« មេរៀនទី ៩៨—គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦ ៖ ព្រះអង្គសង្រ្គោះប្រមូលសាសន៍អ៊ីស្រាអែល » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៨ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៥–៨៧
គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦
ព្រះអង្គសង្រ្គោះប្រមូលសាសន៍អ៊ីស្រាអែល
នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦ ព្រះអង្គសង្គ្រោះបានបង្ហាញអត្ថន័យបន្ថែមដល់ការបកស្រាយដើមរបស់ទ្រង់អំពីរឿងប្រៀបប្រដូចពីស្រូវសាលី និងស្រងែ ( ម៉ាថាយ ១៣:៣៦–៤៣ ) ។ ទ្រង់បានបង្រៀនអំពីការខិតខំរបស់ទ្រង់ដើម្បីប្រមូលមនុស្សសុចរិតក្នុងការរៀបចំសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សខិតខំចូលរួមជាមួយព្រះអង្គសង្គ្រោះក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ។
សកម្មភាពរៀនសូត្រដែលអាចមាន
ព្រះអង្គសង្រ្គោះប្រមូលផ្ដុំរាស្រ្តរបស់ទ្រង់
សូមពិចារណាអំពីការអញ្ជើញសិស្សឲ្យគិតអំពីឧទាហរណ៍នៃមនុស្សដែលពួកគេចូលចិត្តនៅជិត ហើយហេតុអ្វី ។
បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យគិតអំពីមនុស្សដែលចង់នៅជិតព្រះយេស៊ូវគ្រីស្ទ អំឡុងពេលនៃការបម្រើរបស់ទ្រង់នៅលើផែនដី ។ ប្រសិនបើចាំបាច់ អ្នកអាចចែកចាយឧទាហរណ៍មួយចំនួន ដូចជា ម៉ាថាយ ៩:១០; ១៩:១–២, ១៣–១៥; យ៉ូហាន ៦:១–១៤; នីហ្វៃទី៣ ១៧:១–៥ ។
-
ហេតុអ្វីបានជាអ្នកគិតថាមនុស្សចង់នៅក្បែរព្រះអង្គសង្គ្រោះ ?
-
ហេតុអ្វីអ្នកគិតថាព្រះអង្គសង្រ្គោះចង់ឲ្យមនុស្សប្រមូលផ្ដុំទៅកាន់ទ្រង់ ?
សូមពិចារណាអញ្ជើញសិស្សឲ្យសិក្សាព្រះគម្ពីរមួយចំនួនដែលបង្រៀនយើងពីមូលហេតុដែលព្រះអង្គសង្គ្រោះចង់ឲ្យយើងប្រមូលផ្ដុំគ្នាទៅកាន់ទ្រង់ ។ ឧទាហរណ៍ អាចបញ្ចូល ម៉ាថាយ ១១:២៨–៣០; នីហ្វៃទី៣ ៩:១៣–១៤; ១០:៤–៦ ។
សូមគិតអំពីបំណងប្រាថ្នារបស់អ្នកផ្ទាល់ដើម្បីធ្វើតាម ឬត្រូវបានប្រមូលផ្ដុំទៅកាន់ព្រះអង្គសង្គ្រោះ ។ សូមគិតផងដែរអំពីបំណងប្រាថ្នារបស់អ្នកក្នុងការជួយប្រមូលអ្នកដទៃមករកទ្រង់ ។ នៅពេលអ្នកសិក្សា សូមស្វែងរកសេចក្ដីពិតដែលអាចជួយអ្នកឲ្យស្គាល់សារៈសំខាន់នៃការប្រមូលខ្លួនអ្នក និងអ្នកដទៃមករកព្រះយេស៊ូវគ្រីស្ទ ។
ពាក្យប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ
សូមអាន ឬសង្ខេបកថាខណ្ឌខាងក្រោមដើម្បីជួយសិស្សឲ្យយល់អំពីបរិបទប្រវត្តិសាស្ត្រសម្រាប់វិវរណៈដែលបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦ ។
នៅពេល យ៉ូសែប ស្ម៊ីធ និង ហ្វ្រែឌើរិក ជី វិលលាម្ស បានធ្វើការលើការបកប្រែព្រះគម្ពីរដ៏បំផុសគំនិត ព្រះអង្គសង្គ្រោះបានបើកសម្តែងការបកស្រាយអំពីរឿងប្រៀបប្រដូចអំពីស្រូវសាលី និងស្រងែ ។ ការបកប្រែនេះបានកត់ត្រានៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៦ ។
ពីមុនអ្នកសិក្សា គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦ សូមជួយពួកគេឲ្យយល់ពីឧទាហរណ៍អំពីស្រូវសាលី និងស្រងែ ។ ពួកគេអាចអាន ម៉ាថាយ ១៣:២៤–៣០ សិស្សអាចចែកចាយសេចក្តីសង្ខេបនៃរឿងប្រៀបប្រដូច ឬអ្នកអាចបង្ហាញវីដេអូ « Jesus Declares the Parables of the Wheat and Tares, Mustard Seed, and Leaven » ចាប់ពីនាទីទី ០:០០ ដល់នាទីទី ១:៣០ ។ វីដេអូនេះមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
វាអាចមានអត្ថប្រយោជន៍ក្នុងការពន្យល់ថា ស្រងែគឺជាប្រភេទស្មៅពុល ។ ស្រូវ និងស្រងែ គឺមើលទៅស្ទើរតែដូចគ្នា នៅពេលវាដុះពន្លកចេញមក ប៉ុន្តែវាអាចមើលទៅខុសគ្នាពេលវាទំ ។ បើមនុស្សម្នាក់ព្យាយាមដកស្រងែចេញមុនពេលស្រូវ និងស្រងែធំ នោះហាក់ដូចជាគាត់បំផ្លាញស្រូវអស់ច្រើនផងដែរ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះក្នុងរឿងប្រៀបប្រដូចនេះ ?
