« មេរៀនទី ៧៧—គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:១–១៧ ៖ ‹ តម្រូវឲ្យអត់ទោស › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:១–១៧ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧៧ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤–៦៦
គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤:១–១៧
« តម្រូវឲ្យអត់ទោស »
ក្នុងអំឡុងពេលធ្វើដំណើរពីរដ្ឋមិសសួរីទៅរដ្ឋអូហៃអូ យ៉ូសែប ស្ម៊ីធ និងអ្នកផ្សេងទៀតមានការឈ្លោះប្រកែកគ្នា និងអារម្មណ៍មិនល្អចំពោះគ្នាទៅវិញទៅមក ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤ ព្រះយេស៊ូវគ្រីស្ទបានណែនាំពួកគេអំពីតម្រូវការរបស់ពួកគេដើម្បីអត់ទោស ។ មេរៀននេះអាចជួយសិស្សឲ្យធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយកាន់តែមានចិត្តអភ័យទោស ។
សកម្មភាពរៀនសូត្រដែលអាចមាន
ការគិតពិចារណាអំពីការអភ័យទោស
សូមអញ្ជើញសិស្សឲ្យចែកចាយដំណើររឿងមួយអំពីការអភ័យទោស ។ ឬអ្នកអាចចែកចាយដំណើររឿងមួយអំពីការអភ័យទោសដូចជា « Forgiveness: My Burden Was Made Light » ( ៨:២៤ ) ដែលមាននៅលើ ChurchofJesusChrist.org ។ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
-
តើអ្នកចាត់ទុកខ្លួនឯងថាជាមនុស្សដែលអភ័យទោសដែរឬទេ ? ហេតុអ្វីមានអារម្មណ៍ដូច្នោះ ឬហេតុអ្វីមិនមានអាម្មណ៍ដូច្នោះ ?
-
តើអ្នកគិតថា ហេតុអ្វីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកអភ័យទោសដល់មនុស្សដទៃ ?
-
តើអ្នកត្រូវអភ័យទោសឲ្យនរណាដែរ ?
សូមអញ្ជើញសិស្សឲ្យស្វែងរកវិវរណៈផ្ទាល់ខ្លួនដើម្បីដឹងថា តើពួកគេត្រូវអភ័យទោសឲ្យនរណា និងអ្វីដែលពួកគេអាចធ្វើបានដើម្បីផ្ដល់ការអភ័យទោស ។
ព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យនឹងអភ័យទោសឲ្យ
សូមពិចារណាអញ្ជើញសិស្សម្នាក់ឲ្យអានបរិបទខាងក្រោមនេះសម្រាប់ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤ ។
នៅខែ សីហា ឆ្នាំ ១៨៣១ បន្ទាប់ពីបានឧទ្ទិសឆ្លងក្រុងស៊ីយ៉ូននៅរដ្ឋមិសសួរី នោះយ៉ូសែប ស្ម៊ីធ, អូលីវើរ ខៅឌើរី, អ៊ីសាក មួរលី, អែសរ៉ា ប៊ូត និងអ្នកដទៃទៀតបានត្រឡប់ទៅផ្ទះនៅរដ្ឋអូហៃអូវិញ ។ លក្ខខណ្ឌធ្វើដំណើរដ៏ក្ដៅហែង និងប្រកបដោយគ្រោះថ្នាក់ និងការមិនយល់ស្របគ្នារវាងថ្នាក់ដឹកនាំ បានបណ្ដាលឲ្យក្រុមនេះរិះគន់គ្នា និងឈ្លោះគ្នា ។ ក្រោយពីពួកគេបានមកដល់ផ្ទះ ភាពតានតឹងនៅតែកើតមានក្នុងចំណោមពួកគេ ( សូមមើល ពួកបរិសុទ្ធ ៖ រឿងអំពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគ ១ បទដ្ឋាននៃសេចក្ដីពិត ឆ្នាំ ១៨១៥–១៨៤៦ [ ឆ្នាំ ២០១៨ ] ទំព័រ ១៣៣–៣៤, ១៣៦–៣៧ ) ។ ជាការឆ្លើយតបទៅនឹងបទពិសោធន៍របស់ពួកគេ នោះព្រះអម្ចាស់បានប្រទានវិវរណៈដែលឥឡូវនេះត្រូវបានគេស្គាល់ថាជា គោលលទ្ធិ និងសេចក្តីសញ្ញា ៦៤ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:១–៧ ដោយស្វែងរករបៀបដែលព្រះយេស៊ូវគ្រីស្ទបានឆ្លើយតបទៅនឹងអស់អ្នកដែលបានប្រព្រឹត្តអំពើបាប ។
សូមពិចារណាដាក់បង្ហាញរូបភាពព្រះអង្គសង្គ្រោះ ។ សូមឲ្យសិស្សជញ្ជឹងគិតអំពីសំណួរខាងក្រោម ។ ក្រោយមក សូមអញ្ជើញសិស្សឲ្យចែកចាយគំនិតរបស់ពួកគេជាមួយសិស្សនៅក្នុងថ្នាក់ ឬជាមួយដៃគូម្នាក់ ។
-
តើអ្នករកឃើញគុណលក្ខណៈអ្វីខ្លះរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងខគម្ពីរទាំងនេះ ?
