« មេរៀនទី ៧២—គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៣៨–៦០ ៖ ‹ អ្នកណាដែលប្រែចិត្ត … នោះឈ្មោះថាបានអត់ទោសឲ្យហើយ › » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ ២០២៥ )
« គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៣៨–៦០ » ព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា សៀវភៅសិក្សាសម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
មេរៀនទី ៧២ ៖ គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨–៥៩
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:៣៨–៦០
« អ្នកណាដែលប្រែចិត្ត … នោះឈ្មោះថាបានអត់ទោសឲ្យហើយ »
សូម្បីតែសិស្សដែលស្មោះត្រង់បំផុតរបស់ព្រះយេស៊ូវគ្រីស្ទ ក៏ត្រូវការការប្រែចិត្ដ និងការអភ័យទោសដែរ ។ នៅក្នុង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨ ព្រះយេស៊ូវគ្រីស្ទបានអញ្ជើញថ្នាក់ដឹកនាំសាសនាចក្ររបស់ទ្រង់ជាច្រើននាក់ឲ្យប្រែចិត្ត ហើយបានសន្យាថានឹងអភ័យទោសដល់អំពើបាបរបស់ពួកគេ ប្រសិនបើពួកគេនឹងគោរពតាម ។ គោលបំណងនៃមេរៀននេះគឺដើម្បីជួយសិស្សឲ្យមានសេចក្ដីសង្ឃឹមថា ព្រះអង្គសង្រ្គោះនឹងអភ័យទោសឲ្យអស់អ្នកដែលប្រែចិត្តពីអំពើបាបរបស់ពួកគេ ។
សកម្មភាពរៀនសូត្រដែលអាចមាន
រងរបួស
សូមពិចារណាចាប់ផ្ដើមថ្នាក់ដោយបង្កើតការពិភាក្សាមួយ អំពីតម្រូវការរបស់យើងដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទអភ័យទោសដល់អំពើបាបរបស់យើង ។
របៀបមួយដើម្បីធ្វើបែបនេះបាន គឺត្រូវបង្ហាញរូបភាពខាងក្រោម ឬគូររូបរបស់ក្មេងជំទង់ម្នាក់នៅលើក្ដារខៀន ។ ដើម្បីបង្កើតចំណាប់អារម្មណ៍ អ្នកអាចអញ្ជើញសិស្សក្នុងថ្នាក់ឲ្យដាក់ឈ្មោះឲ្យគាត់ ហើយបង្កើតព័ត៌មានលម្អិតមួយចំនួនអំពីជីវិតរបស់គាត់ មុននឹងចែកចាយស្ថានភាពដូចខាងក្រោមនេះ ។
សូមស្រមៃថា មិត្តភក្ដិរបស់អ្នកបានប្រាប់អ្នកថា គាត់បានធ្លាក់ពីរបងកាលពីយប់មិញ ។ គាត់មានអារម្មណ៍ថាឈឺខ្លាំង នៅពេលគាត់ដកដង្ហើម ហើយគិតថា ដៃរបស់គាត់បានបាក់ ។ គាត់បានសម្រេចចិត្តមិនទៅជួបគ្រូពេទ្យទេ ដោយសារគាត់ព្រួយបារម្ភថា គ្រូពេទ្យ និងអ្នកផ្សេងទៀតនឹងខកចិត្ត ប្រសិនបើពួកគេដឹងថា គាត់ជ្រើសរើសទៅជិតរបងដ៏គ្រោះថ្នាក់នោះ ។ ដូច្នេះ គាត់មានគម្រោងរក្សាការឈឺចាប់របស់គាត់ទុកជាការសម្ងាត់ ដោយសង្ឃឹមថា អ្វីៗគ្រប់យ៉ាងនឹងជាសះស្បើយបានត្រឹមត្រូវទាន់ពេលវេលា ។
-
តើអ្នកមានអារម្មណ៍យ៉ាងណាអំពីគម្រោងរបស់មិត្តភក្ដិអ្នក ? ហេតុអ្វី ?