-
តើស្រូវ និងស្រងែតំណាងឲ្យអ្វី ? ( សូមមើល ម៉ាថាយ ១៣:៣៨ ) ។
ព្រះអង្គសង្គ្រោះផ្ដល់ការបកស្រាយអំពីរឿងប្រៀបប្រដូចនេះ
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦:១–៧ ដោយរកមើលនិមិត្តរូបណាមួយពីរឿងប្រៀបប្រដូចដែលព្រះអង្គសង្គ្រោះបានជួយយើងឲ្យយល់ ។
-
តើអ្នកបានរៀនអ្វីខ្លះពីរឿងប្រៀបប្រដូចនេះអំពីការរៀបចំដែលព្រះអម្ចាស់កំពុងធ្វើសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ?
បន្ទាប់ពីសិស្សពីរបីនាក់បានចែកចាយអ្វីដែលពួកគេបានរកឃើញហើយ សូមចង្អុលបង្ហាញសេចក្តីពិតដូចខាងក្រោម ៖ ព្រះអម្ចាស់កំពុងប្រមូលសាសន៍អ៊ីស្រាអែលពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
តើការដឹងពីសេចក្ដីពិតនេះអាចជួយអ្នកឲ្យមានក្ដីសង្ឃឹម និងសេចក្ដីសុខសាន្ដ នៅពេលអ្នកគិតអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
-
តើសេចក្ដីពិតនេះអាចដឹកនាំការសម្រេចចិត្តដែលអ្នកធ្វើនៅថ្ងៃនេះយ៉ាងដូចម្ដេច ?
ប្រធាន រ័សុល អិម ណិលសុន បានចែកចាយពីរបៀបដែលយើងអាចចូលរួមជាមួយព្រះអម្ចាស់ក្នុងការប្រមូលសាសន៍អ៊ីស្រាអែលនៅថ្ងៃនេះ ។
ព្រះអម្ចាស់កំពុងតែប្រមូលផ្តុំជនទាំងឡាយណាដែលនឹងជ្រើសរើសទុកឲ្យព្រះជាអង្គដែលមានឥទ្ធិពលសំខាន់បំផុតនៅក្នងជីវិតរបស់ពួកគេ ។
អស់ជាច្រើនសតវត្សមកហើយ ពួកព្យាការីបានព្យាករណ៍ពីការប្រមូលផ្ដុំនេះ [ សូមមើល អេសាយ ១១:១១–១២; នីហ្វៃទី២ ២១:១១–១២; ម៉ូសាយ ១៥:១១ ] ហើយវាកំពុងកើតឡើងឥឡូវនេះ ! ជាព្រឹត្តិការណ៍ដ៏ចាំបាច់ដែលកើតឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ វាគឺជា កិច្ចការ ដ៏សំខាន់បំផុត នៅក្នុងពិភពលោកនេះ ! …
នៅពេលយើងនិយាយពីការប្រមូលផ្តុំអ៊ីស្រាអែលនៅទាំងសងខាងនៃវាំងនន ប្រាកដណាស់ យើងសំដៅលើកិច្ចការអ្នកផ្សព្វផ្សាយសាសនា កិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ ។ យើងក៏សំដៅលើការស្ថាបនាសេចក្តីជំនឿ និងទីបន្ទាល់នៅក្នុងដួងចិត្តនៃជនទាំងឡាយណាដែលយើងរស់នៅជាមួយ ធ្វើការជាមួយ និងបម្រើផងដែរ ។ រាល់ពេលដែលយើងធ្វើអ្វីមួយដើម្បីជួយនរណាម្នាក់—នៅខាងវាំងនន ណាមួយក៏ដោយ—ការធ្វើ និងរក្សាសេចក្តីសញ្ញារបស់ពួកគេជាមួយនឹងព្រះ នោះយើងកំពុងជួយប្រមូលផ្ដុំអ៊ីស្រាអែលហើយ ។ ( រ័សុល អិម ណិលសុន « Let God Prevail » Liahona ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៣ )
-
តើអ្នកបានរៀនអ្វីខ្លះពីសេចក្ដីថ្លែងការណ៍នេះអំពីរបៀបដែលអ្នកអាចជួយព្រះអម្ចាស់ប្រមូលសាសន៍អ៊ីស្រាអែល ?