-
តើអ្នកមានអំណរគុណខ្លាំងបំផុតសម្រាប់គុណលក្ខណៈទាំងនេះមួយណា ? ហេតុអ្វី ?
យើងត្រូវតែអត់ទោសឲ្យមនុស្សទាំងអស់
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៩–១១ ដោយស្វែងរករបៀបដែលព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យធ្វើតាមគំរូរបស់ទ្រង់ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:៩–១១ គឺជាវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
-
តើអ្នកចាប់អារម្មណ៍អ្វីខ្លះ អំពីអ្វីដែលព្រះអង្គសង្គ្រោះបានបង្រៀនដល់យ៉ូសែប និងអ្នកដទៃទៀត ?
សូមជួយសិស្សឲ្យស្គាល់សេចក្ដីពិតថា ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យយើងអភ័យទោសដល់មនុស្សទាំងអស់ ។ សូមពិចារណាសរសេរសេចក្តីពិតនេះដាក់នៅលើក្តារខៀន ។ អ្នកក៏អាចអញ្ជើញសិស្សឲ្យសរសេរសេចក្ដីពិតនេះនៅក្នុងព្រះគម្ពីររបស់ពួកគេផងដែរ ។
សូមចំណាយពេលឲ្យបានគ្រប់គ្រាន់ដើម្បីជួយសិស្សឲ្យយល់ពី ខទី ៩–១១ ។ សំណួរខាងក្រោមនេះមួយចំនួនអាចជួយបាន ។
-
ហេតុអ្វីអ្នកគិតថា ព្រះយេស៊ូវគ្រីស្ទតម្រូវឲ្យយើងអត់ទោសដល់មនុស្សគ្រប់រូប ?
-
ហេតុអ្វីអ្នកគិតថា យើងមាន « បាបដ៏ធំជាង » ( ខទី ៩ ) នៅពេលយើងជ្រើសរើសមិនអភ័យទោសឲ្យអ្នកដទៃនោះ ?
-
តើអ្នកគិតថា ការនិយាយក្នុងចិត្តយើងថា « សូមឲ្យព្រះទ្រង់ជំនុំជម្រះរវាងអ្នកនឹងខ្ញុំ » ( ខទី ១១ ) អាចជួយយើងឲ្យអភ័យទោសដល់អ្នកដទៃបានដោយរបៀបណា ?
-
តើការអភ័យទោសឲ្យអ្នកដទៃនឹងជួយអ្នកឲ្យអភិវឌ្ឍគុណលក្ខណៈដូចជាព្រះគ្រីស្ទអ្វីខ្លះ ?
ការរៀនពីរបៀបអភ័យទោសឲ្យអ្នកដទៃ
សូមពិចារណាផ្តល់ពេលវេលាឲ្យសិស្សសួរសំណួរ ឬចែកចាយឧបសគ្គនានាដែលទាក់ទងនឹងការអភ័យទោស ។ សិស្សអាចឆ្លើយតបទៅនឹងសំណួរខាងក្រោមនៅលើក្ដារខៀន តាមមុខងារបោះឆ្នោតអនាមិក ឬនៅលើសន្លឹកក្រដាសដែលអាចចែកចាយជាមួយនឹងសិស្សក្នុងថ្នាក់រៀនបាន ។
-
តើមនុស្សអាចមានសំណួរអ្វីខ្លះ នៅពេលពួកគេព្យាយាមអភ័យទោសឲ្យអ្នកដទៃ ?
-
តើមនុស្សអាចប្រឈមមុខនឹងឧបសគ្គអ្វីខ្លះ នៅពេលដែលពួកគេព្យាយាមធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោសឲ្យគេនោះ ?
