្យសម្ដីនៃប្រាជ្ញាវាងវៃនេះដាក់កំហិតយ៉ាងណា ហើយសួរថា « ហេតុអ្វីក៏មានមនុស្សចង់រស់នៅបែបនោះ ? »
-
តើគោលការណ៍មួយណានៃការទទួលបានចំណេះដឹងខាងវិញ្ញាណដែលអ្នកមានអារម្មណ៍ថា មានអត្ថប្រយោជន៍បំផុតក្នុងការពិចារណាពេលអ្នកឆ្លើយតបនឹងមិត្តភក្តិរបស់អ្នក ? ហេតុអ្វី ?
នៅពេលសិស្សឆ្លើយតបទៅនឹងសំណួរមុន អ្នកអាចវាយតម្លៃថា តើពួកគេយល់ច្បាស់ពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណយ៉ាងណា ។ បន្ទាប់មក អ្នកអាចប្រើសកម្មភាពដូចខាងក្រោម ឬកែសម្រួលវាតាមតម្រូវការ ។
សូមពិចារណាដាក់សិស្សជាក្រុមតូចៗ ។ សូមអញ្ជើញក្រុមនីមួយៗឲ្យជ្រើសរើសគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណដើម្បីសិក្សា ។ សូមអញ្ជើញសិស្សឲ្យសិក្សាគោលការណ៍ដែលបានជ្រើសរើសរបស់ពួកគេចេញពី កថាខណ្ឌទី ៥–១២ នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ។ នៅពេលពួកគេសិក្សា សូមអញ្ជើញក្រុមនីមួយៗឲ្យសរសេរសំណួរមួយ ឬពីរដែលទាក់ទងនឹងគោលការណ៍របស់ពួកគេ ។ ទាំងនេះគួរតែជាសំណួរដែលអាចជួយពួកគេឆ្លើយតបទៅនឹងមិត្តភក្តិរបស់ពួកគេនៅក្នុងសាច់រឿងមុន ។ អ្នកអាចប្រើសំណួរខាងក្រោមជាឧទាហរណ៍ ឬប្រសិនបើសិស្សត្រូវការជំនួយ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ
-
តើការតាំងចិត្តរបស់អ្នកដើម្បីគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ) ជាសកម្មភាពនៃសេចក្តីជំនឿលើព្រះគ្រីស្ទដោយរបៀបណា ?
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ដែលអាចជួយអ្នកឲ្យគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ទោះបីជាអ្នកមិនយល់ទាំងស្រុងអំពីវាក៏ដោយ ?
ពិនិត្យមើលគោលគំនិត និងសំណួរទាំងឡាយដោយទស្សនវិស័យដ៏អស់កល្បមួយ
-
តើការយល់ដឹងអំពីផែនការនៃសេចក្តីសង្គ្រោះរបស់ព្រះមានឥទ្ធិពលលើទស្សនៈអំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃដោយរបៀបណា ?
-
តើមានអត្ថប្រយោជន៍រយៈពេលខ្លីអ្វីខ្លះដែលមនុស្សអាចនឹងជឿថា ពួកគេអាចទទួលបានដោយការមិនគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃ ? តើអត្ថប្រយោជន៍ទាំងនេះប្រៀបធៀបនឹងពរជ័យរយៈពេលវែង ដែលព្រះអង្គសង្រ្គោះបានសន្យា នៅពេលយើងគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃយ៉ាងដូចម្ដេច ? ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩:១៨–២១ ) ។
ស្វែងរកការយល់ដឹងបន្ថែមតាមរយៈប្រភពដែលបានតែងតាំងដ៏ទេវភាព
-
តើមានអ្វីដែលអ្នកបានរៀននៅពេលអ្នកសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៨៩ ដែលអាចមានអត្ថប្រយោជន៍នៅពេលឆ្លើយតបមិត្តភក្តិរបស់អ្នក ?
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិបន្ថែមអ្វីខ្លះ ដែលអាចជួយបាន ?
-
តើប្រភពដែលបានតែងតាំងដោយទេវភាព ដូចជាព្រះវិញ្ញាណបរិសុទ្ធ ឪពុកម្តាយរបស់អ្នក ឬអ្នកដឹកនាំសាសនាចក្របានមានឥទ្ធិពលលើបំណងប្រាថ្នារបស់អ្នកដើម្បីគោរពតាមពាក្យសម្តីនៃប្រាជ្ញាវាងវៃដោយរបៀបណា ?
នៅពេលសិស្សធ្វើរួចរាល់ហើយ សូមអញ្ជើញពួកគេឲ្យផ្លាស់ប្តូរសំណួរជាមួយក្រុមផ្សេងទៀត ។ សូមទុកពេលឲ្យពួកគេពិភាក្សាជាមួយក្រុមរបស់ពួកគេអំពីរបៀបដែលពួកគេនឹងឆ្លើយសំណួររបស់គ្នាទៅវិញទៅមក ។ បន្ទាប់មក សិស្សអាចអនុវត្តការសម្តែងពីរបៀបដែលពួកគេអាចឆ្លើយតបនៅក្នុងសាច់រឿងនេះ ដោយការប្រើប្រាស់ចម្លើយរបស់ពួកគេ ។
បន្ទាប់ពីសកម្មភាពនេះហើយ សូមអញ្ជើញសិស្សឲ្យចែកចាយការយល់ដឹងដែលពួកគេទទួលបានមកពីសំណួរ ឬចម្លើយរបស់សមាជិកក្រុមរបស់ពួកគេ ។ ប្រសិនបើមានពេល អ្នកក៏អាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេធ្លាប់បានបង្រៀន ឬថ្លែងទីបន្ទាល់អំពីពាក្យសម្តីនៃប្រាជ្ញាវាងវៃទៅដល់អ្នកដទៃ ។