« មេរៀនទី ៩៧—ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦ ៖ ការយល់ដឹងពីគោលលទ្ធិ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦ » សៀវភៅសិក្សាព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៩៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤
ការអនុវត្តចំណេះចំណានខាងគោលលទ្ធិទី ៦
ការយល់ដឹងពីគោលលទ្ធិ និងការទទួលបានចំណេះដឹងខាងវិញ្ញាណ
ចំណេះចំណានខាងគោលលទ្ធិអាចជួយសិស្សឲ្យស្ថាបនាគ្រឹះសម្រាប់ជីវិតរបស់ពួកគេនៅលើព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ មេរៀននេះអាចជួយសិស្សឲ្យយល់អំពីសេចក្តីពិតដែលបានបង្រៀននៅក្នុងវគ្គចំណេះចំណានខាងគោលលទ្ធិ ហើយរៀន និងអនុវត្តតាមគោលការណ៍ដ៏ទេវភាពសម្រាប់ការទទួលបានចំណេះដឹងខាងវិញ្ញាណ ។
ការរៀបចំរបស់សិស្ស ៖ សូមអញ្ជើញសិស្សឲ្យសួរសមាជិកគ្រួសារដែលមានវ័យចំណាស់ ឬអ្នកដឹកនាំសាសនាចក្រថា ហេតុអ្វីបានជាពួកគាត់ជ្រើសរើសបន្តសកម្មក្នុងសាសនាចក្រ ហើយស្មោះត្រង់ចំពោះដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការរំឭកចំណេះចំណានខាងគោលលទ្ធិ ៖ យល់ដឹង
ដើម្បីជួយសិស្សឲ្យស្គាល់វគ្គចំណេះចំណានខាងគោលលទ្ធិនៅក្នុងផ្នែកនៃគោលលទ្ធិ និងសេចក្តីសញ្ញាដែលនៅសេសសល់ សូមពិចារណាផ្តល់ពេលពីរបីនាទីឲ្យពួកគេដើម្បីគូសចំណាំវគ្គបទគម្ពីរទាំងនេះនៅក្នុងខគម្ពីររបស់ពួកគេតាមរបៀបខុសៗគ្នា ។ សិស្សអាចស្វែងរកបញ្ជីនៃសេចក្តីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះ ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។
បន្ទាប់មក អ្នកអាចអញ្ជើញសិស្សឲ្យធ្វើសកម្មភាពដូចខាងក្រោមជាក្រុមតូចៗ ដើម្បីបង្កើនការយល់ដឹងរបស់ពួកគេអំពីគោលលទ្ធិដែលបានបង្រៀននៅក្នុងវគ្គបទគម្ពីរទាំងនេះ ។ សូមប្រាកដថាការគូសចំណាំបទគម្ពីរ និងការបំពេញសកម្មភាពនេះមានរយៈពេលត្រឹមតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះ ។ ការណ៍នេះនឹងអនុញ្ញាតឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់សិស្សដើម្បីអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណនៅពេលក្រោយនៅក្នុងមេរៀន ។
សូមធ្វើបញ្ជីនៃការលំបាកទូទៅដែលក្មេងជំទង់ប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ។
សូមរកមើលវគ្គចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីសញ្ញា ដែលអាចជួយក្នុងស្ថានភាពទាំងនោះ ។ សូមអានវគ្គដែលអ្នកបានជ្រើសរើស ហើយរៀបចំដើម្បីចែកចាយជាមួយថ្នាក់ ចម្លើយរបស់អ្នកចំពោះសំណួរខាងក្រោម ៖
-
តើអ្នកនឹងពន្យល់ជាពាក្យសម្តីរបស់អ្នកផ្ទាល់នូវអ្វីដែលសារលិខិតទាំងនេះបង្រៀនដោយរបៀបណា ?
-
តើការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងវគ្គបទគម្ពីរទាំងនេះអាចជួយក្មេងជំទង់ដែលមានការលំបាកទូទៅដែលអ្នកបានរាយក្នុងបញ្ជីដោយរបៀបណា ?