សិស្សអាចសួរសំណួរដូចជា «តើព្រះអង្គសង្គ្រោះអាចជួយខ្ញុំឲ្យអភ័យទោសដល់អ្នកដទៃបានយ៉ាងដូចម្ដេច ? » ឬ « តើការអភ័យទោសឲ្យអ្នកដទៃមានន័យថា ខ្ញុំត្រូវតែរងរបួសម្ដងទៀតឬ ? »
សូមអញ្ជើញសិស្សឲ្យជ្រើសរើសសំណួរមួយជាថ្នាក់រួមគ្នា ឬរៀងៗខ្លួន ។ បន្ទាប់មក សូមឲ្យពួកគេស្រាវជ្រាវប្រភពដែលបានតែងតាំងដោយទេវភាពរកមើលចម្លើយ ។
សិស្សអាចរកឃើញចម្លើយបាន តាមរយៈការស្រាវជ្រាវរកពាក្យដូចជា « ព្រះយេស៊ូវ » « អត់ទោស » « ព្រះអង្គសង្រ្គោះ » និង « សេចក្ដីមេត្តាករុណា » នៅក្នុងកម្មវិធីបណ្ណាល័យដំណឹងល្អ ឬ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ។ អ្នកក៏អាចផ្ដល់ជាបទគម្ពីរផងដែរ ដូចជា ម៉ាថាយ ៥:៧; ១៨:២១–៣៥ និង ម៉ូសាយ ២៦:៣០–៣១ និងសេចក្ដីថ្លែងការណ៍មកពីព្យាការីដែលមានរាយបញ្ជីនៅខាងក្រោមនេះ ។
អែលឌើរ ហ្គើរីត ដបុលយូ ហ្គង ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទអាចជួយយើងឲ្យអភ័យទោសឲ្យអ្នកដទៃបាន ៖
ពេលខ្លះ ឆន្ទៈរបស់យើងដើម្បីអភ័យទោសឲ្យបុគ្គលម្នាក់អាចធ្វើឲ្យពួកគេផង និងខ្លួនយើងផងជឿថា យើងអាចប្រែចិត្ត ហើយត្រូវបានអភ័យទោសឲ្យបាន ។ ពេលខ្លះ ឆន្ទៈក្នុងការប្រែចិត្ត និងសមត្ថភាពដើម្បីអភ័យទោសបានកើតឡើងនៅពេលផ្សេងៗគ្នា ។ ព្រះអង្គសង្គ្រោះរបស់យើងជាអង្គសង្រួបសង្រួមរបស់យើងជាមួយនឹងព្រះ ប៉ុន្ដែទ្រង់ក៏ជួយយើងឲ្យស្គាល់ខ្លួនឯង និងពង្រឹងទំនាក់ទំនងយើងជាមួយអ្នកដទៃ ពេលយើងមកទ្រង់ផងដែរ ។ ជាពិសេស ពេលការឈឺចាប់ និងទុក្ខព្រួយមានភាពខ្លាំងក្លា នោះការផ្សះផ្សាទំនាក់ទំនង និងការព្យាបាលដួងចិត្តរបស់យើងមានការលំបាកណាស់ ហើយប្រហែលជាមិនអាចទ្រាំទ្របានដោយខ្លួនឯងទៀតផង ។ ប៉ុន្តែស្ថានសួគ៌អាចផ្ដល់កម្លាំង និងប្រាជ្ញាដល់យើង លើសពីសមត្ថភាពរបស់យើងផ្ទាល់ ដើម្បីដឹងពីពេលដែលត្រូវស៊ូទ្រាំ និងរបៀបដើម្បីឈប់ខ្វល់នឹងបញ្ហាទាំងនោះ ។ ( ហ្គើរីត ដបុលយូ ហ្គង « រីករាយជារៀងរហូត » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៨៥ )
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀន ៖
ព្រះគ្រីស្ទបានបង្រៀននៅជំនាន់ព្រះគម្ពីរសញ្ញាថ្មីថា « ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ » [ លូកា ៦:៣៧ ] ។ ហើយនៅជំនាន់របស់យើង ទ្រង់បង្រៀនថា ៖ « យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណា ដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញគឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦៤:១០ ] ។ ប៉ុន្តែ វាសំខាន់សម្រាប់អ្នកដែលរស់នៅក្នុងការថ្នាំងថ្នាក់ចិត្តឲ្យពិចារណាអំពីអ្វីដែលទ្រង់ ពុំបាន មានបន្ទូល ។ ទ្រង់ ពុំបាន មានព្រះបន្ទូលថា « អ្នកពុំត្រូវបានអនុញ្ញាតឲ្យមានអារម្មណ៍ឈឺចាប់ពិតប្រាកដ ឬកើតទុក្ខពិតប្រាកដ ដោយសារតែជួបនឹងការបំផ្លិចបំផ្លាញដោយស្នាដៃមនុស្សដទៃនោះទេ » ។ ហើយទ្រង់ក៏ពុំបាន មានបន្ទូលថា « ដើម្បីមានការអភ័យទោសទាំងស្រុង អ្នកត្រូវត្រឡប់ទៅរកទំនាក់ទំនងដ៏ឈឺចាប់ ឬត្រឡប់ទៅរកកាលៈទេសៈរំលោភបំពាន បំផ្លិចបំផ្លាញ » នោះវិញឡើយ ។ ប៉ុន្តែទោះបីជាមានការខកចិត្តខ្លាំងប៉ុណ្ណាអាចកើតឡើងចំពោះយើងក្តី ក៏យើងអាចដោះស្រាយក្តីឈឺចាប់របស់យើងបាន នៅពេលយើងឈានជើងដើរលើផ្លូវឆ្ពោះទៅរកការព្យាបាលពិតប្រាកដតែប៉ុណ្ណោះ ។ ផ្លូវនេះគឺការអភ័យទោសដែលព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត បានអំពាវនាវដល់ពួកយើងម្នាក់ៗថា « ចូរមកតាមខ្ញុំ » [ លូកា ១៨:២២ ] ។ ( ជែហ្វ្រី អ័រ ហូឡិន « The Ministry of Reconciliation » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៧៨–៧៩ )
សូមពិចារណាអញ្ជើញសិស្សឲ្យចែកចាយចម្លើយដែលពួកគេរកឃើញ ឬចំណាប់អារម្មណ៍ដែលពួកគេទទួលបានអំពីការអភ័យទោស ។ ពួកគេក៏អាចចែកចាយគំរូអំពីរបៀបដែលពួកគេទទួលបានពរជ័យ តាមរយៈការធ្វើតាមគំរូរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោសឲ្យអ្នកដទៃផងដែរ ។ សូមរំឭកសិស្សកុំឲ្យចែកចាយបទពិសោធន៍ ឬព័ត៌មានលម្អិតណាមួយ ដែលជារឿងផ្ទាល់ខ្លួនពេក ។
-
តើយើងអាចធ្វើសកម្មភាពជាក់លាក់អ្វីខ្លះ ដែលនឹងជួយយើងឲ្យអភ័យទោសដល់អ្នកដទៃ ?
ចម្លើយដែលអាចមាន ដែលសិស្សអាចចែកចាយបាន រួមមានដូចខាងក្រោម ៖
-
សិក្សាដំណើររឿងអំពីព្រះអង្គសង្គ្រោះ និងអ្នកដទៃដែលផ្ដល់ការអភ័យទោស
-
ជញ្ជឹងគិតអំពីរបៀបដែលជីវិតរបស់យើងនឹងមានភាពខុសគ្នាយ៉ាងណា ប្រសិនបើយើងបានផ្ដល់ការអភ័យទោសនោះ
-
ផ្ដល់ការអធិស្ឋានដ៏ស្មោះសរមួយ ដែលយើងថ្វាយបន្ទុករបស់យើងដល់ព្រះ ហើយទូលសូមជំនួយរបស់ទ្រង់ដើម្បីអភ័យទោសឲ្យអ្នកដទៃ
-
ទទួលស្គាល់ថា តាមរយៈព្រះយេស៊ូវគ្រីស្ទ នោះដួងចិត្តរបស់យើងអាចផ្លាស់ប្ដូរបានតាមពេលវេលា ដើម្បីនៅទីបំផុត យើងអាចអភ័យទោសឲ្យអ្នកដទៃបាន
ការអនុវត្តផ្ទាល់ខ្លួន
នៅដើមមេរៀននេះ សិស្សត្រូវបានអញ្ជើញឲ្យគិតអំពីនរណាម្នាក់ដែលពួកគេត្រូវអភ័យទោសឲ្យ ។ សូមអញ្ជើញពួកគេឲ្យគិតពិចារណាអំពីស្ថានភាពនោះ ហើយស្វែងរកការបំផុសគំនិត នៅពេលពួកគេឆ្លើយសំណួរដូចខាងក្រោមនេះ ។
សូមជញ្ជឹងគិតអំពីសំណួរខាងក្រោមនេះ ហើយពិចារណាកត់ត្រាគំនិត ឬអារម្មណ៍របស់អ្នកទុកនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក ។
-
តើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីអភ័យទោសឲ្យគេបាន ?
-
តើអ្នកនឹងខិតខំធ្វើអ្វីខ្លះ ដើម្បីធ្វើតាមគំរូរបស់ព្រះយេស៊ូវគ្រីស្ទ ហើយមានការអភ័យទោសកាន់តែខ្លាំងនោះ ?
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះគឺ « ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។