ឥឡូវនេះ សូមស្រមៃពីស្ថានភាពស្រដៀងគ្នានេះ ប៉ុន្តែលើកនេះ មិត្តភក្ដិរបស់អ្នកប្រាប់អ្នកថា គាត់បានប្រព្រឹត្តអំពើបាបធ្ងន់ធ្ងរមួយ ។ ជាជាងធ្វើតាមការបង្រៀនរបស់ព្រះអង្គសង្គ្រោះអំពីការប្រែចិត្ដ នោះគាត់បានសម្រេចចិត្តបិទបាំងអំពើបាបរបស់គាត់ ហើយសង្ឃឹមថា អ្វីៗនឹងល្អប្រសើរឡើងតាមពេលវេលា ។
សូមអញ្ជើញសិស្សឲ្យចែកចាយសំណួរ ឬកង្វល់ផ្សេងៗជាច្រើន ដែលអាចជះឥទ្ធិពលដល់យុវវ័យម្នាក់មិនឲ្យធ្វើការប្រែចិត្ត ។
-
តើអ្នកនឹងផ្តល់ការប្រឹក្សាអ្វីខ្លះដល់មិត្តភក្ដិរបស់អ្នក ?
ព្រះអង្គសង្គ្រោះបង្រៀនអំពីការប្រែចិត្ត
សូមពន្យល់ថា នៅឆ្នាំ ១៨៣១ យ៉ូសែប ស្ម៊ីធ និងពួកអែលឌើរផ្សេងទៀតបានធ្វើដំណើរទៅរដ្ឋមិសសួរី ជាកន្លែងដែលព្រះអម្ចាស់បានបញ្ជាឲ្យអ្នកខ្លះបន្ដនៅ និងសាងសង់ទីក្រុងស៊ីយ៉ូន ។ ជាផ្នែកមួយនៃសេចក្ដីណែនាំរបស់ព្រះអម្ចាស់ នោះទ្រង់បានទូន្មានពួកគេមួយចំនួនឲ្យប្រែចិត្តពីអំពើខុសឆ្គងរបស់ពួកគេ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:១៤–១៥, ៣៨–៤១, ៦០ ) ។
សូមអាន គោលលទ្ធិ និងសេចក្តីសញ្ញា ៥៨:៦០ ដើម្បីមើលដំបូន្មានរបស់ព្រះអម្ចាស់ចំពោះបុរសម្នាក់ឈ្មោះ ស៊ីបា ភីតើសុន ។
-
តើអ្នកគិតថា ស៊ីបា អាចមានការយល់ខុសអ្វីខ្លះអំពីព្រះ ឬអំពីការប្រែចិត្តដែលបានបណ្ដាលឲ្យគាត់លាក់បាំងអំពើបាបរបស់គាត់ ? ( អ្នកប្រហែលជាចង់អានដំបូន្មានរបស់អាលម៉ាទៅកាន់កូនប្រុសរបស់លោក អំពីលទ្ធផលនៃការព្យាយាមលាក់បាំងអំពើបាបរបស់យើង ។ សូមមើល អាលម៉ា ៣៩:៧–៩ ) ។
-
តើការយល់ខុសមួយណាក្នុងចំណោមការយល់ខុសទាំងនេះ ដែលអ្នកគិតថាមនុស្សនៅតែមាននៅសព្វថ្ងៃនេះ ?