រៀន និងអនុវត្តតាមគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ
មុននឹងណែនាំពីស្ថានភាពខាងក្រោម វាអាចមានអត្ថប្រយោជន៍សម្រាប់សិស្សក្នុងការពិនិត្យឡើងវិញដោយសង្ខេបៗអំពីគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ ( សកម្មភាពពិនិត្យឡើងវិញដែលបានផ្ដល់យោបល់គឺមាននៅក្នុង « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » នៅក្នុងឧបសម្ព័ន្ធនៃសៀវភៅសិក្សានេះ ) ។
វិធីមួយដើម្បីពិនិត្យមើលឡើងវិញគឺត្រូវសរសេរគោលការណ៍នីមួយៗនៅលើក្ដារខៀនជាចំណងជើងដាច់ដោយឡែកពីគ្នា ដែលមានកន្លែងសម្រាប់សរសេរនៅក្រោមនីមួយៗ ។ សូមអញ្ជើញសិស្សប្រហែលជាចំនួនស្មើគ្នាដើម្បីពិនិត្យមើលគោលការណ៍ផ្សេងៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណពី កថាខណ្ឌ ៥–១២ នៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) ។ បន្ទាប់មក សូមអញ្ជើញអ្នកស្ម័គ្រចិត្តបីនាក់ ឡើងមកក្ដារខៀនដើម្បីចែកចាយគោលការណ៍ម្នាក់មួយ ។ សុំឲ្យពួកគេសរសេរនៅក្រោមចំណងជើងដែលត្រូវគ្នានូវឃ្លា ឬគំនិតសំខាន់ៗពីកថាខណ្ឌដែលពួកគេបានពិនិត្យ ។ ឃ្លា ឬគំនិតទាំងនេះនឹងត្រូវបានប្រើនៅពេលក្រោយនៅក្នុងមេរៀននេះ ។
សូមអានសាច់រឿងខាងក្រោម ហើយគិតអំពីរបៀបដែលគោលការណ៍នៃការទទួលបានចំណេះដឹងខាងវិញ្ញាណអាចជួយបាន ៖
គ្រីស្ទ កំពុងមានអារម្មណ៍ច្របូកច្របល់ ។ បងស្រីរបស់គាត់ដែលបានរៀបការហើយថ្មីៗនេះបានប្រាប់គាត់ថា គាត់បានចេញពីសាសនាចក្រហើយលែងចង់ធ្វើជាសមាជិកទៀតហើយ ។ គ្រីស្ទ មានសមាជិកគ្រួសារ និងមិត្តភក្តិផ្សេងទៀត ដែលធ្លាប់រឹងមាំក្នុងដំណឹងល្អ ប៉ុន្តែបានឈប់ទៅព្រះវិហារជាទៀងទាត់ទៅវិញ ។ ពួកគេជាមនុស្សអស្ចារ្យ ហើយហាក់មានសុភមង្គល និងជោគជ័យក្នុងជីវិតរបស់ពួកគេ ។ គ្រីស្ទ តែងតែមានផែនការចង់បន្តសកម្មនៅក្នុងសាសនាចក្រ ប៉ុន្តែគាត់ចាប់ផ្តើមឆ្ងល់ថា តើការបន្តសកម្មនៅក្នុងសាសនាចក្រពេញមួយជីវិតរបស់គាត់ពិតជាសំខាន់ឬអត់ ។
សូមអញ្ជើញសិស្សឲ្យបង្កើតជាក្រុមមានគ្នាបីនាក់ ប្រសិនបើអាចទៅរួច ជាមួយសិស្សដែលបានពិនិត្យមើលគោលការណ៍ផ្សេងៗនៃការទទួលបានចំណេះដឹងខាងវិញ្ញាណ ។ សុំឲ្យក្រុមពិភាក្សាពីរបៀបដែលឃ្លា ឬគោលគំនិតនីមួយៗនៅលើក្ដារខៀនអាចមានប្រយោជន៍ដល់ គ្រីស្ទ ។