« ពន្លឺដល់ពួកសាសន៍ដទៃ »
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៨៦:១១ ដោយរកមើលអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនអំពីរបៀបដែលយើងអាចជួយប្រមូលមនុស្សមករកទ្រង់ ។
វាអាចមានអត្ថប្រយោជន៍ដើម្បីពន្យល់ថា ពាក្យ សាសន៍ដទៃ នៅក្នុង ខទី ១១ អាចសំដៅទៅលើអ្នកដែលមិនមែនជាសមាជិកសាសនាចក្រផងដែរ ។
ជាផ្នែកនៃការពិភាក្សារបស់អ្នកអំពីសំណួរបន្ទាប់ សូមពិចារណាអញ្ជើញសិស្សឲ្យអាន ម៉ាថាយ ៥:១៤–១៦ និង នីហ្វៃទី៣ ១៨:២៤ ។ ពួកគេអាចចែកចាយនូវអ្វីដែលខគម្ពីរទាំងនេះបន្ថែមដល់ការយល់ដឹងរបស់ពួកគេ ។
-
តើអ្នកគិតថាវាមានអត្ថន័យយ៉ាងណាដើម្បីធ្វើជា « ពន្លឺដល់ពួកសាសន៍ដទៃ » ?
-
តើមានរបៀបអ្វីខ្លះដែលអ្នកអាចជួយប្រមូលសាសន៍អ៊ីស្រាអែលដោយចែកចាយពន្លឺរបស់ព្រះអង្គសង្គ្រោះជាមួយអ្នកដទៃ ?
សូមពិចារណារាយបញ្ជីពីគំនិតរបស់សិស្សនៅលើក្ដារខៀន ។ ជាផ្នែកមួយនៃការពិភាក្សានេះ អ្នកអាចអញ្ជើញសិស្សឲ្យចែកចាយបទពិសោធន៍ដែលពួកគេមាន ។ ដើម្បីមើលឧទាហរណ៍ថែមទៀត សូមបង្ហាញវីដេអូ « LightTheWorld—Follow the Example of Jesus Christ. Share His Light—Serve as He Served » (២:១៧ ) ចាប់ពីនាទីទី ០:២៩ ដល់នាទីទី ២:១៧ ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
ដាក់ផែនការដើម្បីប្រមូលសាសន៍អ៊ីស្រាអែលជាមួយព្រះអង្គសង្គ្រោះ
សូមជួយសិស្សឲ្យអនុវត្តសេចក្តីពិតដែលពួកគេបានសិក្សាដោយអញ្ជើញពួកគេឲ្យឆ្លើយសំណួរមួយ ឬទាំងពីរខាងក្រោមនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើមានអ្វីខ្លះដែលអ្នកនឹងខិតខំធ្វើ ដើម្បីប្រមូលផ្ដុំទៅរកព្រះអង្គសង្គ្រោះ ?
-
តើមានអ្វីជាក់លាក់ដែលអ្នកនឹងធ្វើដើម្បីជួយព្រះអង្គសង្គ្រោះក្នុងការប្រមូលសាសន៍អ៊ីស្រាអែល ?
រួមបញ្ចូលព័ត៌មានលម្អិតអំពីរបៀប និងពេលណាដែលអ្នកនឹងសម្រេចគោលដៅរបស់អ្នក ។
សិស្សពីរបីនាក់អាចចែកចាយអ្វីដែលពួកគេបានសរសេរ ។ សូមថ្លែងទីបន្ទាល់អំពីសេចក្តីពិតដែលអ្នកបានពិភាក្សា ហើយលើកទឹកចិត្តសិស្សឲ្យធ្វើសកម្មភាពលើគោលដៅដែលពួកគេបានបង្កើតសម្រាប់ខ្លួនពួកគេ ។