សូមពិចារណាបង្ហាញការបំផុសគំនិតខាងក្រោមនេះ ហើយផ្តល់ពេលវេលាឲ្យសិស្សធ្វើការជញ្ជឹងគិតផ្ទាល់ខ្លួន ឬសរសេរគំនិតរបស់ពួកគេទុក ។
បន្ទាប់មក សូមអញ្ជើញពួកគេឲ្យស្វែងរកការបង្រៀននៅអំឡុងមេរៀននេះ ដែលអាចជួយដល់ពួកគេនៅក្នុងកិច្ចខិតខំរបស់ពួកគេដើម្បីប្រែចិត្តពេញមួយជីវិតរបស់ពួកគេ ។
សូមជញ្ជឹងគិតថា តើមានអំពើបាបណាមួយដែលអ្នកស្ទាក់ស្ទើរក្នុងការប្រែចិត្តដែរឬទេ ។ បើមាន សូមគិតអំពីហេតុផលរបស់អ្នកដែលអ្នកមានការស្ទាក់ស្ទើរនេះ ។
សំណួរ និងចម្លើយ
នៅពេលសិស្សសិក្សាវគ្គបទគម្ពីរខាងក្រោមនេះ អ្នកអាចចង់រំឭកពួកគេអំពីសំណួរ ឬកង្វល់ជាក់លាក់ស្ដីពីការប្រែចិត្ត ដែលពួកគេបានចែកចាយកាលពីមុននៅក្នុងមេរៀននេះ ។
សូមអាន គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣ ហើយរកមើលការបង្រៀនរបស់ព្រះអង្គសង្គ្រោះដែលជួយឆ្លើយសំណួរ និងកង្វល់នានា ដែលមនុស្សមួយចំនួនអាចមានអំពីការប្រែចិត្ត ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣ គឺជាវគ្កបទគម្ពីរចំណេះចំណានខាងគោលលទ្ធិ ។ សូមពិចារណាអញ្ជើញសិស្សឲ្យគូសចំណាំវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិតាមរបៀបដែលងាយចំណាំ ដើម្បីពួកគេអាចងាយរកវាឃើញ ។
សូមបែងចែកសិស្សឲ្យធ្វើការជាក្រុមតូចៗ ។ សូមអញ្ជើញពួកគេឲ្យចែកចាយឃ្លាមកពី ខទី ៤២–៤៣ ដែលជួយពួកគេឲ្យឆ្លើយសំណួរ ឬកង្វល់ជាក់លាក់ ឬដែលមានអត្ថន័យចំពោះពួកគេ ។ បន្ទាប់មក សូមឲ្យក្រុមទាំងឡាយចែកចាយជាមួយមិត្តរួមថ្នាក់នូវអ្វីដែលពួកគេបានរៀន ។ នៅពេលសិស្សចែកចាយ សូមប្រាកដថា ពួកគេយល់ថា ប្រសិនបើយើងប្រែចិត្តពីអំពើបាបរបស់យើង នោះព្រះអម្ចាស់នឹងអភ័យទោសឲ្យយើង ហើយថា ដើម្បីប្រែចិត្ត ព្រះអម្ចាស់តម្រូវឲ្យយើងសារភាព និងបោះបង់អំពើបាបរបស់យើងចោល ។
-
តើសេចក្ដីពិតទាំងនេះអាចជួយដោះស្រាយកង្វល់នានា ដែលមនុស្សអាចមានអំពីការប្រែចិត្តបានយ៉ាងដូចម្ដេច ?
ប្រសិនបើសិស្សមានសំណួរអំពីការប្រែចិត្ត ដែលខគម្ពីរទាំងនេះមិនបានឆ្លើយតប សូមកំណត់ថា តើវាល្អបំផុតដើម្បីជួយពួកគេឲ្យរកឃើញចម្លើយជាផ្នែកមួយនៃមេរៀននេះ នៅអំឡុងពេលមេរៀនក្រោយៗ ឬតាមរយៈការផ្តល់យោបល់អំពីប្រភពដែលបានតែងតាំងដោយព្រះ ដែលពួកគេអាចស្វែងរកចម្លើយដោយខ្លួនឯងបាន ។
( ចំណាំ ៖ មានសេចក្តីថ្លែងការណ៍នៅក្នុងផ្នែក « ធនធានបន្ថែមទាំងឡាយ » ដែលអាចជួយបាន ប្រសិនបើសិស្សមានសំណួរអំពីគោលគំនិតជាក់លាក់នៅក្នុងវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនេះ ដូចជាការសារភាព ឬការបោះបង់ចោលអំពើបាបជាដើម ) ។