ផ្អែកលើពេលវេលា អ្នកអាចធ្វើម្តងហើយម្តងទៀតនូវសកម្មភាពពីមុនៗជាច្រើនដងដោយអញ្ជើញអ្នកស្ម័គ្រចិត្តផ្សេងទៀតឲ្យសរសេរឃ្លា ឬគំនិតផ្សេងៗនៅលើក្ដារខៀនក្រោមគោលការណ៍នីមួយៗ ។ សម្រាប់ភាពចម្រុះបន្ថែម ក្នុងអំឡុងពេលជុំនីមួយៗ សិស្សអាចបង្កើតក្រុមដែលមានគ្នាបីនាក់ខុសៗគ្នា ដើម្បីពិភាក្សាអំពីឃ្លា ឬគោលគំនិតថ្មីនៅលើក្ដារខៀន ។
ដើម្បីបញ្ចប់សកម្មភាពនេះ សិស្សអាចបង្កើតក្រុមថ្មីម្តងទៀត ដើម្បីពិភាក្សាដូចខាងក្រោម ៖
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិ និងសេចក្តីសញ្ញាមួយណាដែលអាចជួយ គ្រីស្ទ ឲ្យយល់បានល្អបំផុតអំពីអ្វីដែលព្រះយេស៊ូវគ្រីស្ទ ប្រទានដល់អ្នកដែលនៅតែស្មោះត្រង់ចំពោះសាសនាចក្ររបស់ទ្រង់ ?
-
តើវគ្គចំណេះចំណានខាងគោលលទ្ធិពីព្រះគម្ពីរណាផ្សេងទៀតក៏អាចជួយគាត់ផងដែរនោះ ?
បន្ទាប់ពីសិស្សមានពេលវេលាដើម្បីស្វែងរក និងពិភាក្សាក្នុងក្រុមរបស់ពួកគេរួចហើយ សូមអញ្ជើញពួកគេឲ្យចែកចាយជាមួយនឹងថ្នាក់នូវវគ្គដែលពួកគេមានអារម្មណ៍ថាមានអត្ថប្រយោជន៍បំផុត និងហេតុអ្វី ។ សូមលើកទឹកចិត្តក្រុមជាច្រើនឲ្យចែកចាយ ។ ( វគ្គបទគម្ពីរមួយចំនួនដែលសិស្សអាចជ្រើសរើសរួមមាន គោលលទ្ធិ និងសេចក្តីសញ្ញា ១:៣០; ៨៤:២០–២២; ហេលេមិន ៥:១២; យ៉ូស្វេ ២៤:១៥; អេសាយ ៥៨:១៣–១៤; លូកា ២២:១៩–២០; អេភេសូរ ២:១៩–២០ ) ។
អ្នកអាចបញ្ចប់មេរៀនដោយសុំសិស្សឲ្យឆ្លើយតបនឹងការបំផុសគំនិតខាងក្រោមមួយចំនួន ឬទាំងអស់ក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ៖
តាមទស្សនវិស័យដ៏នៅអស់កល្បជានិច្ច ព្រះវរបិតាសួគ៌ចង់ឲ្យខ្ញុំរក្សាភាពស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ហើយសកម្មនៅក្នុងសាសនាចក្ររបស់ទ្រង់ដោយសារ ។
វគ្គបទគម្ពីរមួយដែលជួយខ្ញុំឲ្យចង់រក្សាភាពស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ហើយសកម្មក្នុងសាសនាចក្ររបស់ទ្រង់គឺ ។
រឿងមួយដែលខ្ញុំអាចធ្វើដើម្បីរក្សាភាពស្មោះត្រង់ចំពោះព្រះយេស៊ូវគ្រីស្ទ ហើយសកម្មក្នុងសាសនាចក្ររបស់ទ្រង់ពេញមួយជីវិតរបស់ខ្ញុំគឺ ។