ព្រះអម្ចាស់អភ័យទោស
ផ្នែកនេះមានគោលបំណងជួយសិស្សឲ្យមានសេចក្ដីសង្ឃឹមថា ព្រះអង្គសង្គ្រោះពិតជាអភ័យទោសឲ្យអស់អ្នកដែលប្រែចិត្តមែន ។ សូមអធិស្ឋានកំណត់ថា តើធនធាន និងយោបល់មួយណាដែលនឹងជួយសិស្សរបស់អ្នកបានល្អបំផុត ដើម្បីឲ្យពួកគេរៀបចំចម្លើយរបស់ពួកគេចំពោះសកម្មភាពខាងក្រោមនេះប្រកបដោយជោគជ័យ ។
នៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់អ្នក សូមរៀបចំចម្លើយមួយដែលអ្នកអាចចែកចាយជាមួយនរណាម្នាក់ដែលព្រួយបារម្ភថា គាត់មិនអាចទទួលបានការអភ័យទោសឡើយ ។ តើអ្នកអាចចែកចាយអ្វីខ្លះអំពីធម្មជាតិរបស់ព្រះអង្គសង្គ្រោះ និងការសន្យាទាំងឡាយ ដែលអាចជួយបុគ្គលនេះឲ្យយកឈ្នះលើកង្វល់នានាបាន ? សូមជ្រើសរើសយកជម្រើសមួយចំនួននៅខាងក្រោមនេះ ដើម្បីជួយឲ្យអ្នករៀបចំចម្លើយរបស់អ្នក ៖
-
ព្រះគម្ពីរ ៖ សូមស្រាវជ្រាវក្នុងព្រះគម្ពីររកមើលវគ្គបទគម្ពីរដែលមានការសន្យារបស់ព្រះអម្ចាស់ចំពោះអស់អ្នកដែលប្រែចិត្ត ឬរកមើលដំណើររឿងនានាដែលបង្ហាញពីព្រះទ័យរបស់ទ្រង់ដើម្បីអភ័យទោស ។ បញ្ជីនៃវគ្គបទគម្ពីរចំណេះចំណានខាងគោលលទ្ធិនៅក្នុង ឯកសារគោលនៃចំណេះចំណានខាងគោលលទ្ធិ ( ឆ្នាំ ២០២៣ ) អាចមានប្រយោជន៍ ។ អ្នកអាចពិចារណាធ្វើសេចក្ដីយោងឆ្លង ឬដាក់តំណភ្ជាប់បទគម្ពីរមួយចំនួនទាំងនេះទៅនឹង គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៨:៤២–៤៣ ។
-
ភស្តុតាងផ្ទាល់ខ្លួន ៖ សូមគិតអំពីគំរូដែលអ្នកបានធ្វើជាសាក្សីនៃព្រះទ័យរបស់ព្រះអង្គសង្គ្រោះដើម្បីអភ័យទោស និងជួយនរណាម្នាក់ឲ្យផ្លាស់ប្ដូរ ។ ( សូមកុំចែកចាយឈ្មោះ ឬព័ត៌មានលម្អិតនៃអំពើបាបឡើយ )
-
ផ្នែក « ព្រះយេស៊ូវគ្រីស្ទនឹងជួយអ្នក » នៅក្នុង ដើម្បីកម្លាំងនៃយុវជន ៖ សេចក្តីណែនាំសម្រាប់ធ្វើការជ្រើសរើស ( [ឆ្នាំ ២០២២ ] ទំព័រ ៦–៩ ) ៖ សូមរកមើលសេចក្ដីពិតអំពីព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទដែលផ្ដល់សេចក្ដីសង្ឃឹមដល់យើង ។
-
ព្យាការីសម័យទំនើប ៖ សូមស្វែងរកសេចក្ដីថ្លែងការណ៍មកពីថ្នាក់ដឹកនាំសាសនាចក្រសម័យទំនើប ដែលជួយយើងឲ្យយល់ពីធម្មជាតិដ៏អភ័យទោសរបស់ព្រះយេស៊ូវគ្រីស្ទ ។
ខាងក្រោមនេះគឺជាគំរូមួយមកពីអែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលអ្នកអាចជ្រើសរើសចែកចាយជាមួយសិស្សរបស់អ្នកបាន ៖
មិត្តសម្លាញ់របស់ខ្ញុំអើយ ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះឥឡូវនេះ តើទ្រង់នឹងមានបន្ទូលអ្វីខ្លះទៅកាន់អ្នក ? …
… អ្នកប្រហែលជាចងចាំពីកំហុសដែលអ្នកបានធ្វើ គ្រានានាដែលអ្នកបានធ្លាក់ទៅក្នុងការល្បួង កិច្ចការដែលអ្នកមិនចង់ធ្វើ—ឬបានប៉ងប្រាថ្នាថា អ្នកចង់ធ្វើវាឲ្យបានល្អប្រសើរឡើង ។
ព្រះអង្គសង្គ្រោះបានជ្រាបដឹងពីរឿងនោះ ហើយខ្ញុំជឿថា ទ្រង់បានបញ្ជាក់ដល់អ្នកជាមួយព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនៅក្នុងព្រះគម្ពីរថា ៖
« ចូរកុំឲ្យភ័យខ្លាចឡើយ » [ លូកា ៥:១០ ] ។
« ចូរកុំសង្ស័យ » [ គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ] ។
« ចូរសង្ឃឹមឡើង » [ ម៉ាថាយ ១៤:២៧ ] ។
« កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ » [ យ៉ូហាន ១៤:១, ២៧ ] ។
ខ្ញុំមិនគិតថា ទ្រង់នឹងបដិសេធចំពោះកំហុសរបស់អ្នកទេ ។ ទ្រង់នឹងមិនកាត់បន្ថយកំហុសទាំងនោះឡើយ ។ ទេ ទ្រង់នឹងសុំឲ្យអ្នកប្រែចិត្ត—ពោលគឺលះបង់ចោលអំពើបាបរបស់អ្នក និងផ្លាស់ប្ដូរ ដើម្បីទ្រង់អាចអភ័យទោសដល់អ្នកបាន ។ ទ្រង់នឹងរំឭកអ្នកថា កាលពី ២០០០ ឆ្នាំមុន ទ្រង់បានយកអំពើបាបទាំងនោះដាក់លើព្រះអង្គទ្រង់ ដើម្បីឲ្យអ្នក អាច ប្រែចិត្តបាន ។ នោះគឺជាផ្នែកមួយនៃផែនការនៃសុភមង្គល ដែលបានប្រទានដល់យើងពីព្រះវរបិតាសួគ៌ដ៏ពេញដោយក្តីស្រឡាញ់ ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩ )
បន្ទាប់ពីមានពេលគ្រប់គ្រាន់ដើម្បីរៀបចំចម្លើយរបស់ពួកគេហើយ សូមអញ្ជើញសិស្សឲ្យចែកចាយក្នុងក្រុមតូចៗនូវអ្វីដែលពួកគេបានរៀន ដើម្បីឲ្យអ្នកទាំងអស់ណាដែលចង់ចែកចាយនឹងមានឱកាសចែកចាយ ។
អ្នកក៏អាចពិចារណាបង្ហាញវីដេអូ « The Savior Wants to Forgive » ( ៥:៥០ ) ដែលមាននៅលើគេហទំព័រ ChurchofJesusChrist.org បានផងដែរ ទុកជាគំរូមួយនៃបំណងប្រាថ្នាដ៏ឥតឈប់ឈររបស់ព្រះអង្គសង្គ្រោះក្នុងការអភ័យទោស ។
សូមពិចារណាបញ្ចប់មេរៀននេះជាមួយនឹងទីបន្ទាល់របស់អ្នក អំពីធម្មជាតិនៃការអភ័យទោសរបស់ព្រះអង្គសង្គ្រោះ ហើយលើកទឹកចិត្តសិស្សឲ្យប្រែចិត្ត ដោយមានសេចក្ដីជំនឿជឿលើសេចក្ដីសន្យារបស់ទ្រង់ ។
ទន្ទេញ
អ្នកអាចនឹងចង់ជួយសិស្សឲ្យទន្ទេញសេចក្ដីយោងចំណេះចំណានខាងគោលលទ្ធិ និងឃ្លាបទគម្ពីរគន្លឹះនៅអំឡុងមេរៀននេះ ហើយរំឭកវាក្នុងមេរៀនក្រោយៗទៀត ។ ឃ្លាបទគម្ពីរគន្លឹះគឺ « មើលចុះ អ្នកណាដែលប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន អ្នកនោះឈ្មោះថាបានអត់ទោសឲ្យហើយ » ។ គំនិតសម្រាប់សកម្មភាពទន្ទេញ មាននៅក្នុងឧបសម្ព័ន្ធដែលនៅក្រោម « សកម្មភាពរំឭកចំណេះចំណានខាងគោលលទ្ធិឡើងវិញ » ។